ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៣ ៖ បេសកកម្ម​របស់​ព្យាការី និង​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៣ ៖ បេសកកម្ម​របស់​ព្យាការី និង​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៣ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៣

បេសកកម្ម​របស់​ព្យាការី និង​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ

រូបភាព
បងប្រុស យ៉ូសែប ដោយ ដេវីឌ លីនស្លី

សូម​គិត​អំពី​មនុស្ស​នៅក្នុង​ព្រះគម្ពីរ ដែល​ស្ម័គ្រចិត្ត​ពលី​ជីវិត​របស់​ពួកគេ​ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ តើ​ពលិកម្ម​បែប​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ទីបន្ទាល់ និង​ការជឿស៊ប់​របស់​មនុស្ស​ទាំងនេះ ? នៅពេល​បងប្អូន​សិក្សា​ពី​បេសកកម្ម និង​ទុក្ករកម្ម​របស់​ព្យាការី យ៉ូសែប ស៊្មីធ សូម​គិត​អំពី​របៀប​ដែល​ការរួម​ចំណែក និង​កេរ្ដិ៍​តំណែល​របស់​លោក​បាន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​បងប្អូន ។

ផ្នែក​ទី ១

តើ​មាន​ព្រឹត្តិការណ៍​អ្វីខ្លះ​ដែល​បាន​នាំ​ទៅរក​ការដាក់​គុក​ព្យាការី យ៉ូសែប ស៊្មីធ​នៅ​គុក​កាតធេច ?

« យ៉ូសែប និង ហៃរុម ស៊្មីធ​បាន​ស្លាប់ ។ [ យ៉ូហាន ] ថេលើរ​បាន​រង​របួស ។ … ខ្ញុំ​មិន​អី​ទេ » ។ ពាក្យ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​សារ​ដែល វិលឡឺឌ រីឆាត​បាន​ផ្ញើ​ទៅ អិមម៉ា ស៊្មីធ និង​ពួកបរិសុទ្ធ​ដទៃ​ទៀត​នៅ​ទីក្រុង​ណៅវូ​ប៉ុន្មាន​ម៉ោង​ក្រោយពី យ៉ូសែប និង ហៃរុម ស៊្មីធ​ត្រូវបាន​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​គុក​កាតធេច​នៅ​ល្ងាច​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ( Willard Richards letter, Carthage Jail, June 27, 1844, Church History Library, Salt Lake City ) ។ សូម​ស្រមៃ​ពី​គំនិត និង​អារម្មណ៍​ដែល​អិមម៉ា និង​ពួកបរិសុទ្ធ​អាច​មាន ពេល​ពួកគេ​បាន​អាន​ពាក្យ​ទាំងនេះ​ហើយ ។

ឥទ្ធិពល​ខាង​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​កើនឡើង​របស់​ពួកបរិសុទ្ធ​ត្រូវបាន​សហគមន៍​ជិតខាង​ឃើញ​ថា​ជា​ការគម្រាម​កំហែង​មួយ ។ នៅ​ត្រឹម​រដូវ​ក្ដៅ​ឆ្នាំ ១៨៤៤ ការប្រឆាំង​នឹង យ៉ូសែប ស៊្មីធ និង​សាសនាចក្រ​បាន​កើន​ឡើង​តានតឹង​យ៉ាង​ខ្លាំង ។ មនុស្ស​មួយ​ចំនួន​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​បាន​រួម​គំនិត​អុចអាល​ទស្សនៈ​សាធារណៈ​ឲ្យ​មក​ប្រឆាំង​នឹង​ព្យាការី ។ ប្រជាជន​ខ្លះ​នៅក្នុង​រដ្ឋ​អិលលីណោយ​បាន​ពិភាក្សា​ពី​ការបណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​រដ្ឋ ខណៈ​អ្នកផ្សេង​ទៀត​បាន​គ្រោង​សម្លាប់​ព្យាការី ។

នៅ​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប ស៊្មីធ​ដែល​ជា​អភិបាល​ក្រុង​ណៅវូ និង​ក្រុម​ប្រឹក្សា​ក្រុង​ណៅវូ​បាន​បញ្ជា​ឲ្យ​បំផ្លាញ​កាសែត Nauvoo Expositor និង​សារព័ត៌មាន​ដែល​វា​បាន​បោះពុម្ព​ផ្សាយ ។ Nauvoo Expositor គឺជា​កាសែត​ប្រឆាំង​នឹង​ពួកមរមន ដែល​បាន​និយាយ​បង្ខូច​ព្យាការី និង​ពួកបរិសុទ្ធ​ផ្សេងទៀត ហើយ​បាន​អំពាវនាវ​ទៅ​ប្ដឹង​ឧទ្ធរណ៍​នៅ​ធម្មនុញ្ញ​ក្រុង​ណៅវូ ។ មន្ដ្រី​ក្រុង​បាន​ភ័យ​ខ្លាច​ថា ការបោះពុម្ព​នេះ​នឹង​នាំ​ទៅរក​សកម្មភាព​ឧក្រិដ្ឋកម្ម ។ ជា​លទ្ធផល​នៃ​សកម្មភាព​របស់​អភិបាលក្រុង និង​ក្រុមប្រឹក្សា​ក្រុង អ្នកមាន​សិទ្ធិ​អំណាច​រដ្ឋ​អិលលីណយ​បាន​ធ្វើ​ឲ្យ​មាន​ការចោទ​ប្រកាន់​ដែល​មិន​មាន​ភាពពិត​អំពី​កុប្បកម្ម​ប្រឆាំង​នឹង​ព្យាការី បងប្រុស​របស់​លោក ហៃរ៉ុម និង​មន្ដ្រីរាជការ​ក្រុង​ណៅវូ​ផ្សេង​ទៀត ។ អភិបាល​រដ្ឋ​អិលលីណយ ថូម៉ាស ហ្វត បាន​បញ្ជា​ឲ្យ​ពួកបុរស​នោះ​ទៅតុលាការ​នៅទីក្រុង​កាតធេច រដ្ឋ​អិលលីណយ ជា​ទីតាំង​ស្រុក និង​បាន​សន្យា​ថា​នឹង​ការពារ​ពួកគេ ។ យ៉ូសែប បាន​ដឹង​ថា ប្រសិនបើ​លោក​ទៅ​ទីក្រុង​កាតធេច នោះ​ជីវិត​លោក​នឹង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ដ៏​ធំ​ដែល​មកពី​ពួក​មនុស្ស​កំណាច ដែល​បាន​គំរាមកំហែង​លោក ។ …

…​នៅ​ថ្ងៃទី ២៤ ខែ មិថុនា យ៉ូសែប និង ហៃរុម ស៊្មីធ​បាន​លា​ក្រុមគ្រួសារ​របស់​ពួកគាត់ ហើយ​បាន​ជិះ​ទៅ​ជាមួយ​នឹង​មន្ដ្រីរាជការ​ក្រុង​ណៅវូ​ផ្សេងទៀត​ទៅកាន់​ក្រុង​កាតធេច ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៥២៩–៥៣០ )

សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​មួយ ឬ​ទាំងពីរ ៖

  1. សូមមើល​វីដេអូ « ការងារ​បម្រើ​របស់​យ៉ូសែប ស្ម៊ីធ ៖ បិទត្រា​ទីបន្ទាល់​របស់​លោក​ដោយ​ឈាម​របស់​លោក ( Ministry of Joseph Smith: Sealed His Testimony with His Blood ) » ( ១:១៤ ) ។

  2. សូម​សិក្សា​ផ្នែក​ទី ១ សេសសល់​ទាំង​ប៉ុន្មាន​ទៀត ។

នៅពេល​ព្យាការី​បាន​ធ្វើ​ដំណើរ​ជាមួយ​មនុស្ស​ដទៃ​ទៅ​ក្រុង​កាតធេច លោក​បាន​ព្យាករ​អំពី​ទុក្ករកម្ម​របស់​លោក ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៤ ។

យ៉ូសែប និង​ហៃរុម « បាន​ចុះចាញ់​ដោយ​ស្ម័គ្រចិត្ត​តាម​មន្ដ្រី​រាជការ​ស្រុក​នៅ​ក្រុង​កាតធេច​នៅ​ថ្ងៃ​បន្ទាប់ ។ បន្ទាប់ពី​បងប្អូនប្រុស​ត្រូវបាន​គេ​ដោះលែង​ដោយ​ដាក់​តម្កល់​ប្រាក់​សម្រាប់​ការចោទ​ប្រកាន់​លើកទី​មួយ នោះ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ដោយ​ខុស​ឆ្គង​ពីបទ​ក្បត់​នឹង​រដ្ឋ​អិលលីណយ ត្រូវបាន​គេ​ចាប់ ហើយ​ដាក់​គុក​នៅក្នុង​ទីក្រុង​កាតធេច​ដើម្បី​រង់ចាំ​ដល់​ការកាត់ក្ដី ។ អែលឌើរ យ៉ូហាន ថេលើរ និង​វិលឡឺឌ រីឆាដ ជា​សមាជិក​នៃ​ពួកដប់ពីរ​នាក់​ដែល​ពេលនោះ​មិន​បាន​បម្រើ​បេសកកម្ម ស័្មគ្រចិត្ត​ទៅតាម​ពួកលោក » ( Teachings of Presidents of the Church: Joseph Smith ទំព័រ ៥៣០ ) ។

រូបភាព
ទិដ្ឋភាព​ខាង​ក្រៅ​គុក​កាតធេច

ផ្នែក​ទី ២

តើ​មាន​អ្វី​បាន​កើតឡើង​នៅ​គុក​កាតធេច ?

សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​មួយ ឬ​ទាំងពីរ ៖

  1. សូម​មើល​វីដេអូ « យ៉ូសែប ស៊្មីធ—ព្យាការី​នៃ​ការស្ដារ​ឡើងវិញ » ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការស្លាប់​របស់​យ៉ូសែប និង​ហៃរុម ចេញពី​កូដ​ពេល ០:០០ ដល់ ៣:២០ ។

  2. សូម​អាន​ដំណើររឿង​ដូច​តទៅ​នេះ​មកពី​ក្នុង ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៖

ពេលវេលា​កន្លង​ទៅ​យ៉ាង​យឺត​នៅ​ក្នុង​គុក​កាតធេថ​នា​រសៀល​នោះ ។ នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នា​រដូវ​ក្ដៅ ពួកបុរស​បាន​ដោះ​អាវ​ធំ​របស់​ពួកគាត់​ចេញ ហើយ​បាន​បើក​បង្អួច​ដើម្បី​ឲ្យ​ខ្យល់​ចូល ។ នៅ​ខាងក្រៅ បុរស​ប្រាំបី​នាក់ …​បាន​យាម​គុក ខណៈ​ពួកជីវពល​ទាំងឡាយ​នៅ​បោះ​ជំរំ​ក្បែរ​នោះ ។ អ្នកយាម​ម្នាក់ទៀត​បាន​អង្គុយ​នៅ​ម្ខាង​ទៀត​នៃ​ទ្វារ ។

រូបភាព
ទិដ្ឋភាព​ខាង​ក្នុង​គុក​កាតធេច

ស្ទីហ្វិន ម៉ាកហាំ, ឌែន ចូនស៍ និង​មនុស្ស​ដទៃ​ទៀត​បាន​គាំទ្រ​ដល់​យ៉ូសែប ។ ក្នុង​ចំណោម​ពួកបុរស​ដែល​បាន​នៅ​ទីនោះ​នៅ​យប់​មុន មាន​តែ​វិលឡឺឌ រីឆាត និង យ៉ូហាន ថេលើរ​ប៉ុណ្ណោះ​ដែល​បន្ដ​នៅ​ជាមួយ​នឹង​យ៉ូសែប និង​ហៃរុម ។ នៅ​ព្រឹក​នា​ថ្ងៃ​នោះ អ្នកមក​លេង​បាន​យក​កាំភ្លើង​ពីរ​ដើម​មក​ឲ្យ​អ្នកទោស—គឺ​កាំភ្លើង​ខ្លី​បង់​ប្រាំមួយ​គ្រាប់ និង​កាំភ្លើង​ខ្លី​មួយ​គ្រាប់—ទុក​ក្នុង​ករណី​មាន​ការវាយ​ប្រហារ ។ ស្ទីហ្វិន​ក៏​បាន​ទុក​ដង​ឈើច្រត់​ដ៏​មាំ​មួយ​ផងដែរ ដែល​លោក​ហៅ​ថា « ដង​ទុច្ចរិត » ។

ដើម្បី​បញ្ឈប់​អារម្មណ៍​នេះ និង​ពន្លឿន​ពេលវេលា យ៉ូហាន​បាន​ច្រៀង​ចម្រៀង​ពួក​អង់គ្លេស​មួយ ។ …

[ ភ្លាមៗ​ក្រោយពី​យ៉ូហាន ថេលើរ​បាន​ច្រៀង​ចម្រៀង​នោះ​ជា​លើក​ទីពីរ ] អ្នកទោស​បាន​ឮ​សំឡេង​ក្រិច​ក្រុក​នៅ​ឯ​ទ្វារ និង​បាញ់​កាំភ្លើង​បី ឬ​បួន​គ្រាប់ ។ វិលឡឺឌ​បាន​មើល​ទៅ​ក្រៅ​បង្អួច​ដែល​បើក ហើយ​បាន​ឃើញ​មនុស្ស​រាប់​សិប​នាក់​នៅ​ខាងក្រោម លាប​មុខ​របស់​ពួកវា​ពណ៌ខ្មៅ​ដោយ​ភក់ និង​ម្សៅ​កាំភ្លើង ហើយ​នាំ​គ្នា​សម្រុក​មក​កាន់​ច្រក​ទ្វារ​គុក ។ យ៉ូសែប​បាន​ចាប់​កាំភ្លើង​មួយ ខណៈ​ហៃរុម​បាន​ចាប់​កាំភ្លើង​មួយ​ទៀត ។ … បុរស​ទាំង​បួន​នាក់​បាន​ទប់​ខ្លួន​ជាប់​នឹង​ទ្វារ កាល​ពួកឧក្រិដ្ឋ​ជន​បាន​សម្រុក​ឡើង​ពី​ជណ្ដើរ ហើយ​ព្យាយាម​បុក​ចូល​មក​ខាងក្នុង ។

សំឡេង​កាំភ្លើង​បាន​បន្លឺ​ឡើង​នៅ​តាម​កាំជណ្ដើរ កាល​ពួកឧក្រិដ្ឋ​បាន​បាញ់​សំដៅ​មក​ទ្វារ ។ … គ្រាប់ [ មួយ ] បាន​បាញ់​ធ្លុះ​ឈើ ។ វា​ត្រូវ​ចំ​មុខ​ហៃរុម ហើយ​លោក​បាន​ងាក​ដួល​ចេញ​ពី​ទ្វារ ។ គ្រាប់​មួយ​ទៀត​បាន​បាញ់​ចំ​ផ្នែក​ខាងក្រោម​ខ្នង​លោក ។ …

« បងប្រុស​ហៃរុម ! » យ៉ូសែប ស៊្មីធ​បាន​ស្រែក ។ ដោយ​កាន់​ក្ដាប់​កាំភ្លើង​ខ្លី​បង់​ប្រាំមួយ​ក្នុង​ដៃ​លោក លោក​បាន​បើក​ទ្វារ​ពីរ​បី​សង់ទីម៉ែត្រ ហើយ​បាន​បាញ់​តប​ម្ដង ។ គ្រាប់​ដែក​មូល​ជាច្រើន​ទៀត​បាន​បាញ់​ទៅ​បន្ទប់​នោះ ហើយ​យ៉ូសែប​បាន​បាញ់​ទៅ​ពួកឧក្រិដ្ឋជន​យ៉ាង​សម្បើម ខណៈ យ៉ូហាន [ ថេលើរ ] បាន​ប្រើ​ឈើច្រត់​ដើម្បី​វាយ​រំលំ​ធុង​កាំភ្លើង និង​ចំពុះទុង​តាម​ផ្លូវ ។

រូបភាព
សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ជាង​នេះ​គ្មាន​ឡើយ ដោយ ឃេស៊ី ឆាលស៍

ក្រោយពី​យ៉ូសែប​បាញ់​កាំភ្លើង​ខុស​ពីរ ឬ​បី​គ្រាប់​ហើយ យ៉ូហាន​បាន​រត់​ទៅ​ឯ​មាត់​បង្អួច ហើយ​ព្យាយាម​ឡើង​តាម​មាត់​បង្អួច​នោះ ។ គ្រាប់​ដែក​មូល​មួយ​បាន​ហោះ​កាត់​បន្ទប់ ហើយ​បាញ់​ត្រូវ​ជើង​លើក ធ្វើ​ឲ្យ​លោក​បាត់​លំនឹង ។ រាងកាយ​របស់​គាត់​បាន​ស្ពឹក ហើយ​លោក​បាន​ធ្លាក់​បុក​នឹង​មាត់​បង្អួច ធ្វើ​ឲ្យ​បុក​នាឡិកា​ក្នុង​ហោប៉ៅ​លោក​នៅ​ត្រង់​ម៉ោង​ប្រាំ និង​ដប់​ប្រាំមួយ​នាទី ។

លោក​បាន​ស្រែក​ថា « ខ្ញុំ​ត្រូវ​របួស​ហើយ ! »

យ៉ូហាន​បាន​វារ​កាត់​ឥដ្ឋ ហើយ​រមៀល​ចូល​ក្រោម​គ្រែ កាល​ពួកឧក្រិដ្ឋជន​បាន​បាញ់​កាំភ្លើង​ម្ដង​ហើយ​ម្ដង​ទៀត ។ គ្រាប់​នោះ​បាន​បាញ់​ទម្លុះ​ត្រគៀក​របស់​លោក ធ្វើ​ឲ្យ​ដាច់​សាច់​ទាំង​ផ្ទាំង ។ ពីរ​គ្រាប់​ទៀត​បាន​បាញ់​ចំ​ខ្មង​ដៃ​របស់​លោក និង​ចំ​ឆ្អឹង​លើ​ជង្គង់​របស់​លោក​បន្ដិច ។

នៅ​ម្ខាង​ទៀត​នៃ​បន្ទប់​នោះ យ៉ូសែប និង​វិលឡឺដ​បាន​ខំ​ប្រឹងអស់​ពី​កម្លាំង​របស់​ពួកលោក​ដើម្បី​ទប់​ទ្វារ កាល​វីលឡឺឌ​បាន​រុញ​បន្ដួល​ធុង​គ្រាប់​ដែក​មូល និង​ចំពុះទុង​នៅ​ពីមុខ​លោក ។ ភ្លាមៗ​នោះ យ៉ូសែប​បាន​ទម្លាក់​កាំភ្លើង​របស់​លោក​ទៅ​លើ​ឥដ្ឋ ហើយ​បោះ​ពួយ​យ៉ាង​លឿន​ទៅរក​បង្អួច ។ នៅពេល​លោក​ឈរ​ជ្រែងជើង​នៅ​មាត់​បង្អួច គ្រាប់​ដែក​មូល​ពីរ​បាន​បាញ់​ចំ​ខ្នង​លោក ។ មួយ​គ្រាប់​ទៀត​បាន​បោះពួយ​តាម​បង្អួច ហើយ​បាន​ទម្លុះ​ខ្លួន​លោក​នៅ​ក្រោម​បេះដូង ។

លោក​បាន​ស្រែក​ថា « ឱ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ​អើយ » ។ រាងកាយ​របស់​លោក​បាន​ទ្រេត​ទៅមុខ ហើយ​លោក​បាន​ធ្លាក់​ចេញ​ពី​បង្អួច​ក្បាល​ទៅមុន ។

វីលឡឺឌ​បាន​រត់​កាត់​បន្ទប់ ហើយ​អើត​ក្បាល​ចេញ​ក្រៅ កាល​គ្រាប់​សំណ​មូល​បាញ់​កាត់​គាត់ ។ នៅ​ខាងក្រោម គាត់​បាន​ឃើញ​ពួកឧក្រិដ្ឋជន​ពពាក់​ពពួន​គ្នា​នៅ​ជុំវិញ​រាងកាយ​របស់​យ៉ូសែប ដែល​ប្រឡាក់​ដោយ​ឈាម ។ …

យ៉ូសែប ស៊្មីធ ដែល​ជា​ព្យាការី និង​អ្នកមើល​ឆុត​របស់​ព្រះអម្ចាស់​បាន​ស្លាប់ ។ ( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយវ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៥៤៨–៥៥២, សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:១–២ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​បងប្អូន​គិត និង​មាន​អារម្មណ៍​យ៉ាងណា កាល​បងប្អូន​ពិចារណា​ពី​ការលះបង់​ដែល​យ៉ូសែប និង ហៃរុម ស៊្មីធ​បាន​ស្ម័គ្រចិត្ត​ធ្វើ​សម្រាប់​ជា​ទីបន្ទាល់​ដល់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

ផ្នែក​ទី ៣

តើ​បេសកកម្ម​ជា​ព្យាការី​របស់​យ៉ូសែប ស៊្មីធ​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

នៅក្រោម​ការដឹកនាំ​ពី​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​នៃ​ទុក្ករកម្ម​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ផ្អែក​លើ ដំណើររឿង​សាក្សី​ផ្ទាល់​ភ្នែក​របស់​អែលឌើរ យ៉ូហាន ថេលើរ និង វីលឡឺឌ រីឆាត ។ ឥឡូវ​នេះ​សេចក្ដី​ប្រកាស​នេះ​បាន​កត់ត្រា​ជា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៣ ។ សូម​គិត​ពី​ការគូស​ចំណាំ​ពាក្យ និង​ឃ្លា​នានា​ដែល​មើល​ទៅ​សំខាន់​ចំពោះ​បងប្អូន ។

រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

សូម​គិត​អំពី​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ និង​របៀប​ដែល​បេសកកម្ម​ជា​ព្យាការី​របស់​លោក​បាន​មាន​ឥទ្ធិពល និង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ។ សូម​ពិចារណា​កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅកំណត់​ហេតុ​របស់​អ្នក ។