ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៨ ៖ សាក្សី​ផ្ទាល់​ខ្លួន​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ


មេរៀនទី ២៨

សាក្សី​ផ្ទាល់​ខ្លួន​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ

សេចក្ដីផ្ដើម

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ នាក់​បាន​ប្រកាស ៖ « យើង​ជា​ពួក​សាវក​របស់​ទ្រង់​ដែល​បាន​តែង​តាំង​ដោយ​ត្រឹមត្រូវ សូម​ថ្លែង​ទីបន្ទាល់ — ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះរាជបុត្រា​ដ៏​អមតៈ​របស់​ព្រះ » (« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក »Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ ពេញ​មួយ​វគ្គ​សិក្សា​នេះ យើង​បាន​សិក្សា​ពី​ការបម្រើ​ដ៏​អស់​កល្ប​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ទីបន្ទាល់​ទាំងឡាយ​របស់​ព្យាការី​អំពី​ទ្រង់ ។ នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ នោះយើង​ត្រូវបាន​រៀបចំ​ឲ្យ​ចែកចាយ​សាក្សី​ផ្ទាល់​របស់​យើង ​អំពី​ព្រះអង្គសង្គ្រោះ​ជាមួយ​នឹង​អ្នក​ដទៃ ។

ការអាន​ពី​សាវតា

  • ឌី ថត គ្រីស្តូហ្វឺសិន « Becoming a Witness of Christ »Ensign, ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៥៨–៦៣ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី ២ ២៥:២៦; ម៉ូសាយ ១៨:៨–១១

ការឈរ​ធ្វើជា​សាក្សី​របស់​ព្រះគ្រីស្ទ

សូម​សួរ​សិស្ស​ថា តើ​មាន​ពួកគេ​ណា​ម្នាក់​ធ្លាប់​បាន​ស្ថិតនៅក្នុង​កាលៈទេសៈ​មួយ ដែល​ពួកគេ​គឺជា​សមាជិក​តែ​ឯង​នៃ​សាសនាចក្រ ឬ​ជា​បុគ្គល​តែ​ម្នាក់​ដែល​មាន​ឆនុ្ទៈ​ធ្វើ​ជា​តំណាង​ឲ្យ​បទដ្ឋាន​នៃ​សាសនាចក្រ​ដែរ​ឬ​ទេ ។ សូម​អញ្ជើញឲ្យ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​បាន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បែប​នោះ ក្នុង​នាម​ជា​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​មាន​ផ្នែក​នៃ​បទពិសោធន៍​របស់​អ្នក​ណា​ខ្លះ​ដែល​មាន​ន័យ ឬ​ឧបសគ្គ​យ៉ាងធំ ?

សូម​រំឭក​សិស្ស​អំពី​ដំណើរ​រឿង​ព្រះគម្ពីរ​មរមន​របស់​អាលម៉ា ដែល​ត្រូវបាន​ប្រែចិត្ត​ដោយ​ការបង្រៀន​របស់​ព្យាការី​អ័ប៊ីណាដៃ ។ បន្ទាប់ពី​ការប្រែចិត្ត​ជឿ​របស់​លោក អាលម៉ា​បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ដំណឹងល្អ​ផងដែរ ។ នៅក្នុង ម៉ូសាយ ១៨ យើង​អាច​អាន​ពី​ការបង្រៀន​របស់​លោក​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន ម៉ូសាយ ១៨:៨–១១ឮៗ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ផ្ទៀង តាម ហើយ​រកមើល​គុណសម្បត្តិ និង​សកម្មភាព​ដែល​បង្ហាញ​ថា បុគ្គល​ម្នាក់​ត្រៀម​រួចជាស្រេច​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក ។ ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​ចង្អុលបង្ហាញ​ឃ្លា « ឈរ​ជាសាក្សី​ដល់​ព្រះ​នៅ​គ្រប់ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង » នៅក្នុង ខ ៩ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី​ឈរ​ជាសាក្សី​ដល់​ព្រះ ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ « នៅ​គ្រប់ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង » ? ( ម៉ូសាយ ១៨:៩ ) ។

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« សាវក​ជាច្រើន​មាន​ការហៅបម្រើ និង​ការតែងតាំង​ឲ្យ​ក្លាយជា​សាក្សី​ពិសេស​ចំពោះ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅក្នុង​លោកិយ​ទាំងមូល ( សូមមើល គ និង ស ១០៧:២៣ ) ប៉ុន្ដែ​កាតព្វកិច្ច​ដើម្បី​ធ្វើ​ជា​សាក្សី និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​នៅ​គ្រប់ពេល និង​គ្រប់​ទីកន្លែង​ក៏អាចយកមក​អនុវត្ត​ដល់​សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ​ដែល​បាន​ទទួល​ទីបន្ទាល់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ » ( « Witnesses of Christ,Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៣០ ) ។

  • យោងតាម​អែលឌើរ អូក តើ​នរណា​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ថ្លែងជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( សូម​ប្រាកដ​ថា​សិស្ស​យល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ សមាជិក​នៃ​សាសនាចក្រ​ទាំងអស់​បាន​ធ្វើ​សេចក្ដីសញ្ញា​ថា​នឹង​ឈរ​ជា​សាក្សី​ដល់​ព្រះវរបិតា​សួគ៌ និ​ព្រះយេស៊ូវគ្រីស្ទ ) ។

  • ក្រៅពី​ការចែកចាយ​ជំនឿ និង​ទីបន្ទាល់​របស់​យើង​ដោយ​ផ្ទាល់មាត់ តើ​មាន​របៀប​ណា​ផ្សេង​ទៀត​ដែល​យើង​អាច​ឈរ​ជា​សាក្សី​ដល់​ព្រះគ្រីស្ទ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​គិត​ពី​ការសុំ​ឲ្យ​ពួកគេ​សិក្សា ម៉ាថាយ ៥:១៤–​១៦​ និង នីហ្វៃទី ៣ ១៨:២៤ ) ។

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« អំឡុងពេល​ការបម្រើ​របស់​ទ្រង់​នៅឯ​ភាគខាងលិច នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​នូវ​ព្រះបញ្ញត្តិ​របស់​ទ្រង់ ៖ ‹ ចូរ​លើក​ពន្លឺ​របស់​អ្នក​រាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក › ។ មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង —គឺ​នូវ​អ្វីៗ ដែល​អ្នករាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ » ( នីហ្វៃទី ១៨:២៤ ) ។ មនុស្ស​គួរតែ​អាច​ឃើញ​នូវ​អ្វីៗ​ដែល​ជា​លក្ខណៈ​របស់​ព្រះ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ខ្លួន​យើង ។ របៀប​ដែល​យើង​ប្រព្រឹត្តិ និយាយ មើល ឬ​ក៏​គិត នឹង​ឆ្លុះ​បញ្ចាំង​ពី​ទ្រង់ និង​របៀប​របស់​ទ្រង់ » ( « Becoming a Witness of Christ » Ensignលីអាហូណា ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៦០ ) ។

  • តើ​អ្នក​ធ្លាប់​ឃើញ​អ្នកដទៃ​ធ្វើ​សកម្មភាព និយាយ មើល ឬ​ក៏​គិត ដែល​នឹង​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​របស់​គេ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​អ្នក​នឹង​លើក​ទឹកចិត្ត​ឲ្យ​នរណ​មា្នក់​យក​ឈ្នះ​លើ​ការស្ទាក់ស្ទើរ ឬ​ភ័យខ្លាច​ដើម្បី​ក្លាយជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

និយាយ​អំពី​ព្រះគ្រីស្ទ

អររីករាយ​នៅក្នុង​ព្រះគ្រីស្ទ

ផ្សាយ​អំពី​ព្រះគ្រីស្ទ

ព្យាករណ៍​អំពី​ព្រះគ្រីស្ទ

សរសេរ​អំពី​ព្រះគ្រីស្ទ

សូមប្រាប់ឲ្យ​សិស្ស​អាន នីហ្វៃទី ២ ២៥:២៦ ដោយស្ងៀម​ស្ងាត់ ដោយ​សុំ​ឲ្យ​ពួកគេ​ពន្យល់​ពី​របៀប​ដែល​បុគ្គល​ម្នាក់​អាច​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​ដែល​បាន​សង្ខេប​នៅលើ​ក្ដារខៀន ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ការពិភាក្សា​នេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បើ​ចាំបាច់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ពាក្យ​សម្តីរបស់​នីហ្វៃ ‹ យើង​និយាយ​អំពី​ព្រះគ្រីស្ទ › [ នីហ្វៃទី ២ ២៥:២៦ ] ចង្អុលបង្ហាញប្រាប់ដល់យើងថា យើង​មិន​មិនត្រូវស្ទាក់ស្ទើរ​នឹង​និយាយ​អំពី​អារម្មណ៍​របស់​យើង​ទាក់ទង​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​កិច្ចសន្ទនា និង​ការជជែក​លេង​នោះ​ទេ ។ ជាញឹកញាប់ វា​គឺជា​ស្ថានភាព​មួយ​ទល់​មួយ ដែល​តាម​របៀប​មួយ​បើក​ចំហ និង​រោះរាយ​ពេល​យើង​ពិភាក្សា​ថា​ទ្រង់​ជា​នរណា ហើយ​តើ​ទ្រង់​បាន​ធ្វើ និង​បង្រៀន​អ្វីខ្លះ ដោយ​លើកទឹកចិត្ត​អ្នកដទៃ​ឲ្យ​ស្រឡាញ់ និង​ធ្វើតាម​ទ្រង់​ផងដែរ ។

« ‹ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ › បង្ហាញន័យ​ថា ជាទូទៅ យើង​រស់នៅ​ដោយ​រីករាយ ដែល​ឆ្លុះបញ្ចាំង​ពី​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ ។ យើង​ដឹង​ថា ‹ ព្រះគុណ​របស់​ទ្រង់​គ្រប់គ្រាន់ › សម្រាប់​យើង​ដើម្បី​បាន​ប្រោសលោះ​ពី​សេចក្ដី ស្លាប់ និង​អំពើ បាប និង​ដើម្បី​ក្លាយជា​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។ ខណៈ​ដែល​យើង​ប្រឈម​នឹង​ការបាក់ ទឹកចិត្ត ហើយ​ថែមទាំង​សោកនាដកម្ម​នានា នោះ​យើង​ដឹង​ថា ដោយសារតែ​ទ្រង់ សុភមង្គល​ដ៏​អស់កល្ប​របស់​យើង​នឹង​ត្រូវបាន​ធានា​ទុក ។ នៅពេល​សេចក្ដី ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ចែងចាំង​ឡើង នោះ​យើង​បង្ហាញ​វា​ដល់​អ្នកដទៃ ‹ ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ › ពី​របៀប​ដើម្បី​មក​សម្រាក​នៅក្នុង​ទ្រង់ ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។

« ‹ យើង​ផ្សាយអំពី​ព្រះគ្រីស្ទ › ពិត​ជា​មាន​សេចក្ដីយោង​ទៅលើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង និង​របស់​ពួកសមាជិក ប៉ុន្ដែ​វា​ក៏​រួមមាន​នូវ​អ្វី​ដែល​យើង​ធ្វើ​នៅក្នុង​ការបម្រើពេល​ថ្វាយបង្គំ​ផងដែរ គឺ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​ការរៀបចំ​ឡើង​ស្រដៀងគ្នា​នេះ ដែល​ទ្រង់​ជា​ប្រធានបទ​នៃ​ការសិក្សា និង​ការណែនាំ ។ ការចូលរួម​របស់​យើង ទាំង​ជា​គ្រូបង្រៀន និង​ជា​សិស្ស​គឹជា​ផ្នែក​នៃ​ការថ្លែង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ។ …

« ‹ យើង​ព្យាករណ៍​អំពី​ព្រះគ្រីស្ទ › មានន័យ​ថា យើង​ថ្លែង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញណ ( សូមមើល កូរិនថូសទី ១ ១២:៣ ) ។ ‹ ការធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ › ( វិវរណៈ ១៩:១០ ) ។ នៅពេល​អស់​អ្នក ដែល​បាន​ព្យាករណ៍​ពី បុរាណកាល​អំពី​ការយាងមក​របស់​ទ្រង់​លើកទីមួយ នោះ​យើង​ក៏​បញ្ជាក់ជា​ពាក្យសម្ដី និង​សកម្មភាព​នៃ​ការព្យាករណ៍​នៃ​ការយាងមក​ជា​លើកទីពីរ​របស់​ទ្រង់​ដែរ ។ …

« ‹ ហើយ​យើង​កត់ត្រា​ស្របតាម​ការព្យាករណ៍​របស់​យើង › បង្ហាញថា ចំណេះដឹង​នៃ​ការធ្វើ​កំណត់ត្រា​ដ៏​អចិន្ដ្រៃយ៍​មួយ​អំពី​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ ។ យើង​យល់​ថា ទីបន្ទាល់​ដែល​យើង​ថ្លែង ‹ ត្រូវបាន​កត់ត្រាទុក​នៅលើ​ស្ថានសួគ៌ សម្រាប់​ឲ្យ​ពួកទេវតា​មើល ហើយ​ពួកគេ​មាន​ចិត្ត​ត្រេកអរ​មកលើ [ យើង ] › (គ និង ស ៦២:៣ ) ។ កូនចៅ​របស់​យើង​ផ្ទាល់ និង​អ្នក ដទៃ​អាច មើល​មក​យើង ហើយ​រីករាយ​ចំពោះ​សាក្សី​របស់​យើង​អំពី​ព្រះគ្រីស្ទ​ដែល​ត្រូវបាន​សរសេរ ឬ​កត់ត្រាទុក​សម្រាប់​ជា​ប្រយោជន៍​របស់​ពួកគេ » ( « Becoming a Witness of Christ »Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៦២–៦៣ ) ។

នៅពេល​អ្នក​បញ្ចប់​ផ្នែក​នៃ​មេរៀននេះ សូម​លើក ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​ផ្នែក​មួយ​នៅលើ​ក្ដារខៀន ហើយ​ដាក់​គោលដៅ​លើ​អ្វី​ដែល​ពួកគេ​នឹងធ្វើ​ដើម្បី​ក្លាយជា​សាក្សី​ដ៏ កាន់តែ​រឹងមាំ​មួយ​អំពីព្រះយេស៊ូវគ្រីស្ទ ។

ការថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​អញ្ជើញឲ្យ​សិស្ស​គិត​ត្រឡប់​ទៅរក​វគ្គ​សិក្សា​ពេញមួយ​បវេសនកាល ហើយ​រកមើល​តួនាទី​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ប្រធានបទ​ខ្លះ​ដែល​ទាក់ទង​ទៅនឹង​ទ្រង់ ដែល​ត្រូវបាន​ពិភាក្សា​នៅក្នុង​ថ្នាក់ ។ សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ ( តួនាទី​អាច​មាន អ្នកប្រឹក្សា ព្រះអង្គ​សង្គ្រោះ អ្នក ធ្វើ​ឲ្យ​ធួន បុត្រា​ច្បង បុត្រ​បង្កើត​តែ​មួយ ព្រះយេហូវ៉ា ព្រះមែស៊ី ព្រះបង្ក​បង្កើត ។ ប្រធានបទ​អាច​រួមមាន​ដូច​ខាងក្រោម ៖ ភាពសំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​ផែនការ​របស់​ព្រះ ការបម្រើ​ពីមុន​ជីវិត​លើ​ផែនដី​របស់​ទ្រង់ ការពិត​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ការបម្រើ​ក្រោយពី​ជីវិត​នៅលើ​ផែនដី​របស់​ទ្រង់ ការយាងមក​លើកទីពីរ ការសោយរាជ្យ​នាពេល​សហវត្សរ៍​របស់​ទ្រង់ ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ការដឹកនាំ​របស់​ទ្រង់​ក្នុង​សាសនាចក្រ និង​របៀប​ដែល​ទ្រង់​ជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក ) ។

សូម​ទាញ​វា ចេញ​ពី​អ៊ិនធើណែត ហើយ​ចាក់​បង្ហាញ​វីដេអូ​នៃ​សេចក្ដី​ថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ដែល​លោក​បាន​ចែកចាយ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ បើសិនជា​គ្មាន​វីដេអូ​ទេ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ឲ្យ​ឮៗ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ព្រះយេស៊ូវ​ជា​មិត្ត​របស់​ខ្ញុំ ។ គ្មាន​នរណា​ផ្សេង​ទៀត​បាន​ផ្ដល់​ដល់​ខ្ញុំ​ច្រើន​បែប​នេះ​ទេ ។ ‹ គ្មាន​​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះទេ › (យ៉ូហាន ១៥:១៣) ។ ទ្រង់​បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ដល់​ខ្ញុំ ។ ទ្រង់​បាន​បើក​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ មាន​តែ​ព្រះ​តែ ទើប​អាច​ធ្វើ​ការណ៍​នេះ​បាន ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ត្រូវបាន​ចាត់ទុកថា​មាន​ភាពសក្ដិសម​ជា​មិត្ត​ម្នាក់​ដល់​ទ្រង់ ។

« ទ្រង់​ជា​គំរូ​របស់​ខ្ញុំ ។ ផ្លូវ​ជីវិត​របស់​ទ្រង់ ឥរិយាបថ​ដ៏​ឥត​កំណាញ់​ជា​ប្រាកដ​របស់​ទ្រង់ ការឈោង​ទៅ​ជួយ​អ្នក​ក្រីក្រ ពលិកម្ម​ចុងក្រោយ​របស់​ទ្រង់ អ្វីៗ​ទាំងអស់​ឈរ​ជាគំរូ​មួយ​ដល់​ខ្ញុំ ។ …

« ទ្រង់​ជា​គ្រូបង្រៀន​របស់​ខ្ញុំ ។ គ្មាន​សំឡេង​ណា​ផ្សេងទៀត​ធ្លាប់​និយាយ​ភាសា​ដ៏​អស្ចារ្យ​បែប​នេះ​ទេ ។ …

« ទ្រង់​ជា​អ្នក​ព្យាបាល​របស់​ខ្ញុំ ។ ខ្ញុំ​ឈរ​ដោយ​អស្ចារ្យ​ចំពោះ​អព្ភូតហេតុ​ដ៏​មហិមា​របស់​ទ្រង់ ។ …

« ទ្រង់​ជា​អ្នក​ដឹកនាំ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​កិត្តិយស​ដែល​ក្លាយជា​មនុស្ស​ម្នាក់​នៅក្នុង​ជួរ​ទាហាន​ដ៏​វែង​នៃ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ និង​ដែល​បាន​ធ្វើ​តាម​ទ្រង់ អំឡុងពេល​ពីរ​សហវត្សរ៍​នេះ ដែល​បាន​កន្លង​មក​តាំង​ពី​ការប្រសូត​របស់​ទ្រង់ ។ …

« ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។ តាមរយៈ​ការប្រទាន​នូវ​ជីវិត​របស់​ទ្រង់​ក្នុង​ការឈឺចាប់ និង​ការរងទុក្ខ​ដ៏​មិន​អាច​ថ្លែង​បាន​នោះ ទ្រង់​បាន​លូក​ព្រះហស្ត​ចុះ​មក​លើក​ខ្ញុំ​ឡើង និង​ដល់​យើង​ម្នាក់ៗ និង​ដល់​បុត្រាបុត្រី​ទាំងឡាយ​របស់​ព្រះ ចេញពី​បាត​សមុទ្រ​ដ៏​ជ្រៅ​នៃ​ភាព​ងងឹត​ដ៏​អស់កល្ប​បន្ទាប់​ពី​ក្ដីស្លាប់​ទៅ ។ … អំណរគុណ​របស់​ខ្ញុំ​គ្មាន​ព្រំដែន​សោះទេ ។ អំណរគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​របស់​ខ្ញុំ គ្មាន​ទីបញ្ចប់​នោះទេ ។

« ទ្រង់​គឺ​ជា​ព្រះ និង​ជា​ស្ដេច​របស់​ខ្ញុំ ។ ចេញពី​ភាពដ៏​អស់កល្ប ទៅ​ភាព​ដ៏​អស់កល្ប នោះ​ទ្រង់​នឹង​សោយរាជ្យ ហើយ​គ្រប់គ្រង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ហើយ​ព្រះ​នៃ​ព្រះ ។ ចំពោះ​ការគ្រប់គ្រង​របស់​ទ្រង់ នោះ​វា​គ្មាន​ទីបញ្ចប់​នោះ​ទេ ។ ចំពោះ​សិរីល្អ​របស់​ទ្រង់ វា​នឹង​គ្មាន​ពេលយប់​ទៀត​ឡើយ » ( « My Testimony » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៧១ ) ។

សូម​ចង្អុលបង្ហាញ​ដំណើរ​រឿង​ខាងក្រោម​ដល់​សិស្ស​របស់​អ្នក ៖ ប្រសិនបើ​នរណា​ម្នាក់​បាន​សួរ​អ្នក​ថា តើ​អ្នក​ជឿ​អ្វី​លើ​ព្រះយេស៊ូវគ្រីស្ទ តើ​នឹង​មាន​គំនិត​អ្វីខ្លះ​ដែល​អ្នក​ចង់​សង្កត់ធ្ងន់​លើ​ខ្លាំង​បំផុត​នោះ ? សូម​អញ្ជើញឲ្យ​សិស្ស​មាន​ពេល​សរសេរ​គំនិត​របស់​ពួកគេ ។ បន្ទាប់មក សូម​អញ្ជើញ​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃ​គូ ហើយ​ចែកចាយ​ចម្លើយ​របស់​គេ​ដល់​គ្នា​ទៅវិញ​ទៅមក ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិភាក្សា​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​អ្វី​ដែល​ពួកគេ​បាន​សរសេរ និង​បទពិសោធន៍​នានា​ដែល​ពួកគេ​បាន​មាន ដែល​អាច​ពង្រឹង​ដល់​ការយល់ដឹង និង​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​ប្រសិនមាននរណា​ខ្លះ​ចង់​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

សូម​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​របស់​អ្នក អំពី​ការបម្រើ​ដ៏​អស់កល្ប​របស់​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់នៅ ។ សូម​គិត​ពី​ការបង្ហាញ​ការដឹង​គុណ​របស់​អ្នក​ចំពោះ​តួនាទី​ជាច្រើន​ដ៏​សំខាន់​ដែល​ត្រូវបាន​បំពេញ​ដោយ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ក្នុង​ពេល​កន្លង​មក ។ បន្ទាប់មក សូម​ផ្ដល់​ដល់​សិស្ស​នូវ​ការតាំង​ចិត្ត​ខាងក្រោម​នេះ ៖ នៅពេល​អ្នក​បញ្ចប់​វគ្គ​សិក្សា​នេះ សូម​សញ្ជឹងគិត​ពី​នរណា​ដែល​អ្នក​ស្គាល់ ដែល​នឹង​ត្រូវ​បាន​ពង្រឹង​ទីបន្ទាល់​ឡើង ដោយ​ការស្ដាប់​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។ អំឡុងពេល​សប្ដាហ៍​ខាងមុខ និង​នាពេល​អនាគត សូម​សម្រេចចិត្ត​ថា​តើ​នរណា​ដែល​អ្នក​នឹងជះឥទ្ធិពលទៅ​លើ ហើយ​តើ​អ្នក​នឹង​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ដោយ​របៀប​ណា ។

ការអាន​របស់​សិស្ស