សន្និសីទទូទៅ
សេចក្តីស្រឡាញ់​នៃ​ព្រះ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សេចក្តីស្រឡាញ់​នៃ​ព្រះ

ព្រះវរបិតានិង​ព្រះប្រោសលោះ​របស់​យើង បាន​ប្រទាន​ពរ​ដល់​យើង​នូវ​បទបញ្ញត្តិ​ទាំងឡាយ ហើយ​​ការគោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ទាំងទ្វេ នោះ​យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​កាន់​តែ​ពេញលេញ និង​ជ្រាលជ្រៅ​បន្ថែម​ទៀត ។

ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​យើង​យ៉ាង​ជ្រាលជ្រៅ និង​ឥតខ្ចោះ ។ ដោយសារ​ក្ដី​ស្រឡាញ់ ទ្រង់​បាន​បង្កើត​ផែនការ​មួយ ជា​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ និង​សុភមង្គល ដើម្បី​ផ្តល់​ឱកាស​ដល់​យើង​ទាំងអស់​គ្នា និង​អំណរ​ដែល​យើង​សុខចិត្ត​នឹង​ទទួល​រហូត​ដល់ និង​រួម​ទាំង​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ។ ដើម្បី​សម្រេច​ការណ៍​នេះ ទ្រង់​ថែម​ទាំង​ព្រម​ប្រទាន​ព្រះរាជបុត្រា​សំណប់​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ទៀត​ផង ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះវរ​បិតា—ដែល​ជា​សកល​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ប៉ុន្តែ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ។

ព្រះយេស៊ូវគ្រីស្ទ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​នេះ​ដូច​ព្រះវរបិតា​ដែរ ​ជា​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ប្រោសលោះ​យើង—ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ផែនការ​នោះ ។ ព្រះយេស៊ូវ​បាន​ស្ម័គ្រ​ព្រះទ័យ « ទូល​បង្គំ​នៅឯ​ណេះ​ហើយ សូម​ចាត់​ទូល​បង្គំចុះ » ។ ព្រះអង្គ​សង្គ្រោះ « មិន​ធ្វើ​ការណ៍​ណា​ឡើយ លើក​លែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក ដ្បិត​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្ដូរ​ជីវិត​ទ្រង់​ផ្ទាល់ ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស​ទាំង​អស់​មក​រក​ទ្រង់ ។ ហេតុដូច្នោះ​ហើយ ទ្រង់​មិន​ដែល​បញ្ជា​ដល់​អ្នកណា​ម្នាក់​ថា គេ​នឹង​មិន​គួរ​ទទួល​យក​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​នោះ​ឡើយ » ។

សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ​នេះ គួរតែ​ផ្ដល់​ដល់​យើង​នូវ​ការលួងលោម និង​ទំនុកចិត្ត​ដ៏​បរិបូរ នៅពេល​យើង​អធិស្ឋាន​ទៅ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃព្រះយេស៊ូវគ្រីស្ទ ។ ពុំ​មាន​យើង​ណា​ម្នាក់​ជា​អ្នក​ចម្លែក​ចំពោះ​ពួកទ្រង់​ឡើយ ។ យើង​មិន​ត្រូវ​ស្ទាក់ស្ទើរ​ក្នុង​ការអំពាវនាវ​ដល់​ព្រះ​នោះ​ទេ ទោះបី​ជា​នៅពេល​ដែល​យើង​មាន​អារម្មណ៍​ថា​មិន​មាន​ភាពស័ក្ដិសម​ក្ដី ។ យើង​អាច​ពឹងផ្អែក​លើ​សេចក្ដី​មេត្តា​កុរណា និង​ព្រះគុណ​របស់​ព្រះគ្រីស្ទ​ដើម្បី​បាន​ឮ ។ កាលដែល​យើង​ប្រកាន់​ខ្ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នោះ​យើង​ពឹងផ្អែក​កាន់តែ​តិច​ឡើងៗ​ទៅលើ​ការអនុម័ត​របស់​អ្នក​ដទៃ​ដើម្បី​ណែនាំ​យើង ។

សេចក្តីស្រឡាញ់​របស់​ព្រះ​ពុំ​លើកលែង​អំពើ​បាប​ទេ តែ​វា​ផ្ដល់​នូវ​សេចក្ដី​ប្រោសលោះ

ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​សម្រាប់​មនុស្ស​គ្រប់រូប នោះ​អ្នកខ្លះ​និយាយ​ថា​វា « គ្មាន​លក្ខខណ្ឌ » ហើយ​ក្នុង​គំនិត​ពួកគេ ពួកគេ​សន្មត​ពី​អត្ថន័យ​វា​ថា ពរជ័យ របស់​ព្រះ​គឺ « គ្មាន​លក្ខខណ្ឌ » ហើយ​ថា សេចក្ដី​សង្គ្រោះ គឺ « គ្មាន​លក្ខខណ្ឌ » ។ វា​ពុំ​មែន​ដូច្នោះ​ទេ ។ មនុស្ស​មួយ​ចំនួន​ទម្លាប់​និយាយ​ថា « ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​ខ្ញុំ​ទោះ​ខ្ញុំ​ជា​មនុស្ស​បែបណា​ក៏​ដោយ » ហើយ​នោះ​ជា​ការពិត​ណាស់ ។ ប៉ុន្តែ​ទ្រង់​មិន​អាច​យក​យើង​ទៅ​នគរ​របស់​ទ្រង់ ទោះ​យើង​ជា​មនុស្ស​បែបណា​ក៏​ដោយ​នោះ​ទេ « ដ្បិត​គ្មាន​អ្វី​ដែល​មិន​ស្អាត​អាចអាស្រ័យ​នៅ​ទី​នោះ ឬ​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ » ។ អំពើ​បាប​របស់​យើង​ត្រូវតែ​បាន​ដោះស្រាយ​ជាមុន​សិន ។

សាស្ត្រាចារ្យ ហ្យូហ៍ នីប្លី ធ្លាប់​បាន​កត់សម្គាល់​ថា នគរ​ព្រះ​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ ប្រសិន​បើ​វា​បណ្ដោយ​ឲ្យ​មាន​សូម្បី​តែ​អំពើ​បាប​តូច​បំផុត​នោះ​ថា « ភាព​ពុក​រលួយ​តែ​បន្តិចបន្តួច មាន​ន័យ​ថា​ពិភពលោក​ផ្សេង​ទៀត​នឹង​គ្មាន​ការពុករលួយ​និង​មិន​អស់កល្បជានិច្ច​ ។ គុណវិបត្តិ​តូចតាច​បំផុត​នៅក្នុង​អាគារ ស្ថាប័ន កូដ ឬ​ លក្ខណៈសម្បត្តិ នឹង​ជៀស​មិន​ផុត​ពី​មហន្តរាយ​ក្នុង​រយៈពេល​វែង​នៃ​ភាពអស់កល្ប​ឡើយ » ។ បទបញ្ញត្តិ​របស់​ព្រះ​គឺ « តឹងរឹង » ដោយសារ​នគរ និង​ប្រជារាស្ត្រ​របស់​ទ្រង់​អាច​មាន​ជំហរ​បាន​លើកលែង​តែ​ពួកគេ​បដិសេធ​សេចក្ដី​អាក្រក់ ហើយ​ជ្រើសរើស​ល្អ​ជានិច្ច ដោយ​គ្មាន​ការលើកលែង​ឡើយ ។ ១០

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​សង្កេត​ឃើញ​ថា « ​ដែល​មនុស្ស​ជាច្រើន​ក្នុង​វប្បធម៌​សម័យយើង​ភ្លេច ៖ មាន​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ រវាង​បញ្ញត្តិ​ដើម្បី​អភ័យ​បាប ( ដែល​ទ្រង់​មាន​សមត្ថភាព​ដើម្បី​ធ្វើគ្មានទីបំផុត ) និង​ការ​ព្រមាន​ទាស់​នឹង​ការ​បណ្ដោយ​ឲ្យ​មាន​បាប ( ដែល​ទ្រង់​ពុំ​ដែល​ធ្លាប់​ធ្វើ​សូម្បី​តែ​ម្ដង) នោះ » ។ ១១

ទោះបីជា​បច្ចុប្បន្ន​យើង​មាន​ភាព​មិន​ល្អ​ឥតខ្ចោះ​ក៏​ដោយ ក៏​យើង​នៅតែ​អាច​សង្ឃឹម​ថា​នឹង​ទទួល​បាន « ឈ្មោះ និង​ជំហរ » ១២ នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ និង​ក្នុង​ពិភព​សេឡេស្ទាល​ដែរ ។ បន្ទាប់​ពី​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ទ្រង់​មិន​អាច​លើកលែង ឬ​បិទ​ព្រះនេត្រ​ចំពោះ​អំពើបាប​នោះ​ទេ 

« ប៉ុន្ដែ​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ នោះ​នឹង​បាន​អត់ទោស » ។ ១៣

« ហើយ​ដរាប​ណារាស្ត្រ​យើង​ប្រែចិត្ត យើង​នឹង​អត់ទោស​ឲ្យ​គេ​ចំពោះ​ការរំលង​ច្បាប់​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង » ។ ១៤

ការប្រែចិត្ត និង​ព្រះគុណ​មក​ពី​ព្រះ​ដោះស្រាយ​ស្ថានភាព​ទុក្ខលំបាក ៖

« ហើយ​ចូរ​ចងចាំ​ដែរ នូវពាក្យ​ទាំង​ឡាយ ដែល​អាមូលេក​បាន​ពោល​ទៅ​កាន់​ស៊ី​អែសរ៉ុម នៅ​ក្នុង​ទី​ក្រុង​អាំម៉ូណៃហា ព្រោះ​លោក​បាន​និយាយ​ទៅ​គាត់​ថា ព្រះ​អម្ចាស់​ទ្រង់​ប្រាកដជា​នឹង​យាង​មក​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ប៉ុន្តែ​ថា​ទ្រង់​នឹង​មិន​យាង​មក​ប្រោស​លោះ​ពួក​គេ ក្នុង អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ​ទេ ប៉ុន្តែ​មក​ប្រោស​លោះ​ពួក​គេ ពី អំពើ​បាប​របស់​គេ​វិញ ។

« ហើយ​ទ្រង់​មាន​ព្រះ​ចេស្ដា ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ដល់​ទ្រង់ ដើម្បី​ប្រោស​លោះ​ពួក​គេ​ពី​អំពើ​បាប​របស់​គេ ដោយ​មក​ពី​ការ​ប្រែ​ចិត្ត ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ចាត់​ឲ្យ​ពួក​ទេវតា​របស់​ទ្រង់ មក​ប្រកាស​ដំណឹង​ល្អ​អំពី​លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​ការ​ប្រែ​ចិត្ត ដែល​នាំ​ទៅ​កាន់​ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ប្រោស​លោះ ឲ្យ​បាន​ដល់​សេចក្ដី​សង្គ្រោះ​ព្រលឹង​របស់​គេ » ។ ១៥

ជាមួយ​នឹង​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ព្រះអម្ចាស់​អាច​ប្រទាន​សេចក្ដី​មេត្តា​ករុណា​ដោយ​ពុំ​កោង​យក​សេចក្ដី​យុត្តិធម៌ ហើយ « ព្រះ​ទ្រង់​នឹង​ពុំ​មែន​ជា​ព្រះ​ទៀត​ទេ » ។ ១៦

របៀប​របស់​លោកិយ ដូច​ដែល​បងប្អូន​បាន​ដឹង គឺ​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ឬ « អ្វី​ក៏បាន​លើកលែង​តែ​ព្រះគ្រីស្ទ » ។ ជំនាន់​របស់​យើង​គឺ​ស្រដៀង​ទៅនឹង​ប្រវត្តិសាស្ត្រ​ក្នុង​ព្រះគម្ពីរ​មរមន ដែល​មនុស្ស​មាន​អំណាច​អនុវត្ត​អំណាច​គ្រប់​គ្រង​ដោយ​ឥត​សុចរិត​លើ​អ្នក​ដទៃ​ទៀត ហើយ​សាទរ​ចំពោះ​ការធ្វើ​អ្វី​តាម​ចិត្ត​ផ្នែក​ផ្លូវភេទ និង​លើក​តម្កើង​ការមាន​ទ្រព្យសម្បត្តិ​ច្រើន​ជា​គោលបំណង​នៃ​ការរស់រាន​មានជីវិត​របស់​យើង ។ ទស្សនវិជ្ជា​របស់​ពួកគេ​ដែល « រាប់​ថាសុចរិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​បន្តិច​បន្តួច » ១៧ ឬ​សូម្បី​តែ​ប្រព្រឹត្ត​អំពើ​បាប​ច្រើន​ក្ដី ប៉ុន្តែ​គ្មាន​នរណា​អាច​ផ្តល់​នូវ​ការប្រោសលោះ​នោះ​ទេ ។ ការណ៍​នោះ​បាន​មក​តែ​តាម​រយៈ​ព្រះលោហិត​របស់​កូន​ចៀម​ប៉ុណ្ណោះ ។ អ្វី​ល្អ​បំផុត ដែល​ក្រុម​មនុស្ស « អ្វី​ក៏បាន​លើកលែង​តែ​ព្រះគ្រីស្ទ » ឬ « ើកលែង​តែ​ការប្រែចិត្ត » អាច​ផ្ដល់​ឲ្យ​គឺ​ការអះអាង​គ្មាន​មូលដ្ឋាន​ថា ពុំ​មាន​អំពើ​បាប​ទេ ឬ​ថា​បើ​មាន​អំពើបាប វា​គ្មាន​លទ្ធផល​អ្វី​ទេ​នៅ​ទី​បំផុត​នោះ ។ ខ្ញុំ​មិន​អាច​មើលឃើញ​ថា អំណះអំណាង​នោះ​មាន​ប្រសិទ្ធិភាព​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ចុងក្រោយ​នោះ​ទេ ។ ១៨

យើង​ពុំ​ចាំបាច់​សាកល្បង​អ្វី​ដែល​មិន​អាច​ទៅរួច​ក្នុង​ការព្យាយាម​ដោះសារ​ចេញ​ពី​អំពើបាប​របស់​យើង​នោះ​ទេ ។ ម្យ៉ាង​វិញ​ទៀត យើង​ពុំ​ចាំបាច់​សាកល្បង​អ្វី​ដែល​មិន​អាច​ទៅរួច​ក្នុង​ការលុបចោល​នូវ​ឥទ្ធិពល​នៃ​អំពើបាប​ដោយ​គុណបុណ្យ​របស់​យើង​តែ​ម្យ៉ាង​នោះ​ដែរ ។ សាសនា​របស់​យើង​មិន​មែន​ជា​សាសនា​នៃ​ការធ្វើ​ឲ្យ​សមហេតុផល ហើយ​ក៏​មិនមែន​ជា​សាសនា​នៃ​ឥតខ្ជោះ​និយម​ដែរ—ប៉ុន្តែ​ជា​សាសនា​នៃ​សេចក្ដី​ប្រោសលោះ—ជា​សេចក្ដី​ប្រោសលោះ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិន​បើ​យើង​ស្ថិត​ក្នុង​ចំណោម​អ្នកទោស​ដែល​មាន​ដង្វាយធួន​របស់​ទ្រង់ អំពើបាប​របស់​យើង​ត្រូវ​ជាប់​នៅ​លើ​ឈើឆ្កាង​របស់​ទ្រង់​ហើយ« ដោយ​ស្នាម​របួស​របស់​ទ្រង់​ យើង​នឹង​ជា​សះស្បើយ »។  ១៩

សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្យការី​ឆ្លុះ​បញ្ជាំង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

ជា​យូរ​ណាស់​មក​ហើយ ខ្ញុំ​មាន​ការស្ងើច​ចំពោះ និង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្យាការី​នៃ​ព្រះ ក្នុង​ការព្រមាន​របស់​ពួកលោក​ប្រឆាំង​នឹង​អំពើ​បាប ។ ពួកលោក​ពុំ​ត្រូវបាន​ជំរុញ​ដោយសារ​តែ​បំណង​ចង់​ផ្ដន្ទាទោស​នោះ​ទេ ។ បំណង​ដ៏​ពិត​របស់​ពួកលោក​ឆ្លុះ​បញ្ជាំង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ តាមពិត​ទៅ វា ជា សេចក្ដីស្រឡាញ់​របស់​ព្រះ ។ ពួកលោក​ស្រឡាញ់​ពួកអ្នក​ដែល​ពួកលោក​បាន​បញ្ជូន មិន​ថា​ពួកគេ​ជា​នរណា ហើយ​ថា​ពួកគេ​ជា​មនុស្ស​បែបណា​នោះ​ទេ ។ ដូចជា​ព្រះអម្ចាស់​ដែរ ពួក​អ្នក​បម្រើ​របស់​ទ្រង់​ពុំ​ចង់​ឲ្យ​នរណា​ម្នាក់​រង​ការឈឺចាប់​នៃ​អំពើបាប និង​ជម្រើស​ដែល​មិន​ល្អ​នោះ​ទេ ។ ២០

អាលម៉ា​ត្រូវបាន​បញ្ជូន​ឲ្យទៅ​ប្រកាស​ពី​សារដំណឹង​នៃ​ការប្រែចិត្ត និង​សេចក្ដី​ប្រោសលោះ​ដល់​មនុស្ស​ដែល​ពេញ​ដោយ​ចិត្ត​ស្អប់ ដែល​មាន​បំណង​ធ្វើ​ទុក្ខ​បុកម្នេញ ធ្វើ​ទារុណកម្ម ថែមទាំង​សម្លាប់​ពួក​អ្នក​ជឿ​ជា​ពួក​គ្រីស្ទាន រួម​ទាំង​អាលម៉ា​ផ្ទាល់​ផងដែរ ។ ប៉ុន្តែ​លោក​បាន​ស្រឡាញ់​ពួកគេ និង​ចង់​ឲ្យ​ពួកគេ​បាន​សេចក្ដី​សង្គ្រោះ​ជា​ខ្លាំង ។ បន្ទាប់​ពី​ប្រកាស​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ដល់​ប្រជាជន​អាំម៉ូណៃហា អាល់ម៉ា បាន​អង្វរ​ថា ៖« ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ខ្ញុំ​មាន​បំណង​ពី​ជម្រៅ​ចិត្ត​ខ្ញុំ មែន​ហើយ ដោយ​ក្ដី​បារម្ភ​ដ៏​ធំ គឺ​ដល់​ការ​ឈឺ​ចាប់ សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​បោះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក … ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក [ របស់​ទ្រង់ ] » ។ ២១

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « វា​ជាក់​ច្បាស់ ដោយសារ​យើង​ពិតជា​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ទើប​យើង​ប្រកាស​ពី​សេចក្ដីពិត​របស់​ទ្រង់ » ។ ២២

ព្រះ​ស្រឡាញ់​បងប្អូន តើ​បងប្អូន​ស្រឡាញ់​ទ្រង់ដែរឬ​ទេ ?

សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​និង​ព្រះរាជបុត្រា​ត្រូវ​បាន​ផ្តល់​ដោយ​សេរី ប៉ុន្តែ​ក៏​រួម​បញ្ចូល​ទាំង​ក្តី​សង្ឃឹម​និង​ការរំពឹងទុកផងដែរ ។ ជា​ថ្មី​ម្ដង​ទៀត នេះ​ជា​ការដក​ស្រង់​ចេញ​ពី​ប្រធាន ណិលសុន « ក្រឹត្យវិន័យ​របស់​ព្រះ​ត្រូវ​បាន​លើក​កម្ពស់​ទាំង​ស្រុង​ តាមរយៈសេចក្ដី​ស្រឡាញ់ដ៏​គ្មាន​ដែន​កំណត់​របស់​ទ្រង់​ចំពោះ​យើង និង​ព្រះរាជ​បំណង​របស់​ទ្រង់​ចង់​ឲ្យ​យើង​ក្លាយ​ជា​អ្វីៗ​ដែល​យើង​អាច​ប្រែ​ក្លាយ » ។ ២៣

ដោយសារ​ទ្រង់ទាំងទ្វេ​រស្រឡាញ់​បងប្អូន នោះ​ទ្រង់ទាំងទ្វេរ​មិនសព្វព្រះទ័យ​ទុក​ឲ្យ​បងប្អូន « ជា​មនុស្ស​បែបណា​ក៏​ដោយ » នោះ​ទេ ។ ដោយសារ​តែ​ទ្រង់ទាំងទ្វេរ​ស្រឡាញ់​បងប្អូន នោះ​ទ្រង់​ទាំង​ទ្វេរ​សព្វព្រះទ័យ​ឲ្យ​បងប្អូន​មាន​ភាពរីករាយ​និង​ជោគជ័យ ។ ដោយសារ​ទ្រង់ទាំងទ្វេរ​ស្រឡាញ់​បងប្អូន នោះ​ទ្រង់ទាំងទ្វេរ​មាន​ព្រះទ័យ​ឲ្យ​បងប្អូន​ប្រែចិត្ត ដោយសារ​នោះ​ជា​ផ្លូវ​ទៅកាន់​ភាពរីករាយ ។ ប៉ុន្តែ​វា​ជា​ជម្រើស​របស់​បងប្អូន—ទ្រង់ទាំងទ្វេរ​គោរព​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន ។ បងប្អូន​ត្រូវ​តែ​ជ្រើស​ស្រឡាញ់​ទ្រង់ បម្រើ​ទ្រង់ រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ទាំងទ្វេរ ។ បន្ទាប់​មក ទ្រង់​អាច ប្រទានពរ ក៏​ដូចជា ស្រឡាញ់ បងប្អូន​កាន់តែ​បរិបូរ​ឡើង ។

ការរំពឹង​ទុក​ចម្បង​របស់​ទ្រង់​ពី​យើង​គឺ​ថា យើង​ក៏​ស្រឡាញ់​ដែរ ។ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តីស្រឡាញ់​នោះ​មិន​ស្គាល់ ព្រះ​វិញ​ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តីស្រឡាញ់​នោះ​ឯង ។ ២៣ « ក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ » ។ ២៥

អតីត​ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ ប្រធាន ចយ ឌី ចូនស៍ បាន​រំឭក​ឡើង​វិញ​ថា ពេល​ជា​គូស្វាមី​ភរិយា​វ័យ​ក្មេង​មួយគូ គាត់ និង​ស្វាមី​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​សួរសុខទុក្ខ និង​ផ្តល់​ការងារបម្រើ​ដល់​គ្រួសារ​មួយ​ដែល​ពុំ​បាន​មក​ព្រះវិហារ​អស់​ជា​ច្រើន​ឆ្នាំ ។ ពួកគេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ភ្លាមៗ​ថា​ ពួកគេ​មិន​ចង់​ឲ្យ​ពួកគាត់​មក​សួរ​សុខទុក្ខ​ទេ ។ បន្ទាប់​ពី​ខកចិត្ត​ចំពោះការព្យាយាម​ដែល​បរាជ័យ​បន្ថែម​ទៀត ហើយ​បន្ទាប់​ពី​ការអធិស្ឋាន និង​ការពិចារណា​ដ៏​ស្មោះត្រង់​ជា​ច្រើន នោះ​បងប្រុស និង​បងស្រី ចូនស៍ បាន​ទទួល​ចម្លើយ​ចំពោះ មូលហេតុ នៃ​ការបម្រើ​របស់​ពួកគាត់​ចេញ​ពី​ខ​នេះ​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៖ « អ្នក​ត្រូវ​ស្រឡាញ់​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់ពី​ចិត្ត​នៃ​អ្នក អស់ពី​ពលំ អស់ពី​គំនិត ហើយ​អស់ពី​កម្លាំង​នៃ​អ្នក ហើយ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់ ២៦ ស៊ីស្ទើរ ចូនស៍ បាន​មាន​ប្រសាសន៍​ថា

« យើង​បាន​ដឹង​ថា យើង​បាន​ព្យាយាម​ដោយ​ស្មោះត្រង់​ដើម្បី​បម្រើ​គ្រួសារ​នេះ និង​បម្រើ​ប៊ីស្សព​របស់​យើង ប៉ុន្តែ​យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា តើ​យើង​ពិតជា​បម្រើ​ដោយសារ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​ដែរ​ឬ​ទេ ។ …

« … ញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ » [ សូមមើល នីហ្វៃទី១ ១១:២២ ] ។ យើង​ធ្វើ​កិច្ចការ​នោះ​សម្រាប់​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​ឧបសគ្គ​ទៅជា​គ្មាន​ឧបសគ្គ​តទៅទៀត ។ បន្ទាប់​ពី​អស់​រយៈពេល​ជា​ច្រើន​ខែ​ដែល​យើង​ឈរ​នៅ​ក្រៅ​មាត់​ទ្វារ គ្រួសារ​នោះ​បាន​ចាប់ផ្តើម​ឲ្យ​ពួកយើង​ចូល​ផ្ទះ​របស់​ពួកគេ ។ ទីបំផុត យើង​បាន​មាន​ការអធិស្ឋាន និង​ការពិភាក្សា​ដំណឹងល្អ​ដ៏​ទន់ភ្លន់​ជាមួយ​គ្នា​ជា​ទៀងទាត់ ។ ចំណង​មិត្តភាព​យូរអង្វែង​បាន​បង្កើត​ឡើង ។ យើង​ថ្វាយ​បង្គំ និង​ស្រឡាញ់​ទ្រង់ តាមរយៈ​ការស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ » ។ ២៧

ក្នុង​ការទទួល​ស្គាល់​ថា​ព្រះ​ស្រឡាញ់​យើង​ដោយ​ឥត​ខ្ចោះ នោះ​យើង​ម្នាក់ៗ​អាច​សួរ​ថា « តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​ខ្លាំង​ប៉ុណ្ណា ? តើ​ទ្រង់​អាច​ពឹងផ្អែក​លើ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​ពឹងផ្អែក​លើ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ​ឬ​ទេ ? » តើ​វា​មិន​មែន​ជា​សេចក្ដី​ប្រាថ្នា​ដ៏​ស័ក្ដិសម​ទេ​ឬ ក្នុងការ​រស់នៅ​ឲ្យ​ព្រះ​អាច​ស្រឡាញ់​យើង មិន​ត្រឹម​តែ ទោះបីជា យើង​បរាជ័យ​ក៏​ដោយ​នោះ​ទេ ប៉ុន្តែ ដោយសារ អ្វី​ដែល​យើង​កំពុង​ប្រែក្លាយ​ផងដែរ​នោះ ? ឱ ដើម្បី​ទ្រង់​អាច​មាន​បន្ទូល​អំពី​បងប្អូន និង​ខ្ញុំ ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ទៅកាន់ ហៃរុម ស៊្មីធ ថា « យើង​ជា​ព្រះ​អម្ចាស់​ស្រឡាញ់​គាត់ មក​ពី​សេចក្ដី​ស្មោះ​នៃ​ចិត្ត​របស់​គាត់ » ។ ២៨ ចូរ​យើង​ចងចាំ​ពី​ការដាស់តឿន​ដ៏​សប្បុរស​របស់​យ៉ូហាន ៖ « ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ » ។ ២៩

តាមពិត បទបញ្ញត្តិ​របស់​ទ្រង់​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ—តែ​ផ្ទុយ​ពី​នោះ​វិញ ។ បទបញ្ញត្តិ​ទាំងនោះ​គូស​ចំណាំ​ពី​ផ្លូវ​នៃ​ការជា​សះស្បើយ សុភមង្គល ភាពសុខសាន្ត និង​អំណរ ។ ព្រះវរបិតា និង​ព្រះប្រោសលោះ​របស់​យើង បាន​ប្រទាន​ពរ​ដល់​យើង​នូវ​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​របស់​ពួកទ្រង់ នោះ​យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ពួកទ្រង់​កាន់តែ​ពេញលេញ និង​ជ្រាលជ្រៅ ។ ៣០

នេះ​ជា​ដំណោះស្រាយ​សម្រាប់​ពេល​ឈ្លោះ​ប្រកែក​ឥត​ឈប់ឈរ​របស់​យើង—គឺ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ។ នៅក្នុង​គ្រា​ដ៏​ចម្រុង​ចម្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ព្រះគម្ពីរ​មរមន បន្ទាប់​ពី​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ វា​បាន​ចែង​ថា « គ្មាន​ការ​ទាស់​ទែង​គ្នា នៅ​ក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មក​ពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស » ។ ៣១ កាល​ដែល​យើង​ពុះពារ​ឆ្ពោះ​ទៅកាន់​ក្រុង​ស៊ីយ៉ូន ចូរ​ចងចាំ​ពី​ការសន្យា​នៅក្នុង​គម្ពីរ​វិវរណៈ ៖ « មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង [ ដ៏​បរិសុទ្ធ ] តាម​ទ្វារ » ។ ៣២

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ភាពពិត​នៃ​ព្រះវរបិតាសួគ៌​យើង និង​ព្រះអង្គ​ប្រោសលោះ​យើង ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តី​ស្រឡាញ់​ដ៏​ខ្ជាប់ខ្ជួន និង​មិន​រីងស្ងួត​របស់​ពួកទ្រង់ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕