ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៦ ៖ ព្រះអង្គ​សង្គ្រោះ​បានធួន​ចំពោះ​អំពើ​បាប​របស់​មនុស្ស​លោក​ទាំងអស់


មេរៀនទី ១៦

ព្រះអង្គ​សង្គ្រោះ បាន​ធួន​ចំពោះ​អំពើបាប​របស់​មនុស្ស​លោក​ទាំងអស់

សេចក្ដីផ្ដើម

« [ ព្រះយេស៊ូវគ្រីស្ទ ] បាន​លះបង់ព្រះជន្ម​របស់​ទ្រង់​ដើម្បី​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​ទាំងអស់ ។ ព្រះជន្ម​របស់​ទ្រង់ គឺជា​អំណោយទាន​ជំនួស​មនុស្ស​ទាំងអស់ ដែល​ធ្លាប់​បាន​រស់នៅ​លើ​ផែនដី »​(« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensign លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀនថា « ដង្វាយធួន​គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​នោះ ដោយសារ​ប្រសិនបើ​គ្មាន​ដង្វាយធួន​ទេ ផែនការនោះ​មិន​អាច​អនុវត្ត​បាន​ឡើយ » ( « He Lives! All Glory to His Name ! »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៦ ) ។ មេរៀន​នេះ នឹង​ផ្ដោតទៅលើ​ការរងទុក្ខ​ដ៏​ធ្ងន់ធ្ងររបស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​ផ្ដើម​ធ្វើ​នៅក្នុង​ច្បារ​គែតសេម៉ានី ហើយ​ត្រូវបានបញ្ចប់យ៉ាងឈឺចាប់បំផុត​នៅលើ​ឈើឆ្កាង ហើយ​វា​នឹង​រៀបរាប់ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​អំពើ​បាប​របស់​យើង និង​ពង្រឹង​យើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

ការអាន​ពី​សាវតា

  • ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality »Ensign, ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។

  • ជែហ្វ្រី អ័រ ហូឡិន « The Atonement of Jesus Christ » Ensign, ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣២–៣៨ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ១៤:៣៣–៣៦; លូកា ២២:៣៩–៤៤; នីហ្វៃទី ២ ៩:២១

ព្រះយេស៊ូវគ្រីស្ទ ស្ម័គ្រ​ព្រះទ័យបានសុខចិត្តរងនូវឈឺចាប់​ដោយ​ដង្វាយធួន

សូម​ពិចារណា​ពី​ការចាប់ផ្ដើម​ថ្នាក់​ដោយ​អញ្ជើញឲ្យ​សិស្ស​ច្រៀង​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ »​ ( ទំនុកតម្កើង ទំព័រ ១១៥ ) ឬ ទំនុកតម្កើង​ផ្សេង​ទៀត​អំពី​ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក នៅពេល​ចាប់ផ្ដើម​បង្រៀន​មេរៀន សូម​សួរ ៖

  • តើ​ការ​ច្រៀង​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ឬ ទំនុក​តម្កើង​ផ្សេង​ទៀត​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ) រៀបចំ​អ្នក​ឲ្យ​សិក្សា​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យអានម៉ាកុស ១៤:៣៣–៣៦ ដោយ​ស្ងាត់ស្ងៀម រកមើល​ឃ្លា​ដែល​រៀបរាប់​ពី​ការឈឺចាប់​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ឯ​ច្បារ​គែតសេម៉ានី ។ សូម​សរសេរ​ឃ្លា​ដែល​សិស្ស​រកឃើញ​នៅលើ​ក្ដារខៀន ។

  • តើ​អត្ថន័យ​នៃ​ឃ្លា​ទាំងនេះ​ផ្ទេរ​នូវ​ចំណេះដឹង​ដល់​អ្នក​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា លូកា ២២:៣៩–៤៤; នីហ្វៃទី ២ ៩:២១ និង ម៉ូសាយ ៣:៧ ដោយ​ស្ងាត់​ស្ងៀម រកមើល​សេចក្ពី​លម្អិត​បន្ថែម​អំពី​ការឈឺចាប់​របស់​ព្រះអង្គ​សង្គ្រោះ​អំឡុងពេល​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ អ្នក​អាច​ផ្ដល់យោបល់​ថា សិស្ស​គួរ​បង្កើត​បទគម្ពីរយោង​លើ​វគ្គ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ខ្លួន ។

  • តើ​សេចក្ដីពិត​ដ៏​សំខាន់​អ្វី​ដែល​វគ្គ​គម្ពីរ​ទាំងនេះ បង្រៀន​អំពី​ការឈឺចាប់​ដែល​ព្រះយេស៊ូវ​បាន​ស៊ូទ្រាំ​សម្រាប់​យើង​នោះ ? ( ចម្លើយ​អាច​រួមមាន​សេចក្ដីពិត​ដូច​ខាងក្រោមនេះ ៖ ការឈឺចាប់​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​នៅឯ​ច្បារ​គែតសេម៉ានី ធ្វើឲ្យ​ទ្រង់​ហូរ​ព្រះលោហិត​តាម​គ្រប់​រន្ធ​ញើស ) ។

សូម​ចង្អុលបង្ហាញ​សិស្ស​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួមមាន​ការឈឺចាប់​របស់​ទ្រង់​ចំពោះ​អំពើបាប​របស់​យើង​នៅឯ​ច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ការសម្រក់​ព្រះលោហិត​របស់​ទ្រង់ ការសុគត​របស់​ទ្រង់​នៅលើ​ឈើឆ្កាង និង​ការរស់ឡើងវិញ​របស់​ទ្រង់​ចេញពី​ផ្នូរ ។ សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« យើង​មិន​អាច​ដឹង យើង​មិន​អាច​ប្រាប់ គ្មាន​គំនិត​ខាង​សាច់ឈាម​ណា​យល់ដឹងនូវ ជម្រៅនៃ​ការឈឺ​ចាប់​​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​នៅឯ​ច្បារ​គែតសេម៉ានី​នោះទេ ។

« យើង​ដឹង​ថា ទ្រង់​បែកញើស​ជាខ្លាំង [ តំណក់​ញើស​ធំៗ ]​ជា​ឈាម​តាម​គ្រប់​រន្ធញើស នៅពេល​ទ្រង់​បាន​ផឹក​ពែងល្វីង ដែល​ព្រះវរបិតា​ទ្រង់​បាន​ប្រទាន​ដល់​ទ្រង់ ។

« យើង​ដឹង​ថា ទ្រង់​បាន​រងទុក្ខ ទាំង​ព្រះកាយ និង​ព្រះវិញ្ញាណ ជាជាង​អ្វី​ដែល​អាច​ទៅរួច​សម្រាប់​មនុស្ស​ទទួល លើកលែង​តែ​ជា​ការស្លាប់ ។ …

« យើង​ដឹង​ថា ទ្រង់​បាន​ក្រាប​ទៅនឹង​ដី ដោយសារ​ការឈឺចាប់ និង​ទទួលបន្ទុកដ៏​និរន្ដរ៍​ដែល​ធ្វើឲ្យ​ទ្រង់​ញ័រ ហើយ​សឹង​តែថា​ទ្រង់​មិន​អាច​ផឹកពែង​ល្វីង​នោះ​បាន » ( « The Purifying Power of Gethsemane » Ensign, ខែ មេសា ឆ្នាំ ២០១១ ទំព័រ ៥៧ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ការរងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ច្បារ​គែតសេម៉ានី និង នៅលើ​ឈើឆ្កាង ?

យ៉ូហាន ១៥:១៣; ពេត្រុសទី ១ ៣:១៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥–១៩

ព្រះយេស៊ូវ​បាន​រងទុក្ខ ដើម្បី​ឲ្យ​យើង​មិន​ចាំបាច់​ត្រូវ​រងទុក្ខ​ដូច​ទ្រង់

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះយេស៊ូវ​មាន​ព្រះឆន្ទៈ​នឹង​រងទុក្ខ​ច្រើន​យ៉ាងនេះ​សម្រាប់​យើង ?

សូម​អញ្ជើញឲ្យ​សិស្ស​សិក្សា យ៉ូហាន ១៥:១៣; ពេត្រុសទី ១ ៣:១៨; និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥–​១៩​​ ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះឆន្ទៈ​រងទុក្ខ​ដង្វាយធួន​ដូច្នេះ ។ ក្រោយពី​ទុក ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ នៅពេល​សិស្ស​ឆ្លើយ សូម​គិត​ពី​ការសង្ខេប​ចម្លើយ​របស់​ពួកគេ​ដាក់​លើ​ក្ដារខៀន ៖

បង្ហាញ​សេចក្ដីស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​យើង ។

ការពារ​កុំ​ឲ្យ​យើង​ឈឺចាប់​យ៉ាងពេញលេញតាម​អំពើបាប​របស់​យើង ។

អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត និង​អភ័យទោស​ចំពោះ​អំពើបាប​របស់​យើង ។

ប្រទានសិរីល្អ​ដល់​ព្រះវរបិតា ។

អនុញ្ញាត​ឲ្យ​យើង​ត្រឡប់ទៅកាន់​ព្រះ​វិញ ។

នាំ​យើង​ទៅកាន់​ព្រះ ។

នៅពេល​អ្នក​សួរ​សំណួរ​ខាងក្រោម​នេះ សូម​ផ្ដល់​ពេល​ដល់​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​សំណួរ​នេះ មុនពេល​សុំ​ឲ្យ​ពួកគេ​ឆ្លើយ ។ ( សូម​រំឭក​សិស្ស​ថា នៅពេល​ពួកគេ​រៀន​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ នោះ​ជារឿយៗ​ព្រះវិញ្ញាណ​នឹង​បើកបង្ហាញ​នូវ​សេចក្ដីពិត​បន្ថែមទៀត​ដល់​ពួកគេ ) ។

  • តើ​មូលហេតុ​នៃ​ការឈឺចាប់​របស់​ព្រះយេស៊ូវគ្រីស្ទ​ទាំងនេះ បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ទ្រង់ ?

  • តើ​មូលហេតុ​ទាំងនេះ​ជាប់ទាក់ទង​នឹង​អ្នក​ផ្ទាល់ខ្លួន​ដូចម្តេច ?

សូម​បញ្ជាក់​ដល់​សិស្ស​ថា តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​បាន​ក្លាយជា​អ្នកទទួលជំនួស​របស់​យើង​—​ទ្រង់​បាន​យក​កន្លែង​របស់​យើង ទ្រង់​បាន​យក​ទុក្ខលំបាក​របស់​យើង ទ្រង់​បាន​រងទុក្ខ​​អំពើ​បាប​របស់​យើង ។ សាវក ប៉ុល បាន​ប្រៀបធៀប​តាម​របៀប​នេះ ៖ «ដ្បិត​ឯ​ព្រះអង្គ [ ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា ] ដែល​មិន​បាន​ស្គាល់​បាប​សោះ [ មាន​ន័យ​ថា ព្រះយេស៊ូវ​មិន​បាន​ស្គាល់​អំពើបាប​សោះ ] នោះ​ទ្រង់​[ ព្រះ​ជា​ព្រះវរបិតា ] បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង​រាល់គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់គ្នា​បាន​ត្រឡប់​ទៅជា​សេចក្ដី​សុចរិត​របស់​ព្រះ​ដោយ​នូវ​ព្រះអង្គ​នោះ​ឯង » វា​ហាក់ដូចជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះរបស់​យើង​បាន​ប្រទាន​សំណើរ​ខាងក្រោម​នេះ​ដល់​យើង​ម្នាក់ៗ ៖ « ចូរ​មក​តាម​ខ្ញុំ ។ យើង​នឹង​ដកយក​បាប​របស់​ឯង ហើយ​យើង​នឹង​ប្រទានដល់​ឯង​នូវ​សេចក្ដីសុចរិត​របស់​យើង » ។

សូម​ថ្លែងទីបន្ទាល់​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​នូវ​ដង្វាយធួន នោះ​យើង​ត្រូវ​បាន​អភ័យទោស​ពី​អំពើ​បាប​របស់​យើង បើយើង​ប្រែចិត្ត ។ ដោយ​ព្រោះ​តែ​ពលិកម្ម​របស់ទ្រង់​ជំនួស​យើង នោះ​ផ្លូវ​នេះ ត្រូវបាន​រៀបចំ​សម្រាប់​យើង​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង​នៅក្នុង​កន្លែង​ដែល​មាន​គ្រួសារ​ដ៏អស់​កល្បជានិច្ច​មួយ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ឱនតួអង្គ​ទ្រង់​ចុះចំពោះ​ដង្វាយធួន ដោយសារតែ​សេចក្ដីស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​ព្រះវរបិតាសួគ៌ និង​សម្រាប់​ពួកយើង ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ស្វែងរក​និង​រីករាយ​នឹង​ពរជ័យ​នៃ​ដង្វាយ​ធួន​នៅក្នុង​ជីវិត​របស់​ពួកគេ ។

អាលម៉ា ៧:១១–១៣

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ សំដែង​ដល់​យើង​នូវ​ព្រះគុណ ឬ​ព្រះចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់

សូម​ដាក់តាំងបង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាង ក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ នែល អេ ម៉ាក់ស្វែល

« នៅពេល​ការឈឺចាប់​បានដល់​កម្រិតពេញលេញរបស់​វា វា​ធ្ងន់ធ្ងរពេកក្រៃ មានភាពដុន​ដាបជាជាង សូម្បីតែ​ទ្រង់​ដែល​មាន​ប្រាជ្ញា​វាងវៃ​ល្អឯក​ដែល​មិន​អាច​ស្រមៃ​ដល់ ! …

« ទម្ងន់​សរុប​នៃ​អំពើបាប​ខាង​សាច់ឈាម​ទាំងអស់​—​ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​—​បាន​សង្កត់សង្កិន​ដល់​ព្រលឹង​ដ៏​ឥតខ្ចោះ គ្មាន​អំពើបាប​សោះ និង​ញាណដឹង​នោះ ! ទុក្ខវេទនា និង​ជំងឺ​ទាំងឡាយ​របស់​យើង​ក៏​ជា​ផ្នែក​មួយ​នៃ​ការគុណ​តម្កើង​ដ៏​ច្រើន​ពន់ពេក​នៃ​ដង្វាយធួន​នេះ​ដែរ ។ ( សូមមើល អាលម៉ា ៧:១១–១២; អេសាយ ៥៣:៣–៥; ម៉ាថាយ ៨:១៧ ) ។ …

« … ​ការរងទុក្ខ​របស់​ទ្រង់​—​តាម​ដែល​វា កើតឡើង វា​ត្រូវបាន​គុណ​ឡើង​យ៉ាងធំ​ដោយ​ភាពនិរន្ដរ៍​—​បាន​បួងសួង​ដល់​ព្រលឹង​ដ៏​ទួញយំ​ក្រោយមក​របស់​ទ្រង់​នៅលើ​ឈើឆ្កាង ហើយ​វា​គឺ​ជា​សម្រែក​យំ​នៃ​ការលះបង់ ។ ( សូម​មើល ម៉ាថាយ ២៧:៤៦ ។ ) » ( « Willing to Submit »Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៧២–៧៣ ) ។

  • តើ​អ្នក​គិត​ថា អែលឌើរ ម៉ាក់ស្វែល​មាន​ន័យ​ដូចម្ដេច​ដែរ​ពេល​លោក​មាន​ប្រសាសន៍​ថា « ការគុណ​តម្កើង​ដ៏​ច្រើន​ពន់ពេក​នៃ​ដង្វាយធួន » ?

  • បន្ថែម​លើ​អំពើបាប​របស់​យើង តើ​មាន​អ្វីផ្សេងទៀត​ដែល អែលឌើរ ម៉ាក់ស្វែល បាន​រកឃើញ​ថា​ជា​ការរួមចំណែក​ដល់​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អានអាលម៉ា ៧:១១–១៣ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ដែល​នៅ​សល់​ផ្ទៀង​តាម ហើយ​រកឃើញលក្ខខណ្ឌ​ខាង​សាច់ឈាម​ផ្សេងទៀត​អ្វី​ខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ ។ សូម​អញ្ជើញឲ្យ​សិស្ស​រាយកាណ៍​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​កត់​ត្រា​ចម្លើយ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ។ ( ចម្លើយ​អាច​រួមមាន​ការឈឺចាប់ ទុក្ខវេទនា ការល្បួង ជំងឺ ការរងទុក្ខ និង​សេចក្ដីស្លាប់ ) ។ សូម​ពិភាក្សា​អំពី​អត្ថន័យ​នៃ​លក្ខខណ្ឌ​ទាំងនេះ និង​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រទានពរ​ដល់​យើង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ជួបប្រទះនឹង​បទពិសោធន៍​ទាំងនេះ ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយអែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​មិនមែន​គ្រាន់តែ​ដើម្បី​អំពើទុច្ចរិត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ដើម្បី​ភាព​មិនស្មើគ្នា ភាពអយុត្តិធម៌ ការឈឺចាប់ ការថប់​បារម្ដ និង​វិបត្តិ​ផ្លូវចិត្ត​ដែល​វា​ជារឿយៗ​បាន​ឡោមព័ទ្ធ​យើង ។ គ្មាន​ការឈឺ​ចាប់​ណា​ គ្មាន​ទុក្ខ​វេទនានៃ​ព្រលឹង គ្មាន​ការ​រងទុក្ខ​នៃ​វិញ្ញាណ គ្មានជំងឺ ឬភាពទន់ខ្សោយ ដែល​អ្នក ឬរូបខ្ញុំ ធ្លាប់បាន​ពិសោធន៍ ក្នុងអំឡុងនៃ ការធ្វើ ដំណើរនៃ​ជីវិតខាងសាច់ឈាម​របស់​យើង ដែល​ព្រះ​អង្គ​សង្គ្រោះមិនបាន​ពិសោធន៍ទុកជាមុន​នោះឡើយ ។ ក្នុងគ្រា​នៃសភាពទន់ខ្សោយ អ្នក និង​ខ្ញុំ​អាច​ស្រែកយំ​ថា ‹ គ្មាន​នរណាម្នាក់​យល់​ទេ ។ គ្មាន​នរណាម្នាក់​ដឹង​ទេ › ។ ប្រហែល​ជា​គ្មាន​មនុស្សណាម្នាក់​ដឹង​ទេ ។ ប៉ុន្ដែ ព្រះរាជបុត្រា​នៃ​ព្រះ​ដឹង​យ៉ាង​ឥតខ្ចោះ ហើយ​យល់​ច្បាស់ ដោយសារ​ទ្រង់​បាន​ធ្លាប់ជួបប្រទះ និង​ទ្រាំទ្រ​បន្ទុក​នោះ មុនពេល​យើង​ជួប​ប្រទះ​ទៅទៀត ។ ហើយ​ដោយសារ​ទ្រង់​បាន​បង់​ថ្លៃ​ដ៏ខ្ពស់បំផុត និង​បាន​ទ្រាំទ្រ​នឹង​ទុក្ខសោក​នោះ ទ្រង់​មាន​សេចក្ដី​មេត្តា​ដ៏​ឥតខ្ចោះ និង​អាច​លាតព្រះពាហុ​របស់​ទ្រង់​ប្រកបដោយ​សេចក្ដីមេត្តា​មកក្នុង​វគ្គ​ជាច្រើន​នៃ​ជីវិត​របស់​យើង ។ ទ្រង់​អាច​ឈោង​ព្រះហស្តមក​ ពាល់ ជួយ… ហើយ​ចម្រើន​កម្លាំង​ដល់​យើង ដើម្បី​ធ្វើឲ្យ​យើង​អាច​ធ្វើ និង​ជួយ​ដល់​យើង​ឲ្យធ្វើ​នូវ​អ្វី ដែល​យើងមិន​អាចធ្វើ​បាន​តាមរយៈ​ការពឹងផ្អែក​លើ​អំណាច​ផ្ទាល់ខ្លួន​របស់យើង » ( « The Atonement and the Journey of Mortality »Ensign, ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤៧ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​សង្ខេប​នូវ​ការបង្រៀន​របស់​អែលឌើរ បែដណា ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​ពរជ័យ​ដែល​មាន​តាមរយៈ​ដង្វាយធួន ផ្ដល់​ឲ្យ​នូវ​ផ្លូវ​មួយ​សម្រាប់យើង​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅវត្តមាន​របស់​ព្រះវរបិតាសួគ៌​បាន​យ៉ាងដូចម្ដេច ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​ថា ដោយសារតែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការលួងលោម​និង​កម្លាំង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ « ការឈឺចាប់ និង​ទុក្ខវេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » [អាលម៉ា ៧:១១] ) ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​ព្រះចេស្ដា ឬ​ព្រះគុណ​ដ៏​មហិមា​របស់​ព្រះអង្គ​សង្គ្រោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​វគ្គ​ព្រះគម្ពីរ​ទាំងឡាយ​ខាងក្រោម​មួយ ហើយ​រៀបចំ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ( សូម​គិតពី​ការសរសេរ​សេចក្ដីយោង​ទាំងនេះ​នៅលើ​ក្ដារខៀន ) ។

កូរិនថូសទី ២ ១២:៧–១០

ម៉ូសាយ ៣:១៩

ម៉ូសាយ ២៤:១០–១៥

អាលម៉ា ៣១:២៤–២៥, ៣១–៣៣, ៣៨

អេធើរ ១២:២៧

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់ហើយ សូម​សួរ ៖

  • សូមពិរចារណា​ពី​របៀប​ដែល​មនុស្ស​បាន​ពណ៌នានៅក្នុង​វគ្គ​ព្រះគម្ពីរ​ទាំងនេះ ត្រូវបាន​ចម្រើន​កម្លាំង​ដោយ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ដង្វាយធួន ។ តើ​ពេលណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ត្រូវបាន​ពង្រឹង​កម្លាំង​តាមរបៀប​ដូចគ្នា​នេះ ?

  • ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​យើង​ដើម្បី​យល់​ដឹង​ថា យើងត្រូវ​តែ​ទាក់ទង​នឹង​ព្រះចេស្ដា​ដ៏​មហិមា​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ចង្អុលបង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« មាន​សេចក្ដី​ត្រូវការ​ដ៏​ចាំបាច់​មួយ​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ពង្រីក​ការយល់ដឹង​របស់​យើង​អំពី​សារៈសំខាន់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​វា​ក្លាយជា​គ្រឹះ​ដ៏​មិន​អាច​រង្គោះរង្គើ​មួយ ដែល​យើង​នឹង​សង់​ជីវិត​យើង​ទៅលើ​នោះ ។ …

« ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​យ៉ាង​ស្វាហាប់​ឲ្យ​ស្ថាបនា​ផែនការ​សិក្សា​ផ្ទាល់ខ្លួន​មួយ ដើម្បី​យល់កាន់តែ​ច្បាស់​ជាងមុន និង​កោតសរសើរ​ដល់​លទ្ធផល​ដ៏​មិន​អាច​ប្រៀបធៀបបាន ដ៏​អស់កល្ប និង និរន្ដរ៍​នៃ​ការបំពេញ​ដ៏​ឥតខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​តាម​ការហៅបម្រើ​ពីស្ថានសួគ៌​ដែល​បាន​ចាត់តាំង​មក​របស់​ទ្រង់ ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង » ( « He Lives! All Glory to His Name!Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៧ ) ។

នៅពេល​អ្នក​បញ្ចប់ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បង្កើត​ផែនការ​សិក្សា​ផ្ទាល់ខ្លួន​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។

ការអាន​របស់​សិស្ស