ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១១ ៖ ព្រះយេស៊ូវគ្រីស្ទ បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ


មេរៀនទី ១១

ព្រះយេស៊ូវគ្រីស្ទ បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ

សេចក្ដីផ្ដើម

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » បង្រៀន​​ថា « [ ព្រះយេស៊ូវ ] ‹ បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ › (កិច្ចការ ១០:៣៨) ប៉ុន្ដែ​ត្រូវ​​គេ​ស្អប់​ទៅ​វិញ » (Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ត្រូវ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​អំពី​ការ​ធ្វើ​ល្អ ទោះបី​មាន​ការបៀតបៀន​ក្ដី ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពិភាក្សា​ពី​មូលហេតុ​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​នឹង​អ្នក​ដែល​ធ្វើ​ខុសនឹង​យើង​ដោយសារ​តែ​ជំនឿ​របស់​យើង ជាមួយនឹង​សេចក្ដី​ស្រឡាញ់ និង​ការគោរព​ដូចគ្នា​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ដល់​អ្នក​បៀតបៀន​របស់​ទ្រង់ ។ នៅពេល​យើងធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​មាន​សេចក្ដី​ក្លាហាន ក្នុង​ការរស់នៅ​តាម និង​ការពារ​ដល់​សេចក្ដីជំនឿ​របស់​យើង ហើយ​យើង​នឹង​អាច​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ខិតទៅកាន់តែ​ជិត​ព្រះអម្ចាស់ ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក អូក « Loving Others and Living with Differences » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥–២៨ ។

  • ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩ ។

  • រ៉ូបឺតឌី.ហែល « Christian Courage: The Price of Discipleship » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២–៧៥ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ៥:៤៣-៤៧; ៩:៩–១៣; ១២:២២-30; ម៉ាកុស ៣:១–៦; ១១:១៥–១៩; យ៉ូហាន ១១:៤៣–៥៣ ។

ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​គេ​បៀតបៀន​ដោយសារ​ការធ្វើ​ការល្អ

សូម​ចាប់ផ្ដើម​បង្រៀន​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ដូចខាងក្រោម​នេះ ៖

  • នៅពេល​ណា​ដែល​អ្នក​គិត​អំពី​ព្រះជន្ម​ដ៏​ជា​គំរូ​របស់​ព្រះអង្គសង្គ្រោះ តើ​មាន​អ្វី​ដែល​ល្អ​បំផុត ដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​ជីវិត​រមែងស្លាប់​ ដែល​មាន​អនុភាព​ដ៏​ធំ​បំផុត​ចំពោះ​អ្នក​ទេ ?

ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​អាន ( ឬ ចែកចាយ​ជា​សម្ដី​របស់​អ្នក​ផ្ទាល់ ) នូវ​​សេចក្ដីថ្លែងការណ៍​​ខាងក្រោម​​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ អំពី​ស៊ីស្ទើរជា​អ្នកផ្សព្វ​ផ្សាយ​សាសនា​ពីរ​រូប ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ដោយ​មាន​ការកោត​សរសើរ និង ការលើក​ទឹកចិត្ត​ដល់​គ្រប់គ្នា​ដែល​នឹង​ត្រូវ​បន្ដ​ខ្ជាប់ខ្ជួន​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ខ្ញុំ​សូម​និយាយ​ដល់​អ្នកទាំងអស់​គ្នា និង​ជាពិសេស​ដល់​យុវវ័យ​អំពី​សាសនាចក្រ​ថា ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ជួប​វា​ទេ ថ្ងៃ​មួយអ្នក​នឹង​ឃើញ​ថា ខ្លួន​អ្នក​ត្រូវបាន​ហៅ​ឲ្យ​ការពារ​ដល់​សេចក្ដីជំនឿ​របស់​អ្នក ឬ​ប្រហែល​ថែមទាំង​ឲ្យ​ស៊ូទ្រាំ​នូវ​ការប្រព្រឹត្ត​ខុស​ផ្ទាល់ខ្លួន​ខ្លះ ដោយ​គ្រាន់តែ​ព្រោះ​អ្នកជា​សមាជិក​ម្នាក់នៃ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ ។ គ្រាបែប​នោះ នឹង​តម្រូវ​ឲ្យ​មាន​ទាំង​កម្លាំងចិត្ត និង​ការគោរព​​ពី​អ្នក ។

« ឧទាហរណ៍ ថ្មីៗ​នេះ​​មាន​ស៊ិស្ទើរ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​សរសេរ​សំបុត្រ​មក​កាន់​ខ្ញុំ​ថា ‹ ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​អង្គុយ​នៅលើ​កៅអី នៅឯ​ទីប្រជុំជន​កំពុង​ពិសារ​អាហារ​ថ្ងៃ​ត្រង់ ។ នៅពេល​យើង​ជិត​ទៅដល់ នោះ​គាត់​បាន​មើល​មក​យើង ហើយ​បាន​ឃើញ​ស្លាក​ឈ្មោះ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង ។ ដោយ​ជ្រួញ​ចិញ្ចើម​ខ្មួល នោះ​គាត់​បាន​ហក់​ឡើង​មក​វាយ​ខ្ញុំ ។ ខ្ញុំ​បាន​គេច​រួច​ទាន់ពេល តែ​នៅតែ​ត្រូវ​បាន​គាត់​ព្រោះ​ម្ហូប​គាត់​ចេញ​មក​លើ​ខ្ញុំ ហើយ​ចាប់ផ្ដើម​ជេរប្រទេច​ផ្ដាសារ​ដាក់​យើង​យ៉ាងខ្លាំង ។ យើង​បាន​ដើរ​​ចេញ​ដោយ​មិន​បាន​និយាយ​អ្វី​សូម្បី​តែ​មួយ​ម៉ាត់ ។ ខ្ញុំ​បាន​ព្យាយាម​ជូត​សម្អាត​ម្ហូប​ចេញ​ពី​មុខ​ខ្ញុំ តែ​មិន​ទាន់​ជូត​ស្រេច​បាច់​ផង ស្រាប់តែ​មាន​ដំឡូង​កិន​ហោះ​មក​ចំ​កណ្ដាល​ក្បាល​ពី​ក្រោយ​ខ្ញុំ ។ ពេល​ខ្លះ វា​ពិបាក​ណាស់​ដើម្បី​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា ដោយសារ​ពេល​នោះ​ខ្ញុំ​ចង់​ត្រឡប់​ទៅវិញ ហើយ​ចាប់​បុរស​រាង​តូច​នោះ ហើយ​និយាយ​ថា « តើ​លោក​ឯង​ចង់​យ៉ាង​ម៉េច​ហ្នឹង ! » ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ធ្វើ​វា​ទេ › » (« The Cost-and Blessings-of Discipleship » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ ។

សូម​ឲ្យ​សិស្ស​អាន ម៉ាថាយ ៥:៤៣–៤៧ ដោយ​ស្ងាត់ៗ ដោយ​រកមើល​នូវ​គោលការណ៍​មួយ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង​ទេសនកថា​របស់​ទ្រង់​នៅលើ​ភ្នំ​ដែលស៊ិស្ទើរ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ បាន​អនុវត្ត​វា ។ ( អ្នក​គប្បីផ្ដល់​យោបល់​ថា នៅពេល​សិស្ស​អាន ពួកគេ​​គួរតែអនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​ក្នុង​ការដាក់ឈ្មោះជំនួស ដើម្បី​ជួយ​​ធ្វើ​ឲ្យ​សារលិខិត​នៃ​ខគម្ពីរ​ទាំងនោះ​មាន​ភាពផ្ទាល់ខ្លួន ។ ដើម្បី​អនុវត្ត​ជំនាញ​នេះ សិស្ស​គួរ​ដាក់ឈ្មោះ​របស់​គេ​ផ្ទាល់ជំនួស​ឲ្យ​ពាក្យ អ្នក និង ពួកអ្នករាល់​គ្នា ) ។

  • តើ​អ្វី​ជា​គោលការណ៍​មួយ​ដែល​បាន​បង្រៀន​​នៅក្នុង​ខ​ទាំងនេះ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ប៉ុន្ដែ​​ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើង​ធ្វើតាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ត្រូវ​រៀន​ចេះ​ស្រឡាញ់​សត្រូវ​របស់​យើង ហើយ​មាន​ចិត្តល្អ​ដល់​អ្នកដែល​បៀតបៀន​យើង ) ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​គោលការណ៍​​ដំណឹងល្អ​នេះ ពិបាក​ដើម្បី​រស់នៅ​តាម ?

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖

« [ ព្រះយេស៊ូវ ] ‹ បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ › (កិច្ចការ ១០:៣៨) ប៉ុន្ដែ​ត្រូវ​​គេ​ស្អប់​ទៅវិញ » (ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។

សូម​ពន្យល់​ថា ទោះបីជា​ព្រះអង្គ​សង្គ្រោះ ត្រូវបាន​ទទួល​យក​ដោយ​មនុស្ស​ជាច្រើន​ទាំង​នៅក្នុង​ស្រុក​កាលីឡេ និង​ស្រុក​យូដា​ក្ដី ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ឃើញ​នូវ​កិច្ចការ​ល្អ​របស់​ទ្រង់ ថា​ជា​សាក្សី​មួយ​នៃ​ទេវភាព​របស់​ទ្រង់ ក៏​អ្នក​ផ្សេងទៀត​ស្អប់ និង​បៀតបៀន​ទ្រង់​ចំពោះ​ការល្អ​របស់​ទ្រង់​ទៅវិញ ។

សូម​សរសេ​រ​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​នេះ​នៅក្រោម​ចំណងជើង​ថា « ព្រះយេស៊ូវ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » នៅលើ​ក្ដារខៀន ៖

ម៉ាថាយ ៩:៩–១៣

ម៉ាថាយ ១២:២២–៣០

ម៉ាកុស ៣:១–៦

ម៉ាកុស ១១:១៥–១៩

យ៉ូហាន ១១:៤៣–៥៣

សូមបែងចែកសិស្ស​​ទៅ​ជា​ក្រុមតូចៗ ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​ឲ្យ​សិក្សា​វគ្គ​មួយ ដែល​មាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​រកមើល​នៅក្នុង​វគ្គ​​​ព្រះគម្ពីរ​នូវ​ការល្អ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ និង របៀប​ដែល​មនុស្ស​បាន​ឆ្លើយ​តប​មក​វិញ ។ ក្រោយពី​មានពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​រាយការណ៍​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​បង្ហាញ​ថា ស៊េរី​វគ្គ​នេះ​លាតត្រដាង​នូវ​គំរូ​មួយ​នៅក្នុង​ជីវិត​របស់​ព្រះអម្ចាស់ ដែល​យើង​អាច​រៀន​ពី​ទ្រង់​បាន ។ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​បាន​សម្គាល់​ឃើញ​អ្វី​ខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ទៅនឹង​ការបៀតបៀន​ដែល​ទ្រង់​បាន​ជួបប្រទះ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្រមៃ​​ក្នុង​ចិត្ត​គេ នូវ​ហេតុការណ៍​ដែល​បាន​តំណាល​នៅក្នុង​វគ្គ​ព្រះគម្ពីរ​ដែល​ពួកគេ​សិក្សា​នោះ ៖ បន្ទាប់មក​ សូម​សួរ ៖

  • តើ​គំនិត ឬអារម្មណ៍​​អ្វី​ដែល​អ្នក​អាច​មាន ប្រសិនបើ​អ្នក​បាន​ធ្វើ​ជា​សាក្សី​ដល់​ព្រះយេស៊ូវ​នៅក្នុង​ឱកាស​នោះ ?

  • តើ​អ្នកជឿ​ថា ព្រះយេស៊ូវ ចង់​ឲ្យ​អ្នក​រៀន​អ្វីខ្លះ​ពី​ព្រះបន្ទូល និង​សកម្មភាព​របស់​ទ្រង់​នាពេល​នោះ ? ( ខាងក្រោម​នេះ​គឺ​ជា​គោលការណ៍​មួយ ដែល​សិស្ស​អាចរកឃើញ ៖ នៅពេល​យើង​ស្វែងរក​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការធ្វើ​ល្អ ពេល​ខ្លះ យើងត្រូវតែស៊ូទ្រាំចំពោះការបៀតបៀន ។ )

ម៉ាថាយ ៥:៩–១២, ២១–២៤, ៣៨–៤១; ៦:១៤–១៥; ៧:១–៥, ១២

ការឆ្លើយតប​ទៅនឹង​សំណួរ

សូម​ប្រាប់​សិស្ស​ថា នៅក្នុង​ទេសនកថា​របស់​ទ្រង់​នៅលើ​កំពូល​ភ្នំ ព្រះយេស៊ូវគ្រីស្ទ​បានណែនាំ​ពួកសិស្ស​របស់​ទ្រង់​អំពី​របៀប​ដើម្បី​ឆ្លើយតប នៅពេល​ពួកគេ​ត្រូវបាន​គេ​បៀតបៀន ។ សូម​ចម្លង​ឃ្លា និង​សេចក្ដីយោង​ពី​ព្រះគម្ពីរ​​ដាក់​លើ​ក្ដារខៀន ហើយ​ដាក់​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​យ៉ាង​ហោចណាស់​មួយ​វគ្គ​នៃ​វគ្គ​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​រកមើល​នូវ​គោលការណ៍​មួយ ​នៅក្នុង​វគ្គ​ដែល​ពួកគេ​​បាន​អាន ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ថា វា​អាច​ដឹកនាំ​ពួកគេ​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នកដទៃ ។

របៀប​ដើម្បី​ឆ្លើយតប​ទៅនឹ​ង​ការបៀតបៀន

ម៉ាថាយ ៥:៩–១២

ម៉ាថាយ ៥:២១–២៤ ( សូមមើល​ផងដែរ នីហ្វៃទី ៣ ១២:២២)

ម៉ាថាយ ៥:៣៨–៤១; ៧:១២

ម៉ាថាយ ៦:១៤–១៥ ( សូមមើល​ផងដែរ គ និង ស ៦៤:៩–១០)

ម៉ាថាយ ៧:១–៥

ក្រោយពី​មានពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ និង​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​ចំពោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត ។ នៅពេល​សិស្ស​ចែកចាយ​ពី​គោលការណ៍​នានា​ដែល​ពួកគេបាន​រកឃើញ​នៅក្នុង ម៉ាថាយ ៥:២១–២៤ហើយ អ្នក​អាច​ចង្អុលប្រាប់​ថា នីហ្វៃទី ៣ ១២:២២ និង​ការបកប្រែរបស់​យ៉ូសែប​ ស្ម៊ីធ នៃ ម៉ាថាយ​ ៥ លុបចោល​នូវពាក្យ « នោះក្រែង »( ម៉ាថាយ ៥:២២; សូមមើល​ផងដែរ​ក្នុង ការបកប្រែរបស់យ៉ូសែប​ ស្ម៊ីធ ម៉ាថាយ ៥:២៤​ [ នៅក្នុង ម៉ាថាយ ៥:២២ លេខយោង ] )។ ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះវរបិតាសួគ៌ រំពឹង​ចង់ឲ្យយើង​នឹង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ត្រូវបាន​គេ​បៀតបៀន​ដោយសារ​តែ​សេចក្ដីជំនឿ​របស់​យើង ) ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោមនេះដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពី​រ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ការពារ​ជំនឿ​របស់​អ្នក​ដោយ​ការគោរព និង​ដោយ​សេចក្ដី​មេត្តា ប៉ុន្ដែ​សូម​ការពារ​វា » ​( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« អ្នក​ដើរតាម​ព្រះគ្រីស្ទ គួរ​តែ​ជា​គំរូ​នៃ​ការគួរ​សម ។ យើង​ត្រូវ​ស្រឡាញ់​មនុស្ស​ទាំងអស់ ក្លាយ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ និង​បង្ហាញ​កង្វល់ចំពោះ​សេចក្ដីជំនឿ​ដ៏​ស្មោះស​របស់​ពួកគេ ។ ទោះបីជា​យើង​អាច​មិន​យល់​ស្របក្តី តែ​យើង​មិន​គួរ​បដិសេធ​នោះទេ ។ ជំហរ និង​ទំនាក់​ទំនង​របស់​យើង​អំពី​ប្រធានបទ​ដ៏​បដិវាទនេះ មិន​គួរ​ជា​បុព្វហេតុ​សម្រាប់​ជំលោះ​នោះទេ ។ យើង​ត្រូវតែ​មាន​ភាពវាងវៃ​ក្នុង​ការពន្យល់ និង​ការតោងជាប់​នូវ​ឋានៈ​របស់​យើង និង​អនុវត្ត​ឥទ្ធិពល​របស់​យើង ។ …

« នៅពេល​ជំហរ​របស់​យើង​មិន​បាន​ជ័យ​ជំនះ នោះ​យើង​គួរ​តែ​ទទួល​យក​នូវ​លទ្ធផល​ដែល​មិន​គាប់​ចិត្ត​នោះ​ដោយ​សុទ្ធាទន់ភ្លន់ និង​អនុវត្ត​ការគួរសម​ជាមួយ​នឹង​សត្រូវ​របស់​យើង » ( ដាល្លិន អេក អូក « Loving Others and Living with Differences » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៧ ) ។

សូម​ពិភាក្សា​ជាមួយ​នឹង​សិស្ស​អំពីឧបសគ្គ និង​ពរជ័យ​នានា​ក្នុង​ការធ្វើតាម​ការប្រឹក្សា​របស់​អែលឌើរ ហូឡិន និង​អែលឌើរ អូក ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៩–១២ ឮៗ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​សេចក្ដី​សន្យា​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដែល​អាច​ធ្វើ​ឲ្យ​វា​ងាយស្រួល​ក្នុង​ការឆ្លើយតប​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ នៅពេល​យើង​ត្រូវបាន​គេ​បៀតបៀន​ដោយសារតែ​ជំនឿ​ខាង​សាសនា​របស់​យើង ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ការបង្រៀនមួយ ឬ​ច្រើន​​ពី​ព្រះអង្គ​សង្គ្រោះ​នៅលើ​កំពូល​ភ្នំ​ស្ដីពី​ទំនាក់ទំនង​ថ្មី​មួយ​ដែល​ពួកគេ​មាន ឬ​របៀប​ដែល​ពួកគេ​អាច​យកវា​មកអនុវត្តទៅនឹង​បទពិសោធន៍​កាលពី​អតីតកាល ។ សូមសួរ​​សិស្ស​ខ្លះៗ បើ​ពួកគេ​ចង់​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូមចែក​ឲ្យ​សិស្ស​ម្នាក់​ៗ​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« អ្នកខ្លះ​គិត​ខុស​ថា ដោយ​ឆ្លើយតប​ដោយ​ការស្ងៀមស្ងាត់ សុភាពស្លូតបូត ការអភ័យទោស និង​ការថ្លែងទីបន្ទាល់​ដ៏​រាបសា គឺជា​ការអវិជ្ជមាន ឬ​ទន់ខ្សោយ ។ ប៉ុន្ដែ​ ‹ ដើម្បី​ស្រឡាញ់​សត្រូវ [ របស់​យើង ] ​ប្រទានពរ​ដល់​ពួកគេ​​ដែល​បាន​ដាក់​បណ្ដាសា​ដល់ [ យើង ] ​ធ្វើ​ល្អ​ដាក់​ពួកគេ​ដែល​ស្អប់ [ យើង ] ហើយ​​អធិស្ឋាន​ឲ្យ​ពួកគេ​ដែល​ប្រើ​ [ យើង ] ដោយ​មាន​គំនុំ​ព្យាបាទ ហើយ​បៀតបៀន​ [ យើង ] › (ម៉ាថាយ ៥:៤៤) វា​ត្រូវការ​សេចក្ដីជំនឿ កម្លាំង និង​សំខាន់​បំផុត​នោះ វា​ត្រូវការ​សេចក្ដីក្លាហាន​ក្នុងនាម​ជា​ពួកគ្រីស្ទាន ។ …

« នៅពេល​យើង​មិន​សងសឹក​វិញ​—​នៅពេល​យើង​បែរ​ថ្ពាល់​មួយ​ចំហៀង​ទៀត​ឲ្យ​ ហើយ​មិន​ទទូច​នឹង​អារម្មណ៍​ខឹង​សម្បារ​—​នោះ​យើង​នឹង​ឈរ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដែរ ។ យើង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដែល​ជា​កម្លាំង​តែមួយ​គត់​ដែល​អាច​​បង្ក្រាប​អស់​ទាំង​ឧបសគ្គ និង​ឆ្លើយតប​ដល់​អ្នក​ចោទទាំងឡាយ​ដោយ​មិន​ចោទប្រកាន់​ពួកគេ​វិញ ។ នោះ​ពុំ​មែន​ជា​ភាពទន់ខ្សោយ​នោះ​ទេ ។ នោះ គឺ​ជា​សេចក្ដីក្លាហាន​ក្នុងនាម​ជា​ពួកគ្រីស្ទាន ។ …

« ពេល​យើង​ឆ្លើយ​តប​នឹង​អ្នក​ដទៃ នោះ​កាលៈទេសៈ​នីមួយៗ​នឹង​ខុស​គ្នា ។ សំណាង​ល្អ ព្រះអម្ចាស់​ដឹង​ពី​ដួងចិត្ត​នៃ​អ្នកចោទយើង និង របៀប​ដែល​យើង​អាច​ឆ្លើយតប​ទៅកាន់​ពួកគេ​វិញ​ដោយ​មាន​ប្រសិទ្ធភាព​បំផុត ។ នៅពេល​សិស្ស​ដ៏​ពិត​ស្វែងរក​ការណែនាំ​មក​ពី​ព្រះវិញ្ញាណ នោះ​ពួកគេ​ទទួល​បាន​ការបំផុស​គំនិត​ដែល​ទាក់ទង​នឹង​ការជួបប្រទះនីមួយៗ ។ ហើយ​នៅក្នុង​គ្រប់​ការណ៍​ជួបប្រទះ​ សិស្ស​ដ៏​ពិត នឹង​ឆ្លើយតប​តាម​របៀប​ដែល​យាង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ …

«ក្នុង​នាម​ជា​សិស្ស​ដ៏​ពិត ការបារម្ភ​ដ៏​ចម្បង​របស់​យើង ត្រូវតែ​អំពី​សុខុមាល​ភាព​របស់​អ្នក​ដទៃ មិនមែន​ការការពារ​​តែ​អំពី​ខ្លួន​យើង​នោះទេ ។ សំណួរ និង​ការរិះគន់​ផ្ដល់​ដល់​យើង​នូវ​ឱកាស​មួយ ដើម្បី​ឈោ​ង​ទៅជួយ​អ្នកដទៃ និង​បង្ហាញ​ថា ពួកគេ​សំខាន់​ចំពោះ​ព្រះវបិតាសួគ៌​របស់​យើង និង​ចំពោះ​យើង​ផង​ដែរ ។ គោលបំណង​របស់​យើង​គួរ​តែ​​​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សេចក្ដីពិត មិន​មែន​ការពារ​តែ​អាត្មា​ខ្លួន​ឯង ឬ​ទទួល​បាន​ពិន្ទុ​នៅក្នុង​ការជជែក​វែកញែក​អំពី​ទ្រឹស្ដី​នោះទេ ។ ទីបន្ទាល់​ដ៏​អស់​ពី​ចិត្ត​របស់​យើង គឺ​ជា​ចម្លើយ​ដ៏​មាន​អានុភាព​ដ៏​ខ្លាំង​ដែល​យើង​អាច​ផ្ដល់​ដល់​អ្នក​ដែល​ចោទប្រកាន់​យើង » (« Christian Courage: The Price of Discipleship » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២–៧៣ ។

សូម​ផ្ដល់​ពេល​វេលា​ដល់​សិស្ស​ឲ្យ​អាន និង​គូសចំណាំ​គោលការណ៍​ដែល​ត្រូវបាន​បង្រៀន​ដោយ​អែលឌើរ ហែល ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ បើ​សិន​ជា​ចាំបាច់ សូម​ពិភាក្សា​សំណួរ​ខាងក្រោម​ទាំងនេះ​ខ្លះ ឬ​ទាំងអស់ ៖

  • តើ​សកម្មភាព​របស់​យើង​ចំពោះ​អ្នកដទៃ អាច​ប៉ះពាល់​ដល់​​​ទំនាក់ទំនង​របស់​ពួកគេ​​ជាមួយ​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់ដឹង​នូវ​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះគ្រីស្ទ​ ក្នុង​ការឆ្លើយតប​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​សណ្ដាន​ចិត្ត ដល់​អស់​អ្នកដែល​ប្រឆាំង​នឹង​យើង នោះ​យើង​អាច​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹ​ងព្រះ ដ៏​ដូចជា​ទំនាក់ទំនង​របស់​យើង​​ជាមួយ​នឹ​ងព្រះ​ផងដែរ ​) ។

  • តើ​ការប្រព្រឹត្ត​នឹង​អ្នកដទៃ​តាម​របៀប​នេះ ជាផ្នែកនៃ​សេចក្ដីសញ្ញា​ពេល​បុណ្យជ្រមុជទឹក​ ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ដោយរបៀប​ណា​ដែរ ? ( វា​ជា​របៀប​មួយ​ដ៏​សំខាន់​ក្នុង​ការឈរ​ជាសាក្សី​ដល់​ព្រះ​នៅ​គ្រប់ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង [ សូមមើល ម៉ូសាយ ១៨:៩] ) ។

សូម​សួរ​សិស្ស​ថា​បើ​ពួកគេ​ធ្លាប់​មាន​បទពិសោធន៍​ខ្លះ ដែល​ក្នុង​នោះ​ពួកគេ​បាន​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់​ទ្រង់​ទាំងអស់ ដែល​វាបាន​អនុញ្ញាត​ឲ្យ​ពួកគេ​ជួយ​ដល់​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​ឲ្យ​ខិត​ទៅកាន់តែ​ជិត​នឹង​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​មើល​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​អ្នកដទៃ រកមើល​ទំនាក់ទំនង​ណាមួយ​ដែល​អាច​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ហើយ​សរសេរ​វា​ទុក​ពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍​នានា ដែល​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ​ចំពោះ​ទំនាក់​ទំនង​នោះ ។

ការអាន​របស់​សិស្ស