សន្និសីទទូទៅ
ការពិភាក្សា​បញ្ហាសុខភាព​ផ្លូវចិត្ត
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ការពិភាក្សា​បញ្ហាសុខភាព​ផ្លូវចិត្ត

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចែករំលែក​ការសង្កេត​ជាច្រើន​ដែល​ខ្ញុំ​បានធ្វើ ខណៈពេល​ដែល​គ្រួសារ​របស់យើង​បាន​ឆ្លងកាត់​ការសាកល្បង​ទាំងនេះ ។

ទោះ​បីជា​ក្រុមគ្រួសារ​របស់យើង​បាន​ទទួល​ពរជ័យ​ដ៏​បរិបូរ ខណៈពេល​ដែល​កំពុង​ដើរ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ដោយ​ភាពរីករាយ​ក្តី ក៏យើង​ប្រឈមមុខ​នឹង​ឧបសគ្ក​ធំៗ​ផងដែរ ។ ខ្ញុំ​ចង់​ចែករំលែក​នូវ​បទពិសោធន៏​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​មួយ​ចំនួនទាក់ទង​ទៅនឹង​ជំងឺ​ផ្លូវចិត្ត ។ ទាំងនេះ​រួមមាន ជំងឺ​ធ្លាក់​ទឹកចិត្ត ការថប់​បារម្ភ​ធ្ងន់ធ្ងរ ជំងឺ​បាយប៉ូឡា ADHD—ហើយ​ពេលខ្លះ​វា​គឺជា​ការបូក​រួម​បញ្ចូល​គ្នា​នៃជំងឺ​ទាំងអស់​នេះ ។ ខ្ញុំ​ចែកចាយ​បទពិសោធន៍​ដ៏​ទន់ភ្លន់​ទាំងនេះ​ដោយ​មាន​ការយល់ព្រម​ពីអស់អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ។

អំឡុងពេល​នៃ​ការបម្រើ​របស់​ខ្ញុំ ខ្ញុំ​បាន​ជួប​បុគ្គល និង​គ្រួសារ​រាប់រយនាក់​ដែលមាន​បទពិសោធន៍​ស្រដៀងគ្នា​នេះ ។ ពេលខ្លះ​ខ្ញុំ​ឆ្ងល់ថាបើ« ​ជំងឺ​ដ៏​ខ្លោចផ្សា​នឹង​គ្រប​លើ​ដែនដី »ដូច​ដែល​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ​តើអាចនឹង​រួមបញ្ចូល​ទាំង​ជំងឺ​ផ្លូវចិត្ត​ដែរឬទេ ។​ ជំងឺនេះ​មាន​ពាសពេញ​ពិភពលោក វាមាន​គ្រប់​ទ្វីប និង ​វប្បធម៌ ហើយ ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់រូប​ទាំងអស់—ទាំង​ក្មេង ចាស់ អ្នកមាន និង​ អ្នកក្រ ។ ទាំង​សមាជិក​សាសនាចក្រដែល​មិន​ត្រូវបាន​លើកលែង​នោះទេ ។

នៅក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផងដែរ គោលលទ្ធិ​របស់​យើង​បង្រៀន​យើង​ឲ្យ​ខិតខំ​ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្លាយជា​មនុស្ស​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។ កូនៗ​របស់យើង​ច្រៀង​ថា « ​ដូច​ព្រះយេស៊ូវ » ។ យើង​ប្រាថ្នា​ចង់បាន​ភាពល្អ​ឥតខ្ចោះ​សូម្បីតែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​របស់យើង គឺ​ល្អ​ឥតខ្ចោះ ។ ដោយសារ​ជំងឺ​ផ្លូវចិត្ត​អាច​ជ្រៀតជ្រែក​ជាមួយ​នឹង​ការយល់​ឃើញ​របស់យើង​ចំពោះ​ភាពឥតខ្ចោះ ជំងឺ​ផ្លូវចិត្ត​នេះ​នៅតែ​ជាញឹកញាប់​មិនសូវ​មាន​មនុស្ស​និយាយ​អំពីវា​នោះទេ ។ ជាលទ្ធផល វា​មាន​ភាពអវិជ្ជមានច្រើនពេក ការរងទុក្ខ​ដោយ​សម្ងាត់​ច្រើនពេក និង​ការអស់សង្ឃឹម​ច្រើនពេក ។ មនុស្ស​ជាច្រើន​មាន​អារម្មណ៍​តប់ប្រមល់​ដោយសារតែ​ពួកគេ​មិន​បំពេញ​ទៅតាម​បទដ្ឋាន​ដែល​ពួកគេ​យល់ឃើញ ដោយ​យល់ច្រឡំ​ជឿថា​ពួកគេ​មិន​មាន​កន្លែង​នៅក្នុង​សាសនាចក្រ​ទេ ។

ដើម្បី​ប្រឆាំង​នឹង​ការបោកប្រាស់​បែបនេះ វា​សំខាន់​ដើម្បី​ចងចាំ​ថា « ព្រះអង្គសង្រ្គោះ​ស្រឡាញ់​បុត្រា​បុត្រី​ម្នាក់ៗ​របស់ព្រះវរបិតា ។ ទ្រង់​យល់ពី​ការឈឺចាប់​យ៉ាង​ពេញលេញ និង​ការលំបាក​ដែល​មនុស្ស​ជា​ច្រើន​ដកពិសោធន៍​នៅពេល​ដែល​ពួកគេ​រស់នៅ​ជាមួយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាច្រើន ។ ទ្រង់​បាន​រង ‹ ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង … [ លើកដាក់ ]​លើ​ខ្លួន​ទ្រង់​នូវ​ការ​ឈឺ​ចាប់ និង​ជំងឺ​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ ›( អាលម៉ា ៧:១១; បានបញ្ជាក់​បន្ថែម; សូមមើល​ផងដែរ ហេព្រើរ ៤:១៥–១៦; នីហ្វៃទី​២ ៩:២១ ) ។ ដោយសារ​ទ្រង់​យល់ពី​ទុក្ខវេទនា​អស់ទាំង​នោះ ទ្រង់​ជ្រាប​ពីរបៀប​‹ ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង › ។​( លូកា ៤:១៨; សូមមើល​ផងដែរ អេសាយ ៤៩:១៣–១៦ ) » ។​ បញ្ហា​នានា​ជារឿយៗ​បង្ហាញ​ពី​ការ​ត្រូវការ​ឧបករណ៍ និង​ការគាំទ្រ​បន្ថែម ហើយ​មិន​ចាត់ទុក​វា​ជា​គុណវិបត្តិ​ចំពោះ​​ចរិតលក្ខណៈ​នោះឡើយ ។

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចែករំលែក​ការសង្កេត​ជាច្រើន​ដែល​ខ្ញុំ​បានធ្វើ ខណៈពេល​ដែល​គ្រួសារ​របស់យើង​បាន​ឆ្លងកាត់​ការសាកល្បង​ទាំងនេះ ។

ដំបូង មនុស្ស​ជាច្រើន​នឹង​ទួញយំ​ជាមួយ​នឹង​យើង ពួកគេ​មិន​វិនិច្ឆ័យ​យើង​នោះទេ ។ ដោយ​សារតែ​មាន​ការវាយប្រហារ​ ភ័យ​ស្លន់ស្លោ ការថប់បារម្ភ និង​ការធ្លាក់​ទឹកចិត្ត​យ៉ាងខ្លាំង កូនប្រុស​របស់យើង​បាន​ត្រលប់​មក​ផ្ទះវិញ​ពី​បេសកកម្ម​របស់គាត់​បន្ទាប់ពី​ចេញបាន​តែ​បួនសប្តាហ៍​ប៉ុណ្ណោះ ។ ក្នុងនាម​ជា​ឪពុកម្តាយ យើង​មាន​ការលំបាក​ក្នុង​ការដោះស្រាយ​នឹង​ការខកចិត្ត និង​ទុក្ខព្រួយ ពីព្រោះ​យើង​បាន​អធិស្ឋាន​យ៉ាងច្រើន​សម្រាប់​ភាពជោគជ័យ​របស់គាត់ ។ ដូច​ឪពុកម្តាយ​ទាំងអស់​ផងដែរ យើង​ចង់ឲ្យ​កូនៗ​របស់យើង​រីកចម្រើន និង​មាន​ភាពរីករាយ ។ បេសកកម្ម​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​កូនប្រុស​របស់យើង ។ យើង​ក៏ឆ្ងល់​ដែរថា​តើ​អ្នកដទៃ​ទៀត​អាច​នឹង​គិត​យ៉ាង​ដូចម្តេច ។

ដោយ​មិន​ដឹង​ខ្លួន​សោះ ការវិល​ត្រលប់​របស់​កូនប្រុស​យើង គឺ​កាន់តែ​អាក្រក់​សម្រាប់​គាត់ ។ សូម​កត់​សម្គាល់​ថា គាត់​ស្រឡាញ់​ព្រះអម្ចាស់ និង​ចង់​បម្រើ ប៉ុន្តែ​គាត់​មិន​អាច​ដោយសារ​មូលហេតុ​ដែល​គាត់​ពិបាក​យល់ ។ មិន​យូរ​ប៉ុន្មាន​គាត់​បាន​រកឃើញ​ខ្លួនឯង​នៅ​ចំណុច​មួយ​នៃ​ភាពអស់សង្ឃឹម ការប្រយុទ្ធ​ប្រឆាំង​នឹង​កំហុស​ដ៏​ធ្ងន់ធ្ងរ ាន​អារម្មណ៍​ថា​មាន​គេទទួល​ស្គាល់ ​ប៉ុន្តែ​មាន​អារម្មណ៏​ស្ពឹក​ខាង​វិញ្ញាណ ។ គាត់​​បានគិត​​តែមួយ​មុខ​គត់​គឺសេចក្តីស្លាប់ ។

ខណៈពេល​ដែល​នៅក្នុង​ស្ថានភាព​ខ្វះ​វិចារណញ្ញាណ កូន​ប្រុស​របស់យើង​បាន​ជឿថា​មានតែ​សកម្មភាព​មួយប៉ុណ្ណោះ​ដែល​នៅសល់ គឺការសម្លាប់ខ្លួន ។ វា​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​កងពល​ទេវតា​មួយក្រុម​នៅទាំង​សងខាង​នៃវាំងនន​ដើម្បី​ជួយ​សង្រ្គោះ​គាត់ ។

ខណៈពេល​ដែល​គាត់​កំពុង​តស៊ូ​ដើម្បី​ជីវិត​របស់​គាត់ និង​ក្នុង​អំឡុងពេល​ដ៏សែន​ពិបាក​នេះ គ្រួសារ​យើង ថ្នាក់ដឹកនាំ​វួដ សមាជិក និង​មិត្តភក្តិ​របស់យើង​ទាំងអស់​បាន​ប្រឹង​អស់ពី​សមត្ថភាពរបស់​ពួកគេ​ដើម្បី​ជួយ​គាំទ្រ និង​បម្រើ​ដល់​យើង ។

ខ្ញុំ​មិន​ដែលមាន​អារម្មណ៍​ថាមាន​សេចក្តី​ស្រឡាញ់​ដ៏​ហូរហៀរ​បែប​នេះទេ ។ ខ្ញុំ​មិនធ្លាប់​ដែលមាន​អារម្មណ៍​ថាមាន​ថាមពល​ខ្លាំងក្លា និង​តាម​របៀប​ផ្ទាល់ខ្លួន​បែប​នេះ​ទេ ថា​វា​មាន​ន័យ​យ៉ាងណា​ដើម្បី​លួងលោម​អ្នក​ដែល​ត្រូវការ​ការលួងលោម​នោះ ។ គ្រួសារ​របស់​យើង​នឹង​ដឹងគុណ​ជានិច្ច​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ហូរហៀ​ទាំងនោះ ។

ខ្ញុំ​មិន​អាច​ពិពណ៌នា​អំពី​អព្ភូតហេតុ​ដ៏​រាប់​មិនអស់​ដែល​មក​ជាមួយនឹង​ព្រឹត្តិការណ៍​ទាំងនេះ​ទេ ។ យើង​មាន​អំណរគុណ​ណាស់ កូនប្រុស​របស់​យើង​បាន​រួច​ជីវិត ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​យ៉ាង​យូរ និង​ការព្យាបាល​ផ្នែក​វេជ្ជសាស្រ្ត ការព្យាបាល​ទេរ៉ាពី និង​ការព្យាបាល​ខាងវិញ្ញាណ​ជាច្រើន ដើម្បី​ឲ្យ​គាត់​ជា​សះស្បើយ និង​ដើម្បី​ទទួល​ស្គាល់​ថា​គាត់​ត្រូវបាន​គេ​ស្រឡាញ់ ឲ្យ​តម្លៃ និង​ត្រូវការ ។

ខ្ញុំ​ទទួល​ស្គាល់ថា​មិនមែន​គ្រប់​ឧប្បត្តិហេតុ​បែបនេះ​មានទី​បញ្ចប់​ដូច​រឿង​របស់យើង​នោះទេ ។ ខ្ញុំ​សោកស្តាយ​ជាមួយ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ឆាប់​រហ័សពេក និង​នៅពេល​នេះ​ត្រូវបាន​បន្សល់ទុក​ដោយ​អារម្មណ៍​ទុក្ខព្រួយ​ក៏ដូចជា​សំណួរ​ដែល​គ្មាន​ចម្លើយ​ទាំងឡាយ ។

ការសង្កេត​បន្ទាប់​ទៀត​របស់ខ្ញុំ គឺថា​វា​អាច​ជា​ការពិបាក​សម្រាប់​ឪពុកម្តាយ​ដើម្បី​កំណត់​ពី​ការលំបាក​ទាំងឡាយ​របស់កូនៗ ប៉ុន្តែ​យើង​ត្រូវតែធ្វើ​ឲ្យ​ខ្លួនឯងបានទទួល​ចំណេះដឹងពីរឿងនេះ ។ តើ​យើង​អាច​ដឹង​ពី​ភាពខុសគ្នា​រវាង​ការលំបាក​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​ធម្មតា និង​សញ្ញា​ទាំងឡាយ​នៃ​ជំងឺនេះ​បាន​យ៉ាង​ដូចម្តេច ? ក្នុងនាម​ជាឪពុកម្តាយ យើង​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​ដើម្បី​ជួយដល់​កូនៗ របស់យើង​ក្នុង​ការដោះស្រាយ​បញ្ហាជីវិត តែទោះយ៉ាងណា​ក៏ដោយ​ក៏ពួកយើង​មួយ​ចំនួន​តូច​គឺជា​អ្នកជំនាញ​ខាង​ផ្នែក​សុខភាព​ផ្លូវចិត្តផងដែរ ។ ទោះជា​យ៉ាង​នេះ​ក្ដី យើង​ត្រូវការ​ថែរក្សា​កូនៗ​របស់យើង​ដោយ​ជួយ​ពួកគេ​ឲ្យ​រៀន​ពេញចិត្ត​នឹង​ការខិតខំ​ដោយ​ស្មោះត្រង់​របស់​ពួកគេ​នៅពេល​ពួកគេ​ខិតខំ​បំពេញ​តាម​ការរំពឹងទុក​ដ៏សមស្រប​នានា ។ យើង​ម្នាក់ៗ​ដឹងពី​ចំណុច​ខ្សោយ​ផ្ទាល់ខ្លួន​របស់​យើង​ថា​ការលូតលាស់​ខាងវិញ្ញាណ គឺជា​ដំណើរការ​ដែល​ត្រូវការ​ពេលយូរ ។

ឥឡូវនេះ​យើង​យល់ថា « មិនមាន​វិធី​សាមញ្ញ​មួយដែល​ព្យាបាល​បាន​ទាំងអស់​សម្រាប់​សុខភាព​ផ្លូវអារម្មណ៏ និង​ផ្លូវចិត្ត​នោះទេ ។ យើង​នឹង​ជួប​ប្រទះ​នូវ​ភាពតានតឹង និង​ភាពច្របូក​ច្របល់​ពីព្រោះ​យើង​រស់នៅ​ក្នុង​ពិភពលោក​ដែល​ធ្លាក់ចុះ​ជាមួយនឹង​រាងកាយ​ដែល​ធ្លាក់ចុះ លើស​ពីនេះ​ទៅទៀត កត្តា​រួមចំណែក​ជាច្រើន​អាច​នាំឲ្យ​មាន​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ផ្លូវចិត្ត ។ ដោយ​មិន​គិត​អំពី​សុខុមាលភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់យើង ការផ្តោត​ទៅលើ​ការរីក​លូតលាស់​គឺ​ល្អប្រសើរ​ជាង​ការខ្វល់ខ្វាយ​អំពី​ចំណុច​ខ្សោយ​ទាំងឡាយ​របស់យើង » ។

សម្រាប់​ភរិយា​របស់ខ្ញុំ និង​ខ្ញុំ រឿង​មួយ​ដែល​តែងតែ​ជួយ​ដល់​យើង នោះគឺ​នៅឲ្យ​កាន់តែ​ជិតនឹង​ព្រះអម្ចាស់​តាម​ដែល​អាច​ធ្វើបាន ។ នៅពេល​មើល​ត្រឡប់​ទៅក្រោយ​វិញ ឥឡូវនេះ​យើង​មើលឃើញ​ពីរបៀប​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​យើង​យ៉ាង​អត់ធ្មត់​នៅក្នុង​គ្រា​ដែលមាន​ភាពមិន​ច្បាស់លាស់ ។ ពន្លឺ​របស់​ទ្រង់​បានដឹកនាំ​យើង​មួយ​ជំហាន​ម្តងៗ ឲ្យ​ឆ្លងកាត់​ពេលវេលា​ដែល​ងងឹត​បំផុត ។ ព្រះអម្ចាស់​បាន​ជួយ​យើងឲ្យ​មើលឃើញ​ថាតម្លៃ​នៃ​ព្រលឹង​បុគ្គល​ម្នាក់​គឺ​សំខាន់​នៅក្នុង​គ្រោងការណ៍​ដ៏​អស់កល្ប​ជានិច្ច ជាជាង​កិច្ចការ ឬ​សមិទ្ធផល​ទាំងឡាយ​នៅលើ​ផែនដីនេះ ។

ជាថ្មី​ម្តងទៀត ការផ្តល់​ចំណេះដឹង​ឲ្យ​ខ្លួន​ឯង​អំពី​ជំងឺ​ផ្លូវចិត្ត​រៀបចំ​យើង​ដើម្បី​ជួយ​ខ្លួនយើង និង​អ្នកដទៃ​ដែល​អាចនឹង​កំពុង​ជួប​បញ្ហានេះ ។ ការពិភាក្សា​ដោយ​បើកចំហ និង​ដោយ​ស្មោះត្រង់​ជាមួយ​គ្នា នឹង​ជួយឲ្យ​ប្រធានបទ​ដ៏សំខាន់​នេះ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​ដែលវា​សមនឹង​ទទួលបាន ។ នៅទីបំផុត​នោះ ព័ត៌មាន​នឹង​ទទួល​បាន​មុន​ការបំផុស​គំនិត និង​វិវរណៈ ។ ជា​ញឹកញាប់​ណាស់ បញ្ហា​ប្រឈម​មុខ​ដែល​មើល​មិនឃើញ​ទាំងអស់​នេះ​អាច​ប៉ះពាល់​ដល់​នរណាម្នាក់ ហើយ​នៅពេល​ដែល​យើង​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនោះ វា​ហាក់​ដូចជា​ធំខ្លាំងណាស់ ។

កិច្ចការ​ដំបូង​មួយ​ដែល​យើង​ត្រូវ​រៀននោះ គឺ​ថា​យើង​ពិតជា​មិននៅ​ឯកោ​ទេ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សា​ប្រធានបទ​នៃ​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ផ្នែក​ជំនួយ​ជីវិត​នៃ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ការរៀន​សូត្រ​នឹង​នាំឲ្យ​មាន​ការយល់​ដឹង​កាន់តែ​ច្រើន ការទទួល​ស្គាល់​កាន់តែ​ច្រើន ការអាណិត​អាសូរ សេចក្តី​ស្រឡាញ់​កាន់តែ​ច្រើន ។ វា​អាច​កាត់​បន្ថយ​នូវ​សោកនាដកម្ម​ខណៈពេល​ដែល​វា​ជួយ​យើង​អភិវឌ្ឍ និង​គ្រប់គ្រង​ការរំពឹង​ទុក និង​ទំនាក់ទំនង​នានា​ដែល​ប្រកប​ដោយ​សុខភាព​ល្អប្រសើ ។

ការសង្កេត​ចុងក្រោយ​របស់ខ្ញុំ ៖ យើង​ត្រូវតែ​មើល​ថែទាំគ្នា​ជានិច្ច ។ យើង​ត្រូវតែ​ស្រឡាញ់គ្នា​ទៅវិញទៅមក និង​កុំ​មាន​ការវិនិច្ឆ័យ​ច្រើនពេក—ជាពិសេស​នៅពេល​ដែល​ការរំពឹង​ទុក​របស់យើ​ងមិនត្រូវ​បាន​បំពេញឲ្យ​ភ្លាមៗ ។ យើង​គួរតែ​ជួយ​ដល់​កូនៗ និង​យុវវ័យ​របស់យើង​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ ទោះបី​ពួកគេ​មាន​ការលំបាកក្នុង​ការទទួល​អារម្មណ៍នៃ​សេចក្តី​ស្រឡាញ់​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក៏ដោយ។ អែលឌើរ អួសុន អែហ្វ. វិតនី ដែល​បាន​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្តល់​ដំបូន្មាន​ដល់​ឪពុកម្តាយ​អំពី​វិធី​ដើម្បី​ជួយ​កូនចៅ​ដែល​កំពុង​ជួប​ការលំបាកថា ៖ « អធិស្ឋាន​សម្រាប់ … កូនៗ​របស់​បងប្អូន ឱបក្រសោបពួកគេ​ដោយ​ជំនឿ​របស់​បងប្អូន ។

ជារឿយៗ​ខ្ញុំ​បាន​សញ្ជឹងគិត​ពី​អត្ថន័យ​នៃ​ការឱប​ពួកគេ​ឲ្យ​ណែន​ជាមួយ​នឹង​ជំនឿ ។ ខ្ញុំ​ជឿថា​វា​រួមបញ្ចូល​ទាំងសកម្មភាព​សាមញ្ញៗ នៃ​សេចក្តីស្រឡាញ់ ភាពស្លូតបូត សេចក្តីសប្បុរស និង​ការគោរព ។ វា​មាន​ន័យថា​អនុញ្ញាត​ឲ្យ​ពួកគេ​អភិវឌ្ឍ​ទៅតាម​ល្បឿន​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ថ្លែងទី​បន្ទាល់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ពី​សេចត្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​របស់យើង ។ វា​តម្រូវ​ឲ្យ​យើង​គិត​ច្រើន​អំពី​ពួកគេ ហើយ​គិត​តិច​អំពី​ខ្លួន​របស់​យើង ឬ​អ្នកដទៃ ។ ជា​ធម្មតា​មាន​ន័យថា​និយាយ​ឲ្យ​តិច ហើយ​ស្តាប់​ឲ្យ​កាន់តែ​ច្រើនៗ​ឡើង ។ យើង​ត្រូវតែ​ស្រឡាញ់​ពួកគេ ផ្តល់​អំណាច​ដល់​ពួកគេ ហើយ​សរសើរ​ពួកគេ​ឲ្យ​បាន​ញឹកញាប់​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ទទួល​ជោគជ័យ និង​ដើម្បី​ស្មោះត្រង់​ចំពោះ​ព្រះ ។ ហើយ​នៅ​ចុងបញ្ចប់​​យើង​គួរតែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់​ក្នុង​អំណាច​របស់​យើង ដើម្បី​នៅជិត​ពួកគេ—ដូច​ដែល​យើង​នៅជិត​ព្រះ​ដែរ ។

ចំពោះ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវបាន​រងគ្រោះ​ដោយសារ​ជំងឺ​ផ្លូវចិត្ត សូម​ប្រកាន់ខ្ជាប់​ទៅនឹង​សេចក្តីសញ្ញា​ទាំងឡាយ​របស់​បងប្អូន ទោះបីជា​បងប្អូន​ប្រហែលជា​មិនមាន​អារម្មណ៍ថា​មាន​សេចក្តីស្រឡាញ់​របស់​ព្រះ​នៅពេល​នេះក៏​ដោយ ។ ធ្វើ​អ្វី​ក៏ដោយ​ដែល​បងប្អូនអាច​ធ្វើបាន ហើយ​បន្ទាប់មក « ឈរ​នៅ​ស្ងៀម … ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ទ្រង់​ស្គាល់​យើង ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​មិន​បោះបង់​យើង​ចោលទេ ។ នៅក្នុង​អំឡុងពេល​នៃ​ការសាកល្បង​របស់​គ្រួសារ​យើង ខ្ញុំ​បាន​ដឹងថា​ទ្រង់​នៅជិត​យើង ។ ការ​សន្យា​ទាំងឡាយ​របស់​ទ្រង់​គឺ​ពិត ៖

កុំ​ខ្លាច​អី​យើង​នឹង​នៅ​ជា​មួយ​កុំ​ភ័យ​ឡើយ

ព្រោះ​យើង​ជា​ព្រះ​អ្នក ហើយ​យើង​នឹង​យាង​មក​ជួយ ។

និង​ចម្រើន​កម្លាំង​ជួយ​គាំទ្រ​អ្នក​ឲ្យ​ឈរ …

លើក​អ្នក​ដោយ​ព្រះហស្ត​ដ៏​សុចរិត​ដ៏​អស្ចារ្យ ។

ដោយ​ដឹង​ពី​គ្រឹះ​របស់យើង​រឹងមាំ​ប៉ុណ្ណា យើង​សូម​ប្រកាស​ដោយ​រីករាយថា ៖

ព្រលឹង​ណា​ដែល​ពឹងផ្អែក​ទៅ​លើ​ព្រះយេស៊ូវ

យើង​មិនព្រម យើង​មិន​អាច​បោះចោល​ឲ្យ​សត្រូវ

សូម្បី​តែ ពួកនរក​ចង់​បាន​ព្រលឹង​អ្នក …

យើង​នឹង​គ្មាន​ថ្ងៃ​បោះបង់ យើង​នឹង​គ្មាន​ថ្ងៃ បោះបង់ ! 

នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣១ ។

  2. « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » សៀវភៅ​ចម្រៀង​កុមារទំព័រ ៤០–៤១ ។

  3. សូមមើល នីហ្វៃទី៣ ១២:៤៨ ។

  4. « Like a Broken Vessel » Mental Health: General Principles, គេហទំព័រ​ChurchofJesusChrist.org ។

  5. សែលដុន ម៉ាទិន « Strive to Be—a Pattern for Growth and Mental and Emotional Wellness » Liahonaខែ សីហា ឆ្នាំ ២០២១ ទំព័រ​១៤ ។

  6. អួសុន អែហ្វ. វិតនី នៅ​ក្នុង របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩២៩ ទំព័រ ១១០ ។

  7. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១៧ ។

  8. « គ្រឹះដ៏មាំមួន » ទំនុកតម្កើង លេខ ៣៧ ។