សន្និសីទទូទៅ
ទុក​ចិត្ត​ជាថ្មី
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ទុក​ចិត្ត​ជាថ្មី

ការទុកចិត្ត​លើ​ព្រះ និង​ការទុកចិត្តគ្នា​ទៅវិញទៅមក នាំមក​នូវ​ពរ​ជ័យ​ពី​សួគ៌ា ។

កាល​ពីក្មេង មានគ្រា​មួយនោះ ខ្ញុំបានគិត​ខ្លី​ចង់​​រត់​ចោល​ផ្ទះ ។ ដោយ​ភាព​ក្មេង​ខ្ចី ខ្ញុំ​មាន​អារម្មណ៍ថា គ្មាន​នរណា​ស្រឡាញ់​ខ្ញុំទេ ។

ម្តាយ​របស់ខ្ញុំបានស្តាប់ ហើយ​បានអះអាងចំពោះខ្ញុំ ។ ខ្ញុំ​បាន​នៅផ្ទះ​ដោយ​សុវត្ថិភាព ។

តើ​បងប្អូនធ្លាប់​មាន​អារម្មណ៍​ថា ដូច​ជា​បងប្អូន​កំពុង​រត់​ចោល​ផ្ទះ​ដែរឬ​ទេ ? ​ជាញឹកញាប់ ការរត់ចោល​ផ្ទះគឺមានន័យថា ការ​ទុកចិត្ត​បាន​រសាយ ឬ​បាត់បង់—ជា​​ការទុកចិត្ត​ចំពោះ​ខ្លួនឯង ចំពោះ​គ្នានឹងគ្នា និង​ចំពោះ​ព្រះ ។ នៅពេល​ការទុកចិត្ត​ក្លាយ​ជារឿង​ផ្ទុយទៅវិញ យើងងឿងឆ្ងល់​ថាតើ​ត្រូវ​ទុកចិត្ត​ជាថ្មី​ដោយរបៀបណា ។

សារលិខិត​របស់ខ្ញុំនៅថ្ងៃនេះ គឺថាព្រះនឹងយាង​មកជួប​យើង ទោះជាយើងកំពុង​មកផ្ទះ ឬកំពុងទៅផ្ទះ​ក្ដី ។​ យើង​អាច​រក​ឃើញ​សេចក្តីជំនឿ និង​សេច​ក្តី​ក្លាហាន ប្រាជ្ញា និង ការញែកដឹងនៅក្នុង​ទ្រង់​ដើម្បី​ទុកចិត្ត​ជាថ្មី ។​ ដូចគ្នានេះដែរ ទ្រង់បាន​សុំឲ្យយើង​បំភ្លឺ​គ្នាទៅ​វិញ​ទៅមក មាន​ការអភ័យទោស​ឲ្យ​បាន​ច្រើន និង​កាត់បន្ថយ​ការវិនិច្ឆ័យ​ចំពោះខ្លួនឯង និងចំពោះគ្នា ដូច្នេះទើប​សាសនាចក្រ​របស់ទ្រង់​អាច​ក្លាយ​ជាកន្លែង​មួយដែលយើង​មាន​អារម្មណ៍ថា​ដូចជាផ្ទះ មិនថាយើង​​មកជាលើកទីមួយ ឬត្រឡប់​មកវិញ​នោះទេ ។

ការទុកចិត្ត​គឺជាទង្វើនៃសេចក្ដីជំនឿ ។ ព្រះនៅ​តែ​បន្ត​គាំទ្រយើង ។ ប៉ុន្តែ​ការទុកចិត្ត​របស់​មនុស្ស​អាចចុះខ្សោយ ឬ​បាត់បង់ ​នៅ​ពេល ៖

  • មិត្តម្នាក់ សហការី​ជំនួញ ឬមនុស្ស​ម្នាក់​ដែលយើង​ទុកចិត្ត ខ្វះភាព​ស្មោះត្រង់ ធ្វើ​ឲ្យ​យើង​ឈឺចាប់ ឬ​កេង​យក​ប្រយោជន៍​​ពីយើង ។

  • ដៃគូជីវិត​មិនស្មោះត្រង់ ។

  • ប្រហែល​ជា​មនុស្ស​ដែល​យើង​ស្រឡាញ់ប្រឈមមុខ​នឹង​សេចក្តីស្លាប់ របួស ឬជំងឺ​ដោយ​មិន​បាន​រំពឹង​ទុក ។

  • យើង​ប្រឈមមុខ​នឹងការ​ឆ្ងល់អំពី​ដំណឹងល្អដែល​ពុំបាន​រំពឹង​ទុក វាអាច​ជា​អំពី​ប្រវត្តិសាស្ត្រ ឬ​គោល​នយោ​បាយ​សាសនាចក្រ ហើយមាន​មនុស្សម្នាក់​និយាយថា ​ព្រះវិហារ​របស់យើងបាន​លាក់បាំង ឬមិន​ប្រាប់​​ពី​សេចក្ដីពិត ។

ស្ថានភាព​ផ្សេងទៀត វាអាច​ជាមិនសូវ​ជាក់លាក់ ប៉ុន្តែ​មានកង្វល់​ស្មើគ្នា ។

ប្រហែល​ជាយើង​គិតថា​សាសនាចក្រ​គ្មាន​កន្លែង​សម្រាប់​យើង​ យើងមាន​អារម្មណ៍​មិន​ស័ក្តិ​សម យើងមានអារម្មណ៍ថា​ត្រូវ​អ្នក​ដ៏ទៃវិនិច្ឆ័យ​ ។

ឬ​ថា​ទោះបី​យើង​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ការរំពឹងទុកក្ដី ប៉ុន្តែ​គ្មាន​លទ្ធផល​ដូចបំណង ។ ទោះ​យើង​មាន​បទ​ពិសោធន៍​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្តី យើង​អាច​នឹងនៅ​តែពុំមាន​អារម្មណ៍ថា យើងដឹង​ថា​ព្រះមាន​ព្រះជន្ម​រស់ ឬ​ដំណឹងល្អ​ជា​ការ​ពិត​ ។

បច្ចុប្បន្ន​នេះមនុស្ស​ជាច្រើន​​មាន​អារម្មណ៍ថា វាជាការចាំបាច់ត្រូវ​ស្ដារ​ទំនុកចិត្ត​នៅ​ក្នុង​ទំនាក់ទំនង​មនុស្ស​ជាតិ និងសង្គម​សម័យ​ទំនើបឡើងវិញ ។

កាល​យើងសញ្ជឹងគិតពី​ទំនុកចិត្ត យើងដឹងថា​ព្រះ​គឺជាព្រះ​នៃ​សេចក្តីពិត ហើយ « ពុំអាច​កុហកឡើយ » ។ យើងដឹងថា​សេចក្ដីពិត​គឺ​ជា​ការ​ចេះ​ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ ពេលមុន និងពេល​ខាង​មុខ ។ យើង​ដឹងថាការ​បន្ដ​មាន​វិវរណៈ និងការបំផុសគំនិត មាន​ភាពស័ក្តិសម​នឹងសេចក្តីពិត​ដែល​ពុំផ្លាស់ប្តូរ ដើម្បី​ផ្លាស់ប្តូរ​កាលៈទេសៈ​នានា ។

យើង​ដឹងថា​ការមិន​គោរព​សេចក្តី​សញ្ញា​នាំ​ឲ្យ​មានការ​ខូចចិត្ត ។ គាត់និយាយ​ថា « ខ្ញុំ​បានធ្វើ​រឿងល្ងីល្ងើ » ។ « តើ​អ្នកអាចនឹង​អភ័យទោស​ឲ្យ​ខ្ញុំ​ឬទេ ? » គូស្វាមីភរិយា​អាច​កាន់ដៃគ្នា​ ហើយ​សង្ឃឹម​ថា​នឹងអាច​ទុកចិត្ត​ជាថ្មី ។ នៅក្នុង​ដំណើររឿង​ផ្សេងទៀត ​មានអ្នកទោស​ម្នាក់​បាន​សញ្ជឹងគិត​ថា « ប្រសិន​បើ​ខ្ញុំ​គោរព​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ខ្ញុំនឹង​មិន​មកនៅ​ទី​នេះ​ ថ្ងៃនេះទេ » ។

យើង​ស្គាល់​អំណរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ និងការហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ​គឺជា​ការ​អញ្ជើញ​មួយ ដើម្បី​ទទួល​អារម្មណ៍​ដឹងថា ព្រះទុក​ព្រះទ័យ និង​ស្រឡាញ់​យើង និង​ចំពោះ​គ្នាទៅវិញ​ទៅមក ។ សមា​ជិកនៃ​សាសនា​ចក្រ រួមទាំង​យុវមជ្ឈិម​វ័យ​នៅ​លីវ​ផងដែរ ជាទូទៅ​បម្រើ​ក្នុង​សាសនាចក្រ និង​នៅក្នុង​សហ​គមន៍​របស់​យើង ។

តាមការ​បំផុស​គំនិត ប៊ីស្សពបាន​ហៅ​គូស្វាមី​ភរិយា​វ័យក្មេង​មួយគូ ឲ្យ​បម្រើ​នៅក្នុង​ថ្នាក់​ទារកដ្ឋាន​ប្រចាំ​វួដ ។ ដំបូងឡើយ ស្វាមី​រូបនោះ​បាន​អង្គុយ​នៅឯជ្រុងម្ខាង ​មិន​សូវ​រវីរវល់ និង​មិនសូវ​រួសរាយ​ឡើយ ។ យូរៗទៅ គាត់​បានចាប់​ផ្តើម​ញញឹម​ជាមួយ​កុមារ ។ ក្រោយ​មក គូស្វាមី​ភរិយា​រូប​នោះ​បាន​បង្ហាញ​ពី​អំណរ​គុណ ។ ​ពួកគាត់​បាន​និយាយថា កាល​ពីមុន​ភរិយា​ចង់បាន​កូន ប៉ុន្តែ​ស្វាមី​មិន​ចង់បានទេ ។ តែ​ពេល​នេះ ការបម្រើ​បាន​ធ្វើឲ្យ​ពួកគាត់​ផ្លាស់​ប្តូរ​ចិត្ត និង​ធ្វើ​ឲ្យ​ពួកគាត់​មាន​គំនិតរួមគ្នាវិញ ។ ហើយ​វាក៏បាន​នាំអំណរ​នៃការ​មាន​កូន​ចៅ​ចូលក្នុង​អាពាហ៍​ពិពាហ៍ និង​គេហ​ដ្ឋាន​របស់​គាត់​ផងដែរ ។

នៅឯ​ទីក្រុងមួយទៀត មានម្តាយ​វ័យក្មេង​ម្នាក់​មាន​កូន​តូចៗ ឯស្វាមី​របស់នាង​បានភ្ញាក់ផ្អើល និង​ភ័យខ្លាច ប៉ុន្តែ​ព្រម​ទទួល​យក នៅពេល​ភរិយាគាត់ហៅ​ឲ្យ​បម្រើជា​ប្រធាន​សមាគម​សង្គ្រោះ​វួដ ។ បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន​ព្យុះទឹក​កក​បាន​កាត់​ផ្តាច់​ចរន្ត​អគ្គីសនី ធ្វើ​ឲ្យ​ធ្នើ​ហាង​ទំនិញ​គ្មាន​ឥវ៉ាន់​លក់ ហើយ​ផ្ទះត្រជាក់​ដូច​ធុង​ទឹកកក ។ ពីព្រោះ​ពួក​គេ​មាន​អគ្គីសនី និង​ម៉ាស៊ីន​កម្ដៅ គ្រួសារវ័យ​កេ្មងនេះ​មាន​ចិត្តសប្បុរស​បើក​ទ្វារផ្ទះ​ទទួល​ក្រុមគ្រួសារ និង​មនុស្ស​ផ្សេងៗ​ជាច្រើន​នាក់​ទៀត​ឲ្យស្នាក់​នៅ​ក្នុង​ផ្ទះ​របស់ពួក​គេ​រហូត​ដល់​ឈប់មានព្យុះ​ ហើយ​មានអគ្គី​សនី​ឡើង​វិញ ។

ការទុកចិត្ត​ក្លាយ​ជាការ​ពិត នៅ​ពេល​យើង​ធ្វើ​កិច្ចការ​លំបាក​ដោយ​សេច​ក្តី​ជំនឿ ។ ការបម្រើ និង​ការ​លះ​បង់ បង្កើន​សមត្ថ​ភាព និងដុសខាត់ដួង​ចិត្ត ។ ការទុកចិត្ត​លើ​ព្រះ និង​ការទុកចិត្តគ្នា​ទៅវិញទៅមក នាំមក​នូវ​ពរ​ជ័យ​ពី​សួគ៌ា ។

បន្ទាប់​ពីជា​សះស្បើយ​ពី​ជំងឺ​មហារីក បងប្រុស​ដ៏ស្មោះត្រង់​រូប​នេះ​ត្រូវ​ឡាន​បុក ។ ជំនួសឲ្យ​ការតូចចិត្ត​ចំពោះ​ខ្លួនឯង គាត់​បានអធិស្ឋាន​ទូល​សួរ « តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​ពី​បទ​ពិសោធន៍​នេះ ? » នៅក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​របស់គាត់ គាត់បាន​បំផុស​គំនិត​ឲ្យ​មើល​ឃើញ​គិលានុប្បដ្ឋាយិកា​ម្នាក់​ដែលបាន​ព្រួយចិត្ត​ពី​ស្វាមី និងកូនៗ​របស់​នាង ។ អ្នក​ជំងឺ​ដែល​កំពុង​តែ​ឈឺចាប់​ម្នាក់ បាន​ទទួល​ចម្លើយ នៅពេល​គាត់ទុកចិត្ត​លើព្រះ ហើយ​បាន​ឈោង​ទៅជួយ​មនុស្ស​ដទៃ​ទៀត ។

កាល​ប្អូនប្រុស​ម្នាក់​មាន​បញ្ហា​ផ្នែក​រូបអាស​គ្រាម​កំពុងរង់​ចាំ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​ប្រធានស្តេកគាត់ ប្រធាន​ស្តេក​បាន​អធិស្ឋាន​ទូល​សូម​ចំណេះ​ដឹង​ដើម្បីគាត់​អាច​ជួយបាន ។ មាន​ការ​បំផុសគំនិត​យ៉ាង​ច្បាស់​មួយថា « ចូរបើក​ទ្វារ ឲ្យគាត់​ចូលមក »។ ដោយមាន​សេចក្តី​ជំនឿ និង​ការទុកចិត្ត​លើ​ព្រះ​ថា ​ព្រះ​នឹង​ជួយ នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាពរូបនេះ បាន​បើកទ្វារ ហើយ​ឱប​ប្អូន​ប្រុសរូប​នោះ ។ ពួកគាត់​ម្នាក់ៗ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ និង​ការទុកចិត្ត​លើព្រះ និង​ចំពោះគ្នា​ទៅវិញ​ទៅមក ។ ដោយ​មាន​កា​រជួយ​ជ្រោមជ្រែង ប្អូន​ប្រុស​រូប​នោះ​អាច​ចាប់ផ្តើម​ប្រែចិត្ត និង​ផ្លាស់ប្តូរ ។

ខណៈ​ដែល​ស្ថានភាព​យើង​ម្នាក់ៗ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន នោះគោល​ការណ៍​នៃដំណឺងល្អ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យដឹងពីរបៀប និង​ពេលណា​ដែល​យើង​អាច​ទុក​ចិត្ត​លើ​អ្នក​ដទៃ​ម្តង​ទៀត ។ នៅពេល​ទំនុក​ចិត្ត​ត្រូវបាន​បំពាន ឬ​ក្បត់ នោះការខក​ចិត្ត​ និងការ​ស្រងាក​ចិត្ត ​គឺ​ពិតជាមានមែន ហើយ​ការចេះសង្កេត​ដើម្បី​ដឹង​ថា នៅពេល​ដែល​សេចក្តីជំនឿ និង​សេចក្តីក្លាហាន គឺជា​គុណបុណ្យ ដើម្បីទុកចិត្ត​ជាថ្មី​នៅក្នុង​ទំនាក់​ទំនង​មនុស្ស​ជាតិ​ នោះក៏មាន​ពិត​ផងដែរ ។

ប៉ុន្តែប្រធាន រ័សុល អិម ណិលសុន បាន​អះ​អាង​ ​ដោយ​ការ​គោរព​ព្រះ និង​វិវរណៈ​ផ្ទាល់​ខ្លួនថា « បងប្អូន​មិនត្រូវ​ងឿង​ឆ្ងល់​ពីអ្នក​ដែល​បងប្អូន​អាច​ទុកចិត្ត​ដោយ​សុវត្ថិ​ភាព​នោះ​ទេ »។ យើង​អាច​ទុក​ចិត្ត​ទៅលើ​ព្រះ​បាន​ជានិច្ច ។ ព្រះអម្ចាស់​ស្គាល់​យើង​ និង​ស្រឡាញ់​យើងជាង​​ដែល​យើង​ដឹង ឬ​ស្រឡាញ់​ខ្លួន​យើង​ទៅទៀត ។ សេចក្តី​ស្រឡាញ់​ដ៏​និរន្តរ និង​ព្រះតម្រិះ​ដ៏ឥតខ្ចោះ​អំពី​អតីតកាល បច្ចុប្បន្ន​កាល និង​អនា​គត​កាល​របស់ទ្រង់ ធ្វើឲ្យ​សេចក្តី​សញ្ញា និង​សេចក្តី​សន្យា​ទ្រង់​នៅស្ថិតថេរ និង​ពិត​ប្រាកដ ។

សូមទុក​ចិត្ត​លើ​អ្វី​ដែល​ព្រះគម្ពីរ​ហៅ​ថា ​« ក្រោយមក » ។ ដោយមាន​ពរជ័យ​របស់ព្រះ និង​ពេលក្រោយមក និង​ការ​បន្ត​មាន​សេចក្តី​ជំនឿ និង​ការប្រតិបត្តិ នោះយើង​អាច​រកឃើញ​ដំណោះ​ស្រាយ និង​ភាព​សុខ​សាន្ត​បាន ។

ព្រះ​អម្ចាស់​បាន​លួង​លោម​ថា

« ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន ​តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ » ។

​« ចូរផ្ទេរ​បន្ទុក​របស់​អ្នក​ទៅលើ​ព្រះយេ​ហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក » ។

​« គ្មាន​ទុក្ខព្រួយ​លើ​ផែនដី​ណា ដែល​ឋានសួគ៌​ពុំ​អាច​ព្យាបាល​បាននោះ​ទេ »។១០

សូម​ទុកចិត្ត​ទៅលើ​ព្រះ១១ និង​អព្ភូតហេតុ​របស់​ទ្រង់ ។ រូបយើង និង​ទំនាក់ទំនង​របស់​យើង​អាច​ផ្លាស់​ប្ដូរ​បាន ។ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ​ ជាព្រះ​អម្ចាស់​ នោះយើងអាច​សម្រាត​ភាព​ខាង​សាច់​ឈាម​ ហើយ​ក្លាយ​ទៅ​ដូច​ជាកូន​ក្មេង ស្លូត​បូត រាបសា ។ ១២ ពោរពេញ​ទៅដោយ​សេច​ក្តី​ជំនឿ និង​ការ​ជឿ​ទុក​ចិត្ត​ត្រឹមត្រូវ ។ នៅពេល​យើង​ប្រែចិត្ត នៅពេល​យើង​សារភាព ហើយ​លះបង់ចោល​អំពើ​បាប​របស់​យើង នោះ​ព្រះ​អម្ចាស់​មាន​បន្ទូល​ថា ទ្រង់​នឹង​ពុំ​ចងចាំ​អំពើ​បាប​នោះ​ទៀត​ឡើយ ។១៣ មិនមែន​ទ្រង់​ភ្លេច​នោះទេ ប៉ុន្តែវាជា​វីធី​មួយ​ដ៏​អស្ចារ្យ ដែលហាក់ដូចជាទ្រង់​​ជ្រើសរើស​មិនចងចាំ​តទៅទៀត ហើយ​យើង​ក៏​មិន​ត្រូវចងចាំ​ដែរ ។

សូម​ទុក​ចិត្ត​ទៅលើ​ការ​បំផុស​គំនិតរបស់​ព្រះ ដើម្បី​ញែកដឹង​ដោយ​វាង​វៃ ។ យើងអាច​អត់​ទោស​​អ្នកដទៃ តាម​ពេល​វេលា​ត្រឹម​ត្រូវ និង​តាម​របៀប​ដែល​ព្រះអម្ចាស់​មានបន្ទូលថា ​យើងត្រូវតែ​ធ្វើ ១៤ត្រូវឆ្លាត​ដូចពស់ ហើយ​សុភាព​ដូចជាព្រាប » ។១៥

ជួនកាលពេល​ដែល​ដួង​ចិត្ត​របស់យើង​សង្រេង និង​ទន់ទាប​បំផុត នោះយើង​ក៏​បើក​បេះដូង​​ទទួល​ការលួងលោម និង​ការ​ណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុតផង​ដែរ ។១៦ ទាំងការ​ដាក់ទោស និង​ការអត់ទោស គឺចាប់ផ្តើម​ដោយ​ការដឹង​ខ្លួន​ថា​ធ្វើខុស ។ ជាញឹកញាប់​ ការដាក់ទោស​គឺ​ផ្តោត​ទៅ​លើ​អតីត​កាល ។ ការអត់​ទោស​សម្លឹង​មើលទៅ​សេរីភាព​នា​ពេលអនាគត ។ « ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំជម្រះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយ​សារ​ទ្រង់​វិញ » ។១៧

សាវកប៉ុល បានសួរថា « តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន ? » គាត់ឆ្លើយថា « ទោះស្លាប់​ឬ​រស់​…​ទីមាន​កម្ពស់ ទីជម្រៅ… ពុំ​អាច​នឹង​ពង្រាត់​យើង​ចេញពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ » ។១៨ ប៉ុន្តែមាន​មនុស្ស​ម្នាក់​ដែល​អាច​បំបែក​យើង​ចេញ​ពីព្រះ និង​ព្រះ​យេស៊ូវ​គ្រីស្ទ—ហើយ​ម្នាក់​នោះ​គឺខ្លួន​យើង​ផ្ទាល់ ។ ដូច​អេសាយ​ថ្លែងថា « អំពើបាប​របស់​ឯង​រាល់គ្នា បាន​បាំង​ព្រះភក្រ្តទ្រង់​មិន​ឲ្យ​ឯង​ឃើញ » ។១៩

តាម​រយៈ​ក្តីស្រឡាញ់​ និង​ក្រឹត្យវិន័យ​ដ៏ទេវភាព យើង​ទាំង​អស់​គ្នា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​ជ្រើស​រើស និង​លទ្ធផល​នៃ​ការជ្រើសរើស​របស់យើង ។ ប៉ុន្តែ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជាទីស្រឡាញ់​របស់​យើង​គឺ « និរន្ដរ និង​អស់កល្ប​ជានិច្ច »។២០ នៅពេល​យើង​បានត្រៀម​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ទោះ​ជាយើង « ឃើញ​ពី​ចម្ងាយ​ » ក្ដី២១ តែព្រះបាន​រៀបចំ​ជាស្រេច​ជាមួយ​នឹង​សេចក្តី​មេត្តា​ដ៏មហិមា ដើម្បី​ស្វាគមន៍​យើង ហើយ​ប្រទាន​អំណរ​ដ៏អស្ចារ្យ​បំផុត​ដែល​ទ្រង់​អាច​ធ្វើ​បាន ។២២

ប្រធាន ជេ រ៉ូប៊ីន ក្លាក បានមាន​ប្រសាសន៍ថា « ខ្ញុំ​ជឿ​ថា​ព្រះ​វរបិតាសួគ៌​របស់យើង​មាន​ព្រះទ័យចង់​ជួយសង្គ្រោះ​បុត្រាបុត្រី​ទ្រង់​គ្រប់រូប…ស្របតាម​សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​របស់ទ្រង់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដ៏ធំ​បំផុត​ដល់​យើង​ស្របតាម​ទង្វើ​របស់យើង ទ្រង់​ប្រទាន​អ្វី​គ្រប់យ៉ាង​ដែល​ទ្រង់​អាច​ប្រទាន​ឲ្យ​ ហើយ​ម្យ៉ាងទៀត ខ្ញុំ​ជឿ​ថា​ទ្រង់​នឹង​កំណត់​ការដាក់​ពិន័យ​លើ​យើង​ទាបបំផុត​ទៅតាម​លទ្ធភាព​ដែល​ទ្រង់​អាច​កំណត់ »។២៣

កាលនៅលើ​ឈើ​ឆ្កាង ព្រះអង្គ​សង្រ្គោះ​របស់​យើង​ទូលអង្វរ​ដោយ​ក្តីមេត្តា​ទៅ​ព្រះបិតា​របស់ទ្រង់ ដោយ​គ្មានលក្ខខណ្ឌ​ថា « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំងនេះ​ផង » ហើយថែម​ទាំង​បញ្ជាក់ថា « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំងនេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។២៤ សិទ្ធិជ្រើសរើស និង​សេរីភាព​របស់​យើង​មាន​អត្ថ​ន័យ​ ពីព្រោះយើង​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ និង​ចំពោះ​ខ្លួន​យើង ​ថាយើង​ជានរណា​ចំពោះអ្វី​ដែល​យើង​បាន​ដឹង និង​ធ្វើ ។ សូម​អរគុណ​ដែល​យើង​អាច​ទុកចិត្ត​លើ​សេចក្តី​យុត្តិធម៌​ និង​សេចក្តី​មេត្តាករុណា​ដ៏ឥត​ខ្ចោះរបស់​ព្រះ ដើម្បី​វិនិច្ឆ័យ​ដោយ​ឥត​ខ្ចោះចំពោះ​បំណងចិត្ត និង​ទង្វើ​របស់​យើង ។

យើង​សូម​បញ្ចប់​ដូចជា​ពេល​ចាប់ផ្តើម​ថា—ដោយ​សេចក្តី​មេត្តាករុណា​របស់​ព្រះ យើងម្នាក់ៗ​អាច​ត្រឡប់​ទៅ​ស្ថានសួគ៌​ជួប​ទ្រង់ និង​ជួប​គ្នា​វិញ​ម្តងទៀត ។

តើ​បងប្អូន​នៅ​ចាំ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះយេស៊ូវ​គ្រីស្ទ អំពី​បុរស​ដែល​មាន​កូនប្រុស​ពីរ​នាក់​ដែរ​ឬ​ទេ ?២៥ កូន​ប្រុស​ម្នាក់​បាន​ចាកចេញ​ពីផ្ទះ ហើយ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​របស់​គាត់ ។ ពេល​គាត់​ភ្ញាក់​ខ្លួន កូន​ប្រុស​នោះ​បាន​រកផ្លូវ​មក​ផ្ទះ​វិញ ។ កូន​ប្រុស​ម្នាក់ទៀត​មាន​អារម្មណ៏ថា គាត់​បាន​គោរព​តាម​បទ​បញ្ញត្តិ « ប៉ុន្មាន​ឆ្នាំនេះ​មក​ហើយ » ២៦ មិនចង់​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​ត្រឡប់​មកផ្ទះ​វិញ​ទេ ។

បង​ប្អូន​ប្រុស​ស្រី តើ​បងប្អូន​អាច​ចាត់ទុកថា​ព្រះយេស៊ូវ កំពុង​បង្គាប់​យើង​ឲ្យ​បើក​ដួងចិត្ត ការយល់ដឹង សេចក្តី​មេត្តា​ករុណា និង​សេចក្តី​រាបសា​របស់យើង ហើយ​ត្រូវ​មើល​ឃើញ​ខ្លួន​យើង​ថាជា​តួអង្គទាំងពីរ​នោះដែរ​ឬ​ទេ ?

ដូច​ជាកូនប្រុស ឬ​កូនស្រី​ទីមួយ​នោះ​ដែរ យើង​អាច​វង្វេង​ផ្លូវ ហើយ​ក្រោយ​មក​ក៏​រកឃើញ​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​ ។ ព្រះ​រង់ចាំ​ស្វាគមន៍​យើង​ជានិច្ច ។

ហើយ​ក៏​ដូច​ជា​កូន​ប្រុសស្រី​ផ្សេង​ទៀត​ដែរ ព្រះបាន​អង្វរ​យើង​ដោយ​ទន់ភ្លន់​ឲ្យ​យើង​រីករាយ​ជាមួយ​គ្នា នៅ​ពេល​យើង​ត្រឡប់​មកផ្ទះ​ជួប​ទ្រង់​វិញ ។ ទ្រង់​អញ្ជើញ​យើង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ កូរ៉ុម ថ្នាក់ និង​សកម្ម​ភាព​ផ្សេងៗ​របស់​យើង​ទទួលស្វាគមន៍ មានភាព​ជឿជាក់ មាន​សុវត្ថិភាព—ជា​ផ្ទះ​សម្រាប់​គ្នា​ទៅវិញ​ទៅមក ។ ដោយ​សេចក្តីសប្បុរស ការយល់ចិត្ត និង​ការចេះ​គោរពគ្នា យើង​ម្នាក់ៗ​ស្វែងរក​ព្រះអម្ចាស់​ដោយ​រាបសា និង​ការអធិស្ឋាន ហើយ​​ស្វាគមន៍​ពរជ័យ​នៃដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើងវិញ​សម្រាប់​យើង​ទាំងអស់គ្នា ។

ដំណើរ​ជីវិត​យើង​ម្នាក់ៗ​​មាន​លក្ខណៈ​បុគ្គល ប៉ុន្តែ​យើង​អាច​មក​រក​ព្រះ​ម្តងទៀត ​ព្រះជា​ព្រះបិតា​របស់យើង និង​ព្រះរាជ​បុត្រាដ៏​ស្ងួនភ្ញា​របស់​ទ្រង់ តាមរយៈ​ការទុក​ចិត្ត​ព្រះ ទុក​ចិត្ត​គ្នា​ និង​​ទុក​ចិត្ត​លើ​ខ្លួនឯង ។២៧ ព្រះ​យេស៊ូវ​អំពាវនាវថា « កុំខ្លាចអី ឲ្យគ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។២៨ ដូចជា​ព្យាការី​យ៉ូសែប យើងមិន​តក់ស្លុតឡើយ ​សូម​យើង​ទុក​ចិត្ត​លើ​ការថែរក្សា​របស់​ព្រះវរបិតា​សួគ៌​​នៃ​យើង ។២៩ បងប្អូនប្រុស បងប្អូនស្រី​ មិត្តភក្ដិជាទីស្រឡាញ់ សូម​ស្វែងរក​សេចក្ដីជំនឿ និង​ទំនុកចិត្ត​ម្ដងទៀត— វាជា​អព្ភូតហេតុមួយ​ដែលទ្រង់​បាន​សន្យា​នឹង​បងប្អូន​នៅសព្វថ្ងៃនេះ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។