បណ្ណាល័យ
មេរៀនទី ២៩ ៖ ម៉ាថាយ ២៥:១៤-៤៦


មេរៀនទី ២៩

ម៉ាថាយ ២៥:១៤-៤៦

សេចក្ដីផ្ដើម

នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​កាល​គង់​នៅ​លើ​ភ្នំ​អូលីវ ទ្រង់​បាន​លើក​ឡើង​ពី​រឿង​ប្រៀប​ប្រដូច​ស្ដី​ពី​ទេពកោសល្យ ។ ទ្រង់​ក៏​បាន​ពន្យល់​ផង​ដែរ​ថា ទ្រង់​នឹង​ញែក​មនុស្ស​សុចរិត​ចេញ​ពី​មនុស្ស​ទុច្ចរិត​កាល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៥:១៤-៣០

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​រឿង​ប្រៀបប្រដូច​ស្ដីពី​ទេពកោសល្យ

ពីមុន​ចាប់ផ្ដើម​ថ្នាក់ សូម​ដាក់​កាក់​ប្រាំ​នៅ​ផ្នែក​ម្ខាង​នៃ​បន្ទប់ ហើយ​កាក់​ពីរ​នៅ​ផ្នែក​ម្ខាង​ទៀត ។ សូម​ដាក់​កាក់​ប្រាំបី​ទៀត​នៅ​ក្នុង​ហៅប៉ៅ​របស់​អ្នក ។

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ដើម្បី​ជួយ​អ្នក​សម្ដែង​រឿង​ប្រៀបប្រដូច​មួយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ជា​ផ្នែក​មួយ​នៃ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ទាក់ទិន​នឹង​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៥:១៤-១៨ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​អ្វី​ដែល​អ្នក​បម្រើ​ម្នាក់ៗ​បាន​ទទួល និង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ជាមួយ​នឹង​វត្ថុ​នោះ ។

  • តើ​ចៅហ្វាយ​បាន​ឲ្យ​អ្វី​ខ្លះ​ ទៅ​ពួក​អ្នក​បម្រើ​របស់​គាត់​ម្នាក់ៗ ? ( សូម​ពន្យល់​ថា ទេពកោសល្យ​នៅ​ក្នុង​​រឿងប្រៀបប្រដូចនេះ​ គឺជា​ចំនួន​សរុប​នៃ​ទឹកប្រាក់ ។ សូម​យក​កាក់​ប្រាំបី​ចេញ​ពី​ហោប៉ៅ​របស់​អ្នក ហើយ​ឲ្យ​សិស្ស​ទី​មួយ​កាក់​ប្រាំ សិស្ស​ទីពីរ​កាក់​ពីរ និង​សិស្ស​ទី​បី​កាក់​មួយ ។

  • តើ​អ្នក​បម្រើ​ម្នាក់ៗ​បាន​ធ្វើ​អ្វី​ខ្លះ ​ជាមួយ​នឹង​ប្រាក់​ដែល​គាត់​បាន​ទទួល​នោះ ?

សូម​អញ្ជើញ​សិស្ស​ដែល​មាន​កាក់​ប្រាំ​ទៅ​យក​កាក់​ប្រាំ​បន្ថែម​ទៀត​ពី​ផ្នែក​ម្ខាង​នៃ​ថ្នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ដែល​មាន​កាក់​ពីរ​ទៅ​យក​កាក់​ពីរ​បន្ថែម​ទៀត​ពី​ផ្នែក​ម្ខាង​ទៀត​នៃ​ថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ដែល​មាន​កាក់​មួយ​យក​កាក់​របស់​ខ្លួន​លាក់ ឬ​ធ្វើ​ហាក់ដូចជា​កប់​កាក់​នោះ ។

ចូរ​សុំ​ឲ្យ​សិស្ស​ប្រគល់​កាក់​ទាំងនោះ​មក​ឲ្យ​អ្នក​វិញ ហើយ​ចូល​ទៅ​កន្លែង​អង្គុយ​វិញ ។ សូម​សរសេរ​កត្តា​ខាង​ក្រោម​នេះ​នៃ​រឿង​ប្រៀប​ប្រដូច​នៅ​លើ ក្ដារខៀន​ ( ដោយ​គ្មាន​ការ​ពន្យល់​ន័យ​​នៅ​ក្នុង​វង់​ក្រចក ) ៖

ចៅហ្វាយ​របស់​ពួក​អ្នក​បម្រើ (ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ )

ពួក​អ្នក​បម្រើ ( ពួក​សិស្ស​របស់​ព្រះអម្ចាស់ )

ទេពកោសល្យ ( អំណោយទាន និង សមត្ថភាព​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ )

  • តើ​អ្វី​អាច​តំណាង​ឲ្យ​វត្ថុធាតុ​នៃ​រឿង​ប្រៀបប្រដូច​នេះ ? ( សូម​ពន្យល់​ថា អំណោយទាន និង​សមត្ថភាព​ខ្លះ​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ត្រូវ​បាន​ទទួល ហើយ​អភិវឌ្ឍ​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។ យើង​អាច​ជ្រើស​បន្ត​អភិវឌ្ឍ​អំណោយទាន​ទាំងនោះ និង​អំណោយ​ទាន​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ) ។

  • យោងតាម ម៉ាថាយ ២៥:១៥ហេតុអ្វីចៅហ្វាយ​ឲ្យ​ចំនួន​ប្រាក់​ខុសៗគ្នា​ដល់​អ្នក​បម្រើ​ម្នាក់ៗ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​ចង្អុល​បង្ហាញ​ថា ឃ្លា « តាម​ដំរិះ​គេ​រៀង​ខ្លួន » គូស​បញ្ជាក់​ថា ព្រះ​ប្រទាន​ដល់​យើង​ម្នាក់ៗ​នូវអំណោយទាន និង សមត្ថភាព​ដែល​ត្រូវ​យើង​ត្រូវការ​ស្រប​តាម​កាលៈទេសៈ​របស់​យើង ) ។

សូម​អានឮៗ​នូវ​សំណួរ​ខាង​ក្រោម ហើយ​សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​វា ៖

  • តើ​អ្នក​គិត​ថា ​អ្នក​បម្រើ​ណា​មួយ​ដែល​អ្នក​នឹង​ឲ្យ​ទេពកោសល្យ​ប្រាំ ទេពកោសល្យ​ពីរ ឬ​ទេពកោសល្យ​មួយ ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៥:១៩-២១ ឲ្យ​ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​លោក​ចៅហ្វាយ​បាន​មាន​បន្ទូល​ទៅកាន់​អ្នក​បម្រើ​ដែល​បាន​ទទួល​ទេពកោសល្យ​ប្រាំ ។

  • តើ​ចៅហ្វាយ​បាន​និយាយ​អ្វី​ខ្លះ​ទៅ​អ្នក​បម្រើ​ទីមួយ ?

សូម​ពន្យល់​ថា ការ​តាំងឲ្យ ​« ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត » និង ការ « ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » (ម៉ាថាយ ២៥:២១​​ ) សំដៅ​ទៅ​លើ​ការ​បំពេញ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង និង​​ការ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះវរបិតាសួគ៌ ។

  • តើ​យើងអាច​រៀន​គោលការណ៍​អ្វី​ខ្លះ​មកពី​បទពិសោធន៍​របស់​អ្នក​បម្រើ​ទីមួយ ? ( គោលការណ៍​ខាង​ក្រោម​នេះ ​គឺជា​គោលការណ៍​មួយ​ដែល​សិស្ស​អាច​រក​ឃើញ ៖ ប្រសិន​បើ​យើង​ប្រើ​អំណោយទាន និង​សមត្ថភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​ដោយ​ស្មោះត្រង់ នោះ​យើង​អាច​បំពេញ​សក្ដានុពល​ដ៏ទេវភាព​របស់​យើង ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

  • តើ​គំរូ​មួយ​ចំនួន​ស្ដីពី​របៀប​ដែល​យើង​អាច​ប្រើ​អំណោយទាន និង សមត្ថភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​អ្វី​ខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា អ្នក​បម្រើ​ទី​ពីរ​អាច​ត្អូញត្អែរ​នៅ​ពេល​គាត់​បាន​ឃើញ​ថា អ្នកបម្រើ​ទីមួយ​បាន​ទទួល​ទេពកោសល្យ​ប្រាំ ហើយ​គាត់​បាន​ទទួល​តែ​ពីរ​នោះ ។ ផ្ទុយទៅវិញ គាត់​បាន​ប្រើ​ទេពកោសល្យ​ដែល​គាត់​បាន​ទទួល​នោះ​ដោយ​ស្មោះត្រង់ ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ 25:22-23 ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​លោក​ចៅហ្វាយ​បានថ្លែង​​ទៅកាន់​អ្នក​បម្រើ​ដែល​បាន​ទទួល​ទេពកោសល្យ​ពីរ​នោះ ។

  • តើ​ចៅហ្វាយ​បាន​និយាយ​អ្វី​ខ្លះ ​ទៅ​អ្នក​បម្រើ​ដែល​បាន​ទទួល​ទេពកោសល្យ​ពីរ ?

  • ទោះ​បី​ជា​លោកចៅហ្វាយ​នោះ​បាន​ឲ្យ​ចំនួនប្រាក់​ខុស​គ្នា​ដល់​អ្នក​បម្រើ​ពីរ​នាក់​ដំបូង​ក៏​ដោយ ហេតុអ្វី​ក៏​អ្នក​គិត​ថា​ពួក​គេ​ទាំងពីរ​នាក់​បាន​ទទួល​ចម្លើយ​ដូចគ្នា​មក​ពី​ចៅហ្វាយ​របស់​ពួកគេ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ មកពី​បទពិសោធន៍​របស់​បុរស​ដែល​បាន​ទទួល​ទេពកោសល្យ​ពីរ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​យើង ប្រសិន​បើ​យើង​ប្រើ​អំណោយទាន និង សមត្ថភាព​ទាំងឡាយ​ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ស្មោះត្រង់ ដោយ​ពុំ​គិត​ថា​យើង​ទទួល​បាន​ប៉ុន្មាន ឬ​វា​ជា​អ្វី​នោះ​ទេ ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត ប្រសិន​បើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ថា នរណា​ម្នាក់​មាន​អំណោយ​ទាន ឬ​សមត្ថភាព​ច្រើន ហើយ​ប្រសើរ​ជាងពួកគេ ។ សូម​ចង្អុល​បង្ហាញ​គោលការណ៍​ដែល​អ្នក​ទើបតែ​សរសេរ​នៅ​លើ​ក្ដារខៀន ។

  • តើ​ការ​ចងចាំ​គោលការណ៍​នេះ​អាច​ជួយ​យើង​បែបណា​ខ្លះ នៅ​ពេល​យើង​មាន​អារម្មណ៍​ថា នរណា​ម្នាក់​បាន​ទទួល​អំណោយទាន​ច្រើន ឬ​ប្រសើរ​ជាង​អ្វី​ដែល​យើង​មាន​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ឃ្វីនថិន អិល ឃុក

« ការ​រីកចម្រើន​នៅ​ក្នុង​ទេពកោសល្យ​របស់​យើង​ គឺជា​ការ​វាស់វែង​ដ៏​ល្អបំផុត​នៃ​ការ​រីកចម្រើន​ផ្ទាល់​ខ្លួន ។ … ការ​ប្រៀបធៀប​ពរជ័យ​គឺ​ជាការ​ដក​យក​សេចក្ដី​អំណរ​យ៉ាង​ពិត​ប្រាកដ ។ យើង​ពុំ​អាច​មាន​ការ​ដឹងគុណ និង​ការ​ច្រណែន​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ ។ ប្រសិន​បើ​យើង​ពិត​ជា​ចង់​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ហើយ​ដក​ពិសោធន៍​នូវ​អំណរ និង​សុភមង្គល យើង​គួរ​រីករាយ​នៅ​ក្នុង​ពរជ័យ​របស់​យើង ហើយ​មាន​អំណរ​គុណ » ( « Rejoice! » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៩៦ ទំព័រ ២៩, ៣០ ) ។

  • តើ​យើង​អាច​រកឃើញ​អំណោយទាន និង​សមត្ថភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​ដោយ​របៀប​ណា ?

សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស​ម្នាក់ៗ ហើយ​ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​ឈ្មោះ​របស់​ខ្លួន​នៅ​ផ្នែក​ខាង​លើ​ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ហុច​ក្រដាស​របស់​ខ្លួន​ទៅ​ឲ្យ​សិស្ស​ ដែល​អង្គុយ​នៅ​ក្បែរ​ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស សរសេរ អំណោយទាន ឬ​សមត្ថភាព​មួយ​ដែល​ពួកគេ​មើល​ឃើញ​នៅ​ក្នុង​បុគ្គល​ដែល​មាន​ឈ្មោះ​នៅ​លើ​ក្រដាស​នោះ ។ សូម​ណែនាំ​ពួកគេ​ឲ្យ​បន្ត​ហុច​ក្រដាស​របស់​ពួកគេ​ដល់​សិស្ស​ដទៃ​ទៀត ហើយ​សរសេរ​ពី​អំណោយទាន និង​សមត្ថភាព​ដែល​ពួកគេ​បាន​សង្កេតឃើញ ។

បន្ទាប់ពី​ពីរ​បី​នាទីក្រោយ​មក ចូរ​សុំ​ឲ្យ​សិស្ស​ប្រគល់​ប្រកាស​នោះ​ទៅ​ម្ចាស់​ដើម​វិញ ។ ចូរ​ឲ្យ​ពេល​សិស្ស​អាន​អំពី​អំណោយទាន និង​សមត្ថភាព​ដែល​អ្នក​ផ្សេង​មើល​ឃើញ​ពួកគេ​មាន ។ រួច​សុំ​ឲ្យ​ពួកគេ​សរសេរចម្លើយ​ឆ្លើយនឹង​សំណួរ​ខាង​ក្រោម​នេះ ​នៅ​លើ​ក្រដាស​របស់​ខ្លួន ​ ៖

  • ​តើ​វិធី​មួយ​ដែល​អ្នក​អាច​ប្រើ​អំណោយទាន​មួយ​របស់​អ្នក ​ដើម្បី​ជួយ​ការងារ​បន្ថែម​ទៀត​របស់​ព្រះអម្ចាស់​គឺជា​អ្វី​ទៅ ?

សូម​ចង្អុល​បង្ហាញ​ថា រឿង​ប្រៀប​ប្រដូច​ពី​ទេពកោសល្យ​ រួម​បញ្ចូល​ទាំង​ការ​ព្រមាន​អំពី​អំណោយទាន និង សមត្ថភាព​ដែល​យើង​បាន​ទទួល ។ សុំ​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាថាយ ២៥:២៤–៣០ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ចៅហ្វាយ​ឆ្លើយតប​នឹង​អ្នក​បម្រើ​ដែល​បាន​លាក់​ទេពកោសល្យ ។ បន្ទាប់​ពី​អាន ខ​ទី ២៧ សូម​ពន្យល់​ថា​ពាក្យ ទាំង​ដើម ទាំង​ការ​ មាន​ន័យ​ថា​ការ​ប្រាក់ ( ប្រាក់​ចំណូល​បាន​មក​ពី​ការ​វិនិយោគ ឬ​ការ​ឲ្យ​ខ្ចី​ប្រាក់ ) ។

  • ហេតុអ្វី​បាន​ជា​អ្នក​បម្រើ​ចុងក្រោយ​លាក់​ទេពកោសល្យ​របស់​គាត់ ? តើ​ចៅហ្វា​យបាន​ឆ្លើយ​បែបណា​ ចំពោះ​ការ​ជ្រើស​រើស​របស់​អ្នក​បម្រើ​ម្នាក់​នេះ ?

  • ទោះ​បី​ជា អ្នកបម្រើ​នេះ​បាន​រក្សា​ប្រាក់​ចៅហ្វាយ​ខ្លួន​មិន​ឲ្យ​បាត់​ក៏​ដោយ តើទង្វើ​ខុស​ឆ្គង​របស់​អ្នក​បម្រើ​រូប​នេះ​ជា​អ្វីទៅ ?

  • តើ​អ្នក​គិត​ថា ចៅហ្វាយ​នឹង​តប​ទៅ​អ្នក​បម្រើ​នេះ​យ៉ាង​ដូចម្ដេច ប្រសិនបើ​គាត់​បាន​យក​ទេពកោសល្យ​ពីរ​ត្រឡប់​មក​ឲ្យ​វិញ ?

  • តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ទេពកោសល្យ​ ដែល​ចៅហ្វាយ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​បម្រើ​នោះ ? ( វា​ត្រូវ​បាន​ដក​ចេញ​ពី​គាត់ ហើយ​យក​ទៅ​ឲ្យ​អ្នក​បម្រើ​ម្នាក់​ទៀត ) ។

សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ ស្ទើរ​លីង ដ័បុលយូ សីល នៃពួកចិតសិបនាក់ ៖ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​មើល​ហេតុផល​ ដែល​យើង​បាន​បាត់​បង់​អំណោយ និង​លទ្ធភាព​ទាំងឡាយ ប្រសិន​បើ​យើង​មិន​ប្រើ​វា​សម្រាប់​សេចក្ដី​ល្អ​នោះ ។

រូបភាព
អែលឌើរ ស្ទើរលីង ដបុលយូ ស៊ីល

« ការ​បាត់​បង់​របស់​ [ អ្នក​បម្រើ​ទី​បី ] ពុំ​មែន​ដោយសារ​គាត់​បាន​ធ្វើ​រឿង​ខុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​ភ័យ​ខ្លាច​របស់​គាត់​បាន​រារាំង​គាត់ [ ពី ] ការ​ធ្វើ​កិច្ចការ​ទាំងឡាយ ។ ប៉ុន្តែ​នេះ​គឺជា​ដំណើរការ​ ដែល​​ពរជ័យ​របស់​យើង​ភាគ​ច្រើន​ត្រូវ​បាន​បាត់​បង់ ។ …

« … កាល​មនុស្ស​ម្នាក់​មិន​បាន​ប្រើ​សាច់​ដុំ​របស់​គាត់ នោះ​គាត់​នឹង​បាត់​បង់​កម្លាំង ។ … កាល​យើង​មិន​អភិវឌ្ឍ​សមត្ថភាព​របស់​យើង នោះ​យើង​បាត់​បង់​សមត្ថភាព​របស់​យើង ។ កាល​មនុស្ស​ពី​បុរាណ​ពុំ​បាន​គោរព​បព្វជិតភាព វា​ត្រូវ​បាន​ដក​យក​ចេញពី​ពួកគេ ។ … គ្មាន​ទេព​កោសល្យ​ខាង​វិញ្ញាណ ខាង​ផ្លូវ​ចិត្ត ឬ​ផ្លូវ​កាយ​ណា​មួយ​អាច​រីក​ចម្រើន​បាន​ឡើយ​កាល​វា​ត្រូវ​បាន​យក​ទៅ​កប់​នៅ​ក្នុង​ដី​នោះ » (  [ ឆ្នាំ​ ១៩៦៣ ] ទំព័រ ៣៧៥ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ​ ដែល​យើង​អាច​រៀន​ពី​អ្នក​បម្រើ​ដែល​បាន​លាក់​ទុក​ទេពកោសល្យ​នោះ ? ( ទោះ​ជា​សិស្ស​ប្រហែលជាផ្ដល់​​យោបល់​ អំពី​គោលការណ៍​ខុសៗ​គ្នា​ក្ដី សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួកគេ​រកឃើញ​សេចក្ដី​ពិត​ដូច​ខាង​ក្រោម ៖ ការ​ភ័យ​ខ្លាច​អាច​រារាំង​យើង​មិន​ឲ្យ​ប្រើ​អំណោយទាន និង​សមត្ថភាព​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ឲ្យ ។ ប្រសិន​បើ​យើង​មិន​អភិវឌ្ឍ ហើយ​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង​សម្រាប់​សេចក្ដី​ល្អទេ នោះយើង​នឹង​បាត់​បង់​វា ) ។

  • តើ​ការ​ភ័យ​ខ្លាច​អាច​រារាំង​យើង​មិន​ឲ្យ​ធ្វើ​កិច្ចការ​ល្អ​ដោយ​ប្រើ​អំណោយ​ទាន និង​សមត្ថភាព​របស់​យើង​បាន​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ថ្លែង​ទីបន្ទាល់​ អំពី​គោលការណ៍​ដែល​ពួកគេ​បាន​ពិភាក្សា ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រើ​អំណោយទាន និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ពន្លឿន​កិច្ចការ​​របស់​ព្រះអម្ចាស់ ។

ម៉ាថាយ ២៥:៣១-៤៦

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ប្រាប់​ទុក​ជា​មុន​ អំពី​ការ​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​មនុស្ស​សុចរិត​នៅពេលនៃ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

រូបភាព
ការ​យាង​មក​ជា​លើក​ទីពីរ​

ចូរ​ដាក់​បង្ហាញ​រូបភាព ការយាង​មក​ជា​លើក​ទីពីរGospel Art Book [ ឆ្នាំ ២០០៩ ] ទំព័រ ៦៦សូម​មើលផង​ដែរ LDS.org ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៥:៣១-៣៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ព្រះអម្ចាស់ នឹង​ធ្វើ​ជាមួយ​នឹង​មនុស្ស​នៅ​លើ​ផែនដី ​បន្ទាប់​ពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

  • តើ​ព្រះអម្ចាស់​នឹង​ដូចម្តេច​ខ្លះ​ជាមួយ​នឹង​មនុស្ស​នៅ​លើ​ផែនដី​បន្ទាប់​ពី​ការ​យាង​​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ?

  • តើ​ព្រះអម្ចាស់​បាន​ប្រើ​សត្វ​ណាខ្លះ ដើម្បី​តំណាង​ឲ្យ​មនុស្ស​ទុច្ចរិត ? ចុះ​មនុស្ស​សុចរិត​វិញ ?

សូម​បំបែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​ដៃ​គូ​ពាក់​កណ្ដាល​អាន ម៉ាថាយ ២៥:៣៤–៤០ ឲ្យ​ឮៗ​រួម​គ្នា ដោយ​រក​មើល​របៀប​ដែល​ព្រះអម្ចាស់​នឹង​កំណត់​ថា​ជា « កូនចៀម » ( ម៉ាថាយ ២៥:៣២–៣៣ ) ។ សូម​អញ្ជើញ​ដៃ​គូ​ពាក់​កណ្ដាល​ទៀត​អាន ម៉ាថាយ ២៥:៤១-៤៦ ឲ្យ​ឮៗ​រួម​គ្នា ដោយ​រក​មើល​របៀប​ដែល​ព្រះអម្ចាស់​នឹង​កំណត់​ថា​ជា « សត្វ​ពពែ » ( ម៉ាថាយ ២៥:៣២–៣៣ ) ។

លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យ​ដៃ​គូ​នីមួយៗ​ធ្វើ​ការ​ជាមួយ​ដៃ​គូ​ដែល​អាន​ខគម្ពីរ​ខុសៗ​គ្នា ។ ចូរ​សុំ​ឲ្យ​សិស្ស​សង្ខេប​ពីអ្វី​ដែល​ពួក​គេ​បាន​អាន ហើយ​ពិភាក្សា​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​ក្រុម​របស់​ខ្លួន ៖

  • តើ​ព្រះអម្ចាស់​សម្គាល់​បែងចែករវាង​ជន​ដែល​ស្រឡាញ់​ទ្រង់ ( កូនចៀម ) និង​ជន​ដែល​មិន​ស្រឡាញ់​ទ្រង់ ( សត្វ​ពពែ ) ដោយ​របៀប​ណា ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ?

សូម​អញ្ជើញ​មនុស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​ឲ្យ​សរសេរ​គោលការណ៍​ ដែល​ក្រុម​ខ្លួន​បាន​រក​ឃើញ​នៅ​លើ​ក្ដារ​ខៀន ។ សិស្ស​គួរ​រកឃើញ​គោលការណ៍​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ នៅ​ពេល​យើង​ស្រឡាញ់ ហើយ​បម្រើ​មនុស្ស​ដទៃ នោះយើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​យើង​ចំពោះ​ព្រះអម្ចាស់ ។ នៅ​ពេល​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដីត្រូវការ​របស់​មនុស្ស​ដទៃ នោះយើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះអម្ចាស់ដែរ ។

ដើម្បី​ជួយ​សិស្ស​យល់​ដឹង​ពី​គោលការណ៍​ទាំងនេះ ចូរ​សួរ​សំណួរ​ស្រដៀង​គ្នា​នឹង​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​មនុស្ស​ដែល​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះអម្ចាស់​ប្រព្រឹត្ត​ចំពោះ​ប្អូន​ស្រី​ខ្លួន ​ដែល​កំពុង​សូម​ឲ្យ​ជួយ​ធ្វើ​កិច្ចការ​សាលា​របស់​នាង​យ៉ាង​ដូច​ម្ដេច ?

  • តើ​មនុស្ស​ដែល​នៅ​ព្រះហស្ដ​ខាង​ឆ្វេង​របស់​ព្រះអម្ចាស់​ អាច​ប្រព្រឹត្ត​ចំពោះ​មិត្ត​ក្នុង​ថ្នាក់​ម្នាក់​ដែល​ជ្រុះ​សៀវភៅ​នាង​នៅ​តាមសាល​សាលារៀនយ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​ការ​យល់​ដឹង​គោលការណ៍​ទាំង​នេះ ​អាច​ជួយ​យើងឲ្យ​កែលម្អ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ក្នុងអំឡុងពេល​ ២៤ ម៉ោង​កន្លងមកនេះ ។ សូម​អញ្ជើញ​ពួកគេ​ពិចារណា​ថា តើ​ពួកគេ​នឹង​ជ្រើស​ធ្វើ​ខុស​ពី​មុន​ទេ ប្រសិន​បើ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នៅ​ពេលអនាគត​នោះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ស្រឡាញ់ ហើយ​បម្រើ​ដល់​មនុស្ស​ដទៃ​ជានិច្ច ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​តាម​ផែនការ​របស់​ខ្លួន ។ អ្នក​គួរ​តាម​ដាន​សិស្ស​នៅ​ពេល​ក្រោយ​ពេល​បាន​ជួប​នឹង​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​ពី​បទពិសោធន៍​វិជ្ជមាន​មួយ​ចំនួន​របស់​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២៥:១៥ ។ « [ ទ្រង់ ] ​បាន … ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន »

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទីមួយ​បាន​មានប្រសាសន៍អំ​ពី​អំណោយទាន​ខុសៗគ្នា​ដែល​យើង​ទទួល​បាន ៖

« ព្រះអម្ចាស់​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ទ្រង់​គ្រប់​រូប រួម​ទាំង​អ្នក​កាន់​បព្វជិតភាព​គ្រប់​គ្នា​នូវ​ទេពកោសល្យ​ខាង​វិញ្ញាណ ។ … កាល​យើង​មាន​បទពិសោធន៍ ភាព​ប៉ិន​ប្រសប់ និង​ភាព​រឹងមាំ​មិន​ស្មើ​គ្នា នោះ​យើង​មាន​ឱកាស​ខុស ៗ​គ្នា​ ដើម្បី​ទទួល​បាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ទាំង​នេះ ហើយ​យើង​ទាំងអស់​គ្នា​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រើ​អំណោយ​ទាន និង​ឱកាស​ដែល​ត្រូវបាន​ផ្ដល់​ឲ្យ​យើង » ( « I Believe I Can, I Knew I Could »​ Ensign ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ ៥០ ) ។