សន្និសីទទូទៅ
ចូរ​មក​រក​ព្រះ​គ្រីស្ទ​ហើយ​សូម​កុំ​មក​តែ​ម្នាក់​ឯង​ឡើយ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ចូរ​មក​រក​ព្រះ​គ្រីស្ទ​ហើយ​សូម​កុំ​មក​តែ​ម្នាក់​ឯង​ឡើយ

របៀប​មួយ​ដែល​ប្អូន​អាច​កែលម្អ​ពិភពលោក​នេះ​គឺ​ត្រូវ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ព្រះ​គ្រីស្ទ ដោយ​ការអញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើ​តាម​ទ្រង់ ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​ទទួលសំបុត្រ​មួយច្បាប់​ពី​យុវនារី​ដ៏​ក្លាហាន​ម្នាក់​ដែល​មាន​សំណួរ​ច្រើន ។ នាង​បាន​សរសេរ​ថា « ខ្ញុំ​មិនដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះទេ ។… ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួនឯង​ជា​នរណាទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា​ខ្ញុំ​នៅទីនេះ​សម្រាប់​អ្វី​មួយ​ដ៏​សំខាន់ ។

តើ​ប្អូន​ដែល​ធ្លាប់​មាន​អារម្មណ៍​ងឿងឆ្ងល់​ដែរទេ ថា តើ​ព្រះវរបិតាសួគ៌​ស្គាល់​ប្អូន​ជា​នរណា ឬ​ទ្រង់​ត្រូវការ​ប្អូន​ដែរ​ឬ ? យុវវ័យ​ជា​ទីស្រឡាញ់​និង​ប្អុន​ទាំងអស់​គ្នា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ចា៎ស ! ព្រះអម្ចាស់​មាន​ផែនការ​មួយ​សម្រាប់​ប្អូន ។ ទ្រង់​បានរៀបចំ​ប្អូន​សម្រាប់​សម័យ​នេះ នៅពេល​នេះ ដើម្បី​ពង្រឹង និង​ជំរុញ​សេចក្តីល្អ​សម្រាប់​កិច្ចការ​ដ៏​មហិមា​របស់​ទ្រង់ ។ ពួក​យើង​ត្រូវការ​ប្អូន ! ពិតប្រាកដ​ណាស់​កិច្ចការ​នេះ​មិន​អាច​សំខាន់​បាន​ឡើយ​បើ​គ្មាន​ប្អូនៗ​នោះ !

ក្រោម​កាលៈទេសៈ​ដ៏ពិសិដ្ឋ ប្រធាន រ័សុល អិម ណិលសុន ជា​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង មាន​គ្រា​មួយ​បាន​រំឭក​ខ្ញុំ​ពី​សេចក្តីពិត​ដ៏​សាមញ្ញ​ពីរ​ដែល​ជា​មូលដ្ឋានគ្រឹះ​ចំពោះ​កិច្ចការ​ដ៏​សំខាន់ និង​រុងរឿង​របស់​ប្អូន ។

កាល​ដែល​ខ្ញុំ​អង្គុយ​លើ​សាឡុង​ជាមួយ​ស្វាមី​ខ្ញុំ ព្យាការី​របស់​យើង​បាន​ទាញ​កៅអី​មក​អង្គុយ​ជិត ដែល​ក្បាល​ជង្គង់​របស់​ពួកយើង​ស្ទើរ​តែ​ប៉ះគ្នា ហើយ​បាន​សម្លឹង​មក​ខ្ញុំ​ដោយ​កែវភ្នែក​ពណ៍ខៀវ​ដ៏​មុត​របស់​លោក ោត​កាល​ដែល​លោក​បាន​ហៅ​ខ្ញុំ​ឲ្យ​បម្រើ​ជា​ប្រធាន​យុវនារី​ទូទៅ ។ លោក​បាន​សួរ​សំណួរ​មួយ​ដែល​នៅ​ដក់​ក្នុង​បេះដូង​របស់​ខ្ញុំ​ថា « ប៊ូនី តើ​អ្វី​ដែល​សំខាន់​បំផុត​ដែល [ យុវវ័យ ] ត្រូវការ​ដឹង ? »

ខ្ញុំ​បាន​សញ្ជឹងគិត​ហើយ​បាន​ឆ្លើយ​ថា « ពួកគេ​ត្រូវការ​ដឹង​ថា​ពួកគេ​ជា​នរណា » ។

« បាទ » លោក​បាន​លាន់មាត់ « ហើយ​ពួកគេ​ត្រូវការ​ដឹង​ពី​គោលបំណង​របស់​ពួកគេ » ។

អត្តសញ្ញាណ​ជា​ដ៏ទេវភាព​របស់​យើង

ប្អូនៗ​គឺ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​នៃ​ព្រះបិតាសួគ៌ា ។ ទ្រង់​ស្រឡាញ់​ប្អូន​យ៉ាងឥតខ្ចោះ រហូតដល់​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី​ធ្វើ​ឲ្យ​ធួន​សម្រាប់​ប្អូនៗ និង​រូប​ខ្ញុំ ។ សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ​ចំពោះយើង​មិនដែរ​ងាករេ​ឡើយ—ទោះបីជា​យើង​ងាករេ​ក៏​ដោយ ! គ្មានអ្វី​អាច​បំបែក​យើង​ចេញពី​សេចក្តីស្រឡាញ់​របស់ព្រះ​បាន​ឡើយ ។ សូមចងចាំថា​សេចក្តី​ស្រឡាញ់​នេះ​អាច​រុញច្រាន​ភាពច្របូក​ច្របល់​នៃ​ពិភពលោក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ទំនុកចិត្ត​របស់​ប្អូន​ចុះខ្សោយ​នៅក្នុង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ប្អូន ហើយ​បំភាន់​ប្អូន​ពី​សក្តានុពល​របស់​ប្អូន ។

នៅ​សន្និសីទ ដ.ក.យ. ខ្ញុំ​បាន​ជួប​ជា​មួយ​យុវនារី​ដែល​កំពុង​ជួប​និង​បញ្ហា ។ យុវនារី​ទាំងពីរ​រូប​បាន​លើកឡើង​ពី​ការងាក​ទៅរក​ពរ​របស់​លោកអយ្យកោ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់ និង​ការណែនាំ​របស់​ព្រះអម្ចាស់​ជាថ្មី ។ សូម​ទៅរក​ពរ​របស់​លោកអយ្យកោ​របស់​ប្អូន បើសិន​ប្អូន​មិនបាន​សិក្សា​ពរ​របស់​លោកអយ្យកោ​ក្នុងពេល​ថ្មីៗនេះ​ទេ សូម​សិក្សា​ឲ្យ​បាន​ញឹកញាប់ ។ បើ​ប្អូន​មិនទាន់​មាន​ពរ​នេះ​ទេ សូមទៅ​សូម​ពរ​របស់​លោកអយ្យកោ—នៅ​ពេល​ឆាប់ៗ​នេះ ។ សូម​កុំ​បង្អង់​ក្នុងការ​ស្វែងយល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ប្រាប់​ប្អូន​ឥឡូវនេះ អំពី​ថាតើ​ប្អូន​ជា​នរណា ។

គោលបំណង​ដ៏​អស់កល្បជានិច្ច​របស់​យើង

សេចក្តីពិត​ទីពីរ​របស់​ប្រធាន ណិសុន​ដែល​បាន​មានប្រសាសន៍​មក​កាន់​យើង​នៅ​ថ្ងៃនោះ គឺ​យើង​ត្រូវ​ស្គាល់​ពី​គោលបំណង​របស់​យើង ។ នេះគឺជា​ការទទួលខុសត្រូវ​ដ៏ធំ និង​ដ៏​មានតម្លៃ​របស់​យើង ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​កូនប្រុស​របស់​ខ្ញុំ ថេនណឺ ដែល​មាន​អាយុ​ប្រហែល​ប្រាំ​ឆ្នាំ​នៅ​ពេល​ដែល​គាត់​លេង​បាល់​ទាត់​ជា​លើក​ដំបូង ។ គាត់​សប្បាយរីករាយ​ណាស់ !

នៅពេល​យើង​មក​ដល់​កន្លែង​ប្រកួត យើង​បាន​ដឹងថា​ក្រុម​របស់​គាត់​កំពុង​ប្រើ​តារាង​បាល់ទាត់​សម្រាប់​មនុស្ស​ធំ—មិនមែន​តារាង​បាល់​ទាត់​សម្រាប់​កូន​ក្មេង​នោះ​ទេ ប៉ុន្តែ​ជា​តារាង​បាល់ទាត់​ដែល​មាន​សំណាញ់​យ៉ាងធំ​ដែល​ហាក់​ដូចជា​ធំ​ពេក​សម្រាប់​ក្មេង​អាយុ​ប្រាំឆ្នាំ​លេង ។

ការប្រកួត​នោះ​រឹតតែសំខាន់​ថែមទៀត ពេល​ខ្ញុំ​បាន​ឃើញ​ថេនណឺ​ធ្វើ​ជា​អ្នកចាំទី ។ ខ្ញុំ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ តើ​គាត់​យល់​ច្បាស់​ពី​គោលបំណង​នៃ​តួនាទី​ជា​អ្នក​ចាំ​ទី​របស់​គាត់​ដែរ​ឬ​ទេ ?

សំឡេង​ផ្លុំ​កញ្ចែ​បានបន្លឺ​ឡើង យើង​បាន​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការប្រកួត ហើយ​ភ្លេច​អស់​ពី ថេនណឺ ហើយ​បណ្តើរ​បាល់​យ៉ាង​លឿន​តម្រង់​ទៅ​រកគាត់ ។ ខ្ញុំ​បាន​មើល​ទៅ ថេនណឺ ដើម្បី​ដឹងច្បាស់​ថា​គាត់​ត្រៀមខ្លួន​ការពារ​ការ​ទាត់​បញ្ចូល​ទី​ហើយ​​ឬ​នៅ ។ ខ្ញុំបាន​ឃើញ​រឿង​មួយ​ដែល​មិន​បាន​រំពឹងទុក ។

រូបភាព
ក្មេងប្រុស​អ្នក​ចាំទី

នៅ​ក្នុង​កាលៈទេសៈ​ក្នុង​ការប្រកួត​នេះ ថេនណឺ បាន​បែកអារម្មណ៍ ហើយ​បាន​ចាប់ផ្តើម​យក​ដៃឆ្វេង​របស់​គាត់​ទៅ​លេង​រន្ធ​សំណាញ់ ។ បន្ទាប់មក​គាត់​យកដៃ​ស្តាំ​របស់​គាត់​លេង​ដូច​គ្នា ។ រួច​ជើងឆ្វេង​របស់​គាត់ ។ ចុង​ក្រោយ​គឺ​ជើងស្តាំ​របស់​គាត់ ។ ថេនណឺ​វក់លេង​សំណាញ់​យ៉ាង​សប្បាយ​រីករាយ ។ គាត់​បាន​ភ្លេច​ពី​គោលបំណង​និង​តួនាទី​របស់​គាត់ ​ដែល​ប្រគល់​ឲ្យ​គាត់​ធ្វើ ។

រូបភាព
ក្មេងប្រុស​ជាប់​សំណាញ់

មេរៀន​របស់​គាត់​ដែល​ខ្ញុំ​បានរៀន​នៅ​ថ្ងៃនោះ​មិន​ដែល​ភ្លេច​ឡើយ ខណៈដែល​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ​មិន​អាច​ទៅ​មុខ​បាន​ចំពោះ​គាត់ ។ ម្តងម្កាល​យើង​ទាំងអស់​គ្នា​បាន​ភ្លេច​ពី​មូលហេតុ​ដែល​យើង​មក​ទីនេះ និង​បង្វែរ​កម្លាំង​របស់​យើង​ទៅ​កន្លែង​ផ្សេង ។ អាវុធ​ដ៏​មាន​អានុភាព​បំផុត​មួយ​របស់​សាតាំង​គឺ​ការបំបែរ​អារម្មណ៍​របស់​យើង​ជាមួយ​បុព្វហេតុ​ល្អ និង​ប្រសើរ តែ​នៅពេល​មាន​ឱកាស វាបំភាន់ និង​បង្វែរ​យើង​ចេញ​ពី​បុព្វហេតុ​ដែល​យើង​ត្រូវ​បាន​ហៅ​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ ។

គោលបំណង​ដ៏​អស់កល្បជានិច្ច​របស់​យើង​មករក​ព្រះគ្រីស្ទ ហើយ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ វា​សាមញ្ញ​ដូចដែល​ប្រធាន ណិលសុន បាន​បង្រៀន​ថា « វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់​…​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ​ជា​មួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូលផ្តុំ​អ៊ីស្រាអែល​ហើយ » ។ ហើយ​នៅពេល​យើង​ធ្វើ​កិច្ចការ​របស់ទ្រង់​ជាមួយ​នឹងទ្រង់ នោះ​យើង​កាន់តែ​ស្គាល់ និង​ស្រឡាញ់​ទ្រង់​ថែមទៀត ។

យើង​បន្ត​ព្យាយាម​ខិតកាន់តែ​ជិត​ព្រះអង្គសង្រ្គោះ​តាមរយៈ​សេចក្តីជំនឿ ការស្រឡាញ់​ការប្រែចិត្ត និង​ការរក្សា​សេចក្តីសញ្ញា ។ កាលដែល​យើង​នៅ​ក្បែរ​ទ្រង់​តាមរយៈ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ នោះ​យើង​បំពេញ​ជីវិត​របស់​យើង​ជាមួយ​នឹង​ទំនុកចិត្ត កិច្ច​ការពារ និង​អំណរ​ដ៏​មហិមា ហើយ​យូរ​អង្វែង ។

កាល​ដែល​យើង​មក​រក​ទ្រង់ យើង​មើល​ឃើញ​អ្នក​ដទៃ​ដូចជា​ទ្រង់​ព្រះ​តម្រិះ​ដែរ ។ មក​ឯ​ព្រះគ្រីស្ទ ។ សូម​មក​ឥឡូវនេះ ប៉ុន្តែ​មិនមែន​មកតែ​ម្នាក់​ឯង​នោះ​ទេ !

ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មិនមែន​គ្រាន់តែ​ជា រឿងល្អនោះទេ ប៉ុន្តែ​ដំណឹងល្អ​នេះ​មាន សារៈសំខាន់ ចំពោះ​យើងទាំងអស់​គ្នា ។ « គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​[ យើង ] បាន​សង្គ្រោះ គឺ​មាន​តែ​ដោយ និង​តាមរយៈ​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ » ។១០ យើង​ត្រូវការ​ព្រះយេស៊ូវ គ្រីស្ទ ! ពិភពលោក​នេះ​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ ។១១

សូម​ចងចាំថា របៀប​មួយ​ដែល​ប្អូន​អាច​កែលម្អ​ពិភពលោក​នេះ​គឺ​ត្រូវ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ព្រះ​គ្រីស្ទ ដោយ​ការអញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើ​តាម​ទ្រង់ ។

មាន​ដំណើររឿង​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​និយាយ​យ៉ាង​អស្ចារ្យ​ពី​ព្រះអង្គសង្រ្គោះ​ដែល​បាន​មាន​ព្រះជន្មរស់ឡើងវិញ​បាន​ចំណាយពេល​ជាមួយ​ពួក​សាសន៍​នីហ្វៃ ។ តើ​ប្អូន​អាច​ស្រមៃមើល​ថា តើ​វា​នឹង​មាន​សភាព​បែបណា​ដែរ​ឬ​ទេ ?

កាល​ដែល​ព្រះគ្រីស្ទ​បាន​ប្រកាស​ថា​ទ្រង់​ត្រូវតែ​យាង​ត្រឡប់​ទៅ​ឯ​ព្រះវរបិតា​វិញ « នោះ​ទ្រង់​ទត មើល​ជុំវិញ​ហ្វូង​មនុស្ស » ។១២ មើលឃើញ​ពួកគេ​ស្រក់ទឹកភ្នែក ទ្រង់​ដឹង​ពី​ទឹកចិត្ត​របស់​ពួកគេ​ចង់​ឲ្យ​ទ្រង់​គង់​នៅ​ឲ្យ​បាន​យូរ ។

រូបភាព
ព្រះអង្គសង្គ្រោះ​កំពុង​អញ្ជើញ​ពួកសាសន៍​នីហ្វៃ ដើម្បី​បាន​ជា<nb/>។

ទ្រង់​បាន​សួរថា « តើ​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​អ្នក​ណា​ឈឺ​ទេ ? ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទីនេះ​ចុះ ។ តើ​មាន​នរណា​ខ្វិន ឬ ខ្វាក់ ឬ​គ ឬ បាក់​ដៃ​បាក់​ជើង​…​ឬ​ក៏​ត្រូវ​រងទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត​ទេ ? ចូរ​នាំ​ពួកគេ​មក​ទី​នេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួកគេ​បាន​ជា » ។១៣

ដោយ​សេចក្តីមេត្តា​យ៉ាងខ្លាំង ទ្រង់​បានប្រាប់​ឲ្យ​នាំមនុស្ស​ទាំងអស់​ដែល « ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត » ចូល​មក​ដោយ​មិន​កំណត់ ។ ខ្ញុំ​ចូលចិត្ត​ដែល​ថា​គ្មាន​អ្វី​ដែល​ធំ​ពេក ឬ​តូច​ពេក​សម្រាប់​ព្រះយេស៊ូវ​ព្យាបាល​នោះ​ទេ ។

ទ្រង់​ញាណ​ដឹង​អំពី ទុក្ខលំបាក របស់​យើង​ផងដែរ ហើយ​បាន​ហៅ​ឲ្យ​នាំមក​នូវ​ការថប់បារម្ភ និង​ការបាក់ទឹកចិត្ត ការអស់កម្លាំង ភាពឆ្មើងឆ្មៃ និង​ការភាន់ច្រឡំ ភាពឯកោ ឬ​អ្នក​ដែល « រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត » ។

រូបភាព
ព្រះអង្គសង្គ្រោះ​កំពុង​ព្យាបាល

ហើយ​មនុស្ស​ទាំងអស់ « ឆ្ពោះ​ទៅ​មុខ​…​ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ជាសះស្បើយ​គ្រប់ៗ​គ្នា ។​…

« …​ទាំង​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​បាន​ជា​ទាំង​អស់ និង​អ្នក​ដែល​មាន​សុខ​ភាព​ល្អ [ បាន ]​ក្រាប​ចំពោះ​ព្រះ​បាទា​ទ្រង់ ហើយ​បាន​ថ្វាយបង្គំ​ទ្រង់ » ។១៤

រាល់ពេល​ដែល​ខ្ញុំ​អាន​ដំណើររឿង​នេះ ខ្ញុំ​បាន​សួរ​ខ្លួនឯង​ខ្ញុំ​ថា តើ​ខ្ញុំ​នឹង​នាំ​នរណា​មក​រក​ព្រះគ្រីស្ទ ? តើ ប្អូន នឹង​នាំ​នរណា ?

តើ​យើង​អាច​មើល ជុំវិញ​ខ្លួន​យើងម្តង​ទៀត​ដូចជា​ទ្រង់​បានទត​ដែរ​ឬទេ ដើម្បី​ធានា​ឲ្យ​បាន​ថា យើងមិន​បាន​ភ្លេច​នរណា​ម្នាក់​ឡើយ ហើយ​អញ្ជើញ​មនុស្ស​ម្នាក់ៗ​ឲ្យ​មក​ស្គាល់​ទ្រង់ ?

សូម​ឲ្យ​ខ្ញុំ​ចែកចាយ​ពី​ឧទាហរណ៍​ពី​របៀប​ងាយៗ​ដែល​អាច​មាន ។ មិត្តសំម្លាញ់ ផេយថុន របស់​ខ្ញុំ មាន​វ័យ ១៥ ឆ្នាំ មាន​គោលដៅ​ដើម្បី​អាន​ព្រះគម្ពីរ​ប្រាំ​ខ នៅ​អាហារ​ពេលព្រឹក​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​នាង​មិន​បាន​គ្រាន់​តែ​ធ្វើ​វា​សម្រាប់​ខ្លួន​ឯង​នោះទេ ។ សូម​មើល​ម្តងទៀត ផេយថុន បាន​អញ្ជើញ​ឪពុកម្តាយ និង​បងប្អូន​របស់​នាង សូម្បី​តែ​ប្អូនប្រុស​អាយុ​ប្រាំ​ឆ្នាំ​របស់​នាង​ក្តី ។ ទង្វើ​ដែល​ហាក់​ដូច​ជា​តូចតាច​នេះ​គឺ​ជា​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​បង្រៀន​នៅ​ពេល​ទ្រង់​បាន​អញ្ជើញ « ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទីនេះ​ចុះ » ។

ការអញ្ជើញ​មកពី​ព្រះអម្ចាស់​នេះ​គឺ​នៅតែ​បន្ត​នៅ​សព្វថ្ងៃ​នេះ ចាប់ផ្តើម​ពី​ពេល​ឥឡូវ​នេះ មិន​ថា​ប្អូន នៅ​​ក្នុង​ផ្ទះ​របស់​ប្អូន​ក្តី ។ តើ​ប្អូន​និង​អធិស្ឋាន ហើយ​ទូល​សួរ​ទៅ​ព្រះវរបិតាសួគ៌​ពី​របៀប​ដែល​ប្អូន​អាច​គាំទ្រ​ដល់ ឪពុក​ម្តាយរបស់​ប្អូន កាល​ដែល​ពួកគាត់​បន្ត​មក​រក​ព្រះ​គ្រីស្ទ​ដែរ​ឬ​ទេ ? ពួកគាត់​ត្រូវការ​ប្អូន​ដូចជា​ប្អូន​ត្រូវការ​ពួកគាត់​ដែរ ។

បន្ទាប់មក សូម​មើល​ទៅ​ម្តងទៀតបងប្អូន មិត្តភក្តិ និង​អ្នកជិត​ខាង​របស់​ប្អូន ។ តើ​ប្អូន​នឹង​នាំ​អ្នក​ណា​មក​រក​ព្រះ​គ្រីស្ទ ?

ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « មើលចុះ យើង​ជា​ពន្លឺ យើង​បាន​ធ្វើជា​គំរូ​ដល់​អ្នករាល់​គ្នា » ។១៥ យើង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​សេចក្តីសុខសាន្ត​របស់​ព្រះអង្គសង្រ្គោះ​កាល​ដែល​យើង​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​ការសង្រ្គោះ​ក្រុមគ្រួសារ​របស់​ព្រះ ដ្បិត​ទ្រង់​បាន​សន្យា​ថា « អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។១៦

ឱ​នេះ​គឺជា​ពេល​វេលា​ដ៏​រុងរឿង​ដែល​បាន​ចូលរួម​ក្នុង​បុព្វហេតុ​របស់​ព្រះគ្រីស្ទ !

ពិតណាស់ ប្អូន​នៅទីនេះ សម្រាប់​អ្វី​មួយ​ដែល​ធំ ។ ខ្ញុំ​សូម​ចូលរួម​ជាមួយ​ប្រធាន ណិលសុន ដែល​បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​ត្រូវការ​ប្អូន​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​នេះ ។ នៅពេល​ប្អូន​ទទួល​យក ហើយ​ធ្វើតាម​ព្រះទ័យ​ទ្រង់​សម្រាប់​ប្អូន នោះ​ប្អូន​នឹង​ឃើញ​ថា ខ្លួន​ប្អូន​សម្រេច​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ជា​ច្រើន ! »១៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អង់អាច​ថា ព្រះអម្ចាស់​ស្គាល់​ថា​ប្អូន​ជា​នរណា ហើយ​ទ្រង់​ស្រឡាញ់​ប្អូន ! យើង​រួមគ្នា​ពន្លឿន​ព្រះរាជ​បំណង​របស់​ទ្រង់​រហូត​ដល់​ថ្ងៃ​ដ៏​ធំ​នោះ នៅពេល​ដែល​ព្រះគ្រីស្ទ​ទ្រង់​ផ្ទាល់​យាង​ត្រឡប់​មក​ផែនដី​នេះ ហើយ​ហៅ​យើង​ម្នាក់ៗ​ឲ្យ « មក​ទីនេះ​ចុះ » ។ យើង​នឹង​ជួបជុំ​គ្នា​ដោយ​រីករាយ ដ្បិត​យើង​ជា​អ្នក​ដែល​មករក​ព្រះគ្រីស្ទ ហើយ​យើង​មិន​មក​តែ​ម្នាក់​ឯង​ទេ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕