ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៦ ៖ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព


« ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៦ ៖ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៦ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៦

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព

ព្រះអម្ចាស់​បាន​បង្គាប់​ពួក​បរិសុទ្ធ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីក្រុង​ខឺត​ឡង់ រដ្ឋ​អូហៃ​អូ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ឲ្យ​ពួកគេ​នូវ​« ព្រះចេស្ដា​មក​ពី​ស្ថាន​លើ »​( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:៨ ) ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ពិចារណា​អុំពី​របៀប​ដែល​ពួកគេ​អាច​គោរព​បទ​បញ្ញត្តិ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធឲ្យ​កាន់​តែ​ពេញ​លេញ ។ វា​ក៏​នឹង​ជួយ​ពួកគេ​ពន្យល់​ពី​សារៈសំខាន់​នៃ​កូនសោ​បព្វជិតភាព​ដែលត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​បំពេញ​បទ​បញ្ញត្តិ​របស់​ទ្រង់​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​អ្វី​មួយ​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ទំនង​ជា​រឿង​ពិបាក ឬ​ធ្វើ​ឲ្យ​ថប់​បារម្ភ ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​ឧទាហរណ៍​មួយ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ សូម​រំឭក​សិស្ស​ថា នៅ​ខែ​ធ្នូ ឆ្នាំ​១៨៣២ ព្រះអម្ចាស់​បាន​បង្គាប់​ពួក​បរិសុទ្ធ​ឲ្យ​សង់​« ដំណាក់​នៃ​ព្រះ »​នៅ​ទីក្រុង​ខឺតឡង់​( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩ ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សូម​ពន្យល់​ថា បន្ទាប់​ពី​សេចក្ដី​បង្គាប់​របស់​ព្រះ​បាន​ជាង​ប្រាំ​ខែ​ក្រោយ​មក ថ្នាក់ដឹកនាំ និង​សមាជិក​ក្នុង​សាសនាចក្រ​នៅ​តែ​ពុំ​បាន​ចាប់ផ្ដើម​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​នៅឡើយ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១–៣ ជាមួយ​នឹង​សិស្ស ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ការពន្យារ​ពេល​របស់​ពួក​បរិសុទ្ធ​នៅ​ក្នុង​ការសាង​សង់​ព្រះវិហារ​បរិសុទ្ធ​នោះ ។

  • ហេតុអ្វី​បងប្អូន​គិត​ថា ការ​ពុំ​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​អាច​ចាត់​ទុក​ថា​ជា​« អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​ណាស់ » ? ( ខ​ទី ៣, សូមមើល​ផង​ដែរ​ខ​ទី ៦ ) ។

  • តើ​បងប្អូន​គិត​ថា ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​បរិសុទ្ធ​ដោយ​សារ​ពុំ​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ​តាម​របៀប​ណា ? ( សូមមើលខទី ១ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៥:៨ ដោយ​ស្វែងរក​ហេតុផល​មួយ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​មួយ​ត្រូវ​បាន​សង់​ឡើង​នៅ​ក្នុង​ទីក្រុង​ខឺតឡង់ ។

សូម​ពន្យល់​ថា ប្រទាន​មានន័យ​ថា​ការ​ផ្ដល់​អំណោយ​មួយ​ដល់​មនុស្ស​ម្នាក់ ។ អំណោយទាន​ដែល​បាន​លើក​ឡើង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៥ រួម​មាន​អំណោយ​ទាន​នៃ​ចំណេះ​ដឹង និង​អំណាច​ខាង​វិញ្ញាណ ។ ពិធី​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​អនុវត្ត​នៅ​សព្វថ្ងៃ​នេះ​ពុំ​ត្រូវ​បាន​បើក​សម្ដែង​ឡើយ​រហូត​ដល់​ឆ្នាំ ១៨៤២ នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:១១–១២ ឲ្យ​ឮៗ ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​មក​ពី ការ​សន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​បរិសុទ្ធ​នៅ​ក្នុង ខទី ១១ ? ( ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស សូម​សរសេរ​គោលការណ៍​មួយ​នៅ​លើ​ក្ដារ​ខៀន​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​ទៅ​នេះ ៖ នៅពេល​យើង​ខិតខំ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​យើង​ដើម្បី​សម្រេច​បាន​តាម​ព្រះទ័យ​របស់​ទ្រង់ ) ។

  • ហេតុអ្វី​ការ​សន្យា​នេះ​មក​ពី​ព្រះអម្ចាស់​បាន​ក្លាយ​ជា​ការ​លួង​លោម​ចិត្ត​មួយ​ដល់​ពួក​បរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ ? ( សូម​មើល​សេចក្ដី​ថ្លែងការណ៍​របស់ អេលីហ្សា អ័រ ស្នូ​នៅ​ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។ តើ​គោលការណ៍​នេះ​អាច​ជា​ការ​លួង​លោម​ចិត្ត​ដល់​បងប្អូន​នៅ​ក្នុង​ជីវិត​សព្វ​ថ្ងៃ​របស់​បងប្អូន​តាម​របៀបណា ?

  • តើ​អ្វីខ្លះ​ជា​ការ​លះបង់​មួយ​ចំនួន​ដែល​ពួក​បរិសុទ្ធ​បាន​ធ្វើ​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ? ( ប្រសិនបើ​ចាំបាច់ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​ផ្នែក​ទី ១​នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​អំណាច ហើយ​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន នៅ​ក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ហើយ​គិត​ពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ពួក​បរិសុទ្ធ​សព្វ​ថ្ងៃ​ជួយ​នៅ​ក្នុង​ការ​សង់​ព្រះវិហារ​បរិសុទ្ធ​តាម​របៀប ណា ? តើ​ការ​លះបង់​បែប​ណាខ្លះ​ដែល​ខ្ញុំ​នឹង​ធ្វើ​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​បងប្អូន​គិត​ថា ហេតុអ្វី​បាន​ជា​ការ​លះបង់​​ជា​រឿយៗ​តែងតែមានការទាក់ទង​ទៅនឹង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ ?

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ទុក​ពេល​ឲ្យ​សិស្ស​គិត ។ នៅពេល​សិស្ស​មាន​ពេល​ដើម្បី​សញ្ជឹង​គិត​ពី​បទពិសោធន៍​នានា​ជាមួយ​នឹង​ការ​រស់​នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​នាំ​យក​ការ​ចងចាំ​ចូល​មក​ក្នុង​គំនិត​របស់​ពួកគេ ។ ការប្រើ​វិធីសាស្ដ្រ​នេះ​ម្ដង​ម្កាល​ជាមួយ​នឹង​ការ​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រានូវ​គំនិត​របស់​ពួកគេ​ពី​មុន​ចែក​ចាយ​វា អាច​ដឹកនាំ​ទៅ​ការ​ឆ្លើយ​តប​កាន់​តែ​មាន​ន័យ និង​ឆន្ទៈដ៏​ធំ​មួយ​ដើម្បី​ចែក​ចាយ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​គិត ( ហើយ​ប្រហែល​ជា​សរសេរ​ផង​ដែរ ) អំពី (១) ការ​លះបង់​ដែល​ពួកគេ​បាន​ធ្វើ​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ (២) ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​រួច​ហើយ​មក​ពី​ព្រះវិហារ​បរិសុទ្ធ និង ( ៣) អ្វី​ដែល​ពួកគេ​អាចធ្វើ​ដើម្បី​កាន់តែ​ឧស្សាហ៍ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះអម្ចាស់​បាន​ទទួលយក​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​កូនសោ​បព្វជិតភាព​ត្រូវបាន​ប្រគល់​ដល់​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី ។

កំណត់​ចំណាំ ៖ សិស្ស​នឹង​ធ្វើការសិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩, ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ នៅក្នុង មេរៀនទី ២០ ។

សូមពន្យល់ថា តាមរយៈការធ្វើ​ពលិកម្ម​របស់​ពួកបរិសុទ្ធ និង​មានជំនួយ​របស់​ព្រះអម្ចាស់ នោះ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវបាន​សង់​រួចរាល់ ហើយ​បន្ទាប់មក​បាន​ឧទ្ទិសឆ្លង​នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។ អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះចេស្ដា​របស់ព្រះអម្ចាស់​បានប្រទានឲ្យ​ដែល​ជា​លទ្ធផល​មក​ពី​ការគោរព​ប្រតិបត្តិ​របស់​ពួកបរិសុទ្ធ​ក្នុងការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នេះ ។

  • តើ​ការ​បង្ហាញ​ខាង​វិញ្ញាណ​ណាខ្លះ​ដែល​ពួកបរិសុទ្ធ​បាន​ជួបប្រទះ​នៅអំឡុង​​ពេល​ធ្វើការឧទិ្ទស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ក្រោយ ព្រះអង្គ​សង្រ្គោះ និង​ពួកសារទូត​សួគ៌ដទៃ​ទៀត​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ក្បាល​កណ្ឌ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ ឮៗ ។

សូម​បង្ហាញ​រូបភាព​ដូចខាងក្រោម ៖

រូបភាព
ព្រះអម្ចាស់​បង្ហាញ​ព្រះកាយ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ឌេល ផាសិន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–១០​ជាមួយ​នឹង​សិស្ស ដោយ​រកមើល​ការពិពណ៌នា​អំពីព្រះអង្គ​សង្រ្គោះ និង​សារលិខិត​របស់​ទ្រង់​ចំពោះ​យ៉ូសែប និង​អូលីវើរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​អ្វី​ដែល​លេចធ្លោ​ចំពោះ​ពួកគេ ។ នៅពេល​សិស្ស​ចែកចាយ សូម​ទុកពេល​ឲ្យ​ពួកគេ​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ចេញ​មកពី​ការបង្ហាញ​ព្រះកាយ និង​ការបង្រៀន​នៅក្នុង​ដំណាក់​ដែល​ទើប​សង់​ឡើង​ថ្មី​របស់​ទ្រង់ ?

  • តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ និង​សេចក្តី​សន្យា​អ្វីខ្លះ​នៅក្នុង ខទី ៧–៨ បង្រៀន​អំពី​ភាព​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់ទ្រង់ ?

  • តើ​ព្រះវិហារបរិសុទ្ធ​ខឺតឡង់​មាន​ឥទ្ធិពល​អ្វីខ្លះ​ចំពោះ​ពិភព​លោក​ទាំងមូល ? ( សូមមើល​ខទី ៩–១០ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​ដឹង​អំពី​ពួកសារទូត​ទេវតា​ដទៃទៀត​ដែល​បាន​បង្ហាញ​ព្រះកាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ បងប្អូនអាច​បង្ហាញ​សេចក្តីពិត​ដូចតទៅ​នេះ ៖​ព្រះអម្ចាស់​បាន​បញ្ជូន​សារទូតមកពី​ស្ថានសួគ៌​មកកាន់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដើម្បី​ប្រគល់​កូនសោ​បព្វជិតភាព​ដែល​ចាំបាច់​សម្រាប់​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ។

សូម​ឲ្យ​សិស្ស​ពន្យល់​ផងដែរ​អំពី​កូនសោ​ដែល​សារទូត​ទាំងនេះ​បាន​ប្រគល់​ដល់​យ៉ូសែប និង​អូលីវើរ ។ សូម​ឲ្យ​សិស្ស​បើកទៅ​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ បើ​ចាំបាច់ ។ នៅពេល​សិស្ស​ចែកចាយ សូម​ពិចារណា​ការបង្ហាញ​ឈ្មោះ ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា ជាមួយនឹង​កូនសោ​ទាំងឡាយ​ដែល​ជាប់ទាក់ទង​គ្នា ។

  • តើ​តាម​របៀប​អ្វីខ្លះ​ដែល​យើង​ទទួលបាន​ពរជ័យ​សព្វថ្ងៃនេះ ដោយសារ​តែ​កូនសោ​បព្វជិតភាព​ដែល​បាន​ប្រគល់​ឲ្យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ?

សូមបង្ហាញ​សេចក្តីថ្លែងការណ៍​ដូចខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ធ្វើការ​អាន​ឲ្យ​ឭៗ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ គឺជា​ទី​តាំង​ដ៏​អស្ចារ្យ​មួយ​នៃ​កំណត់​ហេតុ​នៃ​ការ​សង់​ព្រះវិហារ​បរិសុទ្ធ ។ វា​ពុំ​ដូចជា​ព្រះវិហារ​បរិសុទ្ធ​ផ្សេង​ទៀត​នោះ​ទេ ។ វា​ត្រូវ​បានសាង​សង់​ឡើងជា​ចម្បង​សម្រាប់​ការ​ស្ដារ​កូនសោ​នៃ​សិទ្ធិ​អំណាច​ឡើង​វិញ ។ ( យ៉ូសែប ហ្វិលឌីង ស្ម៊ីធ Doctrines of Salvation រៀប​រៀង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី [ ឆ្នាំ ១៩៥៥ ] ២:២៤២ )

សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​​មួយ​អំពី​វិធី​ជាក់​លាក់​មួយ ដែល​កូន​សោ​ទាំងឡាយ​ត្រូវ​បាន​ប្រគល់​ឲ្យ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ដែលបាន​ផ្ដល់​ពរ​ជ័យ​ដល់​ជីវិត​របស់​បងប្អូន ។ សូម​ថ្លែង​ទីបន្ទាល់​ថា កូនសោ​បព្វជិតភាព​ដែល​បាន​ផ្ដល់​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ត្រូវ​បាន​កាន់ ហើយ​បាន​ប្រើ​ប្រាស់​នៅ​សព្វ​ថ្ងៃ​នេះ​ដោយ​សមាជិក​គ្រប់​រូប​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​សាសនាចក្រ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ថា ដើម្បី​រៀបចំខ្លួន​សម្រាប់​មេរៀន​សប្ដាហ៍​ក្រោយ សិស្ស​នឹង​មាន​ឱកាស​សិក្សា​ពី​គ្រា​ដ៏​ខ្មៅ​ងងឹត​មួយ​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ ពេល​ពួក​បរិសុទ្ធ​បាន​ដក​ពិសោធន៍​នូវ​ការ​សាកល្បង ការ​បៀតបៀន និង​ការ​ក្បត់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ឯកសារ​រៀបចំ ហើយ​​មក​កាន់​ថ្នាក់​រៀន​ដោយ​បានត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចែកចាយ​ពី​គោលការណ៍​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ប្រឈម​មុខ​និង​ឧបសគ្គ និង​ការ​លំបាក​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ ។