ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១២ ៖ ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១២ ៖ ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១២ » ឯកសារ​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១២

ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន

រូបភាព
រូបចម្លាក់​ទេវតា​មរ៉ូណៃ

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « យើង​គួរ​តែមាន​ការបង្កើត​ក្រុង​ស៊ីយ៉ូន​ជា​គោលដៅ​ដ៏​ធំ​បំផុត​របស់​យើង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦ ) ។ នៅពេល​បងប្អូន​សិក្សា​ឯកសារ​នេះ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ក្រុង​ស៊ីយ៉ូន មូលហេតុ​ដែល​យើង​ត្រូវ​កសាង​ក្រុង​ស៊ីយ៉ូន និង​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ក្នុង​កិច្ច​ខិតខំ​នេះ ។

ផ្នែក​ទី ១

តើ​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​មាន​ន័យ​ដូចម្ដេច ?

នៅ​ខែ ធ្នូ ឆ្នាំ ១៨៣០ ខណៈ យ៉ូសែប ស៊្មីធ​បាន​ធ្វើការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប នោះ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដូច​បាន​កត់ត្រា​នៅក្នុង ម៉ូសេ ៧ នា​ពេល​នេះ​ថា ព្យាការី​ព្រះគម្ពីរ​សញ្ញា​ចាស់​អេណុក​បាន​កសាង​ទីក្រុង​មួយ​ឈ្មោះ​ថា​ស៊ីយ៉ូន ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសេ ៧:១៨–២១ ។

រូបភាព
ទីក្រុង​ស៊ីយ៉ូន​បាន​ប្រែរូប ដោយ ឌេល ផាសុន

សូម​មើល​វីដេអូ « Teachings of Joseph Smith: Preparing for Zion » ( ១:៤២ ) ឬ​សិក្សា​សេចក្ដី​ថ្លែងការណ៍​របស់​ព្យាការី យ៉ូសែប ស៊្មីធ ដូច​ខាងក្រោម​នេះ ៖

ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស ៖

ការកសាង​ក្រុង​ស៊ីយ៉ូន​គឺជា​បុព្វហេតុ​ដែល​បាន​ទាក់ទាញ​ចិត្ត​របស់​រាស្ដ្រ​នៃ​ព្រះ​ទាំងអស់ … ពួកគេ​ទន្ទឹង​រង់ចាំ​ដោយ​ចិត្ត​អំណរ​ដល់​ថ្ងៃ​ដែល​យើង​នឹង​រស់នៅ ហើយ​ដោយ​បញ្ឆេះ​ទឹកចិត្ត​រង់ចាំ​ពី​ស្ថានសួគ៌​ពេញ​ដោយ​អំណរ នោះ ពួកគេ​បាន​ច្រៀង និង​សរសេរ និង​ព្យាករ​អំពី​ជំនាន់​របស់​យើង​នេះ … យើង​ជា​រាស្ដ្រ​ដែល​ព្រះ​បាន​សព្វ​ព្រះទ័យ​ជ្រើសរើស ដើម្បី​នាំ​មក​នូវ​សិរីល្អ​ថ្ងៃ​ចុងក្រោយ ហើយ​វា​អនុញ្ញាត​ឲ្យ​យើង​មើល​ឃើញ ចូលរួម និង​ជួយ​ជម្រុញ​ទៅរក​សិរីល្អ​ថ្ងៃ​ចុងក្រោយ​នោះ ។

កន្លែង​ណា​ក៏​ដោយ​ដែល​ពួកបរិសុទ្ធ​ជួបជុំ​គ្នា​គឺជា​ក្រុង​ស៊ីយ៉ូន ដែល​បុរស [ និង ស្ដ្រី ] សុចរិត​គ្រប់រូប​នឹង​កសាង​កន្លែង​ដែល​មាន​សុវត្ថិភាព​មួយ​សម្រាប់​កូនចៅ [ របស់​ពួកគេ ] ។ …

…​ពេលវេលា​នឹង​មកដល់​ក្នុង​ពេល​ឆាប់ៗ ពេល​មនុស្ស​នឹង​គ្មាន​សេចក្ដី​សុខសាន្ដ​សោះឡើយ ប៉ុន្ដែ​មាន​តែ​ក្នុង​ក្រុង​ស៊ីយ៉ូន និង​ស្ដេក​ទាំងឡាយ​ប៉ុណ្ណោះ ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦ )

នៅក្នុង​វិវរណៈ​មួយ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​ប្រកាស​ថា ក្រុង​ស៊ីយ៉ូន​ដ៏​សំដៅ​ទៅលើ « អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២១ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

ស៊ីយ៉ូន​គឺ​ជាទីតាំង​ផង និង ជា​មនុស្ស​ផង ។ …

ស៊ីយ៉ូន គឺ​ជាក្រុង​ស៊ីយ៉ូន​ដោយសារ​តែ​ចរិត លក្ខណៈ និង​ភាព​ស្មោះត្រង់​របស់​ពលរដ្ឋ​នៃ​ក្រុង​នោះ ។ … ប្រសិនបើ​យើង​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​នៅក្នុង​គេហដ្ឋាន​របស់​យើង សាខា វួដ និង​ស្ដេក​របស់​យើង … [ វា ] នឹង​ចាំបាច់ (១) ដើម្បី​មានសាមគ្គីភាព​ក្នុងដួងចិត្ត ហើយ​គំនិត​តែមួយ (២) ដើម្បី​ប្រែក្លាយជា​រាស្ត្រ​ដ៏បរិសុទ្ធ​ទាំង​ជា​បុគ្គល និង ជា​រួមព្រមទាំង (៣) ដើម្បី​មើល​ថែ​ដល់អ្នក​ទ័លក្រ និង ទុគ៌តជន ដោយ​មាន​ប្រសិទ្ធភាព​ដូច្នេះ ដើម្បី​យើង​លុបបំបាត់​ភាពក្រីក្រ​នៅក្នុង​ចំណោម​ពួកយើង ។ យើង​ពុំ​អាច​រង់ចាំ​រហូត​ដល់​ស៊ីយ៉ូន​មកដល់ ទើប​ហេតុការណ៍​ទាំងនេះ​កើតឡើង​នោះ​ទេ––ស៊ីយ៉ូន នឹង​មក​ដល់​តែ​ពេល​ដែល​ការណ៏​ទាំងនេះ​កើតឡើង​ប៉ុណ្ណោះ ។ …

យើង​នឹង​មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ នៅពេល​យើង​ម្នាក់ៗ​ដាក់​ព្រះអង្គ​សង្គ្រោះ​ជា​ស្នូល​នៃ​ជីវិត​របស់​យើង ហើយ​ធ្វើ​តាម​អស់​អ្នក​ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​ដឹកនាំ​យើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៧–៣៨ )

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​លក្ខណៈ​នៃ​រាស្ដ្រ​ក្រុង​ស៊ីយ៉ូន សូមមើល នីហ្វៃ ទី៤ ១:១–៤, ១៥–១៨ ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការដាក់​ព្រះអង្គ​សង្គ្រោះ​ជា​ស្នូល​នៃ​ជីវិត​របស់​យើង និង​ការធ្វើ​តាម​ថ្នាក់ដឹកនាំ​សាសនាចក្រ អាច​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ដូចជា​រាស្ដ្រ​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសេ ៧:១៨ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២១ ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​មាន​អ្វី​បាន​កើតឡើង​ដល់​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ដែល​បាន​ព្យាយាម​កសាង​ក្រុង​ស៊ីយ៉ូន ?

មួយ​ឆ្នាំ​ក្រោយពី​ការបង្កើត​សាសនាចក្រ ព្រះអម្ចាស់​បាន​រៀបចំ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ ស្រុក​ចាកសុន រដ្ឋ​មិសសួរី ថា​ជា « កន្លែង​កណ្ដាល » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧:៣ ) នៃ​ក្រុង​ស៊ីយ៉ូន ជា​កន្លែង​ដែល​ពួកបរិសុទ្ធ​នឹង​ប្រជុំ​គ្នា ហើយ​កសាង​ទីក្រុង​ដ៏​បរិសុទ្ធ​នៃ​ស៊ីយ៉ូន ដែល​សំដៅ​ថា​ជា​ទីក្រុង​យេរូសាឡិម​ថ្មី​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៦៤–៦៦; ៥៧:១–៣ ) ។

រូបភាព
ដី​ទីក្រុង​ស៊ីយ៉ូន

ផែនទី​ដី​សម្រាប់​ទីក្រុង​ស៊ីយ៉ូន​ត្រូវបាន​រៀបចំ​ឡើង​នៅក្រោម​ការដឹកនាំ​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង​បញ្ជូន​ទៅ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី​នៅ​ខែ មិថុនា ឆ្នាំ ១៨៣៣ អម​ដោយ​ផែនការ​ស្ថាបត្យកម្ម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ដំបូង​នៅក្នុង​ក្រុង​ស៊ីយ៉ូន ។

នៅក្រោម​ការដឹកនាំ​របស់​ព្យាការី សមាជិក​សាសនាចក្រ​ពីដើម​បាន​ប៉ុនប៉ង​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅ​ស្រុក​ចាកសុន ប៉ុន្ដែ​ពិបាក​នឹង​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​មួយ​ជាមួយ​នឹង​ប្រជាជន​នៅ​ទីនោះ ។ ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ខាង​សាសនា ទាសភាព នយោបាយ និង​ចំនួន​ប្រជាជន​នៃ​ពួកបរិសុទ្ធ​ដ៏​កើនឡើង​នេះ​បាន​ញុះញង់​ឲ្យ​ប្រជាជន​ផ្សេងទៀត​ជាច្រើន​នៃ​ស្រុក​ចាកសុន ឲ្យ​បណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​ស្រុក​នេះ ។

នៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ ក្រុម​ឧក្រិដ្ឋជន​នៅក្នុង​ស្រុក​ចាកសុន​បាន​ប្រឈម​នឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​នៅក្នុង​ការប្រជុំ​មួយ​នៅឯ​សាលាក្ដី ហើយ​បាន​ទាមទារ​ថា ពួកបរិសុទ្ធ​ត្រូវ​បិទ​ការិយាល័យ​បោះពុម្ព​របស់​ពួកគេ និង​ហាង​គេ ហើយ​ចាកចេញ​ពី​ស្រុក​នេះ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​បដិសេធ ដូច្នេះ​ពួកឧក្រិដ្ឋជន​បាន​បំផ្លាញ​ការិយាល័យ​បោះពុម្ព​របស់​សាសនាចក្រ និង​ចាក់​ទឹក​កៅស៊ូ​ខ្មៅ និង​បាច​រោម​សត្វ​លើ​ប៊ីស្សព អែតវឺត ប៉ាទ្រិច និង​សមាជិក​សាសនាចក្រ​ឈ្មោះ ឆាលស៍ អាលេន ។ បី​ថ្ងៃ​ក្រោយ​មក ពួកឧក្រិដ្ឋជន​បាន​គម្រាម​ថា​នឹង​បន្ដ​ហិង្សា​ទៀត ។ ដោយ​ស្ថិត​នៅក្រោម​ការបង្ខិត​បង្ខំ ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​បាន​យល់ព្រម​ចាកចេញ​ពី​ស្រុក​នេះ​នៅ​រដូវ​ផ្ការីក​ឆ្នាំ​ក្រោយ ។ ប៉ុន្ដែ នៅពេល​ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​បាន​សម្រេច​ក្រោយមក​ថា​នឹង​បន្ដ​នៅ ហើយ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​របស់​ពួកគេ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុង​ឆ្នាំ ១៨៣៣ នោះ​អំពើហិង្សា​របស់​ក្រុម​ឧក្រិដ្ឋជន​បាន​បន្ដ ។

ប៉ាលី ភី ប្រាត្ត បាន​រំឭក​ថា ៖

ក្រុម​ពួក​កាប់ចាក់​ជាច្រើន​បាន​ត្រៀម​ចាំ​មើល​ស្រុក​នេះ​នៅ​គ្រប់​ទិសទី វាយទម្លាយ​ចូល​ផ្ទះ​ទាំងឡាយ​ដោយ​គ្មាន​ខ្លាច …​បំភ័យ​ស្ដ្រី និង​កុមារ ហើយ​គម្រាម​ថា​នឹង​សម្លាប់​ពួកគេ បើ​ពួកគេ​មិន​រត់​គេច​ខ្លួន​ភ្លាម​ទេ​នោះ ។ …

…​ស្ដ្រី និង​កុមារ​បាន​រត់​គេច​ទៅ​គ្រប់​ច្រក​ល្ហក ។ ក្រុម​មួយ​ដែល​មាន​គ្នា​ប្រហែល​មួយ​រយ​ហាសិប​នាក់​បាន​រត់​គេច​ខ្លួន​ទៅ​វាលស្រែ​ធំ​មួយ ជា​កន្លែង​ដែល​ពួកគេ​បាន​ដើរ​អស់​រយៈពេល​បី​បួន​ថ្ងៃ​ដោយ​ភាគច្រើន​គ្មាន​អាហារ ហើយ​គ្មាន​អ្វី​សោះឡើយ ក្រៅពី [ ផ្ទៃមេឃ ] ដ៏​ល្ហល្ហេវ​ដើរ​រក​ជម្រក ។ ក្រុម​ផ្សេងទៀត​បាន​រត់​គេច​ទៅ​ទន្លេ​មិសសួរី ។ អំឡុងពេល​ស្ដ្រី និង​កុមារ​រត់​ខ្ចាត់ខ្ចាយ នោះ​ពួកជនពាល​បាន​ដើរ​បាញ់​ពួកបុរស សម្លាប់​ពួកគេ ចង និង​វាយ​អ្នកដទៃ ហើយ​ដេញតាម​អ្នកខ្លះ​រាប់​គីឡូម៉ែត្រ​ដី ។ …

មនុស្ស​ប្រុស​ស្រី និង​កុមារ​បាន​ចាប់ផ្ដើម​ឈរជា​ជួរ​នៅ​មាត់​កំពង់-ដ​ទាំងពីរ​នៅ​មាត់ [ ទន្លេ​មិសសួរិ ] ពេញ​ដោយ​ទំនិញ រទេះ ប្រអប់ អាហារ​ស្ដុក ជាដើម ខណៈ​កំពង់​ដ​នៅតែ​បន្ដ​រវល់​ឥតដាច់ ។ … មាន​មនុស្ស​រាប់​រយ​នាក់​នៅ​គ្រប់​ទីកន្លែង ខ្លះ​ជ្រក​នៅ​ក្នុង​តង់ ហើយ​ខ្លះ​នៅ​កណ្ដាល​វាល​អង្គុយ​ជុំវិញ​ភ្នក់​ភ្លើង កាល​មេឃ​កំពុង​ភ្លៀង ។ ស្វាមី​ជាច្រើន​កំពុង​មើល​ថែ​ដល់​ភរិយា​ខ្លួន ភរិយា​ជាច្រើន​កំពុង​មើល​ថែ​ស្វាមី​ខ្លួន ឪពុកម្ដាយ​ជាច្រើន​កំពុង​មើល​ថែ​កូនៗ​ខ្លួន និង កូនៗ​ជាច្រើន​កំពុង​មើលថែ​ឪពុកម្ដាយ​ខ្លួន ។ ខ្លះ​មាន​សំណាង​ល្អ​បាន​រត់គេច​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ របស់​របរ​ប្រើប្រាស់ និង​អាហារ​ស្ដុក​មួយ​ចំនួន ខណៈ​អ្នកផ្សេង​ទៀត​មិន​ដឹង​ថា​មិត្ត​របស់​ខ្លួន​មាន​ភព្វវាសនា​យ៉ាង​ណា ហើយ​បាន​បាត់បង់​ឥវ៉ាន់​របស់​ខ្លួន​ទាំងអស់ ។ …

…​សមាជិក​គ្រប់រូប​ក្នុង​សង្គម [ របស់​យើង ] ត្រូវបាន​បណ្ដេញ​ចេញពី​ស្រុក​នេះ ហើយ​វាល​ពោត​ទាំង​ប៉ុន្មាន​ត្រូវបាន​រាតត្បាត និង​បំផ្លាញ​ចោល ស្រូវ​សាលី​ទាំង​ជង្រុក​ត្រូវបាន​គេ​ដុត​ចោល របស់​របរ​ប្រើប្រាស់​ទាំងឡាយ​ត្រូវបាន​គេ​លួច ហើយ​គ្រឿង​កែលម្អ និង​ទ្រព្យធន​គ្រប់​ប្រភេទ​ត្រូវបាន​គេ​បំផ្លាញ​ចោល ។ ( Autobiography of Parley Parker Pratt, ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ] ទំព័រ ១០១–១០៣ )

រូបភាព
ពួកបរិសុទ្ធ​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ដោយ ស៊ី ស៊ី អេ គ្រីស្ទានសិន

ស៊ី ស៊ី អេ គ្រីស្ទានសិន ( ១៨៣១–១៩១២ ) ពួកបរិសុទ្ធ​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ប្រហែល​ឆ្នាំ ១៨៧៨ គំនូរ​លើ​ក្រណាត់ ទំហំ ១៩៦x២៨៦ សង់ទីម៉ែត្រ ។ សារមន្ទីរ​វិចិត្រ​សិល្បៈ​នៃ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ អំណោយ​ពី​ចៅៗ​របស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០ ។

ពួកបរិសុទ្ធ​ជាង ១០០០ នាក់​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ស្រុក​ចាកសុន ហើយ​គេហដ្ឋាន​ជាង ២០០ ត្រូវបាន​គេ​ដុត​បំផ្លាញ ។

ផ្នែក​ទី ៣

តើ​មាន​អ្វី​ដែល​បាន​រារាំង​ពួកបរិសុទ្ធ​ពី​ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន​នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ?

ប៉ុន្មាន​ខែ​ក្រោយពី​ការបណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​ស្រុក​ចាកសុន​ដោយ​ហិង្សា ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ​ពី​មូលហេតុ ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​ត្រូវបាន​គេ​បៀតបៀន និង​បណ្ដេញ​ចេញពី​ដី និង​គេហដ្ឋាន​របស់​ពួកគេ ។ នៅពេល​បងប្អូន​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១ និង ១០៥ សូម​រកមើល​សកម្មភាព និង​ឥរិយាបថ​ដែល​បាន​រារាំង​ពួកបរិសុទ្ធ​ពី​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២–៣, ៦–៨ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៣–៦ ។

រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

ដោយ​ត្រឡប់​មើល​ទៅ​បទគម្ពីរ​ទាំងនេះ សូម​គូស​ចំណាំ ឬ​សរសេរ​សកម្មភាព និង​ឥរិយាបថ​នានា​ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​អស់​អ្នក​នៅ​ថ្ងៃ​ចុងក្រោយ ដែល​ចង់​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ធ្វើ ។

ផ្នែក​ទី ៤

តើ​អនាគត​នៃ​ស៊ីយ៉ូន​ទៅជា​យ៉ាងណា ?

អែលឌើរ គ្រីស្ដូហ្វឺសិន​បាន​បង្រៀន​ថា នៅពេល​យើង​ស្ថាបនា​ក្រុង​ស៊ីយ៉ូន នោះ​យើង​រៀបចំ​ត្រៀម​ខ្លួន​យើង និង​ពិភពលោក​នេះ​ជាស្រេច​ឲ្យ​ទទួល​ព្រះអង្គ​សង្គ្រោះ​នៅ​ឯ​ការយាងមក​ជា​លើកទីពីរ​របស់​ទ្រង់ ៖

ហើយ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​ការយាង​ត្រឡប់មក​របស់​ព្រះអម្ចាស់​គឺជា​វត្តមាន​នៃ​មនុស្ស​ដែល​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ទ្រង់នៅ​ឯ​ការ​យាង​មក​របស់​ទ្រង់​នៅ​លើ​ផែនដី ។ …

កាល​ពី​បុរាណ ព្រះ​បាន​នាំ​យក​ទីក្រុង​សុចរិត​នៃស៊ីយ៉ូន​ទៅ​ឯ​ទ្រង់ ។ ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ ក្រុង​ស៊ីយ៉ូន​ថ្មី​មួយ​នឹង​ទទួល​ព្រះអម្ចាស់ នៅ​ពេល​ទ្រង់​យាង​ត្រឡប់​មក​វិញ ។​…

កាល​យើង​ខិតខំ​ដោយ​ឧស្សាហ៍​នៅ​ក្នុង​ការ​បង្កើត​ក្រុង​ស៊ីយ៉ូន រួម​ទាំង​ផ្នែក​របស់​យើង​ដើម្បី​ប្រមូល​ផ្ដុំ​រាស្ត្រ​ជម្រើស​របស់​ព្រះអម្ចាស់ និង​ការ​ប្រោសលោះ​មនុស្ស​ស្លាប់ នោះ​យើង​គួរ​ឈប់​ដើម្បី​ចងចាំថា វា​គឺជាកិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​ទ្រង់​កំពុង​ធ្វើ​កិច្ចការ​នេះ ។​…

គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​ដ៏ធំ​នេះកំពុង​រីកចម្រើន​ជា​បន្ត​បន្ទាប់​រហូត​ដល់​ទីបញ្ចប់—ជា​ក្រុង​ស៊ីយ៉ូន​នៅ​លើ​ផែនដី ដោយ​ចូល​រួម​ដោយ​ក្រុង​ស៊ីយ៉ូន​ពី​ស្ថានសួគ៌​នៅ​ឯ​ការ​យាង​ត្រឡប់​មកវិញ​ដ៏​រុង​រឿង​របស់​ព្រះអង្គ​សង្គ្រោះ ។… ចូរ​យើង​ខិតខំ​ឆ្ពោះ​ទៅរក​ការ​បង្កើត​ក្រុង​ស៊ីយ៉ូន​ដើម្បី​ពន្លឿន​ដល់​ថ្ងៃ​នោះ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « ការត្រៀម​ខ្លួន​សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨២–៨៤ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​បងប្អូន​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​កសាង​ក្រុង​ស៊ីយ៉ូន ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​អាច​ធ្វើអ្វី​ខ្លះ​ទៀត ?