ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២ ៖ ព្រះយេស៊ូវគ្រីស្ទ មានសារៈសំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ដ្រ​មនុស្ស 


មេរៀន​ទី ២

ព្រះយេស៊ូវគ្រីស្ទ មានសារៈសំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ដ្រ​មនុស្ស ។

សេចក្ដីផ្ដើម

នៅក្នុង​ការថ្លែងទីបន្ទាល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ នោះ​ព្យាការី​សម័យ​ទំនើប​បាន​ប្រកាស​ថា « យើង​សូម​ថ្លែងទីបន្ទាល់​ដោយ​ម៉ឺង​ម៉ាត់​ថា ព្រះជន្ម​របស់​ទ្រង់ ដែល​ជា​សារៈសំខាន់​បំផុត នៅក្នុង​ប្រវត្តិសាស្ដ្រ​មនុស្ស​ នោះ​ពុំ​មែន​ចាប់ផ្ដើម​នៅក្នុង​ភូមិ​បេថ្លហិម ឬ​បញ្ចប់​នៅ​ភ្នំ​កាល់វ៉ារី​នោះទេ » (« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ថា ព្រះវរបិតា​សួគ៌​បាន​បង្កើត​នូវ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ឡើង នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ និង​បាន​តែងតាំង​ព្រះយេហូវ៉ា​តាំង​ពី​មុន​កំណើត​លោកិយ​មក​ ជា​ព្រះយេស៊ូវគ្រីស្ទ​ ក្នុង​ពេល​ជីវិត​មុន​ផែនដី ដើម្បី​ឲ្យ​ធ្វើ​ជា​តួអង្គ​ចម្បង​នៅក្នុង​ផែនការ​នោះ ។ សិស្ស​នឹងត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ផ្តោត​សំខាន់​លើ​ ព្រះយេស៊ូវគ្រីស្ទ ក្នុង​ជីវិត​រមែងស្លាប់​របស់ពួកគេ ។

ការអាន​ពី​សាវតា

  • រ៉ូបឺតឌី.ហ៊ែល « Agency: Essential to the Plan of Life » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៤–២៧ ។

  • ដាល្លិន អេក អូក « The Great Plan of Happiness » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧២–៧៥ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា ១២:២២–៣៤

ព្រះអង្គ​សង្គ្រោះ មានសារៈសំខាន់​បំផុត​នៃ​ផែនការ​របស់​ព្រះ

សូម​បង្ហាញ​​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អាឡិចសាន់ឌើរ ប៊ី ម៉ូរីសុន នៃ​ពួកចិតសិប​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល ព្រះវរបិតា​សួគ៌​បាន​បង្ហាញ​ដល់​កូនចៅ​របស់​ទ្រង់ នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ ៖

រូបភាព
អែលឌើរ អាឡិចសាន់ឌើរ ប៊ី ម៉ូរីសុន

« ជាយូរ​កន្លង​ទៅ មុនពេល​ផែនដី​ ជា​កន្លែង​ដែល​យើង​រស់នៅ​ក្នុង ពេល​នេះបាន​ចាប់​កកើត ព្រះ ជា​ព្រះវរបិតា​របស់​យើង … បាន​បង្កើត​នូវ​ផែនការ​មួយ ។ … ផែនការ [ នោះ ] បាន​ផ្ដល់​នូវ​របៀប​ដ៏​ឥតខ្ចោះ​មួយ​សម្រាប់​កូនចៅ​របស់​ព្រះ​ទាំងអស់ ទទួល​បាន​ជីវិត​អមតភាព និង​ទទួល​បាន​នូវ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » (« Life—the Gift Each Is Given » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៨ ទំព័រ ១៥–១៦ ) ។

  • តើ​ពរជ័យ​ណាខ្លះ ដែល​អែលឌើរ ម៉ូរីសុន បាន​មាន​ប្រសាសន៍ ថា​យើង​អាច​នឹង​ទទួល​បាន​នៅ​ទីបញ្ចប់​ជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះ ? ( សូម​ពន្យល់​ថា ជីវិត​អមតភាព សំដៅ​លើ​ការរស់ឡើង​វិញ—នឹង​មិន​ដែល​ស្លាប់​ខាង​រូបកាយ​ទៀត​ឡើយ—ហើយ​ថា ជីវិត​ដ៏​អស់កល្ប​ជានិច្ច សំដៅ​លើ​​ជីវិត​មួយ​បែប ដែល​ព្រះ​ទ្រង់​កំពុង​រស់នៅ ) ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា ១២:២៥ ដោយស្ងៀមស្ងាត់ ​ហើយ​រកមើល​របៀប​ដែល​អាលម៉ា​បាន​សំដៅ​លើ​ផែនការរ​បស់​ព្រះ និង​នៅពេល​ដែល​វា​ត្រូវបាន​រៀបចំ​ឡើង ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( អាលម៉ា បាន​បង្រៀន​ថា « ផែនការ​នៃ​សេចក្តីប្រោសលោះ » របស់​ព្រះ​ត្រូវបាន​បង្កើត​ឡើង « ចាប់តាំង​ពី​កំណើត​លោកិយ​មក » ។ ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ អ្នក​អាច​បង្ហាញ​ថា ឈ្មោះ​ផ្សេងទៀត​នៃ​ផែនការ​របស់​ព្រះ​រួមមាន « ផែនការ​នៃ​ការប្រោសប្រណី​របស់ព្រះ​បង្ក​បង្កើត​ដ៏​ធំ » [នីហ្វៃទី ២ ៩:៦]; « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ » [អាលម៉ា ២៤:​១៤]; « ផែនការ​ដ៏​មហិមា​នៃ​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច » [អាលម៉ា ៣៤:៩]; « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » [អាលម៉ា ៤២:៨]; និង « សេចក្ដីសញ្ញា​ដ៏​អស់កល្ប​ជានិច្ច » [គ. និង ស. ២២:១; ៤៥:៩; ៦៦:២] ) ។

បន្ទាប់មក សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា ១២:២២–៣២ ជា​គូៗ ដោយ​រកមើល​មូលហេតុ​ដែល​ ផែនការ​របស់​ព្រះ​ត្រូវ​បាន​ហៅ​ថា ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​ពីរ​បីនាក់​ចែកចាយ​​ចម្លើយ​របស់​គេ​ជាមួយ​នឹង​សិស្ស​ដទៃ ។ សូម​​ជួយ​សិស្ស​ឲ្យ​យល់​ពី​ខគម្ពីរ​ទាំងនេះ​កាន់តែ​ច្បាស់​ដោយ​ការសួរ ៖

  • យោងតាម​ការបង្រៀន​របស់​អាលម៉ា តើ​អ្វី​ជា​លក្ខណៈ​ដ៏​អស់កល្ប​របស់​យើង បើ​គ្មាន​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ទេ​នោះ ? ( បើ​គ្មានផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ទេ​នោះ វា​មិន​អាច​កើត​មាន​នូវ​ការរស់ឡើង​វិញ​ដល់​ពួកអ្នក​ស្លាប់ ឬ​ការប្រោសលោះ​ចេញ​ពី​អំពើ​បាប​ឡើយ ដោយ​ទុក​ឲ្យ​មនុស្ស​លោក​វង្វេង និង​ធ្លាក់​នៅក្នុង​សភាព​​មួយ ដែល​ការស្លាប់​ខាង​រូប​កាយ និង​ខាង​វិញ្ញាណ​កើត​មាន​ជា​ដរាប​រៀង​ទៅ ​​[ សូម​មើល​ផងដែរ នីហ្វៃទី ២ ៩:៦–១៣] ) ។

  • ហេតុអ្វី​វា​ចាំបាច់​ថា ត្រូវតែ​មាន​វិធី​មួយ​សម្រាប់​យើង ដើម្បី​យក​ឈ្នះ​លើ​ស្ថានភាព​ទាំងនេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ១២:៣៣–៣៤ ឮៗ ។ សូម​ឲ្យ​សិស្ស​អាន​តាម ដោយ​ស្វែងរក​អ្វី​ដែល​ព្រះ​បាន​ប្រទាន ដើម្បី​ប្រោសលោះ​កូនចៅ​របស់​ទ្រង់ ។ សូម​ជួយ​សិស្ស​ឲ្យ​និយាយ​ពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដោយ​ការ​សួរ ៖

  • តើ​អ្នក​នឹង​សង្ខេបនូវ​អ្វី​ដែល ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​មាន​មក​ដល់​យើង ដែល​​នៅក្នុង​ផែនការ​របស់​ព្រះ ដោយ​របៀបណា ? ( ចម្លើយ​អាច​រួមមាន ៖ ប្រសិនបើ​យើង​ប្រែចិត្ត និង​មិន​មាន​ចិត្ត​រឹងរូស​ទេ នោះ​យើង​នឹង​ទទួល​បាន​នូវ​សេចក្ដីមេត្តា និង​ការផ្ដាច់​បាប តាមរយៈ​ព្រះរាជបុត្រា​​សំណព្វ​តែមួយ​គត់​របស់​ទ្រង់ ។ មានតែ​តាមរយៈ​​ព្រះ​យេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ទើប​យើង​អាច​ទទួល​បានការផ្ដាច់បាប និង​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​បាន ។ )

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​មាន​សារៈសំខាន់បំផុត​ក្នុង​ផែនការ​របស់​ព្រះ ហើយ​ថា​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ គឺ​ជា​របៀប​មួយ​ត្រូវបាន​ប្រទាន​ដល់​យើង ដើម្បី​ទទួល​បាន​ជីវិត​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

អ័ប្រាហាំ ៣:២៤–២៧; ពេត្រុសទី ១​ ១:១៩–២០

ព្រះ​យេស៊ូវគ្រីស្ទ ត្រូវ​បាន​តែងតាំងពី​មុន​កំណើត​លោកិយ ដើម្បី​ឲ្យ​ក្លាយជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង

សូម​ឲ្យ​សិស្ស​សិក្សា​ស្រាវជ្រាវ អ័ប្រាហាំ ៣:២៤–២៧ និង ពេត្រុសទី ១​ ១:១៩–២០ដោយ​រកមើល​អ្វី​ដែល​វគ្គ​ទាំងនេះ បង្រៀន​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផែនការ​របស់​ព្រះ ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ។ (កំណត់​ចំណាំ ៖ ដោយ​ការសួរ​សំណួរ​បែបនេះ អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ពី​របៀប​ដើម្បី​វិភាគ​នូវ​វគ្គ​ខគម្ពីរ និង​រកឃើញ​នូវ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​នោះ ) ។

  • នៅក្នុង អ័ប្រាហាំ ៣:២៦តើ​ឃ្លា « សណ្ឋាន​ទី​មួយ » និង « សណ្ឋាន​ទី​ពីរ » មាន​ន័យយ៉ាង​ដូចម្ដេច ? ( « សណ្ឋាន​ទី​មួយ » សំដៅលើ​ជីវិត​មុន​ឆាក​ជីវិត​នេះ និង « សណ្ឋានទីពីរ » សំដៅ​លើ​ជីវិត​រមែង​ស្លាប់ ) 

  • តើ​នរណា​ជា​បុគ្គល​ទាំងបី​រូប ដែល​បាន​លើកឡើង​នៅក្នុង អ័ប្រាហាំ ៣:២៧ហើយ​តើ​ពួកលោក​ម្នាក់ៗ បាន​ធ្វើ​អ្វីខ្លះ ? ( ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង សាតាំង ។ សូម​បញ្ជាក់​ថា នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ ព្រះវរបិតា​សួគ៌​បាន​​តែងតាំងទុកជាមុន​​​ព្រះរាជបុត្រាទីមួយ​​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បីក្លាយជា​តួអង្គ​ចម្បង​នៅក្នុង​ផែនការ​របស់​ទ្រង់ ) ។

សូម​ប្រាកដ​ថា​សិស្ស​យល់​ថា ព្រះយេស៊ូវ ត្រូវបាន​ស្គាល់​ថា​ជា ព្រះយេហូវ៉ា នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ ។ បន្ទាប់មក​សូម​សួរ ៖

  • នៅពេល​ព្រះយេហូវ៉ា បាន​មាន​បន្ទូល​ទៅ​ព្រះបិតាថា « ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ » តើ​ទ្រង់​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​អ្វី​នៅក្នុង​ជីវិត​រមែងស្លាប់ ? ( បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ រងទុក្ខ និង​សុគត​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​យើង និង​រស់ឡើង​វិញ​ពី​សេចក្ដី​ស្លាប់ ) ។

  • តើ​ការជ្រើសរើស​របស់​ព្រះវរបិតា​សួគ៌​យក​ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះស្រោចស្រង់​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួក​យើង ក្នុង​ករណី​លទ្ធភាព​នា​ពេល​អនាគត​របស់​យើង ?

សូម​ឲ្យ​សិស្ស​សិក្សា ម៉ូសេ ៤:២ ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​សេចក្ដីពិត​ដ៏​សំខាន់​ផ្សេង​ទៀត​ អំពី​​ការជ្រើសរើស​​យក​ព្រះយេហូវ៉ា ​របស់​ព្រះវរបិតា​សួគ៌​ ជា​ព្រះអង្គ​សង្គ្រោះ​ និង​ព្រះ​ប្រោសលោះ​​របស់​យើង ។ នៅពេល​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះយេហូវ៉ា​ត្រូវបាន​ជ្រើសរើស​តាំង​ពីដើម​ដំបូង​មក​ម៉្លេះ ។ មូលហេតុ​មួយ ដែល​ព្រះយេហូវ៉ា​ត្រូវបាន​ជ្រើសរើស​គឺ​ថា ទ្រង់​បាន​ព្យាយាម​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ហើយ​ប្រគល់​សិរីល្អ​ទាំងឡាយ​ទៅព្រះបិតា ។ ដើម្បី​បញ្ជាក់​ន័យ​បន្ថែម​លើ​សេចក្ដពិត​ទាំងនេះ សូម​បង្ហាញ និង​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោមនេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពី​រនាក់ ៖

រូបភាព
​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« [ ព្រះយេស៊ូវគ្រីស្ទ ] ពិតជា​តួអង្គ​តែមួយ​គត់​ដែល​បន្ទាបខ្លួន និង​មាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុង​ក្រុមប្រឹក្សា​នៃ​​ជីវិត​មុន​ឆាក​ជីវិត​នេះ ដើម្បី​ចាត់​ឲ្យ​ [ នាំមកនូវ​ដង្វាយធួន​ដ៏​និរន្ដរ៍​នេះ ] » ( « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ ) ។

សូម​ឲ្យ​សិស្ស​ស្រមៃ​មើលថា តើ​វា​អាច​មាន​លក្ខណៈ​យ៉ាងណា ​បើ​យើង​មាន​វត្តមាន​នៅទីនោះ ពេល​ព្រះវរបិតា​សួគ៌​បាន​ប្រាប់កូនចៅ​របស់​ទ្រង់​ទាំងអស់​ថា ព្រះរាជបុត្រា​ទីមួយ​របស់​ទ្រង់ គឺ​ព្រះយេហូវ៉ា នឹង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ បន្ទាប់មក សូម​បង្ហាញសេចក្ដីថ្លែងការណ៍​ខាងក្រោមនេះ​ដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ហើយ​សូមឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« នៅក្នុង​ការរៀបចំ​ទីមួយ​នៅ​ស្ថានសួគ៌ យើង​ទាំងអស់​គ្នា​បាន​ចូលរួម ហើយ​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​ត្រូវបាន​ជ្រើសរើស​ និង​ចាត់តាំង ហើយ​​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវបាន​បង្កើត​ឡើង ហើយ​យើង​បាន​ឱបក្រសោបគាំទ្រ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [២០០៧] ទំព័រ ២០៩ ) ។

  • តើ​អ្នក​គិត​ថា អ្នក​បាន​ដឹង​អំពី​ព្រះយេហូវ៉ា​ថា ទ្រង់​បាន​​ដឹកនាំ​អ្នក​ឲ្យ​គាំទ្រ​ការហៅ និង​ការចាត់តាំង​របស់​ទ្រង់​ឲ្យ​ធ្វើជា ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​ឬ​ទេ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​សន្ទុះ​ដើម្បី​សរសេរ​​គំនិត និង​អារម្មណ៍​ទាំងឡាយ​ដែល​ពួកគេ​មាន អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​សញ្ជឹងគិត​ពី​សេចក្ដីពិត​ដ៏​ទេវភាព ដែល​អែលឌើរ ម៉ាក់ស្វែល បាន​បង្រៀន ៖

រូបភាព
អែលឌើរ នែល អេ ម៉ាក់ស្វែល

« វា​នឹង​មិន​ដែល​មាន​នរណា​ម្នាក់​ដែល​បាន​ផ្ដល់​ជាច្រើន​ដល់​មនុស្ស​ដ៏​សន្ធឹក តែ​ត្រឹម​ពាក្យ​ពីរ​បី​ម៉ាត់ នៅពេល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ‹ ទូលបង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ › ។ (អ័ប្រាហាំ ៣:២៧។ ) » (« Jesus of Nazareth, Savior and King » Ensign, ខែ ឧសភា ឆ្នាំ ១៩៧៦​ ទំព័រ ២៦ ) ។

សូម​គិត​ពី​ការសុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់ ឲ្យចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ការផ្តោត​សំខាន់​លើ​ព្រះអង្គ​សង្គ្រោះ ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង

សូម​ឲ្យ​សិស្ស​បើក​ទៅ អ័ប្រាហាំ ៣:២៥ជាកន្លែង​ដែល​យើង​ដឹង​ថា ព្រះវរបិតា​សួគ៌​បាន​មាន​ព្រះបំណង​ ធ្វើ​ឲ្យ​ជីវិត​រមែង​ស្លាប់​ជា​ពេល​មួយ​សម្រាប់​ការសាកល្បង ដើម្បី​ឃើញ​ថា យើង​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ឬ​យ៉ាងណា ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហ៊ែលនៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ជម្រើស​មួយ ដែល​យើង​ត្រូវតែ​ធ្វើ​ ជា​ផ្នែក​នៃ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« សូម​គិត​អំពី​វា ៖ នៅក្នុង​សភាព​មុន​ឆាក​ជីវិត​របស់​យើង យើង​បាន​ជ្រើសរើស​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ! ហើយ​ដោយសារ យើង​បាន​សម្រេច​ចិត្ត​ដូច្នោះ នោះ​យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​កាន់​ផែនដី​នេះ ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ដោយ​ការជ្រើសរើស​ដូចគ្នា​ ដើម្បី​ធ្វើ​តាម​​ព្រះអង្គ​សង្គ្រោះ​នាពេល​ឥឡូវនេះ ខណៈ​ដែល​យើង​នៅទីនេះ​លើ​ផែនដី នោះ​យើង​នឹង​ទទួល​បាន​​ពរជ័យ​កាន់តែ​ខ្លាំង​ជាងនេះ​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ ប៉ុន្ដែ សូម​ដឹង​ថា ៖ យើង​ត្រូវតែ​បន្ដ​ជ្រើសរើស​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។ ភាពអស់កល្ប កំពុង​មាន​គ្រោះថ្នាក់ ហើយ​ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​ដ៏​វាងវៃ​របស់​យើង និង​សកម្មភាព​របស់​យើង គឺសំខាន់​ចាំបាច់​​ថា យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ឬ​ក៏​អត់ » (« Agency: Essential to the Plan of Life » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៥ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក ហើយ​​យល់​ពី​គោលការណ៍ ឬ​សេចក្ដីពិត​មួយ ដែល​អែលឌើរ ហ៊ែល បាន​បង្រៀន សូម​សួរ​សំណួរ​ដូចតទៅនេះ ៖

  • តើ​អ្នក​រៀនបាន​អ្វីខ្លះ​អំពី​សុន្ទរកថា​របស់ អែលឌើរ ហ៊ែល អំពី​ការជ្រើសរើស​របស់​យើង​នៅក្នុង​ជីវិត​នេះ ? ( ក្រោយពី​សិស្ស​ឆ្លើយហើយ សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​ការជ្រើសរើស​ដើម្បី​ផ្តោតសំខាន់​លើ​ព្រះអង្គ​សង្គ្រោះ ក្នុង​ជីវិត​របស់​យើង ខណៈ​ដែល​យើង​នៅទីនេះ​លើ​ផែនដី នោះ​យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​កាន់តែ​ខ្លាំង​ជាងនេះ​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ )

  • តើ​អ្នក​គិត​ថា អែលឌើរ ហ៊ែល មាន​ន័យ​ដូចម្តេច​នូវ​ឃ្លា​ថា « ភាពអស់កល្ប កំពុង​មាន​គ្រោះថ្នាក់ ?»

  • តើ​អាកប្បកិរិយា និង សកម្មភាព​ណា​ខ្លះ ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​កំពុង​ជ្រើសរើស​ដើម្បី​ធ្វើតាម​ ព្រះយេស៊ូវគ្រីស្ទ​នោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ថា សម្រាប់​​ពួកយើង​ភាគច្រើន វា​ងាយស្រួល​ដើម្បី​ផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ នៅ​តែ​ថ្ងៃ​អាទិត្យ ។ ប៉ុន្ដែ តើ​យើង​អាច​ធ្វើ​ឲ្យ​ទ្រង់​ក្លាយជា​ផ្នែក​កាន់តែ​ធំ​មួយ​​នេះ ក្នុង​ជីវិត​របស់​យើង​អំឡុង​ពេល​មួយ​សប្ដាហ៍​ពេល​ដោយ​របៀប​ណា ? សូម​ផ្ដល់​ពេល​វេលា​ដល់​សិស្ស​​ ឲ្យ​សញ្ជឹង​គិត​ពី​អ្វី​ៗដែល​ពួកគេ​បាន​ធ្វើ​ថ្ងៃនេះ ដើម្បី​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នូវ​អ្វីៗ ដែល​ពួកគេ​អាច​ធ្វើ​នៅ​ថ្ងៃនេះ ដើម្បី​ឲ្យ​កាន់តែ​ផ្តោត​សំខាន់​លើ​ព្រះអង្គ​សង្គ្រោះ​​​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ប្ដេជ្ញា​​ចិត្ត​នឹង​ព្រះវរបិតាសួគ៌​ថា ពួកគេ​នឹង​ធ្វើ​ការណ៍​នេះ ។

សូម​បញ្ចប់​មេរៀន​នេះ ​​ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅ​ថ្ងៃនេះ ។

ការអាន​របស់​សិស្ស