សន្និសីទទូទៅ
ចូរ​ស្តាប់​តាម​ទ្រង់​ចុះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ចូរ​ស្តាប់​តាម​ទ្រង់​ចុះ

ព្រះវរបិតា​យើង​ដឹង​ថា​នៅ​ពេល​យើង​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ភាព​មិនប្រាកដ​ប្រជា និងភាពភ័យខ្លាច តើ​អ្វី​នឹង​ជួយ​យើង​បំផុត​ដើម្បី​ស្ដាប់​ព្រះរាជបុត្រា​ទ្រង់ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ណាស់ តាមរយៈ​ការ​ប្រើ​បច្ចេកវិទ្យា ដែល​យើង​មាន​ដែល​អាច​ជួប​ជុំ​គ្នា​ដើម្បី​ថ្វាយបង្គំ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ។ យើង​មានពរ​ដើម្បី​ដឹង​ថា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្ដារឡើងវិញ​នៅ​លើ​ផែនដី !

កាល​ពី​ជា​ច្រើន​សប្ដាហ៍​មុន យើង​ភាគ​ច្រើន​បាន​ជួប​បទពិសោធន៍​ការ​រំខាន​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង ។ ការ​រញ្ជួយដី ភ្លើង​ឆេះព្រៃ ទឹកជំនន់ គ្រោះ​ចង្រៃ និង​ផល​វិបាក​វា​បាន​រំខាន​ដល់​ទម្លាប់​ប្រចាំថ្ងៃ និង​បណ្ដាល​ឲ្យ​មាន​ការ​ខ្វះ​អាហារ ផលិតផល និង​ការ​សន្សំសំចៃ ។

នៅ​កណ្ដាល​រឿង​ទាំងអស់នេះ យើង​សូម​សរសើរ និង​អរគុណ​ចំពោះ​បងប្អូន​ដែល​ជ្រើសរើស​ស្ដាប់​ព្រះបន្ទូល​ព្រះអម្ចាស់ អំឡុង​គ្រា​ចលាចល​នេះ ដោយ​ការ​ចូលរួម​នឹង​ពួក​យើង​នៅ​ក្នុង​សន្និសីទ​ទូទៅ ។ ភាពងងឹត​កាន់តែច្រើន​ដែល​កើត​មាន​មក​ជាមួយ​នឹង​ការ​ឈឺចាប់​ដ៏​ខ្លាំង ធ្វើ​ឲ្យ​ពន្លឺ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ភ្លឺ​កាន់តែ​ចែងចាំង ។ ចូរគិត​អំពី​សេចក្ដីល្អ​ដែល​យើង​ម្នាក់ៗ​អាច​ធ្វើ​អំឡុង​គ្រា​នៃ​ចលាចល​ជា​សាកល​នេះ ។ សេចក្ដីស្រឡាញ់ និង​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះអង្គសង្គ្រោះ​អាច​នឹង​ឆាប់​ធ្វើឲ្យ​នរណា​ម្នាក់​ចង់​ស្វែងរក​ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នៅកាល​ពីរ​ឆ្នាំ​មុន ស៊ិស្ទើរ ណិលសុន និង​ខ្ញុំ បាន​ជួប​នឹង​បងប្អូន​រាប់ពាន់នាក់​នៅ​ជុំវិញ​ពិភពលោក ។ យើង​បាន​ជួប​ប្រជុំ​នឹង​បងប្អូន​នៅ​វេទិកា​ក្រៅ​អគារ និង​នៅ​ក្នុង​បន្ទប់ប្រជុំ​ក្នុង​សណ្ឋាគារ ។ នៅ​ក្នុង​ទីតាំង​នីមួយៗ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​ក្នុង​វត្តមាន​របស់​មនុស្ស​ជម្រើស​របស់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​កំពុង​មើល​ឃើញ​ការ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​បាន​កើត​ឡើង​នៅ​ចំពោះ​មុខ​ខ្ញុំ ។

យើង​រស់នៅ​ក្នុង​ជំនាន់​នោះ ដែល « ពួក​ដូនតា​របស់យើង​បាន​ទន្ទឹងចាំ​ដោយ​អន្ទះសារ » ។ យើង​នៅ​កៅអីជួរ​មុខ​ធ្វើ​ជា សាក្សី​នៅ​រស់អំពី​អ្វី​ដែល​ព្យាការី នីហ្វៃ​បាន​មើល​ឃើញ តែ​នៅ​ក្នុង​ការ​និមិត្ត ថា​ព្រះចេស្ដា​នៃ​កូនចៀម​នៃ​ព្រះ​បាន​យាង​ចុះ​មក « សណ្ឋិត​លើ​ពួកបរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូនចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅក្នុង​សេចក្ដីសញ្ញា​នៃ​ព្រះអម្ចាស់​ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ » ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ បងប្អូន គឺ​នៅ​ក្នុង​ចំណោម​បុរស ស្ត្រី និងកុមារ​ទាំងឡាយ​ដែល​នីហ្វៃ​បាន​មើល​ឃើញ​នោះ ។ ចូរ​គិត​អំពី​រឿង​នេះ !

មិន​ថា​បងប្អូន​រស់នៅ​កន្លែង​ណា ឬ​ស្ថានភាព​បងប្អូន​យ៉ាងណា​ទេ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ របស់​បងប្អូនហើយ​ព្យាការី របស់​ព្រះ យ៉ូសែប ស្ម៊ីធ គឺជា ព្យាការី របស់​បងប្អូន ។ ទ្រង់​ត្រូវ​បាន​តែងតាំង​ជាមុន​ពី​មុន​គ្រឹះ​នៃ​ផែនដី​នេះ​ដើម្បី​ធ្វើ​ជា​ព្យាការី​នៃ​គ្រាកាន់កាប់ត្រួតត្រា​ចុងក្រោយ​នេះ ជាពេល​ដែល « គ្មាន​អ្វី​ណា​មួយ​ត្រូវ​រក្សា​ទុក » ពី ពួក​បរិសុទ្ធ​នោះឡើយ ។ វិវរណៈ​បន្ដ​ចាក់ស្រោច​មក​ពី​ព្រះអម្ចាស់​អំឡុង​ដំណើរការ​បន្ដបន្ទាប់​នៃ​ការ​ស្ដារឡើងវិញ​នេះ ។

តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្ដារឡើងវិញ​នៅ​លើ​ផែនដី មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ?

វា​មានន័យ​ថា បងប្អូន និង​គ្រួសារ​បងប្អូន​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ជានិរន្ដរ៍ ! វា​មានន័យ​ថា ដោយសារ​តែ​បងប្អូន​បាន​ទទួលបុណ្យជ្រមុជទឹក​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិអំណាច​មក​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ នោះ​បងប្អូន​អាច​រីករាយ​នឹង​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដ៏​ខ្ជាប់​ខ្ជួន ។ ទ្រង់​នឹង​ដឹកនាំ ហើយ​ការពារ​បងប្អូន » ។ វា​មានន័យ​ថា​បងប្អូន​នឹង​មិនទុក​ឲ្យ​នៅឯកោ ឬ​ពុំ​អាច​ទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ជួយ​បង​ប្អូន​នោះទេ ។ វា​មានន័យ​ថា​អំណាច​បព្វជិតភាព​អាច​ប្រទានពរ​ដល់​បងប្អូន នៅពេល​បងប្អូន​ទទួល​ពិធី​បរិសុទ្ធ​ដ៏​សំខាន់ ហើយ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​នោះ។ ឱ សេចក្ដីពិត​ទាំងនេះ​គឺជា​យុថ្កា​នៃ​ព្រលឹង​របស់​យើង ជាពិសេស​អំឡុង​គ្រា​ដែល​មាន​ព្យុះ​បោកបក់​យ៉ាង​ខ្លាំង​នេះ ។

ព្រះគម្ពីរ​មរមន​សរសេរ​អំពី​ការលើកឡើង និងការ​ធ្លាក់ចុះ​នៃ​អារ្យធម៌​ធំ​ពីរ ។ ប្រវត្តិ​នៃ​អារ្យធម៌​ធំ​ពីរ​នោះ បង្ហាញ​ថា​វា​ងាយស្រួល​យ៉ាងណា​ដែល ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ភ្លេច​ព្រះ បដិសេធ​ការ​ព្រមាន​ពី​ពួក​ព្យាការី របស់ព្រះ ហើយ​ស្វែងរក​អំណាច ប្រជាប្រិយភាព និង​ភាព​សប្បាយ​ខាង​សាច់ឈាម ។ ជា​ថ្មី​ម្ដងទៀត​ពួក​ព្យាការី​ពី​មុន​បាន​ប្រកាស​ថា « ការណ៍​ដ៏ធំ ហើយ​អស្ចារ្យ​ដល់​ប្រជាជន ដែល​ពួកគេ​ពុំជឿសោះ » ។

វា​ពុំ​ខុស​ពី​ជំនាន់​របស់​យើង​ទេ ។ អស់​ជា​ច្រើន​ឆ្នាំ ការណ៍​ដ៏ធំ ហើយ​អស្ចារ្យ ត្រូវ​បាន​ស្ដាប់​ឮ​មកពី​វេទិកា​ដែល​បាន​ឧទ្ទិស​ឆ្លង​នៅ​ទូទាំង​ផែនដី ។ ប៉ុន្ដែ​មនុស្ស​ភាគច្រើន ពុំ ក្រសោប​យក​សេចក្ដីពិត​ទាំងនេះទេ — ទោះជា​ដោយសារ​ពួកគេ​មិន​ដឹង​កន្លែង​ណា​ដែល​ត្រូវ​ស្វែងរក ឬ​ដោយសារ​ពួកគេ​កំពុង​ស្ដាប់​ដល់​អ្នកទាំងឡាយ​ដែល​ពុំ​មាន​សេចក្ដីពិត​ពេញលេញ ឬ​ដោយសារ​ពួកគេ​បាន​បដិសេធ​សេចក្ដីពិត​ដោយសារ​រត់តាម​លោកិយ ។

ពួក​មារសត្រូវ​ឆ្លាតវៃណាស់ ។ សម្រាប់​សហសវត្សរ៍ វា​ធ្វើ​ឲ្យ​សេចក្ដីល្អ​មើល​ទៅ​ជា​អាក្រក់ ហើយ​សេចក្ដីអាក្រក់​ទៅ​ជា​ល្អ ។ សាររបស់​វា​កាន់តែ​ឮ មុតមាំ និង​អំនួត ។

ទោះជា​យ៉ាងណា សារលិខិត​មកពី​ព្រះវរបិតាសួគ៌​យើង គឺ​ខុសគ្នា​ខ្លាំង ។ ទ្រង់​ទំនាក់ទំនង​ដោយ​សាមញ្ញ ស្ងប់ស្ងាត់ និង​ច្បាស់លាស់ ដែល​យើង​មិន​អាច​យល់​ខុស​អំពី​ទ្រង់ ។

ឧទាហរណ៍ នៅពេលណា​ទ្រង់​ណែនាំ​អំពី​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​ទៅកាន់​មនុស្ស​ជីវិតរមែងស្លាប់​នៅលើ​ផែនដី ទ្រង់​បាន​ធ្វើ​ឡើង​ដោយ​ពាក្យ​ពីរបីម៉ាត់​ដែល​អស្ចារ្យ ។ នៅលើ​ភ្នំ​ប្រែរូប​ចំពោះ ពេត្រុស យ៉ាកុប និង​យ៉ូហាន ព្រះ​មាន​បន្ទូល​ថា « នេះ​ជា​ព្រះ​រាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ » ។ បន្ទូល​របស់​ទ្រង់​ទៅកាន់​សាសន៍​នីហ្វៃ​នៅ​បោនទីហ្វុល​ពី​បុរាណ គឺ​ថា « មើល​ន៏ បុត្រាដ៏ជាទីស្រលាញ់​របស់​យើង ដែល​យើង​គាប់ចិត្ត​ណាស់ ដែល​បាន​ដំកើង​ដល់​នាម​របស់​យើង— ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ » ។១០ ហើយ​ចំពោះ​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ការ​ប្រកាស​ដ៏​រុងរឿង​នោះ​បាន​បើក​គ្រាកាន់កាប់ត្រួតត្រា​នេះ ព្រះ​មាន​បន្ទូល​ដោយ​សាមញ្ញ​ថា « នេះ​ជា​ព្រះ​រាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ !»១១

ឥឡូវ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ សូមពិចារណា​អំពី​ធាតុពិត​ដែល​ឧទាហរណ៍​ទាំងបី​នេះ​ទើប​បាន​លើក​ឡើង ពី​មុន​ព្រះបិតា​ណែនាំ​អំពី​ព្រះរាជបុត្រា មនុស្ស​ដែល​ជាប់ទាក់ទង​គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច ហើយ​ពេលខ្លះ អស់​សង្ឃឹម ។

សាវក​ភ័យខ្លាច​ពេល​ពួកគេ​មើល​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ពពក​នៅលើ​ភ្នំប្រែរូប ។

ពួក​សាសន៍​នីហ្វៃ​បាន​ភ័យខ្លាច​ដោយសារ​ពួកគេ​បាន​ឆ្លងកាត់​ការ​បំផ្លិចបំផ្លាញ និង​ភាពងងឹត​អស់​ជា​ច្រើន​ថ្ងៃ មក​ហើយនោះ ។

យ៉ូសែប ស៊្មីធ គឺ​ស្ថិត​នៅ ក្នុង​ក្រញ៉ាំ​នៃ​កម្លាំង​នៃ​សេចក្ដី​ងងឹត​មួយ​ពី​មុន​ស្ថានសួគ៌​បាន​បើក​ឡើង ។

ព្រះវរបិតា​យើង​ដឹង​ថា​នៅ​ពេល​យើង​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ភាព​មិនប្រាកដ​ប្រជា និងភាពភ័យខ្លាច តើ​អ្វី​នឹង​ជួយ​យើង​បំផុត​ដើម្បី​ស្ដាប់​ព្រះរាជបុត្រា​ទ្រង់ ។

ដោយសារ​នៅពេល​យើង​ព្យាយាម​ស្ដាប់—ពិត​ជា​ស្ដាប់​ឮ— ព្រះរាជបុត្រា​ទ្រង់ យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ ក្នុង​ស្ថានភាព នានា ។

ពាក្យ​ដំបូង​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា គឺ ប្រុង​ស្ដាប់១២ វា​មានន័យ​ថា « ស្ដាប់​ដោយ​បំណង​ចិត្ត​គោរព​តាម » ។ ១៣ ដើម្បី​ប្រុងស្ដាប់​មានន័យ​ថា « ស្ដាប់​ទ្រង់ » — ដើម្បី នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល បន្ទាប់មក ផ្ទៀងស្ដាប់ដំបូន្មាន​របស់​ទ្រង់ ។ នៅ​ក្នុង​ពាក្យ​ទាំងពីរ​ម៉ាត់​នេះ— « ស្ដាប់​ទ្រង់ » — ព្រះប្រទាន​លំនាំ​សម្រាប់​ជោគជ័យ សុភមង្គល និង​អំណរ​នៅក្នុង​ជីវិត​នេះ ។ យើង​ត្រូវ ស្ដាប់ ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ប្រុងស្ដាប់ ពួក​ទ្រង់ ហើយ ផ្ទៀងស្ដាប់ អ្វី​ដែល​ទ្រង់​បាន​ប្រាប់​ដល់​យើង !

នៅ​ពេល​យើង​ស្វែងរក​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ កិច្ចខិតខំ​របស់​យើង​ដើម្បី​ស្ដាប់​ទ្រង់ចាំ​បាច់​ត្រូវ​មាន​ដោយ​បំណងចិត្ត​កាន់តែ​ខ្លាំង ។ វា​ចំណាយ​ការ​ខិតខំ​ដោយ​មនសិកា និង​ខ្ជាប់ខ្ជួន​ដើម្បី​បំពេញ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដោយ​ព្រះបន្ទូល​របស់​ទ្រង់ ការ​បង្រៀន​របស់ទ្រង់ និង​សេចក្ដីពិត​របស់​ទ្រង់ ។

យើង​មិន​អាច​ពឹងផ្អែក​តែ​ទៅលើ​ព័ត៌មាន​ដែល​យើង​ប្រទះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​ប៉ុណ្ណោះទេ ។ ដោយ​មាន​នៅលើ​អ៊ិនធើរណិត​នូវ​ពាក្យ​រាប់​លាន ព្រមទាំង​មាន​ពិភព​ផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ជ្រាបចូល​ដោយ​សំឡេង​អ៊ូអរ ជា​ការខិតខំ​ដ៏​អាក្រក់​របស់​មារសត្រូវ តើ​យើង អាចទៅ​ស្ដាប់​ទ្រង់​នៅ​ទីណា ?

យើង​អាច​ទៅ​រក​បទគម្ពីរទាំងឡាយ ។ បទគម្ពីរ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ វិសាលភាព​នៃ​ដង្វាយធួន​របស់ទ្រង់ និង​ផែនការ​នៃ​សុភមង្គល និង​ប្រោសលោះ​ដ៏​មហិមា​របស់​ព្រះវរបិតា​យើង ។ ការ​ជ្រមុជ​ទៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ​ជាប្រចាំ​ថ្ងៃ គឺ​សំខាន់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ ជាពិសេស​នៅ​ក្នុង​គ្រា​ដែល​មានចលាចល​កាន់តែ​ខ្លាំងនេះ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​លំបាក ដែល​យើង​ពុំ​ធ្លាប់គិត​ថា​យើង​នឹង​ជួប​នោះ ។

យើង​ក៏​អាច ស្ដាប់​ទ្រង់នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ដំណាក់​នៃ​ព្រះអម្ចាស់ គឺជា ដំណាក់​នៃ​ការ​រៀនសូត្រ ។ ព្រះអម្ចាស់​បង្រៀន​តាម​របៀប​របស់​ទ្រង់​ផ្ទាល់ ។ ពិធីបរិសុទ្ធ​នីមួយៗ​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ ។ យើង​រៀន​អំពី​របៀប​ដើម្បី​ញែក​វាំងនន ហើយ​ទំនាក់ទំនង​កាន់តែ​ច្បាស់​ជាមួយ​នឹង​ស្ថានសួគ៌ ។ យើង​រៀន​របៀប​ឈ្នះ​មារសត្រូវ ហើយ​ទាញ​យក​អំណាច​បព្វជិតភាព​របស់ព្រះអម្ចាស់​មក​ពង្រឹង​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ យើង​ម្នាក់ៗ​គួរ​តែ​ស្វែងរក​ជម្រក​នៅទីនោះ​ឲ្យ​កាន់តែ​ខ្លាំង ។

នៅពេល​ឈប់មាន​ការ​ដាក់កំហិត កូវិត-១៩ ជា​បណ្ដោះអាសន្នទាំងនេះ សូម​ដាក់កាលវិភាគ​ទៅ​ថ្វាយបង្គំ និង​បម្រើ​នៅ ក្នុង​ព្រះវិហារបរិសុទ្ធ​ជា​ទៀងទាត់ ។ គ្រប់នាទី​នៃ​គ្រានោះ​នឹង​ប្រទានពរ​បងប្អូន និង​គ្រួសារ​បងប្អូន​តាមរបៀប​មួយ ដែល​គ្មាន​របៀប​ណា​ទៀត​ធ្វើបាន​ឡើយ ។ សូម​ចំណាយ​ពេល​ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​ស្ដាប់​ឮ ហើយ​ទទួល​អារម្មណ៍​នៅពេល​បងប្អូន​នៅទីនោះ ។ ទូលសួរ​ព្រះអម្ចាស់​ឲ្យ​បង្រៀន​បងប្អូន​អំពី របៀប​បើក​ស្ថានសួគ៌​សូម​ពរជ័យ​ក្នុង​ជីវិត​បងប្អូន និង​ជីវិត​មនុស្ស​ដែល​បងប្អូនស្រឡាញ់ និង​មប្រើ ។

ខណៈ​ដែល​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ពុំ​មាន​នាពេល​ឥឡូវនេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូនឲ្យ​បង្កើន​ការ​ចូលរួម​នៅ​ក្នុង​ពង្សប្រវត្តិ រួមមាន​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ និង​ការ​ធ្វើ​លិបិក្រម ។ ខ្ញុំ​សូម​សន្យា​ថា នៅពេល​បងប្អូន​ចំណាយពេល​ច្រើន​នៅក្នុង​ព្រះវិហារបរិសុទ្ធ និងកិច្ចការ​ពង្សប្រវត្តិ នោះ​បងប្អូន​នឹង​ចម្រើន និង​កែលម្អ​សមត្ថភាព​ដើម្បី​ស្ដាប់​ទ្រង់ ។

យើង​ក៏ ស្ដាប់​ទ្រង់កាន់​តែ​ច្បាស់​ផងដែរ នៅពេល​យើង​ដុសខាត់​សមត្ថភាព​របស់​យើង​ដើម្បី​ស្គាល់​ការ​ខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ វា​គ្មាន​អ្វី​ចាំបាច់​ជាង​ការ​ស្គាល់​របៀប​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មកកាន់​បងប្អូន​នា​ពេល​នេះទេ ។ នៅក្នុង​ក្រុមព្រះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នក​បញ្ជូន​សារ ។ ទ្រង់​នឹង​នាំ​គំនិត​នានា​ចូល​ទៅ​ក្នុង​ចិត្ត​ដែល​ព្រះបិតា និង​ព្រះរាជបុត្រា​ចង់​ឲ្យ​បងប្អូន​ទទួល ។ ទ្រង់ ជា អង្គ លួងលោម ចិត្ត ។ ទ្រង់​នឹង​នាំ​អារម្មណ៍​នៃ​ភាព​សុខសាន្ដ​មក​កាន់​ដួងចិត្ត​របស់​បងប្អូន ។ ទ្រង់​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត ហើយ​នឹង​បញ្ជាក់នូវ​អ្វី​ជា​ការ​ពិត នៅពេល​បងប្អូន​ស្ដាប់ ហើយ​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​ធ្វើ​ការ​អង្វរ​ជា​ថ្មី​ទៅកាន់​បងប្អូន សូម​ធ្វើ អ្វី​ក៏ដោយ ដើម្បី​ចម្រើន​សមត្ថភាព​ខាង​វិញ្ញាណ​បងប្អូន​ក្នុងការ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។

ការ​ធ្វើ​ដូច្នោះ​នឹង​ជួយ​បងប្អូន​ដឹង​របៀប​ដើម្បី​ឆ្ពោះ​ទៅមុខ​ក្នុង​ជីវិត​បងប្អូន អ្វី​ត្រូវ​ធ្វើ​អំឡុង​គ្រា​មានវិបត្តិ និង​របៀប​ដើម្បី​ញែកដឹង ហើយ​ចៀសវាង​ពី​ការល្បួង និង​ការ​បោកបញ្ឆោត​នានា​របស់​មារសត្រូវ ។

ហើយ​ទីបំផុត យើង​ស្ដាប់​ទ្រង់ នៅពេល​យើង​ផ្ទៀងស្ដាប់​ពាក្យ​សម្ដី របស់​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។ ពួក​សាវក​ដែល​បាន​តែងតាំងឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ តែងតែ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ពួកគេ​បង្ហាញ​ផ្លូវ នៅពេល​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីខ្វែងខ្វាត់​ដួងចិត្ត​តានតឹង​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង ។

តើ​អ្វី​នឹង​កើត​ឡើង នៅពេល​បងប្អូន​កាន់តែ​ស្ដាប់​ដោយ​បំណង​ចិត្ត ប្រុងស្ដាប់ ហើយ​ផ្ទៀងស្ដាប់​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មានបន្ទូល និង​អ្វី​ដែល​ទ្រង់​កំពុង​មាន​បន្ទូល​ឥឡូវ​នេះ​តាមរយៈពួក​ព្យាការី​របស់ទ្រង់ ? ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​ប្រទានពរ​នូវ​អំណាច​បន្ថែម​ទៀត​ដើម្បី​ប្រឈម​នឹង​ការ​ល្បួង បញ្ហា និង​ភាព​ទន់ខ្សោយ ។ ខ្ញុំ​សន្យា​ថា​មាន អព្ភូតហេតុ​ជា​ច្រើន​នៅ​ក្នុង​អាពាហ៍ពិពាហ៍ ទំនាក់ទំនង​គ្រួសារ និង​កិច្ចការ​ប្រចាំថ្ងៃ​របស់​បងប្អូន ។ ហើយ​ខ្ញុំ​សន្យា​ថា សមត្ថភាព​របស់​បងប្អូន​ដើម្បី​ដឹង​អំពី​អំណរ​នឹង​ចម្រើនឡើង ទោះ​ជា​មាន​ការ​វឹកវរ​ខ្លាំង​ក្នុង​ជីវិត​បងប្អូនក្ដី ។

សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០ នេះ​គឺ​ជា​ពេលរបស់​យើង​ដើម្បី​ប្រារព្ធ​ព្រឹត្តការណ៍​មួយ​ដែល​បាន​ផ្លាស់ប្ដូរ​ពិភពលោក ។ នៅពេល​យើង​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី ២០០ ឆ្នាំ នៃ​ការ​និមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ នោះ​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពិចារណា​អំពី​អ្វី​ដែល យើងអាច​ធ្វើ​ដើម្បី​ប្រារព្ធ​ព្រឹត្តការណ៍​តែ​មួយគត់​នេះ​ដោយ​ត្រឹមត្រូវ ។

ការ​បង្ហាញ​អង្គ​របស់​ព្រះអម្ចាស់ បាន​ចាប់​ផ្ដើម​នូវ​ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​នាំ​ចូល​មកក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ។

យើង​ងឿង​ឆ្ងល់​ថា​តើ​គួរ​មាន​វិមាន​មួយ​ត្រូវ​សង់ឡើង​ឬទេ ។ ប៉ុន្តែ នៅពេល​យើង​ពិចារណា​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ពិសេស និង​ឥទ្ធិពល​ជា​អន្ដរជាតិ​នៃ​ការ​និមិត្ត​ដំបូង នោះ​យើង​មាន អារម្មណ៍​បំផុស​ឲ្យ​បង្កើត​វិមាន​មួយ​ដែល​ពុំ​មែន ធ្វើឡើង​ពី​ថ្មក្រានីត ឬ​សីលា​ទេ ប៉ុន្តែ​ដោយ​ពាក្យសម្ដីវិញ— ជា​ពាក្យ​នៃ​ការ​ប្រកាស​ដ៏​ឧឡារិក និង​ពិសិដ្ឋ— ដែល​បាន​សរសេរ​ឡើង ពុំ​មែន​ចារ​នៅលើ « ផ្ទាំង​ថ្ម » ទេ ប៉ុន្តែ​ត្រូវ​បាន​ឆ្លាក់​នៅ​លើ « ផ្ទាំង​សាច់ » នៃ​ដួងចិត្ត​របស់​យើង ។១៤

ចាប់តាំង​ពី​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង មាន​ការ​ប្រកាស​តែ​ចំនួន​ប្រាំ​ប៉ុណ្ណោះ​ត្រូវ​បាន​ចេញផ្សាយ ដែល​មួយ​ចុង​ក្រោយគេគឺ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដែល​បានបង្ហាញ​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី នៅក្នុង​ឆ្នាំ ១៩៩៥ ។

ឥឡូវ​នៅពេល​យើង​សញ្ជឹង​គិត​អំពី​គ្រា​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ និង​ព្រះ​បង្គាប់​របស់​ព្រះអម្ចាស់​ដើម្បី​ប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​ខ្ចាត់ព្រាត់​នៅ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ជា​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់ ចេញ​នូវ​ការ​ប្រកាស​ដូច​ខាងក្រោម ។ ចំណង​ជើង​វាគឺ « ការ​ស្ដារឡើងវិញ​នៃ​ភាព ពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការ​ប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយឆ្នាំ » ។ វា​ត្រូវ​បាន​និពន្ធ​ដោយ​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួក​សាវក​ដប់ពីរនាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ ចុះកាលបរិច្ឆេទ​នៅ​ខែមេសា ឆ្នាំ ២០២០ ។ ដើម្បី​រៀបចំ​សម្រាប់​ថ្ងៃនេះ ខ្ញុំ​បាន​ថតចម្លង​កាល​ពី​មុន​នូវ​ការ​ប្រកាស​នេះ​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ជាកន្លែង​ដែល​យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះបិតា និង​ព្រះរាជបុត្រា​ជា​លើក​ដំបូង ។

« យើង​សូម​ប្រកាស​ដ៏​ឧឡារិក​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រីទ្រង់​នៅ​គ្រប់​ជាតិសាសន៍​ក្នុង​លោកិយ ។ ព្រះ​ជា​ព្រះបិតា បាន​ប្រទានដល់​យើង​នូវ​កំណើត​ដ៏ទេវភាព ជា​ជីវិត​ដែល​ឥត​ប្រៀបផ្ទឹម ពលិកម្ម​ធួន​ដ៏​និរន្ដរ៍​នៃ​ព្រះរាជបុត្រា​សំណព្វ​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ដោយ​ព្រះចេស្ដា​នៃ​ព្រះបិតា ព្រះយេស៊ូវ​បាន​រស់ឡើងវិញ​ម្ដងទៀត ហើយ​បាន​ទទួលជ័យ​ជម្នះ​លើ​សេចក្ដីស្លាប់ ។ ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ជាគំរូ​របស់​យើង និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង ។

« ពីរ​រយ​ឆ្នាំ​កន្លង​ទៅ នៅ​ព្រឹក​និទាឃរដូវ​ដ៏​ស្រស់ស្អាត​មួយ​ក្នុង​ឆ្នាំ ១៨២០ យុវជន​យ៉ូសែប ស្ម៊ីធ កំពុង​ស្វែងចង់​ដឹង​ថា​គួរ​ចូលរួម​ព្រះវិហារ​មួយណា គាត់​បាន​ចេញ​ទៅ​ក្នុង​ព្រៃ​នៅ​ជិត​ផ្ទះ​គាត់ នៅប៉ែកខាងជើង​រដ្ឋនូវយ៉ោក​សហរដ្ឋអាមេរិក​ដើម្បី​អធិស្ឋាន ។ គាត់​បាន​សួរសំណួរ​ទាក់ទង​ទៅនឹង​សេចក្ដីសង្គ្រោះ​នៃ​ព្រលឹង​គាត់ ហើយ​ទុកចិត្ត​ថា​ព្រះ​នឹង​ដឹកនាំ​គាត់ ។

« យើង​សូម​ប្រកាស​ដោយរាបសារ​ថា នៅ​ក្នុង​ចម្លើយ​ចំពោះ ការ​អធិស្ឋាន​របស់​គាត់ ព្រះជាព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានលេច​មក​ជួប​យ៉ូសែប ហើយ​បាន​ផ្ដើម « ការ​សង​នៃ​រឿងគ្រប់យ៉ាង »​( កិច្ចការ ៣:២១ ) ដូច​បាន​ទាយទុក​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ នៅ​ក្នុង​ការ​និមិត្ត​នេះ គាត់​បាន​រៀន​ថា បន្ទាប់ពី​ការ​ស្លាប់​របស់​ពួក​សាវក​ជំនាន់​ដើម នោះ​ព្រះវិហារ​សញ្ញា​ថ្មី​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​បាត់បង់​ពី​ផែនដី ។ យ៉ូសែប​នឹង​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការ​នាំ​វា​ត្រឡប់មកវិញ ។

« យើង​សូម​អះអាង​ថា​នៅក្រោម​ការ​ដឹកនាំ​របស់​ព្រះបិតា និង​ព្រះរាជបុត្រា នោះ​សារទូតសួគ៌ា​បាន​យាង​មក​បង្រៀន​ដល់​យ៉ូសែប ហើយ​បាន​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើងវិញ ។ យ៉ូហានបាទីស្ទ​ដែល​បាន​រស់ឡើងវិញ​បាន​ស្ដារ​សិទ្ធិអំណាច​ដើម្បី​ធ្វើ​បុណ្យជ្រមុជទឹក​ដោយ​ការ​ពន្លិច​សម្រាប់​ការ​ផ្ដាច់​បាប ។ ពួកសាវកបី​នាក់​ក្នុង​ចំណោម​ពួកសាវក​ដប់ពីរ​នាក់កាលពី​ដើម— ពេត្រុស យ៉ាកុប និង​យ៉ូហាន— បាន​ស្ដារភាព​ជា​សាវក និង​កូនសោ​នៃ​សិទ្ធិអំណាច​បព្វជិតភាព ។ អ្នក​ផ្សេងទៀត​បាន​យាងមក​ផងដែរ រួមមានទាំង អេលីយ៉ា ដែល​បានស្ដារ​សិទ្ធិអំណាច​ដើម្បី​ចង​ក្រុមគ្រួសារ​ជាមួយគ្នា​ជា​រៀងរហូត​នៅ​ក្នុង​ទំនាក់ទំនង​អស់កល្បជានិច្ច​ដែល​ហួស​ពី​សេចក្ដីស្លាប់ ។

« យើង​សូម​ធ្វើ​ជា​សាក្សី​បន្ថែម​ថា យ៉ូសែប ស៊្មីធ​ត្រូវ​បាន​ប្រគល់​អំណោយទាន និង​អំណាច​នៃ​ព្រះ​ដើម្បី​បកប្រែ​កំណត់ត្រា​ពី​បុរាណ​គឺ​ព្រះ​គម្ពីរ​មរមន ៖ សក្ខីបទ​មួយ—ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ទំព័រ​នៃ​អត្ថបទ​ពិសិដ្ឋ​នេះ រួមមាន​នូវ​ដំណើររឿង​នៃ​ការ​បម្រើ​ដោយផ្ទាល់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ចំណោម​រាស្ត្រ​នៅ​អឌ្ឍគោលខាងលិច​ភ្លាម​បន្ទាប់ពី​ការ​រស់ឡើងវិញ​របស់​ទ្រង់ ។ វា​បង្រៀន​អំពី​គោលបំណង​ជីវិត ហើយ​ពន្យល់​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដែល​សំខាន់​ចំពោះ​គោលបំណង​នោះ ។ ជា​ដៃគូ​គម្ពីរ​ទៅនឹង​គម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​គ្រប់រូប​គឺជា​បុត្រា​បុត្រី​នៃ​ព្រះបិតា​សួគ៌​ជា​ទីស្រឡាញ់ ថា​ទ្រង់​មានផែនការ​ដ៏​ទេវភាព​សម្រាប់​ជីវិត​របស់​យើង ហើយ​ថា​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មាន​បន្ទូល​នៅ​សព្វថ្ងៃនេះ ក៏ដូចជា​ពី​ជំនាន់​មុនដែរ ។

« យើង​សូម​ប្រកាសថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​រៀបចំឡើង​នៅ​ថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ គឺជា​សាសនាចក្រ​សញ្ញាថ្មី​របស់​ព្រះគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ។ សាសនាចក្រ​នេះ​គឺ​ជា​យុថ្កា​នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ​នៃ​ថ្មជ្រុង​យ៉ាងឯក គឺ​ព្រះយេស៊ូវគ្រីស្ទ និង​នៅក្នុង​ដង្វាយធួន​ដ៏​និរន្ដរ៍ និង​ការ​រស់ឡើងវិញ​ដ៏ពិត​របស់ទ្រង់ ។ ព្រះ​យេស៊ូវ គ្រីស្ទ​បាន​ហៅ​ពួកសាវក​ជា​ថ្មី​ម្ដងទៀត ហើយ​បាន​ប្រគល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់ពួកគេ ។ ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រកទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ដើម្បី​ទទួល​បាន​អំណរ​ដ៏​ខ្ជាប់ខ្ជួន ។

« ពីរយឆ្នាំ​បាន​កន្លង​ហួស​ទៅ​ហើយ ចាប់តាំង​ពី​ការស្ដារឡើងវិញ​ត្រូវ​បាន​ចាប់​ផ្ដើម​ដោយ​ព្រះ​ជា​ព្រះបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ មានមនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ក្រសោប​យក​ចំណេះដឹង​មួយ​នៃ​ព្រឹត្តការណ៍​ដែល​បាន​ព្យាករណ៍​ទុក​ទាំងនេះ ។

« យើង​រីករាយ​នឹង​ប្រកាស​ថា ការស្ដារឡើងវិញ​ដែលបាន​សន្យា​បន្ដ​ឆ្ពោះទៅមុខ​តាមរយៈ​វិវរណៈ​ជា​បន្ដបន្ទាប់ ។ ផែនដី​នឹង​ពុំ​នៅ​ដដែល​ឡើយ នៅពេល​ព្រះ​នឹង « ប្រមូល​របស់​របរ​ទាំងអស់​ទៅ​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ » ។​( អេភេសូរ ១:១០ )

« ដោយ​គារវភាព និង​ការ​ដឹងគុណ ពួក​យើង​ជា​ពួកសាវក​របស់ទ្រង់​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​បាន​ដឹង—ដូចជា​យើងបានដឹង—ថា​ស្ថានសួគ៌​បាន​បើក ។ យើង​អះអាង​ថា​ព្រះ​កំពុង​បង្ហាញ​ព្រះឆន្ទៈ​របស់ទ្រង់​ចំពោះ​បុត្រាបុត្រី​ជា​ទីស្រឡាញ់​របស់ទ្រង់ ។ យើង​ថ្លែង​ទីបន្ទាល់​ថា អស់​អ្នក​ដែល​សិក្សា​សារលិខិត​អំពី​ការ​ស្ដារឡើងវិញ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ធ្វើ​សកម្មភាព​ដោយជំនឿ នឹង​ត្រូវ​ប្រទានពរ​ឲ្យ​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​ទេវភាព និង​គោលបំណង​របស់​វា​ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមកជាលើក​ទីពីរ​របស់ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវ គ្រីស្ទ​របស់​យើង ដូច​ដែល​បាន​សន្យា » ។១៥

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ​ជាទីស្រឡាញ់ នេះ​គឺជា​ការ​ប្រកាស​ខួប​លើកទីពីររយ​ឆ្នាំ​របស់យើង​ដល់​ពិភពលោក ទាក់ទង​នឹង​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុងភាព​ពេញលេញ ។ វា​ត្រូវ​បាន​បកប្រែ​ជា ១២ ភាសា ។ ភាសា​ផ្សេងៗ​នឹង​មាន​តាម​ក្រោយ​ក្នុងពេលឆាប់ៗ ។ វា​នឹង​មាន​ភាព​នៅលើ​គេហទំព័រ​សាសនាចក្រ ដែល​បងប្អូន​អាច​ទទួល​បាន​វា​មួយ​ច្បាប់ ។ សូម​សិក្សា​វា​ជា​ឯកជន និង​ជា​មួយ​សមាជិកគ្រួសារ និង​មិត្តភក្ដិ​របស់​អ្នក ។ សូមពិចារណា​អំពី​សេចក្ដីពិត ហើយគិត​អំពី ឥទ្ធិពល​ដែល​សេចក្ដីពិត​ទាំងនោះ​នឹង​មាន​មក​លើ​ជីវិត​របស់​បងប្អូន បើ​បងប្អូន​នឹង​ស្ដាប់ ប្រុងស្ដាប់ ហើយ​ផ្ទៀងសា្ដប់​បទបញ្ញត្តិ និង​សេចក្ដីសញ្ញា​ដែល​មាន​អម​ជាមួយ​វា​នោះ ។

ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ដែល​បាន​តែងតាំង​ពី​មុន​កំណើត ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ឲ្យ​បើក​គ្រាកាន់កាប់ត្រួតត្រា​ចុង​ក្រោយ​នេះ ។ តាមរយៈ​លោក សាសនាចក្រ​របស់​ព្រះអម្ចាស់ ត្រូវ​បាន​ស្ដារឡើងវិញ​មក​កាន់​ផែនដី ។ យ៉ូសែប បាន​ភ្ជាប់​ទីបន្ទាល់​របស់​លោក​ដោយ​លោហិត ។ ខ្ញុំ​ស្រឡាញ់​និង​គោរព​លោក​ណាស់ !

ព្រះមានព្រះជន្មរស់ ! ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! សាសនា ចក្រ ទ្រង់ ត្រូវ បាន ស្តារ ឡើង វិញ ! ទ្រង់ និង​ព្រះបិតា​ទ្រង់ ជា​ព្រះវរបិតាសួគ៌​យើង កំពុង​ទតមើល​មក​លើ​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។