ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៨ ៖ ព្រះយេស៊ូវគ្រីស្ទ បាន​បំពេញ​នូវ​អស់ទាំង​សេចក្ដី​សុចរិត


មេរៀនទី ៨

ព្រះយេស៊ូវគ្រីស្ទ បាន​បំពេញ​នូវ​អស់ទាំង​សេចក្ដី​សុចរិត

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ ទ្រង់​បាន​រស់នៅ​ជីវិត​មួយ​ដ៏​ល្អ​ឥតខ្ចោះ ដោយ​ការចុះចូល​ទៅតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌​ ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ ព្យាការី​សម័យ​ទំនើប​បាន​ថ្លែងទីបន្ទាល់​ថា « ទោះជា​ព្រះអង្គ​គ្មាន​បាប​ក៏​ដោយ ក៏​[ ព្រះយេស៊ូវគ្រីស្ទ ] ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ដើម្បី​បំពេញ​នូវ​អស់​ទាំង​សេចក្ដី​សុចរិត​ដែរ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ យើង​នឹង​បំពេញ​អស់​ទាំង​សេចក្ដីសុចរិត នៅពេល​យើង​ចុះចូលចំពោះ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នានា​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប ។ មេរៀននេះ រុករក​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ បាន​ចុះចូល​ទៅតាម​ដំណឹងល្អ​ដ៏​អស់កល្ប និង​ពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។

ការអាន​ពី​សាវតា

  • រ៉ូបឺត ឌី ហែល « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០​ ទំព័រ ៦–៩ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ​៣:១៣–១៧; នីហ្វៃទី ២ ៣១:៤–៩

បុណ្យជ្រមុជ​ទឹក​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​ស្ថានភាព​ដូចខាងក្រោម​នេះ ៖

អំឡុងពេល​ការសន្ទនា​ជាមួយ​នឹង​មិត្តភក្ដិ​ម្នាក់​អំពី​សាសនា ប្រធានបទ​ស្ដីពី​បុណ្យជ្រមុជទឹក​ក៏​លេចចេញ​មក ។ ក្រោយពី​អ្នក​ពន្យល់​ពី​មូលហេតុ​ដែល​យើង​បាន​ទទួល​បុណ្យជ្រមុជទឹក​ហើយ មិត្តភក្ដិ​របស់​អ្នក​ក៏​សួរ​ថា « ខ្ញុំ​យល់​ថា យើង​ត្រូវ​ទទួល​បាន​បុណ្យជ្រមុជទឹក​ដើម្បី​ត្រូវបាន​សម្អាត​ចេញ​ពី​អំពើ​បាប ។ ប៉ុន្ដែ ព្រះយេស៊ូវ ទ្រង់​ល្អ​ឥតខ្ចោះ ទ្រង់​មិន​បាន​មាន​អំពើបាប​នោះ​ទេ ។ ដូច្នេះ តើ​ហេតុអ្វី​បានជា​ទ្រង់​ត្រូវ​ទទួល​បុណ្យជ្រមុជទឹក​ដែរ ?

សូម​ទុកពេល​មួយសន្ទុះឲ្យ​សិស្ស​ពិចារណា​អំពី​សំណួរ​នេះ ហើយ​បន្ទាប់មក សូម​ឲ្យ​ពួកគេ​ឆ្លើយ​តប ។

បន្ទាប់ពី​ការពិភាក្សា​ខ្លះៗ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ៣:១៣–១៧ ឮៗ ឬ​សូម​បង្ហាញនូវ « ពិធី​បុណ្យជ្រមុជទឹក​របស់​ព្រះយេស៊ូវគ្រីស្ទ » ( ២:៥៥ ) ចេញពី The Life of Jesus Christ Bible Videos ។ ( សូម​ទាញ​វា​ចេញ​ពី​អ៊ិនធើណិត ហើយចាក់​បង្ហាញ​វីដេអូ​នេះ មុន​ចាប់ផ្ដើម​ថ្នាក់ ) ។ ប្រសិនបើ​អ្នក​ចាក់​វីដេអូ​នេះ សូម​អញ្ជើញឲ្យ​សិស្ស​មើល​តាម​នៅក្នុង​​ព្រះ​គម្ពីររបស់​គេ ។

បន្ទាប់​ពី​មើល​វីដេអូ​រួច សូម​សួរ ៖

  • តើ​ព្រះយេស៊ូវ​មាន​មូលហេតុអ្វី​ខ្លះ ចំពោះ​ការជ្រមុជទឹក ? ( សូម​ពិចារណា​ពី​ការសេរសេរ​នូវ​គោលលទ្ធិ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ដើម្បី​បំពេញ​នូវ​អស់​ទាំង​សេចក្ដី​សុចរិត ។)

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែរ​ ដែល​ព្រះយេស៊ូវ​ត្រូវ​ជ្រមុជទឹក​ដើម្បី « ​បំពេញ​នូវ​អស់​ទាំង​សេចក្ដី​សុចរិត​ » នោះ ? ( ម៉ាថាយ ៣:១៥ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹងសំណួរ​នេះ សូម​ផ្តល់​ជា​ពេលវេលា​ខ្លះ ​ដើម្បី​ឲ្យ​ពួកគេ​ស្រាវជ្រាវ​ក្នុង​ព្រះគម្ពីរ​ខ្លួន ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​សរសេរ នីហ្វៃទី ២ ៣១:៤–៩ នៅ​គែម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​គេ​ក្បែរ ម៉ាថាយ ៣:១៥ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី ២ ៣១:៥–៦ ដោយ​ស្ងាត់ស្ងៀម ដោយ​កត់ចំណាំ​នូវ​សំណួរ​ដែល​នីហ្វៃ​បាន​សួរ ។ ក្រោយពីបាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ហើយ សូម​ពន្យល់​ថា ​នីហ្វៃ​បាន​ឆ្លើយ​ទៅនឹង​សំណួរ​នេះ​នៅក្នុង នីហ្វៃទី ២ ៣១:៧–៩ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​គម្ពីរ​ទាំងនេះ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បំពេញ​នូវ​អស់​ទាំង​សេចក្ដី​សុចរិត​ដោយ​ការ​ទទួល​បុណ្យជ្រមុជទឹក ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល ពួកគេ​រកឃើញ ។ នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ទ្រង់​បន្ទាប​អង្គ​ទ្រង់ ចំពោះ​​ព្រះវរបិតា​សួគ៌ ។

ទ្រង់បាន​ធ្វើជា​សាក្សី​ដល់​ព្រះបិតា ថា​ទ្រង់​នឹង​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ​របស់​ទ្រង់ ។

ទ្រង់បាន​បង្ហាញ​ដល់​កូនចៅ​មនុស្ស​ពី​ទ្វារ ដែល​ពួកគេ​អាច​ចូលទៅ​កាន់​នគរ​សេឡេស្ទាល ។

ទ្រង់​បាន​ធ្វើ​ជា​គំរូ​មួយ​សម្រាប់​យើង ។

កំណត់ចំណាំ ៖ សកម្មភាព​នេះ នឹង​អនុញ្ញាត​ឲ្យ​សិស្ស​អនុវត្ត​ជំនាញ​ការសិក្សា​ព្រះគម្ពីរ​របស់​គេ ដោយ​ការធ្វើ​បញ្ជី ដោយ​ជួយ​ពួកគេ​ឲ្យ​រកឃើញ​នូវ​ចំណុច​គន្លឹះ ដែល​អ្នក​សរសេរ​មាន​បំណង​ចង់​សង្កត់​ធ្ងន់​ ) ។

សូម​រំឭក​សិស្សអំពី​សំណួរ​ដែល​លោក​នីហ្វៃ​បាន​សួរ (សូមមើល ខទី ៦ ) ។ បន្ទាប់មក​ សូម​សួរ ៖

  • ដោយ​ចាំ​ទុក​អ្វី​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន តើ​ការជ្រមុជទឹក​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្ដល់​ជា​គំរូ​មួយ​នៃ​ការធ្វើ​សេចក្ដីសុចរិត​ ដោយ​របៀប​ណា ?

នៅពេល​សិស្ស​ឆ្លើយ​ សូម​ប្រាកដ​ថា នឹង​ធ្វើតាម​គំនិត​ដែល​បាន​រកឃើញ​ និង​បាន​ពិភាក្សា​រួច ( អ្នក​អាច​ជំនួស​នូវ​ពាក្យ​ទាំងឡាយ​នៅលើ​ក្ដារខៀន​ជាមួយ​នឹង​ឃ្លាទាំងនេះ ) ៖

សេចក្ដីសុចរិត រួមមាន​នូវ​ការ​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​​ដោយ​បន្ទាបខ្លួន ។

សេចក្ដីសុចរិត រួមមាននូវ​ការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតា​ថា នឹង​​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ​របស់​ទ្រង់ ។

សេចក្ដីសុចរិត រួមមាននូវ​ការទទួល​បានពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ ។

សេចក្ដីសុចរិត រួមមាន​នូវការ​ធ្វើតាម​គំរូ​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​ដាក់​ឲ្យ​មក ។

សូម​សួរ​សិស្ស​ថា ៖

  • តើ​យើង​អាច​អនុវត្ត​តាម​គំរូ​នៃ​សេចក្ដីសុចរិត​របស់​ព្រះយេស៊ូវ នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ដោយ​របៀបណា ?

សូម​ថ្លែងទីបន្ទាល់​ដល់​សិស្ស​របស់​អ្នក​ថា ព្រះយេស៊ូវ បាន​ធ្វើ​តាម​លក្ខខណ្ឌ និង​កិច្ចព្រមព្រៀង​ទាំងអស់​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ ជីវិត​ដ៏​ល្អឥតខ្ចោះ​របស់​ទ្រង់ គឺជា​គំរូ​មួយ​ដែល យើង​ត្រូវ​តែ​ធ្វើ​តាម ។

នីហ្វៃទី ២ ៣១:១០–២១

ការធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី ២ ៣១:១០–២១ ឮៗ ។ សូម​សួរ​សិស្ស​ថា ៖

  • នៅក្នុង ខទី ១០តើ​​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញយើង​ទាំងអស់​គ្នា​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា យើង​ត្រូវ​តែ​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​តាម​ទ្រង់ ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី ២ ៣១:១៦–១៧ ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់មក ​សូម​សួរ ៖

  • តើមាន​អ្វី​ផ្សេងទៀត ដែល​យើង​ត្រូវធ្វើ​ ដើម្បី​ធ្វើ​តាមគំរូ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​វា​មាន​ន័យ​យ៉ាងណា​ដែរ ក្នុង​ការ​ស៊ូទ្រាំ​ដល់​ទីបំផុត ហើយ​ធ្វើ​តាម « គំរូ​នៃ​ព្រះរាជបុត្រា​របស់​ព្រះដ៏​មាន​ព្រះជន្ម​រស់នៅ » ? ( ខទី ១៦ ) ។ ( អ្នក​អាច​សង្កត់​ន័យ​លើ​ពាក្យ ធ្វើ នៅក្នុង ខទី ១៧ ។ សូម​បញ្ជាក់​ន័យ​លើ​គោលការណ៍​ដូច​ខាងក្រោម​​ផងដែរ ៖ នៅពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះយស៊ូវគ្រីស្ទ នោះ​យើង​អាច​បំពេញ​នូវ​អស់​ទាំង​សេចក្ដី​សុចរិត ដូចជា​ទ្រង់​បាន​ធ្វើ​ដូច្នោះ​ដែរ ។ )

សូម​ពន្យល់​ដល់​សិស្ស​ថា ព្រះគម្ពីរ​ដែល​ពួកគេ​បាន​អាន​នៅក្នុង នីហ្វៃទី ២ ៣១ រួមមាន​នូវ​សារៈសំខាន់​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប ដែល​ព្រះវរបិតា​សួគ៌​បាន​ស្ថាបនា​ឡើង មុនពេល​ទ្រង់​បង្កបង្កើត​ផែនដី​នេះ ។

សូម​ឲ្យ​សិស្ស​វិភាគ រ៉ូម ៦:៣–៦ដោយរកមើល​ពាក្យ ឬ ឃ្លា​គន្លឹះ​ដែល​បញ្ជាក់​ថា ការធ្វើ​តាម​គំរូ​របស់​ព្រះយស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​មាន​ហួសពីការ​ជ្រមុជទឹក​ទៅទៀត ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចែកដល់​សិស្សនូវ​ច្បាប់​ចម្លង​មួយ​នៃ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ អែលឌើរ រ៉ូបឺត ឌី ហែលស៍ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​ពួកគេ​អាន​វា​ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​របៀប​ដែល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ​ផ្ទាល់ មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែលស៍

« នៅពេល​យើង​យល់​ពី​សេចក្ដីសញ្ញា​នៃ​​ពិធីបុណ្យជ្រមុជទឹក​របស់​​យើង និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​វា​នឹង​ផ្លាស់ប្ដូរ​ជីវិតរបស់​យើង ហើយ​វា​នឹង​ស្ថាបនា​នូវ​ភក្ដីភាព​ទាំងស្រុង​របស់​យើង​ចំពោះ​នគរ​នៃ​ព្រះ ។ នៅពេល​ការល្បួង​ជ្រៀតចូលមក​ក្នុង​ផ្លូវ​របស់​យើង ប្រសិនបើ​យើង​នឹង​ស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​រំឭក​យើង​ថា យើង​បាន​សន្យា​ថា ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​ថា​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ …

« នៅពេល​យើង​ធ្វើ​តាមគំរូ​របស់​ព្រះយេស៊ូវ នោះ​យើង​ផងដែរ នឹង​បង្ហាញ​ថា យើង​នឹង​ប្រែចិត្ត ហើយ​ស្ដាប់បង្គាប់​ក្នុង​ការ​គោរព​តាម​ព្រះបញ្ញត្តិរបស់​ព្រះវរបិតា​របស់​យើង ដែល​គង់​នៅ​លើ​ស្ថានសួគ៌ ។ យើង​បន្ទាបខ្លួន​យើង​ដោយមាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នៅពេល​យើង​ទទួល​ស្គាល់​នូវ​អំពើបាប​របស់​យើង ហើយ​ស្វែងរក​ការអភ័យទោស​ចំពោះ​ការរំលង​របស់​យើង ( សូមមើល នីហ្វៃទី ៣ ៩:២០ ) ។ យើង​ធ្វើ​សេចក្ដី​សញ្ញា​ថា យើង​នឹង​មាន​ឆន្ទៈ​ក្នុង​ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​តែងតែ​ចងចាំ​ដល់​ទ្រង់​ជានិច្ច ។ …

« … ខ្ញុំ​អធិស្ឋាន​ថា យើង​ម្នាក់ៗ​ដែល​ជា​សមាជិក​នៃ​នគរ​របស់​ទ្រង់ នឹង​យល់​ថា ពិធី​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​របស់​យើង គឺជា​ទ្វារ​ចូល ទៅក្នុង នគរ​របស់​ទ្រង់ ។ នៅពេល​យើង​ចូល​ទៅ យើង​ធ្វើ​សេចក្ដីសញ្ញា​ថានឹង​ នៅក្នុង នគរ​របស់​ទ្រង់—ជារៀង​រហូត​ទៅ ! » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៧–៨, ៩ ) ។

សូម​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការ​ទទួល​បុណ្យជ្រមុជទឹក​បាន​ជួយ​ដល់​អ្នក​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុងការ​បំពេញ​នូវ​អស់​ទាំង​សេចក្ដីសុចរិត​ដោយ​របៀប​ណា ?

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​ ដើម្បី​គិត​អំពី​កម្រិត​ដែល​ពួកគេ​កំពុងបំពេញ​តាម​បទដ្ឋាន​នៃ​សេចក្ដីសុចរិត​ ដែល​ត្រូវបាន​បង្ហាញ​ដោយ​ព្រះអង្គ​សង្គ្រោះ​នៅឯ​ពិធី​បុណ្យជ្រមុជទឹក​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​អ្វី​បន្ថែមទៀត ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​បង្ហាញ​ពី​ការគោរព​តាម​ព្រះ​វរបិតា​សួគ៌ ។

ការអាន​របស់​សិស្ស