សន្និសីទទូទៅ
ការរៀបចំ​ខ្លួន​សម្រាប់​ការយាងមក​លើកទីពីរ​របស់​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ការរៀបចំ​ខ្លួន​សម្រាប់​ការយាងមក​លើកទីពីរ​របស់​ព្រះគ្រីស្ទ

ច្រើន​ជាង​ពេល​មុន ៗ ទៅ​ទៀត​នោះ​យើង​តម្រូវ​ឲ្យ​ប្រឈមមុខ​នឹង​ការពិត​ដែល​ថា​យើង​កាន់តែ​ខិតជិត​នឹង​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ ។

ដូច​បាន​កត់ត្រា​នៅក្នុងព្រះគម្ពីរ​មរមន​ប្រាំមួយ​ឆ្នាំមុន​ការប្រសូត របស់​ព្រះ​យេស៊ូវ​គ្រីស្ទ សាំយូអែល ជា​សាសន៍​លេមិន​ដ៏​សុចរិត បានព្យាករ​ទៅកាន់​សាសន៍នីហ្វៃ​ដែល​នៅគ្រា​នោះ​ភាគច្រើន​ប្រជាជន​ក្បត់​សាសនា ពី​ទីសម្គាល់​ដែល​នឹង​កើតមាន​ជាមួយ​នឹង​ការយាង មក​របស់​ព្រះ​អង្គ​សង្រ្គោះ ។​ គួរឲ្យ​ខ្លោចផ្សារ សាសន៍​នីហ្វៃ​ភាគច្រើន​បានបដិសេធន៍​ទីសម្គាល់​ទាំងនោះ​ដោយសារតែ​វា «ពុំ​សម​ហេតុ​សម​ផល​ដែល​ថា តួអង្គ​មួយ​ដូច​ជា​ព្រះ​គ្រីស្ទ​នឹង [ គួរតែ ] យាង​មក​ទេ » ។

គួរ​ឲ្យ​ស្តាយ យោង​ទៅលើ​កំណត់ត្រា​ព្រះគម្ពីរ សាសន៍យូដា​ភាគច្រើន​មាន​ឥរិយាបទ មិន​ព្រម​ទទួល​យក​បុរស​ម្នាក់​ដែល​មាន​ព្រះ​នាម​ថា ព្រះយេស៊ូវ ដែល​រស់នៅ​ទីដាច់ស្រយាល​នៃ​ស្រុក​កាលីឡេ​នោះ ពិត​ជា​ព្រះមែស៊ី​ដែល​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ​ឡើយ ។ ព្រះយេស៊ូវ ដែល​ការពិត​បាន​យាងមក​ដើម្បី​បំពេញ​ការព្យាករ​ជា​ច្រើន​របស់​ពួកព្យាការី​សាសន៍​ហេព្រើរ​ត្រូវ​បដិសេធ និង​ឆ្កាង​ពីព្រោះ​ដូច​អ្វី​ដែល​ព្យាការី យ៉ាកុប នៃ​ព្រះ​គម្ពីរមរមន​បាន​បង្រៀន​ថា ពួក​សាសន៍យូដា « មើល​ហួស​ទីដៅ » ។ ដូច្នេះ​ហើយ យ៉ាកុប​បាន​ធ្វើ​បន្ទាល់​ថា « ដ្បិត​ព្រះ​ទ្រង់​បាន​ដក​យក​ភាព​ដ៏​ច្បាស់លាស់​របស់​ទ្រង់​ចេញ​ពី​គេ​ហើយ បាន​ប្រទាន​ឲ្យ​ពួក​គេ​នូវ​អ្វី​ជា​ច្រើន ដែល​ពួក​គេ​ពុំ​អាច​យល់​វិញ ពី​ព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​បាន​ការណ៍​នោះ។ ហើយ​ពី​ព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​បាន​ការណ៍​នោះ » ។

ហើយ​អ្វី​ដែល​ចម្លែក​នោះ​គឺ គ្មាន​ការបង្រៀន គ្មាន​អព្ភូតហេតុ ហើយ​គ្មាន​ការបង្ហាញ​ឲ្យ​ឃើញ សូម្បីតែ​ទេវតា​ពី​ស្ថានសួគ៌​ឡើយ ដូច​ដែល លេមិន និង​លេមយួល បាន​ធ្វើ​ជា​សាក្សី​ថា  ហាក់​ដូច​ជា​មាន​អំណាច​នៃ​ការបញ្ចុះបញ្ចូល​បុគ្គល​ខ្លះ​ឲ្យ​កែប្រែ​បុព្វហេតុ ទស្សនវិស័យ ឬ​ជំនឿ​ដែល​ថា​អ្វី​មួយ​ពិត​របស់​ពួកគេ ។ ជា​ពិសេស​នេះ​គឺ​ករណី​ដែល​ការបង្រៀន ឬ​អព្ភូតហេតុ​មិន​ត្រូវ​គ្នា​នឹង​បំណងប្រាថ្នា ឬ គំនិត​ទាំងឡាយ​ដែល​គិត​ទុក​ជា​មុន​របស់​បុគ្គល ។

សូម​គិត​ពិចារណា​ពី​ព្រះគម្ពីរ​ពីរ​ខាងក្រោម​នេះ​បន្តិច ទីមួយ​មក​ពី​សាវកប៉ុល ដែល​បានថ្លែង​អំពី​ថ្ងៃ​ចុងក្រោយ ពិពណ៌នា​អំពី​របៀប​របស់​មនុស្ស និង ទីពីរ មក​ពី​ព្យាការី​អាលម៉ា ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះ​ធ្វើ​ការ​របស់​ទ្រង់​ក្នុង​ចំណោម​កូនចៅ​មនុស្ស ។ ទីមួយ​មក​ពី​ប៉ុល ៖

« ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក​ណាស់ ។

«ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួនឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​ មាន​ឫក​ខ្ពស់ ម្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ រមិលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ

« មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យាស្រ័យ និយាយ បង្កាច់​គេ​មិន​ចេះ​ទប់ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូលចិត្ត​នឹង​ការល្អ

« ត មាន ចិត្ត ធំ ហើយ ចូល ចិត្ត នឹង ល្បែង លេង ជា ជាង ព្រះ …

« គេ​រៀន​ជានិច្ច​ប៉ុន្តែ​ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេច​ក្តី​ពិត ឡើយ » ។

ហើយ​ឥឡូវ​នេះ​មក​ពី​អាលម៉ា ការបញ្ជាក់​ពី​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ថា ៖ « ឥឡូវ​នេះ កូន​អាច​សន្និដ្ឋាន​ថា នេះ​គឺ​ជា​ការ​ឆ្កួត​វង្វេង​របស់​ឪពុក​ហើយ ប៉ុន្តែ​មើល​ចុះ ឪពុក​ប្រាប់​កូន​ថា ដោយ​កិច្ចការ​តូច​តាច និង​ងាយ​ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន​ហើយ​នៅ​ក្នុង​ករណី​ជា​ច្រើន មធ្យោបាយ​ដ៏​តូចតាច​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ជ្រប់​មុខ » ។

យើង​រស់​នៅ​ក្នុង​ពិភពលោក​ដ៏​ទំនើប​មួយ ដែល​ពោរពេញ​ដោយ​ចំណេះដឹង និង​ជំនាញ​ដ៏​អស្ចារ្យ ។ ទោះ​ជា​យ៉ាង​ណា ជា​ញឹកញាប់​រឿង​ទាំង​នេះ​ច្រើន​តែ​លាក់​បាំង​គ្រឹះ​មិន​រឹងមាំ​ដែល​ពួកគេ​សង់លើ ។ ជា​លទ្ធផល វា​មិន​បាន​ដឹកនាំ​ទៅ​រក​សេចក្តី​ពិត ពិតប្រាកដ និង​ឆ្ពោះ​ទៅ​រក​ព្រះ និង​ទៅ​រក​អំណាច​នៃ​ការទទួល​វិវរណៈ ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​អភិវឌ្ឍន៍​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ដឹកនាំ​ទៅ​រក​សេចក្តី​សង្គ្រោះ​នោះ​ទេ ។

យើង​ត្រូវ​បាន​រំឭក​យ៉ាង​ច្បាស់​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​មាន​បន្ទូល​ទៅ​កាន់ ថូម៉ាស និង​ពួកសាវក​ដទៃ​ទៀត​មុន​ថ្ងៃ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ៖« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា​ខ្ញុំ​ជា​ផ្លូវ​ជា​សេចក្តី​ពិត​ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។

សម្រាប់​អស់​អ្នក​ដែល​មាន​ភ្នែក​សម្រាប់​មើល ត្រចៀក​សម្រាប់​ស្តាប់ បេះដូង​សម្រាប់​ទទួល​អារម្មណ៍ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​យើង​តម្រូវ​ឲ្យ​ប្រឈម​មុខ​នឹង​ការពិត​ដែល​ថា​យើង​កាន់​តែ​ខិតជិត​នឹង​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ ។ ប្រាកដណាស់ ការលំបាក​ធំៗ​កំពុង​រង់ចាំ​អ្នក​ដែល​នៅ​លើ​ផែនដី​នេះ​កាល​ដែល​ទ្រង់​យាង​មក​ម្តងទៀត ប៉ុន្តែ​ពួក​អ្នក​ស្មោះត្រង់​មិន​ចាំបាច់​ភ័យខ្លាច​ឡើយ ។

ឥឡូវនេះ​ខ្ញុំ​សូម​ដកស្រង់​បន្តិច​ចេញ​ពី ប្រធានបទ ដំណឹងល្អ របស់​សាសនាចក្រ នៅ​ក្រោម​ចំណង​ជើង​ថា « ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ៖

« នៅ​ពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ម្តង​ទៀត ទ្រង់​នឹង​យាង​មក​ក្នុង​ព្រះចេស្តា និង​សិរីរុងរឿង ដើម្បី​ប្រកាស​ដល់​ផែនដី​ជា​នគរ​របស់​ទ្រង់ ។ ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់​នឹង​ជា​ទី​សម្គាល់​នៃ​ការចាប់ផ្តើម​សហស្សវត្សរ៍ ។

« ការយាង​មក​ជា​លើក​ទី​ពីរ​នឹង​ពោរពេញ​ទៅ​ដោយ​សេចក្តីខ្លាច ជា​ពេល​ទួញ​ថ្ងូរ​សម្រាប់​មនុស្ស​ទុច្ចរិត ប៉ុន្តែ​វា​នឹង​ជា​ទិវា​នៃ​ភាព​សុខសាន្ត​សម្រាប់​មនុស្ស​សុចរិត ។ ព្រះអម្ចាស់​បាន​ប្រកាស ៖

« ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុក​ជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត—យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ ។

« ‹ ហើយ​ផែនដី​នឹង​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ​ទុកជា​មរតក ហើយ​ពួក​គេ​នឹង​កើន​ចំនួន​ឡើង និង​ខ្លាំង​ពូកែ ហើយ​កូន​ចៅ​ពួកគេ​នឹង​ធំ​ឡើង​ដោយ​គ្មាន​បាប ដោយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ ។

« ‹ ព្រះអម្ចាស់​ទ្រង់​នឹង​គង់​នៅ​កណ្ដាល​ពួក​គេ ហើយ​សិរីល្អ​របស់​ទ្រង់​នឹង​ស្ថិត​នៅ​លើ​ពួកគេ ហើយ​ទ្រង់​នឹង​ទៅ​ជា​មហាក្សត្រ​នៃ​ពួកគេ និង​ជា​អ្នក​តែង​ច្បាប់​នៃ​ពួកគេ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៧–៥៩ ) » ។ ១០

ជា​ការរៀបចំ​ខ្លួន​របស់​យើង​សម្រាប់​ការយាងម​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ផ្តល់​ជូន​សារ​ខ្លី​មួយ​ដ៏​សំខាន់ និង​លួងលោម​ចំពោះ​ពួក​អ្នក​ស្មោះត្រង់ ដោយ​បាន​ដកស្រង់​ចេញពី អេម៉ុស ជា​ព្យាការី​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ៖ « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​ទ្រង់​សម្តែង ឲ្យ​ពួក​ហោរា ជា​អ្នកបម្រើ​ទ្រង់ ឃើញ​គំនិត​លាក់កំបាំង​របស់​ទ្រង់​ផង » ។ ១១

នៅ​ក្នុង​ស្មារតី​នេះ ប្រធាន រ័សុល អិម ណិលសុន ជា​ព្យាការី​បច្ចុប្បន្ន​របស់​ព្រះ​អម្ចាស់​នៃ​ពិភពលោក​នេះ​បាន​ផ្តល់​ដំបូន្មាន​ដ៏​បំផុសគំនិត​នាពេល​ថ្មីនេះ៖ « ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា ដំណឹងល្អ​នៃ​ការប្រែចិត្ត ។ ដោយសារតែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ដំណឹងល្អ​របស់​ទ្រង់​ផ្ដល់​ឲ្យ​នូវ​ការអញ្ជើញ​មួយ​ឲ្យ​បន្ដ​ផ្លាស់ប្ដូរ រីកចម្រើន ហើយ​កាន់​តែ​បរិសុទ្ធ ។ នេះ​គឺ​ជា​ដំណឹងល្អ​នៃ​សេចក្ដី​សង្ឃឹម ការព្យាបាល និង​ការរីកចម្រើន ។ ហេតុដូច្នេះ​ហើយ​ដំណឹងល្អ​គឺ​ជា​សារលិខិត​នៃ អំណរ ! វិញ្ញាណ​របស់​យើង​អររីករាយ​នឹង​គ្រប់​ជំហាន​តូចៗ ដែល​យើង​បោះ​ទៅ​មុខ ។ ១២

ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់​ដោយ​ស្មោះ និង​បញ្ចាក់​ពី​ភាព​ពិត​នៃ​ព្រះ និង​អព្ភូតហេតុ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​រាប់​មិន​អស់ ទាំង​ឋានៈទាប និង​ខ្ពស់ ។ ពិតណាស់ បទពិសោធន៍​ដ៏​ពិសិដ្ឋ​ជា​ច្រើនគឺ​កម្រ​លើក​មក​និយាយ​ណាស់ មួយ​ចំណែក​គឺ​ដោយសារ​តែ​ដើមកំណើត​ដ៏​ទេវភាព​របស់​បទពិសោធន៍​ទាំង​នោះ និង​អាច​បណ្តាល​ឲ្យ​នរណា​ម្នាក់​ដែល​ពុំ​ដឹង​ច្បាស់​សើច​ចំអក ។

ចំពោះ​បញ្ហា​នេះ ព្យាការី​ចុងក្រោយ​នៃ​ព្រះគម្ពីរ​មរមន គឺ​ព្យាការី​មរ៉ូណៃ បាន​រំឭក​យើង​ថា ៖

« ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ណា ដែល​បដិសេធ​វិវរណៈ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ដែល​និយាយ​ថា ឥត​មាន​ការណ៍​ទាំង​នោះ​ឡើយ ថា​គ្មាន​វិវរណៈ ឬ​ការព្យាករណ៍ ឬ​អំណោយទាន ឬ​ការព្យាបាល ឬ​ការនិយាយ​ដោយ​ភាសា និង​ការ​បកស្រាយ​នូវ​ភាសា​ទៀត ។

« មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​ណា​ដែល​បដិសេធ​នូវ​ការណ៍​ទាំង​នេះ នោះ​ពុំ​ស្គាល់​នូវ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ទេ មែន​ហើយ គេ​ពុំ​ទាន់​បាន​អាន​បទគម្ពីរ​ទាំង​ឡាយ​ឡើយ បើ​អ្នក​នោះ​អាន​ក៏​ពុំ​យល់​អ្វី​ដែរ ។

« ដ្បិត​តើ​ពុំ​មែន​ពួក​យើង​បាន​អាន​ហើយ​ឬ​អី​ថា ព្រះ​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល​ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​នៅ​ក្នុង​ព្រះ​អង្គ គឺ​គ្មាន​ការ​ប្រែប្រួល ឬ​ក៏​គ្មាន​ស្រមោល​នៃ​ការ​ផ្លាស់​ប្ដូរ​ឬ? » ១៣

ខ្ញុំ​សូម​បញ្ចប់​សុន្ទរកថា​របស់​ខ្ញុំ​ជា​មួយ​នឹង​ការបំផុសគំនិត​យ៉ាង​ពិតប្រាដក នៃ​ការប្រកាស​ការព្យាករ មក​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ដែល​បាន​ផ្តល់​ឲ្យ​នៅ​ចុងបញ្ចប់​នៃ​ការងារ​បម្រើ​របស់​លោក កាល​ដែល​លោក​ទន្ទឹង​រង់ចាំ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖ « តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ទេ​ឬ​អី ? ចូរ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ ។ បង​ប្អូន​អើយ [ ហើយ​ខ្ញុំ​សូម​បន្ថែម​បងប្អូន​ស្រី​ផងដែរ ] ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ ហើយ​ចូរ​ទៅ ចូរ​ទៅ ទៅ​រក​ជ័យ​ជម្នះ ! ចូរ​ឲ្យ​ចិត្ត​បងប្អូន​បាន​អរ​សប្បាយ ហើយ​រីករាយ​ជា​អតិបរមា​ចុះ » ។ ១៤ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕