ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២១ ៖ គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២១ ៖ គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២១ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២១

គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

ជា​ផ្នែក​នៃ​ការស្ដារ​ឡើងវិញ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ព្រះទ័យ​របស់​ទ្រង់​ទាក់ទង​ទៅ​នឹង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ មេរៀន​នេះ​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​ចេះ​អាច​ពន្យល់​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​សម្រេច​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ ។

យោបល់​សម្រាប់​ការបង្រៀន

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​មាន​គោលបំណង​មួយ​នៅ​ក្នុង​ផែនការ​នៃ​ព្រះ ។

រូបភាព
គូស្វាមី​ភរិយា​ថ្មី​កំពុង​កាន់ដៃគ្នា

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសួរ​សំណួរ​ដូច​ខាងក្រោម​នេះ ( សូម​រំឭក​សិស្ស​កុំ​ឲ្យ​ប្រើ​​សម្ដី​ដែល​វិនិច្ឆ័យ​ចំពោះ​មនុស្ស​ដទៃ ) ៖

  • តើ​មាន​ទស្សនៈ និង​ឥរិយាបថ​បច្ចុប្បន្ន​មួយ​ចំនួន​ណាខ្លះ​ដែល​បងប្អូន​ឃើញ​នៅក្នុង​ពិភពលោក​នេះ​ស្ដីពី​អាពាហ៍ពិពាហ៍ ?

សូម​ពន្យល់​ថា ដូច​នៅក្នុង​ជំនាន់​របស់​យើង​ដែរ មនុស្ស​មួយ​ចំនួន​នៅ​ជំនាន់​របស់ យ៉ូសែប ស៊្មីធ​បាន​មាន​ទស្សនៈ​ខុសៗ​គ្នា​អំពី​អាពាហ៍ពិពាហ៍ ។ សូម​ឲ្យ​សិស្ស​រំឭក ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន អំពី​ជំនឿ​របស់​ពួកសេកើរ​ចំពោះ​អាពាហ៍ពិពាហ៍ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥–១៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​គោលលទ្ធិ​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី​អាពាហ៍ពិពាហ៍ ។

  • តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​អាពាហ៍ពិពាហ៍​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ? ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​មួយចំនួន ដែល​រួមមាន​ដូច​តទៅ​នេះ ៖ អាពាហ៍ពិពាហ៍​ត្រូវបាន​តែងតាំង​មកពី​ព្រះ ។ ស្វាមី និង​ភរិយា​ត្រូវបាន​បញ្ជា​ឲ្យ​មាន​កូន ។ នៅពេល​បុរស និង​ស្ដ្រី​រៀបការ ហើយ​មាន​កូន នោះ​ពួកគេ​ជួយ​បំពេញ​តាម​គោលបំណង​របស់​ព្រះ​ក្នុង​ការបង្ក​បង្កើត​ផែនដី​នេះ ។ សូម​ពិចារណា​បង្ហាញ ឬ សរសេរ​យោបល់​ទាំងនេះ​ខ្លះ ឬ​ទាំងអស់​ដាក់​លើ​ក្ដារខៀន ) ។

សូម​ពិចារណា​ពន្យល់​ថា​ឃ្លា « បាន​ពេញ​ទៅ​ដោយ​មនុស្ស » នៅក្នុង ខទី ១៧ សំដៅ​ទៅលើ​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​ទ្រង់​បាន​រៀបចំ​ឲ្យ​រស់នៅ​លើ​ផែនដី​នេះ ។ សូម​ពន្យល់​ផងដែរ​ថា​ឃ្លា « អាពាហ៍ពិពាហ៍​ត្រូវ​បាន​តែងតាំង​មក​ពី​ព្រះ » នៅក្នុង ខទី ១៥ មាន​ន័យ​ថា អាពាហ៍ពិពាហ៍​ត្រូវបាន​ប្រកាស និង​ស្ថាបនា​ឡើង​ដោយ​ព្រះ ។ នៅក្នុង​ឆ្នាំ ១៩៩៥ ព្រះអម្ចាស់​បាន​គូស​បញ្ជាក់​សារ​ជាថ្មី​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ថា « អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ » ។

សូម​ឲ្យ​សិស្ស​រំឭក​ដោយ​សង្ខេប​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ដាវីឌ អេ បែដណា មកពី​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​គឺ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • តើ​ការបង្រៀន​របស់​អែលឌើរ បែដណា ពង្រីក​ការយល់ដឹង​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​គឺ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច​ដែរ ?

ពួកបរិសុទ្ធ​ពី​ដើម​បាន​ដឹង​អំពី​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ប្រសិនបើ​បងប្អូន​មាន​សិស្ស​ម្នាក់ ដែល​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ពិចារណា​សួរ​គាត់​ថា តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​គាត់​ដែល​បាន​រៀបការ​សម្រាប់​ភាពដ៏​អស់កល្ប ។ សូម​ពន្យល់​ថា ពីមុន​ការបញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ យ៉ូសែប​បាន​បង្រៀន​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​ពីរ​បី​នាក់ ហើយ​បាន​ផ្សារភ្ជាប់​ពួកគេ​រួមគ្នា ។ សូម​ឲ្យ​សិស្ស​ម្នាក់អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​អ្វី​ដែល​ព្យាការី​បាន​បង្រៀន ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន អំពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​មកពី​ខគម្ពីរ​ទាំងនេះ ? ( ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​បង្ហាញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ដើម្បី​ទទួល​បាន​លំដាប់​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល នោះ​យើង​ត្រូវ​តែ​ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​ថ្មី ហើយ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ ។ បងប្អូន​អាច​បង្ហាញ​ថា វា​មាន​តែ​នៅក្នុង​លំដាប់​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​ប៉ុណ្ណោះ ដែល​យើង​ទទួល​បាន​ភាពតម្កើង​ឡើង ) ។

សូម​បង្ហាញ​ដល់​សិស្ស​ថា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩ ព្រះអម្ចាស់​បាន​បង្រៀន​បន្ថែម​ទៀត​ថា យើង​ត្រូវ « នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា [ របស់​ទ្រង់ ] » ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ភាពតម្កើង​ឡើង ។

  • តើ​ការ « នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា [ របស់​ទ្រង់ ] » មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន កាល​វា​ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

បងប្អូន​អាច​គូស​បញ្ជាក់​ថា វា​មិន​គ្រប់គ្រាន់​ទេ​ដែល​គ្រាន់តែ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ទាំង​ពីរនាក់​ប្ដី​ប្រពន្ធ​ត្រូវតែ​ខិតខំ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​កាន់តាម​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ហើយ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ និង​យូរ​អង្វែង​មួយ ។

សូម​បន្ថែម « ហើយ​នៅ​ជាប់​នៅក្នុង » ទៅលើ​គោលការណ៍​ដែល​បាន​បង្ហាញ​នោះ ដើម្បី​ឲ្យ​វា​អាន​ទៅ​ថា « … យើង​ត្រូវ​តែ​ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » ។

សូម​ឲ្យ​សិស្ស​សរសេរ​ពរជ័យ​ផ្សេងទៀត​មួយ​ចំនួន​អំពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដាក់​នៅលើ​ក្ដារខៀន ។ ( សូម​ឲ្យ​សិស្ស​ទាញ​យក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ពរជ័យ​ទាំងនេះ​ណាមួយ​ដែល​សំខាន់​បំផុត​ចំពោះ​បងប្អូន ? ហេតុអ្វី ?

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ជួយ​សិស្ស​ឲ្យ​រៀបចំ​សម្រាប់​ថ្នាក់រៀន ។ សិស្ស​ដែល​រៀបចំ​ខ្លួន​ដោយ​ខ្លួន​គេ​សម្រាប់​ថ្នាក់រៀន​កំពុង​អនុវត្ត​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់ និង​ព្រះសមត្ថភាព​របស់​ទ្រង់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោនធន៍​រៀនសូត្រ​ដ៏​កាន់តែ​ជ្រាលជ្រៅ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​អាច​បំពេញ​តួនាទី​របស់​ពួកគេ​នៅក្នុង​ដំណើរការ​នៃ​ការរៀន​សូត្រ តាមរយៈ​ការសិក្សា​ឯកសារ​រៀបចំ ហើយ​ធ្វើ​សម្មភាព​រៀនសូត្រ​ទាំងឡាយ ។ បងប្អូន​អាច​មើល​ទៅ​មេរៀន​ក្រោយ​មួយ ឬ​ច្រើន​ដើម្បី​ឲ្យ​សិស្ស​ដឹង​ពី​អ្វី ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ក្រោយ ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​ឯកសារ​រៀបចំ ពួកគេ​ត្រូវបាន​សូម​ឲ្យ​និយាយ​ជាមួយ​ដៃគូ​ស្វាមី​ភរិយា​រៀបការ​ហើយ​មួយ​គូ ដែល​ពួកគេ​ស្គាល់​ដែល​មាន​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​រឹងមាំ និង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​ដៃគូ​ស្វាមី​ភរិយា​នេះ​បាន​ធ្វើ ដើម្បី​បង្កើត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​របៀប​ដែល​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បាន​ពង្រីក​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការសន្ទនា​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​គុណសម្បត្តិ ចរិត​លក្ខណៈ ឬ​សកម្មភាព​អ្វី​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍ ហើយ​បង្កើត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ជាទី​ស្រឡាញ់ និង​សុចរិត ។ សូម​​ឲ្យ​ពេល​សិស្ស​កត់ត្រា​ទុក និង​ដាក់​ផែនការ​មួយ​ដើម្បី​ធ្វើតាម​ការបំផុស​គំនិត​នានា ដែល​ពួកគេ​ទទួល​បាន ។

ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ការពារ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។

សូម​សួរ​សំណួរ​ខាង​ក្រោម​នេះ ៖

  • ហេតុអ្វី​វា​សំខាន់​ចំពោះ​យើង​ដើម្បី​ការពារ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ? ( សិស្ស​អាច​រំឭក​មើល ផ្នែក​ទី ៣ នៅក្នុង​ឯកសារ​រៀបចំ​ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ ) ។

  • តើ​បងប្អូន​ធ្លាប់​បាន​ការពារ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែរ​ឬ​ទេ ? ប្រសិនបើ​ធ្លាប់ តើ​បងប្អូន​មាន​បទពិសោធន៍​ដូចម្ដេច​ដែរ ?

សូម​បង្ហាញ​សារ​ដូច​ខាងក្រោម​នេះ​ដល់​សិស្ស ហើយ​សូម​ឲ្យ​ពួកគេ​ពិចារណា​ថា តើ​ពួកគេ​ធ្លាប់​បាន​ឮ​អ្វីមួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ផ្នត់គំនិត​ដូច​អ្វី​ខាងក្រោម​នេះ​ឬ​អត់ ៖

« ហេតុអ្វី​បានជា​បងប្អូន​ចង់​រៀបការ​នា​ពេលនេះ ? បងប្អូន​នៅ​មាន​មួយ​ជីវិត​ទៀត​ឯ​នោះ ។ ហេតុអ្វី​បងប្អូន​មិន​ប្រើ​ពេល​នេះ​ដើម្បី​​​សប្បាយ​រីករាយ និង​ចាប់​ផ្តើម​ក្នុង​ជីវិត​នេះ ? »

សូម​រំឭក​សិស្ស​ថា គោលការណ៍​មួយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​គឺ ត្រូវ​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ ។ សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ ដោយសារ​វា​ទាក់ទង​ទៅនឹង​សំណួរ​អំពី​អាពាហ៍ពិពាហ៍ ។

សូម​ចែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​សូម​ឲ្យ​ពួកគេ​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​ប្រាប់​នរណាម្នាក់ ដែល​មាន​ទស្សនវិស័យ​ដូច្នេះ ។ សូម​ផ្ដល់​ដល់​សិស្ស​នូវ​ច្បាប់ចម្លង​សំណួរ​ខាងក្រោម​នេះ ( ឬ​បង្ហាញ​សំណួរ​នេះ ) ដើម្បី​ជួយ​ដឹកនាំ​ការពិភាក្សា​របស់​ពួកគេ ៖

  • តើ​បុគ្គល​នេះ​អាច​មាន​ការសន្មត​បែប​ណា ដែល​អាច​ដាក់​កម្រិត​ដល់​ទស្សនៈ​របស់​គាត់​អំពី​សារសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ?

  • តើ​ការយល់ដឹង​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ចេញ​មកពី​ទស្សនវិស័យ​នៃ​ផែនការ​របស់​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ អាច​ជួយ​ដោះស្រាយ​ទស្សនៈ​របស់​បុគ្គល​នេះ​បាន​ដោយ​របៀប​ណា ?

  • តើ​គោលលទ្ធិ បទគម្ពីរ ឬ​ការបង្រៀន​មកពី​ព្យាការី​អ្វីខ្លះ ដែល​បងប្អូន​អាច​ចែកចាយ​ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​មើល​ទៅ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ចេញពី​ទស្សន​វិស័យ​ដ៏​អស់​កល្ប​ជានិច្ច​មួយ ?

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ក្រុម​របស់​ពួកគេ​បាន​ពិភាក្សា ។

សូម​បញ្ចប់​មេរៀន​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សេចក្ដីពិត​ដែល​បាន​បង្ហាញ​នៅក្នុង​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

នៅពេល​បងប្អូន​បញ្ចប់​មេរៀន​នេះ សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​ក៏​បាន​បើក​សម្ដែង​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ដល់​ព្យាការី យ៉ូសែប ស៊្មីធ​ផងដែរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន​ឯកសារ​រៀបចំ​របស់​ពួកគេ​សម្រាប់​មេរៀន​ទី ២២ ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​មក​ដោយ​បាន​រៀបចំ​ខ្លួន​ជាមុន ដើម្បី​ពិភាក្សា​ពី​មូលហេតុ​ដែល​ពួកបរិសុទ្ធ​សម័យ​ដើម​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ។