សន្និសីទទូទៅ
សេចក្តី​អាណិត​អាសូរ​ដ៏អង្វែង​របស់​ព្រះអង្គ​សង្គ្រោះ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សេចក្តី​អាណិត​អាសូរ​ដ៏អង្វែង​របស់​ព្រះអង្គ​សង្គ្រោះ

ការ​បង្ហាញ​នូវ​សេចក្ដីមេត្តាករុណា​ចំពោះ​អ្នកដទៃ គឺ​ជា​ខ្លឹម​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

គោលការណ៍​ដ៏​សំខាន់​បំផុត​មួយ​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ អំឡុង​ការងារបម្រើ​លើ​ផែនដី​របស់​ទ្រង់​គឺ​ការប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​សេចក្តី​អាណិត​អាសូរ ។ ចូរ​យើង​សញ្ជឹងគិត​ពី​គោលការណ៍​នេះ និង​ការអនុវត្ត​ជាក់ស្តែង ដោយ​ពិចារណា​អំពី​ដំណើររឿង​នៃ​កាល​ដែល​ព្រះយេស៊ូវ​យាង​ទៅ​លេង​ផ្ទះ​របស់​ស៊ីម៉ូន ជា​ពួក​ផារិស៊ី​ម្នាក់ ។

ដំណឹង​ល្អ​របស់ លូកា រៀបរាប់​ថា ស្រ្តី​ដែល​មាន​បាប​ម្នាក់​បាន​ចូល​ទៅ​ផ្ទះ​របស់​ស៊ីម៉ូន កាល​ដែល​ព្រះយេស៊ូវ​នៅ​ទីនោះ ។ ដោយ​ចិត្ត​រាបសា នាង​បាន​ជួប​ព្រះយេស៊ូវ លាង​សម្អាត​ព្រះបាទា​របស់​ទ្រង់​ជាមួយ​នឹង​ទឹក​ភ្នែក​របស់​នាង ហើយ​បាន​យក​សក់​របស់​នាង​មក​ជូត ហើយ​បន្ទាប់​មក​ថើប និង​បាន​លាប​ប្រេង​ក្រអូប​វិសេស ។ ម្ចាស់​ផ្ទះ​ដែល​មាន​អំនួត ​បាន​ចាត់​ទុក​ខ្លួន​ឯង​ថា​មាន​សីលធម៌​ខ្ពស់​ជាង​ស្ត្រី​នោះ បាន​គិត​ក្នុង​ចិត្ត​ថា « បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប » ។

អាកប្បកិរិយា​ដែល​ថា​ខ្លួន​​បរិសុទ្ធ​ជាង​អ្នក​ដទៃ​របស់​ពួក​ផារិស៊ី​រូប​នេះ បាន​នាំ​ឲ្យ​គាត់​ធ្វើ​ការវិនិច្ឆ័យ​មិន​ត្រឹមត្រូវ​មក​លើ​ព្រះយេស៊ូវ និង​ស្រ្តី​នោះ ារ្យ ទ្រង់​បាន​ជំទាស់​នឹង​ឥរិយារបស់​ស៊ីម៉ូន ហើយ​បាន​ដាស់តឿន​គាត់​ចំពោះ​ការខ្វះ​សុជីវធម៌​ក្នុង​ការទទួល​ភ្ញៀវ​ពិសេស​ដូចជា​ព្រះអង្គ​សង្គ្រោះ​ចូល​ក្នុង​ផ្ទះ​របស់​គាត់ ។ តាមពិត​ទៅ ការស្តី​បន្ទោស​ដោយ​ផ្ទាល់​របស់​ព្រះយេស៊ូវ​ទៅ​លើ​ពួក​ផារិស៊ី​បាន​បង្ហាញថា ព្រះយេស៊ូវ​ពិត​ជា​មាន​អំណោយ​ទាន​នៃ​ការព្យាករ​មែន ហើយ​ថា​ស្ត្រី​រូប​នេះ​បាន​ប្រែចិត្ត​ដោយ​ចិត្ត​រាបទាប និង​ចិត្ត​សោក​សង្រេង ហើយ​ទទួល​បាន​ការអភ័យ​ទោស​ចំពោះ​អំពើ​បាប​របស់​នាង ។

ក៏​ដូច​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត អំឡុង​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី​ដែរ ដំណើររឿង​នេះ​ជា​ភស្តុតាង​មួយ​ទៀត​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រព្រឹត្ត​ដោយ​សេចក្តី​អាណិត​អាសូរ​ចំពោះអស់​អ្នក​ដែល​បាន​មក​រក​ទ្រង់​—ដោយ​គ្មាន​ការបែងចែក—​ជា​ពិសេស​ចំពោះ​អស់អ្នក ដែល​ត្រូវការ​ជំនួយ​បំផុតពី​ទ្រង់​ ។ សេចក្តី​ស្រឡាញ់​ដែល​ពេញការតាំងចិត្ត និង​ការគោរព ដែល​ស្ត្រី​នោះ​បង្ហាញ​​ចំពោះ​ព្រះយេស៊ូវ​ គឺ​ជា​ភស្តុតាង​នៃ​បំណង​ប្រាថ្នា និង​ការប្រែចិត្ត​ដ៏​ស្មោះត្រង់ ដើម្បី​ទទួល​នូវ​ការ​ផ្តាច់​បាប​របស់​នាង ។ ទោះ​ជា​យ៉ាង​ណា​ អំនួត​និង​ដួងចិត្ត​រឹងរូស​របស់​ស៊ីម៉ូន បាន​រារាំង​គាត់​ពី​ការបង្ហាញ​ចិត្ត​មេត្តា​ចំពោះ​ព្រលឹង​ដែល​ប្រែចិត្ត​នោះ ហើយ​គាត់​ថែមទាំង​បាន​ប្រព្រឹត្ត​ដាក់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ដោយ​ភាពព្រងើយ​កន្តើយ និង​ការមើល​ងាយ​ទៀតផង និង​ភាពបរិសុទ្ធ​ក្លែងក្លាយ​នោះ​ទេ ។

ការងារ​បម្រើ​ដោយ​ចិត្ត​អាណិតអាសូរ និង​ដោយ​ផ្ទាល់​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ដំណើរឿង​នេះ បង្ហាញ​នូវ​គំរូ​ដ៏​ឥត​ខ្ចោះ​មួយ​ពី​របៀប​ដែល​យើង​គប្បី​ប្រព្រឹត្ត​ដាក់​អ្នកជិតខាង​របស់​យើង ។ ព្រះគម្ពីរ​មាន​នូវ​ឧទាហរណ៍​រាប់​មិន​អស់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះទ័យ​ក្តួល​អាណិត​ខ្លាំង និង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​នៅ​ជំនាន់​របស់​ទ្រង់ ហើយ​បាន​ជួយ​ដល់​អ្នក​ដែល​កំពុង​រងទុក្ខ ព្រមទាំងគេ « ដែល​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម​ដែល​ឥត​អ្នក​គង្វាល » ។ ទ្រង់​បាន​លាត​ព្រះហស្ត​ដ៏​មេត្តា​ករុណា​របស់​ទ្រង់​ដល់​អ្នក​ទាំងឡាយ ដែល​ត្រូវការ​ការសម្រាល​បន្ទុក​ ទាំង​ខាង​សាច់ឈាម និង​ព្រលឹង​វិញ្ញាណ ។

អាកប្បកិរិយា​ពេញ​ដោយ​ចិត្ត​អាណិត​របស់​ព្រះយេស៊ូវ​បាន​ចាក់ឫស​នៅ​ក្នុង​សេចក្តី​សប្បុរស ពោល​គឺ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ និង​ល្អ​ឥត​ខ្ចោះ ដែល​ជា​ខ្លឹមសារ​ដ៏​សំខាន់​នៃ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ចិត្ត​អាណិត​អាសូរ​គឺ​ជា​ចរិត​លក្ខណៈ​គ្រឹះ​នៃ​អ្នក​ដែល​ខិតខំ​មាន​ភាពបរិសុទ្ធ ហើយ​គុណសម្បត្តិ​ដ៏​ទេវភាព​នេះ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​លក្ខណៈ​និស្ស័យ​ពួក​គ្រីស្ទាន​ដទៃ​ទៀត​ដូច​ជា ការទួញ​យំ​ជា​មួយ​អ្នក​ដែល​ទួញ​យំ និង​មាន​ការយល់​ចិត្ត សេចក្ដី​មេត្តាករុណា និង​ចិត្ត​ល្អ ។ តាម​ពិត​ទៅ ការបង្ហាញ​នៃ​សេចក្តី​អាណិតអាសូរ​ទៅកាន់​អ្នក​ដទៃ​គឺ​ជា​សារសំខាន់នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជា​ភស្តុតាង​សម្គាល់​មួយ​នៃ​ភាពស្និទស្នាល​ខាងវិញ្ញាណ និង​អារម្មណ៍​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បង្ហាញ​ពី​កម្រិត​នៃ​ឥទ្ធិពល​ដែល​ទ្រង់​មាន​ក្នុង​ជីវិត​រស់នៅ​របស់​យើង និង​បង្ហាញ​ពី​ទំហំ​នៃ​វិញ្ញាណ​របស់​យើង​ផងដែរ ។

វា​មាន​ប្រយោជន៍​ក្នុង​ការសង្កេត​ថា ការប្រព្រឹត្ត​ដោយ​ចិត្ត​អាណិតអាសូរ​របស់​ព្រះយេស៊ូវ​មិនមែន​ជា​ការបង្ហាញ​ឡើង​ម្តងម្កាល ឬ​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ ដោយ​ផ្អែក​លើ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវតែ​ធ្វើ​ឲ្យ​ចប់​នោះ​ទេ ប៉ុន្តែ​វា​ជា​ការបង្ហាញ​ជា​រៀងរាល់​ថ្ងៃ អំពី​ការពិត​នៃ​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ចំពោះ​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ រួម​ទាំង​ព្រះរាជ​បំណង​ដ៏​យូរ​អង្វែង​របស់​ទ្រង់​ក្នុង​ការជួយ​ដល់​ពួក​គេ ។

ព្រះយេស៊ូវ​អាច​ជ្រាប​ពី​សេចក្តី​ត្រូវការ​របស់​មនុស្ស​នៅ​ពី​ចម្ងាយ ។ ដូច្នេះ​វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​ភ្លាមៗ​បន្ទាប់​ពី​បាន​ព្យាបាល​អ្នកបម្រើ​របស់​នាយ​ទាហាន​ម្នាក់ ១០ ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​មក​ពី​កាពើណិម​ទៅ​ទីក្រុង​មួយ​មាន​ឈ្មោះ​ថា ណាអ៊ីន ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​ទន់ភ្លន់​បំផុត​មួយ នៃ​ការងារ​បម្រើ​នៅ​លើ​ផែនដី​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​យុវជន​ដែល​បាន​ស្លាប់​ម្នាក់ ជា​កូន​ប្រុស​តែ​ម្នាក់​គត់​របស់ម្តាយ​មេម៉ាយ​ម្នាក់ ឲ្យ​ក្រោក​ឡើង​ហើយ​មាន​ជីវិត​រស់នៅ ​ថែម​ទាំង​ញាណ​ដឹង​ពី​ស្ថានភាព​លំបាក​ក្នុង​ជីវិត​របស់​នាង និង​បាន​រំជួល​ចិត្ត​ដោយ​ក្តី​អាណិតអាសូរ​ជា​ខ្លាំង​ផងដែរ ។ ១១

ដូចជា​ស្រ្តី​ដែល​មាន​បាប និង​ស្ត្រី​មេម៉ាយ​នៃ​ក្រុង​ណាអ៊ីន​ដែរ មនុស្ស​ជាច្រើន​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​យើង​កំពុង​ស្វែងរក​ការលួងលោម ការយកចិត្ត​ទុកដាក់ ការរាប់អាន និង​ជំនួយ​ទាំងឡាយ ដែល​យើង​អាច​ផ្តល់​ឲ្យ​ពួកគេ​ ។ យើង​ក៏​អាច​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ និង​ប្រព្រឹត្ត​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​អ្នក​ដែលមានតម្រូវការ ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដែរ ។

ខ្ញុំ​បាន​ស្គាល់​ក្មេង​ស្រី​តូច​ម្នាក់ ដែល​កើត​មក​មាន​មាត់​ឆែប​យ៉ាង​ខ្លាំង ។ នាង​ត្រូវ​ទទួល​ការវះកាត់​ជា​លើក​ដំបូង​នៃ​ការវះកាត់​បន្តបន្ទាប់​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​ពីរ​នៃ​ជីវិត​របស់​នាង ។​ ដោយ​ក្តី​អាណិតអាសូរ​​ចំពោះ​អ្នក​ដែល​ជួបប្រទះ​នឹងបញ្ហា​ដូច​គ្នា​នេះ នោះក្មេងស្រី​នេះ និង​ឪពុកម្តាយ​​នាង បាន​ព្យាយាម​ផ្តល់​ការគាំទ្រ ការយោគយល់ និង​ផ្ដល់​​ជំនួយ​ផ្លូវចិត្ត​ដល់​អ្នកដទៃ ដែល​ប្រឈម​មុខ​នឹង​ការពិត​ដ៏​ស្មុគស្មាញ​នេះ ។ ពួកគេបាន​សរសេរ​មកខ្ញុំ​ថ្មីៗនេះ ហើយ​​ចែកចាយថា « តាម​រយៈ​ឧបសគ្គ​របស់​កូនស្រី​យើង នោះ​យើង​មាន​ឱកាស​ដើម្បី​ជួប​មនុស្ស​ល្អៗ​ដែល​ត្រូវការ​ការលួងលោម ការគាំទ្រ និង​ការលើកទឹកចិត្ត ។ ប៉ុន្មាន​ខែ​កន្លង​ទៅ កូនស្រី​របស់​យើង ​ឥឡូវ​នេះ​នាងមាន​អាយុ ១១ ឆ្នាំ នាង​បាន​ជជែក​ជាមួយ​ឪពុកម្តាយ​នៃ​ទារក​ម្នាក់ ដែល​មាន​ការលំបាក​ដូច​គ្នា​នេះ ​តែ​រោគ​រាតត្បាតនោះ​ចេញ​មួយ​ភ្លែត ដើម្បី​ឲ្យ​ឪពុកម្តាយទារកតូច​នោះ​អាច​មើល​ឃើញ​ថា គាត់​នៅ​មាន​ក្តី​សង្ឃឹម បើ​ទោះ​បី​ជា​ទារក​តូច​នោះ​ត្រូវ​ប្រើ​ពេល​យូរ​រហូត​ដល់​ទៅ​ពីរ​បី​ឆ្នាំ ដើម្បី​ព្យាបាល​បញ្ហា​នេះ​ក៏​ដោយ ។ យើង​មាន​អារម្មណ៍​ដឹងគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឱកាស ដើម្បី​ពង្រីក​ចិត្ត​មេត្តា​របស់​យើង​ទៅកាន់​អ្នក​ដែល​រងទុក្ខ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ចំពោះ​យើង​ដែរ ។ យើង​មាន​អារម្មណ៍​ថា យើង​បន្ធូរបន្ថយ​ការឈឺចាប់​របស់​យើង រាល់​ពេល​ដែល​យើង​ជួយ​រំសាយ​ការឈឺចាប់​របស់​នរណា​ម្នាក់ » ។

មិត្ត​ជាទី​ស្រឡាញ់​អើយ នៅ​ពេល​​យើង​ខិតខំ​ដោយ​ចេតនា ដើម្បី​ដាក់​ឥរិយា​អាណិតអាសូរ​​ក្នុងការ​រស់នៅ​របស់​យើង ដូច​បាន​ផ្តល់​គំរូ​ដោយ​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​កាន់តែ​ដឹងច្រើន​ពី​សេចក្តី​ត្រូវការ​របស់​មនុស្ស​ជាតិ ។ អារម្មណ៍​នៃ​ការចាប់​អារម្មណ៍ និង​សេចក្តី​ស្រឡាញ់​ដ៏ពិត​ប្រាកដ​នឹង​ជ្រាប​ចូល​គ្រប់​សកម្មភាព​របស់​យើង តាមកំណើននៃការ​ញាណ​ដឹង​នោះ​ ។ ព្រះអម្ចាស់​នឹង​ស្គាល់​កិច្ចខិតខំ​យើង ហើយ​យើង​នឹង​បាន​ពរ​ជ័យ​ឲ្យ​មាន​ឱកាស​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​ទ្រង់ ដើម្បី​បន្ទន់​ដួងចិត្ត និង​នាំ​មក​នូវ​ភាពធូរ​ស្បើយ​ដល់ « ដៃ​ដែល​រោយ » ។ ១២

ការស្តី​បន្ទោស​របស់​ព្រះយេស៊ូវ​ចំពោះ​ស៊ីម៉ូន​ជា​ពួក​ផារិស៊ី​ក៏​បាន​បញ្ជាក់​ច្បាស់​ថា យើង​មិន​គួរវិនិច្ឆ័យ​ និង​ឃោរឃៅ​ចំពោះ​អ្នកជិតខាង​របស់​យើង​ទេ ពីព្រោះ​យើង​ទាំងអស់​គ្នា​ត្រូវការ​ការយោគយល់ និង​ព្រះទ័យ​មេត្តា​ករុណា​ចំពោះ​ភាព​មិន​ល្អឥតខ្ចោះ​របស់​យើង​ពី​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​របស់​យើង ។ តើ​នេះ​មិនមែន​ជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ក្នុង​ឱកាស​ផ្សេង​ទៀត​ទេ​ឬអី កាល​ទ្រង់​មាន​បន្ទូលថា « ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ » ។ ១៣

យើង​ត្រូវ​តែ​គិត​ថា វា​ពុំងាយ​ស្រួល​ទេ​ដើម្បី​យល់​ពី​គ្រប់​កាលៈទេសៈ ដែល​រួម​ចំណែក​ដល់​អាកប្បកិរិយា ឬ​ប្រតិកម្ម​របស់​នរណា​ម្នាក់​នោះ ។ ភិនភាគខាង​ក្រៅ​អាច​បញ្ឆោត ហើយ​ជារឿយៗ វាពុំមែនជា​ការវាស់វែង​ត្រឹមត្រូវ​អំពី​អាកប្បកិរិយា​របស់​នរណា​ម្នាក់​ឡើយ ។ បងប្អូន និង​ខ្ញុំ​ខុសពីទ្រង់ ព្រះគ្រីស្ទ​មាន​សមត្ថភាព​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​គ្រប់​ទិដ្ឋភាព​នៃ​ស្ថានភាព​របស់​នរណា​ម្នាក់ ។ ១៤ ទោះ​បី​ជាទ្រង់​ជ្រាប​ពី​ភាពទន់ខ្សោយ​របស់​យើង​ក្ដី ក៏​ព្រះអង្គ​សង្គ្រោះ​មិន​ថ្កោលទោស​យើង​ភ្លាមៗដែរ ប៉ុន្តែ​នៅ​តែ​បន្ត​ធ្វើ​ការ​ជាមួយ​យើង​ដោយក្ដី​អាណិតអាសូរ ជួយ​យើង​ឲ្យ​ដក​ធ្នឹម​ចេញ​ពី​ភ្នែក​យើង ។ ព្រះ​យេស៊ូវ​តែងតែ​ទត​មើល​ដួងចិត្ត និង​ពុំ​មែន​រូបរាង​ខាង​ក្រៅ​នោះ​ទេ ។ ១៥ ទ្រង់​បាន​ប្រកាស​ដោយ​ផ្ទាល់​ថា « កុំ​ឲ្យ​ជំនុំជម្រះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ » ។ ១៦

ឥឡូវ​នេះ សូម​ពិចារណា​អំពី​ដំបូន្មាន​ដ៏​ឈ្លាសវៃ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​សិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់​ពីរ​នាក់ ទាក់ទង​នឹង​សំណួរ​នេះ ៖

« សេចក្ដី​ជំនុំជម្រះ ដែល​យើង​នឹង​ប្រទាន​ដល់​អ្នក ដែល​ត្រឹមត្រូវ ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ។ ១៧

« ដូច្នេះ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។ ១៨

នៅ​ក្នុង​បរិបទ​នេះ ព្រះអម្ចាស់​កំណត់​ការវិនិច្ឆ័យ​ទៅ​លើ​អ្នក​ដែល​លើក​ដាក់​លើ​ខ្លួន​ដើម្បី​វិនិច្ឆ័យអំពី​ការខ្វះខាត​របស់​អ្នកដទៃ​ដោយ​ពុំសុច្ចរិត ។ ដើម្បី​យើង​បានស័ក្ដិសម​នឹងវិនិច្ឆ័យ​ដោយ​សុចរិត យើង​ត្រូវ​តែ​ព្យាយាម​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ហើយ​មើល​ទៅ​ភាពមិន​ល្អ​ឥត​ខ្ចោះ​នៃ​បុគ្គល​ម្នាក់ៗ​ដោយ​ក្តី​អាណិតអាសូរ មើល​តាម​ព្រះនេត្រ​របស់​ទ្រង់ ។ សូមគិតថា យើង​នៅ​​មាន​ផ្លូវ​វែង​ឆ្ងាយ​ដើម្បី​ទៅ​ដល់​ភាពល្អ​ឥត​ខ្ចោះ ប្រហែល​ជា​វា​នឹង​ល្អ​ជាង ប្រសិន​បើ​យើង​អង្គុយ​នៅ​ព្រះបាទា​របស់​ព្រះ​យេស៊ូវ ហើយ​អង្វរ​សុំ​ក្តី​មេតា​ករុណា​សម្រាប់​ភាពមិន​ល្អឥត​ខ្ចោះ​របស់​យើង​ផ្ទាល់ ដូច​ជា​ស្រ្តី​ដែល​បាន​ប្រែចិត្ត​នៅ​ឯ​ផ្ទះ​របស់​ពួក​ផារិស៊ី​ដែរ ហើយ​កុំ​ចំណាយ​ពេល និង​កម្លាំង​ច្រើន​ក្នុង​ការចាំ​មើល​ភាពមិន​ល្អឥត​ខ្ចោះ​របស់​អ្នក​ដទៃ ។

មិត្ត​ជាទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ព្យាយាម​ដាក់​គំរូ​ដែល​ពេញ​ដោយ​ក្ដី​អាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ​​ក្នុង​ជីវិត​របស់​យើង នោះ​សមត្ថភាពរបស់​យើង​ក្នុង​ការសរសើរ​គុណធម៌​របស់​អ្នកជិត​ខាង​យើង​នឹង​ចម្រើន​ឡើង ហើយ​សភាវគតិ​ធម្មជាតិ​របស់​យើង​ដើម្បី​វិនិច្ឆ័យភាព​មិនល្អ​ឥតខ្ចោះ​របស់​ពួកគេ​ នឹង​ថយចុះ ។ ការរួបរួមរបស់យើង​ជាមួយ​ព្រះ​ នឹង​រីកចម្រើន ហើយ​ប្រាកដ​ណាស់ ជីវិត​របស់​យើង​នឹង​កាន់តែ​ផ្អែមល្ហែម អារម្មណ៍​របស់​យើង​កាន់​តែ​ទន់ភ្លន់ ហើយ​យើង​នឹង​រកឃើញ​ប្រភព​នៃ​សុភមង្គល​ដ៏​មិន​ចេះចប់ ។ យើង​នឹង​ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នកផ្សះផ្សា ១៩ ជា​ពាក្យ​ដែល​ទន់ភ្លន់​ដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​នា​និទាឃ​រដូវ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​កាន់តែ​មាន​ការអត់ធ្មត់ និង​ការយោគយល់​ដល់​អ្នកដទៃ​ហើយ​សូម​ឲ្យ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាពទន់ភ្លន់​ឥតខ្ចោះ បំបាត់ភាព​មិន​អត់ធ្មត់​របស់​យើង​ជាមួយ​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​ពួកគេ ។ នេះ​គឺ​ជា​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​មក​កាន់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ភាពជា​សិស្ស​ដែល​មាន​សេចក្តី​មេត្តា​ករុណា និង​ការអត់ធ្មត់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​សេចក្ដីពិត​ទាំងនេះ នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕