ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៥ ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌ និង សក្តានុពល​ដ៏ទេវភាព​របស់​យើង


« ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៥ ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌ និង សក្តានុពល​ដ៏ទេវភាព​របស់​យើង » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៥ » សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើង​វិញ

ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៥

ផែនការ​របស់​ព្រះវរបិតាសួគ៌ និង សក្តានុពល​ដ៏ទេវភាព​របស់​យើង

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​យ៉ូសែប ស្ម៊ីធ​អំពី​សិរី​ល្អ​នៃ​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​របស់​ព្រះវរបិតា​សួគ៌ និង​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ មេរៀន​នេះ​នឹង​ជួយ​ដល់​ពង្រឹង​សិស្សឲ្យ​មានអំណរ​គុណ​រ​ចំពោះ​ផែនការ​របស់​ព្រះវរបិតា ហើយ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ថាតើ​ពួកគេ​គឺជា​នរណា និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ឈាន​ទៅ​ដល់​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស៊្មីធ​បាន​ទទួល​សេចក្ដី​ពិត​ដ៏​សំខាន់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​គ្រីស្ទសាសនិក​ភាគច្រើន និង​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ពីដើម​ក្នុង​សាសនាចក្រ​អាច​បាន​យល់ដឹង​អំពី​ព្រះ និង​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ នៅមុនពេលដែល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​អំពី​ប្រធានបទ​ទាំងនេះ​តាមរយៈ យ៉ូសែប ស្ម៊ីធ ។ ( សិស្ស​គួរ​រំឭក​ផ្នែក​ទី ១ និង​​នៃ​​ឯកសារ​រៀបចំ ) ។

  • នៅ​ក្នុង​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ឯកសារ​រៀបចំ​ខ្លួន តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដី​ពិត​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​ដល់​យ៉ូសែប ស្ម៊ីធ​នៅ​ពេល​ណា និង​ដោយ​របៀប​ណា ?

  • តើ​មាន​សេចក្ដី​ពិត​ដែល​បាន​ស្ដារ​ឡើង​វិញ​ណាខ្លះ អំពី​ផែនការ​នេះ​ដែល​អ្នក​គិត​ថា វា​នឹង​ជា​ការ​ផ្លាស់​ប្ដូរ​ជីវិត​ដ៏​ធំ​បំផុត​ចំពោះ​ពួក​បរិសុទ្ធ​ជំនាន់​មុន ? តើ​សេចក្ដី​ពិត​ទាំង​នេះ​បាន​កត់​ត្រា​ទុក​នៅ​កន្លែង​ណា ? ( សូមមើល ផ្នែក​ទី ១ និង​ នៃ​ឯកសារ​រៀបចំ ) ។

នៅពេល​សិស្ស​ឆ្លើយ​សំណួរ​ដំបូង​ទាំង​នេះ អ្នក​នាំ​ឲ្យ​ពួកគេ​មើល​វគ្គ​បទគម្ពីរ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ឯកសារ​រៀបចំ​ម្ដង​ទៀត ដូចជា ម៉ូសេ ១:៣៩ និង អ័ប្រាហាំ ៣:២២–២៦ ។ សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់ ហើយ​ពន្យល់​ពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ កិច្ចការ និង​សិរីល្អ​របស់​ព្រះ គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​( សូមមើល​ម៉ូសេ ១:៣៩ ) ។ យើង​បាន​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ជា​វិញ្ញាណ​ពីមុន​យើងបានមក​ចាប់​កំណើត​ ( សូម​មើល អ័ប្រាហាំ ៣:២២–២៣ ) ។ ព្រះអម្ចាស់​បាន​បង្កើត​ផែនដី​ទុក​ជា​កន្លែង​មួយ​ដែល​យើង​អាច​ជ្រើស​រើស​គោរព​តាម​ព្រះ ឬ​ក៏​អត់ ( សូមមើល អ័ប្រាហាំ ៣:២៤–២៥ ) ។

  • សូម​នឹក​ស្រមៃ​ពី​ភាព​ខុស​ប្លែក​នៅ​ក្នុង​ជីវិត​របស់​អ្នក ប្រសិន​បើ​អ្នក​ពុំ​ស្គាល់​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ទេ​នោះ ។ តើ​អ្នក​គិត​ថា ការ​ស្គាល់​អំពី​ផែនការ​នោះ​បាន​ជះ​ឥទ្ធិពលទៅ​លើ​របៀប​ដែល​អ្នក​គិត ធ្វើ​ការ​សម្រេច​ចិត្ត និង​ធ្វើ​សកម្មភាព​តាម​របៀបណា ?

យ៉ូសែប ស៊្មីធ​បាន​បង្រៀន​អំពី​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង ។

សូម​ពន្យល់​ថា​នៅ​« ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ​១៨៤៤ យ៉ូសែប ស៊្មីធ​បាន​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សន្និសីទ​ចុង​ក្រោយ​របស់​លោក ។ បន្ទាប់​ពី​សុំ​ពួក​បរិសុទ្ធ​‹ ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ›​…យ៉ូសែប​បាន​បង្រៀន​អំពី​និស្ស័យ​នៃ​ព្រះ និង​ការ​រីកចម្រើន​ដ៏​នៅ​អស់​កល្ប​ជានិច្ច »​( « King Follett Discourse » Church History Topics នៅលើ​គេហទំព័រ ChurchofJesusChrist.org/study/church-history ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​យ៉ូសែប ស្ម៊ីធ​មក​ពី​ការ​បង្រៀន​ដល់​ឃីង ហ្វូឡេត​ដែល​មាន​នៅ​ផ្នែកដើមដំបូង​នៃ​ផ្នែក​ទី ២ នៃ​​ឯកសារ​រៀបចំ ។

  • តើ​អ្នក​រៀន​បាន​អ្វីខ្លះ​មកពី​ការ​បង្រៀន​របស់​យ៉ូសែប​អំពី​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះ ?

សូម​ពន្យល់​ថា​នៅ ឆ្នាំ​១៩៩៥ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ចេញ​ផ្សាយ​នូវ​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ​ថា « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ។ នៅ​ក្នុង​ឯកសារ​នោះ ពួក​លោក​បាន​ប្រកាស​ថា

មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ ។ …

នៅ​ជីវិត​មុន​ផែនដី បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​ទាំង​ឡាយ​បាន​ស្គាល់ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ​ជា​ព្រះវរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួកគេ ហើយ​បាន​ទទួល​ផែនការ​របស់​ទ្រង់​ដែល​នាំ​ឲ្យ​កូន​ចៅ​ទាំងឡាយ​អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅ​លើ​ផែនដី ដើម្បី​រីកចម្រើន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​នៅ​ទី​បញ្ចប់​នឹង​ដឹង​ពី​គោល​បំណង​ដ៏​ទេវភាព​របស់​ពួកគេ ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ទុក​ជា​មរតក ។ ( « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ តើ​សក្ដានុពល​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង​គឺជា​អ្វី ? ( សូម​ជួយ​សិស្ស​ឲ្យ​កំណត់​គោលការណ៍​មួយ​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ ក្នុង​នាម​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ យើង​មាន​សក្ដានុពល​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ) ។

សូម​ដាក់​បង្ហាញ ឬ​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ហើយ​ទុក​ពេល​ឲ្យ​សិស្ស​មួយ ឬ​ពីរ​នាទី​ដើម្បី​ពិចារណា​អំពី​សំណួរ​ទាំង​នោះ ហើយ​សរសេរ​ពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។

  • តើ​សេចក្ដីពិត​នេះ​ជះ​ឥទ្ធិពល​ដល់​វិធី​ដែល​យើង​មើល​ទៅ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ដោយ​របៀប​ណា ? តើ​វា​ជះឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​មើល​ទៅ​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ដោយ​របៀប​ណា ? តើ​វា​អាច​ជះឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​រស់នៅ​យ៉ាង​ដូចម្ដេច ?

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ភាព​ពេញ​លេញ​នៃ​សិរីល្អ​របស់​ព្រះ​នៅក្នុង​នគរ​សេឡេស្ទាល ។

សូម​សរសេរ​នៅលើ​ក្ដារខៀន ឬ​ដាក់​បង្ហាញ​នូវ​ពាក្យ​ថា​ស្ថានសួគ៌ និង​ស្ថាន​នរក ហើយ​សួរ​ដល់​សិស្ស​ពី​អ្វី ដែល​ពួក​គ្រីស្ទ​សាសនិក​នៅ​សតវត្សរ៍​ទី ១៩​បាន​ជឿ​ថាតើ​នរណា​នឹង​ទៅ​ស្ថាន​នីមួយៗ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦​អំពី​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ និង​ការ​ទទួល​បាន​សិរីល្អ​សេឡេស្ទាល ។ ( សិស្ស​អាច​នឹង​ត្រូវ​រំឭក​ឡើង​វិញ​នូវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥០–៥៤ ) ។ អ្នក​ក៏​គួរ​សួរ​ទៅសិស្ស​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មក​ពី​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង កណ្ឌទី ៧៦​ផង​ដែរ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

នៅ​ជុំ​វិញ​សាសនាចក្រ ខ្ញុំ​ឮ​មនុស្ស​ជា​ច្រើន​មានបព្ហា​នឹង​រឿង​នេះ​ថា « ខ្ញុំ​ពុំ​ល្អ​គ្រប់គ្រាន់​នោះ​ទេ » ។ « ខ្ញុំ​មិន​ឥត​ខ្ចោះ​ខ្លាំង​ណាស់ » ។ « ខ្ញុំគ្មាន​ភាព​សក្ដិសម​គ្រប់គ្រាន់​ទេ » ។ ខ្ញុំ​ឮ​រឿង​នេះ​មកពី​ពួក​យុវវ័យ ។ ខ្ញុំ​ឮ​រឿង​នេះ​មកពី​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​ឮ​ពី​អ្នក​ប្រែ​ចិត្តជឿ​ថ្មី ។ ខ្ញុំ​ឮ​ពី​សមាជិក​ចាស់ ។ ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually »​EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០ )

អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រា​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​បែប​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៤០–៤២, ៦៩ ហើយ​រកមើល​តួនាទី​ដ៏​សំខាន់​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​នៅក្នុង​សេចក្ដី​សង្គ្រោះ​របស់​យើង ។

  • តើ​តួនាទី​អ្វី ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​នៅ​ក្នុងដំណើរ​ស្វែងរកការទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ យើង​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​បានតែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ) ។

  • តើហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​ចងចាំ​ថា ភាព​ល្អ​ឥត​ខ្ចោះ និង​ភាព​តម្កើង​ឡើង​កើត​មាន​ឡើងតែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:១២–១៣​ជាមួយ​នឹង​សិស្ស ហើយ​រកមើល​អ្វី​ដែលបទគម្ពីរ​ដែលបង្រៀន​អំពី​មាគ៌ា​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​រក​ការ​ប្រែ​ក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌ ។

  • តើ​អ្នក​គិត​ថា​ឃ្លា ព្រះអង្គ​សង្គ្រោះ​បាន​មាន​« ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ​ជា​បន្ត​បន្ទាប់​មក រហូត​ដល់​ទ្រង់​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ » មាន​ន័យ​ដូច​ម្ដេច ?

  • តើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​អារម្មណ៍​បាក់​ទឹក​ចិត្ត ពេល​អ្នក​ខិតខំ​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

សូម​ដាក់​បង្ហាញ ហើយ​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ ហូឡិន ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ជោគ​វាសនា​ដ៏​ធំ​នោះ ដែល​មាន​ចំពោះ​យើង​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​បន្ត​មាន​« ព្រះគុណ​ថែម​លើ​ព្រះគុណ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៣ ]​រហូត​ដល់​អមតភាព​របស់​ទ្រង់​[ សូម​មើល លូកា ១៣:៣២ ]​ទ្រង់​បាន​ទទួល​ភាព​ពេញ​លេញ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​សិរី​ល្អ​សេឡេស្ទាល ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅ​ក្នុង​ម៉ោង​នេះ និង​គ្រប់​ម៉ោង ទ្រង់​កំពុង​លាត​ព្រះហស្ត​ដែល​មាន​ស្នាម​ដែក​គោល​មក​កាន់​យើង ដោយ​ព្រះគុណ​ដូចគ្នា​នោះ កាន់​យើង​យ៉ាង​ជាប់ ហើយ​លើក​ទឹកចិត្ត​យើង បដិសេធមិនបោះបង់​យើង​ចោលឡើយ រហូតដល់​យើង​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ការឱបក្រសោប​នៃ​បិតា​មាតាសួគ៌ ។ សម្រាប់​គ្រា​ដ៏​ល្អ​ឥតខ្ចោះ​ដូច្នោះ ខ្ញុំ​បន្ដ​ព្យាយាម ទោះ​ជា​មាន​ឆ្គាំឆ្គង​ក៏ដោយ ។ ចំពោះ​អំណោយ​ដ៏​ឥតខ្ចោះ​ដូច្នោះ ខ្ញុំ​បន្ដ​ថ្លែង​អំណរគុណ ទោះ​ជា​ខ្ញុំ​ពុំ​ល្អ​គ្រប់គ្រាន់​ក៏​ដោយ ។ ខ្ញុំ​សូម​ធ្វើ​កិច្ចការ​ទាំង​នេះ​ក្នុង​ព្រះនាម​ទ្រង់​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ពុំ​ធ្លាប់​មាន​ភាព​ឆ្គាំ​ឆ្គង ឬ​​មិនល្អគ្រប់​គ្រាន់​ក៏ដោយ ប៉ុន្តែ​ជា​អង្គ​ដែល​ស្រឡាញ់​យើង​គ្រប់​គ្នា គឺ​ជា​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤២ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​មួយ​នាទី​ពី​អ្វី​ដែល​នឹង​អាចជួយ​ពួកគេ​ច្រើន​បំផុត ដើម្បី​រីកចម្រើន​ខាង​វិញ្ញាណ​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ពេល​នេះ ។ សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ និង​ដោយ​ការ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​បាន ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​បន្ត​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រៀបចំ​ខ្លួន ។ ឥឡូវ​នេះ​ដោយសារ​សិស្ស​រៀន​បាន​ពាក់​កណ្ដាល​ហើយ​នៅ​ក្នុង​វគ្គ​សិក្សា​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការរៀបចំ ខ្លួន​របស់​ពួកគេ​សម្រាប់​ថ្នាក់​បាន​ជះ​ឥទ្ធិពល​ដល់​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​វគ្គ​សិក្សា​នេះ ។ សូម​ពិចារណា​ចែកចាយ​ការ​លើក​ទឹក​ចិត្ត​ដូច​តទៅ​នេះ​មក​ពី​អែលឌើរ គីម ប៊ី ក្លាក នៃ​ពួក​ចិត​សិប​នាក់​ថា « នៅពេល​បងប្អូន​ធ្វើនូវចំនែក​របស់​បងប្អូន—​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ រៀបចំ​ខ្លួន សិក្សា ចូលរួម​យ៉ាង​សកម្ម និង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​បងប្អូន—​នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​បងប្អូន បង្កើន​លទ្ធភាព​របស់​បងប្អូន​ដើម្បី​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​បាន​រៀន ហើយ​ជួយ​បងប្អូន​ឲ្យ​ក្លាយជា​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ក្លាយទៅជា »​( « Learning for the Whole Soul » Ensign ខែ​សីហា ឆ្នាំ​២០១៧ ទំព័រ ២៧ ) ។

សម្រាប់​ពេល​ក្រោយ

សូម​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​មាន​ភាពខុស​ប្លែក​ដោយសារ​តែ​ព្រះវិហារ​បរិសុទ្ធ និង​ពិធី បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ក្រោយ ពួកគេ​នឹង​រៀន​ពី​ហេតុផល​ដែល​ពួក​ព្យាការី​ពី​បុរាណ​បាន​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១៦ ដើម្បី​ពួកគេ​អាច​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពិភាក្សា​ពី​គោលការណ៍​ទាំងឡាយ​ដែល​នឹង​ជួយដល់​ពួកគេ​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​ពួកគេ ។