សន្និសីទទូទៅ
រង្វាន់សម្រាប់​ការស្វែងរក​ដ៏​ស្មោះត្រង់
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


រង្វាន់សម្រាប់​ការស្វែងរក​ដ៏​ស្មោះត្រង់

ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំងអស់​គ្នាឲ្យ​បន្ត​បង្កើន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ដែលបន្ត​ដើម្បី​​ផ្លាស់ប្តូរ​ជីវិត​របស់​អស់​អ្នក​ដែល​ស្វែង​រកទ្រង់ ។

នៅដើម​ឆ្នាំ ១៨៤៦ ពួកអ្នក​ត្រួសត្រាយ​ផ្លូវ​រាប់​ពាន់នាក់​ទាំង​បុរស ​ស្រ្តី និង​កុមារ​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ភាគ​ខាង​លិច​នៃ​ក្រុង​ស៊ីយ៉ូន ។ សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​របស់​ពួកគេបាន​ជំរុញ​ដល់​សេចក្តី​ក្លាហាន​ដ៏​គ្មាន​ព្រំដែន​របស់​ពួកគេ ។ អ្នក​ខ្លះ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ដោយ​មិន​បាន​ទៅដល់​គោលដៅ​របស់​ពួកគេ ។ អ្នក​ផ្សេង​ទៀត​បាន​ប្រឈម​នឹង​សេចក្តី​វេទនា​យ៉ាងខ្លាំង ប៉ុន្តែ​បាន​​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ ។

ដោយសារ​ពួកគេ នោះ​ជំនាន់​ក្រោយៗ ព្រម​ទាំង​គ្រួសារ​របស់​ខ្ញុំ​បាន​រីករាយ​នឹង​ពរជ័យនៃ​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដូចជា​យុវជន​ដទៃទៀត​ផងដែរ កាលខ្ញុំអាយុ ១៤ ឆ្នាំ ខ្ញុំចាប់​ផ្តើម​មាន​សំណួរ​អំពី​សាសនា និង​សេចក្តី​ជំនឿ​របស់​ខ្ញុំ ។ ខ្ញុំបាន​ចូលរួម​ព្រះវិហារ​និកាយ​ផ្សេង​ដែល​នៅជិត​ផ្ទះ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ក៏​​ចង់​ទៅ​លេង​ព្រះវិហារ​ផ្សេងៗ​​ទៀត​ដែរ ។

នៅ​រសៀល​មួយ ខ្ញុំ​បាន​ឃើញ​យុវជន​ពីរនាក់​ពាក់​អាវ​ធំ​ពណ៌ខ្មៅ និង​អាវក្នុង​ពណ៌ស បាន​ចូល​ទៅ​លេង​ផ្ទះ​អ្នក​ជិត​ខាងខ្ញុំ ។ យុវជន​ទាំងនេះ​មើលទៅ—ពិតជាពិសេស​ណាស់ ។

នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ជួប​អ្នក​ជិត​ខាងខ្ញុំគឺ លីអនណ័រ ឡូប៉េស ហើយ​បាន​សួរ​នាង​អំពី​យុវជន​ទាំង​ពីរ​នាក់​នោះ ។ លីអនណ័រ បាន​ពន្យល់​ថា ពួក​គេ​គឺ​ជា​ពួកអ្នកផ្សព្វផ្សាយ​សាសនា មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នាង​បាន​ប្រាប់ខ្ញុំ​ទាំង​ក្តី​រីករាយថា គ្រួសារ​របស់​នាង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ​នេះកាល​ឆ្នាំ​មុន ។ ដោយ​មើល​ឃើញ​ការចាប់​អារម្មណ៍​របស់​ខ្ញុំ នោះ លីអនណ័រ បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ជួប​ពួក​អ្នកផ្សព្វ​ផ្សាយសាសនា ហើយ​បាន​រៀន​អំពី​សាសនាចក្រ ។

ពីរថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ចូលរួម​ជាមួយ​គ្រួសារ​ឡូប៉េស ដើម្បី​ជួប​ជាមួយ​ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា ។ ពួកគេ​បាន​ណែនាំ​ខ្លួន​ថា​ជា អែលឌើរ ចន ម៉េសឺលី មកពី​អូហ្គឌិន រដ្ឋ​យូថាហ៍ និង​អែលឌើរ គ្រីស្តូហ្វឺ អូសូរីអូ មកពី វលណាត់ ក្រិក រដ្ឋ​កាលីហ្វ័រញ៉ា ។ ខ្ញុំ​មិន​ដែល​ភ្លេច​ពួកគេ​ទេ ។

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុងបង្រៀន​នៅពេល​អាហារពេលល្ងាច

ដោយសារ​ខ្ញុំ​មាន​អាយុ​ទើប​តែ ១៤ ឆ្នាំ អែលឌើរ ម៉េសឺលី បាន​ទទូច​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​ផ្ទះ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ម្តាយ​របស់​ខ្ញុំ​អាច​ដឹង​ពី​អ្វី​ដែល​ពួកគេ​កំពុង​បង្រៀន​ខ្ញុំ ។ នៅ​ទីនោះ គាត់​បាន​ពន្យល់​ដោយ​សុភាព​ថា ពួកគាត់​មក​ទីនេះ​ដើម្បី​ចែកចាយ​សារលិខិត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បាន​សុំ​ការអនុញ្ញាត​ពី​ម្ដាយ​ខ្ញុំ​ដើម្បី​បង្រៀន​ខ្ញុំ ។ ម្តាយ​ខ្ញុំ​បាន​យល់ព្រម ហើយ​ថែមទាំង​បាន​ចូល​រួម​ជាមួយ​យើង ពេល​ពួកគាត់​បង្រៀន​ខ្ញុំ​ទៀតផង ។

ដំបូង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​សុំ​ឲ្យ លីអនណ័រ ធ្វើ​ការ​អធិស្ឋាន ។ ការណ៍​នេះ​បាន​ប៉ះ​ដួងចិត្ត​ខ្ញុំ​យ៉ាងខ្លាំង ព្រោះ​ការអធិស្ឋាន​របស់​នាង​មិន​ច្រំ​ដែល ចេញ​ពី​ពាក្យ​ទន្ទេញ​ចាំ​នោះ​ទេ ប៉ុន្តែ​ជាការ​បញ្ចេញ​អារម្មណ៍​ពី​ដួងចិត្ត​របស់​នាង ។ ខ្ញុំ​មាន​អារម្មណ៍​ថា នាង​បាន​ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌ របស់​នាង​ពិតមែន ។

បន្ទាប់មក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគាត់​បាន​បង្ហាញ​រូបភាព​របស់​ទ្រង់ ដែល​ធ្វើ​ឲ្យ​ខ្ញុំចាប់​អារម្មណ៍ ពីព្រោះ​ជា​រូបភាព​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ដែល​បាន​រស់​ឡើងវិញ ។

រូបភាព
ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវគ្រីស្ទ

ពួកគាត់​បាន​បន្ត​បង្រៀន​យើង​អំពី​របៀប ដែល​ព្រះយេស៊ូវ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅ​ជំនាន់​បុរាណ ដែល​មាន​ទ្រង់​ជា​អ្នកដឹកនាំ ជាមួយ​ពួក​សាវក​ដប់ពីរ​នាក់ ។ ពួកគាត់​បាន​បង្រៀន​យើង​ពី​ការក្បត់​សាសនា—ពី​របៀប​ដែល​សេចក្តីពិត និង​សិទ្ធិអំណាច​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​ដកចេញពី​ផែន​ដី បន្ទាប់​ពីការស្លាប់​របស់​ពួកសាវក​ទ្រង់ ។

ពួកគាត់​ប្រាប់​យើង​អំពី​យុវជន​អាយុ ១៤ ឆ្នាំ​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ ១៨០០ ដែល​បាន​ទៅ​ព្រះវិហារ​ខុសៗ​គ្នា ដើម្បី​ស្វែងរក​សេចក្តី​ពិត ។ កាល​ដែល​ពេលវេលា​កន្លងទៅ យ៉ូសែប​កាន់​តែ​ច្របូក​ច្របល់​ខ្លាំង​ឡើង ។ បន្ទាប់​ពី​ការអាន​ក្នុង​ព្រះគម្ពីរ​ប៊ីប​ថា យើង​អាច « សូម​ដល់​ព្រះ » ដើម្បី​មាន​ប្រាជ្ញា នោះ​យ៉ូសែប បាន​ធ្វើ​សកម្មភាព​ដោយ​ជំនឿ ចេញ​ទៅ​ក្នុង​ព្រៃ​ពិសិដ្ឋ​អធិស្ឋាន ហើយ​ទូល​សួរ​ថា តើ​លោក​គួរ​ចូលរួម​ក្នុង​ព្រះវិហារ​មួយណា ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មា្នក់​បាន​អាន​ដំណើរ​រឿង​របស់​យ៉ូសែប អំពី​អ្វី​ដែល​បាន​កើត​ឡើង ពេល​លោក​បាន​អធិស្ឋាន ៖

« ខ្ញុំ​បានឃើញ​បង្គោល​ពន្លឺ​មួយ​នៅចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត ដែល​ចុះ​សន្សឹមៗ​មក​ចំលើ​រូបខ្ញុំ ។

« … កាល​ពន្លឺ​ស្ថិត​ចំ​ពី​លើ​រូប​ខ្ញុំ ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ​ដែល​មាន​រស្មី និង​សិរី​រុង​រឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឡើយ ឈរ​នៅ​អាកាស​ពី​លើ​រូប​ខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា—នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »

ក្នុង​អំឡុង​ពេល​មេរៀន​នោះ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ដល់​ខ្ញុំ​នូវ​សេចក្តី​ពិត​មួយ​ចំនួន ។

ទីមួយ ព្រះស្តាប់ឮ​ការអធិស្ឋាន​ដ៏ស្មោះត្រង់​របស់​បុត្រាបុត្រី​ទ្រង់ ហើយ​ស្ថានសួគ៌​បើក​សម្រាប់​គ្រប់គ្នា—មិនមែន​សម្រាប់​តែ​មនុស្ស​មួយ​ចំនួន​នោះ​ទេ ។

ទីពីរ ព្រះជា​ព្រះវរបិតា ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញា​ណបរិសុទ្ធ គឺ​ជា​តួអង្គ​បី​ផ្សេង​គ្នា ប៉ុន្តែ​មាន​ព្រះរាជបំណង​តែមួយ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

ទីបី យើង​ត្រូវ​បាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។ ព្រះវរបិតាសួគ៌​របស់យើង និង​ព្រះរាជបុត្រា​ទ្រង់​គឺ ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង ប៉ុន្តែ​ទ្រង់​ទាំងទ្វេ​គឺជា​អង្គ​ដ៏រុងរឿង និង​ល្អ​ឥតខ្ចោះ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួអង្គ​នៃ​វិញ្ញាណ ។

ទីបួន តាមរយៈ​យ៉ូសែប ស៊្មីធ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​ដំណឹងល្អ និង​សាសនាចក្រ​ពិត​របស់​ទ្រង់​មកលើ​ផែនដី​នេះ​ឡើង​វិញ ។ សិទ្ធិអំណាច​បព្វជិតភាព ដែល​បាន​ប្រទាន​ឲ្យ​ពួកសាវក​របស់​ព្រះគ្រីស្ទ​កាលពី ២០០០ ឆ្នាំ​កន្លងទៅ គឺ​ជា​បព្វជិតភាព​តែមួយ​ដែល​បាន​ប្រទាន​ឲ្យ​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ដោយ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ។

ជា​ចុង​បញ្ចប់ យើង​បាន​រៀន​អំពី​សក្ខីបទ​មួយ​ទៀត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ គឺ​ព្រះគម្ពីរ​មរមន ។ ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ដោយ​ព្យាការី​បុរាណ វា​តំណាល​អំពី​ប្រជាជន ដែល​បាន​រស់​នៅ​ទ្វីប​អាមេរិក មុន​ពេល អំឡុងពេល និងបន្ទាប់​ពី​ការប្រសូត​របស់​ព្រះយេស៊ូវ ។ ចាប់​ពីនោះ​មក យើង​បាន​រៀន​អំពី​របៀប​ដែល​ពួកគេ​បាន​ដឹង បាន​ស្រឡាញ់ និង​ថ្វាយ​បង្គំ​ព្រះគ្រីស្ទ ដែល​បាន​យាង​មក​ជួប​ពួកគេជា​ព្រះអង្គ​សង្គ្រោះ ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ។

ព្រះវិញ្ញាណ​បាន​ធ្វើឲ្យ​ខ្ញុំ​រំជួល​ចិត្ត​យ៉ាងខ្លាំង កាល​ដែលខ្ញុំ​បានរៀន​អំពី​ការប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួកគេ ៖ « មើល​ចុះ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួកព្យាការី​បាន​ធ្វើ​បន្ទាល់​ថា​នឹង​យាង​មក​ឯ​លោកិយ » ។

ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​បានឲ្យ​ព្រះគម្ពីរ​មរមន​ដល់​យើង ។ យើង​បាន​អាន ហើយ​បាន​យល់ព្រម​ទទួល​យក​ការអញ្ជើញ ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​ព្រះគម្ពីរ​មរមន ដែល​អាន ៖

« ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​សរ​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

វាបាន​កន្លងទៅ​ជិត ៤៥ ឆ្នាំ​ហើយ​ដែល​ម្តាយ​របស់ខ្ញុំ និង​ខ្ញុំ​បាន​ស្គាល់​អំណរ និង​អំណាច​នៃ​ការ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទជា​លើក​ដំបូង​នោះ ។ គឺ​ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​គ្រួសារ ឡូប៉េស លើ​ព្រះគ្រីស្ទ ទើប​ពួកគេ​បាន​ចែកចាយ​សេចក្តី​ជំនឿ​ថ្មី​របស់​ពួកគេ​ជាមួយ​នឹង​ខ្ញុំ ។ គឺ​ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីររូបនេះ​លើ​ព្រះគ្រីស្ទ ទើប​ពួកគេ​បាន​ចាកចេញ​ពីផ្ទះ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ស្វែងរក​ខ្ញុំ និង​ម្តាយ​របស់ខ្ញុំ ។ គឺ​ដោយសារ​សេចក្តី​ជំនឿ​របស់​មិត្ត​សម្លាញ់​ទាំងអស់​នេះ ដែលបាន​បណ្តុះ​គ្រាប់​ពូជ​នៃ​សេចក្តី​ជំនឿ​នៅក្នុង​ចិត្ត​យើង ដែល​បាន​ដុះក្លាយ​ជាដើមឈើ​ដ៏ធំ​នៃ​ពរជ័យ​ដ៏អស់​កល្ប​ជានិច្ច ។

យើង​បាន​ដឹង​ថា យើង​មាន​ពរជ័យ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស ៖ « អ្វីៗ​គ្រប់យ៉ាង​ដែល​ល្អ​ក្នុង​ជីវិត—គ្រប់​ពរជ័យ​ដែល​សំខាន់​ដ៏​អស់កល្ប—ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ នឿ​ថា ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដឹកនាំ​យើង ។ ការប្រែចិត្ត​ដ៏​ពិត​ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​សម្អាត ព្យាបាល និង​ពង្រឹង​យើង » ។

ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំងអស់​គ្នាឲ្យ​បន្ត​បង្កើន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ដែលបាន​ផ្លាស់ប្តូរ​ជីវិត​អ្នក​ម្តាយ​ជាទីស្រឡាញ់​របស់​ខ្ញុំ និងខ្ញុំ ហើយបន្ត​ផ្លាស់ប្តូរ​ជីវិត​របស់​អស់​អ្នក​ដែល​ស្វែង​រកទ្រង់ ។ ខ្ញុំដឹងថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ ហើយ​ថា​ប្រធាន ណិលសុន គឺ​ជា​ព្យាការី​នៅ​ជំនាន់​របស់​យើង ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ និង​ជា​ព្រះប្រោសលោះ​របស់យើង ហើយ​ថា​ព្រះវរបិតាសួគ៌​មាន​ព្រះជន្ម​រស់នៅ ហើយ​ទ្រង់ឆ្លើយ​តប​ការអធិស្ឋាន​បុត្រាបុត្រី​ទ្រង់​ទាំង​អស់​គ្នា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕