ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៧ ៖ វិវរណៈ​អំពី​បព្វជិតភាព


« ឯកសារ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៧ ៖ វិវរណៈ​អំពី​បព្វជិតភាព » ឯកសារ​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៧ » ឯកសារ​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារសិក្សា​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២៧

វិវរណៈ​អំពី​បព្វជិតភាព

រូបភាព
គ្រួសារ​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

តើ​អ្នក​ធ្លាប់ឆ្ងល់ ឬ​ត្រូវបាន​សុំឲ្យ​ពន្យល់​ពីមូលហេតុ​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​អំបូរ​អាមេរិកាំង​ស្បែក​ខ្មៅ​ត្រូវបាន​ហាមឃាត់​អស់ពេល​មួយរយៈ​ មិន​ឲ្យ​​តែងតាំង​​មាន​បព្វជិតភាព និង​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ? នៅពេលអ្នកសិក្សា សូម​គូស​បញ្ជាក់​នូវ​អ្វី​ដែល​អ្នកដឹង និង​​មិនដឹង​អំពី​ការហាម​ឃាត់​​បព្វជិតភាព និង​ព្រះវិហារបរិសុទ្ធ​នេះ ។ សូមស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក ឲ្យ​យល់ដឹងកាន់តែ​ច្បាស់​អំពី​​ប្រធានបទនេះ និង​ពន្យល់​វា​ទៅអ្នកដទៃ​តាមរបៀប​ត្រឹមត្រូវ និង​ស្មោះត្រង់​មួយ ។

ផ្នែក​ទី ១

តើ​យើងដឹង​អ្វីខ្លះ​អំពី​ការចាប់ផ្តើម​ការហាម​ឃាត់​ដល់​បព្វជិតភាព និង​ព្រះវិហារបរិសុទ្ធ ?

« ព្រះគម្ពីរ​មរមន​បង្រៀន​ថា​គ្រប់ ‹ មនុស្ស​ទាំងអស់​ក៏​ដូចគ្នានៅ​ចំពោះ​ព្រះ › រួម ‹ ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី › ( នីហ្វៃទី ២ ២៦:៣៣ ) ។ ពេញ​ទាំង​ប្រវត្តិ​​សាសនាចក្រ មនុស្ស​ទាំងអស់​នៃ​អស់​ទាំង​សាសន៍ និង​ជាតិពន្ធ​នៅក្នុង​ប្រទេស​ជាច្រើន​បាន​ជ្រមុជទឹក និង​បាន​រស់នៅ​ជា​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ ។ អំឡុងពេល យ៉ូសែប ស្ម៊ីធ នៅមាន​ជីវិត មាន​បុរស​ស្បែក​ខ្មៅ​ពីរ​បី​នាក់​ដែលជា​សមាជិក​នៃ​សាសនាចក្រ ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព ។ កាលពី​ដើម​នៅក្នុង​ប្រវត្តិសាស្ដ្រ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បញ្ឈប់​ការអនុញ្ញាត​ឲ្យ​មាន​បព្វជិតភាព​ដល់​បុរស​ស្បែក​ខ្មៅ​ដែល​មាន​ពូជអំបូរ​អាហ្រ្វិក ។ កំណត់ត្រា​សាសនាចក្រ​មិនបាន​ផ្តល់​ការយល់ដឹង​ដ៏​​ច្បាស់លាស់​នៃ​ការចាប់ផ្តើម​ការអនុវត្តន៍​នេះនោះទេ ( បុព្វកថា ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២ ) ។

រូបភាព
រូបថត​ អេលីយ៉ា អាប់ប៊ល

អេលីយ៉ា អាប់ប៊ល គឺជា​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ស្បែកខ្មៅ​ដែល​បាន​តែងតាំង​បព្វជិតភាព​នៅក្នុង​ប្រវត្តិ​សាសនាចក្រ​​កាលពីដើម ។

នៅសម័យនេះ បុរស និង​ស្រ្តី​ស្បែកខ្មៅ​ក៏​ត្រូវ​បាន​ហាមឃាត់​ពីការ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​ផងដែរ ប៉ុន្តែ​ពួកគេ​នៅតែ​អនុញ្ញាត​ឲ្យ​ទទួលបុណ្យជ្រមុជទឹក ហើយ​ទទួលអំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ ។ ទោះបីជា​ភាគច្រើន​គឺមិនបាន​ដឹង​អំពី​ការហាមឃាត់​នៃ​ការទទួល​បព្វជិតភាព និង​ចូល​ព្រះវិហារ​បរិសុទ្ធ​ក្តី ក៏​ពួកព្យាការី​សម័យ​ចុងក្រោយ រួមទាំង ព្រិកហាំ យ៉ង់, ដេវីឌ អូ ម៉ាក់ឃេ និងហារ៉ូល ប៊ី លី បានបង្រៀនថា ពេលវេលា​នឹង​មកដល់​នៅពេល​សមាជិក​ដែល​មានភាពស័ក្តិសម​ទាំងអស់​នៃ​សាសនាចក្រ មិនថា​មានពូជសាសន៍​អ្វី​នោះទេ នឹង​អាច​ទទួល​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ ( សូមមើល « The Long-Promised Day » Ensign ខែ មិថុនា ឆ្នាំ ២០១៨ ទំព័រ ៣៤ ) ។

នៅ​ប៉ុន្មានឆ្នាំមកនេះ ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​មួយចំនួន​បាន​លើក​ឡើង​ពីមូលហេតុ​ការហាមឃាត់​បព្វជិតភាព និង​ព្រះវិហារបរិសុទ្ធ​នេះ​ត្រូវបានណែនាំ ។ ទោះជាយ៉ាងណាក្តី សេចក្តីថ្លែងការណ៍នេះ​ត្រូវបាន​ផ្តល់​ឲ្យ​ជា​មតិ​យោបល់ និង​មិនតំណាង​ឲ្យ​គោលលទ្ធិ​នៃ​សាសនាចក្រឡើយ ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ ដែល​មិនទាន់​ធ្វើជា​សាវក​នៅពេល​ដាក់​ការហាមឃាត់​បព្វជិតភាព និង​ព្រះវិហារបរិសុទ្ធ​បានឡើង​មានប្រសាសន៍​អំពី​អារម្មណ៍​របស់​លោក​ពីមុន​វិវរណៈ​ដែល​លើកឲ្យ​មាន​ការដាក់កម្រិត​ទាំងនោះ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ខ្ញុំបានមើលឃើញ​ពីបទពិសោធន៍​នៃ​ការឈឺចាប់ និង​ការស្មុគស្មាញ​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​ជាប់ក្នុងការ​ហាមឃាត់ និង​អ្នក​ទាំងឡាយណា​ដែល…ស្វែងរក​មូលហេតុ ​[ ឲ្យ​ខ្លួន​របស់ពួកគេ ] ។ ខ្ញុំបានសិក្សា​ពីមូលហេតុ បន្ទាប់មក​ក៏បាន​ទទួល​អារម្មណ៍​បញ្ជាក់ថា​គ្មាន​ហេតុផល​ណាមួយ​ពិត​ឡើយ ។ ដោយជាផ្នែកមួយ​នៃ​ការសិក្សា​ពោរពេញ​ដោយការ​អធិស្ឋាន​របស់​ខ្ញុំ ខ្ញុំបានរៀនថា ជាទូទៅ ព្រះអម្ចាស់​កម្រ​ផ្តល់ឲ្យ​មូលហេតុ​ចំពោះ​បញ្ញត្តិ និង​ការណែនាំ​ទាំងឡាយ​ដែល​ទ្រង់បាន​ប្រទាន​ដល់ពួកអ្នកបម្រើ​ទ្រង់ណាស់ ។ ខ្ញុំបាន​ប្តេជ្ញាចិត្ត​ថាត្រូវ​ស្មោះត្រង់​ចំពោះ​ថ្នាក់ដឹកនាំ​ជា​ព្យាការី​របស់​យើង ហើយ​ត្រូវ​អធិស្ឋាន​—ដែលបាន​សន្យា​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការហាមឃាត់នេះ​—​ថា​ថ្ងៃនោះ​នឹងមកដល់ នៅពេល​មនុស្ស​ទាំងអស់​អាច​រីករាយនឹង​ពរជ័យ​នៃ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ ។( « ប្រធាន អូក សុន្ទរកថា​ការប្រារព្ធ​ពិធីបព្វជិតភាព​ទូទាំង​ពិភពលោក » មានចិត្តតែមួយ—ការប្រារព្ធពិធី​ការស្តារ​បព្វជិតភាព​ឡើងវិញ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៨ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org )

ផ្នែក​ទី ២

តើ​កាលៈទេសៈអ្វី​ដែល​បានដឹកនាំ​ឲ្យ​មាន​វិវរណៈមកពី​ព្រះអម្ចាស់​ឲ្យ​ផ្តល់​បព្វជិតភាព​ដល់​រាល់​សមាជិកបុរស​ដែល​មានភាព​ស័ក្តិសម​ទាំងអស់​នៃ​សាសនាចក្រ និង​ផ្តល់​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​ដល់​សមាជិក​ដែលមាន​ភាពស័ក្តិសម​ទាំងអស់ ?

ក្នុងឆ្នាំ ១៩៦៤ យ៉ូសែប វិលលាម ប៊ីលី ចនសុន ដែល​មកពី​​​ទីក្រុង​ខាប ខូសធ៍ ប្រទេស​ហ្គាណា បាន​ទទួល​​ទីបន្ទាល់​នៃ​ការស្តារ​ឡើងវិញ​នៃដំណឹងល្អ បន្ទាប់ពី​អាន​ព្រះគម្ពីរ​មរមន និង​អក្សរសិល្ប៍​ដទៃទៀត​នៃ​សាសនាចក្រ​ដែលបាន​ជូន​ដល់​គាត់ ។ បងប្រុស ចនសុន និង​ពួកអ្នកដទៃទៀត ដែល​បានចូល​សាសនាចក្រ​បានផ្ញើសំបុត្រ​ទៅ​ប្រធាន ដេវីឌ អូ មិកឃេ ដោយ​ស្នើសុំ​ឲ្យ​បញ្ជូន​ពួក​អ្នកផ្សព្វផ្សាយសាសនា​ទៅកាន់​ទ្វីប​អាហ្រ្វិក ដើម្បី​ធ្វើពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​គាត់ និង​ពួក​អ្នកដទៃទៀត​ដែល​បាន​ចែកចាយ​ដំណឹងល្អ ។ ប្រធាន មិកឃេ បាន​ឆ្លើយតប​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នឹង​បញ្ជូនទៅ « តាមពេល​កំណត់​របស់ព្រះអម្ចាស់ » ប៉ុន្តែ រហូតដល់​ពេលនោះ បងប្រុស ចនសុន គួរតែ​បន្ត​សិក្សា​ដំណឹងល្អ ហើយ​ជួយ​ពួក​អ្នកដើរតាម​គាត់ ( ក្នុង E. Dale LeBaron « Steadfast African Pioneer » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៩ ទំព័រ ៤៥–៤៩ ) ។

ទោះបីជា​បងប្រុស ចនសុន គ្មាន​ឱកាស​ទទួល​បុណ្យជ្រមុជទឹក​នៅពេល​នោះក្តី ក៏​គាត់ និង​មនុស្ស​ពីរបីនាក់ទៀត​បាន​ផ្សព្វផ្សាយ​សារលិខិត​នៃដំណឹងល្អ​យ៉ាង​ឧស្សាហ៍ព្យាយាម​នៅក្នុង​ប្រទេស​ហ្គាណា​អស់​​ពេល​ជាច្រើន​ឆ្នាំ​ដែរ ។ បងប្រុស ចនសុន បាន​ដឹកនាំ​អង្គប្រជុំ​នៃ​ពួកអ្នកជឿ​មួយចំនួន ហើយបានដឹកនាំ​ពួកគេ​ឲ្យតមអាហារ​ជា​ប្រចាំ ដែល​ពួកគេ​អាច​ទូលសូម​​ឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មក​ដល់​ទឹកដី​របស់ពួកគេ ហើយ​កសាង​សាសនាចក្រ​ឲ្យពួកគេ ( សូមមើល Elizabeth Maki « ‘A People Prepared’: West African Pioneer Preached the Gospel before Missionaries » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ) ។

ដូចជា​ពួកអ្នកជឿ​នៅប្រទេស​ហ្គាណា​ដែរ មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​នៃ​សាសន៍​អាហ្រ្វិក បាន​ទទួល​ទីបន្ទាល់​ពីការស្តារឡើងវិញ​នៃ​ដំណឹងល្អ នៅពេល​កិច្ចការ​​ផ្សព្វផ្សាយ​សាសនា​ផ្សព្វផ្សាយ​ទូទាំង​ផែនដី​នៅអំឡុង​សតវត្សរ៍​ទី ២០ ។ ថ្នាក់ដឹកនាំ​​សាសនាចក្រ​ត្រូវបាន​បំផុស​គំនិត​ដោយសេចក្តីជំនឿ​នៃ​បុគ្គល​ម្នាក់ៗ ហើយ​មានបំណង​ចង់​ចែកចាយ​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​ដល់ពួកគេ ( សូមមើល​ សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល មាន​ចំណាប់​អារម្មណ៍​ជាពិសេស​ដើម្បី​ថ្លែង​សុន្ទរកថា​ពី​ការដាក់​កម្រិត​នៃ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​នៅអំឡុងពេល​ដែល​លោក​ធ្វើជា​ប្រធាន​នៃ​សាសនាចក្រ ។ លោក​បាន​នឹក​ចាំ​ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

ខ្ញុំបានដឹងថា​ មានអ្វីមួយ​នៅចំពោះមុខយើង ដែល​មានសារៈសំខាន់​បំផុត​ចំពោះបុត្រា​បុត្រី​ជាច្រើន​របស់​ព្រះ ។… ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបាន​នៅតែម្នាក់ឯង ហើយ​ជាមួយនឹងភាព​ច្បាស់លាស់ និង​ប្រាកដប្រជា​នៅបន្ទប់ខាងលើ​នៃ​ព្រះវិហារបរិសុទ្ធ ហើយ​នៅទីនោះ​ខ្ញុំ​បាន​ទូលថ្វាយ​ព្រលឹង​របស់ខ្ញុំ និងការខិតខំ​របស់ខ្ញុំ​ថា​ត្រូវឆ្ពោះទៅមុខ​ជាមួយ​កម្មវិធីនេះ ។ ខ្ញុំចង់​ធ្វើតាម​អ្វី​ដែល​ទ្រង់ចង់បាន ។ ខ្ញុំ​បាន​ទូលទៅកាន់ទ្រង់ ហើយ​បាននិយាយថា « ព្រះអម្ចាស់ ទូលបង្គំ​គ្រាន់តែ​ចង់បាន​អ្វីដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ ។… យើង​ចង់តែ​ធ្វើ​រឿងអ្វី​ដែល​ទ្រង់​មានព្រះទ័យ​ចង់បាន​ប៉ុណ្ណោះ ហើយ​យើង​ចង់បាន​វា​នៅពេល​ទ្រង់​មានព្រះទ័យ​ចង់បាន​វា ហើយ​មិន​ធ្វើ​​រហូតដល់ » ។… ព្រះអម្ចាស់​បាន​បង្ហាញ​ខ្ញុំយ៉ាងច្បាស់​នូវ​អ្វីដែល​ត្រូវធ្វើ ។។ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​ ២០០៦ ] ទំព័រ ២៣៨–៣៩ )

ដូចដែល​បានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា « វិវរណៈ​បាន​ប្រទាន​ឲ្យ​ដល់​ប្រធាន​នៃ​សាសនាចក្រ ស្ពែនសើរ ដបុលយូ ឃឹមបឹល ហើយ​ដូចដែល​បាន​បញ្ជាក់​ទៅ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃទៀត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩៧៨ » ( បុព្វកថា​សេចក្តីប្រកាស​ជាផ្លូវការ​ទី ២ ) ។

នៅក្នុង​សេចក្តីប្រកាស​ជាសាធារណៈ​របស់​ពួកលោក​អំ​ពី​វិវរណៈនេះ គណៈប្រធាន​ទីមួយ​បានថ្លែងថា ៖

រូបភាព
ប្រធាន ឃឹមបឹល និង​ទីប្រឹក្សា

យើងបាន​ទូលអង្វរ​យ៉ាងយូរ និង​យ៉ាង​ស្មោះត្រង់​ក្នុងធុរកិច្ច​ទាំងនេះ បងប្អូន​ប្រុស​ដ៏ស្មោះត្រង់​របស់​យើង​អើយ ដោយ​ចំណាយ​ពេល​ជាច្រើនម៉ោង​នៅក្នុង​បន្ទប់​ខាងលើ​នៃ​ព្រះវិហារ​បរិសុទ្ធ​​ដើម្បី​បួងសួង​ដល់​ព្រះអម្ចាស់​សូម​​ការណែនាំ​ដ៏ទេវភាព ។

ទ្រង់បានឮ​ការអធិស្ឋាន​របស់យើង ហើយ​តាមរយៈ​វិវរណៈ​បាន​បញ្ជាក់ថា ថ្ងៃ​ដែល​បាន​សន្យា​ជាយូរនោះ​បាន​មកដល់​ហើយ នៅពេល​រាល់​ជន​ស្មោះត្រង់​ទាំងអស់ មានភាពស័ក្តិសម​ក្នុង​សាសនាចក្រ​​អាចទទួល​បព្វជិតភាព​ដ៏​​បរិសុទ្ធ ជាមួយ​អំណាច​ដើម្បី​អនុវត្ត​សិទ្ធិអំណាច​ដ៏ទេវភាព​របស់ខ្លួន​ ហើយរីករាយ​នឹង​ក្តីស្រឡាញ់​របស់ទ្រង់ នៅពេល​រាល់​ពរជ័យ​បានហូរមក​តាំង​ពីពេលនោះ រួមទាំង​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​ផងដែរ ។ ( សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២ )

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ដែល​ជាសមាជិក​នៃ​កូរ៉ុម​ពួកសាវក​ដប់ពីរនាក់​នៅគ្រា​ដែល​វិវរណៈ​នោះ​​ត្រូវបានទទួល បានថ្លែងទីបន្ទាល់​ពី​អ្វី​ដែល​កើតឡើង​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នៅថ្ងៃនោះ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

យើង​បានចូលរួម​នៅក្នុង​ការអធិស្ឋាន​ដែល​ពិសិដ្ឋបំផុត​លើសអស់ទាំង​កាលៈទេសៈ ។ ប្រធាន ឃឹមបឹល ផ្ទាល់​បាន​ថ្លែង​ពាក្យ​អធិស្ឋាន ។… អារម្មណ៍​នៃបរិយាកាស​ដ៏ស័ក្តសិទ្ធិ និង​បរិសុទ្ធ​មាន​នៅក្នុង​បន្ទប់​នេះ ។ សម្រាប់​ខ្ញុំ វា​មាន​អារម្មណ៍​ដូចជា​ទ្វារ​មួយ​បាន​បើក​​ចំហរ​រវាង​បល្ល័ង្ក​ស្ថានសួគ៌ និង​ព្យាការី​ព្រម​ទាំង​បងប្អូន​ប្រុស​របស់​លោក​ដែល​បាន​​លុត​ជង្គង់​ចុះ​អង្វរ​ទូល​សូម ។ ព្រះវិញ្ញាណ​នៃ​ព្រះបាន​គង់​​នៅ​ទីនោះ ។ ហើយតាមរយៈ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​សណ្ឋិត​លើ​ព្យាការី​បាន​បញ្ជាក់ថា រឿងដែល​លោក​បានអធិស្ឋាន​គឺជា​រឿង​ត្រឹមត្រូវ ។…

យើង​ទាំងអស់គ្នា​បានដឹងថា ពេលវេលា​បាន​មកដល់ហើយ សម្រាប់ការផ្លាស់ប្តូរ​មួយ ហើយ​ថា​ការសម្រេចចិត្ត​​នោះ​គឺ​បាន​មកពី​ស្ថានសួគ៌ ។ ចម្លើយ​បានទទួលយ៉ាង​ច្បាស់ ។ យើង​មាន​អារម្មណ៍​នៃ​សាមគ្គីភាព​​ដ៏​ឥតខ្ចោះ​នៅក្នុង​​បទពិសោធន៍ និង​ការយល់ដឹង​របស់​យើង ។( « ប្រriesthood Restoration » Ensign ខែ តុលា ឆ្នាំ ១៩៨៨ ទំព័រ ៦៩–៧០ )

រូបភាព
រូបតំណាងកំណត់ត្រា

កត់ត្រាគំនិតរបស់អ្នក

តើនៅពេលណា​ដែល​អ្នក​បានធ្វើជា​សាក្សី​ថា​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​តាមរយៈ​វិវរណៈ​ទៅកាន់​ពួកព្យាការី​របស់ទ្រង់ ? នៅក្នុងជីវិត​អ្នក តើ​អ្នកបានឃើញ​​ថា ព្រះអម្ចាស់​បាន​ធ្វើការ​ផ្លាស់ប្ដូរ​អ្វីខ្លះ ដើម្បី​​​សាសនាចក្រ​របស់ទ្រង់​អាច​​បំពេញ​បេសកកម្ម​របស់ខ្លួន​បាន ? ប្រសិនបើ​អាចធ្វើបាន សូមមើល​ទាំងអស់ ឬ​ផ្នែក​ខ្លះ​នៃ​សេចក្តី​ប្រកាស​ពី​វិវរណៈ​នៅឆ្នាំ ១៩៧៨ ពី​បព្វជិតភាព​នៅក្នុង​សន្និសីទ​ទូទៅ​ហើយ​សូម​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក ។

ផ្នែក​ទី ៣

តើ​ឥទ្ធិពល​អ្វី​ដែល​វិវរណៈនេះ​មាន​លើ​​សាសនាចក្រ និង​មនុស្ស​នៅ​ទូទាំង​​ពិភពលោក​នេះ ?

នៅ​ទីបញ្ចប់​នៃ​ថ្ងៃមួយ​ដ៏​លំបាក បងប្រុស ប៊ីលី ចនសុន បាន​មានអារម្មណ៍​បង្ខំចិត្ត​ឲ្យ​បើក​វិទ្យុ​នៅ​ជិត​ពាក់កណ្តាលយប់​ពីមុន​ចូលដំណេក ។ ខណៈពេល​ដែល​កំពុងស្តាប់​ លោកបាន​ឭថា ការដាក់​កម្រិត​បព្វជិតភាព​ត្រូវបាន​លុបចោល ។ លោកបាន​រៀបរាប់ថា « ខ្ញុំបានលោត ហើយ​បានយំ ហើយរីករាយ​ក្នុងព្រះអម្ចាស់​ជាមួយ​ទឹកភ្នែក ដែលថា​ឥឡូវនេះ​ជា​ពេល​ដែល​ព្រះអម្ចាស់​នឹង​បញ្ជូន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​​មកកាន់​ប្រទេស​ហ្គាណា​ ហើយនិង​ផ្នែក​ខ្លះទៀត​នៃ​ទ្វីបអាហ្រ្វិក​ដើម្បី​ទទួល​បព្វជិតភាព ។… ជាការពិតណាស់ ខ្ញុំ​សែន​សប្បាយចិត្ត » ។ នៅពេល​ពួកអ្នក​ផ្សព្វផ្សាយសាសនា​បាន​មក​ដល់​ប្រទេស​ហ្គាណា ពួកគេ​បាន​ជួបនឹង​មនុស្ស​មួយក្រុម​ដែល​បាន​ស្រឡាញ់​ដំណឹងល្អ​ដែលបាន​ស្តារឡើងវិញ​រួចទៅហើយ ។ បងប្រុស ចនសុន រួមជាមួយ​នឹង​សមាជិក​ប្រមាណ ៦០០ នាក់​នៃ​អង្គប្រជុំ​របស់​លោក​បាន​ទទួលបុណ្យ​ជ្រមុជទឹក ។ « បន្ទាប់ពី​បម្រើ​ជា​ប្រធានសាខា​ដំបូង​នៅ​ទីក្រុង​ខាប ខូសធ៍ [ បងប្រុស ] ចនសុន បាន​ទៅបម្រើ​ជា​ប្រធាន​មណ្ឌល ជា​អ្នកផ្សព្វផ្សាយ​សាសនាពេញម៉ោង និង​ជា​អយ្យកោ​នៃ​ស្តេក​ខាប ខូសធ៍ » ( សូមមើល Elizabeth Maki «‘A People Prepared’: West African Pioneer Preached the Gospel before Missionaries » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ) ។

សម្រាប់​ព័ត៌មាន​បន្ថែម អ្នកអាចមើល​វីដេអូ « Long-Promised Day » ( ៨:៤០ ) ជាមួយនឹង​ការពិពណ៌នា​ពី​សេចក្តីអំណរ​ដែល​បងប្រុស ប៊ីលី ចនសុន មាន​បន្ទាប់ពី​ការរៀន​អំពី​វិវរណៈនេះ​ដែល​បានប្រគល់​បព្វជិតភាព​ដល់​បុរស​ដែល​មានភាពស័ក្តិសម​ទាំងអស់ ។

រូបភាព
អែលឌើរ ខានណុន បានធ្វើបុណ្យ​ជ្រមុជទឹក​ឲ្យ​ពួកផ្លាស់ប្រែ​ចិត្តជឿ

អែលឌើរ អេតវីន ខ្យូ « ធេទ » ខានណុន ជុញ្ញ័រ បាន​ធ្វើបុណ្យជ្រមុជទឹក​ឲ្យ​ក្រុម​អ្នកផ្លាស់ប្រែ​ចិត្តជឿ​នីហ្សេរីយ៉ា​មួយក្រុម ។

ជាលទ្ធផល​ពី​វិវរណៈនេះ ដែល​បញ្ចប់​នូវ​ការដាក់​កម្រិត​បព្វជិតភាព និង​ព្រះវិហារបរិសុទ្ធ នោះ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​នាសព្វថ្ងៃនេះ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប​អាហ្រ្វិក ចាប់តាំងពីពេលនោះមក ព្រះវិហារ​បរិសុទ្ធ​បានសាងឡើង​នៅលើ​ទ្វីបនោះ ហើយ​មនុស្ស​រាប់​ម៉ឺននាក់​នៃ​សាសន៍​អាហ្រ្វិក​ស្បែក​ខ្មៅ​បាន​ទទួលពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួនរបស់​ពួកគេ និង​​សម្រាប់​ជីដូនជីតា​ដែល​បាន​ទទួលមរណភាព​ទៅ​របស់ពួកគេ ។ នៅសព្វថ្ងៃនេះ សមាជិក​សាសនាចក្រ​នៃ​សាសន៍​អាហ្រ្វិក​ស្បែកខ្មៅ​បានធ្វើ​ការបរិច្ចាគ​ដ៏​មាន​តម្លៃ​លើសលប់​​ដល់​សាសនាចក្រ​នៅពាសពេញ​ពិភពលោក នៅពេល​ពួកគេ​សាមគ្គី​ជាមួយ​ពួកបរិសុទ្ធ​របស់​ពួកគេ ហើយ​ព្យាយាមប្រែក្លាយ « តែមួយ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ » ( កាឡាទី ៣:២៨ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើអ្នក​អាច​រៀនអ្វី​ពី​ការស្ម័គ្រចិត្ត​របស់​បងប្រុស ចនសុន ដើម្បី​ស្រឡាញ់ និង​រស់នៅ​តាមដំណឹងល្អ​ដែល​បានស្តារឡើងវិញ ទោះបីជា​លោក​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ពរជ័យ​នៃ​បព្វជិតភាព និង​ព្រះវិហារបរិសុទ្ធ​នៅពេល​មួយក្តី ?