« តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? »
តើការងារអ្វីខ្លះដែលបងប្អូនអាចធ្វើនៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ ដើម្បីបង្ហាញថា បងប្អូនស្រឡាញ់ព្រះអម្ចាស់មុនគេ ?
នៅខែ វិច្ឆិកា ឆ្នាំ ២០១៩ ខ្ញុំ និងមិត្តភក្តិបានទៅលេងដែនដីបរិសុទ្ធ ។ ខណៈដែលនៅទីនោះ យើងបានរំឭក ហើយសិក្សាបទគម្ពីរអំពីជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅព្រឹកមួយ យើងបានឈរនៅលើច្រាំងសមុទ្រកាលីឡេនៃភាគពាយ័ព្យ ជាកន្លែងមួយដែលព្រះយេស៊ូវ ប្រហែលជាបានជួបនឹងពួកសិស្សរបស់ទ្រង់ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។
ក្រោយពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចយើងបានអាននៅក្នុង យ៉ូហាន ជំពូកទី ២១ ពេត្រុស និងពួកសិស្សដទៃទៀតបានទៅនេសាទត្រីពេញមួយយប់ដោយគ្មានបានអ្វីស្មោះ ។ ១ លុះព្រឹកឡើង ពួកគេបានឃើញបុរសម្នាក់ឈរនៅឯច្រាំង ដែលបានប្រាប់ពួកគេឲ្យបោះអួនទៅម្ខាងទៀត ។ ពួកគេមានការភ្ញាក់ផ្អើល ព្រោះមានត្រីពេញអួនដោយអព្ភូតហេតុ ។ ២
រំពេចនោះ ពួកគេបានដឹងថា បុរសរូបនោះគឺជាព្រះអម្ចាស់ ហើយពួកគេប្រញាប់ប្រញាល់រត់ទៅជម្រាបសួរទ្រង់ ។
កាលដែលពួកគេទាញអួនទៅច្រាំងដែលមានសុទ្ធតែត្រី នោះព្រះយេស៊ូវបានមានព្រះបន្ទូលថា « ចូរមកពិសាសិន » ។ ៣ យ៉ូហានបានរាយការណ៍ថា « កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានព្រះបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » ៤
ខណៈដែលខ្ញុំកំពុងឈរនៅលើឆ្នេរសមុទ្រដូចគ្នានោះ ខ្ញុំបានដឹងថា សំណួររបស់ព្រះអង្គសង្រ្គោះគឺជាសំណួរមួយដែលមានសារៈសំខាន់បំផុត ដែលទ្រង់អាចសួរខ្ញុំនៅថ្ងៃណាមួយ ។ ខ្ញុំស្ទើរតែស្តាប់ឮព្រះសូរសៀងទ្រង់សួរថា « រ័សុល តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? »
តើបងប្អូនឆ្ងល់ទេថា តើព្រះយេស៊ូវមានបំណងយ៉ាងដូចម្តេច ពេលទ្រង់សួរពេត្រុសថា « តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? »
ប្រដូចសំណួរនេះទៅនឹងខ្លួនយើងនាសម័យនេះ ព្រះអម្ចាស់អាចនឹងសួរយើងថា តើយើងរវល់ប៉ុណ្ណា និងសួរ ថា តើ មានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ប្រកួតប្រជែងទាមទារចំណាប់អារម្មណ៍ និងពេលវេលារបស់យើងយ៉ាងណាដែរ ។ ទ្រង់អាចសួរយើងម្នាក់ៗថា តើយើងស្រឡាញ់ទ្រង់ជាជាងរបស់ខាងលោកិយនេះឬទេ ។ សំណួរនេះអាចសួរពីអ្វីដែលយើងឲ្យតម្លៃពិតនៅក្នុងជីវិតថា តើយើងធ្វើតាមនរណា និង តើយើងមើលទៅទំនាក់ទំនងរបស់យើងជាមួយសមាជិកគ្រួសារ និងអ្នកជិតខាងយ៉ាងដូចម្ដេច ។ ឬទ្រង់អាចនឹងសួរថា តើអ្វីដែលនាំឲ្យយើងមានអំណរ និងសុភមង្គលពិតប្រាកដ ។
តើរបស់ខាងលោកិយនាំអំណរ សុភមង្គល និងសេចក្តីសុខសាន្តដល់យើង ដូចដែលព្រះអម្ចាស់បានប្រទានដល់ពួកសិស្សរបស់ទ្រង់ និងពួកយើងដែរឬទេ ង្រៀនរបស់ទ្រង់ ។
តើយើងនឹងឆ្លើយសំណួរ « តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » យ៉ាងដូចម្តេចទៅ ?
នៅពេលយើងស្វែងយល់ពីអត្ថន័យនៃសំណួរនេះឲ្យកាន់តែពេញលេញ នោះយើងអាចក្លាយជាសមាជិកគ្រួសារ អ្នកជិតខាង ពលរដ្ឋ សមាជិកនៃសាសនាចក្រ និងបុត្រាបុត្រីរបស់ព្រះកាន់តែល្អប្រសើរ ។
មកដល់វ័យនេះ ខ្ញុំបានចូលរួមពិធីបុណ្យសពជាច្រើន ។ ខ្ញុំជឿជាក់ថា បងប្អូនជាច្រើនបានសង្កេតឃើញដូចខ្ញុំដែរ ។ នៅពេលធ្វើពិធីបុណ្យសពរបស់សមាជិកគ្រួសារ ឬមិត្តភក្តិ អ្នកថ្លែងក្នុងពិធីបុណ្យសពកម្រនឹងនិយាយថា តើផ្ទះរបស់អ្នកស្លាប់នោះមានទំហំប៉ុណ្ណា មានឡានប៉ុន្មានគ្រឿង ឬមានសល់លុយប៉ុន្មាននៅក្នុងធនាគារណាស់ ។ ជាធម្មតា ពួកគាត់មិននិយាយអំពីការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ ។ នៅក្នុងពិធីបុណ្យសពភាគច្រើន ដែលខ្ញុំបាបចូលរួម គឺពួកគាត់ផ្តោតលើទំនាក់ទំនង ការបម្រើដល់អ្នកដទៃ មេរៀន និងបទពិសោធន៍ជីវិតរបស់មនុស្សជាទីស្រឡាញ់ ហើយនិងសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
សូមកុំយល់ច្រឡំពីអត្ថន័យរបស់ខ្ញុំឡើយ ។ ខ្ញុំពុំបាននិយាយថា ការមានផ្ទះស្អាត ឬឡានស្អាត ឬថាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជារឿងខុសឆ្គងនោះឡើយ ។ អ្វីដែលខ្ញុំ កំពុង និយាយគឺថា នៅទីបញ្ចប់ របស់ទាំងនោះមិនសំខាន់ទេ បើប្រៀបធៀបនឹងសេចក្តីស្រឡាញ់ព្រះអង្គសង្រ្គោះនោះ ។
ពេលយើងស្រឡាញ់ ហើយធ្វើតាមទ្រង់ នោះយើងនឹងមានសេចក្ដីជំនឿលើទ្រង់ ។ យើងប្រែចិត្ត ។ យើងធ្វើតាមគំរូរបស់ទ្រង់ ហើយទទួលបុណ្យជ្រមុជទឹក និងទទួលព្រះវិញ្ញាណបរិសុទ្ធ ។ យើងស៊ូទ្រាំរហូតដល់ទីបំផុត ហើយបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ យើងអភ័យទោសឲ្យសមាជិកគ្រួសារ និងអ្នកជិតខាង ឈប់សងសឹកក្នុងចិត្ត ។ យើងខិតខំគោរពតាមព្រះបញ្ញត្តិរបស់ព្រះដោយស្មោះសរ ។ យើងខិតខំគោរពប្រតិបត្តិ ។ យើងចុះ និងរក្សាសេចក្តីសញ្ញាទាំងឡាយ ។ យើងគោរពឪពុកម្តាយយើង ។ យើងទុកឥទ្ធិពលអវិជ្ជមានរបស់លោកិយនៅមួយអន្លើ ។ យើងរៀបចំខ្លួនរបស់យើងសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
នៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » យើងអានថា « ថ្ងៃណាមួយនោះ [ ព្រះយេស៊ូវ ] នឹងយាងមកផែនដីវិញ ។ … ព្រះអង្គនឹងគ្រប់គ្រងលើអស់ទាំងស្តេច ហើយសោយរាជ្យជាព្រះអម្ចាស់លើអស់ទាំងចៅហ្វាយ ហើយគ្រប់អស់ទាំងជង្គង់នឹងបន្ទាបចុះ ហើយគ្រប់ទាំងអណ្តាតនឹងចេញវាចារដោយនូវការថ្វាយបង្គំទ្រង់ ។ យើងម្នាក់ៗនឹងត្រូវឈរ ទទួលការជំនុំជម្រះពីទ្រង់ ស្របតាមកិច្ចការរបស់យើង និងតាមសេចក្តីប៉ងប្រាថ្នានៃចិត្តរបស់យើងទាំងឡាយ » ។ ៥
ក្នុងនាមជាសាវកម្នាក់ដែលបានចុះហត្ថលេខាលើឯកសារ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ខ្ញុំអាចថ្លែងបានថា ការដឹងថាព្រះយេស៊ូវ « គឺជាពន្លឺ ជាជីវិត ហើយជាសេចក្តីសង្ឃឹមនៃពិភពលោក » ៦ ធ្វើឲ្យខ្ញុំកាន់តែមានបំណងប្រាថ្នាដើម្បីស្រឡាញ់ទ្រង់កាន់តែខ្លាំងជារៀងរាល់ថ្ងៃ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ទាំងទ្វេស្រឡាញ់យើង ។ ព្រះគម្ពីរបង្រៀនថា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។ ៧ ព្រះគម្ពីរក៏បង្រៀនផងដែរថា ព្រះយេស៊ូវ « ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានជីវិតរបស់ទ្រង់ផ្ទាល់ ដើម្បីឲ្យអស់អ្នកណាដែលជឿអាចបានត្រឡប់ទៅជាកូន [ និងជាបុត្រី ] ព្រះ » ។ ៨
ព្រះវរបិតាសួគ៌ស្រឡាញ់យើងដល់ម្ល៉េះ ទើបទ្រង់បានរៀបចំផែនការនៃសេចក្តីសង្គ្រោះ ដោយមានព្រះអង្គសង្រ្គោះជាតួអង្គដ៏សំខាន់ ។ ហើយដោយសារព្រះយេស៊ូវស្រឡាញ់យើងដល់ម្ល៉េះ ទើបនៅឯក្រុមប្រឹក្សាស្ថានសួគ៌ដ៏ធំ កាលដែលព្រះវរបិតាសួគ៌បានសួរថា « តើយើងនឹងចាត់អ្នកណា ? » ព្រះយេស៊ូវដែលជាព្រះរាជបុត្រច្បងនៃបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ បានទូលឆ្លើយថា « ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ » ។ ៩ ទ្រង់បានមានព្រះបន្ទូលទៅកាន់ព្រះវរបិតាថា « ព្រះវរបិតាអើយ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេច ហើយសូមឲ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត » ។ ១០ ព្រះយេស៊ូវបានស្ម័គ្រព្រះទ័យធ្វើជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើង ដើម្បីយើងអាចប្រែក្លាយដូចជាទ្រង់ទាំងទ្វេ និងត្រឡប់ទៅទីវត្តមានរបស់ទ្រង់ទាំងទ្វេវិញ ។
បទគម្ពីរទាំងពីរនេះក៏បង្រៀនផងដែរថា ដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់ទាំងទ្វេវិញ យើងត្រូវតែ ជឿ ។ យើងត្រូវជឿទៅលើព្រះយេស៊ូវ និងផែនការនៃសុភមង្គលរបស់ព្រះ ។ ការ ជឿ គឺជាការស្រឡាញ់ និងធ្វើតាមព្រះអង្គសង្រ្គោះរបស់យើង ហើយគោរពតាមបទបញ្ញត្តិទាំងឡាយ ទោះបីជាស្ថិតនៅកណ្តាលការសាកល្បង និងការទាស់ទែងគ្នាក្តី ។
ពិភពលោកសព្វថ្ងៃនេះពុំមានភាពស្ងប់សុខទេ ។ ពិភពលោកនេះមាននូវការខកចិត្ត ការមិនចុះសម្រុង ទុក្ខព្រួយ និងការរំខាននានា ។
ប្រធាន ដាល្លិន អេក អូក បានថ្លែងនៅឆ្នាំ ២០១៧ កត់សម្គាល់ដូចតទៅនេះថា « នេះគឺជាពេលវេលាដ៏ពិបាក ដែលពោរពេញទៅដោយការព្រួយបារម្ភធំៗ ៖ ដូចជាសង្គ្រាម និងពាក្យចចាមអារ៉ាមអំពីសង្គ្រាម ការរីករាលដាលនៃជំងឺឆ្លង គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុទូទាំងសាកលលោក » ។ ១១
យើងមិនអាចបាត់បង់សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមលើព្រះយេស៊ូវឡើយ សូម្បីតែពេលដែលយើងប្រឈមមុខនឹងឧបសគ្គដែលគួរឲ្យភ័យខ្លាចក៏ដោយ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវនឹងមិនបំភ្លេចយើងឡើយ ។ ទ្រង់ទាំងទ្វេស្រឡាញ់យើង ។
កាលពីខែតុលាឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងពីសារៈសំខាន់នៃការទុកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមុនគេនៅក្នុងជីវិតរបស់យើង ។ ប្រធាន ណិលសុន បានបង្រៀនយើងថា អត្ថន័យមួយនៃពាក្យ អ៊ីស្រាអែល គឺការ « ទុកឲ្យព្រះឈ្នះ » ។ ១២
លោកបានសួរយើងម្នាក់ៗនូវសំណួរទាំងនេះ ៖ « តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅលើជីវិតរបស់បងប្អូនដែរឬទេ ? តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះបន្ទូលទ្រង់ ព្រះបញ្ញត្តិរបស់ទ្រង់ និងសេចក្តីសញ្ញារបស់ទ្រង់មានឥទ្ធិពលលើអ្វីដែលបងប្អូនធ្វើរាល់ថ្ងៃដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យសំឡេងរបស់ទ្រង់មានអាទិភាពលើសសំឡេងដទៃទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យឲ្យបងប្អូនធ្វើ មានអាទិភាពជាងមហិច្ឆិតាផ្សេងទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បីដាក់ឆន្ទៈខ្លួនទៅក្នុងព្រះទ័យទ្រង់ដែរឬទេ ? » ១៣
យើងត្រូវតែចងចាំជានិច្ចថា សុភមង្គលពិតរបស់យើង អាស្រ័យទៅលើទំនាក់ទំនងរបស់យើងជាមួយព្រះ ជាមួយព្រះយេស៊ូវគ្រីស្ទ និងជាមួយគ្នាទៅវិញទៅមក ។
របៀបមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់យើង គឺតាមរយៈការចូលរួមជាមួយគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង ធ្វើការងារតូចតាច ដើម្បីបម្រើគ្នាទៅវិញទៅមកឲ្យបានកាន់តែប្រសើរ ។ សូមធ្វើអ្វីៗដែលធ្វើឲ្យពិភពលោកនេះក្លាយជាទីកន្លែងដ៏ល្អប្រសើរ ។
តើការងារអ្វីខ្លះដែលបងប្អូនអាចធ្វើនៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ ដើម្បីបង្ហាញថា បងប្អូនស្រឡាញ់ព្រះអម្ចាស់មុនគេ ?
កាលយើងផ្តោតលើការស្រឡាញ់អ្នកជិតខាងដូចជាទ្រង់ស្រឡាញ់ពួកគេ នោះយើងចាប់ផ្តើមស្រឡាញ់អ្នកដែលនៅជុំវិញខ្លួនយើងយ៉ាងពិតប្រាកដ ។ ១៤
ខ្ញុំសូមសួរម្តងទៀតថា តើបងប្អូននឹងឆ្លើយសំណួររបស់ព្រះអង្គសង្រ្គោះថា « តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » យ៉ាងដូចម្តេច ?
កាលបងប្អូនពិចារណាពីសំណួរនេះ ដូចរូបខ្ញុំដែរ ខ្ញុំសូមអធិស្ឋានឲ្យបងប្អូនអាចឆ្លើយដូចជាពេត្រុសថា « ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ » ១៥ ហើយបន្ទាប់មកបង្ហាញវាដោយការស្រឡាញ់ និងការបម្រើព្រះ និងដល់អស់អ្នកដែលនៅជិតបងប្អូន ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងមានពរណាស់ដែលមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីដឹកនាំរបៀបយើងរស់នៅ និងរបៀបប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ។ នៅក្នុងទ្រង់ យើងដឹងថា បុត្រា និងបុត្រីរាល់រូបរបស់ព្រះគឺមានតម្លៃណាស់នៅក្នុងព្រះនេត្ររបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះដ៏ស្ងួនភ្ញារបស់យើង ។ ទ្រង់គឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះ ។ ហើយខ្ញុំថ្លែងរឿងទាំងនេះដោយរាបសានៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕