សន្និសីទទូទៅ
ជ្រាលជ្រៅ​ក្នុង​ដួងចិត្ត​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ជ្រាលជ្រៅ​ក្នុង​ដួងចិត្ត​យើង

​ព្រះអម្ចាស់​កំពុង​ព្យាយាម​ជួយ​យើង—គឺ​យើង​ទាំងអស់​គ្នា—ធ្វើ​ឲ្យ​ដំណឹងល្អ​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​នៅក្នុង​ដួងចិត្ត​យើង ។

បងប្អូនប្រុសស្រី វា​ជា​ពេលវេលា​ដ៏​រុងរឿង​ណាស់​ដែល​យើង​រស់នៅ​នេះ ។ កាលដែល​យើង​អបអរ​ការចាប់​ផ្ដើម​នៃ​ការស្ដារ​ឡើងវិញ នោះ​វា​ក៏​សមរម្យ​ផងដែរ​ដើម្បី​អបអរ​ការស្ដារ​ឡើងវិញ​ដែល​កំពុង​បន្ត​ដែល​យើង​កំពុង​តែ​ធ្វើ​ជា​សាក្សី​នេះ ។ ខ្ញុំ​រីករាយ​ជាមួយ​បងប្អូន​ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​នេះ ។ តាមរយៈ​ព្យាការី​របស់​ទ្រង​ព្រះអម្ចាស់​បន្ត​ប្រទាន​អ្វីៗ​ទាំងអស់​ដែល​ត្រូវការ​ដើម្បី​ជួយ​យើង​ឲ្យ​រៀបចំ​ទទួល​ទ្រង់ ។

តម្រូវការ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ការផ្ដួចផ្ដើម​កម្មវិធី កុមារ និង​យុវវ័យ ថ្មី ។ ពួក​បងប្អូន​ភាគច្រើន​គឺ​បាន​ស្គាល់​ពី​ការសង្កត់​ធ្ងន់​របស់​កម្មវិធី​នេះ​ហើយ ទៅលើ​ការដាក់​គោលដៅ ទៅលើ​តំណាង​ថ្មី​នៃ​ភាពម្ចាស់ការ និង​ទៅលើ​សន្និសីទ ដើម្បី​កម្លាំង​នៃ​យុវជន ។ ប៉ុន្តែ​យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ការណ៍​ទាំងនោះ​រារាំង​យើង​ពី​ការមើល​ឃើញ​គោលការណ៍​ទាំងឡាយ​ដែល​កម្មវិធី​នេះ​ស្ថាបនា​លើ និង​គោលបំណង​របស់​វា​ឡើយ គឺ ៖ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជ្រួតជ្រាប​យ៉ាង​ជ្រាលជ្រៅ​ទៅក្នុង​ដួងចិត្ត​កុមារ និង​យុវវ័យ​របស់​យើង ។

ខ្ញុំ​ជឿ​ថា កាល​ដែល​យើង​ឃើញ​ពី​គោលការណ៍​ទាំងនេះ​កាន់​តែច្បាស់​ឡើង នោះ​យើង​នឹង​ស្គាល់​ការណ៍​នេះ​ថា​វា​មិន​គ្រាន់តែ​ជា​កម្មវិធី​មួយ​សម្រាប់​សមាជិក​អាយុ​ពី ៨ ទៅ ១៨ ឆ្នាំ​នោះទេ ។ យើង​នឹង​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ព្យាយាម​ជួយ​យើង—គឺ​យើង​ទាំងអស់​គ្នា—ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ទ្រង់​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​នៅក្នុង​ដួងចិត្ត​យើង ។ ខ្ញុំ​សូម​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​រៀន​ជាមួយ​គ្នា ។

ចំណង​ទាក់ទង—« នៅ​ជាមួយ​ពួកគេ »

គោលការណ៍​ទីមួយ​គឺ ចំណងទាក់ទង ។ ដោយសារ​ចំណងទាក់ទង​ទាំងនោះ​គឺជា​ផ្នែក​ដ៏​ធម្មជាតិ​មួយ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពេលខ្លះ​យើង​ភ្លេច​ពី​សារសំខាន់​នៃ​ចំណងទាក់ទង​នៅក្នុង​ការប្រែចិត្ត​ជឿ​ដែល​កំពុង​បន្ត​របស់​យើង​ទៅ​កាន់​ព្រះគ្រីស្ទ ។ យើង​មិន​ត្រូវបាន​រំពឹង​ឲ្យ​ស្វែងរក ឬ​ដើរ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​តែ​ឯង​ឡើយ ។ យើង​ត្រូវការ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​ពី​ឪពុក​ម្ដាយ សមាជិក​គ្រួសារ​ផ្សេង​ទៀត មិត្តភក្ដិ និង​ថ្នាក់ដឹកនាំ ដែល​កំពុង​ដើរ​នៅលើ​ផ្លូវ​នេះ​ផងដែរ ។

ចំណងទាក់ទង​ប្រភេទ​នេះ​ត្រូវការ​ពេលវេលា ។ ពេលវេលា​ដើម្បី​នៅ​ជាមួយ​គ្នា ។ ពេលវេលា​សម្រាប់​សើច​លេង​រៀន និង​បម្រើ​ជាមួយ​គ្នា ។ ពេលវេលា​ដើម្បី​ពេញចិត្ត​ចំណាប់​អារម្មណ៍ និង​ឧបសគ្គ​របស់​គ្នា​ទៅវិញ​ទៅមក ។ ពេលវេលា​ដើម្បី​បើកចិត្ត និង​ស្មោះត្រង់​នឹង​គ្នា​ទៅវិញ​ទៅមក កាលដែល​យើង​ពុះពារ​ដើម្បី​បាន​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​គ្នា ។ ចំណងទាក់ទង​ទាំងនេះ​ជា​គោលបំណង​មួយ​ក្នុង​គោលបំណង​ទាំងឡាយ​នៃ​ការប្រមូល​ផ្ដុំ​ជា​ក្រុមគ្រួសារ កូរ៉ុម ថ្នាក់ និង​ក្រុម​ជំនំ ។ វា​គឺ​ជា​គ្រឹះនៃ​ការងារ​បម្រើ​ដ៏​មាន​ប្រសិទ្ធភាព ។

អែលឌើរ ឌេល ជី រេនឡាន់ បាន​ផ្ដល់​ដល់​យើង​នូវ​គន្លឹះ​មួយ​ដល់​ការបង្កើត​ចំណងទាក់ទង​នេះ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា « ដើម្បី​បម្រើ​មនុស្ស​ដទៃ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​មើល​ឃើញ​ពួកគេ…តាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ ។ នៅ​ពេល​នោះ​ហើយ​ទើប​យើង​អាច​ចាប់ផ្ដើម​យល់​ពី​តម្លៃ​ដ៏​ពិត​នៃ​ព្រលឹងមួយ ។ មាន​តែ​ពេល​នោះហើយ​ទើប​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់​ទាំងអស់ » ។

ការមើល​ឃើញ​មនុស្ស​ដទៃ​ដូចជា​ព្រះ​ទត​មើល​ពួកគេ គឺ​ជា​អំណោយទាន​មួយ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​គ្រប់គ្នា​ឲ្យ​ស្វែងរក​អំណោយទាន​នេះ ។ កាលដែល​ភ្នែក​របស់​យើង​ត្រូវបាន​បើក​ឲ្យ​មើលឃើញនោះ​យើង​នឹង​អាច​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យ​មើលឃើញ​ខ្លួន​ពួកគេ​ដូច​ព្រះ​ទតឃើញ​ពួកគេ​ផងដែរ ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​បញ្ជាក់​ពី​អំណាច​នេះ​កាល​លោក​មាន​ប្រសាសន៍​ថា « អ្វី​ដែល​នឹង​សំខាន់​បំផុត គឺ​ជា​អ្វី​ដែល [ អ្នកដទៃ ] រៀន​ពី [ បងប្អូន ] ថា​ពួកគេ​ជា​នរណា​ពិត​ប្រាកដ និង​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ​ជា​ប្រាកដ ។ ខ្ញុំ​ទាយ​ថា​ពួកគេ​នឹង​មិន​រៀន​បាន​ច្រើន​មកពី​ការបង្រៀន​ទ្រឹស្ដី​នោះ​ទេ ។ ពួកគេ​នឹង​រៀន​តាមរយៈ​អារម្មណ៍ ថា​បងប្អូន​ជា​នរណា ថា​បងប្អូន​គិត​ថា​ពួកគេ​ជា​នរណា និង​ថា​បងប្អូន​គិត​ថា​ពួកគេ​អាច​ប្រែក្លាយ​ជា​អ្វី » ។ ការជួយ​អ្នកដទៃ​ឲ្យ​យល់​ពី​អត្តសញ្ញាណ​និង​គោលបំណង​ពិត​របស់​ពួកគេ​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​យើង​អាច​ផ្តល់​ឲ្យ ។១០ ការមើលឃើញ​អ្នកដទៃ​និង​ខ្លួន​យើង​ដូច​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​ចិត្ត​« រួមគ្នា​ដោយ​សាមគ្គីភាព​ហើយ​ស្រឡាញ់​គ្នា » ។១១

ជាមួយ​នឹង​កម្លាំង​ខាង​លោកិយ​ដែល​ចេះតែ​កើន​ឡើង​ឥត​ឈប់​ដែល​មាន​ឥទ្ធិពល​លើ​យើង នោះ​យើង​ត្រូវការ​កម្លាំង​ដែល​បាន​មក​ពី​ចំណង​ទាក់ទង​ដ៏​ពោរពេញ​ដោយ​ក្ដីស្រឡាញ់ ។ ដូច្នេះ កាល​ដែល​យើង​ដាក់ផែនការ​សកម្មភាព ការប្រជុំ និង​ការប្រមូល​ផ្ដុំ​ផ្សេងៗ​ទៀត ចូរ​ចងចាំ​ពី​គោលបំណង​ដ៏​សំខាន់​នៃ​ការប្រមូល​ផ្ដុំ​ទាំងនេះ គឺ​ដើម្បី​បង្កើត​ចំណង​ទាក់ទង​សេចក្តីស្រឡាញ់​ដែល​បង្រួម យើង​និង​ជួយ​ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជ្រួតជ្រាប​យ៉ាង​ជ្រាលជ្រៅ​ទៅក្នុង​ដួងចិត្ត​យើង ។១២

វិវរណៈ សិទ្ធិជ្រើសរើស និង​ការប្រែចិត្ត—« ភ្ជាប់​ពួកគេ​នឹង​ស្ថានសួគ៌ »១៣

ពិតមែន​ហើយ វា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការគ្រាន់តែ​ភ្ជាប់​ទំនាក់ទំនង​គ្នា​នោះ ។ មាន​ក្រុម និង​អង្គការ​ជា​ច្រើន​ដែល​សម្រេច​បាន​នូវ​សាមគ្គីភាព​ជុំវិញ​បុព្វហេតុ​ផ្សេងៗ ។ ប៉ុន្តែ សាមគ្គីភាព​ដែល​យើង​ស្វែងរក​គឺ​ដើម្បី​ក្លាយ​ជា​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ ដើម្បី​ភ្ជាប់​ខ្លួន​យើង​នឹង​ទ្រង់ ។១៤ ដើម្បី​ភ្ជាប់​ដួងចិត្ត​យើង​នឹង​ស្ថានសួគ៌ យើង​ត្រូវការ​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​អែលឌើរ​អាន់ឌើរសិន​ទើប​តែ​បាន​និយាយ​ជា​មួយ​យើង​យ៉ាងរាក់ទាក់ ។១៥ បទពិសោធន៍​ទាំងនោះ​បាន​មក ពេល​ព្រះវិញ្ញាណ​នាំ​ព្រះបន្ទូល និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មកកាន់​គំនិត និង​ដួងចិត្ត​យើង ។១៦

វិវរណៈ​នេះ​បាន​មក​ដល់​យើង​តាមរយៈ​ខគម្ពីរ ជា​ពិសេស​ព្រះគម្ពីរ​មរមន តាមរយៈ​ពាក្យ​សម្ដី​ដ៏​បំផុស​គំនិត​របស់​ពួក​ព្យាការី​នៅរស់ និង​ពួកសិស្ស​ដ៏​ស្មោះត្រង់​ផ្សេងៗ​ទៀត និង​តាមរយៈ​សម្លេង​ដ៏​តូច​រហៀង ។១៧ ពាក្យពេចន៍​ទាំងនេះ​គឺ​លើស​ពី​ទឹកប៊ិច​នៅលើ​ក្រដាស រលក​សម្លេង​ក្នុង​ត្រចៀក​យើង ឬ​ការគិត​នៅក្នុង​គំនិត និង​ដួងចិត្ត​យើង​ទៅទៀត ។ ព្រះបន្ទូល​របស់​ព្រះ​គឺ​ជា​អំណាច​ខាង​វិញ្ញាណ ។១៨ វា​គឺ​ជា​សេចក្ដី​ពិត និង​ពន្លឺ ។១៩ វា​គឺ​ជា​របៀប​ដែល​យើង​ស្តាប់​ឮ​ទ្រង់ ! ពាក្យពេចន៍​ផ្ដួចផ្ដើម និង​បង្កើន​សេចក្ដី​ជំនឿ​យើង​លើ​ព្រះគ្រីស្ទ ហើយ​បញ្ឆេះ​បំណង​ប្រាថ្នា​នៅក្នុង​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ—គឺ​ថា​ដើម្បី​ប្រែចិត្ត និង​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។២០

កាលពី​ខែ​មេសា​មុន ប្រធាន រ័សុល អិម ណិលសុន បាន​ជួយ​យើង​ឲ្យ​យល់​ពី​តួនាទី​ដ៏​សំខាន់​នៃ​ការប្រែចិត្ត​ក្នុង​ដំណើរ​វិវរណៈ​នេះ ។២១ លោក​បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។… យើង​ជ្រើសរើស​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! »២២ ដំណើរការ​នៃ​ការផ្លាស់ប្ដូរ​នេះ ដែល​ត្រូវបាន​បញ្ឆេះ​ដោយ​ព្រះបន្ទូល​នៃ​ព្រះ ជា​របៀប​ដែល​យើង​ភ្ជាប់​នឹង​ស្ថានសួគ៌ ។

ដោយ​ផ្តោត​លើការអញ្ជើញ​របស់​ប្រធាន​ណិលសុន​ឲ្យ​ប្រែចិត្ត គឺ​ជា​គោលការណ៍​នៃ​សិទ្ធិជ្រើសរើស ។ យើង​ត្រូវ​ជ្រើសរើស​ប្រែចិត្ត​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ។ ដំណឹងល្អ​មិន​អាច​បង្ខំ​ចិត្ត​យើង​ឡើយ ។ ដូច​ដែល​អែលឌើរ រេនឡាន់ បាន​មាន​ប្រសាសន៍​ថា « គោលបំណង​របស់​ព្រះវរបិតាសួគ៌​យើង​ក្នុងការ​ធ្វើ​ជា​ឪពុកម្តាយ គឺ​ពុំ​គ្រាន់តែ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ធ្វើអ្វី​ដែល​ត្រូវ​ប៉ុណ្ណោះ​ទេ គោលបំណង​របស់​ទ្រង់​គឺ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ជ្រើសរើសធ្វើ​អ្វី​ដែល​ត្រឹមត្រូវ » ។២៣

នៅក្នុង​កម្មវិធី​ទាំងឡាយ​ដែល​ត្រូវបាន​ជំនួស​ដោយ​កម្មវិធី កុមារ និង​យុវវ័យ មាន​នូវ​តម្រូវការ​ជាង ៥០០ ខុសៗ​គ្នា​ដែល​ត្រូវ​បញ្ចប់ ដើម្បី​ទទួល​បាន​នូវ​ការទទួល​ស្គាល់​ផ្សេងៗ​គ្នា ។២៤ សព្វថ្ងៃ​នេះ ចាំបាច់​មាន​តែ​មួយ ។ វា​ជា​ការអញ្ជើញ​មួយ​ដើម្បី ជ្រើសរើស ប្រែក្លាយ ដូចជា ព្រះអង្គ សង្គ្រោះ ឲ្យ កាន់តែ ខ្លាំង ។ យើង​ធ្វើ​បែបនេះ​ដោយ​ការទទួល​យក​នូវ​ព្រះបន្ទូល​នៃ​ព្រះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​និង​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​ផ្លាស់ប្តូរ​យើង​ទៅ​ជា កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។

នេះ​គឺ​ហួស​ពី​ការអនុវត្ត​នៅក្នុង​ការដាក់​គោលដៅ ឬ​ការអភិវឌ្ឍ​ផ្ទាល់​ខ្លួន​ទៅទៀត ។ គោលដៅ​ធម្មតា​ជា​ឧបករណ៍​មួយ​ជួយ​យើង​ភ្ជាប់​នឹង​ស្ថានសួគ៌​តាមរយៈ​វិវរណៈ សិទ្ធិជ្រើសរើស និង​ការប្រែចិត្ត—ដើម្បី​មក​ឯ​ព្រះគ្រីស្ទ និង​ទទួល​ដំណឹងល្អ​របស់​ទ្រង់​កាន់តែ​ជ្រាលជ្រៅ​នៅក្នុង​ដួងចិត្ត​យើង ។

ការចូលរួម និង​ការលះបង់—« ចូរ​ឲ្យ​ពួកគេ​ដឹកនាំ »២៥

ជា​ចុងក្រោយ ដើម្បី​ឲ្យ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជ្រួតជ្រាប​ក្នុង​ដួងចិត្ត​យើង យើង​ត្រូវតែ​ចូលរួម​ចំណែក—គឺ​ផ្ដល់​ពេលវេលា និង​ទេពកោសល្យ​របស់​យើង គឺ​លះបង់​ដើម្បី​វា ។២៦ យើង​ទាំងអស់​គ្នា​ចង់​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​មាន​អត្ថន័យ ហើយ​ជាពិសេស​គឺ​វា​ពិត​ចំពោះ​ជំនាន់​ដែល​កំពុង​តែ​ធំ​ឡើង​នេះ ។ ពួកគេ​ប្រាថ្នា​ចង់បាន​បុព្វហេតុ​មួយ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​បុព្វហេតុ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ពិភពលោក​នេះ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ថា « ពួក​យើង​ត្រូវ​បាន​បង្គាប់​ដោយ​ព្រះ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក​ទាំងមូល ។ នោះ​គឺជា​បុព្វហេតុ​ដែល​ត្រូវតែ​បង្រួប​បង្រួម​យើង​នៅ​សព្វថ្ងៃ​នេះ ។ មាន​តែ​ដំណឹងល្អ​ប៉ុណ្ណោះ​ដែល​នឹង​សង្គ្រោះ​ពិភពលោក​នេះ​ពី​គ្រោះមហន្តរាយ​របស់​ការបំផ្លាញ​ខ្លួនឯង​របស់​វា​ផ្ទាល់ ។ មានតែ​ដំណឹងល្អ​ប៉ុណ្ណោះ​ដែល​នឹង​បង្រួប​បង្រួម​បុរស [ និង​ស្ត្រី ] នៃ​គ្រប់​ពូជសាសន៍ និង​សញ្ជាតិ​ទាំងអស់​នៅក្នុង​ភាពសុខសាន្ត ។ មានតែ​ដំណឹងល្អ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​មក​នូវ​អំណរ សុភមង្គល និង​សេចក្ដី​សង្គ្រោះ​ដល់​គ្រួសារ​មនុស្ស​លោក » ។២៧

អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​សន្យា​ថា « កាលដែល​យើង​ផ្ដល់​អំណាច​ដល់​យុវវ័យ ដោយ​ការអញ្ជើញ និង​ការអនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព នោះ​សាសនាចក្រ​នឹង​ឈាន​ឆ្ពោះ​ទៅមុខ​ក្នុង​របៀប​ដ៏​មហស្ចារ្យ » ។២៨ ជា​ញឹកញាប់​ណាស់ យើង​មិន​បាន​អញ្ជើញ និង​អនុញ្ញាត​យុវវ័យ​ឲ្យ​លះបង់​សម្រាប់​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ​ដ៍​អស្ចារ្យ​នេះ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​សង្កេត​ឃើញ​ថា « ប្រសិន​បើ យុវវ័យ [ របស់​យើង ] មិន​បានលើក​ទឹកចិត្ត​ឲ្យ​ស្ងើច​សរសើរ [ ដោយ​កិច្ចការ​របស់​ព្រះ ] ទេ នោះ​ពួកគេ​ទំនង​ជា​នឹង​ត្រូវបាន​បំពុល​ដោយ​លោកិយ​នេះ » ។២៩

កម្មវិធី​កុមារ និង​យុវវ័យ​ផ្ដោត​លើ​ការផ្ដល់​អំណាច​ដល់​យុវវ័យ ។ ពួកគេ​ជ្រើសរើស​គោលដៅ​របស់​ខ្លួន​ពួកគេ​ផ្ទាល់ ។ គណៈប្រធាន​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់​ត្រូវបាន​ដាក់​ក្នុង​តួនាទី​ត្រឹមត្រូវ​របស់​ពួកគេ ។ ក្រុមប្រឹក្សា​យុវវ័យ​ប្រចាំ​វួដ គឺ​ដូច​ជា​ក្រុមប្រឹក្សា​វួដ​ដែរ ផ្ដោត​ទៅលើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង ។៣០ ហើយ​កូរ៉ុម និង​ថ្នាក់​ចាប់ផ្ដើម​ការប្រជុំ​របស់​ពួកគេ​ដោយ​ការប្រឹក្សា​អំពី​របៀប​ធ្វើ​កិច្ចការ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកគេ ។៣១

ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ទៅកាន់​យុវវ័យ​របស់​សាសនាចក្រ​ថា « បើ​ក្មួយៗ​ជ្រើសរើស បើ​ក្មួយៗ​ចង់…ក្មួយៗ​អាច​មានចំណែក​ដ៏ធំ​នៅក្នុង​កិច្ចការដ៏ធំ ដ៏​មហិមា ដ៏​មហស្ចារ្យ !… ក្មួយៗ​គឺ​ជា​មនុស្ស​ល្អបំផុត​ដែល​ព្រះអម្ចាស់​ធ្លាប់​បាន​បញ្ជូន​មក​កាន់​លោកិយ​នេះ ។ ក្មួយៗ​មាន​សមត្ថភាព​ដើម្បី​កាន់តែ​ឆ្លាត និង​កាន់តែ​ឈ្លាសវៃ ហើយ​មាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​ជាង​ជំនាន់​មុនៗ ! »៣២ នៅក្នុង​ឱកាស​មួយ​ផ្សេង​ទៀត ប្រធាន​ណិលសុន​បាន​ប្រាប់​យុវវ័យ​ថា « ខ្ញុំ​មាន​ទំនុកចិត្ត​ទាំងស្រុង​លើ​ក្មួយៗ ។ ខ្ញុំ​ស្រឡាញ់​ក្មួយៗ ហើយ​ព្រះអម្ចាស់​ក៏​ស្រឡាញ់​ក្មួយៗ​ផងដែរ ។ យើង​គឺ​ជា​ប្រជាជន​របស់​ទ្រង់ ចូល​រួម​គ្នា​ក្នុង​កិច្ចការ​ដ៏បរិសុទ្ធ​របស់​ទ្រង់ » ។៣៣ ក្មួយៗ​អើយ តើ​ក្មួយៗ​អាច​ទទួល​អារម្មណ៍​ពី​ការទុកចិត្ត​ដែល​ប្រធាន​ណិលសុន​មាន​ចំពោះ​ក្មួយៗ និង​ថា​ក្មួយៗ​សំខាន់​យ៉ាង​ណា​នៅក្នុង​កិច្ចការ​នេះ​ដែរ​ឬ​ទេ ?

ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​ដែល​ជា​មជ្ឈិមវ័យ​អើយ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មើល​ទៅ​យុវវ័យ​របស់​យើង​ដូចជា​ប្រធាន​ណិលសុន​មើល​ទៅ​ពួកគេ​ដែរ ។ កាលដែល​យុវវ័យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការទុកចិត្ត​របស់​បងប្អូន កាលដែល​ដែល​បងប្អូន​លើក​ទឹកចិត្ត និង​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ដឹកនាំ—ហើយ​បន្ទាប់​មក​ចេញ​ពី​ផ្លូវ​របស់​ពួកគេ—នោះ​ពួកគេ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ស្ងើច​ជាមួយ​នឹង​ការយល់ដឹង សមត្ថភាព និង​ការតាំងចិត្ត​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ ។៣៤ ពួកគេ​នឹង​ទទួល​អារម្មណ៍​ពី​អំណរ​នៃ​ការជ្រើសរើស​ដើម្បី​ចូលរួម និង​ការលះបង់​សម្រាប់​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ ។ ដំណឹងល្អ​របស់​ទ្រង់​នឹង​កាន់តែ​ជ្រួតជ្រាប​យ៉ាង​ជ្រាលជ្រៅ​ទៅក្នុង​ដួងចិត្ត​ពួកគេ ហើយ​កិច្ចការ​នេះ​នឹង​ឈាន​ឆ្ពោះ​ទៅមុខ​ក្នុង​របៀប​ដ៏​មហស្ចារ្យ ។

ការសន្យា និង​ទីបន្ទាល់

ខ្ញុំ​សូម​សន្យា​ថា​កាលដែល​យើង​ផ្ដោត​ទៅលើ​គោលការណ៍​ទាំងនេះ—គឺ​ចំណងទាក់ទង វិវរណៈ សិទ្ធិជ្រើសរើស ការប្រែចិត្ត និង​ការលះបង់—ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជ្រួតជ្រាប​កាន់តែ​ជ្រាលជ្រៅ​ទៅក្នុង​ដួងចិត្ត​យើង​ទាំងអស់​គ្នា ។ យើង​នឹង​ឃើញ​ការស្ដារ​ឡើងវិញ​ឈាន​ឆ្ពោះ​ទៅ​មុខ​ទៅកាន់​គោលបំណង​ដ៏​ខ្ពស់​បំផុត​របស់​វា គឺ​ការប្រោសលោះ​វង្សអ៊ីស្រាអែល និង​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន៣៥ ដែល​ជា​ទីកន្លែង ដែល​ព្រះគ្រីស្ទ​នឹង​គ្រងរាជ​ជា​ស្តេច ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​បន្ត​ធ្វើ​កិច្ចការ​ទាំងអស់​ដែល​ចាំបាច់ ដើម្បី​រៀបចំ​រាស្ត្រ​របស់​ទ្រង់​សម្រាប់​ថ្ងៃ​នោះ ។ សូម​ឲ្យ​យើង​មើល​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​នៅក្នុង​កិច្ចការ​នេះ កាលដែល​យើង​ទាំងអស់​គ្នា​ពុះពារ​ដើម្បី « មករក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់ » ។៣៦ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:១២ ។ ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍ ៖ « គ្រាន់តែ​គិតអំពី​ការ​រំភើបចិត្ត និង​ភាព​បន្ទាន់ ៖ គ្រប់ព្យាការី​ទាំងអស់​ចាប់​តាំង​ពី​អ័ដាម​មក បាន​មើលឃើញ​ជំនាន់​របស់​យើង ។ ហើយ​ព្យាការី​គ្រប់​រូប​បាន​និយាយ​អំពី​ជំនាន់​របស់​យើង​នៅពេល​ដែល​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ​ពិភព​លោក​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ។ ចូរគិត​ពី​ចំណុច​នេះ ! ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​នេះ ពួក​យើងគឺ​ជា​មនុស្ស​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តការណ៍​នៃ​ការ​ប្រមូល​ផ្ដុំ​ដ៏​អស្ចារ្យ​ចុង​ក្រោយនេះ ។ ឱ​នោះ​ជា​រឿង​រំភើប​ណាស់ !( « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។

    អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

    « វា​ជា​គ្រា​ដ៏​អស្ចារ្យ​ដើម្បី​រស់រាន​មាន​ជីវិត !

    « ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា សេចក្ដីពិត​ដ៏​ពិតបំផុត សុវត្ថិភាពបំផុត អាច​ជឿទុកចិត្ត​បំផុត ហើយ​ជា​រង្វាន់ធំ​បំផុត​នៅលើ​ផែនដី និង​នៅ​ស្ថានសួគ៌​សម្រាប់​ពេល​នេះ និង​ដ៏​នៅអស់កល្បជានិច្ច » ។ គ្មានអ្វី—គ្មាន​អ្វី​ទាំងអស់ គ្មាន​នរណា​ម្នាក់​ឬ​ឥទ្ធិពល​ណា​មួយ​ឡើយ—នឹង​ការពារ​សាសនាចក្រ​នេះ​ពី​ការបំពេញ​បេសកកម្ម​របស់​ខ្លួន​និង​ការសម្រេច​បាន​នូវ​ជោគវាសនា​របស់ខ្លួន​ដែល​បាន​ប្រកាស​តាំង​ពី​មុន​កំណើត​ពិភពលោក ។… ពុំ​ចំបាច់​ត្រូវ​ព្រួយ​បារម្ភ​ឬ​ការសាកល្បង​អំពី​អនាគត​ឡើយ ។

    «មិន​ដូច​សម័យ​មុន​សម័យ​យើង​នោះទេ​ក្នុង​ការកាន់កាប់ត្រួតត្រា​នេះ​នឹង​មិន​ជួប​នូវ​បទពិសោធន៍​នៃ​ការក្បត់សាសនា​ឡើយ វា​នឹង​មិន​ឃើញ​ការបាត់បង់​កូនសោ​បព្វជិតភាព​វា​នឹង​មិន​រងទុក្ខ​នូវ​ការបញ្ចប់​នៃ​វិវរណៈ​ពី​ព្រះសូរសៀង​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​នោះ​ទេ។​… « វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រស់ !

    « …បើ​បងប្អូន​មិន​បាន​កត់សម្គាល់​ទេ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ថ្ងៃ​ចុង​ក្រោយ ។ … សូម​ជឿ ។ លេច​ធ្លោ​ឡើង ចូរ ស្មោះត្រង់ ព្យាការី អេណុក បាន​មើល​ឃើញ​ជំនាន់​ដែល​យើង​រស់នៅ ។ » ( Facebook post, ថ្ងៃ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៥; សូមមើល​ផងដែរ « Be Not Afraid, Only Believe » [address to Church Educational System religious educators,ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ ], broadcasts.ChurchofJesusChrist.org ) ។

  2. សូមមើល យ៉ូហាន ១:១២ ។

  3. មិនយូរ​បន្ទាប់​ពី​យើង​ត្រូវបាន​ហៅ​ជា​គណៈប្រធាន​យុវជន​ទូទៅ ប្រធាន ហិនរី ប៊ី អាវរិង បាន​ពិភាក្សា​ជាមួយ​យើង​ពី​ឧបសគ្គ និង​ឱកាស​ដ៏​ពិសេស​ដែល​យុវវ័យ​នៃ​សាសនាចក្រ​ប្រឈម​នៅ​សព្វថ្ងៃ​នេះ ។ លោក​បាន​ផ្ដល់​ប្រឹក្សា​ដល់​យើង​ឲ្យ​ផ្តោត​លើ​ការណ៍​ទាំងនោះ ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជ្រួតជ្រាប​យ៉ាង​ជ្រាលជ្រៅ​ទៅក្នុង​ដួងចិត្ត​ពួកគេ ។ ការប្រឹក្សា​នោះ​បាន​ផ្ដល់​ជា​ការដឹកនាំ​ដល់​យើង​ក្នុង​នាម​ជា​គណៈប្រធាន​យុវជន ។

  4. សូមមើល « នៅ​ជាមួយ​ពួកគេ​ »ChurchofJesusChrist.org/callings/aaronic-priesthood-quorums/my-calling/leader-instruction/be-with-them ។

  5. សូមមើល ម៉ូសាយ ១៨:២៥; មរ៉ូណៃ ៦:៥ ។

  6. ឌេល ជី រេនឡាន់ « Through God’s Eyes,” Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៤ សូមមើល​ផងដែរ​ម៉ូសេ ១:៤–៦ ។

    ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖ « យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​មើល​បុគ្គល​ទាំងឡាយ​ មិន​មែន​ត្រឹម​តែ​ថា​ពួកគេ​ជា​នរណា​នោះ​ទេ ប៉ុន្ដែ​មើល​ពួកគេ​ថា​ពួកគេ​អាច​ក្លាយជា​អ្វី ។ ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​គិត​ពី​ពួកគេ​តាម​របៀប​នេះ » ( «See Others as They May Become, » Liahona, ខែ​វិច្ខិកា ឆ្នាំ ២០១២​ទំព័រ ៧០) ។

    អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន ៖ « ជាញឹកញាប់​ណាស់ ការមិន​អនុលោម​ខាងក្រៅ​របស់​មនុស្ស​វ័យ​ក្មេង ជាមួយ​នឹង​បទដ្ឋាន​សាសនាចក្រ ឬ​សំណួរ​ដែល​ហាក់ដូច​ជា​ប្រឈម​មុខ​ដាក់​គ្នា​របស់​គាត់ ឬ​ការសង្ស័យ​ដែល​បាន​បង្ហាញ​ឡើង​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ត្រូវបាន​គេ​បំពាក់​ស្លាក​ឲ្យ​យ៉ាង​ឆាប់​រហ័ស ។ លទ្ធផល​អាច​ជា​គម្លាត ហើយ​ពេលខ្លះ​គឺ​ការផ្ដាច់​ខ្លួន​ចេញ ។ សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ពុំ​ដូចជា​ស្លាក​សញ្ញា​នោះ​ទេ !( « Unto the Rising Generation,” Ensign, ខែ មេសា ឆ្នាំ ១៩៨៥ ទំព័រ ៩) ។

  7. សូម​មើល ពង្សាវតារក្សត្រទី ២ ៦:១៧ ។

  8. Stephen L. Richards​ជា​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា​« សមត្ថភាព​ក្នុង​ការវិនិច្ឆ័យ​ត្រឹមត្រូវ គឺ​ជា​អ្វី​ដែល​ញាណ​ដឹង​ពី​អ្នក​ដទៃ ហើយ​រកឃើញ​សេចក្តី​ល្អ​ពី​ធម្មជាតិ​ក្នុង​ខ្លួន​ពួកគេ សេចក្តី​ល្អ​ដែល​នៅជាប់​ក្នុង​ខ្លួន​ពួកគេ » ( នៅក្នុង​របាយការណ៍​សន្នីសីទ ខែ មេសា ឆ្នាំ ១៩៥០​ទំព័រ ១៦២ នៅក្នុងដេវីឌ អេ បែដណា « Quick to Observe, » Ensign, ខែ ធ្នូ ឆ្នាំ ២០០៦,ទំព័រ​៣៥ Liahona, ខែ​ធ្នូ ឆ្នាំ ២០០៦,ទំព័រ ១៩ ) ។ សូមមើល ផងដែរ ពង្សាវតារក្សត្រទី ២ ៦:១៧ ។

  9. ហេនរី ប៊ី អាយរីង « Teaching Is a Moral Act » (address at Brigham Young University, Aug. 27, 1991), 3, speeches.byu.edu; បញ្ជាក់​បន្ថែម សូមមើល​ផងដែរ ហេនរី ប៊ី អាយរីង « Help Them Aim High, » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៦០–៦៧ ។

  10. សូម​មើល ម៉ូសេ ១:៣–៦

  11. ម៉ូសាយ ១៨:២១សូមមើល​ផងដែរ ម៉ូសេ ៧:១៨

  12. « យុវជន​ដែល​មាន​ចំណងទាក់ទង​រឹងមាំ វិជ្ជមាន ដោយ​មាន​គ្រួសារ មិត្តភក្ដិ និង​ថ្នាក់ដឹកនាំ [ ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ] សកម្ម ដែល​ជួយ​ពួកគេ​កសាង​ចំណង​ទាក់ទង​ជាមួយ​ព្រះវរបិតាសួគ៌ គឺ​ទំនង​ជា​នឹង​បន្ត​នៅ​សកម្ម ។ ចំណុច​សំខាន់ៗ​ជាក់លាក់​របស់​កម្មវិធី—ដូចជា​កម្មវិធី​សិក្សា​ថ្ងៃ​អាទិត្យ កម្មវិធី​សកម្មភាព​យុវជន ការរំពឹង​ការសម្រេច​ផ្ទាល់ខ្លួន … អាច​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ដែល​ពឹងផ្អែក​លើ​ចំណង​ទាក់ទង​ទាំងនោះ ។​… សំណួរ​ដ៏​សំខាន់​នោះ​គឺ​មិន​មែន​ថាតើ​ចំណុច​សំខាន់ៗ​ជាក់លាក់​របស់​កម្មវិធី​ត្រូវបាន​អនុវត្ត​ទាំងស្រុង​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ​ថាតើ​ចំណុច​ទាំងនោះ​រួម​ចំណែក​ដល់​ចំណងទាក់ទង​ដ៏​វិជ្ជមាន​ដែល​ពង្រឹង​ដល់​អត្តសញ្ញាណ​ខាង​សាសនា​របស់​យុវជន [ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ] ដោយ​របៀប​ណា » ( «Be with Them,” ChurchofJesusChrist.org/callings/aaronic-priesthood-quorums/my-calling/leader-instruction/be-with-them ) ។

  13. សូមមើល​« Connect Them with Heaven, » ChurchofJesusChrist.org/callings/aaronic-priesthood-quorums/my-calling/leader-instruction/connect-them-with-heaven. ។

  14. សូមមើល យ៉ូហាន ១៥:១–៥១៧:១១ភីលីព ៤:១៣យ៉ូហាន ទី១ ២:៦យ៉ាកុប ១:៧អោមណៃ ១:២៦មរ៉ូណៃ ១០:៣២

  15. ព្រះគម្ពីរ​មាន​ពេញ​ដោយ​គំរូ​អំពី​ការណ៍​នេះ នេះ​ជា​គំរូ​ពីរ ៖ នីហ្វៃទី១ ២:១៦អេណុស ១:១–៤

  16. សូម​មើល លូកា ២៤:៣២នីហ្វៃ​ទី២ ៣៣:១–២យ៉ាកុប ៣:២មរ៉ូណៃ ៨:២៦គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨:២–៣

  17. សូមមើល ធីម៉ូថេ ទី២ ៣:១៥–១៦គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:៣–៤៨៨:៦៦១១៣:១០

  18. សូមមើល ថែស្សាឡូនីច​ទី​១ ១:៥; អាល់ម៉ា ២៦:១៣; ៣១:៥; ហេលេមិន ៣:២៩; ៥:១៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២១:៤–៦; ៤២:៦១; ៤៣:៨–១០; ៥០:១៧–២២; ៦៨:៤

  19. សូមមើល យ៉ូហាន ៦:៦៣១៧:១៧អាលម៉ា ៥:៧គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:៤៣–៤៥៨៨:៦៦៩៣:៣៦

  20. សូមមើល យ៉ូហាន ១៥:៣ពេត្រុស ទី១ ១:២៣ម៉ូសាយ ១:៥អាលម៉ា ៥:៧, ១១–១៣៣២:២៨, ៤១–៤២៣៦:២៦៦២:៤៥ហេលេមិន ១៤:១៣ ។

  21. សូមមើល នីហ្វៃ​ទី​២ ៣១:១៩–២១; 32:២5 ។

  22. រ័សុល អិម ណិលសុន​ « We Can Do Better and Be BetterLiahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ។

  23. ឌែល ជី រេនឡាន់ « Choose You This Day, » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។

  24. តួលេខ​នេះ​រួម​បញ្ចូល​ទាំង​តម្រូវការ​របស់​កម្មវិធី​កាយរិទ្ធ ដែល​ជា​ផ្នែក​របស់​កម្មវិធី​សកម្មភាព​របស់​សាសនាចក្រ​សម្រាប់​កុមារា និង​យុវជន​រហូត​ដល់​ពេល​ថ្មីៗ​នេះ ដែល​មាន​ជា​ចម្បង​នៅក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា ។ នៅក្នុង​តំបន់​ដែល​មិន​បាន​ចូលរួម​ក្នុង​កម្មវិធី​កាយរិទ្ធ ចំនួន​នៃ​តម្រូវការ​គឺ​ជាង ២០០ ។ ជាងនោះ​ទៀត កម្មវិធី​សកម្មភាព​ផ្សេងៗ​សម្រាប់​កុមារា កុមារី យុវជន និង​យុវនារី គឺ​មាន​រចនាសម្ព័ន្ធ​ខុសៗ​គ្នា ធ្វើ​ឲ្យ​បទពិសោធន៍​ទាំងមូល​មាន​ភាពស្មុគស្មាញ​សម្រាប់​ក្រុម​គ្រួសារ​ទាំងឡាយ ។​

  25. សូមមើល « Let Them Lead, » ChurchofJesusChrist.org/callings/aaronic-priesthood-quorums/my-calling/leader-instruction/let-them-lead. ។

  26. សូមមើល អោមណៃ ១:២៦; នីហ្វៃទី៣ ៩:២០; ១២:១៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:៣៤ ។ « សាសនា​មួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​លះបង់​អ្វី​សោះ នឹង​ពុំ​មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​បង្កើត​សេចក្ដីជំនឿ​ដ៏​ចាំបាច់​សម្រាប់​ជីវិត និង សេចក្ដី​សង្គ្រោះ​ឡើយ » ( Lectures on Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៦៩ ) ។

  27. Ezra Taft Benson, The Teachings of Ezra Taft Benson (1988), 167; in Preach My Gospel: A Guide to Missionary Service (2019), 13; see also Russell M. Nelson, “Hope of Israel,” HopeofIsrael.ChurchofJesusChrist.org.

  28. ជួបជាមួយ អែលឌើរ Elder David A. Bednar; សូមមើល​ផងដែរ « 2020 Temple and Family History Leadership Instruction, » ថ្ងៃទី ២៧​ខែ​កុម្ភៈ ឆ្នាំ ២០២០, ChurchofJesusChrist.org/family-history. ។

  29. នែល អេ ម៉ាក់ស្វែល « Unto the « Unto the Rising Generation,» ទំព័រ ១១ ។ អែលឌើរ ម៉ាក់ស្វែល បាន​បន្ត ៖ « តើ​មាន​គណៈប្រធាន​កូរ៉ុម​ឌីកុន និង​គ្រូ​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​បាន​ហៅ​នរណា​ម្នាក់​ឲ្យ​ផ្តល់​ការប្រសិទ្ធិពរ ឬ​ចែក​សាក្រាម៉ង់ ? បងប្អូន​ប្រុស ការណ៍​ទំាងនេះ​គឺជា​វិញ្ញាណ​ដ៏​ពិសេស​ពិត ហើយ​ពួកគេ​អាច​ធ្វើ​កិច្ចការ​ដ៏​សំខាន់ៗ​បាន បើសិន​ពួកគេ​ត្រូវបាន​ផ្តល់​ឱកាស​ឲ្យ ! »

  30. សូមមើល ​ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ចំណុច ២.២ គេហទំព័រ​ChurchofJesusChrist.org ។

  31. ធនធាន​មួយ​ចំនួន​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ជួយ​ដល់​យុវវ័យ​ដឹកនាំ រួមទាំង « ធនធាន​សម្រាប់​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់ការប្រើ ចូរមក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារីនិង​នៅក្នុង​ធនធាន​ទាំងឡាយ​សម្រាប់​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន នៅក្នុង « ការហៅ​បម្រើ​ក្នុង​សាខា​ឬ​វួដ » ។

  32. រ័សុល អិម ណិលសុន « “សង្ឃឹម​អ៊ីស្រាអែល, »​HopeofIsrael.ChurchofJesusChrist.org ។ អំឡុងពេល​នៃ​ការប្រជុំ​ធម្មនិដ្ឋាន​ដដែល​នេះ​ដែរ ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍ ៖ « ព្រះវរបិតា​សួគ៌​របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុត​ជាច្រើន—ប្រហែលជា​ខ្ញុំ​អាច​និយាយ​ថា​ជា​ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺ​ជា​ក្មួយៗ ! »

  33. រ័សុល អិម ណិលសុន សុន្ទរកថា​បើក​នៅក្នុង « កុមារ និង​យុវវ័យ ៖ ព្រឹត្តការណ៍​ជួប​សំណេះ​សំណាល​ជាមួយ​អែលឌើរ ជែរីត ដ័បុលយូ ហ្កង » ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  34. ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍ ៖ « យើង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​វ័យ​ក្មេង​ទាំងនេះ​ដឹកនាំ ជាពិសេស​ចំពោះ​អស់អ្នក​ដែល​ត្រូវបាន​ហៅ និង​ញែកចេញ​ឲ្យបម្រើ​នៅក្នុង​ថ្នាក់ និង​ក្នុង​គណៈ​ប្រធាន​កូរ៉ុម ។ សិទ្ធិ​អំណាច​បព្វជិត​ភាព​នឹង​ត្រូវ​ផ្ទេរឲ្យ​ពួកគេ ។ ពួកគេ​នឹង​រៀនអំ​ពី​របៀប​ទទួល​ការបំផុស​គំនិត​នៅក្នុង​ការដឹកនាំ​ថ្នាក់ ឬ​កូរ៉ុម​របស់​ពួកគេ ( នៅក្នុង « បទបង្ហាញ​ជា​វីដេអូ​ណែនាំ កុមារ និង​យុវវ័យ » ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​គេហទំព័រ ChurchofJesusChrist.org ) ។

    អែលឌើរ ឃ្វីនធិន អិល ឃុក បាន​មាន​ប្រសាសន៍​ថា « យុវវ័យ​របស់​យើង​កំពុង​ត្រូវបាន​សុំ​ឲ្យ​ទទួល​យក​ការទទួល​ខុស​ត្រូវ​ជា​ច្រើន​ក្នុង​វ័យ​ក្មេង—ដោយ​ពុំ​ឲ្យ​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​ធ្វើ​អ្វី​ដែល​យុវវ័យ​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​ឡើយ » ( « Adjustments to Strengthen Youth » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤០ ) ។

  35. ប្រធាន ចច ឃ្យូ ខានុន បាន​បង្រៀន​ថា ៖ « ព្រះ​បានរក្សា​ទុក​វិញ្ញាណ​ជាច្រើន ដែល​មាន​សេចក្តី​ក្លាហាន ហើយ​មាន​ការប្តេជ្ញា​ចិត្ត ដើម្បី​ប្រឈម​មុខ​នឹង​ពិភពលោក​នេះ និង​រាល់​អំណាច​នៃ​អំពើ​អាក្រក់ ទាំង​មើល​ឃើញ និង​មិន​ឃើញ​ក្តី សម្រាប់​ជំនាន់​នេះ ដើម្បី​ប្រកាស​ដំណឹងល្អ ហើយ​ថែរក្សា​សេចក្តីពិត និង​ស្ថាបនា ហើយ​កសាង​ទីក្រុង​ស៊ីយ៉ូន​នៃ​ព្រះ​របស់​យើង​ដោយ​ឥតភ័យ​ខ្លាច នៅ​គ្រប់​ស្ថានភាព ។ ទ្រង់​បានបញ្ជូន​វិញ្ញាណ​ទាំងនេះ​មកកាន់​ជំនាន់​នេះ​ដើម្បី​សង់គ្រឹះ​នៃ​ស៊ីយ៉ូន​ដែល​នឹង​មិន​ត្រូវបាន​បំផ្លាញ​ទៀត​ឡើយ ហើយ​បង្កើត​ពូជពង្ស​មួយ​ដែល​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​សុចរិត ហើយ​គោរព​ព្រះ ហើយ​គោរព​ទ្រង់​យ៉ាង​ពិត​ប្រាកដ ហើយ​នឹង​គោរព​ប្រណិបត្តិ​ទ្រង់​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ » ( កំណត់សម្គាល់Deseret Newsថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ១៨៦៦ ទំព័រ ២០៣ )​សូមមើល​ផងដែរ Teachings of Presidents of the Church: Joseph Smith (២០០៨),ទំព័រ​១៨៦ ។

  36. មរ៉ូណៃ ១០:៣២