បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាថាយ ១៣:២៤–១៧:២៧ ( មេរៀនទី ៤ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាថាយ ១៣:២៤–១៧:២៧ ( មេរៀនទី ៤ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន​ ដល់ សិស្ស ដែល សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សា​នៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង ​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅ​ពេល​ពួកគេ​បាន​សិក្សា ម៉ាថាយ ១៣:២៤–១៧:២៧ ( មេរៀន​ទី ៤ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ១៣:២៤–៥៨ )

នៅ​ក្នុង​រឿង​ប្រៀបប្រដូច​ស្ដីពី​ស្រូវ​សាលី និង ​ស្រងែ សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់​នឹង​ប្រមូល​ពួក​សុចរិត​នៅ​ថ្ងៃ​ចុងក្រោយ រួច​បំផ្លាញ​ពួក​ទុច្ចរិត​នៅ​ឯ​ការ​យាង​មក​របស់​ទ្រង់ ។ ក្នុង​រឿង​ប្រៀបប្រដូច​បន្ថែម​ទៀត ដែល​ពួកគេ​បាន​រៀន​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ កំពុង​បំពេញ​ផែនដី​ទាំង​មូល និង​ពរជ័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​កើត​មាន​ដល់​ជន​ដែល​លះបង់​ដើម្បី​ទទួល​បាន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ២ ( ម៉ាថាយ ១៤ )

នៅ​ក្នុង ម៉ាថាយ ១៤ សិស្ស​បាន​យល់​ដឹង​ថា តាមរយៈ​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដទៃ សូម្បី​តែ​ពេល​យើង​កំពុង​ជួប​ប្រទះភាព​សោកសៅ​ក្ដី ក៏យើង​នៅតែធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ពួកគេ​ក៏​រៀន​ផង​ដែរ​ថា ប្រសិន​បើ​យើង​ស្វែងរក​ជំនួយ​របស់​ព្រះ ពេល​សេចក្ដី​ជំនឿ​យើង​ទន់​ខ្សោយ ទ្រង់​អាច​លើក​យើង​ឡើង​ចេញ​ពី​សេចក្ដី​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង​បាន ។

ថ្ងៃ​ទី ៣ ( ម៉ាថាយ ១៥ )

នៅ​ក្នុង​សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​អាចារ្យ និង ពួក​ផារិស៊ី សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​មាន​បំណង​ចង់​ខិតជិត​នឹង​ព្រះ យើង​ត្រូវ​ដាក់​ព្រះបញ្ញត្តិ​របស់​ទ្រង់​លើ​ទំនៀម​ទំលាប់ និង​ប្រពៃណី​ទាំងឡាយ​ដែល​យើង​មាន ។ ពួកគេ​ក៏​រៀន​ផង​ដែរ​ថា ប្រសិន​បើ​យើង​ជ្រើសបណ្តែតបណ្តោយចិត្តទៅតាម​អំពើ​អាក្រក់ ឬ​គំនិត និង បំណង​ប្រាថ្នា​មិន​សមរម្យ​នានា នោះ​គំនិត និង​បំណង​ប្រាថ្នា​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​យើងខូចកេរ្តិ៍ឈ្មោះ​ ហើយ​ថា​នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ទទួល​ពរជ័យ​ស្រប​តាម​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​យើង ។

ថ្ងៃ​ទី ៤ ( ម៉ាថាយ ១៦-១៧ )

នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​ពី ម៉ាថាយ ១៦–១៧សិស្ស​បាន​រៀន​ថា សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ស្ថាបនា​នៅ​លើ​វិវរណៈ​មក​ពី​ព្រះ ។ ពួក​គេ​ក៏​រៀន​ផង​ដែរ​ពី​កូនសោ​នៃ​បព្វជិតភាព ​ដែល​បាន​ប្រគល់​ឲ្យ​កាល​ពីបុរាណ និង​ ក្នុង​សម័យ​របស់​យើង ​ដែល​អនុញ្ញាត​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ ដើម្បី​គ្រប់​គ្រង​សាសនាចក្រ​របស់​ទ្រង់​នោ​លើ​ផែនដី ។

សេចក្តីផ្តើម

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដី​បន្ទោស​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ដែល​ចង់​បាន​ទីសម្គាល់​មួយ​នៃ​ភាព​ជាព្រះ​របស់​ទ្រង់ ។ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​នៃ​នគរ​ស្ថានសួគ៌ ។ គំនិត​សម្រាប់​ការ​បង្រៀន​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ ពី​របៀប​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៦:១-១២

ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ចង់​បាន​ទីសម្គាល់​មួយ​មក​ពី​ព្រះអង្គ​សង្គ្រោះ

សូមសរសេរឃ្លា ខាងក្រោម នេះនៅលើក្ដារខៀន​ពី​មុន​ចាប់ផ្ដើមបង្រៀន ៖

តាមរយៈ​ការ​លេច​ចេញ​មក​របស់​ទេវតាមួយ​អង្គ

តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

តាមរយៈ​ការ​ជឿ​លើ​ពាក្យ​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ម្នាក់

តាមរយៈ​ការ​ឃើញ​អព្ភូតហេតុ​មួយ

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ ចូរសុំ​ឲ្យ​សិស្ស​ជ្រើ​សឃ្លា​នៅ​លើ​ក្ដារខៀន ​ដែល​វា​ពិពណ៌នា​ល្អ​បំផុត​ពី​របៀប​ ដែល​ពួកគេ​ចង់​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ ។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្រាប់​ពី​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើស ហើយ​ពន្យល់​ពី​ហេតុផល​ដែល​ពួកគេ​បាន​ជ្រើសយក​វា ។

នៅពេល​ពួកគេ​សិក្សា ម៉ាថាយ ១៦ សុំ​ឲ្យ​សិស្ស​រក​មើល​សេចក្ដី​ពិត​ដែល​ទាក់ទង​នឹង​របៀប​ដែល​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ទទួលបាន ហើយ​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ចង់​បាន​ពី​ព្រះយេស៊ូវ ។

  • តើ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ចង់​បាន​អ្វីខ្លះ​ពី​ព្រះយេស៊ូវ ?

សូម​អញ្ជើញសិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អានឲ្យ​​ឮៗ​នៅ​ក្នុង ម៉ាថាយ ១៦:២-៤ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ទីសម្គាល់​ណាខ្លះ ​ដែល​ទ្រង់​នឹង​ប្រទាន​ឲ្យ ?

សូម​ពន្យល់​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ឈ្មោះ​ យ៉ូណាស ដែល​ត្រូវ​លេប​ចូល​ក្នុងពោះ« ត្រី​មួយ​យ៉ាងធំ » ( យ៉ូណាស ១:១៧ ) ។ « ការ​បញ្ចុះ » ​របស់​យ៉ូណាស រួច​បាន​ចេញ​មក​ពី​ពោះ​ត្រី​ ក្រោយ​ពី​បាន​បី​ថ្ងៃ​មក គឺ​តំណាង​ឲ្យ​ការ​សុគត ការ​បញ្ចុះ និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពីផ្នូរ​នៅ​ថ្ងៃ​ទី​បី ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​ទីសម្គាល់​របស់​ព្យាការី​ យ៉ូណាស ៖ « ការ​បញ្ចុះ »​ របស់​យ៉ូណាស រួច​បាន​ចេញ​មក​ពី​ពោះ​ ‹ ត្រី​មួយ​យ៉ាង​ធំ › (​យ៉ូណាស ១:១៥–១៧ )​ តំណាង​ឲ្យ​ការ​សុគត ការ​បញ្ចុះ និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ​( Mormon Doctrine ការ​បោះ​ពុម្ព​លើក​ទី ២ [ ឆ្នាំ​១៩៦៦ ] ទំព័រ ៧១១–១២ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ ​បន្ទាប់​ពី​បាន​ស្ដី​បន្ទោស​ដល់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​នៅ​ក្នុង​បទពិសោធន៍​នេះ​ស្ដីពី​វិធី​ពុំ​ត្រឹមត្រូវ​ ដើម្បី​ស្វែង​រក​សេចក្ដី​ពិត​ខាង​វិញ្ញាណ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ យើង​ពុំ​បាន​ទទួល​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ ដោយ​ការ​ស្វែងរក​ទីសម្គាល់​​​ឡើយ ) ។

សូម​សង្ខេប ម៉ាថាយ ១៦:៥–១២ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ពួក​សិស្ស​របស់​ទ្រង់​ពី​ការ​បង្រៀន​ខុឆ្គង​របស់​ពួក​ផារិស៊ី និង ​ពួក​សាឌូស៊ី ។

ម៉ាថាយ ១៦:១៣-២០ ។

ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវ​បានសន្យាថា​​ប្រគល់​ឲ្យ​នូវ​កូនសោ​នៃ​នគរ​ស្ថានសួគ៌

សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ស្ដី​បន្ទោស​ដល់​ពួក​ផារិស៊ី និង ​ពួក​សាឌូស៊ី​ដោយ​ការ​ចង់​បាន​ទីសម្គាល់មួយ​មក ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ពី​របៀប​ទទួល​បាន​ទីបន្ទាល់​មួយ​ពី​សេចក្ដី​ពិត ។ សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១៣-១៤ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​សំណួរ ​ដែល​ព្រះយេស៊ូវ​បាន​ចោទសួរ និង​ ចម្លើយ​របស់​ពួក​សិស្ស​របស់​ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​អ្វី​ខ្លះ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ? តើ​ពួក​គេ​បាន​ឆ្លើយ​យ៉ាង​ដូចម្ដេច ? ( អ្នក​គួរតែពន្យល់​ថា អេលីយ៉ាស និង យេរេមា​ គឺជា​ពួក​ព្យាការី​ក្នុង​ព្រះ​គម្ពីរ​​សញ្ញា​ចាស់​ឈ្មោះ ​អេលីយ៉ា និង​ យេរមា ) ។

  • តើ​ចម្លើយ​របស់​ពួកគាត់​អាច​ប្រាប់​អ្វីខ្លះ​ដល់​យើង​ថា មនុស្ស​បាន​យល់ដឹង​ដល់​កម្រិត​ណាដែរ​ថា​ព្រះយេស៊ូវ​គឺជា​នរណា​ មក​ដល់​ពេល​នេះ​នៅ​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់ ?

កំណត់ចំណាំ ៖ នៅ​ក្នុង​មេរៀន​សម្រាប់​ថ្ងៃ​ទី ៤ សិស្ស​បាន​សិក្សា​វគ្គ​ចំណេះចំណានខគម្ពីរ ម៉ាថាយ ១៦:១៥–១៩ ។ សូម​ពិចារណា​ចំណាយ​ពេល​ពីរ​បី​នាទី​ មើល​វគ្គ​នោះ​ឡើង​វិញ​ជាមួយ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១៥-១៧ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​សំណួរ​ទីពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចោទសួរ ។

  • តើ​សំណួរ​ទីពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សួរនោះ​ជា​អ្វី​ទៅ ? តើ​ពេត្រុស​បាន​ឆ្លើយ​បែបណា​ដែរ ?

  • យោង​តាម ខទី ១៧តើ​ពេត្រុស​បាន​ដឹង​ថា ​ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ដោយ​របៀប​ណា ? ( សូម​ចង្អុល​បង្ហាញ​ថា ព្រះវរបិតា​សួគ៌​បាន​បើក​សម្ដែង​សេចក្ដីពិត​នេះ​ដល់​លោក​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ យើង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​វិវរណៈ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​ ការ​ទទួល​បាន​ទីបន្ទាល់​មួយ​តាមរយៈ​វិវរណៈ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាជាង​តាម​វិធី​ផ្សេង​ទៀត​ គឺជា​រឿងដ៏​សំខាន់​សម្រាប់​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​ពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការ​ជួយ​យើង​ឲ្យ​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

«​ការ​មាន​បន្ទូល​របស់​ព្រះវិញ្ញាណ​ព្រះ​ទៅ​កាន់​វិញ្ញាណ​របស់​មនុស្ស​មាន​នូវ​ព្រះចេស្ដា​ ដើម្បី​ប្រទាន​សេចក្ដីពិត​ដ៏​មាន​ឥទ្ធិពល និង ការ​យល់​ដឹង​ច្រើន​ជាង​សេចក្ដី​ពិត​ដែល​អាច​បាន​ផ្ដល់​ឲ្យ​ដោយ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ ទោះ​ជា​ជាមួយ​នឹង​អង្គ​សួគ៌ា​ក្ដី ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ សេចក្ដីពិត​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​គ្រប់​រចនាសម្ព័ន្ធ​នៃ​សរីរាង្គ និង​ សរសៃ​ពួរ​សាច់ដុំ​នៃ​រូបកាយ ដើម្បី​វា​ត្រូវបាន​ចងចាំ​ជា​រៀង​រហូត » (Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ​២០១៣ ] ទំព័រ ១៨៣–៨៤ ) ។

  • តើ​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ ដើម្បី​រៀបចំ​ខ្លួនយើង​​ទទួល​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​អ្នក​បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក​តាម​របៀប​ណា​ដែរ ? តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​សាក្សី​នោះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្លួន ឬ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

មេរៀន​បន្ទាប់ ( ម៉ាថាយ ១៨:១-២២:២៦ )

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ពី​គ្រា​មួយ​ដែល ​ពួកគេ​មាន​ការ​លំបាក​ក្នុងការ​អភ័យ​ទោស​ឲ្យ​មនុស្ស​ម្នាក់​ទៀត ។ សូម​អញ្ជើញ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ៖ ហេតុអ្វី​បាន​ជា​អ្នក​មានអារម្មណ៍​ថា វាជាដំណោះស្រាយ​សមហេតុផល ដោយ​ពុំ​ចាំបាច់​អភ័យទោស​ដល់​បុគ្គល​នេះ ? ហេតុអ្វី​បាន​ជា​យើង​គួរ​អភ័យ​ទោសឲ្យ​អ្នក​ដទៃ​ចំពោះ​ការ​បំពាន​របស់​ពួកគេ សូម្បី​តែ​យើង​មាន​អារម្មណ៍​ថា​មិន​ចង់​​អភ័យទោស​ដល់​ពួកគេ​ក៏ដោយ​នោះ ? សូម​អញ្ជើញ​សិស្ស​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ នៅ​ពេល​ពួកគេ​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ ។