ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៤ ៖ គោលលទ្ធិ​នៃ​វិវរណៈ


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៤ ៖ គោលលទ្ធិ​នៃ​វិវរណៈ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៤ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៤

គោលលទ្ធិ​នៃ​វិវរណៈ

រូបភាព
យុវនារី​អធិស្ឋាន

សូម​សញ្ជឹងគិត​ពី​ការអញ្ជើញ​របស់​ព្យាការី​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖ « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ។ … ខ្ញុំ​សូម​អង្វរ​ជាមួយ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាងវិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​វិវរណៈ » ( « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។

នៅពេល​បងប្អូន​សិក្សា​សៀវភៅ​សិក្សា​នេះ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​ខ្លួន​ដើម្បី​ទទួល​បាន និង​ស្គាល់​វិវរណៈ ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ដឹង​បាន​យ៉ាង​ដូចម្ដេច​ថា ពេលណា​ព្រះ​មាន​បន្ទូល​មកកាន់​ខ្ញុំ ?

រូបភាព
រូប​គំនូរ​នៃ​អូលីវើរ ខៅឌើរី

នៅ​រដូវ​ត្រជាក់​ឆ្នាំ ១៨២៨–២៩ គ្រូបង្រៀន​អាយុ ២២ ឆ្នាំ​ម្នាក់​ឈ្មោះ​ថា អូលីវើរ ខៅឌើរី​បាន​ដឹង​អំពី​ព្យាការី យ៉ូសែប ស៊្មីធ និង​ផ្ទាំង​ចំណារ​មាស ខណៈ​ឡើង​ទូក​ទៅ​ភូមិ​ប៉ាល់ម៉ៃរ៉ា រដ្ឋ​នូវយ៉ោក​ជាមួយ​ឪពុក​ម្ដាយ​របស់​យ៉ូសែប ។ ក្រោយពី​ការអធិស្ឋាន​ផ្ទាល់ខ្លួន​ដើម្បី​ដឹង​ថា តើ​អ្វី​ដែល​គាត់​បាន​ឮ​នោះ​ពិត​ឬ​អត់ អូលីវើរ​មាន​អារម្មណ៍​ការធានា​ដ៏​រឹងមាំ​នៃ​សេចក្ដី​សុខសាន្ដ ។ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនស៉ីលវេញ៉ា ជា​កន្លែង​ដែល​លោក​បាន​ជួប​នឹង​ព្យាការី ។ ដោយ​បាន​ជឿ​ថា សារលិខិត​ដែល​យ៉ូសែប​បាន​ចែកចាយ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​នោះ​គឺ​ពិត អូលីវើរ​បាន​បម្រើ​ជា​ស្មៀន​របស់​យ៉ូសែប​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ មិន​យូរ​ប៉ុន្មាន​ក្រោយពី​អូលីវើរ​បាន​ចាប់ផ្ដើម​ជួយ​ក្នុង​ការបកប្រែ ព្យាការី​បាន​ទទួល​វិវរណៈ​ដែល​ផ្ដល់​ការណែនាំ​ដល់​អូលីវើរ ហើយ​បាន​ថ្លែង​ពី​បំណង​ប្រាថ្នា​របស់​គាត់​ដើម្បី​ជួយ​បកប្រែ ។ បន្ទូល​មកពី​ព្រះអម្ចាស់​ចំពោះ​អូលីវើរ ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤–១៥, ២២–២៣ ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប ដែល​ទ្រង់​អាច​មាន​បន្ទូល​មក​កាន់​យើង ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤–១៥, ២២–២៣ ។

នៅពេល​យ៉ូសែប​បាន​ទទួល​វិវរណៈ​នេះ « អូលីវើរ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ គាត់​បាន​ប្រាប់​យ៉ូសែប​ភ្លាម​អំពី​ការអធិស្ឋាន [ ពីពេល​មុន ] របស់​គាត់ និង​សាក្សី​ដ៏​ទេវភាព​ដែល​គាត់​បាន​ទទួល ។ គ្មាន​នរណា​ម្នាក់​អាច​បាន​ដឹង​ពី​ការណ៍​នេះ​ឡើយ លើកលែង​តែ​ព្រះ​ប៉ុណ្ណោះ » ( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៦២ ) ។

នៅពេល​អូលីវើរ​បាន​ប្រាថ្នា​ចង់​បកប្រែ​ចំណែក​ខ្លះ​នៃ​ផ្ទាំង​ចំណារ ព្រះអម្ចាស់​បាន​បង្រៀន​គាត់​បន្ថែម​ទៀត​អំពី​ការទទួល​វិវរណៈ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៤ ។ សូម​គិត​ដល់​ការគូសចំណាំ​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​បងប្អូន ។

ដោយ​ថ្លែង​ពី​របៀប​ដែល​ព្រះអម្ចាស់​ប្រាស្រ័យ​ទាក់ទង​ដល់​គំនិត និង​ដួងចិត្ត​របស់​យើង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​មួយ ដែល​ការណ៍​នេះ​អាច​កើតឡើង​បាន ៖

ទំនាក់ទំនង​ទៅកាន់ចិត្តគឺ​កាន់​តែ​ទូទៅ​ជាង ។ ជាញឹក​ញាប់ ព្រះអម្ចាស់ ចាប់​ផ្ដើម​ដោយ​ការ​ផ្ដល់​នូវចំណាប់​អារម្មណ៍ ។ ពេល​ដែលមាន​នូវការ​ទទួលស្គាល់​ពី​សារៈសំខាន់​របស់វា ហើយ​ពួកគេ​បាន​គោរពតាម នោះ​អ្នក​ទទួល​បាន​សមត្ថភាព​កាន់​តែ​ច្រើន ដើម្បី​ទទួល​ការណែនាំ​លម្អិត​កាន់តែ​ច្រើន​នៅ​ក្នុង​គំនិត ។ ( រីឆាដ ជី ស្កត « Helping Others to Be Spiritually Led » [ សុន្ទរកថា​ទៅកាន់​គ្រូបង្រៀន​សាសនា ស៉ី.អ៉ី.អេស នៅ​ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៩៩៨ ទំព័រ ៤ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

អែលឌើរ ក្រេហ្គ ស៉ី គ្រីស្ទីនសិន ក្នុង​ពួក​ចិតសិប​នាក់​ក៏​បាន​បង្រៀន ៖

យើង​ទាំងអស់គ្នា​មាន​បទពិសោធន៍​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ទោះជា​យើង​ពុំបាន​ស្គាល់​ជានិច្ចក្ដី ។ នៅពេល​គំនិត​បំផុស​ក្នុងចិត្ត​យើង នោះ​យើង​ដឹង​ថា វា​ជា​ការពិត​តាមរយៈ​អារម្មណ៍​ខាងវិញ្ញាណ ដែល​ចូល​ក្នុង​ចិត្ត​យើង ។ ( ក្រេហ្គ ស៉ី គ្រីស្ទីនសិន « អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ពុំ​អាច​ប្រាប់​បាន » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១៤ )

ពេលខ្លះ​បងប្អូន​អាច​ឆ្ងល់​ថា តើ​គំនិត ឬ​អារម្មណ៍​មួយ​ពិត​ជា​មកពី​ព្រះ​មែន​ឬ​អត់ ។ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពិភាក្សា​ពី​របៀប ដែល​យើង​អាច​ប្រាប់​ពី​ភាពខុសគ្នា​រវាង​ព្រះវិញ្ញាណ​បរិសុទ្ធ និង​គំនិត​ផ្ទាល់​របស់​យើង​នៅក្នុង​វីដេអូ​នេះ ( « Patterns of Light, Part 2: Discerning Light » ( ២:១២ ) ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ ?

រូបភាព
យុវជន​វ័យ​ជំទង់​សិក្សា​ព្រះគម្ពីរ

ពេលខ្លះ បងប្អូន​អាច​មាន​អារម្មណ៍​ថា​អន្ទះសា ពេល​វា​ហាក់​ថា វិវរណៈ​ដែល​បងប្អូន​ស្វែងរក​នោះ​មិន​បានទទួល ។ នៅពេល​ការណ៍​នេះ​កើតឡើង បងប្អូន​អាច​ពិចារណា​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់ អូលីវើរ ខៅឌើរី ពេល​គាត់​មាន​អារម្មណ៍​អន្ទះសា​ពេល​មិន​អាច​ទទួល​បាន​វិវរណៈ ដែល​ចាំបាច់​សម្រាប់​ការបកប្រែ​ផ្ទាំងចំណារ ( សូមមើល ពួកបរិសុទ្ធ ១:៦២–៦៤ ) ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អូលីវើរ ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧–៨ ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ពី​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​មកពី​ការបង្រៀន​របស់​ព្រះអម្ចាស់​ដល់ អូលីវើរ ខៅឌើរី ៖

យើង​នឹង​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ នៅពេល​យើង​បាន​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន នៅពេល​យើង​ចេញ​ទៅ​ធ្វើការ​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ​ជាជាង​អង្គុយ​នៅក្រោម​ម្លប់​អធិស្ឋាន​សូម​ការដឹកនាំ​លើ​ជំហាន​ដំបូង​ដែល​ត្រូវ​ឈាន ។​…

ដូច្នេះ យើង​អាច​ធ្វើ​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។ រួច​ហើយ យើង​រង់ចាំ​ព្រះអម្ចាស់​សម្រាប់​វិវរណៈ​របស់​ទ្រង់ ។ ទ្រង់​មាន​កាលវិភាគ​របស់​ទ្រង់​ផ្ទាល់ ។

…​ការទទួល​ការបង្រៀន​ពី​ព្រះវិញ្ញាណ​មិន​មែន​ជា​រឿង​អកម្ម​នោះ​ទេ ។ ជាញឹកញាប់ ទំនាក់ទំនង​របស់​ព្រះអម្ចាស់​មិន​កើត​មាន​ឡើយ រហូត​ដល់​យើង​បាន​សិក្សា​ពី​បញ្ហា​នោះ​ក្នុង​គំនិត​របស់​យើង​ផ្ទាល់​សិន ។ បន្ទាប់មក យើង​ទទួល​បាន​ការបញ្ជាក់​មួយ ។ ( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២៤, ២៦ )

ទោះបីជា​ពេល​បងប្អូន​បាន​ត្រៀមខ្លួន​ដើម្បី​ទទួល​វិវរណៈ​តាមរយៈ​សកម្មភាព​ដ៏​ស័ក្ដិសម និង​ស្មោះត្រង់​របស់​បងប្អូន ក៏​ចម្លើយ​របស់​ព្រះអម្ចាស់​មិន​អាច​មក​ភ្លាមៗ​ដែរ ។

អែលឌើរ ស្កត បាន​ប្រឹក្សា​ថា ៖

តើ​អ្នក​ធ្វើ​អ្វីខ្លះ ពេល​អ្នក​បាន​រៀបចំ​ដោយ​ប្រុងប្រយ័ត្ន អធិស្ឋាន​ដ៏​ក្លៀវក្លា រង់ចាំ​ពេល​សមហេតុផល​មួយ​ដើម្បី​ទទួល​ចម្លើយ ហើយ​នៅ​តែ​ពុំ​មាន​ចម្លើយ​នោះ ? អ្នក​អាច​ថ្លែង​អំណរ​គុណ ពេល​ជួប​រឿង​ដូច​នោះ ដ្បិត​វាជា​ភស្ដុតាង​មួយនៃ​ការទុកចិត្ត​របស់​ទ្រង់ ។ ពេល​អ្នក​រស់នៅ​ដោយ​ស័ក្ដិសម ហើយ​ជម្រើស​របស់អ្នក សមស្របនឹង​ការបង្រៀន​នៃ​ព្រះអង្គសង្គ្រោះ នោះ​អ្នកចាំបាច់​ត្រូវ​ធ្វើ​តាម បន្ដ​ទៅមុខ​ដោយមាន​ទំនុក​ចិត្ត ។… នៅពេល​អ្នក​រស់នៅ​ដោយ​សុចរិត ហើយ​ធ្វើសកម្មភាព​ដោយមាន​ទំនុកចិត្ត នោះព្រះ​នឹង​ពុំ​បណ្ដោយ​ឲ្យ​អ្នកទៅ​ឆ្ងាយ​ដោយ​គ្មាន​ការ​ព្រមាន ប្រសិនបើ​អ្នក​បាន​ធ្វើការ​សម្រេចចិត្ត​ខុស​នោះ ។ ( រីឆាដ ជី ស្កត « Using the Supernal Gift of Prayer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០ )

រូបភាព
រូបតំណាង ពពុះ​ការគិត

សញ្ជឹងគិត និង​ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​បងប្អូន​សិក្សា​បញ្ហា​នោះ​ក្នុង​គំនិត​របស់​បងប្អូន ជា​ផ្នែក​នៃ​ការស្វែងរក​វិវរណៈ ?

បើ​អាច​ទៅ​រួច សូម​ឲ្យ​មិត្ត ឬ​សមាជិក​គ្រួសារ​ម្នាក់​ចែកចាយ​ជាមួយ​បងប្អូន នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដើម្បី​អញ្ជើញ​វិវរណៈ ។ បងប្អូន​អាច​សួរ​បុគ្គល​នេះ​ពី​របៀប​ដែល​វិវរណៈ​កើតមាន​ដល់​គាត់​ពី​អតីតកាល នៅពេល​ធ្វើការ​សម្រេច​ចិត្ត​ធំៗ ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​មួយ​ចំនួន​ដែល​បងប្អូន​បាន​រៀន ។

ផ្នែក​ទី ៣

តើ​ជាធម្មតា​វិវរណៈ​មក​ដោយ​របៀប​ណា ?

សូម​មើល​វីដេអូ « Patterns of Light: Spirit of Revelation » ( ៣:០៤ ) ឬ​សិក្សា​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ បែដណា ដូច​ខាងក្រោម​នេះ ៖

វិវរណៈ​មួយ​ចំនួន​ត្រូវបាន​ទទួល​ភ្លាមៗ និង​ខ្លាំងក្លា ខ្លះទៀត​ត្រូវបាន​ស្គាល់​បន្តិច​ម្ដងៗ និង​ល្អិតល្អន់ ។ …

អំពូលភ្លើង​បើក​នៅក្នុង​បន្ទប់ងងឹត គឺ​ដូចជា​ការ​ទទួល​សារលិខិត​មកពី​ព្រះ​យ៉ាង​ឆាប់ ទាំង​ស្រុង ហើយ​កើត​ឡើងម្ដង​ក្នុងពេល​តែមួយ ។ យើង​រាល់គ្នា​ភាគច្រើន មាន​បទពិសោធន៍​តាម​គំរូ​នៃ​វិវរណៈ​នេះ ពេល​យើង​ត្រូវ​បាន​ប្រទាន​ចម្លើយ​ចំពោះ ការអធិស្ឋាន​ដោយ​ស្មោះ ឬ​ត្រូវ​បាន​ផ្ដល់​នូវ​ការដឹកនាំ​ឬ​ការការពារ​ដែល​ចាំបាច់ ស្របតាម​ព្រះឆន្ទៈ និង​ពេលវេលា​របស់ទ្រង់ ។ … ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គំរូ​នៃ​វិវរណៈ​នេះ​មាន​ភាពកម្រ​ជាង​ធម្មតា ។

ការបង្កើន​ពន្លឺ​បន្ដិច​ម្ដងៗ មកពី​ពន្លឺ​ព្រះអាទិត្យ​រះ គឺ​ដូចជា​ការទទួល​សារលិខិត​មួយ​មកពី​ព្រះ « មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ ជានិច្ចកាល វិវរណៈ​កើត​ឡើង​នៅ​ក្នុង​ចំនួន​ដ៏​តូច​បន្តិច​ម្ដងៗ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា ភាពស័ក្ដិសម និងការរៀប​ចំ​ខ្លួន​របស់​យើង ។ … គំរូ​នៃ​វិវរណៈ​នេះ​ហាក់​មាន​ទូទៅ​ជាង​កម្រ ។ …

បទពិសោធន៍​ទូទៅ​មួយ​ទៀត​ជាមួយ​ពន្លឺ​ជួយ​យើង​ឲ្យ​រៀន​ពី​សេចក្ដីពិត​បន្ថែម​ទៀត​អំពី​គំរូ​នៃ​វិវរណៈ « មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។ ពេល​ខ្លះ ព្រះអាទិត្យ​រះ​នៅពេល​ព្រឹក​មួយ ដែល​មាន​ពពក​ច្រើន ឬ​ចុះអ័ព្ទ ។ ដោយសារ​តែ​អាកាស​ធាតុ​មិនល្អ ការទទួល​បាន​ពន្លឺ​គឺ​មាន​ភាពលំបាក​ជាង ហើយ​ការប្រាប់​ដោយ​ត្រឹមត្រូវ​អំពី​ពេល​ដែល​ព្រះអាទិត្យ​រះលើ​មេឃ គឺ​ពុំ​អាច​ធ្វើ​ទៅបាន​ទេ ។ ប៉ុន្ដែ​នៅ​ព្រឹក​មួយ​បែប​នោះ មិន​ថា​យ៉ាង​ណា យើង​មាន​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​ដឹង​ពី​ថ្ងៃ​ថ្មី​មួយ ហើយ​ធ្វើ​ការងារ​របស់​យើង ។

តាម​របៀប​ស្រដៀងគ្នា​មួយ យើង​ទទួល​បាន​វិវរណៈ​ជាច្រើន​ដង​ដោយ​ពុំ​បាន​ដឹង​ដោយ​ត្រឹមត្រូវ​អំពី​របៀប ឬ​ពេល​ណា ដែល​យើង​កំពុង​ទទួល​វិវរណៈនោះ​ទេ ។ ( ដេវីឌ អេ បែដណា « The Spirit of Revelation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨–៨៩ )

រូបភាព
រូបតំណាង​ការកត់ត្រា

សញ្ជឹងគិត និង​កត់ត្រា​គំនិត​របស់​បងប្អូន​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​គ្រា​ទាំងឡាយ​ដែល​បងប្អូន​បាន​ទទួល​ការដឹកនាំ និង​វិរវណៈ ។ សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​បាន​រៀន​មកពី​បទពិសោធន៍​របស់​បងប្អូន​ផ្ទាល់ ក្នុង​ការទទួល​បាន​វិវរណៈ​ក៏​ដូចជា​មកពី​ការសិក្សា​ផ្ទាល់ខ្លួន​របស់​បងប្អូន​នៅ​ថ្ងៃនេះ ។ រួច​ហើយ​សូម​ចំណាយ​ពេល​ពីរ​នាទី​ដើម្បី​សរសេរ​ក្នុង​កំណត់ហេតុ ឬ​កន្លែង​ដែល​ផ្ដល់​មក​នេះ ពី​របៀប​ដែល​គោលការណ៍​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​ការស្រាវជ្រាវ​របស់​បងប្អូន​រក​ចម្លើយ​ចំពោះ​សំណួរ​បច្ចុប្បន្ន​របស់​បងប្អូន ។