នីហ្វៃ ទី ១ 14
    Footnotes

    ជំពូក​ទី ១៤

    ទេវតា​ប្រាប់​នីហ្វៃ​អំពី​ពរជ័យ និង​ពាក្យ​បណ្ដាសា​ទាំង​ឡាយ ដែល​នឹង​ធ្លាក់​មក​លើ​ពួក​សាសន៍​ដទៃ — មាន​សាសនាចក្រ​តែ​ពីរ​គត់ គឺ ៖ សាសនាចក្រ​នៃ​កូន​ចៀម​នៃ​ព្រះ និង​សាសនាចក្រ​នៃ​អារក្ស — ពួក​បរិសុទ្ធ​នៃ​ព្រះ​នៅ​គ្រប់​សាសន៍ ត្រូវ​បាន​បៀតបៀន​ដោយ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ — សាវក​យ៉ូហាន​នឹង​សរសេរ​អំពី​ចុង​បំផុត​នៃ​លោកិយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

    ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ប្រសិនបើ​ពួក​សាសន៍​ដទៃ​នឹង​ប្រុង​ស្ដាប់​តាម​កូន​ចៀម​នៃ​ព្រះ នៅ​ថ្ងៃ​នោះ​ដែល​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​ពួក​គេ ដោយ​ព្រះ​បន្ទូល និង​ព្រម​ទាំង​ដោយ​ព្រះ​ចេស្ដា​ដែរ ដោយ​ការ​ប្រព្រឹត្តិ​ដែល​ជា​ការ​យក​ថ្ម​ជំពប់​ចេញ —

    ហើយ​បើ​មិន​មាន​ចិត្ត​រឹងរូស​ទាស់​នឹង​កូន​ចៀម​នៃ​ព្រះ​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពូជ​ឪពុក​របស់​អ្នក មែន​ហើយ ពួក​គេ​នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​វង្ស​អ៊ីស្រាអែល ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ទៅ​ជា​រាស្ត្រ​មួយ ដែល​មាន​ពរ​នៅ​លើ​ដែនដី​សន្យា​រហូត​ត​ទៅ ពួក​គេ​នឹង​មិន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​ទៀត​ឡើយ ហើយ​វង្ស​អ៊ីស្រាអែល​ក៏​នឹង​មិន​ត្រូវ​លាយឡំ​ត​ទៅ​ទៀត​ដែរ។

    ហើយ​ឯ​រណ្ដៅ​ដ៏​ជ្រៅ ដែល​ត្រូវ​បាន​ជីក​សម្រាប់​ពួក​គេ​ដោយ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ គឺ​ជា​សាសនាចក្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អារក្ស និង​កូន​ចៅ​វា ដើម្បី​ឲ្យ​វា​អាច​នាំ​ព្រលឹង​មនុស្ស​យក​ទៅ​ស្ថាន​នរក — មែន​ហើយ គឺ​ជា​រណ្ដៅ​ដ៏​ជ្រៅ​ដែល​ត្រូវ​បាន​ជីក​សម្រាប់​សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​មនុស្ស នោះ​នឹង​ត្រូវ​បំពេញ​ដោយ​ពួក​អ្នក​ដែល​បាន​ជីក​វា រហូត​ដល់​សេចក្ដី​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​របស់​ពួក​គេ កូន​ចៀម​នៃ​ព្រះ​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ គឺ​មិនមែន​ជា​សេចក្ដី​បំផ្លិច​បំផ្លាញ​នៃ​ព្រលឹង​ទេ តែ​គឺជា​ការ​ចោល​ព្រលឹង​ទៅ​ក្នុង​ស្ថាន​នរក​នោះ ដែល​គ្មាន​ចុង​បំផុត​វិញ។

    ត្បិត​មើល​ចុះ នេះ​គឺ​ស្រប​តាម​ការ​ជាប់​ឃុំឃាំង​នៃ​អារក្ស និង​ព្រម​ទាំង​ស្រប​តាម​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ផង ដែល​នឹង​មាន​ដល់​អស់​អ្នក​ណា​ដែល​នឹង​ធ្វើ​នូវ​អំពើ​ទុច្ចរិត និង​អំពើ​ដ៏​គួរ​ខ្ពើម​ឆ្អើម​នៅ​ចំពោះ​មុខ​ទ្រង់។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​មាន​បន្ទូល​មក​ខ្ញុំ នីហ្វៃ​ថា ៖ អ្នក​បាន​ឃើញ​ហើយ​ថា បើសិនជា​ពួក​សាសន៍​ដទៃ​ព្រម​ប្រែចិត្ត នោះ​នឹង​បាន​ស្រួល​ដល់​ពួក​គេ​ហើយ ហើយ​អ្នក​ក៏​ស្គាល់​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​មាន​ដល់​វង្ស​អ៊ីស្រាអែល​ហើយ​ដែរ ហើយ​អ្នក​ក៏​បាន​ឮ​ហើយ​ថា អស់​អ្នក​ណា​ដែល​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស។

    ហេតុ​ដូច្នេះ​ហើយ វេទនា​ដល់​ពួក​សាសន៍​ដទៃ បើសិនជា​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​កូន​ចៀម​នៃ​ព្រះ។

    កូន​ចៀម​នៃ​ព្រះ​មាន​ព្រះ​បន្ទូល​ថា ៖ ត្បិត​ពេល​នឹង​មក​ដល់ ដែល​យើង​នឹង​ធ្វើ​កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ​នៅ​ចំណោម​កូន​ចៅ​មនុស្ស ដែល​ជា​កិច្ចការ​ដ៏​អស់​កល្ប​ជានិច្ច ទោះ​ជា​តាម​ខាង​នេះ ឬ​ខាង​នោះ​ក៏​ដោយ — ទោះ​ជា​ទុក​ជា​ការ​បរិវត្តន៍​ដល់​ពួក​គេ​ចំពោះ​សេចក្ដី​សុខ សាន្ត និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ឬ​ទុក​ជា​ការ​បណ្ដោយ​ឲ្យ​ពួក​គេ​ទៅ​តាម​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ និង​ភាព​ងងឹតងងល់​នៃ​គំនិត​របស់​គេ រហូត​ដល់​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង ហើយ​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​បំផ្លិចបំផ្លាញ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ស្រប​តាម​ការ​ជាប់​ឃុំឃាំង​នៃ​អារក្ស ដែល​យើង​មាន​បន្ទូល​មក​ហើយ​នោះ​ក្ដី។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​គ្រា​ដែល​ទេវតា​មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​ចាំ​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា ដែល​ទ្រង់​មាន​ដល់​វង្ស​អ៊ីស្រាអែល​ឬ​ទេ? ខ្ញុំ​បាន​ទូល​ទ្រង់​ថា ៖ ព្រះ​ពរ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ ចូរ​មើល​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ ដែល​ជា​មាតា​នៃ​សេចក្ដី​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ ឯ​អ្នក​បង្កើត​សាសនាចក្រ​នោះ គឺ​អារក្ស

    ១០ហើយ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ មាន​សាសនាចក្រ​តែ​ពីរ​ប៉ុណ្ណោះ មួយ​គឺ​ជា​សាសនាចក្រ​នៃ​កូន​ចៀម​នៃ​ព្រះ រី​ឯ​មួយ​ទៀត គឺ​ជា​សាសនាចក្រ​នៃ​អារក្ស ហេតុ​ដូច្នោះ​ហើយ អស់​អ្នក​ណា​ដែល​មិន​ជា​ពួក​ផង​សាសនាចក្រ​នៃ​កូន​ចៀម​នៃ​ព្រះ​ទេ គឺ​ជា​ពួក​ផង​សាសនាចក្រ​ដ៏​ធំ​វិញ ដែល​ជា​មាតា​នៃ​សេចក្ដី​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​នោះ ហើយ​វា​ជា​ពេស្យា​នៃ​អស់​ទាំង​ផែនដី។

    ១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​មើល ហើយ​បាន​ឃើញ​ពេស្យា​នៃ​អស់​ទាំង​ផែនដី ហើយ​វា​អង្គុយ​នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ធំ ហើយ​វា​មាន​អំណាច​លើ​ផែនដី​ទាំង​មូល នៅ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន។

    ១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​សាសនាចក្រ​នៃ​កូន​ចៀម​នៃ​ព្រះ ហើយ​សមាជិក​នៃ​សាសនាចក្រ​មាន​ចំនួន​តិច​ណាស់ ពី​ព្រោះ​មក​ពី​សេចក្ដី​ទុច្ចរិត និង​សេចក្ដី​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​នៃ​ពេស្យា ដែល​អង្គុយ​នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ធំ​នោះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​បាន​ឃើញ​ថា សាសនាចក្រ​នៃ​កូន​ចៀម ដែល​ជា​ពួក​បរិសុទ្ធ​របស់​ព្រះ ក៏​មាន​នៅ​ពាសពេញ​លើ​ផ្ទៃ​ផែនដី​ដែរ ហើយ​អំណាច​របស់​ពួក​គេ​នៅ​លើ​ផ្ទៃ​ផែនដី​មាន​ចំនួន​តូច ពី​ព្រោះ​មក​ពី​សេចក្ដី​ទុច្ចរិត​របស់​ពេស្យា​ដ៏​ធំ ដែល​ខ្ញុំ​បាន​ឃើញ​នោះ។

    ១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ថា​មាតា​ដ៏​ធំ​នៃ​សេចក្ដី​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ បាន​ប្រមូល​មនុស្ស​ទាំង​ហ្វូង នៅ​ពាសពេញ​លើ​ផ្ទៃ​ផែនដី នៅ​គ្រប់​ទាំង​សាសន៍​នៃ​ពួក​សាសន៍​ដទៃ ដើម្បី​ទៅ​ច្បាំង​នឹង​កូន​ចៀម​នៃ​ព្រះ។

    ១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា​ព្រះ​ចេស្ដា​នៃ​កូន​ចៀម​នៃ​ព្រះ បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូន​ចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួក​គេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ។

    ១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ថា សេចក្ដី​ក្រោធ​នៃ​ព្រះ បាន​ស្រោច​មក​លើ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ ដរាប​ដល់​មាន​សង្គ្រាម និង​ពាក្យ​ចចាម​អារ៉ាម​អំពី​សង្គ្រាម​ទាំង​ឡាយ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ និង​ពូជ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី។

    ១៦ហើយ​ខណៈ​ដែល​ចាប់​ផ្ដើម​មាន​សង្គ្រាម និង​ពាក្យ​ចចាម​អារ៉ាម​អំពី​សង្គ្រាម​ទាំង​ឡាយ នៅ​ក្នុង​ចំណោម​សាសន៍​ទាំង​អស់ ដែល​ជា​ពួក​ផង​មាតា​នៃ​សេចក្ដី​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ នោះ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ សេចក្ដី​ក្រោធ​នៃ​ព្រះ​ធ្លាក់​មក​លើ​មាតា នៃ​ពួក​ពេស្យា ហើយ​មើល​ចុះ អ្នក​ឃើញ​រឿង​ទាំង​អស់​នេះ​ហើយ —

    ១៧ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​សេចក្ដី​ក្រោធ​នៃ​ព្រះ នឹង​ស្រោច​មក​លើ​មាតា​នៃ​ពួក​ស្រី​ពេស្យា គឺជា​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នៅ​លើ​អស់​ទាំង​ផែនដី ឯ​អ្នក​បង្កើត​សាសនាចក្រ​នោះ គឺ​អារក្ស ហេតុ​ដូច្នោះ​ហី​យ នៅ​ថ្ងៃ​នោះ កិច្ចការ​នៃ​ព្រះ​វរបិតា​នឹង​ចាប់​ផ្ដើម ក្នុង​ការ​រៀបចំ​ផ្លូវ ដើម្បី​បំពេញ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ធ្វើ​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់ ដែល​ជា​វង្ស​អ៊ីស្រាអែល។

    ១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏!

    ១៩ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​បុរស​ម្នាក់ ហើយ​បុរស​នោះ​ស្លៀក​ពាក់អាវ​ពណ៌​ស។

    ២០ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ សាវក​ម្នាក់​ក្នុង​ចំណោម​ពួក​សាវក​ទាំង​១២​នាក់​នៃ​កូន​ចៀម។

    ២១មើល​ចុះ លោក​នឹង​ឃើញ ហើយ​សរសេរ​រឿង​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន មែន​ហើយ និង​ព្រម​ទាំង​រឿង​ជាច្រើន​ដែល​បាន​កន្លង​មក​ហើយ។

    ២២ហើយ​លោក​នឹង​សរសេរ​អំពី​ចុង​បំផុត​ផែនដី​ដែរ។

    ២៣ហេតុ​ដូច្នោះ​ហើយ រឿង​ទាំង​ឡាយ​ដែល​លោក​នឹង​សរសេរ គឺជា​រឿង​ពិត ហើយ​ត្រឹម​ត្រូវ ហើយ​មើល​ចុះ រឿង​ទាំង​នោះ​បាន​សរសេរ​នៅ​ក្នុង​គម្ពីរ ដែល​អ្នក​បាន​ឃើញ​ចេញ​មក​ពី​មាត់​នៃ​សាសន៍​យូដា ហើយ​នៅ​ពេល​ដែល​រឿង​ទាំង​នោះ ចេញ​ពី​មាត់​នៃ​សាសន៍​យូដា ឬ​នៅ​ពេល​ដែល​គម្ពីរ​នោះ ចេញ​មក​ពី​មាត់​នៃ​សាសន៍​យូដា រឿង​ដែល​បាន​សរសេរ​ទុក​នោះ​ជា​រឿង​ដ៏​ច្បាស់ ហើយ​បរិសុទ្ធ និង​ពិសេស​បំផុត ហើយ​ងាយ​យល់​ដល់​មនុស្ស​ទាំង​អស់។

    ២៤ហើយ​មើល​ចុះ រឿង​ទាំង​ឡាយ ដែល​សាវក​នៃ​កូន​ចៀម​នេះ​នឹង​សរសេរ គឺ​ជា​រឿង​ដ៏​ច្រើន ដែល​អ្នក​បាន​ឃើញ​មក ហើយ​មើល​ចុះ អ្នក​នឹង​ឃើញ​រឿង​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ដែរ។

    ២៥ប៉ុន្តែ​រឿង​ទាំង​ឡាយ​ដែល​អ្នក​នឹង​ឃើញ ពី​អំណឹះ​ត​ទៅ នោះ​អ្នក​មិន​ត្រូវ​សរសេរ​ឡើយ ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​តែងតាំង​សាវក​នៃ​កូន​ចៀម​នៃ​ព្រះ ឲ្យ​សរសេរ​រឿង​ទាំង​នោះ​ហើយ។

    ២៦ហើយ​ព្រម​ទាំង​អ្នក​ផ្សេងៗ​ទៀត​ដែល​បាន​ឃើញ នោះ​ទ្រង់​បាន​បង្ហាញ​រឿង​ទាំង​អស់​ដល់​ពួក​គេ​ដែរ ហើយ​ពួក​គេ​បាន​សរសេរ​រឿង​ទាំង​នោះ ហើយ​រឿង​ទាំង​នោះ​បាន​ផ្សារ​ភ្ជិត​ទុក ដើម្បី​ឲ្យ​បាន​ចេញ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​នៃ​រឿង​នោះ ស្រប​តាម​សេចក្ដី​ពិត ដែល​មាន​នៅ​ក្នុង​កូន​ចៀម​នៅ​ក្នុង​ពេល​កំណត់​នៃ​ព្រះ​អម្ចាស់​ដល់​វង្ស​អ៊ីស្រាអែល។

    ២៧ហើយ​ខ្ញុំ នីហ្វៃ បាន​ឮ ហើយ​ធ្វើ​បន្ទាល់​ថា ឈ្មោះ​របស់​សាវក​នៃ​កូន​ចៀម​នោះ គឺ​យ៉ូហាន ស្រប​តាម​បន្ទូល​របស់​ទេវតា។

    ២៨ហើយ​មើល​ចុះ ខ្ញុំ នីហ្វៃ ត្រូវ​បាន​ហាម​មិន​ឲ្យ​សរសេរ​រឿង​ទាំង​ឡាយ ដែល​នៅ​សល់​ពី​រឿង ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ​នោះ​ទេ ហេតុ​ដូច្នោះ​ហើយ រឿង​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​សរសេរ គឺ​ល្មម​សម្រាប់​ខ្ញុំ​ហើយ ហើយ​ខ្ញុំ​គ្រាន់តែ​សរសេរ​ផ្នែក​តូច​មួយ​នៃ​រឿង ដែល​ខ្ញុំ​បាន​ឃើញ​មក​ប៉ុណ្ណោះ។

    ២៩ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​រឿង​ទាំង​ឡាយ ដែល​ឪពុក​ខ្ញុំ​បាន​ឃើញ ហើយ​ទេវតា​នៃ​ព្រះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​រឿង​ទាំង​នោះ។

    ៣០ហើយ​ឥឡូវ​នេះ ខ្ញុំ​បញ្ចប់​នូវ​ការ​និយាយ​អំពី​រឿង​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ឃើញ កាល​ដែល​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ហើយ​បើសិនជា​រឿង​ទាំង​អស់ ដែល​ខ្ញុំ​បាន​ឃើញ​នេះ មិន​បាន​សរសេរ​ទុក​ក៏​ដោយ គង់តែ​រឿង​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​សរសេរ​ទុក គឺ​ជា​រឿង​ពិត​ដែរ។ ហើយ​គឺ​យ៉​ង៉ា​ដូច្នោះ​មែន។ អាម៉ែន ៕