សន្និសីទទូទៅ
សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន​នៅក្នុង​គ្រាលំបាក
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន​នៅក្នុង​គ្រាលំបាក

ការស្វែងរក​សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន ពុំធ្លាប់សំខាន់​ខ្លាំង​ដូច​ពេល​នេះ​ទេ ។

ថ្មីៗ​នេះ ខ្ញុំ​ត្រូវបាន​ចាត់តាំង​ឲ្យ​ឧទ្ទិស​កន្លែង​ប្រវត្តិសាស្ដ្រ​មួយ​កន្លែងនៅក្រុង​ណៅវូ​ ។ ផ្នែក​មួយ​នៃ​ការចាត់តាំង​នេះ គឺ​ខ្ញុំ​អាច​ទៅ​ទស្សនកិច្ច​គុក​លិបើទី​រដ្ឋ​មិសសួរី ។ កាល​ខ្ញុំ​ដើរ​មើល​គុក​នោះ ខ្ញុំ​បាន​គិតអំពី​ព្រឹត្តិការណ៍ ដែល​​វាជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រវត្តិ​សាសនាចក្រ ។ ជីវិត​របស់​ពួកបរិសុទ្ធ​បាន​ត្រូវ​គំរាម​កំហែង ដោយសារ​បញ្ញត្តិ ដែល​បាន​ចេញ​ដោយ​អភិបាល​នៃ​រដ្ឋ​មិសសួរី​ឲ្យ​កម្ចាត់​ពួកគេចោល ។ លើសពី​នេះ ព្យាការី យ៉ូសែប ស៊្មីធ និង​សហការី​ជម្រើស​ពីរបី​នាក់​បាន​ជាប់​គុក​នៅក្នុង​គុក​លិបើទី​ទាំង​អយុត្តិធម៌ ។ មូលហេតុ​មួយ​នៃ​ការប្រឆាំង​យ៉ាង​ហិង្សា​មកលើ​សមាជិក​របស់​យើង គឺ​ដោយសារ​សមាជិក​ភាគច្រើន​ប្រឆាំង​នឹង​សេវកភាព ។ ការបៀតបៀន​ដ៏ខ្លាំង​ទៅលើ​យ៉ូសែប ស៊្មីធ និង​អ្នកដើរតាម​លោក គឺជា​ឧទាហរណ៍​ដ៏ធំ​មួយ​អំពី​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​មិន​សុចរិត ដែល​អាច​មាន​ឥទ្ធិពល​ទៅលើ​មនុស្ស​សុចរិត ។ ពេលវេលា​របស់​យ៉ូសែប​នៅក្នុង​គុក​លិបើទី​បង្ហាញ​ថា ទុក្ខវេទនា​ពុំ​មែន​ជា​ភស្តុតាង​នៃ​ការមិន​ពេញ​ព្រះទ័យ​របស់​ព្រះ ឬ​ការដក​យក​ពរជ័យ​របស់​ទ្រង់​ឡើយ ។

ខ្ញុំ​រំជួល​ចិត្ត​ណាស់ ពេល​ខ្ញុំ​អាន​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស កាល​លោក​ជាប់ឃុំ​នៅ​គុក​លិបើទី ៖ « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់នៅ​ទីណា ? ហើយ​តើ​ព្រះ​ពន្លា​ដែល​គ្របបាំង​ទីបំពួន​ទ្រង់​នៅ​ទីណា ? » យ៉ូសែប​បាន​សួរ​ថា តើ​រាស្ដ្រ​របស់​ព្រះអម្ចាស់​នឹង​ត្រូវ « រងទុក្ខ​ចំពោះ​កំហុស និង​ការសង្កត់​សង្កិន​ដ៏ខុសច្បាប់​ទាំងនេះ​ » យូរ​ប៉ុណ្ណា​ទៅ ។

រូបភាព
អែលឌើរ ឃុក ទស្សនាគុគលីបើទី

ពេល​ខ្ញុំ​ឈរ​នៅក្នុង​គុក​លិបើទី ខ្ញុំ​បាន​រំជួល​ចិត្ត​ខ្លាំង កាល​ខ្ញុំ​អាន​ចម្លើយ​របស់​ព្រះអម្ចាស់ ៖ « បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​បុត្រ នោះ​គ្រាន់តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ ។ ហើយ​ខណៈនោះ បើសិនជា​បុត្រ​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​បុត្រ​ឡើង​នៅ​ស្ថានខ្ពស់ » ។ ​ច្បាស់​ថា ការផ្ទុយ​អាច​សម្រិត​សម្រាំង​យើង​សម្រាប់​ជោគវាសនា​ដ៏អស់កល្ប និង​សេឡេស្ទាល​មួយ ។

ព្រះបន្ទូល​ដ៏មាន​តម្លៃ​របស់​ព្រះអង្គ​សង្គ្រោះ​ថា « បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ » មាន​អត្ថន័យ​ជាពិសេស​សម្រាប់​ខ្ញុំ​ផ្ទាល់ និងសំខាន់​សម្រាប់​ជំនាន់​​យើង ។ វា​រំឭក​ខ្ញុំ​អំពី​ការបង្រៀន​ទាំងឡាយរបស់​ទ្រង់ ទៅកាន់​ពួកសិស្ស​អំឡុង​ការងារ​បម្រើ​​ក្នុង​ជីវិត​រមែង​ស្លាប់របស់​ទ្រង់ ។

មុនពេល​ការរងទុក្ខ​របស់​ព្រះគ្រីស្ទ​នៅ​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ទ្រង់​បាន​បង្គាប់​ពួកសាវក​របស់​ទ្រង់​ថា « នា​ដែរ » ហើយ​បាន​បន្ដ​លួងលោម​ពួកគេ​ដោយ​បន្ទូល​ទាំងនេះ ៖ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។

ព្រះបរមងារ​ជាទី​ស្រឡាញ់​​មួយ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ជាព្រះយេស៊ូវ​គ្រីស្ទ គឺ « ម្ចាស់​នៃ​មេត្រីភាព » ។ នៅទីបំផុត នគរ​របស់ទ្រង់​នឹង​ស្ថាបនា​ឡើង ដោយ​មាន​ទាំង​ភាព​សុខសាន្ដ និង​សេចក្ដីស្រឡាញ់ ។ ១០ យើង​ទន្ទឹង​រង់ចាំ​ការសោយរាជ្យ​នៅ​សហស្សវត្សរ៍​របស់​ព្រះមែស៊ី ។

ថ្វីបើ​មាន​ចក្ខុវិស័យ​អំពី​ការសោយរាជ្យ​នៅ​សហស្សវត្សរ៍​នេះ​ក្ដី ក៏​យើង​ដឹង​ថា នៅ​ជំនាន់​របស់​យើងនេះគ្មាន​សេចក្ដី​សុខសាន្ដ និង​ភាពសុខដុម​រមនា​ក្នុង​ពិភពលោក​នេះ​​ទេ ។ ១១ ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំពុំ​ដែល​បាន​ឃើញ​ការខ្វះ​សុជីវធម៌​ដូច​ឥឡូវ​នោះទេ ។ យើង​រង​ការវាយ​ប្រហារ​ពី​ភាសា​ដ៏ខឹង​សម្បារ ការទាស់ទែង​គ្នា និង​សកម្មភាព​រករឿង​គ្នា យ៉ាង​ហិចហោច ដែល​បំផ្លាញ​ដល់​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​ស្ងប់ ។

គ្មាន​ការសន្យា ឬ​ធានា​ថា​ មាន​សេចក្ដី​សុខសាន្ដ​ក្នុង​ពិភពលោក​នេះ​ទេ រហូត​ដល់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គសង្គ្រោះ​បង្រៀន​ពួកសាវក​របស់ទ្រង់​ថា បេសកកម្ម​លើ​ផែនដី​របស់​ទ្រង់​នឹង​ពុំ​សម្រេច​បាននូវសេចក្ដី​​សុខសាន្ដ​ជា​សាកលនោះទេ ។ ទ្រង់​បាន​បង្រៀន​ថា « កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្តី​មេត្រី​នៅ​ផែនដី​ឡើយ » ។ ១២ សេចក្ដី​សុខសាន្ដ​ជា​សាកល​ពុំជា​ផ្នែក​មួយ​នៃ​ការចាប់ផ្ដើម​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ សេចក្ដី​សុខសាន្ដ​ជា​សាកលពុំមាន​នៅ​សព្វថ្ងៃ​នេះ​ទេ ។

ទោះយ៉ាងណា សេចក្ដី​សុខសាន្ដ ផ្ទាល់ខ្លួន អា​ច​កើតមានឡើង​ ទោះជា​មាន​កំហឹង ការទាស់ទែង​គ្នា និង​ការបែងចែក​គ្នា ដែល​ធ្វើឲ្យ​ពិភពលោក​របស់​យើង​សព្វថ្ងៃ​ត្រូវ​អន្ដរាយ និង​ពុក​រលួយ​ក្ដី ។ ការស្វែងរក​សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន ពុំធ្លាប់សំខាន់​ខ្លាំង​ដូច​ពេល​នេះ​ទេ ។ ទំនុក​តម្កើង​ថ្មី​ដ៏ពិរោះ និង​ជាទី​ពេញចិត្ត​មួយ ដែល​បាន​និពន្ធ​សម្រាប់​យុវវ័យ​នៅ​ជំនាន់​នេះ​ដោយ​បងប្រុស និក ដេយ មាន​ចំណង​ជើង​ថា « ក្ដីសុខក្នុងទ្រង់ » ប្រកាស​ថា « នៅពេល​គ្មាន​សេចក្ដី​សុខសាន្ដ​នៅលើ​ផែនដី នោះ​មាន​សេចក្ដី​សុខសាន្ដ​នៅក្នុង​ព្រះគ្រីស្ទ » ។ ១៣ យើង​មាន​ពរជ័យ​ដែល​មាន​ទំនុក​តម្កើង​នេះ មុនពេល​ជំងឺ​រាតត្បាត​កូវីដ-១៩ កើតឡើង​ ។

ទំនុក​តម្កើង​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្រាថ្នា​ចង់បាន​សេចក្ដី​សុខសាន្ដ​ក្នុង​របៀប​ដ៏ស្រស់​ត្រកាល​មួយ និង​គូសបញ្ជាក់​ដោយ​សមរម្យ​ថា សេចក្ដី​សុខសាន្ដ​ចាក់គ្រឹះ​លើជីវិត និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ប្រកាស​ថា « វិញ្ញាណ​នៃ​ក្ដី​សុខសាន្ត និង​ក្ដី​ស្រឡាញ់​នឹង​មិន​កើត​មាន​ក្នុង​ពិភពលោក​នេះ​បាន​ឡើយ … លុះត្រាតែ​មនុស្ស​លោក​ទទួល​សេចក្ដីពិត និង​សារ​លិខិត​របស់​ព្រះ … ហើយ​ទទួល​ស្គាល់​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់​ដែល​មក​ពី​ព្រះ »​ ។ ១៤

ខណៈដែលយើង​នៅតែ​បន្ដ​ខិតខំ​ធ្វើឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ជា​សាកល នោះ​យើង​ដឹង​ថា យើង​អាច​មាន​សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន ដូចដែល​ព្រះគ្រីស្ទ​បាន​បង្រៀន ។ គោលការណ៍​នេះ​មាន​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៖ « ប៉ុន្តែ​ចូរ​រៀន​ចុះ​ថា អ្នកណា​ដែល​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ទទួល​រង្វាន់​របស់​ខ្លួន គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » ។ ១៥

តើ « កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត » ណាខ្លះ ដែល​នឹង​ជួយ​យើង​ឲ្យ​ដោះស្រាយ​ជម្លោះ និង​កាត់​បន្ថយ​ការទាស់ទែង​គ្នា ហើយ​រកឃើញ​សេចក្ដី​សុខសាន្ត​នៅនា​លោកិយ​នេះ ? ការបង្រៀន​ទាំងអស់របស់​ព្រះគ្រីស្ទ​​ចង្អុល​ទៅកាន់​ទិសដៅ​នេះ ។ ខ្ញុំ​នឹង​លើកឡើង​ការបង្រៀន​ពីរបី ដែល​ខ្ញុំ​ជឿថា​មាន​សារៈសំខាន់​ជាពិសេស ។

ទីមួយ ៖ ស្រឡាញ់​ព្រះ រស់នៅ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​អភ័យទោស​ឲ្យ​មនុស្ស​គ្រប់គ្នា

ប្រធាន ចច អ័លប៊ើត ស៊្មីធ បាន​ក្លាយជា​ប្រធាន​សាសនាចក្រ​នៅ​ឆ្នាំ ១៩៤៥ ។ អំឡុង​ពេល​លោក​បម្រើជា​សាវក គេ​ស្គាល់​លោក​ថា​ជា​អ្នកដឹកនាំ​ដែល​ស្រឡាញ់​សន្ដិភាព ។ រយៈពេល ១៥ ឆ្នាំ​មុនពេល​លោក​បាន​ក្លាយជា​ប្រធាន​សាសនាចក្រ គឺមាន​ឧបសគ្គ និង​ការសាកល្បង​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដ៏ធំ​ គ្មាន​សន្តិភាព ហើយ​វា​បន្ដ​ដោយមាន​ការស្លាប់ និង​ការបំផ្លាញ​នៃ​សង្គ្រាម​លោក​លើក​ទីពីរ ។

នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទីពីរ អំឡុង​សន្និសីទ​ទូទៅ​លើក​ដំបូង​របស់​លោក​ក្នុងនាម​ជា​ប្រធាន​សាសនាចក្រ​នៅ ខែ តុលា ឆ្នាំ ១៩៤៥ ប្រធាន ស្ម៊ីធ បាន​រំឭក​ពួកបរិសុទ្ធ​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ឲ្យ​ស្រឡាញ់​អ្នកជិតខាង​របស់​ពួកគេ ហើយ​អភ័យទោស​ឲ្យ​ពួកខ្មាំងសត្រូវ រួចបង្រៀន​ថា « នោះ​គឺជា​វិញ្ញាណ​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់ គួរតែ​ព្យាយាម​ទទួល​បាន ប្រសិនបើ​ពួកគេ​សង្ឃឹម​ចង់​ឈរ​នៅក្នុង​វត្តមាន​របស់​ទ្រង់ និង​ទទួល​ស្វាគមន៍​ដោយ​ព្រះហស្ដ​ទ្រង់​ឲ្យចូល​គេហដ្ឋាន​ដ៏រុងរឿង​នៅ​ថ្ងៃ​ណាមួយ​នោះ » ។ ១៦

ទីពីរ ៖ ស្វែងរក​ផលផ្លែ​នៃ​ព្រះវិញ្ញាណ

នៅក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​ពួកកាឡាទី សាវក​ប៉ុល​បាន​ប្រាប់ពី​ភាពចែកដាច់​ពីគ្នា​រវាង​កិច្ចការ​នៃ​សេចក្ដី​សុចរិត ដែល​ធ្វើឲ្យ​យើង​ស័ក្ដិសម​នឹង​គ្រង​​នគរ​ព្រះ និង​កិច្ចការ​ដែល​អាច​ធ្វើឲ្យ​យើង​មិន​ស័ក្ដិសម បើ​គ្មាន​ការប្រែចិត្ត​ទេនោះ ។ ក្នុង​ចំណោម​កិច្ចការ​ដែល​ធ្វើឲ្យ​យើង​ស័ក្ដិសម គឺជា​ផលផ្លែ​នៃ​ព្រះវិញ្ញាណ « សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស [ និង ] ស្មោះត្រង់ » ។ ១៧ ប៉ុល​ក៏រួម​បញ្ចូល​នូវ​ការរែក​បន្ទុក​របស់​គ្នា​ទៅវិញ​ទៅមក និង​ការមិន​នឿយហត់​ក្នុង​ការធ្វើ​ល្អ​ផងដែរ ។ ១៨ ក្នុង​ចំណោម​កិច្ចការ​ទាំងឡាយ ដែល​មិន​សុចរិត​នោះ លោក​រួមបញ្ចូលទាំង​ការស្អប់គ្នា កំហឹង និង ការទាស់ទែង​គ្នា ។ ១៩

មានមេរៀន​ដ៏អស្ចារ្យ​មួយ​នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់ ទាក់ទង​នឹង​លោកឪពុក​អ័ប្រាហាំ ។ អ័ប្រាហាំ និង ឡុត ដែល​ជា​ក្មួយប្រុស​របស់​លោក មាន​ទ្រព្យសម្បត្តិ​ជាច្រើន ប៉ុន្ដែ​​ឃើញ​ថា ពួកគេ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​ ។ ដើម្បី​លុប​បំបាត់​ការទាស់ទែង​គ្នា អ័ប្រាហាំ​អនុញ្ញាត​ឲ្យ ឡុត ជ្រើសរើស​ដី​ដែល​គាត់​ចង់បាន ។ ឡុត បាន​ជ្រើសរើស​យកវាល​ទន្លេ​យ័រដាន់ ដែល​ជា​ដី​មាន​ទឹក​ល្មម​ផង និង​ល្អស្រស់​ផង ។ អ័ប្រាហាំ បាន​យក​វាល​ទន្លេ​ដែល​មិន​សូវមាន​ជីជាតិ​នៅ​ម៉ាមរេ ។ ព្រះគម្ពីរ​ចែង​ថា ក្រោយមក អ័ប្រាហាំ​បាន​បោះ​ត្រសាល​របស់​លោក និង​បាន​សង់ « អាសនា ១ ថ្វាយ​ព្រះយេហូវ៉ា » ។ ២០ ឯ​ឡុត​វិញ « ក៏​ផ្លាស់​ត្រសាល​គាត់​ទៅ​ត្រឹម​សូដុំម » ។ ២១ មេរៀន​នេះប្រាប់​ច្បាស់​ណាស់ ថា​យើង​គួរតែ​ស្ម័គ្រចិត្ត​សម្រុះ​សម្រួល​គ្នា និង​លុបបំបាត់​ការទាស់ទែង​គ្នា ទាក់ទង​នឹង​បញ្ហា​ដែល​មិន​សុចរិត ដើម្បី​មាន​ទំនាក់ទំនង​ដ៏​សុខសាន្ដ ។ ដូច​ជាស្ដេច​បេនយ៉ាមីន​បាន​បង្រៀន « អ្នករាល់គ្នា​នឹង​ពុំ​មាន​គំនិត​ចង់​ព្យាបាទ​គ្នា​ទៅវិញ​ទៅមក​ឡើយ ប៉ុន្តែ​ចង់​រស់នៅ​ដោយ​សុខសាន្ត » វិញ ។ ២២ ប៉ុន្ដែ​ទង្វើ​ទាក់ទង​នឹង​សេចក្ដី​សុចរិត និង​ការចាំបាច់​ខាង​គោលលទ្ធិ នោះយើង​ត្រូវតែ​បន្ដ​នៅ​រឹងមាំ និង​ខ្ជាប់ខ្ជួន ។

បើ​យើង​ចង់​មាន​សេចក្ដី​សុខសាន្ដ ដែល​ជា​រង្វាន់​នៃ​កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត នោះ​យើង មិន ត្រូវ​បោះ​ត្រសាល​របស់​យើង​បែរ​ទៅខាង​លោកិយ​ឡើយ ។ យើង​ត្រូវ​បោះ​ត្រសាល​របស់​យើង​បែរឆ្ពោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ។

ទីបី ៖ អនុវត្ត​សិទ្ធិ​ជ្រើសរើស​ដើម្បី​រើសយក​សេចក្ដី​សុចរិត

សេចក្ដី​សុខសាន្ដ និង​សិទ្ធិ​ជ្រើសរើស គឺជា​ធាតុ​សំខាន់​ដែល​រួម​គ្នាតែ​មួយ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ដូច​បាន​ពិពណ៌នា​នៅក្នុង​ប្រធានបទ​ដំណឹងល្អ​ស្ដីពី « សិទ្ធិ​ជ្រើសរើស និង​ការទទួល​ខុសត្រូវ » « សិទ្ធិ​ជ្រើសរើស​ជា​សមត្ថភាព និង​ឯកសិទ្ធិ​ដែល​ព្រះ​ទ្រង់​ប្រទាន​ដល់​មនុស្ស ដើម្បី​ជ្រើសរើស ហើយ​ដើម្បី​ប្រព្រឹត្ត​ដោយ​ខ្លួន​ឯង » ។ ២៣ ដូច្នេះហើយ សិទ្ធិ​ជ្រើសរើស​គឺជា​ចំណុច​សំខាន់​នៃ​ការរីក​ចម្រើន និង​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​ផ្ដល់​ពរជ័យ​ដល់​យើង ពេល​យើង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។ ២៤

សិទ្ធិ​ជ្រើសរើស​គឺជា​បញ្ហា​ខាង​គោលការណ៍​មួយ​នៅឯ « ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌​មុន​ជីវិត​រមែង​ស្លាប់ » និង​ជា​ជម្លោះ​រវាង​អ្នក​ដែល​បាន​ជ្រើសរើស​ធ្វើតាម​ព្រះគ្រីស្ទ និង​អ្នកដើរតាម​សាតាំង ។ ២៥ ចូរបោះបង់​អំនួត និង​ការចង់គ្រប់គ្រង​គេចោល ហើយ​ការជ្រើសរើស​ព្រះអង្គ​សង្គ្រោះ បាន​អនុញ្ញាត​ឲ្យ​យើង​មាន​ពន្លឺ និង​សេចក្ដី​សុខសាន្ដ​របស់​ទ្រង់ ។ ប៉ុន្ដែ​សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន​នឹង​មាន​ឧបសគ្គ នៅពេល​មនុស្ស​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ តាម​របៀប​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​ការឈឺចាប់ ។

ខ្ញុំ​ជឿជាក់​ថា ការអះអាង​ដ៏សុខសាន្ដ​ដែល​យើង​មាន​ក្នុង​ដួងចិត្ត​យើង នឹង​ត្រូវ​ពង្រឹង​បាន តាមរយៈ​ការដឹង​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ សម្រេច​បាន​ជំនួសឲ្យ​យើង​រាល់គ្នា ។ ការណ៍​នេះ​មាន​រៀបរាប់​យ៉ាងល្អ​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ៖ « អែក​ទៅលើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យស៊ូទ្រាំ​ការសាកល្បង ជម្ងឺ និង​ការឈឺចាប់​របស់​យើង ។ យើង​អាច​ពេញ​ដោយ​ក្ដីអំណរ ភាពសុខសាន្ដ និង​ការលួងលោម​ចិត្ត ។ អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ ២៦

ទីបួន ៖ ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅក្នុង​ដួងចិត្ត និង​លំនៅដ្ឋាន​របស់​យើង

យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ និង​ជាផ្នែក​មួយ​នៃ​គ្រួសារ​របស់​ទ្រង់ ។ យើង​ក៏ជា​ផ្នែកមួយ​នៃ​គ្រួសារ ដែល​យើង​បាន​កើត​មក​ផងដែរ ។ ស្ថាប័ន​គ្រួសារ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សុភមង្គល​ផង និង​សេចក្ដី​សុខសាន្ដ​ផង ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង ហើយ​អំឡុង​ជំងឺ​រាតត្បាត​សាកល​នេះ យើង​ក៏បាន​រៀន​ដែរ​ថា ការប្រតិបត្តិ​តាម​សាសនា​​នៅក្នុង​គេហដ្ឋាន ហើយ​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ​អាច « បើក​សម្ដែង​ឡើង​នូវ​អំណាច​នៃ​ក្រុមគ្រួសារ … ដើម្បី​ផ្លាស់ប្រែ​គេហដ្ឋាន​របស់ [ យើង ] ទៅជា​ទី​បរិសុទ្ធ [ ទាំងឡាយ ] នៃ​សេចក្ដី​ជំនឿ » ។ ២៧ បើ​យើង​មាន​ការប្រតិបត្តិ​តាម​សាសនា​នេះ​នៅក្នុង​គេហដ្ឋាន​របស់​យើង នោះ​យើង​ក៏នឹង​មាន​សេចក្ដី​សុខសាន្ដ​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។ ២៨ យើង​ដឹង​ថា បងប្អូន​ជាច្រើន​មិន​មាន​ពរជ័យ​នៃ​គេហដ្ឋាន​សុចរិត​ទេ ហើយ​ប្រឈម​មុខ​ជាប្រចាំ​នឹង​អ្នក​ដែល​ជ្រើសរើស​សេចក្ដីឥតសុចរិត ្យទៅ​ដល់​ទី​សុវត្ថិភាព និង​ជាជម្រក​ពី​ព្យុះ​ជីវិត​​នៅ​ទីបំផុតបាន ។

ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា អំណរ សេចក្ដី​ស្រឡាញ់ និង​ការបំពេញ​ដែល​កើតមាន​នៅក្នុង​ក្រុមគ្រួសារ​ដ៏សុចរិត និង​ពេញ​ដោយ​ក្ដីស្រឡាញ់ បង្កើតឲ្យ​មាន​ទាំង​សេចក្ដី​សុខសាន្ដ និង​សុភមង្គល ។ សេចក្ដី​ស្រឡាញ់ និង​ការមាន​ចិត្តល្អ គឺជា​គ្រឹះ​នៃ​ការមាន​ក្រុង​ស៊ីយ៉ូន​នៅក្នុង​ដួងចិត្ត និង​លំនៅដ្ឋាន​របស់​យើង ។ ២៩

ទីប្រាំ ៖ ធ្វើតាម​ការព្រមាន​របស់​ព្យាការី​យើងក្នុងពេល​ថ្មីៗនេះ

សេចក្ដី​សុខសាន្ដ​របស់​យើង​កើនឡើង​យ៉ាង​ខ្លាំង នៅពេល​យើង​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់គឺ ប្រធាន រ័សុល អិម ណិលសុន ។ យើង​នឹង​មាន​ឱកាស​ស្ដាប់​លោក​ក្នុងពេល​បន្ដិច​ទៀតនេះ ។ លោក​ត្រូវបាន​រៀបចំ​តាំងពី​កំណើត​នៃ​ពិភពលោក​​មកម្ល៉េះ សម្រាប់​ការហៅ​នេះ ។ ការរៀបចំ​ផ្ទាល់ខ្លួន​របស់​លោក​គឺ​អស្ចារ្យ​ខ្លាំង​បំផុត ។ ៣០

លោក​បាន​បង្រៀន​យើង​ថា យើង​អាច « ​មាន​អារម្មណ៍សុខសាន្ដ និង​អំណរ​យូរអង្វែង ទោះ​ជា​នៅ​គ្រា​ចលាចល​ក្ដី »កាលណា​យើង​ខិតខំ​ដើម្បី​ប្រែ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ៣១ លោក​បាន​ប្រឹក្សា​ឲ្យយើង​ប្រែចិត្ត​ជារៀង​រាល់ថ្ងៃ ទទួល​យក​ព្រះចេស្ដា​នៃ​ការសម្អាត ការព្យាបាល និង​ការពង្រឹង​របស់​ព្រះអម្ចាស់ ។ ៣២ ខ្ញុំ​ជា​សាក្សី​ផ្ទាល់​ម្នាក់​ថា ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​បាន​ទទួល និង​កំពុង​បន្ដ​ទទួល​បាន​វិវរណៈ​មកពី​ស្ថានសួគ៌ ។

ខណៈ​យើង​គោរព និង​គាំទ្រ​លោក​ជា​ព្យាការី​របស់​យើង នោះ​យើង​ថ្វាយបង្គំ​ដល់​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះអង្គ​សង្គ្រោះ​នៃ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​ផ្ដល់​សាក្សី​ផ្ទាល់​ក្នុង​នាម​ជា​សាវក​​​ថា ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​នៃ​ពិភពលោក​នេះ ដឹកនាំ និង​ណែនាំ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ ជីវិត និង​បេសកកម្ម​ដ៏ធួន​របស់​ទ្រង់ គឺជា​ប្រភព​ដ៏ពិត​នៃ​សេចក្ដី​សុខសាន្ដ ។ ទ្រង់​គឺជាម្ចាស់​នៃ​មេត្រីភាព ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏ពិត​ប្រាកដ និង​មុតមាំ​របស់​ខ្ញុំ​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « People in Independence did not like that the Saints preached to Indians and disapproved of slavery » ( Saints: The Story of the Church of Jesus Christ in the Latter Days , vol. ១, The Standard of Truth, ១៨១៥–១៨៤៦ [២០១៨], ១៧២ ) ។

  2. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១ ។

  3. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣ ។

  4. គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៧–៨ ។

  5. សូមមើល នីហ្វៃ​ ទី​៣ ១១:១៤–១៥ ។

  6. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧ ។

  7. យ៉ូហាន ១៣:៣៤ ។

  8. យ៉ូហាន ១៤:២៧ ។

  9. អេសាយ ៩:៦; នីហ្វៃ​ទី​២ ១៩:៦ ។ ព្រះអង្គ​សង្គ្រោះ​ក៏បាន​បង្រៀន​នៅក្នុង​បទប្រទានពរ​របស់​ទ្រង់​ផងដែរ​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ហៅជា​កូន​របស់​ព្រះ » (ម៉ាថាយ ៥:៩) ។

  10. « With judgment and with justice … for ever » ( សូមមើល អេសាយ ៩:៦–៧; នីហ្វៃទី ២ ១៩:៦–៧; សូមមើលផងដែរ កាឡាទី ៥:២២) ។

  11. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៥ ។ ប្រធាន វិលហ្វួឌ វូឌដ្រុព្វ ប្រកាស​ការណ៍​នេះ​ក្នុង​ឆ្នាំ ១៨៩៤ ហើយ​ប្រកាសឡើងវិញ​ក្នុង​ឆ្នាំ ១៨៩៦ ( សូមមើល The Discourses of Wilford Woodruff, sel. G. Homer Durham [ ១៩៤៦ ], ២៥១–៥២; សូមមើល​ផងដែរ ម៉ារ៉ុន ជី រ៉មនី, នៅក្នុង Conference Report, ខែ​មេសា ឆ្នាំ ១៩៦៧, ៧៩–៨២; អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, « The Power of the WordEnsign, ខែឧសភា ឆ្នាំ ១៩៨៦, ៧៩–៨០; ដាល្លិន អេក អូក « Preparation for the Second ComingLiahona, ខែ​ឧសភា ឆ្នាំ ២០០៤, ៩ ) ។

  12. ម៉ាថាយ ១០:៣៤ ។

  13. ណីក ដេ, « Peace in Christ,» ឆ្នាំ ២០១៨ ចម្រៀង​បាវចនា​ម៉្ញូឆល, Liahona, ខែ​មករា ឆ្នាំ ២០១៨, ៥៤–៥៥; New Era, ខែ​មករា ឆ្នាំ ២០១៨, ២៤–២៥ ។ ទំនុកតម្កើង « Peace in Christ » បង្រៀនថា

    ពេល​យើងរស់​ឲ្យដូច​ព្រះបុត្រ

    មាន​ក្ដីសុខ​ក្នុង​ទ្រង់ ។

    ប្រទានសង្ឃឹម

    ពេលយើង​ត្រូវការ ។

    ប្រទាន​កម្លាំង

    ពេលមិន​អាចបន្ដ ។

    ប្រទាន​ទី​ជម្រក

    ឲ្យជីវិត​គង់វង្ស ។

    ទោះលោកិយ​គ្មាន​ក្ដីសុខ

    មាន​ក្ដីសុខ​ក្នុង​ទ្រង់ ។

  14. Teachings of Presidents of the Church: Joseph F. Smith ឆ្នាំ ១៩៩៨ ) ទំព័រ ៤០០ ។

  15. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២៣ ។

  16. សូមមើល ចច អ័លប៊ើត ស៊្មីធ នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៤៥ ទំព័រ ១៦៩–៧០ ។

  17. កាឡាទី ៥:២២–២៣ ។

  18. សូមមើល កាឡាទី ៦:២, ៩ ។

  19. សូមមើល កាឡាទី ៥:២២ ។

  20. លោកុប្បត្តិ ១៣:១៨ ។

  21. លោកុប្បត្តិ ១៣:១២ ។

  22. ម៉ូសាយ ៤:១៣ ។

  23. Gospel Topics « Agency and Accountability » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

  24. « ហេតុ​ដូច្នោះ​ហើយ មនុស្ស​លោក​មាន​សេរីភាព … រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​ព្រះ​ជា​អ្នកសង្រួបសង្រួមដ៏​ធំ​របស់​មនុស្ស​លោក​ទាំង​អស់ » ( នីហ្វៃទី ២ ២:២៧ ) ។ សិទ្ធិ​ជ្រើសរើស​ក៏អនុញ្ញាត​ឲ្យ​ជម្រើស​អាក្រក់​​របស់​អ្នកដទៃ​ទៀត បណ្ដាល​ឲ្យមាន​ការឈឺចាប់ និង​ការរងទុក្ខ​ផងដែរ ហើយ​ពេលខ្លះ​ដល់​ការស្លាប់​ផង ។ ព្រះគម្ពីរ​ចែង​យ៉ាងច្បាស់​ថា ព្រះអម្ចាស់​ជា​ព្រះ​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស ដើម្បី​ឲ្យមនុស្ស​អាច​ជ្រើសរើស​រវាង​ការល្អ ឬ​ការអាក្រក់​បាន (see នីហ្វៃទី ២ ២:១៦ ) ។

  25. សូមមើល Gospel Topics « Agency and Accountability » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

  26. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០១៩ ) ទំព័រ ៥២ នៅលើ​គេហទំព័រ ChurchofJesusChrist.org បាន​គូសបញ្ជាក់បន្ថែម ។

  27. រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ។

  28. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ។

  29. ខ្ញុំ​មាន​ភ័ព្វ​សំណាង​ដែល​បាន​ធំ​ឡើង​នៅក្នុង​ផ្ទះ​មួយ ដែល​មាន​សេចក្ដី​សុខសាន្ដ ។ ការណ៍​នេះ​កើតឡើង​ដោយសារតែ​ឥទ្ធិពល​ដ៏ចម្បង​របស់​ម្ដាយ​យើង ដែលជា​សមាជិក​ដ៏ស្មោះត្រង់​ម្នាក់​នៅក្នុង​សាសនាចក្រ ។ ឪពុក​ខ្ញុំ​ល្អ​គ្រប់យ៉ាង ប៉ុន្ដែ​មិនមែន​ជា​សមាជិក​សកម្ម​នោះ​ទេ ។ អ្នកម្ដាយ​គាត់​គោរព​ឪពុក​យើង ហើយ​ចៀសវាង​ពី​ការទាស់ទែង​គ្នា​ជានិច្ច ។ ​គាត់​បាន​បង្រៀន​យើង​ជា​កូនៗ​ឲ្យ​អធិស្ឋាន និង​ទៅ​ព្រះវិហារ ។ គាត់​ក៏បាន​បង្រៀន​យើង​ឲ្យស្រឡាញ់​គ្នា និង​បម្រើ​គ្នា​ទៅវិញ​ទៅមក​ផងដែរ ( សូមមើល ម៉ូសាយ ៤:១៤–១៥ ) ។ ការធំឡើង​ក្នុង​គេហដ្ឋាន​មួយ​បែប​នេះ បាន​ផ្ដល់​សេចក្ដី​សុខសាន្ដ និង​ជា​ពរជ័យ​ដ៏មហិមា​មួយ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

  30. រ័សុល អិម ណិលសុន បាន​រៀន​ចប់​ពី​សាលា​វេជ្ជសាស្ដ្រ នៅ​សាកលវិទ្យាល័យ​យូថាហ៍ បាន​ចំណាត់​ថ្នាក់​លេខ​មួយ​នៅ​ជំនាន់​របស់​គាត់ នៅ​អាយុ ២២ ឆ្នាំ ។ លោក​ប៉ង​ប្រាថ្នា​ចង់​ធ្វើជា​វេជ្ជបណ្ឌិត​វះកាត់ ហើយ​បាន​ទទួល​ការបំពាក់​បំប៉ន​ដ៏ល្អ​បំផុត ដែល​មាននៅ​វិទ្យាស្ថាន​វេជ្ជសាស្ដ្រ​ដ៏ល្បីល្បាញ ។ លោក​បាន​បំពេញ​តាម​ការតាំងចិត្ត​យោធា​ដោយ​ស្មោះត្រង់​នៅក្នុង​ប្រទេស​កូរ៉េ និង​ជប៉ុន ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ លោក​គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​ផ្នែក​វះកាត់​បេះដូង​ចំហរ ហើយ​ត្រូវបាន​គេ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក ​ជាងនេះ​ទៅ​ទៀត ។ លោក​ជា​ឪពុក​នៃ​គ្រួសារ​ដ៏​ធំ​មួយ​ដែល​មាន​កូន ចៅ និង​ចៅទួត​ច្រើន ។ លោក​បម្រើ​ដល់​គ្រួសារ​របស់​លោក និង​សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​លោក​យ៉ាង​ស្មោះត្រង់ ។

  31. សូមមើល រ័សុល អិម ណិលសុន « Opening Message » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧; សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២–៨៤ ។

  32. រ័សុល អិម ណិលសុន​, « សារលិខិត​បើក​សុន្ទរកថា,» ៦ ។