ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន
នៅពេលភាពចលាចលណាមួយកើតឡើងក្នុងជីវិតរបស់បងប្អូន កន្លែងដែលមានសុវត្ថិភាពបំផុតដើម្បីមានជីវិតខាងវិញ្ញាណគឺការរស់នៅ តាមសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់បងប្អូន !
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដែលមានវត្តមានជាមួយបងប្អូននៅព្រឹកនេះ ដើម្បីចែកចាយអាម្មណ៍ក្នុងចិត្តខ្ញុំ ។
ដូចដែលបងប្អូនបានជ្រាបហើយថា យើងកំពុងតែជួសជុលផ្នែកសំខាន់ៗនៃព្រះវិហារបរិសុទ្ធសលត៍ លេកជាប្រវត្តិសាស្រ្ត ។ គម្រោងដ៏ស្មុគស្មាញនេះ រួមមានការពង្រឹងគ្រឹះដើមរបស់វាជាចម្បង ដែលវាបានទ្រទ្រង់អគារនេះយ៉ាងល្អ ជាងមួយសតវត្សរ៍មក ។ ប៉ុន្តែព្រះវិហារបរិសុទ្ធនេះត្រូវតែនៅបានយូរជាងនេះ ។ នៅចុងខែឧសភា ខ្ញុំបានចុះត្រួតពិនិត្យដំណើរការនៃគម្រោងដ៏ធំនេះ ។ ខ្ញុំគិតថា បងប្អូននឹងមានអំណរគុណ បើបានឃើញអ្វីដែលភរិយារបស់ខ្ញុំ វីនឌី និងខ្ញុំបានឃើញនោះ ។ ខ្ញុំគិតថា បងប្អូននឹងយល់ថាហេតុអ្វីបានជាទំនុកតម្កើងបទ « គ្រឹះដ៏មាំមួន » ១ ចាប់ផ្តើមមានអត្ថន័យថ្មីចំពោះយើង ។
វីដេអូពីទីតាំងនៃការជួសជុលព្រះវិហារបរិសុទ្ធលត៍លេក ៖« យើងកំពុងតែមើលគ្រឹះពីដើមរបស់ព្រះវិហារបរិសុទ្ធទីក្រុងសលត៍ លេក ។ ខ្ញុំកំពុងឈរនៅទីកន្លែងមួយនៅពីក្រោមបន្ទប់សួនច្បារអេដែន ។ កាលដែលខ្ញុំពិនិត្យមើលស្នាដៃសាងសង់នៃអគារនេះទាំងមូល ខ្ញុំមានការស្ញប់ស្ញែងចំពោះអ្វីដែលពួកអ្នកត្រួសត្រាយបានធ្វើ ។ ខ្ញុំមានការស្ញប់ស្ញែងយ៉ាងខ្លាំង ពេលខ្ញុំពិចារណាថា ពួកលោកបានសង់ព្រះវិហារបរិសុទ្ធដ៏អស្ចារ្យនេះដោយប្រើតែឧបករណ៍ និងបច្ចេកវិទ្យាដែលពួកគាត់មានជាងមួយសតវត្សរ៍ទៅហើយនោះប៉ុណ្ណោះ ។
« ទោះជាយ៉ាងណា ជាច្រើនទសវត្សរ៍ក្រោយមក បើយើងពិនិត្យមើលគ្រឹះនេះឲ្យបានល្អិតល្អន់ យើងអាចមើលឃើញច្រែះស៊ី ថ្មសណ្ដកចេញពីគ្នា ហើយកំបោរស៊ីម៉ង់ក៏លែងមាំដែរ ។
« ឥឡូវនេះកាលដែលខ្ញុំមើលឃើញផ្ទាល់ភ្នែកនូវអ្វីដែលវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្នែកសំណង់សម័យទំនើប អាចកែលម្អគ្រឹះដើមនោះ ខ្ញុំពិតជាអស្ចារ្យក្នុងចិត្តខ្លាំងណាស់ ។ ការងាររបស់ពួកគាត់គឺអស្ចារ្យណាស់ !
« គ្រឹះរបស់អគារណាក៏ដោយ ជាពិសេសអគារដ៏ធំបែបនេះ ត្រូវតែមានភាពរឹងមាំ និងធន់ល្មមដើម្បីទប់ទល់នឹងការរញ្ជួយដី ច្រែះស៊ី ខ្យល់ព្យុះ និងការស្រុតដីដែលចៀសមិនរួច ដែលប៉ះពាល់ដល់អគារទាំងមូល ។ ការងារកែលម្អដ៏សាំញ៉ាំនេះ នឹងពង្រឹងគ្រឹះព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋនេះ ដើម្បីឲ្យវាអាច ហើយនឹងនៅឈរយ៉ាងរឹងមាំនៅក្នុងប្រវត្តិសាស្រ្តបាន » ។
យើងខិតខំគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យគ្រឹះព្រះវិហារបរិសុទ្ធដ៏គួរឲ្យគោរព ដែលកាន់តែ ទ្រុឌទ្រោមមួយនេះ នឹងនៅឈរធន់នឹងកម្លាំងនៃធម្មជាតិរហូតដល់មួយសហស្សវត្សរ៍ ។ ដូចគ្នានេះដែរ ឥឡូវដល់ពេលដែលយើងម្នាក់ៗត្រូវអនុវត្តនូវវិធានការដ៏អស្ចារ្យ—ប្រហែលជាវិធានការដែលយើងពុំធ្លាប់ធ្វើពីមុនមក—គឺជាការពង្រឹងគ្រឹះ ខាងវិញ្ញាណផ្ទាល់ខ្លួន របស់យើង ។ យើងត្រូវប្រើវិធីសាស្រ្តថ្មីៗដើម្បីដោះស្រាយការលំបាកសម័យថ្មី ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សម័យនេះ គឺជា សម័យចុងក្រោយហើយ ។ បើសិនបងប្អូន និងខ្ញុំត្រូវយកឈ្នះលើគ្រោះថ្នាក់ និងសម្ពាធនានាក្នុងពេលខាងមុខ នោះវាចាំបាច់ណាស់ដែលយើងម្នាក់ៗត្រូវមានគ្រឹះ ដ៏រឹងមាំ ខាងវិញ្ញាណ សង់នៅលើគ្រឹះនៃព្រះអង្គសង្រ្គោះ ជាព្រះយេស៊ូវគ្រីស្ទរបស់យើង ។ ២
ដូច្នេះ ខ្ញុំសូមសួរទៅកាន់បងប្អូនម្នាក់ៗថា « តើគ្រឹះ របស់បងប្អូនរឹងមាំប៉ុណ្ណាដែរ ? តើត្រូវការការពង្រឹងទីបន្ទាល់ឡើងវិញ និងការយល់ដឹងពីដំណឹងល្អអ្វីខ្លះ ? »
ព្រះវិហារបរិសុទ្ធគឺជាផ្នែកដ៏សំខាន់បំផុតនៃការពង្រឹងសេចក្តីជំនឿ និងភាពរឹងមាំខាងវិញ្ញាណរបស់យើង ពីព្រោះព្រះអង្គសង្រ្គោះ និងគោលលទ្ធិរបស់ទ្រង់គឺជាផ្នែកដ៏សំខាន់បំផុតនៃព្រះវិហារបរិសុទ្ធ ។ អ្វីគ្រប់យ៉ាងដែលបានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ តាមរយៈការណែនាំ និងតាមរយៈព្រះវិញ្ញាណ នឹងបង្កើនការយល់ដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយរបស់ទ្រង់ចងភ្ជាប់យើងទៅនឹងទ្រង់ តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋនៃបព្វជិតភាព ។ បន្ទាប់មក នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការព្យាបាល ព្រះចេស្ដានៃការពង្រឹង របស់ទ្រង់ មកដល់យើង ។ ៣ ហើយយើងនឹងត្រូវការព្រះចេស្តារបស់ទ្រង់សម្រាប់ថ្ងៃខាងមុខកាន់តែខ្លាំង ។
យើងក៏ទទួលបានការសន្យាថា « បើសិនជា [ យើង ] បានប្រុងប្រៀបទុកជាស្រេច នោះ [ យើង ] រាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ។ ៤ ការអះអាងនេះមានឥទ្ធិពលយ៉ាងខ្លាំងនៅសព្វថ្ងៃនេះ ។ ព្រះអម្ចាស់បានប្រកាសថា ទោះជាមានឧបសគ្គដែលមិនធ្លាប់មានពីមុនមកក្តី ក៏អស់អ្នកដែលសង់គ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទ ហើយរៀនប្រើប្រាស់ព្រះចេស្តារបស់ទ្រង់ ពុំចាំបាច់ចុះចាញ់នឹងការថប់បារម្ភប្លែកៗនៅយុគសម័យនេះដែរ ។
ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយមានជាយូរយារមកហើយ ។ ព្រះអម្ចាស់បានបង្គាប់លោកអ័ដាម និងនាងអេវ៉ាឲ្យអធិស្ឋាន ចុះសេចក្តីសញ្ញា និងថ្វាយដង្វាយ ។ ៥ ជាការពិតណាស់ « នៅពេលណាដែលព្រះអម្ចាស់បានដាក់ប្រជាជនមួយក្រុមនៅលើផែនដី ដែលនឹងគោរពប្រតិបត្តិតាមព្រះបន្ទូលរបស់ទ្រង់ នោះពួកគេត្រូវបានបង្គាប់ឲ្យសង់ព្រះវិហារបរិសុទ្ធឡើង » ។ ៦ ព្រះគម្ពីរបទដ្ឋានមានពេញដោយសេចក្តីយោងទៅនឹងការបង្រៀនអំពីព្រះវិហារបរិសុទ្ធ ការស្លៀកពាក់ ភាសា និងអ្វីជាច្រើនទៀត ។ ៧ អ្វីៗដែលយើងជឿ និង រាល់សេចក្តីសន្យាដែលទ្រង់បានធ្វើចំពោះរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ កើតមាននៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅ គ្រប់ សម័យកាលទាំងអស់ ព្រះវិហារបរិសុទ្ធបានបញ្ជាក់ពីសេចក្តីពិតដ៏មានតម្លៃថា អស់អ្នកដែលចុះសេចក្តីសញ្ញាជាមួយព្រះ ហើយរក្សាសេចក្តីសញ្ញានោះ គឺជាកូនចៅនៃសេចក្តីសញ្ញា ។
ហេតុដូច្នោះហើយ នៅក្នុងដំណាក់នៃព្រះអម្ចាស់ យើងអាចចុះសេចក្តីសញ្ញាដូចគ្នានឹងសេចក្ដីសញ្ញាដែលអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបបានធ្វើជាមួយព្រះដែរ ។ ហើយយើងអាចទទួលបានពរជ័យដូចគ្នានេះ !
ព្រះវិហារបរិសុទ្ធគឺជាផ្នែកមួយនៃគ្រាកាន់កាប់ត្រួត្រា នេះ ចាប់តាំងពីសម័យដើមមកម្ល៉េះ ។ ៨ អេលីយ៉ាបានប្រគល់កូនសោនៃអំណាចផ្សារភ្ជាប់ដល់ យ៉ូសែប ស៊្មីធ នៅក្នុងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ ភាពពេញលេញនៃបព្វជិតភាពត្រូវបានស្តារឡើងវិញនៅព្រះវិហារបរិសុទ្ធណៅវូ ។ ៩
រហូតដល់ទុក្ករកម្មរបស់លោក យ៉ូសែប ស៊្មីធ បានបន្តទទួលវិវរណៈដែលបានជំរុញឲ្យមានការស្តារឡើងវិញនៃអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ។ ១០ ទោះជាយ៉ាង លោកបានដឹងថា វាតម្រូវឲ្យមានការដុសខាត់បន្ថែមទៀត ។ បន្ទាប់ពីការប្រគល់អំណោយទានពិសិដ្ឋដល់ ព្រិកហាំ យ៉ង់ នៅខែ ឧសភា ឆ្នាំ ១៨៤២ មក យ៉ូសែប បានប្រាប់ទៅ ព្រិកហាំ ថា « អំណោយទានពិសិដ្ឋនេះមិនបានរៀបចំត្រឹមត្រូវទេ ប៉ុន្តែយើងបានធ្វើអស់ពីលទ្ធភាពដែលយើងអាចធ្វើបាន ហើយតាមកាលៈទេសៈដែលយើងកំពុងឆ្លងកាត់ ហើយខ្ញុំសង្ឃឹមថាលោកទទួលយកបញ្ហានេះទុកនៅក្នុងដៃ ហើយចាត់ចែង និងរៀបចំពិធីការទាំងនេះឲ្យទៅជាប្រព័ន្ធឲ្យបានត្រឹមត្រូវ » ។ ១១
បន្ទាប់ពីមរណភាពរបស់ព្យាការី នោះប្រធាន យ៉ង់ បានមើលខុសត្រូវលើការសាងសង់ព្រះវិហារបរិសុទ្ធណៅវូចប់សព្វគ្រប់ ១២ ហើយក្រោយមកបានសង់ព្រះវិហារបរិសុទ្ធនៅលើទឹកដីយូថាហ៍ ។ នៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ សេន ចច នៅជាន់ក្រោម ព្រិកហាំ យ៉ង់ បានប្រកាសយ៉ាងម៉ឺងម៉ាត់នូវភាពបន្ទាន់ដែលត្រូវធ្វើកិច្ចការព្រះវិហារបរិសុទ្ធ នៅពេលលោកបានមានប្រសាសន៍ថា « នៅពេលខ្ញុំគិតអំពីប្រធានបទនេះ ខ្ញុំចង់បានសំឡេងគងរំពងខ្លាំងៗដើម្បីឲ្យមនុស្សបានឮ » ។ ១៣
ចាប់តាំងពីពេលនោះមក ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធត្រូវបានកែលម្អបន្តិចម្តងៗ ។ ប្រធាន ហារ៉ូល ប៊ី លី បានពន្យល់ពីមូលហេតុដែលនីតិវិធី គោលការណ៍ និងសូម្បីតែផ្នែករដ្ឋបាលនៃពិធីបរិសុទ្ធព្រះវិហារបរិសុទ្ធបន្តផ្លាស់ប្តូរនៅក្នុងសាសនាចក្រ ដែលបានស្តារឡើងវិញរបស់ព្រះអង្គសង្រ្គោះនេះ ។ ប្រធាន លី បានមានប្រសាសន៍ថា « គោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺមកពីព្រះ ។ គ្មាននរណាផ្លាស់ប្តូរគោលការណ៍ និង [ គោលលទ្ធិ ] នៃសាសនាចក្របានទេ លើកលែងតែព្រះអម្ចាស់ប៉ុណ្ណោះ គឺតាមរយៈវិវរណៈ ។ ប៉ុន្តែវិធីសាស្រ្តផ្លាស់ប្តូរដែលជាការណែនាំដ៏បំផុសគនិត កើតមានដល់អ្នកដែលធ្វើជាអធិបតីនៅពេលជាក់លាក់ណាមួយ » ។ ១៤
សូមពិចារណាពីរបៀបដែលការចាត់ចែងពិធីសាក្រាម៉ង់បានផ្លាស់ប្តូរនៅប៉ុន្មានឆ្នាំមកនេះ ។ នៅជំនាន់មុន ទឹកនៃពិធីសាក្រាម៉ង់ដែលបានចែកជូនក្រុមជំនុំប្រើពែងទឹកដ៏ធំមួយ ។ មនុស្សគ្រប់គ្នាផឹកពីពែងនោះ ។ ឥឡូវនេះ យើងប្រើកូនពែងជ័រសម្រាប់មនុស្សម្នាក់ៗ ។ នីតិវិធីត្រូវបានកែប្រែ ប៉ុន្តែសេចក្ដីសញ្ញានៅតែដដែល ។
សូមពិចារណាពីសេចក្តីពិតទាំងបីនេះ ៖
-
ការស្តារឡើងវិញគឺជាដំណើរការមួយ ពុំមែនជាព្រឹត្តិការណ៍មួយនោះទេ ហើយវានឹងបន្តកែលម្អ រហូតដល់ព្រះអម្ចាស់យាងមកម្តងទៀត ។
-
គោលបំណងដ៏សំខាន់នៃការប្រមូលផ្តុំអ៊ីស្រាអែល ១៥ គឺដើម្បីនាំមកនូវពរជ័យនៃព្រះវិហារបរិសុទ្ធដល់បុត្រាបុត្រីដ៏ស្មោះត្រង់របស់ព្រះ ។
-
ពេលយើងស្វែងរករបៀបដើម្បីសម្រេចគោលបំណង នោះឲ្យកាន់តែមានប្រសិទ្ធភាព នោះព្រះអម្ចាស់កាន់តែបើកសម្តែងការយល់ដឹងបន្ថែមទៀត ។ ការស្តារឡើងវិញដែលកំពុងតែបន្ដនេះ ត្រូវការវិវរណៈមានបន្តផងដែរ ។
គណៈប្រធានទីមួយ និងកូរ៉ុមនៃសាវកដប់ពីរនាក់តែងតែទូលសួរព្រះអម្ចាស់ជាញឹកញាប់ ប្រសិនបើមានវិធីដ៏ល្អប្រសើរណាមួយ ដើម្បីនាំយកពរជ័យនៃព្រះវិហារបរិសុទ្ធទៅកាន់បុត្រាបុត្រីដ៏ស្មោះត្រង់របស់ទ្រង់ ។ យើងស្វែងរកការណែនាំជាប្រចាំអំពីរបៀបដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវ និងភាពខ្ជាប់ខ្ជួននៅទូទាំងពិភពលោកអំពីសេចក្តីណែនាំក្នុងព្រះវិហារបរិសុទ្ធ សេចក្តីសញ្ញា និងពិធីបរិសុទ្ធនានា ទោះបីជាមានភាសា និងវប្បធម៌ខុសគ្នាក៏ដោយ ។
នៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់ និងជាការឆ្លើយតបនឹងការអធិស្ឋានរបស់យើង នោះក៏មានការកែសម្រួលនីតិវិធីថ្មីៗដែរ ។ ទ្រង់ គឺជាអង្គដែលចង់ឲ្យបងប្អូនយល់ឲ្យបានច្បាស់លាស់ អំពីអ្វីដែលបងប្អូនកំពុងចុះសេចក្តីសញ្ញាពិតប្រាកដនោះ ។ ទ្រង់ គឺជាអង្គដែលសព្វព្រះទ័យឲ្យបងប្អូនដកពិសោធន៍នូវពិធីបរិសុទ្ធពិសិដ្ឋដ៏ពេញលេញរបស់ទ្រង់ ។ ទ្រង់ សព្វព្រះទ័យឲ្យបងប្អូនយល់ដឹងពីឯកសិទ្ធិ ការសន្យា និងការទទួលខុសត្រូវរបស់បងប្អូន ។ ទ្រង់ សព្វព្រះទ័យឲ្យបងប្អូនមានការយល់ដឹងខាងវិញ្ញាណ និងការភ្ញាក់ដឹងខ្លួនខាងវិញ្ញាណដែលបងប្អូនពុំធ្លាប់មានពីមុនមក ។ ទ្រង់មានព្រះរាជបំណងប្រទានពរជ័យទាំងនេះដល់ពួកអ្នកបម្រើក្នុងព្រះវិហារបរិសុទ្ធ គ្រប់រូប មិនថាពួកគេរស់នៅទីណានោះទេ ។
ការកែតម្រូវនីតិវិធីនៃព្រះវិហារបរិសុទ្ធបច្ចុប្បន្ន និងការកែតម្រូវផ្សេងទៀតនៅពេលខាងមុខគឺជាភស្ដុតាងជាបន្តបន្ទាប់ថា ព្រះអម្ចាស់កំពុងដឹកនាំសាសនាចក្ររបស់ទ្រង់យ៉ាងសកម្ម ។ ទ្រង់កំពុងប្រទានឱកាសដល់យើងម្នាក់ៗ ដើម្បីចាក់គ្រឹះខាងវិញ្ញាណរបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព ដោយធ្វើឲ្យជីវិតរបស់យើងផ្ដោតលើទ្រង់ ព្រមទាំងលើពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ នៅពេលបងប្អូននាំយកប័ណ្ណចូលព្រះវិហារបរិសុទ្ធ ចិត្តសង្រេង និងគំនិតចង់ស្វែងយល់ទៅកាន់ដំណាក់នៃការរៀនសូត្ររបស់ព្រះអម្ចាស់ នោះ ទ្រង់ នឹងបង្រៀនបងប្អូន ។
ប្រសិនបើចម្ងាយផ្លូវ បញ្ហាសុខភាព ឬការដាក់កំហិតផ្សេងទៀតរារាំងដល់ការចូលរួមក្នុងព្រះវិហារបរិសុទ្ធរបស់បងប្អូនមួយរយៈ នោះខ្ញុំសូមអញ្ជើញបងប្អូនឲ្យដាក់កាលវិភាគទៀងទាត់មួយ ដើម្បីសិក្សាសេចក្ដីសញ្ញាដែលបងប្អូនបានធ្វើនោះនៅក្នុងចិត្តរបស់បងប្អូន ។
ប្រសិនបើបងប្អូនពុំទាន់មានចិត្តស្រឡាញ់ព្រះវិហារបរិសុទ្ធនៅឡើយ សូមទៅឲ្យបានញឹកញាប់—កុំកាត់បន្ថយការទៅព្រះវិហារបរិសុទ្ធឡើយ ។ សូមឲ្យព្រះអម្ចាស់បង្រៀន និងបំផុសគំនិតដល់បងប្អូននៅទីនោះ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ។ ខ្ញុំសូមសន្យានឹងបងប្អូនថា យូរៗទៅព្រះវិហារបរិសុទ្ធនឹងក្លាយទៅជាទីនៃសុវត្ថិភាព ការលួងលោមចិត្ត និងវិវរណៈ ។
ប្រសិនបើខ្ញុំអាចជួបនឹងយុវមជ្ឈិមវ័យគ្រប់រូបម្នាក់ៗដោយផ្ទាល់នោះខ្ញុំនឹងអង្វរក្មួយៗឲ្យស្វែងរកដៃគូម្នាក់ ដែលក្មួយៗអាចផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ក្មួយៗប្រហែលជាងឿងឆ្ងល់ថា តើរឿងនេះនឹងធ្វើឲ្យមានភាពខុសប្លែកយ៉ាងណាខ្លះនៅក្នុងជីវិតរបស់ក្មួយៗ ។ ខ្ញុំសូមសន្យាថា វានឹងធ្វើឲ្យមានភាពខុសប្លែក គ្រប់យ៉ាង តែម្ដង ! នៅពេលក្មួយៗរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ហើយត្រឡប់ទៅទីនោះវិញម្ដងហើយម្ដងទៀត ក្មួយៗនឹងទទួលបានកម្លាំង និងការដឹកនាំនៅក្នុងការសម្រេចចិត្តរបស់ក្មួយៗ ។
ប្រសិនបើខ្ញុំអាចនិយាយជាមួយនឹងស្វាមី និងភរិយាមួយគូៗ ដែលមិនទាន់បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ នៅឡើយ នោះខ្ញុំនឹងអង្វរឲ្យបងប្អូនបោះជំហានដ៏ចាំបាច់ ដើម្បីទទួលបានពិធីបរិសុទ្ធដ៏ខ្ពង់ខ្ពស់ និងផ្លាស់ប្ដូរជីវិតនោះ ។ ១៦ តើវានឹងធ្វើឲ្យមានភាពខុសប្លែកដែរឬទេ ? លើកលែងតែបងប្អូនចង់រីកចម្រើន និងរួមរស់នឹងគ្នាជារៀងរហូត ។ បើគ្រាន់តែ ប្រាថ្នា ចង់រួមរស់នឹងគ្នាជារៀងរហូត វានឹងមិនធ្វើឲ្យមានភាពខុសប្លែកឡើយ ។ គ្មានពិធី ឬកិច្ចសន្យាឯណាទៀតនឹងធ្វើឲ្យវាកើតឡើងបានទេ ។ ១៧
ប្រសិនបើខ្ញុំអាចនិយាយនឹងបុរស ឬស្ត្រីម្នាក់ៗដែលចង់រៀបការ ប៉ុន្តែមិនទាន់រកឃើញដៃគូដ៏អស់កល្បរបស់ខ្លួននៅឡើយ ខ្ញុំនឹងជំរុញទឹកចិត្តបងប្អូនថា កុំឲ្យរង់ចាំរហូតដល់អាពាហ៍ពិពាហ៍កើតឡើងនៅក្នុងដំណាក់នៃព្រះអម្ចាស់ឡើយ ។ សូមចាប់ផ្ដើមឥឡូវនេះដើម្បីរៀនសូត្រ និងដកពិសោធន៍នូវអត្ថន័យនៃការបំពាក់ដោយអំណាចបព្វជិតភាព ។
ហើយចំពោះបងប្អូនម្នាក់ៗដែលបានធ្វើសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំសូមអង្វរបងប្អូនឲ្យខិតខំខ្នះខ្នែង—ប្រកបដោយការអធិស្ឋាន និងដោយខ្ជាប់ខ្ជួន—យល់ដឹងពីសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ ។ ១៨ ទ្វារខាងវិញ្ញាណនឹងបើកឡើង ។ បងប្អូននឹងរៀនពីរបៀបបើកវាំងននដែលខណ្ឌចែករវាងស្ថានសួគ៌ និងផែនដី របៀបទូលសូមពួកទេវតារបស់ព្រះឲ្យជួយដល់បងប្អូន និងរបៀបទទួលការដឹកនាំពីស្ថានសួគ៌ឲ្យបានកាន់តែប្រសើរឡើង ។ ការខិតខំដ៏ឧស្សាហ៍ព្យាយាមរបស់បងប្អូនដើម្បីធ្វើកិច្ចការនេះនឹងពង្រឹង និងផ្ដល់កម្លាំងដល់គ្រឹះខាងវិញ្ញាណរបស់បងប្អូន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ពេលការកែលម្អព្រះវិហារបរិសុទ្ធសលត៍ លេកបញ្ចប់ នោះនឹង គ្មានកន្លែងណាដែលមានសុវត្ថិភាព អំឡុងការរញ្ជួយដីក្នុងជ្រលងភ្នំសលត៍ លេកជាងនៅក្នុងព្រះវិហារបរិសុទ្ធនោះឡើយ ។
ទន្ទឹមនឹងនោះដែរ នៅពេលភាពចលាចលណាមួយកើតឡើងក្នុងជីវិតរបស់បងប្អូន កន្លែងដែលមានសុវត្ថិភាពបំផុតដើម្បីមាន ជីវិតខាងវិញ្ញាណ គឺការរស់នៅ តាម សេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់បងប្អូន !
សូមជឿខ្ញុំចុះ នៅពេលខ្ញុំនិយាយថា ពេលគ្រឹះខាងវិញ្ញាណរបស់បងប្អូនត្រូវបានសង់យ៉ាងរឹងមាំនៅលើព្រះយេស៊ូវគ្រីស្ទ នោះបងប្អូន មិនត្រូវភ័យខ្លាច ឡើយ ។ នៅពេលបងប្អូនមានភក្ដីភាពចំពោះសេចក្ដីសញ្ញា ដែលបងប្អូនបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ នោះព្រះចេស្ដារបស់ទ្រង់នឹងពង្រឹងដល់បងប្អូន ។ បន្ទាប់មក ពេលមានការរញ្ជួយដីខាងវិញ្ញាណកើតឡើង នោះបងប្អូននឹងអាចឈរ យ៉ាងរឹងមាំ ដោយសារគ្រឹះខាងវិញ្ញាណរបស់បងប្អូនរឹងមាំ ហើយនឹងន ។
បងប្អូនប្រុសស្រី ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ។ ខ្ញុំដឹងសេចក្ដីពិតទាំងនេះ ៖ ព្រះជាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យ បងប្អូន ជ្រើសរើសមករកទ្រង់វិញ ។ ផែនការនៃការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់ទ្រង់ពុំមានភាពស្មុគស្មាញទេ ហើយវាគោរពដល់សិទ្ធិជ្រើសរើសរបស់បងប្អូន ។ បងប្អូនមានសេរីភាពដើម្បីជ្រើសរើសចង់ប្រែក្លាយជាបុគ្គលដែលបងប្អូនចង់ប្រែក្លាយ—និងមនុស្សដែលបងប្អូនចង់រួមរស់ជាមួយ—នៅក្នុងលោកខាងមុខ !
ព្រះមានព្រះជន្មរស់ ! ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ! នេះគឺជាសាសនាចក្ររបស់ទ្រង់ដែលបានស្ដារឡើងវិញ ដើម្បីជួយបងប្អូនឲ្យបំពេញនូវជោគវាសនាដ៏ទេវភាពរបស់បងប្អូន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕