សន្និសីទទូទៅ
អព្ភូតហេតុ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


អព្ភូតហេតុ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​ដឹង​ថា ដំណឹងល្អ​របស់​ទ្រង់​អាច​នាំ​សេចក្ដី​សង្ឃឹម ភាពសុខសាន្ត និង​អំណរ​មក​ដល់​យើង មិន​ត្រឹមតែ​ក្នុង​ជីវិត​នេះ​ទេ ប៉ុន្តែ​វា​នឹង​ផ្តល់​ពរជ័យ​ដែល​ពុំ​អាច​រាប់​បាន​ដល់​ជំនាន់​​នា​ពេល​អនាគត​ផង​ដែរ ។

ម៉ាប៊ូហៃ ! ខ្ញុំ​សូម​នាំ​សេចក្ដី​ស្រឡាញ់ និង​ស្នាម​ញញឹម​ដ៏​កក់ក្ដៅ​មកពី​ពួកបរិសុទ្ធ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​ហ្វីលីពីន​មក​កាន់​បងប្អូន ។ ឆ្នាំ​នេះ​គម្រប់​ខួប ៦០ ឆ្នាំ ចាប់​តាំង​ពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដំបូង​បាន​មកដល់​កោះ​នានា​នៃ​ប្រទេស​ហ្វីលីពីន ។ សព្វ​ថ្ងៃ​នេះ មាន​បេសកកម្ម​ចំនួន ២៣ និង​សមាជិក​សាសនាចក្រ​ច្រើនជាង ៨០០,០០០ នាក់​នៅ​ក្នុង ១២៣ ស្តេក ។ បច្ចុប្បន្ន​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំពីរ​កន្លែង​កំពុង​តែដំណើរការ កំពុង​តែ​សាងសង់ ឬ​បាន​ប្រកាស​រួចហើយ ។ នេះ​គឺ​ពិតជា​អព្ភូតហេតុ​មួយ ។ យើង​កំពុងមើលឃើញ​ការបំពេញ​នៃ​ការព្យាករ​នៅក្នុង នីហ្វៃទី​២ ១០:២១ ៖ « ពាក្យ​សន្យា​ទាំងឡាយ​របស់​ព្រះ​ធំ​ណាស់​ហ្ន៎ ចំពោះ​ពួក​អ្នក​ដែល​នៅ​លើ​កោះ​ទាំងឡាយ​ក្នុង​សមុទ្រ » ។

រូបភាព
ប្រធាន ហ៊ីងគ្លី​នៅ​ប្រទេសហ្វីលីពីន

អព្ភូតហេតុ​នេះ​ក៏​ជា​ការ​បំពេញ​នៃ​ការព្យាករ​ដែល​បានផ្ដល់​ឲ្យ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី នាពេលនោះនៅ​ទីក្រុង​ម៉ានីល ក្នុង​ឆ្នាំ ១៩៦១ ​ផងដែរ ។ នៅ​ក្នុង​ការអធិស្ឋាន​នោះ អែលឌើរ ហ៊ិងគ្លី បាន​ថ្លែង ៖ « ាន​ភាពរួសរាយ រាក់ទាក់ និង​សន្តោស​ប្រណី​ដល់​អស់​អ្នក​ដែល​នឹង​មក​ទីនេះ ហើយ​មនុស្ស​ជាច្រើន មែនហើយ ឱ​ព្រះអម្ចាស់​អើយ យើង​អធិស្ឋាន​ថា​នឹង​មាន​មនុស្ស​យ៉ាងច្រើន [ ដល់ ] រាប់ពាន់​នាក់ ដែល​នឹង​ទទួល​សារលិខិត​នេះ ហើយ​នឹង​ទទួល​បាន​ពរជ័យ ។ សូម​ទ្រង់​ប្រទានពរ​ដល់​ពួកគេ​ឲ្យ​បើក​នូវ​គំនិត និង​ដួងចិត្ត​យល់ដឹង ហើយ​មានជំនឿទទួល​យក និង​ដោយ​ចិត្ត​ក្លាហាន ដើម្បី​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ » ( ការអធិស្ឋាន​ឧទ្ទិស​ឆ្លង នៅ​ទីបញ្ចុះសព​រំឭក​នៃ​សង្គ្រាម​អាមេរិក ប្រទេស​ហ្វីលីពីន ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ១៩៦១ ) ។

រូបភាព
គ្រួសាររែវីឡូ

លើសពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​រាប់ពាន់​នាក់ អព្ភូតហេតុ​នៃ​ដំណឹងល្អ​បាន​នាំ​មកនូវ​ការផ្លាស់ប្ដូរ​ជាវិជ្ជមាន​មក​ដល់​ប្រទេស និង​ប្រជាជន​នេះ​ផងដែរ ។ ខ្ញុំ​គឺជា​សាក្សី​នៅរស់​ម្នាក់​សម្រាប់​ការណ៍​នេះ ។ ខ្ញុំ​មាន​អាយុ​ប្រាំមួយ​ឆ្នាំ ពេល​ឪពុកម្ដាយ​ខ្ញុំ​បាន​ចូលរូម​ក្នុង​សាសនាចក្រ​នៅ​កោះ​មីនដាណាវ​ភាគ​ខាងត្បូង ។ កាល​នោះ មាន​បេសកកម្ម​តែ​មួយ​គត់​នៅ​ទូទាំង​ប្រទេស ហើយ​គ្មាន​ស្តេក​ទេ ។ ខ្ញុំ​មាន​ការដឹងគុណ​ដ៏​អស់កល្ប​ចំពោះ​ភាពក្លាហាន និង​ការតាំងចិត្ត​របស់​ឪពុកម្ដាយ​ខ្ញុំ ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​គោរព​ពួកលោក និង​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ទាំងអស់​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស​ហ្វីលីពីន ។ ពួកគាត់​បាន​ឆ្ការផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ ដើម្បី​ទទួល​បាន​ពរជ័យ ។

ស្ដេច​បេនយ៉ាមីន​ក្នុង​ព្រះគម្ពីរមរមន​បាន​មាន​បន្ទូល ៖ « ហើយ​ថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ត្បិត​មើល​ចុះ ពួក​គេ​បានពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​ផង » ( ម៉ូសាយ ២:៤១ ) ។

នៅពេល​យើង​រស់នៅ និង​គោរព​តាម​គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ បាន​ផ្លាស់ប្ដូរ និង​បាន​ប្រែក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះ​ជា​របៀប​ដែល​ដំណឹងល្អ​បាន​ផ្លាស់ប្ដូរ និង​បាន​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​ហ្វីលីពីន រួមទាំង​គ្រួសារ​ខ្ញុំ​ផងដែរ ។ ដំណឹងល្អ​គឺ​ពិតជា​ផ្លូវ​ដែល​នាំ​ទៅកាន់​ជីវិត​ដ៏​បរិបូរ និង​រីករាយ ។

គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺ សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​ធម្មតា ប្រជាជន​ហ្វីលីពីន​ជាច្រើន​មាន​ជំនឿ​លើ​ព្រះ ។ វា​ងាយស្រួល​សម្រាប់​យើង​ដើម្បី​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដឹងថា យើង​អាច​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ទាំងឡាយ​របស់​យើង ។

រូបភាព
គ្រួសារអូប៊ីដូហ្សា

គ្រួសារ​អូប៊ីដូហ្សា គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​អំពី​រឿង​នេះ ។ បងប្រុស អូប៊ីដូហ្សា ធ្លាប់​ជា​ប្រធានសាខា នៅ​ពេល​ខ្ញុំ​ជា​យុវជន ។ បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​បងប្រុស និង​បងស្រី អូប៊ីដូហ្សា គឺ​ការផ្សារភ្ជាប់​ជាមួយ​គ្រួសារ​​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ក្រុងម៉ានីល ។ ពួកគាត់​រស់នៅ​ក្នុង​ទីក្រុង ជិននើរ៉ល សាន់តូស ចម្ងាយ ១០០០ ម៉ែល ១៦០០ ( គីឡូម៉ែត្រ ) ពី​ទីក្រុង​ម៉ានីល ិសុទ្ធ វា​​​ស្ទើរតែ​មិនអាច​ធ្វើទៅបាន ។ ប៉ុន្តែ​ដូចជា​អ្នក​ឈ្នួញ​ម្នាក់​ដែល​ទៅ​លក់​របស់​ទ្រព្យ​ទាំងអស់ ដើម្បី​មក​ទិញ​កែវមុក្តា​ដ៏​មាន​តម្លៃ​ដែរ ( សូមមើល ម៉ាថាយ ១៣:៤៥–៤៦ ) នោះ​គូស្វាមីភរិយា​នេះ​បាន​សម្រេច​ចិត្ត​លក់​ផ្ទះ​របស់​ពួកគេ ដើម្បី​បង់ថ្លៃ​ធ្វើ​ដំណើរ ។ បងស្រី អូប៊ីដូហ្សា បាន​ព្រួយបារម្ភ ដោយសារ​ពួកគេ​អាច​គ្មាន​ផ្ទះ​នៅ នៅពេល​ត្រឡប់​មក​វិញ ។ ប៉ុន្តែ បងប្រុស អូប៊ីដូហ្សា បាន​អះអាង​ដល់​គាត់​ថា ព្រះអម្ចាស់​នឹង​ផ្គត់ផ្គង់​ឲ្យ​យើង ។

ពួកគាត់​បាន​ផ្សារភ្ជាប់​ជា​គ្រួសារ​មួយ​សម្រាប់​ជីវិត​នេះ និង​ភាព​អស់កល្ប​ជានិច្ច នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ក្នុង​ឆ្នាំ ១៩៨៥ ។ នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ពួកគាត់​បាន​រក​ឃើញ​ក្ដីអំណរ​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន—ជា​កែវមុក្តា​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន​របស់​ពួកគាត់ ។ ហើយ​ពិត​ដូចជា​ពាក្យ​របស់​បងប្រុស អូប៊ីដូហ្សា និយាយមែន ព្រះអម្ចាស់​បាន​ផ្គត់ផ្គង់​ដល់​ពួកគាត់ ។ នៅ​ពេលពួកគាត់​ត្រឡប់​ពី​ទីក្រុង​ម៉ានីល​វិញ មិត្ត​ចិត្ត​ល្អជាច្រើន​បាន​ផ្ដល់​កន្លែង​ឲ្យ​ពួកគាត់​ស្នាក់នៅ ហើយ​នៅ​ទីបំផុត​ពួកគេ​ទិញ​បាន​ផ្ទះ​ខ្លួន​ឯង ។ ព្រះអម្ចាស់​ថែទាំ​ដល់​អស់​អ្នក​ដែល​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។

គោលការណ៍​ទីពីរ​នៃ​ដំណឹងល្អ​គឺ ការប្រែចិត្ត ។ ការប្រែចិត្ត​គឺ​ជា​ការ​បែរចេញ​ពី​អំពើបាប ហើយ​ងាកទៅរក​ព្រះ​សូម​ការអភ័យទោស ។ វា​ជា​ការផ្លាស់ប្តូរ​គំនិត និង​ដួងចិត្ត ។ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បង្រៀន វា​គឺជា « ការ​ធ្វើ ឬ​ធ្វើ​ជា​មនុស្ស​ប្រសើរ​ជាង​បន្តិច​ម្ដងៗ​ជា​រៀងរាល់​ថ្ងៃ » ( « We Can Do Better and Be Better» Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។

ការ​ប្រែចិត្ត​គឺ​ដូចជា​សាប៊ូ​មួយ​ដុំ​អញ្ចឹង ។ កាល​នៅ​ជា​វិស្វករ​គីមី​វ័យក្មេង​ម្នាក់ ខ្ញុំ​បាន​ធ្វើការ​ក្នុង​រោងចក្រ​សាប៊ូ​មួយ​ក្នុង​ប្រទេស​ហ្វីលីពីន ។ ខ្ញុំ​បាន​រៀន​ពី​របៀប​ធ្វើ​សាប៊ូ និង​ដំណាក់កាល​នៃ​របៀប​ធ្វើ​វា ។ នៅពេល​យើង​លាយ​ប្រេង​ជាមួយ​សារធាតុ​ដើម​អាល់កាឡាំង រួច​បន្ថែម​ភ្នាក់ងារ​ប្រឆាំង​នឹង​បាក់តេរី នោះ​វា​បង្កើត​បានជា​សារធាតុ​ដ៏​មានឥទ្ធិពល​មួយ ដែល​អាច​កម្ចាត់​បាក់តេរី និង​វីរុស​បាន ។ ក៏​ដូចជា​សាប៊ូ​ដែរ ការប្រែចិត្ត​គឺជា​ភ្នាក់ងារ​នៃ​ការ​លាង​សម្អាត​មួយ ។ វា​អនុញ្ញាត​ឲ្យ​យើង​មាន​ឱកាស​សម្អាត​ភាព​មិន​បរិសុទ្ធ និង​កំហុស​​របស់​យើងដែល​មាន​កន្លង​មក ដើម្បី​មាន​ភាព​ស័ក្តិសម​រស់នៅ​ជាមួយ​ព្រះ ដោយសារ​ « គ្មាន​អ្វី​ដែល​ឥត​ស្អាត​អាច​គ្រង​នគរ [ ព្រះ ] ទុក​ជា​មរតក​បាន​ឡើយ » ( អាលម៉ា ១១:៣៧ ) ។

តាម​រយៈ​ការ​ប្រែចិត្ត យើង​ផ្អែក​លើ​ព្រះចេស្ដា​នៃ​ការ​សម្អាត និង​ការបន្សុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺជា​គន្លឹះ​មួយ​នៅក្នុង​ដំណើរការ​នៃ​ការផ្លាស់​ប្រែចិត្ត​ជឿ ។ ការណ៍​នេះ​ជា​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ក្នុង​ព្រះគម្ពីរ​មរមន ។ ពួកគេ​ជា​សាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​យ៉ាង​ពេញលេញ ហើយ​ពួកគេ « ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ( សូម​មើល អាលម៉ា ២៣:៦–៨ ) ។ ពួកគេ​បាន​កប់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ ហើយ​មិន​ប្រយុទ្ធ​ទៀត​ទេ ្ញា​នោះ ។ ហើយ​ពួកគេ​បាន​ធ្វើ​ដូច្នោះ​មែន ។ យើង​ដឹង​ថា ពលិកម្ម​របស់​ពួកគេ​នាំ​មក​នូវ​អព្ភូតហេតុ​នានា មនុស្ស​រាប់ពាន់​នាក់​ដែល​ច្បាំង​ប្រឆាំង​នឹង​ពួកគេ បាន​ទម្លាក់​គ្រឿង​សស្ត្រាវុធ​ពួកគេ​ចុះ ហើយ​បាន​ប្រែចិត្ត ។ ច្រើន​ឆ្នាំ​ក្រោយ​មក ពួកកូនប្រុស​របស់​ពួកគេ ដែល​យើង​ស្គាល់​ថា​ជា​កងទ័ព​កម្លោះ​​ពីរពាន់នាក់ដ៏ក្លាហាន បាន​ទទួល​ការ​ការពារ​នៅក្នុង​ចម្បាំង​ប្រឆាំង​នឹង​ជោគ​វាសនា​ដ៏​មិន​គួរ​ឲ្យ​ជឿ !

រូបភាព
ឪពុកអែលឌើររែវីឡូ

គ្រួសារ​ខ្ញុំ និង​ពួកបរិសុទ្ធ​ហ្វីលីពីន​ជាច្រើន​បាន​ឆ្លង​កាត់​ដំណើរការ​នៃការ​ប្រែចិត្ត​ស្រដៀង​នោះ​ផងដែរ ។ នៅពេល​យើង​បាន​ទទួល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ យើង​បាន​ផ្លាស់ប្ដូរ​នូវ​របៀបរបប និង​វប្បធម៌​របស់​យើង ដើម្បី​ឲ្យ​ត្រូវ​ទៅ​​តាម​ដំណឹងល្អ ។ យើង​ត្រូវតែ​បោះ​បង់ចោល​សណ្ដាប់​ដែល​ខុសឆ្គង​នានា ។ ខ្ញុំ​បាន​ឃើញ​ការណ៍​នេះ​ពី​ឪពុក​ខ្ញុំ នៅពេល​គាត់​បាន​រៀន​អំពី​ដំណឹងល្អ ហើយ​បាន​ប្រែចិត្ត ។ គាត់​ធ្លាប់​ជក់​បារី​យ៉ាងច្រើន ប៉ុន្តែ​គាត់​បាន​បោះ​បារី​គាត់​ចោល ហើយ​មិន​ដែល​ប៉ះ​វា​ទៀត​ទេ ។ ដោយសារ​ការ​សម្រេច​ចិត្ត​ផ្លាស់ប្ដូររបស់​គាត់ នោះ​មនុស្ស​បួន​ជំនាន់​ក្រោយ​​​មក បាន​ទទួល​ពរជ័យ ។

រូបភាព
ជំនាន់នានា​នៃ​គ្រួសារ​រែវីឡូ

ការ​ប្រែចិត្ត​នាំ​យើង​ឲ្យ​ចុះ និង​គោរព​សេចក្តី​សញ្ញា​នានា​តាម​រយៈ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ ។ ពិធីបរិសុទ្ធ​ទី​មួយ​នៃ​សេចក្ដីសង្រ្គោះ និង​ភាព​លើកតម្កើង​​គឺ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្តាច់បាប យ​ជ្រមុជទឹក​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។ យើង​អាច​រំឭក​សេចក្តីសញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​នេះ​រៀងរាល់​សប្ដាហ៍ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។ ការណ៍​នេះ​ក៏​ជា​អព្ភូតហេតុ​មួយ​ផង​ដែរ !

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​នាំ​អព្ភូតហេតុ​នេះ​មក​ក្នុង​ជីវិត​បងប្អូន ។ ចូរ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជ្រើសរើស​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ទ្រង់ ប្រែចិត្ត ហើយ​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​មាន​ក្នុង​ពិធីបរិសុទ្ធ​នានា​នៃ​សេចក្តីសង្គ្រោះ និង​ភាពលើកតម្កើង​ ។ ការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​បងប្អូន​ដាក់​នឹម​ជាមួយ​ព្រះគ្រីស្ទ ហើយ​ទទួល​នូវ​អំណាច និង​ពរជ័យ​នៃព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២០ ) ។

ខ្ញុំសូម​ធ្វើ​ទីបន្ទាល់​ពី​ភាពពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ ។ ខ្ញុំ​ដឹង​ថា ដំណឹងល្អ​របស់​ទ្រង់​អាច​នាំ​សេចក្ដី​សង្ឃឹម ភាពសុខសាន្ត និង​អំណរ​មក​ដល់​យើង មិន​ត្រឹមតែ​ក្នុង​ជីវិត​នេះ​ទេ ប៉ុន្តែ​វា​នឹង​ផ្តល់​ពរជ័យ​ដែល​ពុំ​អាច​រាប់​បាន​ដល់​ជំនាន់​​នា​ពេល​អនាគត​ផង​ដែរ ។ នោះ​ជា​មូលហេតុ​ដែល​ពួកបរិសុទ្ធ​ហ្វីលីពីន​មាន​ស្នាម​ញញឹម​ដ៏​ស្រស់ស្អាត និង​កក់ក្ដៅ ។ វា​ជា​អព្ភូតហេតុ​នៃ​ដំណឹងល្អ និង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​អំពី​ការណ៍​នេះ នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕