ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១១ ៖ ការប្រមូល​អ៊ីស្រាអែល


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១១ ៖ ការប្រមូល​អ៊ីស្រាអែល » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១១ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១១

ការប្រមូលផ្ដុំ​អ៊ីស្រាអែល

ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​ថា​នឹង​ប្រមូល​រាស្ដ្រ​របស់​ទ្រង់​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃ​ទី៣ ២១:២២–២៩ ) ។ មេរៀន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​តួនាទី​របស់​ពួកគេ​កាន់តែ​ច្បាស់ នៅក្នុង​ការជួយ​ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ វា​ក៏​នឹង​ជួយ​សិស្ស​ឲ្យ​ដាក់​ផែនការ​ពី​របៀប ដែល​ពួកគេ​នឹង​ចូលរួម​កាន់តែ​ពេញលេញ​នៅក្នុង​ការប្រមូល​ផ្ដុំ​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ពួកបរិសុទ្ធ​របស់​ទ្រង់​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា ។

សូម​ដាក់​បង្ហាញ​រូបភាព​ដូច​តទៅ​នេះ ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១–២ ឲ្យ​ឮៗ ។

រូបភាព
តើ​ចំនួន​ប៉ុន្មាន​ដង ដោយ លីស្ស លេម៉ុន
  • តើ​និមិត្តរូប​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ធ្វើ​អ្វីខ្លះ​សម្រាប់​រាស្រ្ដ​របស់​ទ្រង់ ?

សូម​ចង្អុល​បង្ហាញ​ពាក្យ « បាន​ធ្វើ​ឲ្យ​ធួន » នៅក្នុង ខទី ១ ។ សូម​ពន្យល់​ថា ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ជា​ភាសា​ហេព្រើរ ពាក្យ​ឫស​របស់​ពាក្យ​ដង្វាយធួន​គឺ kaphar ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ​មាន​ន័យ​ថា ‹ គ្រប​បាំង › » ( « The Atonement Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៤ ) ។

  • យោងតាម ខទី ២ តើ​នរណា​ជា​រាស្ដ្រ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​សព្វ​ព្រះទ័យ​ប្រមូល​ផ្ដុំ និង​គ្របបាំង​ដោយ​ព្រះហស្ដ​នៃ​សេចក្ដី​មេត្តា​របស់​ទ្រង់ ?

សូម​ពន្យល់​ថា ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន និង​វិវរណៈ​ជាច្រើន​ទៀត​ដែល​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ទាំងអស់​បង្រៀន​ថា ព្រះអម្ចាស់​នឹង​ប្រមូល​ផ្ដុំ​រាស្ដ្រ​របស់​ទ្រង់ ដែល​ជា​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់​ព្រាត់​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( សូមមើល អេសេគាល ២៨:២៥; នីហ្វៃ​ទី​២ ១០:៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៦ ) ។

សូម​ឲ្យ​សិស្ស​ពន្យល់​នូវ​អ្វី​ដែល​ពួកគេ​យល់​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យោង​ទៅ​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។ បងប្អូន​ក៏​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​ឲ្យ​ការពិភាក្សា​កាន់តែ​ស៊ីជម្រៅ ៖

  • ហេតុអ្វី​បងប្អូន​គិត​ថា ប្រធាន ណិលសុន បាន​ហៅ​ការប្រមូល​ផ្ដុំ​ថា​ជា « ផ្នែក​មួយ​ដ៏​ធំ​បំផុត បុព្វហេតុ ដ៏​ធំបំផុត និង កិច្ចការ ដ៏​មហិមា​បំផុត​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ? »( « ក្តីសង្ឃឹម​នៃ​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensignទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org អក្សរ​ទ្រេត​ដើម ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​គុណលក្ខណៈ​របស់​ទ្រង់​តាមរយៈ​ការពង្រាយ​ខ្ចាត់ខ្ចាយ និង​ការប្រមូល​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ?

  • តើ​មាន​ហេតុផល​មួយ​ចំនួន​ណាខ្លះ ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​ប្រមូល​ផ្ដុំ​គ្នា ?

សូម​ពន្យល់​ថា នៅ​ខែ ធ្នូ ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​មួយ​ដែល​ត្រាស់​បង្គាប់​ឲ្យ​ពួកបរិសុទ្ធ​ប្ដូរ​ទៅ​រដ្ឋ​អូហៃអូ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៧:១–៣ ) ។ នៅក្នុង​សន្និសីទ​សាសនាចក្រ​នៅ​ខែ មករា ឆ្នាំ ១៨៣១ យ៉ូសែប​បាន​ទទួល​វិវរណៈ​បន្ថែម​ទៀត ដែល​ប្រាប់​ពី​មូលហេតុ​របស់​ព្រះអម្ចាស់​ក្នុង​ការត្រាស់​បង្គាប់​ពួកបរិសុទ្ធ​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា ហើយ​បាន​ពន្យល់​ពី​ពរជ័យ​ដែល​បាន​សន្យា​ក្នុង​ការធ្វើ​ដូច្នោះ ។

សូម​អញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៨, ៣១–៣៣ ហើយ​រកមើល​របៀប​ដែល​ពួកបរិសុទ្ធ​ទទួល​បាន​ពរជ័យ បើ​ពួកគេ​បាន​គោរព​តាម​បទបញ្ញត្តិ​ឲ្យ​ប្រមូល​គ្នីគ្នា​នៅឯ​រដ្ឋ​អូហៃអូ​នោះ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

បងប្អូន​អាច​គូស​បញ្ជាក់​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​រាស្ដ្រ​របស់​ទ្រង់​ដើម្បី​ការពារ​ពួកគេ និង​ពង្រឹង​ពួកគេ​ខាង​វិញ្ញាណ ។

  • តើ​ការប្រមូល​ផ្ដុំ​គ្នា​នៅ​សព្វថ្ងៃនេះ​នៅក្នុង​វួដ សេ្ដក និង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ធ្វើ​ឲ្យ​យើង​អាច​ទទួល​បាន​ការការពារ និង​កម្លាំង​ខាង​វិញ្ញាណ​មកពី​ព្រះអម្ចាស់​តាម​របៀប​ណា ?

  • តើ​បងប្អូន​ទទួល​បាន​ការការពារ​ប្រភេទ​អ្វី កាល​បងប្អូន​បានជួបជុំគ្នា​ជាមួយ​ពួកបរិសុទ្ធ​ដទៃ​ទៀត ?

ព្រះអម្ចាស់​ហៅ និង​ជួយ​អ្នកបម្រើ​របស់​ទ្រង់​ឲ្យ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

សូម​យោង​ទៅ​រូបភាព​មេមាន់​កាង​ស្លាប​ប្រមូល​កូនមាន់​ម្ដង​ទៀត ។ សូម​បង្ហាញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​បាន​ហៅ​យើង ហើយ​ក៏​នឹង​ជួយ​យើង​ឲ្យ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤–៧ និង ៨៤:៨៦–៨៨ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​យើង នៅពេល​យើង​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សម្រាប់​ជា​ឧទាហរណ៍​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល សូម​ឲ្យ​សិស្ស​រំឭក ឬ​អាន​រួមគ្នា​នូវ​ដំណើររឿង​បេសកកម្ម​របស់ ហេប៊ើរ ស៊ី ឃឹមបឹល នៅ​ប្រទេស​អង់គ្លេស​ដែល​មាន​នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ ការណ៍​នេះ​អាច​ធ្វើ​ឡើង​ជា​ក្រុម​តូចៗ​បាន ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ ( ឬ​សិស្ស​ក្នុង​ថ្នាក់ ) ឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ​រួមគ្នា ក្រោយពី​រំឭក​ដំណើររឿង​របស់​អែលឌើរ ឃឹមបឹល ៖

  • តើ​ខ្ញុំ​អាច​រៀន​បាន​អ្វីខ្លះ ចេញពី​បទពិសោធន៍​របស់ ហេប៊ើរ ស៊ី ឃឹមបឹល ដែល​អាច​ផ្ដល់​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ដល់​ខ្ញុំ​ឲ្យ​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល តាមរយៈ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​ពី​ជំនួយ​របស់​ព្រះអម្ចាស់​ក្នុង​ការប្រកាស​ដំណឹងល្អ​នៅពេល​ណា ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ​កាន់តែ​ច្រើន​ថែមទៀត ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​អាន​សេចក្ដី​ថ្លែងការណ៍​នេះ រួច​ហើយ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ចែកចាយ​សារលិខិត​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ​តាម​របៀប​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព ។

មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​លើ​ផែនដី​នេះ​ទេ មាន​ឱកាស​ច្រើន​រាប់​មិន​អស់​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​មនុស្ស​ដែល​បងប្អូន​ជួប សិក្សា​ជាមួយ រស់នៅ ឬ​ធ្វើការ​ជាមួយ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។ … មាន​របៀប​ដ៏​សាមញ្ញា និង​ធម្មតា​ជាច្រើន​ដើម្បី​ធ្វើ​ការណ៍​នេះ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ការចែកចាយ​អំពី​អ្វី​ដែល​មាន​នៅក្នុង​ដួងចិត្ត​បងប្អូន » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥, ១៧ )

យើង​អាច​ចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​បាន ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន​ណិលសុន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រាល់​ពេល​ដែល​ប្អូនៗ​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​នរណា​ម្នាក់—ទាំង​សង្ខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក និង​ព្រះវិហារ​បរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​ប្អូនៗ​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ ។ ( រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ទំព័រ ១៥, អក្សរ​ទ្រេត​ដើម ) ។

  • ដោយ​ផ្អែកលើ​ការបង្រៀន​របស់​ប្រធាន​ណិលសុន តើ​យើង​អាច​ធ្វើ​អ្វី​ផ្សេងទៀត ដើម្បី​ជួយ​ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ដែល​ស្រដៀងគ្នា​ទៅនឹង​អ្វី​ដូច​តទៅ​នេះ ៖ យើង​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល នៅពល​យើង​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​បោះ​ជំហាន​ទៅរក​ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ) ។

កំណត់​ចំណាំ ៖ សិស្ស​នឹង​អាច​ពិភាក្សា​កាន់តែ​ស៊ីជម្រៅ​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​តាមរយៈ​ពង្សប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​មេរៀន​ទី ១៩ « ការប្រោស​លោះ​មរណជន » ។

សូម​ឲ្យ​សិស្ស​រកមើល​របៀប​ជាក់លាក់​បី​បួន ដែល​ពួកគេ​អាច​ជួយ​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារ​ខៀន ។ បងប្អូន​អាច​សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍ ដែល​ពួកគេ​មាន​ទាក់ទង​ទៅនឹង​ចំណុច​នានា​នៅលើ​បញ្ជី​នេះ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ដូច​តទៅ​នេះ​ដែល​មាន​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ហើយ​សរសេរ​គោលដៅ​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​អាច​សម្រេច​បាន ។ ពួកគេ​អាច​ចង់​បង្កើត​គម្រោង​មួយ​ដើម្បី​ធ្វើ​តាម​គោលដៅ​របស់​ពួកគេ​ជាមួយ​នឹង​មិត្ត​ម្នាក់ ឬ​ក្រុម​មួយ​ក្នុង​ថ្នាក់ ។ បងប្អូន​ក៏​អាច​សួរ​ថា តើ​មាន​សិស្ស​ណាខ្លះ​ស្ម័គ្រចិត្ត​រាយការណ៍​ពី​បទពិសោធន៍​របស់​ពួកគេ​អំឡុង​ពេល​ការពិភាក្សា​លើក​ក្រោយ ។

  • តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​នៅ​ប៉ុន្មាន​ថ្ងៃ និង​សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​ទទួល​ផ្នែក​ដ៏​សកម្ម​ជាង​នេះ​មួយ​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអម្ចាស់​កំពុង​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ សូម​ធានា​ប្រាប់​សិស្ស​ពី​ការការពារ និង​កម្លាំង​ដែល​ព្រះ​នឹង​ប្រទាន​ដល់​ពួកគេ នៅពេល​ពួកគេ​ប្រជុំ​គ្នា​ជាមួយ​នឹង​ពួកបរិសុទ្ធ​ផ្សេងទៀត និង​នៅពេល​ពួកគេ​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ថា ការប្រមូលផ្ដុំ​អ៊ីស្រាអែល​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ក្នុង​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​នៅលើ​ផែនដី​នេះ ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​អត្ថន័យ​នៃ​ស៊ីយ៉ូន និង​ពរជ័យ​ដែល​កើត​មក​ពី​ការជួយ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​នៅក្នុង​គេហដ្ឋាន និង​ស្ដេក​របស់​ពួកគេ ។