ថ្នាក់​វិទ្យាស្ថាន
ឯកសារ​​​គ្រូបង្រៀន មេរៀនទី ២៧ ៖ វិវរណៈ​អំពី​បព្វជិតភាព


« ឯកសារ​​​គ្រូបង្រៀន មេរៀនទី ២៧ ៖ វិវរណៈ​អំពី​បព្វជិតភាព » ឯកសារ​​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​​​គ្រូបង្រៀន មេរៀនទី ២៧ » ឯកសារ​​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​​គ្រូបង្រៀន មេរៀនទី ២៧

វិវរណៈ​អំពី​បព្វជិតភាព

នៅ​ថ្ងៃ​ទី ១ ខែ​ មិថុនា ឆ្នាំ ​១៩៧៨ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ទទួល​វិវរណៈ​មួយ​មក​ពី​ព្រះអម្ចាស់​ដែល​បាន​​រឹត​បន្តឹង​​​ការ​តែង​តាំង​បព្វជិតភាព និង​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​ជា​សាសន៍​អាហ្វ្រិក​ស្បែក​​​ខ្មៅ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​​ពន្យល់​ពី​កាលៈទេសៈ និង​សេចក្ដី​ពិត​ដែល​ទាក់​ទង​ទៅនឹង​វិវរណៈ​នេះ ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ពេល​ពួកគេ​ជួប​នឹង​សំណួរ ឬ​ស្ថានភាព​ពិបាកៗ ហើយ​ទទួល​បាន​ការ​យល់ដឹង​ដ៏​ធំ​មួយ​ថា ព្រះ​កំពុង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ដល់​ពួក​ព្យាការី​នៅ​រស់​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យើង​អាច​ឆ្លើយ​តប​នូវ​សំណួរ​អំពី​ការ​រឹត​បន្តឹង​ដល់​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​ចេញ​ពី​ទស្សនវិស័យ​នៃ​សេចក្ដី​ជំនឿ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ដំណើរ​រឿង​ទាំងឡាយ​អាច​ពង្រឹង​សេចក្ដី​ជំនឿ ។ « ដំណើរ​រឿង​ទាំងឡាយ​អាច​ជួយ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​សិស្ស​លើ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​អាច​បង្កើត​ចំណាប់​អារម្មណ៍ ហើយ​ជួយ​សិស្ស​ឲ្យ​យល់​ពី​ដំណឹងល្អ​តាមរយៈ​បទពិសោធន៍​ជំនួស ។ វា​ក៏​អាច​មាន​ឥទ្ធិពល​ជាក់​លាក់​នៅ​ក្នុង​ការ​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹងល្អ​ដែល​បាន​ស្គាល់​នៅ​ក្នុង​បណ្ដុំ​បទគម្ពីរ​មួយ​ផងដែរ ។ តាមរយៈ​ការ​បង្ហាញ​ពី​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ក្នុង​បរិបទ​សម័យ​ទំនើប បន្ថែម​ពី​លើ​បរិបទ​នៃ​បទគម្ពីរ នោះ​ដំណើរ​រឿង​ទាំងឡាយ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ទាក់​ទង​ទៅ​នឹង​ជីវិត​របស់​ពួកគេ ក៏ដូចជា​​ជួយ​ពួកគេ​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​អនុវត្ត​តាម​វា​ផង​ដែរ » ( Gospel Teaching and Learning Handbook [ ឆ្នាំ​២០១២ ] ៥.៥ ) ។

សូម​ដាក់​បង្ហាញ​រូបភាព​អម​នៃ ​បងប្រុស ចូច រីកហ្វ័ដ ៖

រូបភាព
បងប្រុស​ ចូច រីកហ្វ័ដ

សូម​អញ្ជើញ​សិស្ស​ម្នាក់​​ឲ្យអាន​ដំណើរ​រឿង​អំពី​បុរស​ម្នាក់​ឈ្មោះ ​ចូច រីកហ្វ័ដ ដូច​តទៅ​នេះ​ឲ្យឮៗ ៖

នៅ​ឆ្នាំ ១៩៦៩ ចច រីកហ្វ័ដ ដែល​ជា​យុវ​មជ្ឈិម​វ័យ​ម្នាក់​រស់​នៅ​ក្នុង​រដ្ឋ​លេសេសស្ទើរ ប្រទេស​អង់គ្លេស បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ដំបូង​ឡើយ ចូច បាន​បដិសេធ​នឹង​សារ​លិខិត​របស់​ពួកគេ ប៉ុន្តែ​នៅ​ទីបំផុត លោក​បាន​ចាប់ផ្ដើម​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ដ៏​ដិត​ដល់​អស់​រយៈ​ពេល​បី​ខែ​មក នៅ​ព្រឹក​មួយ​ ចូចបាន​ក្រោក​ឡើង​ពី ដំណេក​ជាមួយ​នឹង​ការ​ជឿ​ជាក់​ថា សាសនាចក្រ​នេះ​គឺជា​សាសនាចក្រ​ពិត ។

ចូច មាន​ចិត្ត​អន្ទះសារ​ចង់​ចែកចាយ​ទីបន្ទាល់​ថ្មី​របស់​លោក​ជាមួយ​នឹង​ពួក​អែលឌើរ ប៉ុន្តែ​ពី​មុន​លោក​អាច​ធ្វើ​កិច្ចការ​នោះ​បាន ពួកគេ​បាន​ជម្រាប​លោក​ថា លោក​ពុំ​អាច​ទទួល​បព្វជិតភាព​បាន​ទេ ប្រសិន​បើ​លោក​ចូល​រួម​នឹង​សាសនាចក្រ ដោយសារ​តែ​លោក​មាន​​ខ្សែ​ស្រឡាយ​នឹង​សាសន៍​អាហ្វ្រិកស្បែក​ខ្មៅ ។

ចូច មាន​ចិត្ត​រន្ធត់​ពេល​​បាន​ឮ​ដំណឹង​នេះ ។ លោក​បាន​នឹក​ចាំ​ថា « ខ្ញុំ​បាន​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ខឹង​សម្បារ ហើយ​បន្ទាប់​ពី​ការ​ពិភាក្សា​ដ៏​ក្ដៅ​មួយ​ចំនួន​មក​ ខ្ញុំ​ក៏​បាន​បណ្ដេញ​ពួកគេ​ចេញ ។… ខ្ញុំ​បាន​ស្ដី​បន្ទោស​ពួកគេ​ខ្លាំងៗ​អំពី​ការ​រើស​អើង និង​ពូជ​សាសន៍​និយម និង​ពាក្យ​ពេចន៍​គ្រប់​បែប​យ៉ាង » ។

ពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចេញ​ទៅ ចូច​បាន​យំ ។ ( សូមមើល Elizabeth Maki « I Will Take It In Faith » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ) ។

សូម​ឲ្យ​សិស្ស​បើកទៅ​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​សួរ​សំណួរ​ដូច​តទៅ​នេះ​ដល់​ពួកគេ ដោយ​ទុក​ពេលខ្លះ​​ឲ្យ​ពួកគេ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប ៖

  • ប្រសិន​បើ​មនុស្ស​ម្នាក់​បាន​សួរ​អ្នក​ថា ​ហេតុអ្វី​បាន​ជា​ការ​រឹតបន្តឹង​​​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​កើត​មាន តើ​ចំណុច​ចម្បង​ដែល​អ្នក​ចង់​ពិភាក្សា​គឺជា​អ្វី ? ( សូម​គិត​ពី​ការសរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​លើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សំណួរ​ដែល​ពួកគេ​អាច​មាន​អំពី​ការ​រឹត​បន្តឹង​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​សំណួរ​ទាំង​នោះ​អំឡុង​មេរៀន​នេះ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​​ការ​ពិភាក្សា និង​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​អាច​ជួយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ ។

សូមបង្ហាញ​សេចក្តីថ្លែងការណ៍​ដូច​ខាង​ក្រោម ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​​វា​ឲឭៗ ៖

សព្វ​ថ្ងៃ​នេះ សាសនាចក្រ​មិន​ទទួល​ស្គាល់​ទ្រឹស្ដី​ដែល​មាន​ពី​អតីតកាល​ថា ស្បែក​ខ្មៅ​គឺជា​សញ្ញា​មួយ​នៃ​ការមិន​គាប់ចិត្ត ឬ​បណ្ដាសា​នៃ​ស្ថានសួគ៌ ឬ​ថា​ស្បែក​ខ្មៅ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​មិន​សុចរិត​នៅក្នុង​ជីវិត​មុន​ជីវិត​នៅលើ​ផែនដី ថា​អាពាហ៍ពិពាហ៍​លាយ​ជាតិសាសន៍​គឺជា​អំពើ​បាប ឬ​ថា​ពួកស្បែក​ខ្មៅ​ ឬ​មនុស្ស​មក​ពី​សាសន៍​ផ្សេង​ទៀត ឬ​ជាតិពន្ធ​ផ្សេង​គ្មាន​អាទិភាព​​តាម​របៀប​ណា​មួយ​​ចំពោះ​អ្នក​ផ្សេង​ទៀត​នោះ​ទេ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​នា​សព្វថ្ងៃ​ថ្កោលទោស​យ៉ាង​ដាច់ខាត​លើ​រាល់​ការរើស​អើង​ពូជសាសន៍​ពី​អតីតកាល និង​បច្ចុប្បន្នកាល​តាម​គ្រប់​ទម្រង់​ទាំងអស់ ។( « Race and the Priesthood » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

  • ហេតុអ្វី​អ្នក​គិត​ថា វា​ជា​រឿង​ដ៏​សំខាន់​ដើម្បី​ចៀស​វាង​ការ​ប៉ាន់​ស្មាន​អំពី​ហេតុផល​ដែល​បាន​ផ្ដល់​កាល​ពី​មុន​ សម្រាប់​មូលហេតុ​ដែល​ការ​រឹត​បន្តឹង​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​​នេះ​បាន​កើត​មាន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​កាលៈទេសៈ​ដែល​បាន​ដឹកនាំ​ទៅ​រក​វិវរណៈ​មក​ពី​ព្រះអម្ចាស់ ដែល​បាន​ដាក់​​ការ​រឹត​បន្តឹង​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ ។

សូម​ពន្យល់​ថា សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា​ មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​អំពី​វិវរណៈ​ដែល​បាន​ទទួល​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ព្រមទាំង​បាន​ទទួល​យក ហើយ​បាន​អនុម័ត​ដោយ​ទីប្រឹក្សា​របស់​លោក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​នៅ​ខែ ​មិថុនា ឆ្នាំ ​១៩៧៨ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ពីរ​ដំបូង​នៃ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២​ នៅ​ក្រោម​ពាក្យ​ថា « ជូន​ចំពោះ​បងប្អូន​ប្រុស​ទាំង​ឡាយ »​ដោយ​ស្ងៀម​ស្ងាត់ ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ដែល​ពួកគេ​បាន​ឃើញ ហើយ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

បន្ទាប់​ទៀត សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ដំណើរ​រឿង​របស់​បងប្រុស ប៊ីលី ចនសុន និង​ក្រុម​ជំនុំ​របស់​គាត់​នៅប្រទេស​ហ្គាណា​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​ ។

  • តើ​បុគ្គល​ទាំង​នេះ​បាន​បង្ហាញ​ពី​គំរូ​នៃ ​« ភាព​ស្មោះត្រង់​នៃ​អ្នក​ដែល​បព្វជិតភាព​ត្រូវ​បាន​ដក​ចេញ »​ យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​បន្ថែម​ទៀត​ពី​ដំណើរ​រឿង​របស់​ចូច រីកហ្វ័ដ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​របៀប​ដែល​ចច​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ បន្ទាប់​ពី​លោក​បាន​ដឹង​ពី​ការ​រឹត​បន្តឹង​បព្វជិតភាព ៖

ថ្ងៃ​មួយ ចូច កំពុង​និយាយ​នឹង​មិត្ត​ម្នាក់​អំពី​បទពិសោធន៍​របស់​គាត់​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​មិត្ត​គាត់​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ គាត់បាន​នឹក​ចាំ​ថា « ពេល​ខ្ញុំ​បាន​ប្រាប់​ពី​ដំណើរ​រឿង​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ហើយ បាន​ធូរ​ស្រាល » ។

បទពិសោធន៍​នោះ​បាន​បញ្ជាក់​ជា​ថ្មី​ដល់​ទីបន្ទាល់​របស់​ចូច ប៉ុន្តែ​កង្វល់​របស់​គាត់​ពី​ការ​រឹត​បន្តឹង​បព្វជិតភាព​នៅ​តែ​មាន​ដដែល ។ ពេល​គាត់​អធិស្ឋាន​សូម​ការ​យល់​ដឹង​បន្ថែម​ទៀត សារលិខិត​នេះ​បាន​កើត​មាន​ចំពោះ​គាត់ ៖ « អ្នក​ពុំ​យល់​អ្វី​គ្រប់​យ៉ាង​អំពី​ដំណឹងល្អ​របស់​យើង​ឡើយ​ ពីមុន​អ្នក​ប្ដេជ្ញា​ចិត្ត​​ចំពោះ​ដំណឹង​ល្អនោះ ។ ហេតុអ្វី​អ្នក​មិន​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​ដោយ​ទទួល​យក​អ្វី​ដែល​អ្នក​បាន​ឮ ហើយ​ទុក​អ្វី​ដែល​នៅ​សេស​សល់​នៅ​ក្នុង​ព្រះហស្ដ​របស់​យើង ? »

ដោយ​បាន​ទទួល​ការ​លួង​លោម​ចិត្ត​មក​ពី​សារលិខិត​នោះចូច​បាន​ឆ្លើយ​តប​ប្រកប​ដោយ​ការ​អធិស្ឋាន​ថា « បពិត្រ ព្រះអម្ចាស់ ទូល​បង្គំ​នឹង​ធ្វើ​តាម ។ ទូល​បង្គំនឹងទទួល​យក​ដំណឹងល្អ​ដោយ​សេចក្ដីជំនឿ ។ ហើយ​សូម​អរ​ព្រះគុណ​​ទ្រង់​យ៉ាង​ខ្លាំង » ។ ពីរ​ខែ​ក្រោយ​មក ចូច​បាន​ជ្រមុជទឹក ហើយ​បាន​ក្លាយ​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​សាសនាចក្រ ។

ចូច បាន​សរសេរ​នៅ​ឆ្នាំ​ ១៩៧៥ ( បី​ឆ្នាំ​ពី​មុន​វិវរណៈ​អំពី​បព្វជិតភាព )​ ថា លោក​បាន​ទទួល​យក​ការ​រឹត​បន្តឹង​បព្វជិតភាព​ « ដោយ​សេចក្ដី​ជំនឿ »​ ហើយ​បាន​បង្ហាញ​ជំនឿ​របស់​គាត់​ថា ទោះ​ជា​ពេល​នោះ​គាត់​មាន​ស្ថានភាព​បែប​ណា​ក្ដី ក៏​ព្រះ​ទ្រង់​មាន​យុត្តិធម៌​ដែរ ។ « ខ្ញុំ​មាន​អំណរគុណ​ដែល​បព្វជិតភាព​របស់​ព្រះអម្ចាស់​មាន​ជា​ថ្មី​ម្ដង​ទៀត​លើ​ផែនដី​នេះ រួម​ទាំង​រាល់​ពរជ័យ សិទ្ធិ​អំណាច និង​ការ​ទទួល​ខុស​ត្រូវ​របស់​វា ។ វា​ពុំ​មែន​ជា​បញ្ហា​ចំពោះ​ខ្ញុំ​នោះ​ទេ​ថានរណា​មាន​វា ឬ​គ្មាន​នោះ ប៉ុន្តែ​សំខាន់​គឺ​របៀប​ដែល​វា​ត្រូវ​បាន​ប្រើប្រាស់ » ។ ( នៅ​ក្នុង Maki « I Will Take It in Faith » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org )

  • តើ​យើង​អាច​រៀន​អ្វីខ្លះ មកពី​គំរូ​របស់​ចូច រីកហ្វ័ដ​ដែល​អាច​ជួយ​យើង ពេល​យើង​មាន​សំណួរ​ដែល​គ្មាន​ចម្លើយ​អំពី​ដំណឹងល្អ ? ( បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ហើយ សូម​សរសេរ​​សេចក្ដីពិត​ដូច​តទៅ​នេះ​ដាក់​​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​មាន​សំណួរ​ដែល​គ្មាន​ចម្លើយ យើង​អាច​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​បាន ពេល​យើង​ពឹង​ផ្អែក​លើ​ពន្លឺ និង​ចំណេះ​ដឹង​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ) ។

  • តើ​សេចក្ដី​ពិត​ដ៏​មុត​មាំ​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​អាច​នឹង​មាន​បញ្ហា​ជាមួយនឹង​សេចក្ដី​ជំនឿ​របស់​គាត់ ដោយ​សារ​តែ​សំណួរ​ដែល​គ្មាន​ចម្លើយ​អំពី​ដំណឹងល្អ​តាម​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ​មក​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

សេចក្ដី​ជំនឿ​ពុំ​ដែល​ចង់​បាន​ចម្លើយ​គ្រប់​សំណួរ​នោះ​ទេ ប៉ុន្តែ​ស្វែង​រក​ការ​អះអាង និង​សេចក្ដី​ក្លាហាន​ដើម្បី​ឆ្ពោះ​ទៅ​មុខ ពេល​ខ្លះ​ដោយ​ទទួល​ស្គាល់​ថា « ខ្ញុំ​ពុំ​ដឹង​អ្វី​គ្រប់​យ៉ាង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ល្មម​គ្រប់​គ្រាន់​ដើម្បី​បន្ត​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស » ។ ( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ​២០១៥ ទំព័រ ៦៦ )

  • តើ​ពន្លឺ និង​ចំណេះដឹង​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​បាន​ជួយ​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូច​ម្ដេច ពេល​អ្នក​បាន​ជួប​នឹង​សំណួរ​ដែល​គ្មាន​ចម្លើយ ឬ​ស្ថានភាព​ពុំ​ប្រាកដ​ប្រជា ?

  • តើ​យើង​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​ជួប​នឹង​សំណួរ​ដែល​គ្មាន​ចម្លើយ​ឲ្យ​​ឆ្ពោះ​ទៅ​មុខ​តាម​របៀប​ណា ?

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​​គោលការណ៍​នៃ​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ក្នុង​​ជីវិត​របស់​ពួកគេ​ផ្ទាល់ ឬ​ប្រើ​វា​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ។ សូម​ឲ្យ​សិស្ស​ពិចារណា​កត់ត្រា​ផែនការណ៏​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ពួកគេ ។

ពរជ័យ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ ឥឡូវ​នេះ​គឺ​មាន​ចំពោះ​សមាជិក​សាសនាចក្រ​គ្រប់​រូប​ដែល​សក្ដិសម ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​កថាកណ្ឌ​ទី​បី និង​ទី​បួន​នៅ​ក្រោម « ជូន​ចំពោះ​បងប្អូន​ប្រុស​ទាំងឡាយ »​ នៅ​ក្នុងសេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២ ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង​ « ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​យើង » ។

  • តើ​យើង​អាច​រៀនអ្វី​ខ្លះ​មកពី​កថាកណ្ឌ​ទាំងនេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ទៅ​កាន់​ពួក​ព្យាការី​​របស់​ទ្រង់ ) ។

  • តើ​នៅ​ពេល​ណា​ដែល​អ្នក​បាន​ឃើញ​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ទៅកាន់​ពួក​ព្យាការី​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​ពន្យល់​ថា ក្រោយ​ពី​ថ្ងៃ​ដែល​វិវរណៈ​អំពី​បព្វជិតភាព​ត្រូវបាន​ទទួល ចូច រីកហ្វ័ដ ត្រូវ​បាន​តែង​តាំង​ជា​សង្ឃ​នៅ​ក្នុង​បព្វជិតភាព​អើរ៉ុន ហើយ​មិនយូរប៉ុន្មាន​បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។ នៅ​ខែ​ តុលា ឆ្នាំ​ ១៩៧៨ ចូច និង​ភរិយា​របស់​គាត់​ឈ្មោះ​ ជូន ត្រូវបាន​ផ្សារ​ភ្ជាប់​នឹង​គ្នា ព្រមទាំង​នឹង​កូន​បួន​នាក់​របស់​ពួកគេ​ជា​គ្រួសារ​ដ៏​អស់កល្ប​មួយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡុងដុង ប្រទេស​​អង់គ្លេស ​( សូមមើល Maki « I Will Take It in Faith » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ) ។

  • តើ​វិវរណៈ​នោះ​មាន​ឥទ្ធិពល​អ្វីខ្លះ​លើ​សាសនាចក្រ សមាជិក​របស់សាសនាចក្រ និង​មនុស្ស​ជុំវិញ​ពិភពលោក​នេះ ?

សូមបង្ហាញ​សេចក្តីថ្លែងការណ៍​ដូច​ខាង​ក្រោម ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​​វា​ឲឭៗ ៖

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ព្រះគម្ពីរ​មរមន​ចែង​ថា « ទាំង​ខ្មៅ ទាំង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី … ដូច​គ្នា​ចំពោះ​ព្រះ » ( នីហ្វៃ​ទី ២ ២៦:៣៣ ) ។ នេះ​គឺជា​ការ​បង្រៀន​ជា​ផ្លូវ​ការ​របស់​សាសនាចក្រ ។( « Race and the Church: All Are Alike Unto God » ថ្ងៃ​ទី ​២៩ ខែ ​កុម្ភៈ ឆ្នាំ​ ២០១២ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org )

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ ( ឬ​អនុវត្ត​តាម ) ដោយ​ផ្អែកទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ អំពីរបៀប​ដែល​ពួកគេ​អាច​ឆ្លើយ​តប ប្រសិន​បើ​ពួកគេ​ត្រូវ​គេ​​សួរ​ថា ​ហេតុអ្វី​សាសនាចក្រ​ពុំ​បាន​តែង​តាំង​បព្វជិតភាព​ដល់​សាសន៍​អាហ្វ្រិក​ស្បែក​ខ្មៅ​នៅ​គ្រា​មួយនោះ ។ សូម​គូស​បញ្ជាក់​ថា វា​សមរម្យ​ដើម្បី​ពន្យល់​ដល់​មនុស្ស​ដទៃ​ថា យើង​ពុំ​ដឹង​ពី​ហេតុផល​ដែល​ការ​រឹត​បន្តឹង​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​បាន​ចាប់​ផ្ដើម​​នោះទេ ។ ប៉ុន្តែ​យើង​អាច​ចែកចាយ ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​ដែល​យើង​បាន​​ដឹង រួម​បញ្ចូល​ទាំង​សេចក្ដីពិត​ដែល​បាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ​ផងដែរ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ដល់​សិស្ស​ថា ដើម្បី​រៀបចំខ្លួន​សម្រាប់​សប្ដាហ៍​ក្រោយ ពួកគេ​នឹង​សិក្សា​ពី​អ្វី​ដែល​ពួក​ព្យាការី ទាំង​ពី​បុរាណ និង​សម័យ​ទំនើប បាន​បង្រៀន​អំពី​ជោគ​វាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ត្រៀម​ខ្លួន​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុង​ក្រោយ ។