ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៤ ៖ គោលលទ្ធិ​នៃ​វិវរណៈ


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៤ ៖ គោលលទ្ធិ​នៃ​វិវរណៈ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៤ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៤

គោលលទ្ធិ​នៃ​វិវរណៈ

ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​ដ៏​សំខាន់​អំពី​គោលលទ្ធិ​នៃ​វិវរណៈ​ទៅកាន់ យ៉ូសែប ស៊្មីធ និង​មនុស្ស​ដទៃ​ទៀត​នៅ​ជំនាន់​ដើម​នៃ​ការស្ដារ​ឡើងវិញ ។ មេរៀន​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​សមត្ថភាព​របស់​ពួកគេ ដើម្បី​ទទួល​វិវរណៈ ហើយ​ស្គាល់​កាន់តែ​ច្បាស់​ពី​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បើក​សម្ដែង​គោលការណ៍​នៃ​វិវរណៈ​ដល់​យ៉ូសែប ស្ម៉ីធ និង អូលីវើរ ខៅឌើរី ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

បង្កើតឲ្យ​មាន​បរិយាកាស​រៀនសូត្រ​ប្រកប​ដោយ​សេចក្តីស្រឡាញ់ ការគោរព និង​មាន​គោលបំណង ។ នៅពេល​សិស្ស​ទាំងឡាយ​ដឹង​ថា ពួកគេ​ត្រូវបាន​ស្រឡាញ់ និង​គោរពដោយ​គ្រូ និង​សិស្ស​ផ្សេងទៀត នោះ​ពួកគេ​កាន់តែ​ចូលចិត្ត​មកកាន់​ថ្នាក់ ដោយ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​រៀន ។ ការទទួល​យក​ដែល​សិស្ស​មាន​អារម្មណ៍​ពី​គ្នា​នេះ​អាច​បន្ទន់​ចិត្ត កាត់​បន្ថយ​ការភ័យ​ខ្លាច ហើយ​អញ្ជើញ​ឲ្យ​មាន​ការចែកចាយ​បទពិសោធន៍ និង​អារម្មណ៍​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សូម​បង្ហាញ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​មាន​ស្ថានភាព ការសម្រេច​ចិត្ត ឬ​សំណួរ​ថ្មីៗ​អ្វីខ្លះ​ដែល​បងប្អូន​ចង់​ទទួល​បាន​ការដឹកនាំ និង​វិវរណៈ​មកពី​ព្រះវរបិតាសួគ៌​របស់​បងប្អូន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​សំណួរ​នេះ ហើយ​សរសេរ​នូវ​គំនិត​របស់​គេ ។ ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ប្រសិន​បើ​វា​មិន​ឯកជន​ខ្លាំង​ពេក ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ភាពទាក់ទង​គ្នា​នៃ​មេរៀន​នេះ​ទៅនឹង​ជីវិត​របស់​ពួកគេ សូម​ពន្យល់​ពី​លទ្ធផល​ដែល​ចង់​បាន ដែល​បាន​ពិពណ៌នា​នៅក្នុង​សេចក្ដីផ្ដើម​នៃ​មេរៀន​នេះ ។

សូម​ដាក់​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ហើយ​សូម​សួរ ៖

រូបភាព
អំណោយ​ទាន និង​ព្រះចេស្ដា​នៃ ព្រះ ដោយ យ៉ូស្វេ ដេននីស
  • តើ​មាន​កាលៈទេសៈ​អ្វីខ្លះ ដែល​បាន​ដឹកនាំ​ឲ្យ អូលីវើរ ខៅឌើរី​ទៅ​ជួយ យ៉ូសែប ស៊្មីធ​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន ? ( បើចាំបាច់ សូម​ឲ្យ​សិស្ស​គូស​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ក្នុង​ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​រៀបចំ​របស់​ពួកគេ ) ។

  • តើ​វិវរណៈ​បាន​ជះ​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​របស់​អូលីវើរ​ឲ្យ​មក​ជួយ​យ៉ូសែប​ដោយ​របៀប​ណា ?

សូម​រំឭក​សិស្ស​ថា ជា​ចម្លើយ​ចំពោះ​បំណង​របស់​អូលីវើរ​ដើម្បី​ជួយ​បកប្រែ​ព្រះគម្ពីរ​មរមន ព្រះអម្ចាស់​បាន​បង្រៀន​គាត់​បន្ថែម​ទៀត​អំពី​ការទទួល​វិវរណៈ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:១–៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​សេចក្ដីពិត ដែល​អូលីវើរ​ត្រូវការ​ដើម្បី​យល់​ពី​របៀប​ទទួល​បាន​វិវរណៈ​ដើម្បី​បកប្រែ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ស្គាល់​គោលការណ៍ និង​គោលលទ្ធិ ។ គោលការណ៍ និង​គោលលទ្ធិ​ដែល​ស្គាល់​ច្បាស់​ជួយ​សិស្ស​ឲ្យ​ឃើញ​សេចក្ដីពិត​តាម​របៀប​មួយ ដែល​សាមញ្ញ និង​ទាក់ទង​គ្នា ។ ពេល​អាច​ធ្វើ​បាន សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល និង​ចែកចាយ​គោលការណ៍ និង​គោលលទ្ធិ​ចេញ​ពី​អ្វី​ដែល​ពួកគេ​កំពុង​សិក្សា ។ ការសរសេរ ឬ​ការបង្ហាញ​គោលការណ៍ ឬ​ការឲ្យ​សិស្ស​កត់​ចំណាំ​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ នឹង​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​គោលការណ៍​នោះ​កាន់តែ​ស៉ី​ជម្រៅ ហើយ​ទទួល​បាន​វិវរណៈ​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​គោលការណ៍​ទាំងនោះ ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វី​ខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ​អំពី​ការស្វែងរក និង​ការទទួល​បាន​វិវរណៈ ? ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ពីរ​បី​ដែល​រួមមាន​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​គំនិត និង​ដួងចិត្ត​របស់​យើង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • ដោយ​ផ្អែក​លើ​ការសិក្សា និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​បងប្អូន តើ​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​គំនិត និង​ដួងចិត្ត​របស់​បងប្អូន​តាម​របៀប​ណាខ្លះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ បើ​ចាំបាច់ សូម​ឲ្យ​សិស្ស​រំឭក​វគ្គ​គម្ពីរ និង​មតិ​អធិប្បាយ​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​រៀបចំ ) ។

  • ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអម្ចាស់​ជ្រើសរើស​ទាក់ទង​មក​យើង​តាមរយៈ​គំនិត​យើង​ផង និង​ដួងចិត្ត​របស់​យើង​ផង ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​លើក​ឡើង​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​សញ្ជឹងគិត​អំឡុង​ពេល​សិក្សា និង​រៀបចំ​ផ្ទាល់ខ្លួន​របស់​ពួកគេ ) ។

សូម​ពន្យល់​ថា នៅពេល​អូលីវើរ​បាន​ប៉ុនប៉ង​បកប្រែ នោះ​គាត់​ពិបាក​នឹង​ទទួល​បាន​វិវរណៈ ដែល​គាត់​ត្រូវការ​ដើម្បី​បន្ដ ។ យ៉ូសែប និង​អូលីវើរ​បាន​ទូលសួរ​ព្រះអម្ចាស់​ពី​មូលហេតុ ដែល​អូលីវើរ​មាន​ការពិបាក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៧–៩ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រកមើល​គំរូ​មួយ​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​អូលីវើរ អំពី​របៀប​ទទួល​បាន​វិវរណៈ ។

  • តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​អូលីវើរ​ពី​គំរូ​អ្វី ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល និង​ស្គាល់​វិវរណៈ ? ( ជាញឹកញាប់​វិវរណៈ​កើត​មក ក្រោយពី​ការសិក្សា​សំណួរ និង​បញ្ហា​ក្នុង​គំនិត​របស់​យើង ឈាន​ដល់​សេចក្ដី​សន្និដ្ឋាន រួច​ហើយ​ទូល​សូម​ដល់​ព្រះ ថា​តើ​សេចក្ដី​សន្និដ្ឋាន​របស់​យើង​នោះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ ) ។

សូម​ពន្យល់​ថា ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​ពោល​ថា « ការឆេះឆួល​ក្នុង​ទ្រូង » អាច​ជា​សញ្ញា​នៃ « អារម្មណ៍​មួយ​នៃ​ការលួងលោម និង​ភាពស្ងប់ស្ងៀម » ( « Teaching and Learning by the Spirit » Ensign ខែ មីនា ឆ្នាំ ១៩៩៧ ទំព័រ ១៣ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ដូច​តទៅ​នេះ និង​ការអញ្ជើញ​ពី​សៀវភៅ​សិក្សា​រៀបចំ​របស់​ពួកគេ ៖

  • ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​បងប្អូន​សិក្សា​បញ្ហា​នោះ​ក្នុង​គំនិត​របស់​បងប្អូន ជា​ផ្នែក​នៃ​ការស្វែងរក​វិវរណៈ ?

  • តើ​មិត្ត ឬ​សមាជិក​គ្រួសារ​ម្នាក់​អាច​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ការអញ្ជើញ និង​ការទទួល​បាន​វិវរណៈ ? តើ​បងប្អូន​បាន​រៀន​អ្វី​ខ្លះ មកពី​បទពិសោធន៍​ផ្ទាល់ខ្លួន​អំពី​ការអញ្ជើញ និង​ការទទួល​បាន​វិវរណៈ ?

កំណត់​ចំណាំ ៖ សកម្មភាព​ខាងក្រោម​នេះ​មាន​បំណង​ផ្ដល់​ឲ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ហើយ​ចាប់​អនុវត្ត​វា ។ សូម​សម្រប​មេរៀន​តាម​ការចាំបាច់ ដើម្បី​ផ្ដល់​ពេល​ច្រើន​ឲ្យ​សិស្ស​សញ្ជឹងគិត សរសេរ អាន ឬ​អធិស្ឋាន ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត និង​សរសេរ​ក្នុង​រយៈពេល​ពីរ​បី​នាទី​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​វិវរណៈ និង​របៀប​ដែល​វា​ទាក់ទង​ទៅនឹង​គំនិត​ដែល​ពួកគេ​បាន​សរសេរ​នៅ​ដើម​មេរៀន​នេះ ។ ឬ ពួកគេ​អាច​អធិស្ឋាន​ដោយ​ស្ងាត់ស្ងៀម​សុំ​ការដឹកនាំ​លើ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នេះ ។ បងប្អូន​ក៏​អាច​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​វា​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​របៀប​បន្ថែម​ទៀត​ដែល​ពួកគេ​អាច​អញ្ជើញ​វិវរណៈ ។

សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អំពី​កង្វល់ ការ​ភ័យខ្លាច ភាព​ទន់​ខ្សោយ​របស់​បងប្អូន—ពិត​ណាស់ ជា​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ បន្ទាប់​មក ចូរ​ស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ កាល​អ្នក​ធ្វើ​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រៀង​រាល់​ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ បងប្អូន​នឹង « រីកចម្រើន​នៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣២ ) ។ …

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ខិតខំ​បន្ថែម​ទៀត​លើស​ពី​លទ្ធភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​នៅ​ពេល​នេះ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។​ …

គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានសួគ៌​បើក​ចំហរឡើង ដូចជាពេល​ដែល​មាន​ការប្រមូលផ្ដុំនៃ​បរិសុទ្ធភាពកាន់តែខ្លាំង ការ​គោរព​ប្រតិបត្តិ​យ៉ាង​មុត​មាំ ការស្វែងរក​ដោយ​ស្មោះ ការ​ទទួល​ទានព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ​​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​រៀង​រាល់​ថ្ងៃ និង​ការ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ជា​ទៀង​ទាត់​នោះ​ឡើយ ។ ( រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )

ការស្ដារ​ដំណឹងល្អ​ឡើងវិញ​ផ្ដល់​គំរូ​មួយ​នៃ​ការទទួល​វិវរណៈ ។

សូម​ចង្អុល​បង្ហាញ​ថា គោលការណ៍​នៃ​វិវរណៈ​ដែល យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី​បាន​រៀន​នោះ​ត្រូវបាន​បើក​សម្ដែង​ដល់​ពួកលោក​គ្រប់ពេល ស្របតាម​កាលៈទេសៈ​ដែល​កើតឡើង និង​សំណួរ​ដែល​ពួកលោក​បាន​សួរ ។ ការណ៍​នេះ​បង្ហាញ​ពី​សេចក្ដីពិត​ដ៏​សំខាន់ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ក្នុង​វិវរណៈ​ជាច្រើន ។

សូម​ឲ្យ​សិស្ស​បី​នាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៦១; ៥០:២៤; ៩៨:១២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​អ្វី​ដែល​វគ្គ​ទាំងនេះ​បង្រៀន​អំពី របៀប​ដែល​ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដីពិត និង​ព្រះទ័យ​របស់​ទ្រង់​ប្រាប់​យើង ។

  • តើ​បងប្អូន​នឹង​សង្ខេប​សេចក្ដីពិត​មួយ ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ការទទួល​វិវរណៈ​មកពី​ព្រះអម្ចាស់​ដោយ​របៀប​ណា ? ( ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស សូម​បង្ហាញ ឬ​សរសេរ​សេចក្ដីពិត​មួយ​នៅលើ​ក្ដារខៀន​ដែល​ស្រដៀង​នឹង​អ្វី​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដីពិត​ដល់​យើង « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ) ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​ផ្នែក​ទី ៣ នៃ​សៀវភៅ​សិក្សា​រៀបចំ ពួកគេ​បាន​រៀន​អំពី​គំរូ​នៃ​ការទទួល​វិវរណៈ​មកពី​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​ពី​ការបង្រៀន​របស់​លោក ។ បងប្អូន​ក៏​អាច​សួរ​ពួកគេ​ពី​របៀប​ដែល​រឿង​ប្រៀប​ប្រដូច​របស់​លោក​ទាក់ទង​ទៅនឹង​វិវរណៈ អាច​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដីពិត​ដែល​បាន​បង្ហាញ ឬ​សរសេរ​នៅលើ​ក្ដារខៀន​ឲ្យ​កាន់តែ​ច្បាស់​ផងដែរ ។

  • តើ​ការយល់​ពី​សេចក្ដីពិត​នេះ​អាច​ជួយ​នរណាម្នាក់ ដែល​មាន​អារម្មណ៍​ថា គាត់​មិន​ទទួល​បាន​ចម្លើយ ឬ​ការដឹកនាំ​ពី​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

  • តើ​បងប្អូន​មាន​បទពិសោធន៍​អ្វីខ្លះ អំពី​ការទទួល​បាន​ចម្លើយ ឬ​ការដឹកនាំ​បន្ដិច​ម្ដងៗ​ក្នុង​ពេល​យូរ ?

សូម​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់ ឬ​អញ្ជើញ​សិស្ស​ណាមួយ ដែល​ចង់​ថ្លែង​ទីបន្ទាល់​នៃ​សេចក្ដីពិត​អំពី​វិវរណៈ ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​គិត​ថា​អ្វីទៅ​អាច​ជា​អព្ភូតហេតុ​ដ៏​មហិមា​បំផុត​នៃ​ការស្ដារ​ឡើងវិញ ។ សូម​ឲ្យ​ពួកគេ​សិក្សា​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន​លើក​ក្រោយ​ស្ដីពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ហើយ​ពិចារណា​ពី​អព្ភូតហេតុ​ដែល​ទាក់ទង​ទៅនឹង​ការការពារ ការបកប្រែ និង​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។