ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៤ ៖ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះមែស៊ី


មេរៀន​ទី ១៤

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះមែស៊ី

សេចក្ដីផ្ដើម

ព្យាការី​សម័យ​ព្រះគម្ពី​សញ្ញា​ចាស់ បាន​ថ្លែងទី​បន្ទាល់ អំពី​ការយាងមក​នៃ​ព្រះម៊ែស៊ី​—​ជា​តំណ​ពូជ​ហ្លួង​ស្ដេច​ដាវីឌ ដែល​បាន​ដោះលែង​ប្រជាជន​របស់​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា « ព្រះយេហូវ៉ា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ហើយ​ជា​ព្រះមែស៊ី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ស្វែងរក​ការព្យាករណ៍​ខ្លះ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​រកឃើញ​នូវ​របៀប​ដែល​បុគ្គល​ខ្លះ​បាន​ឆ្លើយតប​នៅពេល​បាន​ជួប​នឹង​ការទទួល​យក ឬ​ការបដិសេធ​មិន​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះមែស៊ី ។

ការអាន​ពី​សាវតា

  • ជី ហូមើរ ដួរ៉ាម « Jesus the Christ: The Words and Their Meaning » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៤ ទំព័រ ១៤–១៦ ។

  • « The Divine Mission of Jesus Christ: Messiah » Ensignលីអាហូណា ខែ សីហា ឆ្នាំ ២០១៤ ទំព័រ ៧ ។

យោបល់​សម្រាប់​ការបង្រៀន

អេសាយ ៦១:១-២; លូកា ៤:១៦-២៤

ព្រះយេស៊ូវគ្រីស្ទ ប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​បាន​ជួប​ប្រទះ​នឹង​បទពិសោធន៍​ ក្នុង​ការស្ដាប់​ការប្រកាស​ដែល​បាន​រង់ចាំដ៏​យូរ ឬ​​ឃើញ​ពីការមកដល់​នៃ​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ម្នាក់​ដែល​បាន​ទន្ទឹម​រង់ចាំ​ជាយូរ​មក​ហើយ​ទេ ? សូម​ប្រាប់​សិស្ស​ថា មេរៀន​នៅ​ថ្ងៃនេះ​នឹង​ស្វែងរក​នូវ​បទពិសោធន៍​ស្រដៀងគ្នា​នេះ​មួយ​នៅក្នុង​ចំណោម​ពួកសាសន៍​យូដា​ពី​បុរាណ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេសាយ ៦១:១-២ ឮៗ បន្ទាប់មក​ សូម​សួរ ៖

  • តើការព្យាករណ៍​នេះនិយាយ​អំពី​​នរណា ?

សូម​បង្ហាញ​វីដេអូ « Jesus Declares He Is the Messiah » (៣:២៤) ចេញពី The Life of Jesus Christ Bible Videos ។ ( សូម​ទាញ​វា​ចេញ​ពី​អ៊ិនធើណែត ហើយចាក់​បង្ហាញ​វីដេអូ​នេះ មុន​ចាប់ផ្ដើម​ថ្នាក់ ) ។ សូម​ឲ្យ​សិស្ស​អាន​តាម​នៅក្នុង​ លូកា ៤:១៦-២៤ នៅពេល​គេ​មើល​វីដេអូ ។

បន្ទាប់ពី​មើល​រួច សូម​សួរ ៖

  • តើ​អ្នក​នឹងសង្ខេប​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ស្រុក​ណាសារ៉ែត​នាថ្ងៃ​នោះ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា ការពិភាក្សា​នេះ​ផ្ដោតទៅលើ ខទី ១៨ និង ខទី ២១ ) ។

  • តើ​អ្នកគិត​ថា​ អ្វី​សំខាន់​ក្នុង​ឃ្លា « ទ្រង់​បាន​ចាក់​ប្រេងតាំង​ខ្ញុំ » និង « បទគម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នករាល់​គ្នា​ហើយ ?» ( ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះមែស៊ី និង ព្រះគ្រីស្ទ ​ទាំងពីរ​មាន​ន័យ​ថា « ចាក់ប្រេងតាំង » សូម​ឲ្យ​ពួកគេ​អាន​ការផ្ដើម​អំពី « មែស៊ី » នៅក្នុង​ សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( សូមមើល scriptures.lds.org ) ។

  • តើ​ព្រះយេស៊ូវ​បាន​បំពេញ​ការព្យាករណ៍​ពី​គម្ពីរ​អេសាយ ដែលទ្រង់​បាន​ដកស្រង់​​នោះ​ដោយ​របៀបណា ( សូមមើល ខទី ១៨–១៩ ) ?

ម៉ាថាយ ២១:១–១១

ព្រះយេស៊ូវគ្រីស្ទ បាន​យាងមក​ជា​ព្រះមែស៊ី

សូម​បង្ហាញ​ ឬ ចម្លង​បញ្ជី​ខាង​ក្រោម​នៃ​វគ្គ​ព្រះគម្ពីរ​​ដាក់​លើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ជ្រើសរើស​មួយ ឬ​ពីរ​ដើម្បី​ធ្វើ​ការសិក្សា ។ នៅពេល​សិស្ស​ប្រៀបប្រដូច និង​​រក​ភាព​ផ្ទុយ​គ្នាពី​វគ្គ​ទាំងឡាយ​ដែល​ពួកគេ​បាន​រើស សូម​ឲ្យ​ពួកគេ​គិត​អំពី​មូលហេតុ​ដែល​វគ្គ​ទាំងនេះ​ត្រូវ​បាន​ដាក់​ក្នុង​ក្រុម​ជាមួយ​គ្នា ហើយ​តើ​វា​បាន​បង្រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រី​ស្ទ ។

អេសាយ ៧:១៤; ម៉ាថាយ ១:២១–២៣

មីកា ៥:២; លូកា ២:៤–៧

សាការី ៩:៩; ម៉ាថាយ ២១:៦–១១; យ៉ូហាន ១២:១២–១៥

ទំនុកតម្កើង ២២:១៦, ១៨; ម៉ាថាយ ២៧:៣៥

អេសាយ ៥៣:៩; ម៉ាថាយ ២៧:៥៩–៦០; យ៉ូហាន ១៩:១៨, ៣៨–៤២

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ( ទោះបីជា​ពួកគេ​អាច​ប្រើ​ពាក្យសម្ដី​ខុសគ្នា​ក្ដី ក៏​សិស្ស​គួរ​យល់​ថា ព្រះយេស៊ូវគ្រីស្ទ បាន​មក បាន​រស់នៅ និង​បាន​សុគត​ដើម្បី​ការបំពេញ​តាម​ការព្យាករណ៍​អំពី​ព្រះមែស៊ី  ) ។ សូម​បញ្ជាក់​ថា សេចក្ដីពិត​នេះ​គឺជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ប្រកាស​នៅក្នុង​ស្រុក​ណាសារ៉ែត ។ សូម​អាន លូកា ៤:២៨–២៩ ឮៗ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​ប្រជាជន​នៅក្នុង​សាលាជំនុំ​នៅឯ​ស្រុក​ណាសារ៉ែត បាន​ឆ្លើយតប​ទៅនឹង​ការផ្សាយដំណឹង​ល្អ​របស់ព្រះ​យេស៊ូវ​យ៉ាង​ដូចម្តេច​ដែរ ?

សូម​ប្រាប់​សិស្ស​ថា ពីរបី​ឆ្នាំ​ក្រោយមក ព្រះយេស៊ូវ​បាន​ជួប​នឹង​ការឆ្លើយតប​ដ៏​ខុសគ្នា​មួយ​យ៉ាងខ្លាំង ​ពី​ប្រជាជន​ខ្លះ​នៅក្នុង​ទីក្រុង​យេរូសាឡិម ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ម៉ាថាយ ២១:១–១១ ។ មុនពេល​សិស្ស​អាន សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្រមៃ​ពី​ហេតុការណ៍​ ដែល​បាន​ពិពណ៌នា​នៅក្នុង​វគ្គ​នេះ ។ សូម​ពន្យល់​ដល់​សិស្ស​ថា នៅពេល​ពួកគេ​រៀន​ស្រមៃ​ពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ព្រះគម្ពីរ នោះ​ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឱកាស​បន្ថែម ​ដើម្បី​បង្រៀន​ដល់​ពួកគេ ។

  • ហេតុអ្វី​បាន​ជា​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម បាន​ឆ្លើយ​តបទៅ​តាម​របៀប​ដែល​ពួកគេ​ធ្វើ​ដូច្នោះ ? ( ពួកគេ​បាន​ស្គាល់​ថា ព្រះយេស៊ូវ​ជា​ព្រះមែស៊ី​ដែល​បាន​ទន្ទឹង​ចាំ​ជាយូរ​មក​ហើយ ) ។

  • តើ​អ្នក​គិត​ថា អ្នក​នឹង​ឆ្លើយ​តប​ដោយ​របៀប​ណា​ដែរ ? 

សូម​បង្ហាញ​ពាក្យ ហូសាណា នៅក្នុង ខទី ៩បន្ទាប់មក សូម​ចែកចាយ​នូវ​និយមន័យ​ខាងក្រោម​នេះ ៖

« [ ហូសាណា គឺ​ជា ] ពាក្យ​មួយ​ចេញពី​ភាសា​ហេព្រើរ ដែល​មាន​ន័យ​ថា ‹ សូម​សង្គ្រោះ​យើង › ហើយ​ត្រូវបាន​ប្រើ​ដើម្បី​សរសើរ​ និង​ដើម្បី​បួងសួង ។

« … នៅពេល​ការយាងមកដល់​ដ៏​ជោគជ័យ​របស់​ព្រះអម្ចាស់​ក្នុងទីក្រុង​យេរូសាឡិម នោះ​ហ្វូងមនុស្ស​បាន​ស្រែកយំ​ថា ‹ ហូសាណា › ហើយបាន​រាយ​មែក​ដើមឈើ​ជាច្រើន​ដើម្បី​ឲ្យ​ព្រះយេស៊ូវ​ទ្រង់​ជិះ​លើ ហេតុដូច្នេះ​ហើយ​វា​បង្ហាញ​អំពី​ការយល់ដឹង​ថា ព្រះយេស៊ូវ​គឺដូចគ្នា​នឹង​ព្រះអម្ចាស់ ដែល​បាន​ដោះលែង​ពួកសាសន៍​អ៊ីស្រាអែល​ពី​បុរាណ (ទំនុកតម្កើង ១១៨:​២៥–២៦; ម៉ាថាយ ២១:៩, ១៥; ម៉ាកុស ១១:៩–១០; យ៉ូហាន ១២:១៣ ) ។ ប្រជាជន​ទាំងនេះ​បាន​ទទួល​ស្គាល់ ព្រះយេស៊ូវគ្រីស្ទ ថា​ជា​ព្រះមែស៊ី​​ដែល​បាន​ទន្ទឹង​ចាំ​ជាយូរ​មក​ហើយ ។ ពាក្យ ហូសាណា បាន​ក្លាយជា​ការប្រារព្ធ​មួយ​អំពី​ព្រះមែស៊ី នៅក្នុង​ជំនាន់​ទាំងឡាយ ( នីហ្វៃទី ១ ១១:៦; នីហ្វៃទី ៣ ១១:១៤–១៧ ) ។ ការស្រែក​ហូសាណា ត្រូវបាន​បញ្ចូល​នៅក្នុង​ការឧទ្ទិស​​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​នៃទីក្រុង​ខឺតឡង់ ( គ និង ស ១០៩:៧៩ ) ហើយ​ឥឡូវ​នេះ វា​ជា​ផ្នែក​មួយ​នៃ​ការឧទ្ទិស​​ដល់​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប » ( សេចក្តី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « ហូសាណា »; scriptures.lds.org ) ។

សូម​គិត​ពី​ការបង្ហាញ​គោលបំណង​ដូច​ខាងក្រោម​នេះ អំពី​ការព្យាករណ៍​នៃ​ព្រះមែស៊ី ( កែសម្រួល​ពី​ ប្រូស៍ អ័រ ម៉ាក់ខន់ឃី The Promised Messiah: The First Coming of Christ [ ឆ្នាំ ១៩៧៨ ] ទំព័រ ២៨–៣២ ) ៖

  1. ការព្យាករណ៍​នៃ​ព្រះមែស៊ី ធ្វើ​ឲ្យ​មាន​ការរស់នៅ​ទាំងនោះ មុនពេល​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​ពួកគេ​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ដូច្នេះ​វានឹង​ជួយ​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ( សូមមើល នីហ្វៃទី ១ ១០:៤–៦; នីហ្វៃទី ២ ២៥:១៨–២០, ២៦; ម៉ូសាយ ៣:១៣ ) ។

  2. ការព្យាករណ៍​នៃ​ព្រះមែស៊ី ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់នៅ​ទាំងនោះ នៅជំនាន់​ព្រះគ្រីស្ទ ទទួល​ស្គាល់​ថា ទ្រង់​គឺជា​ការបំពេញ​នៃ​អស់​ទាំង​ការព្យាការណ៍​ ហេតុដូច្នេះ​ហើយ វា​ជួយ​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ( សូមមើល យ៉ូហាន ៤:២៥, ២៩ ) ។

  3. ការព្យាករណ៍​នៃ​ព្រះមែស៊ី​ជួយ​ដល់​អស់​អ្នក​ដែល​រស់នៅ​ក្រោយពី​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ដឹង​​ថា ទ្រង់​គឺជា​ការបំពេញ​នៃ​អស់​ទាំង​ការព្យាការណ៍​ ហេតុដូច្នេះ​ហើយ វា​ជួយ​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ( សូមមើល កិច្ចការ ៣:១២–១៨; ២៦:២២–២៣ ) ។

  • នៅពេល​អ្នក​ពិចារណា​ពី​គោលបំណង​ទាំងបី​នេះ តើ​វា​អាច​ផ្ដល់​ប្រយោជន៍​ដល់​អ្នក ឲ្យ​រៀន​ស្គាល់​អំពី​ការព្យាករណ៍​នៃ​ព្រះមែស៊ី​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ និង​ដើម្បី​ឃើញ​ព្រះគ្រីស្ទ ថា​ជា​ការបំពេញ​នៃ​អស់​ទាំង​ការព្យាការណ៍​​ទាំងនោះ​ដោយ​របៀប​ណា ?

យ៉ូហាន ៦:៥–៦៩

ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះមែស៊ី

សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ពួកសាសន៍​យូដា​នៅជំនាន់​​អំឡុងពេល​ព្រះគម្ពីរ​សញ្ញា​ថ្មី បាន​ជឿ​លើ​ព្រះមែស៊ី ថា​ទ្រង់​នឹង​មក​នៅ​ថ្ងៃមួយ​ចេញ​ពី​ពូជ​របស់​ដាវីឌ ដើម្បី​សង្គ្រោះ​ប្រជាជន​របស់​ទ្រង់ ។ មនុស្ស​ជាច្រើនបាន​ជឿ​ថា ទ្រង់​នឹង​ដោះលែង​ពួកគេ​ចេញពី​ទាសភាពរបស់​ពួកសាសន៍​រ៉ូម៉ាំង គឺ​ដូចជា​ព្រះយេហូវ៉ា​បាន​ដោះលែង​ពួកសាសន៍​អ៊ីស្រាអែល​ចេញពី​ប្រទេសអេស៊ីព្ទ ។

សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​យ៉ាង​លឿន​នូវ​ដំណើររឿង​នៅក្នុង យ៉ូហាន ៦:៥–១៥ ។ សូម​សួរ​ ៖

  • តើ​ព្រះយេស៊ូវ​បាន​សម្ដែង​អព្ភូតហេតុ​អ្វី​នៅក្នុង​ដំណើររឿង​នេះ ?

  • តើ​អ្នក​នឹង​រៀបរាប់​ពី​ប្រតិកម្ម​របស់​ប្រជាជន​នៅក្នុង ខទី​១៤–១៥ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួកគេ​បាន​ឆ្លើយ​តប​តាម​របៀប​នេះ​ទៅ​វិញ ?

សូម​ចែកចាយ​ការយល់ឃើញ​ខាងក្រោម​ពី​អែលឌើរ ប្រ៊ូស អរម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរម៉ាក់ខន់ឃី

« មាន​ប្រពៃណី​មួយ ដែល​ត្រូវបាន​បង្រៀន​ដោយ​ពួកពួកអាចារ្យ និង​ត្រូវបាន​ការពារ​យ៉ាងមុតមាំ​នៅក្នុង​ផ្នត់​គំនិត​ទូទៅ​ថា​នៅពេល​ព្រះមែស៊ី​បាន​មក​ ទ្រង់​នឹង​ផ្ដល់​នំប៉័ង​ដល់​ពួកគេ​មកពី​ស្ថានសួគ៌ » ( The Mortal Messiah, វ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ២:៣៦៧ ) ។

សូម​ពន្យល់​ថា គឺ​ស្ទើរតែ​ដូច​ទៅនឹង​ពេល​ដែល​ព្រះយេហូវ៉ា​បាន​ឲ្យ​កូនចៅ​សាសន៍​អ៊ីស្រាអែល​បរិភោគ​នំ​ម៉ាន៉ា​ដែរ ( សូមមើល និក្ខមនំ ១៦ ) នៅពេល​ដែល​ព្រះយេស៊ូវ​បានប្រទាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រីពីរ​ដល់​ហ្វូងមនុស្ស នោះ​មាន​មនុស្ស​ជាច្រើន​បាន​បកប្រែ​អព្ភូតហេតុ​របស់​ទ្រង់​ថា​ជា ទីសម្គាល់​មួយ​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី ។

សូម​អញ្ចើញ​ឲ្យ​សិស្ស​ពីរ​បីនាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី យ៉ូហាន ៦:៣១–៣២, ៤៩–៥៣, ៦០, ៦៦។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ស្ដាប់​តាម ដោយ​រកមើល​ពី​របៀប​ដែល​ប្រជាជន​ឆ្លើយតប​ទៅនឹង​ព្រះយេស៊ូវ​នៅថ្ងៃ​បន្ទាប់ និង​របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប​ទៅនឹង​ពួកគេ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ជាច្រើន​បាន​បដិសេធ​ព្រះយេស៊ូវ​នៅ​ថ្ងៃ​នោះ ?

  • តើ​ពួកគេ​បាន​ខកខាន​មិន​បាន​យល់​អ្វី ? ( ព្រះយេស៊ូវ​គឺ​ជា​ប្រភព​នៃ​ជីវិត​ខាង​វិញ្ញាណ ទ្រង់​គឺ​ជា​នំប៉័ង​ជីវិត ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៦:៦៧–៦៩ ឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស​ ៖

  • តើ​ទីបន្ទាល់​របស់​ពេត្រុស​នៅក្នុង ខទី ៦៩ បាន​បញ្ជាក់​នូវ​អ្វី​ខ្លះ ?

  • តើ​ទីបន្ទាល់​របស់​ពេត្រុស​​អំពី​ព្រះអង្គ​សង្គ្រោះ បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​លោក​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​វា ៖ ប្រសិនបើ​យើង​ទទួល​យក​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​ព្រះមែស៊ី នោះ _________________________ ។

ក្រោយពី​មាន​ចម្លើយ​ពីរ​បី​ហើយ សូម​​​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោមដោយ​ប្រធាន ដេវីឌ អូ មិកឃេ ( ​ឆ្នាំ ១៨៧៣-១៩៧០ ) ​ឮៗ ៖

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

« អ្វី​ដែល​អ្នក​គិត​នៅក្នុង​ចិត្ត​ដោយ​ស្មោះអំពី​ព្រះគ្រីស្ទ នឹង​សម្រេច​ថា​អ្នក​ជា​នរណា វា​នឹង​សម្រេច​ពី​ទង្វើ​ដែល​អ្នក​នឹង​ធ្វើ​ភាគច្រើន ។​ គ្មាន​នរណា​ម្នាក់​អាច​សិក្សា​ពី​លក្ខណៈ​ដ៏​ទេវភាព​នេះ​ អាច​ទទួល​យក​ការបង្រៀន​របស់​ទ្រង់ ដោយមិន​ដឹង​ពី​ឥទ្ធិពល​ដ៏​លើកតម្កើង និង​បន្សុទ្ធ​នេះ​នៅក្នុង​ខ្លួន​គេនោះ​ទេ »(Teachings of Presidents of the Church: David O. McKay [ ២០០៣ ], ទំព័រ ៧ ) ។

សូម​ផ្ដល់​ពេលវេលា​ដល់​សិស្ស​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​គិត​អំពី​ព្រះគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ នៅ​សប្ដាហ៍​នេះ ដើម្បី​បង្ហាញ​ពី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការអាន​របស់​សិស្ស