ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៩ ៖ ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះប្រោសលោះ​ដ៏​ទេវភាព​របស់​យើង


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៩ ៖ ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះប្រោសលោះ​ដ៏​ទេវភាព​របស់​យើង » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៩ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៩

ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះប្រោសលោះ​ដ៏​ទេវភាព​របស់​យើង

ជាផ្នែក​នៃ​ការស្ដារ​ឡើងវិញ យ៉ូសែប ស្ម៉ីធ និង​ពួកបរិសុទ្ធ​ត្រូវបាន​បង្រៀន​យ៉ាង​ត្រឹមត្រូវ​បន្ថែម​ទៀត​អំពី​លក្ខណៈ និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​កាន់តែ​ស៊ីជម្រៅ ហើយ​សម្រេច​ពី​របៀប​យាង​ព្រះចេស្ដា​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​ពួកគេ​ឲ្យ​កាន់តែ​ពេញលេញ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស៊្មីធ​រៀន​អំពី​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ការនិមិត្ត​ដំបូង ដោយ វលធើរ រេន

សូម​បង្ហាញ​រូបភាព​ស្ដីពី​ការនិមិត្ត​ដំបូង ។ សូម​រំឭក​សិស្ស​ថា គោលបំណង​មួយ​របស់ យ៉ូសែប ស្ម៉ីធ ក្នុង​ការអធិស្ឋាន​ក្នុង​ឱកាស​នេះ​គឺ ដើម្បី​ទូល​សូម​ព្រះ​ថា​ត្រូវ​ចូលរួម​នឹង​សាសនាចក្រ​មួយ​ណា​( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣–១៩ ) ។ ទោះយ៉ាង​ណា​នៅក្នុង​ដំណើររឿង​នៃ​ការនិមិត្ត​របស់​លោក​ក្នុង​ឆ្នាំ ១៨៣២ យ៉ូសែប​បាន​លើក​ពី​មូលហេតុ​មួយទៀត ដែល​លោក​បាន​ទៅ​ក្នុង​ព្រៃ​ដើម្បី​អធិស្ឋាន​នៅ​ថ្ងៃ​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ទីមួយ​នៃ​ផ្នែក​ទី ១​នៅក្នុង​សៀវភៅ​សិក្សា​រៀបចំ​ឲ្យ​ឮៗ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី​គិត​អំពី​គ្រា​ក្នុង​ជីវិត​របស់​ពួកគេ ពេល​ពួកគេ​មាន​អារម្មណ៍​តានតឹង​ដោយសារ​តែ​អំពើបាប និង​ភាពទន់ខ្សោយ​របស់​ពួកគេ ។ រួច​ហើយ សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទី​ពីរ និង​ទី​បី​ក្នុង​ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ។

  • តើ​យ៉ូសែប​បាន​រៀន​អ្វីខ្លះ អំពី​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ? ( ព្រះ​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ក្ដី​មេត្តា និង​អភ័យ ) ។

សូម​ពន្យល់​ថា យ៉ូសែប និង​ពួកបរិសុទ្ធ​បាន​បន្ដ​រៀន​អំពី​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​វិវរណៈ​របស់​ទ្រង់ ។ សូម​បង្ហាញ​សេចក្ដីយោង​ដូច​តទៅ​នេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣:១០; ៣៨:១៤; ៥៨:៤២; ៦១:២; ៦២:១; ៦៤:២–៤ ។ សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​អាន​វគ្គ​ពីរ​បី ហើយ​សូម​ឲ្យ​ពួកគេ​អាន​ហាក់​ដូចជា​ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​ផ្ទាល់​មកកាន់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​អំពី​របៀប ដែល​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ពង្រីក​ការយល់ដឹង​របស់​ពួកគេ អំពី​លក្ខណៈ​ដ៏​ពេញ​ក្ដី​មេត្តា និង​ការអភ័យ​របស់​ទ្រង់ ។ ក្រោយពី​ពួកគេ​បាន​អាន​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • ហេតុអ្វី​បងប្អូន​គិត​ថា វា​សំខាន់​សម្រាប់​យើង​ដើម្បី​យល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ប្រកប​ដោយ​ក្ដី​មេត្តា និង​ការអភ័យទោស ?

សូម​ពន្យល់​ថា ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ​គឺជា​បទពិសោធន៍​មួយ​នៃ​បទពិសោធន៍​ជាច្រើន ដែល​បាន​រៀបចំ​យ៉ូសែប​ឲ្យ​ឈរ​ជា​សាក្សី​ដ៏​មាន​អនុភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​រំឭក​សិស្ស​ថា យោងតាម​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ យ៉ូសែប ស៊្មីធ​គឺជា « អ្នកទទួល​វិវរណៈ​ដ៏​វិសេស​របស់ ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ឃើញ​លក្ខណៈ​ដ៏​ពិត​របស់​ទ្រង់​ជា​ព្រះប្រោសលោះ​ដ៏​ទេវភាព » ( ឌី ថត គ្រីស្តូហ្វឺសិន « Born Again » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៩, បាន​បន្ថែម​អក្សរ​ទ្រេត ) ។

  • តើ យ៉ូសែប ស៊្មីធ និង​ការស្ដារ​ឡើងវិញ​បាន​ជះ​ឥទ្ធិពល​លើ​ការយល់​ដឹង និង​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជានិរន្ដរ៍​ផង និង​ផ្ទាល់ខ្លួន​ផង ។

សូម​ពន្យល់​ដល់​សិស្ស​ថា ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ​បាន​អនុញ្ញាត​ឲ្យ​ពិភពលោក​នេះ​យល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​តាម​របៀប​មួយ ដែល​មិន​អាច​យល់​បាន​រាប់​សតវត្សរ៍​មក​ហើយ ។ នៅក្នុង​ចំណោម​វគ្គ​ជាច្រើន ដែល​បង្រៀន​យើង​អំពី​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​មនុស្សជាតិ គឺជា​ការបង្រៀន​របស់​អាលម៉ា និង​អាម៉ូលេក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៤:១០, ១២ និង ១៤ ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​របៀប​ដែល​អាម៉ូលេក​បាន​ពិពណ៌នា​ពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អាន ឬ​បង្ហាញ​ឌីយ៉ាក្រាម​ដូច​ខាង​ក្រោម ៖

រូបភាព
ឌីយ៉ាក្រាម ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្នែក​ទី ១
  • តើ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​គឺ « និរន្ដរ៍ និង​ដ៏​អស់កល្ប » តាម​របៀប​ណា ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទាញ​យក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ សែសីល អូ សាម៉ូលសុន ជុញ្ញ័រ ដែល​បាន​បម្រើ​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ពាក្យ ដែល​គាត់​បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​ដង្វាយធួន​របស់​ព្រះអម្ចាស់ ៖

ដង្វាយធួន​របស់​ទ្រង់​ពិតជា​គ្រប​ដណ្ដប់​ពិភពលោក​នេះ និង​មនុស្ស​ទាំងអស់​តាំង​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់ ។ ប៉ុន្ដែ​ចូរ​យើង​កុំ​ភ្លេច​ថា នៅក្នុង​ការយល់ដឹង និង​ភាពពេញលេញ​របស់​វា ដង្វាយធួន​ក៏​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​យ៉ាងខ្លាំង និង​ច្នៃ​យ៉ាង​វិសេស​ដើម្បី​ត្រូវ​នឹង​យើង​ម្នាក់ៗ​យ៉ាង​ឥតខ្ចោះ ហើយ​ដោះស្រាយ​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​យើង​ម្នាក់ៗ​ផ្ទាល់​យ៉ាង​ឥតខ្ចោះ​ផងដែរ ។ ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្គាល់​យើង​ម្នាក់ៗ​ច្បាស់​ជាង​យើង​ស្គាល់​ខ្លួន​ឯង ហើយ​បាន​រៀបចំ​ដង្វាយធួន​សម្រាប់​យើង ដែល​ត្រូវ​នឹង​តម្រូវការ ឧបសគ្គ និង​សមត្ថភាព​របស់​យើង​យ៉ាងខ្លាំង ។

យើង​មាន​អំណរគុណ​ចំពោះ​ព្រះ​សម្រាប់​អំណោយទាន​នៃ​ព្រះរាជបុត្រា​ទ្រង់ និង​អំណរគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ដង្វាយធួន​របស់​ទ្រង់ ។ វា​ពិត និង​មាន​ឥទ្ធិពល ហើយ​នឹង​ដឹកនាំ​យើង​ទៅ​កន្លែង​ណា​ដែល​យើង​ត្រូវការ និង​ចង់​ទៅ ។ ( សែសីល អូ សាម៉ូលសុន ជុញ្ញ័រ « What Does the Atonement Mean to You? » Ensign ខែ មេសា ឆ្នាំ ២០០៩ ទំព័រ ៥១ )

  • តើ​អែលឌើរ​សាម៉ូលសុន​បាន​ប្រើ​ពាក្យ​អ្វីខ្លះ ដើម្បី​រៀបរាប់​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​បន្ថែម​លើ​ឌីយ៉ាក្រាម​នូវ​ពាក្យ​ផ្ទាល់ខ្លួន និង​ពាក្យ​ផ្សេងទៀត ដែល​សិស្ស​រកឃើញ ៖

រូបភាព
ឌីយ៉ាក្រាម ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ផ្នែក​ទី ២
  • ហេតុអ្វី​បងប្អូន​គិត​ថា វា​សំខាន់​ដើម្បី​ចងចាំ​ថា ខណៈ​ដែល​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ពង្រីក​ដល់​ចំនួន​មនុស្ស និង​ពិភពលោក​អនន្ដ វា​ក៏​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​យ៉ាង​ខ្លាំង​ផងដែរ ?

សូម​រំឭក​សិស្ស​ថា នៅក្នុង​ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​រៀបចំ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​គូស​ចំណាំ​សេចក្ដីពិត ដែល​ពួកគេ​បាន​ចាប់​អារម្មណ៍ ។ ប្រសិនបើ​ចាំបាច់ សូម​ផ្ដល់​ពេល​ខ្លះ​ឲ្យ​សិស្ស​រំឭក​វគ្គ​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី ដែល​ពួកគេ​គូស​ចំណាំ​ទុក​ក្នុង​ផ្នែក​នេះ ។

  • តើ​សេចក្ដី​ពិត​អ្វីខ្លះ​ដែល​បងប្អូន​ចាប់​អារម្មណ៍ ហើយ​តើ​ហេតុអ្វី ? ( សូម​បង្ហាញ​សេចក្ដីពិត​ទាំងនេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ) ។

ក្រោយពី​សិស្ស​ឆ្លើយតប​ហើយ សូម​ពិចារណា​ឲ្យ​ពួកគេ​ថា​ឡើង​វិញ ( និង​សរសេរ​ឡើង​វិញ ) នូវ​គោលការណ៍​តាម​របៀប​ផ្ទាល់ខ្លួន​មួយ ដោយ​ប្រើ​សព្វនាម​ទីមួយ​ដូចជា ខ្ញុំ និង​របស់​ខ្ញុំ ។ សេចក្ដីពិត​អាច​អាន​ទៅ​ស្រដៀង​នឹង​អ្វី​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប ការរងទុក្ខ ការឈឺចាប់ និង​ការល្បួង​របស់​ខ្ញុំ ដើម្បី​ទ្រង់​អាច​ជ្រាប​ពី​របៀប​ព្យាបាល​ខ្ញុំ ។ តម្លៃ​នៃ​ព្រលឹង​របស់​ខ្ញុំ​គឺ​ធំធេង​ណាស់ រហូតដល់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ និង​សុគត ដើម្បី​ខ្ញុំ​អាច​ប្រែចិត្ត​បាន ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រែចិត្ត និង​មិន​រងទុក្ខ​ដូចជា​ទ្រង់​បាន​រងទុក្ខ ។

  • តើ​ការយល់ដឹង និង​ការជឿ​លើ​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​មាន​គំនិត និង​អារម្មណ៍​អ្វីខ្លះ​ដែល​បងប្អូន​គិត កាល​បងប្អូន​ពិចារណា​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​សម្រាប់​បងប្អូន និង​មូលហេតុ​ដែល​ទ្រង់​បាន​ធ្វើ​ដូច្នោះ ?

សូម​បង្ហាញ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​យាង​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​ឲ្យ​កាន់តែ​ពេញលេញ ?

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​សរសេរ​ចម្លើយ​ក្នុង​សៀវភៅ​កំណត់ហេតុ ឬ​សៀវភៅ​កត់ចំណាំ​របស់​ពួកគេ ។ កាល​ពួកគេ​កំពុង​សញ្ជឹង​គិត សូម​ពិចារណា​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ។ សូម​ឲ្យ​សិស្ស​រកមើល​ការប្រឹក្សា ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យាង​ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ​មក​ក្នុង​ជីវិត​របស់​ពួកគេ ៖

យើង​ចាប់ផ្ដើម​តាមរយៈ​ការរៀន​អំពី [ ព្រះយេស៊ូវ​គ្រីស្ទ ] ។ « គឺ​គ្មាន​ផ្លូវ​ទេ សម្រាប់​ឲ្យ [ យើង ] បាន​សង្គ្រោះ​ក្នុង​ការល្ងង់ខ្លៅ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:៦ ] ។ កាលណា​យើង​កាន់តែ​ដឹង​អំពី​ការ​បម្រើ និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៤០–៤១ ]—នោះ​យើង​កាន់តែ​យល់​ពី​គោលលទ្ធិ​របស់​ទ្រង់ [ សូមមើល នីហ្វៃ​ទី​២ ៣១:២–២១ ] និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​—​យើង​កាន់តែ​ដឹង​ថា ទ្រង់​អាច​ប្រទាន​ព្រះចេស្ដា​ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវិត​យើង ។ …

នៅពេល​យើង​វិនិយោគ​ពេលវេលា​ក្នុងការរៀន​សូត្រ​អំពី​ព្រះអង្គសង្គ្រោះ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ នោះ​យើង​ខិត​ចូល​ទៅធាតុ​គន្លឹះ​មួយ​ទៀត​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ៖ គឺ​យើង​ជ្រើសរើស​ដើម្បី​មាន​ជំនឿ​ទៅលើ​ទ្រង់ ហើយ​ធ្វើ​តាម​ទ្រង់ ។ …

យើង​ក៏​បង្កើន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​យើង​ផងដែរ នៅពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ​ឲ្យ​បាន​ជាក់​លាក់ ។ សេចក្តីសញ្ញា​របស់​យើង​ចង​ភ្ជាប់​យើង​ទៅ​នឹង​ទ្រង់ ហើយ​ប្រទាន​ដល់​យើង​នូវ​ព្រះចេស្ដា​របស់​ព្រះ ។ …

នៅពេល​ព្រះអង្គ​សង្គ្រោះ​ដឹង​ថា​បងប្អូន​ពិតជា​ចង់​ឈោង​ទៅរក​ទ្រង់—ពេល​ទ្រង់​អាច​ញាណ​ដឹង​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​បំផុត​នៃ​ដួងចិត្ត​របស់​បងប្អូន​ថា បងប្អូន​ចង់​ទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់​ដាក់​ក្នុង​ជីវិត—​នោះ​បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹង​ច្បាស់​ពី​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៣ ] ។ ( រ័សុល អិម ណិលសុន « ការទាញ​យក​ព្រះចេស្ដានៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២ )

សូម​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​ថា ដោយសារតែ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ពង្រឹង លួងលោម ព្យាបាល និង​ប្រទាន​ក្ដី​មេត្តា និង​ការអភ័យទោស​ដល់​យើង ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​នឹង​ខុស​ប្លែក​គ្នា​យ៉ាងណា បើ​គ្មាន​ព្យាការី​នៅរស់​ទេ​នោះ ។ សូម​ឲ្យ​សិស្ស​សិក្សា​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​ពរជ័យ​នៃ​ការត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​នៅ​រស់ ។