ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន​មេរៀនទី ២៣ ៖ បេសកកម្ម​របស់​ព្យាការី និង​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២៣ ៖ បេសកកម្ម​របស់​ព្យាការី និង​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២៣ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២៣

បេសកកម្ម​របស់​ព្យាការី និង​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ

នៅ​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និង ហៃរុម ស៊្មីធ ត្រូវ​បាន​គេ​ធ្វើ​ទុក្ករកម្ម​នៅ​ក្រុង កាតធេច រដ្ឋ អិលលីណោយ ។ ការស្លាប់​របស់​ពួកលោក​បាន​បន្ថែម​អំណាច​ទៅលើ​ការផ្សារភ្ជាប់​នឹង​ទីបន្ទាល់​របស់​ពួកលោក​អំពី​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:១, ៣ ) ។ មេរៀន​នេះ​ត្រូវបាន​រៀបចំ​ដើម្បី​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​សិស្ស​អំពី​បេសកកម្ម​ជា​ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ ។

យោបល់​សម្រាប់​ការបង្រៀន

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ប្រើ​ទំនុក​តម្កើង ។ តន្ដ្រី​ដ៏​ពិសិដ្ឋ ជាពិសេស​ទំនុក​តម្កើង​សាសនាចក្រ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ពួកគេ​សិក្សា​ដំណឹងល្អ ។ ដើម្បី​ជួយ​ផ្ដល់​ការយល់ដឹង​បន្ថែម​អំឡុង​ពេល​បង្រៀន អ្នក​អាច​ជ្រើសរើស​ទំនុក​តម្កើង​មួយ​មក​ច្រៀង​នៅពេល​ចាប់ផ្ដើម​បើក​ថ្នាក់ ដែល​ទាក់ទង​ទៅនឹង​មេរៀន ។

យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវ​បាន​គេ​ធ្វើ​ទុក្ករកម្ម​នៅ​គុក​កាតធេច ។

សូម​ពិចារណា​ច្រៀង​ពីរ​បី​វគ្គ ( រួម​ទាំង វគ្គ​ទី ៧ ) នៃ​ទំនុក​តម្កើង « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោក​យ៉ាក » ។ សូម​ពន្យល់​ថា ទំនុក​តម្កើង​នេះ និង​សារលិខិត​របស់​វា​អំពី​ការបម្រើ​ដល់​ព្រះអង្គ​សង្គ្រោះ​គឺជា​បទ​ចំណូល​ចិត្ត​មួយ​របស់​យ៉ូសែប ស៊្មីធ ។ ព្យាការី​បាន​សូម​ឲ្យ​យ៉ូហាន ថេលើរ ច្រៀង​វា​នៅក្នុង​គុក​កាតធេច មុន​ពេល​ក្រុម​ឧក្រិដ្ឋជន​វាយប្រហារ​បន្ដិច ។

សូម​ឲ្យ​សិស្ស​ពន្យល់​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍ ដែល​បាន​នាំ​ទៅរក​ការចាប់​ខ្លួន និង​ការដាក់​គុក​យ៉ូសែប និង ហៃរុម ស៊្មីធ​នៅក្នុង​ក្រុង​កាតធេច រដ្ឋ​អិលលីណោយ ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទាញ​យក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក​គិត​ថា ពាក្យ​ពេចន៍​នៅក្នុង​បទ « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោក​យ៉ាក » អាច​បាន​ឆ្លុះ​បញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​របស់​យ៉ូសែប​ចំពោះ​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច​ដែរ ? ( ប្រសិនបើ​ចាំបាច់ អ្នក​អាច​ទុក​ពេល​មួយ​នាទី​ឲ្យ​សិស្ស​រំឭក​ឡើង​វិញ​នូវ​ពាក្យ​ពេចន៍​នៃ​ទំនុក​តម្កើង​នេះ កាល​ពួកគេ​ឆ្លើយ​នឹង​សំណួរ​នេះ ) ។

សូម​ពន្យល់​ថា យ៉ូសែប​បាន​ដឹង​ថា លោក​បាន​ប្រឈម​នឹង​ការស្លាប់​ជាក់​ជា​ប្រាកដ ប្រសិនបើ​លោក​ទៅ​កាន់​ទីក្រុង​កាចធេច​ដើម្បី​ទទួល​ការកាត់ក្ដី ។ សមាជិក​សាសនាចក្រ ដេន ចូនស៍ ដែល​បាន​នៅ​ជាមួយ​ព្យាការី​នៅ​ទីក្រុង​ណៅវូ​កាល​លោក​បាន​រៀបចំ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​កាតធេច បាន​រំឭក​ថា ៖

ខ្ញុំ​នឹង​មិន​ភ្លេច​ពី​ទិដ្ឋភាព​នោះ​បាន​ឡើយ ពេល [ ព្យាការី ] បាន​ក្រោក​ឈរ … ហើយ​មើល​ទៅ​ជុំវិញ​ខ្លួន​លោក រួច​មើល​ទៅ​ទីក្រុង និង​ប្រជាជន​ដ៏​ជា​ទីស្រឡាញ់​របស់​លោក នោះ​លោក​បាន​មាន​ប្រសាសន៍​ថា « បើ​ខ្ញុំ​ពុំ​ទៅ​ទីនោះ​ទេ [ កាតធេច ] នោះ​នឹង​នាំ​មក​នូវ​ការបំផ្លាញ​ដល់​ទីក្រុង​នេះ និង​ប្រជាជន​ទាំងឡាយ ហើយ​ខ្ញុំ​ពុំ​អាច​មើល​ឃើញ​បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់ខ្ញុំ និង​កូនៗ​របស់​ពួកគេ​រងទុក្ខ​ដូច​នៅ​រដ្ឋ​មិសសួរី​ម្ដងទៀត នៅក្នុង​រដ្ឋ​ណៅវូ​នេះ​បាន​ទេ ទេ វា​ជា​ការល្អ​ជាង​ដើម្បី​ឲ្យ​ប្អូន​ប្រុស​របស់​អ្នក យ៉ូសែប ស្លាប់​ជំនួស​បងប្អូន​ប្រុសស្រី​វិញ ដ្បិត​ខ្ញុំ​ស្ម័គ្រ​ស្លាប់​ជំនួស​ពួកគេ ។ កិច្ចការ​របស់​ខ្ញុំ​បាន​បញ្ចប់​ហើយ » ។ ( Dan Jones, in Ronald D. Dennis, trans., « The Martyrdom of Joseph Smith and His Brother, Hyrum » BYU Studies វ៉ុល​ទី ២៤ លេខ ១ [ ឆ្នាំ ១៩៨៤ ] ទំព័រ ៨៥ )

  • តើ​ពាក្យ​ពេចន៍ និង​សកម្មភាព​របស់​ព្យាការី​បើក​សម្ដែង​អ្វីខ្លះ​អំពី​ចរិត​លក្ខណៈ​របស់​លោក ?

រូបភាព
ទិដ្ឋភាព​ខាង​ក្រៅ​គុក​លិបើធី

អ្នក​អាច​ចង្អុល​បង្ហាញ​ថា យ៉ូសែប ស៊្មីធ​បាន​ធ្វើតាម​គំរូ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការស្ម័គ្រចិត្ត​លះបង់​ជីវិត​របស់​លោក​ដើម្បី​ការពារ​ពួកបរិសុទ្ធ ( សូមមើល យ៉ូហាន ១៥:១៣ ) ។

សូម​បង្ហាញ​រូបភាព​គុក​កាតធេច ។ សូម​ឲ្យ​សិស្ស​រំឭក​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​នៅ​គុក​កាតធេច​នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ពេល​ដែល​យ៉ូសែប និង ហៃរុម ស៊្មីធ​ត្រូវបាន​គេ​សម្លាប់ ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​នឹក​ដល់​អ្វី ដែល​ពួកគេ​បាន​រៀន​មកពី​ក្នុង​ឯកសារ​រៀបចំ ) ។

សូម​ពន្យល់​ថា សេចក្ដី​ប្រកាស​ពី​ការស្លាប់​របស់​ព្យាការី ដែល​ឥឡូវ​នេះ​បាន​រួម​បញ្ចូល​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥ បាន​ដកស្រង់​ពី​ដំណើររឿង​សាក្សី​ផ្ទាល់​ភ្នែក​របស់​អែលឌើរ យ៉ូហាន ថេលើរ និង វីលើត រីឆាត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:១–២, ៤–៦ ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្នក​គិត និង​មាន​អារម្មណ៍​យ៉ាងណា កាល​អ្នក​ពិចារណា​ពី​ការលះបង់​ដែល​យ៉ូសែប និង ហៃរុម ស៊្មីធ​បាន​ស្ម័គ្រចិត្ត​ធ្វើ​សម្រាប់​ជា​ទីបន្ទាល់​ដល់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ប្រយោគ​ពីរ​ចុងក្រោយ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៣ ( ចាប់​ពី​ត្រង់ « លោក​បាន​រស់​ដោយ​អស្ចារ្យ … » ) និង សេចក្ដី​សញ្ញា ១៣៦:៣៩ ហើយ​រកមើល​អ្វី​ដែល​យើង​រៀន​អំពី​ការស្លាប់​របស់​យ៉ូសែប និង​ហៃរុម ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ការស្លាប់​របស់​យ៉ូសែប និង​ហៃរុម ? ( សិស្ស​អាច​នឹង​សម្គាល់​ឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូចនេះ ៖ យ៉ូសែប និង ហៃរុម ស៊្មីធ​បាន​បិទត្រា​ទីបន្ទាល់​របស់​ពួកលោក​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​នឹង​ឈាម​របស់​ពួកលោក ) ។

សូម​ពន្យល់​ថា ទង្វើ​នៃ​ការបិទត្រា​ទីបន្ទាល់​របស់​ពួកលោក​នឹង​ឈាម​របស់​ពួកលោក​នេះ បាន​ស្ថាបនា​ទីបន្ទាល់​របស់​ពួកលោក និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ពួកលោក​ជាមួយ​នឹង​ការស្ដារ​ដំណឹងល្អ​ឡើងវិញ​ជា​រៀង​រហូត​តទៅ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ​កាន់​តែ​ច្បាស់ សូម​ពិចារណា​បង្ហាញ​វីដេអូ « ទីបន្ទាល់​នៃ​ព្រះគម្ពីរ​មរមន » ( ៤:៣៩ ) ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​គិត​អំពី​ការតាំងចិត្ត​ដ៏​មិន​វៀចវេរ​របស់​យ៉ូសែប និង ហៃរុម ស៊្មីធ ដែល​បាន​បង្ហាញ​ដល់​ទីបន្ទាល់​របស់​ពួកលោក​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ ទោះបី​ប្រឈម​នឹង​ការស្លាប់​ក្ដី ។

  • តើ​ការស្ម័គ្រចិត្ត​របស់​យ៉ូសែប ស្ម៊ីធ​ដើម្បី​លះបង់​ជីវិត​របស់​លោក​សម្រាប់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ជួយ​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក​អំពី​លោក​ក្នុងនាម​ជា​ព្យាការី​របស់​ព្រះ​ដោយ​របៀប​ណា ?

ពរជ័យ​របស់​ព្រះ​មាន​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​ការងារ​បម្រើ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ប្រយោគ​ដំបូង​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៣ ដែល​បង្រៀន​ថា យ៉ូសែប ស៊្មីធ​បាន​ធ្វើ​អ្វី​ជាច្រើន​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​មនុស្ស​ក្នុង​ពិភពលោក​នេះ ជាង​ជនណាៗ​ទាំងអស់​លើកលែង​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ( អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​សេចក្ដីពិត​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​ពន្យល់​ពី​សេចក្ដីពិត​នេះ​ដល់​មិត្ត​ម្នាក់ ដែល​មាន​សេចក្ដីជំនឿ​គ្រីស្ទាន​ផ្សេងទៀត ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥:៣ ទាំង​ប៉ុន្មាន​ទៀត ដោយ​រកមើល​ការរួម​ចំណែក​ដែល​ព្យាការី យ៉ូសែប ស៊្មីធ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារ​ខៀន ។

  • តើ​អ្នក​នឹង​បន្ថែម​អ្វីខ្លះ​ទៀត​ទៅ​លើ​បញ្ជី​រួម​ចំណែក​ដែល​ព្យាការី យ៉ូសែប ស៊្មីធ​បាន​ធ្វើ​ឡើង​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ពិភពលោក​នេះ ?

សូម​ឲ្យ​សិស្ស​ជ្រើសរើស​យក​សំណួរ​មួយ​ខាងក្រោម​នេះ​មក​ឆ្លើយ ។ សូម​ឲ្យ​សិស្ស​មាន​ពេល​ខ្លះ​ដើម្បី​កត់ត្រា​គំនិត​របស់​ពួកគេ ។

  • តើ​អ្នក​បាន​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ទីបន្ទាល់​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ?

  • តើ​ជីវិត​របស់​អ្នក​បាន​រង​ឥទ្ធិពល និង​មាន​ពរជ័យ​យ៉ាងណា​ខ្លះ ដោយសារ​យ៉ូសែប ស៊្មីធ​បាន​បំពេញ​បេសកកម្ម​ជា​ព្យាការី​របស់​លោក ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​បញ្ចប់​មេរៀន ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា តើ​វា​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ ដែល​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ​ក្នុង​សាសនាចក្រ ពេល​មាន​បទពិសោធន៍​តិចតួច និង​ចំណុច​ខ្សោយ​ជាច្រើន​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ថា​តើ​ពួកគេ​នឹង​មាន​សេចក្ដី​ជំនឿ និង​ទំនុក​ចិត្ត​ថា ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ​ក្នុង​ការហៅ​បម្រើ​បែប​នោះ​ដែរ​ឬ​ទេ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​សិក្សា​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ​ដោយ​គិត​ដល់​សំណួរ​នេះ​ក្នុង​ចិត្ត ៕