បណ្ណាល័យ
មេរៀនទី ១៩ ៖ ម៉ាថាយ ១៦


មេរៀនទី ១៩

ម៉ាថាយ ១៦

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដី​បន្ទោស​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ដែល​ចង់​បានទីសម្គាល់មួយ​នៃ​ទេវភាព​របស់​ទ្រង់ ។ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​នៃ​នគរ ។ ព្រះយេស៊ូវ​បាន​បង្រៀនដល់​​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ពួកគេ ហើយ​ដើរ​តាម​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៦:១-១២

ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ចង់​បានទីសម្គាល់មួយ​មក​ពី​ព្រះអង្គ​សង្គ្រោះ

សូមសរសេរឃ្លា​ខាង​ក្រោម​នៅលើ ក្ដារ​ខៀន ពី​មុន​ចាប់ផ្ដើមបង្រៀន ៖

តាមរយៈ​ការ​លេច​ចេញ​មក​របស់​ទេវតា​មួយ​អង្គ

តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

តាមរយៈ​ការ​ជឿ​លើ​ពាក្យ​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ម្នាក់

តាមរយៈ​ការ​ឃើញ​អព្ភូតហេតុ​មួយ

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សុំ​ឲ្យ​សិស្ស​ជ្រើស​រើស​​ឃ្លា​នៅ​លើ​ក្ដារខៀន​ដែល​វា​ពិពណ៌នា​ល្អ​បំផុត​ពី​របៀប​ ដែល​ពួកគេ​ចង់​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ ។ សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ពី​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើស ហើយ​ពន្យល់​ពី​ហេតុផល​ដែល​ពួកគេ​ជ្រើសយក​វា ។

នៅពេល​ពួកគេ​សិក្សា ម៉ាថាយ ១៦ សុំ​ឲ្យ​សិស្ស​រក​មើល​សេចក្ដី​ពិត​ដែល​ទាក់ទង​នឹង​របៀប​ដែល​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ទទួល ហើយ​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១ ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ចង់​បាន​ពី​ព្រះយេស៊ូវ ។

  • តើ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ចង់​បាន​អ្វីខ្លះ​ពី​ព្រះយេស៊ូវ ?

  • តើ​អ្នក​គិត​ថា ​វា​មាន​ន័យ​ដូចម្ដេច​កាល​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ីបាន ​« ល្បួង » ​ព្រះយេស៊ូវ​កាល​ពួកគេ​ទូលសុំ​ឲ្យ​បង្ហាញ​ទី​សម្គាល់​មួយ​នោះ ? ( អត្ថន័យ​មួយ​នៃ​កិរិយាសព្ទ​ល្បួង​គឺ​ការ​ព្យាយាម ឬ​សាកល្បង ) ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរវេន​គ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង ម៉ាថាយ ១៦:២-៤ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទីសម្គាល់អ្វី​ទៅ​ដែល​ទ្រង់​នឹង​ប្រទាន​ឲ្យ ?

សូម​ពន្យល់​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ឈ្មោះ យ៉ូណាស ដែល​ត្រូវ​លេប​ចូល​ក្នុងពោះ « ត្រី​មួយ​យ៉ាងធំ » ( យ៉ូណាស ១:១៧ ) ។ « ការ​បញ្ចុះ »​ របស់​យ៉ូណាស រួច​បាន​ចេញ​មក​ពី​ពោះ​ត្រី​ក្រោយ​ពី​បាន​បី​ថ្ងៃ​មក គឺ​តំណាង​ឲ្យ​ការ​សុគត ការ​បញ្ចុះ និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពី​ផ្នូរ​នៅ​ថ្ងៃ​ទី​បី ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ​ បន្ទាប់​ពី​បាន​ស្ដី​បន្ទោស​ដល់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ ចេញ​ពី​​បទពិសោធន៍​នេះ​ស្ដីពី​វិធី​ពុំ​ត្រឹមត្រូវ​ដើម្បី​ស្វែង​រក​សេចក្ដី​ពិត​ខាង​វិញ្ញាណ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ យើង​ពុំ​បាន​ទទួល​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ ដោយ​ការ​ស្វែងរកទីសម្គាល់ឡើយ ) ។

សូម​សង្ខេប ម៉ាថាយ ១៦:៥–១២ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ពួក​សិស្ស​របស់​ទ្រង់​ ពី​ការ​បង្រៀន​ខុស​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី ។ ( កំណត់​ចំណាំ ៖ ព្រឹត្តិការណ៍​ទាំង​នេះ​នឹង​ត្រូវ​បាន​លើក​ឡើង​យ៉ាង​លម្អិត​នៅក្នុង​មេរៀន​​ម៉ាកុស ១០) ។

ម៉ាថាយ ១៦:១៣-២០ ។

ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​នៃ​នគរ​ស្ថានសួគ៌

សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ស្ដី​បន្ទោស​ដល់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ដោយ​ការ​ចង់​បានទីសម្គាល់មួយ​ នោះ​ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ពី​របៀប​ទទួល​បាន​ទីបន្ទាល់​មួយ​ពី​សេចក្ដី​ពិត ។ សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១៣-១៤ ឲ្យឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​សំណួរ​​​ដែល​ព្រះយេស៊ូវ​បាន​ចោទសួរ និង​ចម្លើយ​របស់​ពួក​សិស្ស​របស់​ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​អ្វី​ខ្លះ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ? តើ​ពួក​គេ​បាន​ឆ្លើយ​យ៉ាង​ដូចម្ដេច ? ( អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា អេលីយ៉ាស និង យេរេមា​ គឺជា​ពួក​ព្យាការី​ក្នុង​ព្រះ​គម្ពីរ​​សញ្ញា​ចាស់​ឈ្មោះ​ អេលីយ៉ា និង​យេរេមា ) ។

  • តើ​ចម្លើយ​របស់​ពួកគាត់​អាច​ប្រាប់​អ្វីខ្លះ​ដល់​យើង​ថា មក​ដល់​ពេល​នេះ​នៅ​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់​ តើ​មនុស្ស​បាន​យល់ដឹង​ដល់​កម្រិត​ណាដែរ​ ថា​ព្រះយេស៊ូវ​គឺជា​នរណា​ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១៥-១៧ ឲ្យ​ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​សំណួរ​ទីពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចោទ​សួរ ។

  • តើ​សំណួរ​ទីពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចោទ​នោះ​ជា​អ្វី​ទៅ ? តើ​ពេត្រុស​បាន​ឆ្លើយ​បែបណា​ដែរ ?

  • យោង​តាម ខទី ១៧តើ​ពេត្រុស​បាន​ដឹង​ថា ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ដោយ​របៀប​ណា ? ( សូម​ចង្អុល​បង្ហាញ​ថា ព្រះវរបិតា​សួគ៌​បាន​បើក​សម្ដែង​សេចក្ដីពិត​នេះ​ដល់​លោក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយ​របស់​សិស្ស​គួរ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ពិត​ថា យើង​ទទួល​បាន​ទី​បន្ទាល់​មួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​វិវរណៈ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ​ការ​ទទួល​បាន​ទីបន្ទាល់​មួយ​តាមរយៈ​វិវរណៈ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាជាង​តាម​វិធី​ផ្សេង​ទៀត​​ ជា​រឿង​សំខាន់​សម្រាប់​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​ពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ​ក្នុង​ការ​ជួយ​យើង​ឲ្យ​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការ​ណ៍ខាងក្រោម​នេះ​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ​ការ​មាន​បន្ទូល​របស់​ព្រះវិញ្ញាណ​នៃ​ព្រះ​ទៅ​កាន់​វិញ្ញាណ​របស់​មនុស្ស ​មាន​នូវ​ព្រះ​ចេស្ដា​ដើម្បី​ប្រទាន​សេចក្ដីពិតដ៏​​មាន​ឥទ្ធិពល និង ការ​យល់​ដឹង​ច្រើន​ជាង​សេចក្ដី​ពិត​ដែល​អាច​បាន​ផ្ដល់​ឲ្យ​ដោយ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ ទោះ​ជា​ជាមួយ​នឹង​អង្គ​នៅ​សួគ៌ា​ក្ដី ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ សេចក្ដីពិត​ត្រូវ​ត្បាញ​បញ្ចូល​ទៅ​ក្នុង​គ្រប់សរសៃ​រចនាសម្ពន្ធ​នៃ​សរីរាង្គ និង​សរសៃ​ពួរ​សាច់ដុំ​នៃ​រូបកាយ ដើម្បី​វា​ត្រូវបាន​ចងចាំ​ជា​រៀង​រហូត » (Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ​ ២០១៣ ] ទំព័រ ១៨៣–៨៤ ) ។

  • តើយើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ខ្លួនយើង​ដើម្បី​ទទួល​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​អ្នក​បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​​ជា​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក​តាម​របៀប​ណា​ដែរ ? តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​សាក្សី​នោះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​អញ្ជើញសិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ទីបន្ទាល់​របស់ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​ពី​របៀប​ ដែល​ពួកគេ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្លួន ឬ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់ឡើង​មក​ខាងមុខ​ក្ដារខៀន ហើយ​ចូល​រួម​ក្នុង​ការ​សម្ដែង​មួយ ។ សូម​ចាត់​សិស្ស​ម្នាក់​ជា​តំណាង​ឲ្យ​ខ្លួន​ឯង ហើយ​សិស្ស​ម្នាក់​ទៀត​ជា​តំណាង​ឲ្យ​មិត្ត​ម្នាក់​ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ ។ សូម​ឲ្យ​ក្រដាស​ដែល​មាន​សំណួរ​ពីរ​ដូច​ខាង​ក្រោម​នេះ ​ដល់​សិស្ស​ដែល​តំណាង​ឲ្យ​មិត្ត​ដែល​ពុំមែន​ជា​សមាជិក ។ សូម​អញ្ជើញ​សិស្ស​នោះ​អាន​ម្ដង​មួយ​សំណួរ​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​ទៀត​ឆ្លើយ ។ ( អ្នក​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​​ផ្ដល់​ជា​ចម្លើយ​ ដែល​អាច​កើត​មាន​ដល់​សិស្ស​ដែល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ទាំងនោះ ) ។

  1. ខ្ញុំ​ឮ​ថា ព្រះវិហារ​របស់​ឯង​ប្រកាស​ថា​ ជា​ព្រះវិហារ​ពិត​តែ​មួយ​គត់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​នោះ​ជា​អ្វី​ដែល​ឯង​ជឿ​មែនទេ ?

  2. ព្រះវិហារ​ខ្ញុំ​ក៏​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ អញ្ចឹង​ហេតុអ្វី​ឯង​គិត​ថា​ ព្រះវិហារ​របស់​ឯង​គឺជា​ព្រះវិហារ​ពិត​តែ​មួយ​គត់​នោះ ?

សូម​អរគុណ​ដល់​សិស្ស​សម្រាប់​ការ​ចូល​រួម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។

នៅ​ពេល​សិស្ស​បន្ត​សិក្សា​ម៉ាថាយ ១៦​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​នានា​ដែល​អាច​ជួយ​យើង​ឲ្យ​យល់ ហើយ​ពន្យល់​ដល់​អ្នក​ដទៃ​ពី​​ភាព​ខុស​គ្នា​ថា ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ។

រូបភាព
សេសារា ភីលីព

សេសារា ភីលីព

សូម​រំឭក​សិស្ស​ថា នៅ​ពេល​ព្រះយេស៊ូវ​បាន​សួរ​សំណួរ​អំពី​អត្តសញ្ញាណ​របស់​ទ្រង់​ដល់​ពួក​សិស្ស​ ពួកគេ​ស្ថិត​នៅ​ក្នុង​ភូមិភាគ​មួយ​ដែល​ហៅ​ថា សេសារា ភីលីព ( សូម​មើល ម៉ាថាយ ១៦:១៣ ) ។ ប្រសិន​បើ​អាច​ធ្វើ​ទៅបាន សូម​ដាក់​បង្ហាញ រូបភាព សេសារា ភីលីព ( សូម​មើល​រូប​ថត​ទាំងឡាយ​អំពី​ព្រះគម្ពីរ​ប៊ីប​ទី ២៦ « សេសារា ភីលីព » ) ។ ចូរ​សុំ​ឲ្យ​សិស្ស​បង្ហាញ​​អ្វី​ដែល​នៅ​ពី​ក្រោយ​ទន្លេ និង​ដើម​ឈើ​នៅ​ក្នុង​រូប​ថត​នេះ ។ សូម​ពន្យល់​ថា​ ថ្ម​ភ្នំ​ដ៏​ធំ​នោះ​នៅ​សេសារា ភីលីព​បាន​ផ្ដល់​បរិយាកាស​ដ៏​មាន​ន័យ​មួយ​ ​ខណៈ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បន្ត​ការ​ពិភាក្សា​របស់​ទ្រង់​ជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦: ១៨-២០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ថ្ម​ដា​មួយ​ដើម្បី​ពិពណ៌នា​ពី​គ្រឹះនៃ​សាសនាចក្រ ។

  • តើ​អ្នក​គិតថា ​ព្រះអង្គ​សង្គ្រោះ​ចង់​មាន​បន្ទូល​យ៉ាង​ដូច​ម្ដេច​ដែរ កាល​ទ្រង់​មាន​បន្ទូល​ថា​ ទ្រង់​នឹង​សង់​សាសនាចក្រ​របស់​ទ្រង់​ « នៅ​លើ​ថ្ម​ដា​នេះ »​ ? ( ខទី ១៨ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ឃ្លា​នេះ សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ​​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យឮៗ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« នៅ​ក្នុង​ការ​បង្រៀន​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ‹ ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មី​ដា​នេះ ។ … › [ ម៉ាថាយ ១៦:១៨ ] ។ តើ​​ថ្មដាជា​អ្វី ? វិវរណៈ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ​២០០៧ ] ទំព័រ ១៩៥ ) ។

« សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ត្រូវ​បាន​ស្ថាបនាឡើង​ដោយ​វិវរណៈ​ដោយ​ផ្ទាល់ ជា​សាសនាចក្រ​ពិត​របស់​ព្រះ​ដែល​ធ្លាប់​មាន​ពី​មុន​មក​យោង​តាម​ព្រះគម្ពីរ ( អេម៉ុស ៣:៧និង កិច្ចការ ១:២ ) » (Teachings: Joseph Smith ទំព័រ ១៩៥ ) ។

  • តើ​អ្នក​អាច​សង្ខេប​នូវ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ អំពី​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ខទី ១៨បាន​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ គឺ​សង់​ឡើង​នៅ​លើ​វិវរណៈ​មក​ពី​ព្រះ ។ សូម​សរសេរសេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន) ។

  • តើ​ការ​ដឹង​ថា​ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​សង់​ឡើង​នៅ​លើ​វិវរណៈ​មក​ពីព្រះ​ អាច​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​យ៉ាង​ណា​ដែរ ?

  • យោង​តាម ខ​ទី ១៩តើ​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​នឹង​ប្រទាន​អ្វី​ខ្លះ​ដល់​ពេត្រុស ?

  • តើ​មាន​គោលលទ្ធិ​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ចេញពី​ការ​សន្យា​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ពេត្រុស ? ( សូម​ប្រាកដ​ថា ​សិស្ស​ស្គាល់​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​កូនសោ​នៃ​នគរ​របស់​ទ្រង់​ដល់​ពួក​ព្យាការី និង​ពួក​សាវក​ជម្រើស​របស់​ទ្រង់ ) ។

  • តើ​កូនសោ​នៃ​នគរ​គឺ​ជា​អ្វី​ទៅ ? ( អំណាច សិទ្ធិ និង​សិទ្ធិ​អំណាច​ដោយ​ផ្ទាល់​ដែល​ចាំបាច់​ ដើម្បី​ធ្វើ​ជា​អធិបតី​នៅ​លើ​នគរ​ព្រះ​នៅ​លើ​ផែនដី ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ទៅ​ជា​កូនសោ​បព្វជិតភាព​នោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ‹ កូនសោ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាចពី​ព្រះ ដែល​បាន​ប្រទាន​ដល់​ [ ពួក​អ្នក​កាន់ ]​ បព្វជិតភាព​ដើម្បី​ដឹកនាំ គ្រប់គ្រង និង​ត្រួតត្រា​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី › [ ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់​គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០ ] ចំណុច ២.១.១ ) ។ រាល់​សកម្មភាព ឬ​ពិធី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាសនាចក្រ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោម​ការ​ប្រគល់​សិទ្ធិអំណាច​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​សំណាក់​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​សម្រាប់​ការងារ​នោះ » (« The Keys and Authority of the Priesthood » EnsignLiahona ខែ​ ឧសភា ឆ្នាំ ​២០១៤ ទំព័រ ៤៩ ) ។

  • តើ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ពេត្រុស​អាច​ធ្វើ​អ្វី​ខ្លះ​ ដោយសារ​កូនសោ​ដែល​គាត់​នឹង​ទទួល ?

សូម​ពន្យល់​ថា​ នៅ​ក្នុង​ចំណោម​កូនសោ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ប្រទាន​ឲ្យ​ដល់​ពេត្រុស​ គឺជា​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់ ។ អំណាច​នេះ​អនុញ្ញាត​ឲ្យ​ពិធី​បរិសុទ្ធ​នានា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​សិទ្ធិ​អំណាច​នៃ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ ដើម្បី​មាន​សុពលភាព​នៅ​ស្ថានសួគ៌ ។ វា​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ចង​គ្រួសារ​ឲ្យ​រួបរួម​គ្នា​សម្រាប់​ភាព​អស់កល្ប​ជានិច្ច​ផង​ដែរ ។ នៅ​ក្នុង​សម័យ​របស់​យើង អំណាច​ផ្សារភ្ជាប់​គឺ​ត្រូវ​បាន​កាន់​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​ហេតុផល​ដែល​ព្រះអម្ចាស់ ​ប្រទាន​កូន​សោ​បព្វជិតភាព​ដល់​ពួក​ព្យាការី និង​ពួក​សាវក​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​ដែរ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ កូនសោ​បព្វជិតភាព​គឺ​ចាំបាច់​ ដើម្បី​គ្រប់គ្រង​សាសនាចក្រ​របស់​ព្រះ​អម្ចាស់​នៅ​លើ​ផែនដី ) ។

ចូរ​សុំ​សិស្ស​ម្នាក់​អាន​សំណួរ​នៅ​ក្នុង​ការ​សម្ដែង​ឲ្យ​ឮៗ ។ សូម​អញ្ជើ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពន្យល់​ពី​របៀប​ ដែល​ពួកគេ​នឹង​ឆ្លើយ​តប​នឹងសំណួរ​ទាំងនេះ​ដោយ​ប្រើ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង​ម៉ាថាយ ១៦:១៨–១៩ ។ អ្នក​ក៏​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្ដី​ពិត​ទាំងនេះ​ផង​ដែរ ។

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​នៃ​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​នា​ពេល​បច្ចុប្បន្ន ( សូម​មើល LDS.org [ ឧទាហរណ៍ Meet Today’s Prophets and Apostles ] និង​ច្បាប់ទាំងឡាយនៃ​សន្និសីទ​ទូទៅ​របស់ EnsignLiahona ) ហើយ​ដោយ​ថ្លែង​ទីបន្ទាល់​ថា​ កូន​សោ​ដូច​គ្នា​ដែល​បាន​ប្រទាន​ឲ្យ​ពេត្រុស និង​ពួក​សាវក​ផ្សេង​ទៀត​កាល​ពី​បុរាណ​គឺ​ត្រូវ​បាន​កាន់ ហើយ​ប្រើ​ប្រាស់​នៅ​សព្វ​ថ្ងៃ​នេះ​ដោយ​ពួក​ព្យាការី និង​ពួក​សាវក​​ទាំងឡាយ​ដែល​នៅ​រស់​របស់​ព្រះអម្ចាស់ ។

ម៉ាថាយ ១៦:២១-២៨

ព្រះយេស៊ូវ​បង្រៀន​ពី​អត្ថន័យ​នៃ​ការ​ដើរ​តាម​ទ្រង់

សូម​សង្ខេប ម៉ាថាយ ១៦:២១–២៨ ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ពី​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ទ្រង់​ក៏​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ផង​ដែរ​ថា ពួកគេ​ត្រូវ​មាន​ឆន្ទៈ​លះ​បង់​ចោល​នូវ​មនុស្ស​ខាង​សាច់​ឈាម ( សូម​មើល ម៉ូសាយ ៣:១៩​ ) ត្រូវ​គោរព​ប្រតិបត្តិ ហើយ​មាន​ការ​លះបង់​ ដើម្បី​ដើរ​តាម​ទ្រង់​ដោយ​ចិត្ត​រីករាយ ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ១៦:១៥-១៩

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​នឹង​គ្រួសារ​របស់​ពួកគេ​ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ១៦ ។ សូម​ពិចារណា​ជ្រើស​ផ្នែក​មួយ​នៃ ម៉ាថាយ ១៦:១៥–១៩ ដើម្បី​ឲ្យ​សិស្ស​ទន្ទេញ​ចាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។ អ្នក​ក៏​អាច​រក​ឃើញ​គំនិត​សម្រាប់​ការ​ទន្ទេញ​ចាំ​ នៅ​ក្នុង​សេចក្ដីបន្ថែម​នៃ​សៀវភៅ​សិក្សានេះ​ផងដែរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៦:១-៤ ។ ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ស្វែង​រក​ទី​សម្គាល់​មួយ

ម៉ាថាយ ១៦:១-៤ ទាក់​ទង​នឹង​ការ​ផ្លាស់ប្ដូរ​មួយ​រវាង​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួក​ផារិស៊ី ព្រម​ទាំង​ពួក​សាឌូស៊ី​មួយ​ចំនួន​ដែល​ព្យាយាម​ចង់​បាន​ទី​សម្គាល់ ហើយ​ជា​អ្នក​ដែល​បាន​មក « ល្បួង »​ ព្រះអង្គ​សង្គ្រោះ​ឲ្យ​បង្ហាញ​ទី​សម្គាល់​មួយ​ដល់​ពួកគេ ( ខ​ទី ១ ) ។ ( អត្ថន័យ​មួយ​នៃ​កិរិយាសព្ទ​ល្បួង​គឺ​ការ​ព្យាយាម ឬ​សាកល្បង ) ។ ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើរ​របស់​ពួកគេ ព្រះយេស៊ូវ​បាន​ស្ដី​បន្ទោស​ពួកគេ​ ដោយ​សារ​តែ​ការ​មាន​មោទនភាព​ចំពោះ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ស្គាល់​ពី​ទីសម្គាល់​នៃ​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ ប៉ុន្តែ​ពុំ​ស្គាល់​ពី​ទីសម្គាល់​របស់​ព្រះ ( សូម​មើល ខ​ទី ២–៣ ) ។ ព្រះអង្គសង្គ្រោះ​ក៏​បាន​បង្រៀន​ផង​ដែរ​ថា « ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទី​សំគាល់ » ( ខ​ទី ៤ ) ។ នៅ​ពេល​បុគ្គល​ទាំងឡាយ​បន្ត​ធ្វើ​អំពើបាប​ធ្ងន់​ធ្ងរ ផល​វិបាក​មួយ​គឺ​ថា​ ពួកគេ​លែង​ស្គាល់​ពី​ការ​ខ្សឹប​ប្រាប់​ដ៏​ស្ងប់​ស្ងាត់ ហើយ​ទន់​ភ្លន់​របស់​ព្រះវិញ្ញាណ​ទៀត​ហើយ ហើយ​ពួកគេ​ចង់​ឃើញ​ទីសម្គាល់​តាម​រូប​កាយ រូបីយ និង​អារម្មណ៍ ។

ម៉ាថាយ ១៦:៤ ។ « ទីសម្គាល់​នៃ​ព្យាការី​យ៉ូណាស »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​ទីសម្គាល់​របស់​ព្យាការី​ យ៉ូណាស ៖

« ការ​បញ្ចុះ » ​របស់​យ៉ូណាស រួច​បាន​ចេញ​មក​ពី​ពោះ ​‹ ត្រី​មួយ​យ៉ាង​ធំ › (​យ៉ូណាស ១:១៥–១៧ )​ តំណាង​ឲ្យ​ការ​សុគត ការ​បញ្ចុះ និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ​(  ការ​បោះ​ពុម្ព​លើក​ទី ២ [ ឆ្នាំ​ ១៩៦៦ ] ទំព័រ ៧១១–១២ ) ។

ម៉ាថាយ ១៦:១៨ ។ « ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ »

« នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពេត្រុស​អំពី​វិវរណៈ ទ្រង់​បាន​​លេងវោហាស័ព្ទ​ចំពោះ​ឈ្មោះ​របស់​ពេត្រុស ដោយ​ប្រកាស​ទៅ​ស៊ីម៉ូន [ ពេត្រុស ]​ ថា ‹ អ្នក​​ឈ្មោះ​ពេត្រុស [ ពេត្រុស ] ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ [ ពេ​ត្រា ] › ( ម៉ាថាយ ១៦:១៨​ ) ។ ពាក្យ​ក្រិក​ពេត្រុស​មាន​ន័យ​ថា​ថ្ម​ដា ឬ ថ្ម​ភ្នំ​តូច​មួយ​ដែល​នៅ​តែ​ឯង ។ ពាក្យ​ក្រិក​ពេត្រា​ក៏​អាច​មាន​ន័យ​ផង​ដែរ​ថា​ជា ‹ ថ្ម​ភ្នំ​មួយ › ប៉ុន្តែ​លើស​ពីនេះ​ទៀត ​វា​អាច​សំដៅ​ទៅ​លើ​ដី​ថ្មី ថ្មី​ស្រទាប់ ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ​ផង​ដែរ ។ នៅ​ក្នុង​ពាក្យ​ទាំងនេះ​យើង​រៀន​ថា សាសនាចក្រ​ពុំ​សង់​ឡើង​នៅ​លើ​ពេត្រុស​ដែល​ជា​មនុស្ស​ម្នាក់​នោះ​ទេ ប៉ុន្តែ​វា​សង់​ឡើង​នៅ​លើ​ស្រទាប់​ថ្ម​នៃ​វិវរណៈ » ( [ Church Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៥៣ ) ។

ម៉ាថាយ ១៦:១៨-១៩ ។ « កូនសោ​នៃ​នគរ »

អែលឌើរ ​រ័សុល អិម ណិលសុន ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​ បាន​ពន្យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ និង​នគរ​នៅលើ​ផែនដី​តាមរយៈ​ពួក​ព្យាការី និង​កូនសោ​បព្វជិតភាព​ពិសិដ្ឋ ៖

« ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ដឹកនាំ​សាសនាចក្រ​ដ៏រស់រវើករបស់​ទ្រង់ [ សូម​មើល គ. និង ស. ១:៣០, ៣៨ ] ! ព្រះ​អម្ចាស់​បើក​សម្តែង​ព្រះ​ឆន្ទៈ​របស់​ទ្រង់​សម្រាប់​សាសនា​ចក្រ​ដល់​ព្យាការី​របស់​ទ្រង់ ។ ម្សិល​មិញ បន្ទាប់ពី​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​គាំទ្រ​ ថូម៉ាស អេស ម៉នសុន ជា​ប្រធាន​សាសនាចក្រ នោះ​យើង​ក៏​មាន​ឯកសិទ្ធិ​ដើម្បីគាំទ្រ​លោក ទីប្រឹក្សា​ក្នុង​គណៈប្រធានទីមួយ និង​សមាជិក​នៃ​កូរ៉ុម​នៃពួកសាវក​ដប់ពីរនាក់ ជា​​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួលវិវរណៈ​ផងដែរ ។ ចូរ​គិត​ចុះ ! យើង​គាំទ្រ​បុរស ១៥ នាក់​ជា​ពួក​ព្យាការី​នៃ​ព្រះ ! ពួកលោក​កាន់​គ្រប់កូនសោ​បព្វជិតភាព ដែល​បាន​ប្រគល់​ដល់​បុរស​នៅ​គ្រា​កាន់​កាប់​ត្រួតត្រា​​នេះ ។ …

« [ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ពន្យល់ ] ថា ‹ គណៈប្រធាន​ទីមួយ និង​ក្រុម​ប្រឹក្សា​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ដែល​បាន​ហៅ ហើយ​បាន​តែង​តាំង​ឲ្យ​កាន់​កូន​សោ​បព្វជិតភាព​មាន​សិទ្ធិ​អំណាច និង​ទំនួល​ខុស​ត្រូវ​ដើម្បី​គ្រប់គ្រង​សាសនាចក្រ ដើម្បី​ចាត់​ចែង​ពិធី​បរិសុទ្ធ​នានា ដើម្បី​បំភ្លឺ​ពី​គោលលទ្ធិ និង​ដើម្បី​ស្ថាបនា ហើយ​ថែរក្សា​ការ​អនុវត្ត​របស់​វា › [ « God Is at the Helm » Ensign ខែ​ឧសភា ឆ្នាំ ​១៩៩៤ ទំព័រ ៥៤ ] » ( « Sustaining the Prophets » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៥–៧៦ ) ។

ម៉ាថាយ ១៦:២១-២៣ ។ ព្រះយេស៊ូវគ្រីស្ទ​ស្ដី​បន្ទោស​ពេត្រុស

« ដោយ​ផ្ដោត​តែ​លើ​ការ​សុគត​របស់​ព្រះអង្គ​សង្គ្រោះ​ ដែល​នឹង​មក​ដល់ នោះ​ពេត្រុស​ពុំ​បាន​យល់​ពី​បេសកកម្ម​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ—គឺ​ការ​ប្រោស​លោះ​ដល់​មនុស្ស​លោក ។ នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​ស្ដី​បន្ទោស​ដល់​ពេត្រុស ហើយ​ហៅ​គាត់​ថា​ជា ‹ សាតាំង › [ ម៉ាថាយ ១៦:២៣, ម៉ាកុស ៨:៣៣ ] នោះ​ទ្រង់ពុំ​មែន​ចង់​មាន​បន្ទូល​ថា ​ពេត្រុស​ជា​លូស៊ីហ្វើរ​នោះ​ទេ ។ ពាក្យ សាតាំង ជា​ភាសា​ហេព្រើរ​មាន​ន័យ​ថា ‹ មារសត្រូវ ឬ​អ្នក​ល្បួង › ។ ដូច្នេះ ព្រះគ្រីស្ទ​បាន​ជ្រាប​ថា ​នៅ​ពេល​នោះ​ពេត្រុស​បាន​ដាក់​ខ្លួន​ក្នុងតួនាទីធ្វើ​ជា​មារសត្រូវ ទាស់​នឹង​បេសកកម្ម​ជួយ​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​របស់​ព្រះអង្គ​សង្គ្រោះ ។

« ពេត្រុស​ប្រហែល​ជា​មាន​បំណង​កាល​គាត់​ជំទាស់​នឹង​ការ​បង្រៀន​ថា ​ព្រះយេស៊ូវ​នឹង​ត្រូវ​រងទុក្ខ ហើយ​ត្រូវ​គេ​ធ្វើ​គត ( ម៉ាថាយ ១៦:២២​,​​​ ម៉ាកុស ៨:៣២ ) ។ ប៉ុន្តែ​ប្រសិន​បើ​ព្រះយេស៊ូវ​សម្រប​តាម​ការ​ប្រាថ្នា​របស់​ពេត្រុស​ ដោយ​ចៀស​វាង​ពី​ការ​រងទុក្ខ​នៃ​ដង្វាយធួន នោះ​នឹង​គ្មាន​ការ​ប្រោសលោះ​ពី​អំពើបាប ព្រមទាំង​ការ​រស់​ឡើង​វិញ​ ការឈ្នះលើ​សេចក្ដី​ស្លាប់​ឡើយ ។ មនុស្ស​លោក​នឹង​វិនាស​ដោយ​ខាន​ពុំ​បាន ( សូម​មើល អាលម៉ា ៣៤:៩​ ) ហើយ​កិច្ចការ​របស់​ព្រះ​ដើម្បី​នាំ​ឲ្យ​មាន ‹ អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស › ( ម៉ូសេ ១:៣៩ ) នឹង​ពុំ​ត្រូវ​បាន​បំពេញនៅ​ឡើយ ។ ការណ៍​ទាំង​អស់​នេះ​នឹង​ស្រប​តាម​បំណង​ដ៏​បំផ្លិច​បំផ្លាញ​របស់​សាតាំង ។ នៅ​គ្រា​នៃ​ការ​តវ៉ា​ដែល​ខ្វះ​ការ​គិត​ពិចារណារបស់​គាត់ ពេត្រុស​បាន​កំពុង​ចូល​ដៃ​នឹង​មារសត្រូវ​ទាំង​មិន​បាន​ដឹង​ខ្លួន »​ (  Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១២២ ) ។