ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៩ ៖ ការប្រោសលោះ​មរណជន


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៩ ៖ ការប្រោសលោះ​មរណជន » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៩ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៩

ការប្រោស​លោះ​មរណជន

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ការទទួល​ខុសត្រូវ​ដ៏​ធំ​បំផុត​មួយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ​គឺ ការជួយ​ប្រោសលោះ​មរណជន ( សូមមើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧៥ ) ។ មេរៀន​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង​ចែកចាយ​ពី​មូលហេតុ​ដែល​ការប្រោសលោះ​មរណជន គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ និង​ដើម្បី​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ឲ្យ​ចូលរួម​កាន់តែ​ពេញលេញ​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បើក​សម្ដែង​ពី​គោលលទ្ធិ​នៃ​ការប្រោសលោះ​មរណជន​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

សូម​បង្ហាញ​រូបភាព​ដែល​អម​មក​ជាមួយ​នេះ ហើយ​ពន្យល់​ថា វា​បង្ហាញ​ពី​អាលវិន ស្ម៊ីធ ដែល​បី​ប្អូនប្រុស​របស់​លោក​យ៉ូសែប ក្រោយពី​ការវះកាត់​ជើង​របស់​យ៉ូសែប ។ សូម​ឲ្យ​សិស្ស​នឹកចាំ​ពី​ការរៀបចំ​សម្រាប់​ថ្នាក់​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​អារម្មណ៍​របស់​យ៉ូសែប​ចំពោះ​បងប្រុស​របស់​លោក​អាលវិន និង​អ្វី​ដែល​បាន​កើតឡើង​ដល់​អាលវិន ។

រូបភាព
អាលវិន ស៊្មីធ​កំពុង​អៀវ យ៉ូសែប ស្ម៊ីធ​វ័យ​ក្មេង
  • តើ​គ្រូ​គង្វាល​ប្រែសប៊ីធារាន​បាន​ផ្ដល់​យោបល់​អ្វី​ដល់​គ្រួសារ​ស្ម៊ីធ​នៅ​ឯ​បុណ្យ​សព​របស់​អាលវិន ?

  • តើ​បងប្អូន​នឹង​មាន​អារម្មណ៍​យ៉ាងណា ពេល​ឮ​ពាក្យ​ទាំងនេះ ប្រសិនបើ​បងប្អូន​ជា​សមាជិក​ក្នុង​គ្រួសារ​ស្ម៊ីធ ?

សូម​រំឭក​សិស្ស​ថា ពាក្យ​សម្ដី​របស់​គ្រូ​គង្វាល​នេះ​បាន​បង្ហាញ​ពី​ជំនឿ​ថា ពិធីបុណ្យ​ជ្រមុជទឹក​គឺ​សំខាន់​សម្រាប់​សេចក្ដី​សង្គ្រោះ ដូច​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ( សូមមើល យ៉ូហាន ៣:៥ ) ។ សូម​ឲ្យ​សិស្ស​រំឭក​ពី​ការនិមិត្ត​របស់​យ៉ូសែប ស្ម៊ីធ​នៅ​ឆ្នាំ ១៨៣៦ អំពី​នគរ​សេឡេស្ទាល​ដូច​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:១, ៥–៨ ហើយ​រកមើល​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​រៀន​អំពី​បងប្រុស​របស់​លោក​អាលវិន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​វិវរណៈ​នេះ​ជួយ​ស្ដារឡើង​វិញ ឬ​បញ្ជាក់​ពី​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ? តើ​បងប្អូន​គិត​ថា យ៉ូសែប​អាច​មាន​គំនិត និង​អារម្មណ៍​យ៉ាង​ណា​ទៅ នៅពេល​លោក​បាន​ដឹង​ពី​សេចក្ដីពិត​ទាំងនេះ ?

សូម​ពន្យល់​ថា បួន​ឆ្នាំ​កន្លះ​ក្រោយពី​បាន​ឃើញ​ការនិមិត្ត​អំពី​អាលវិន​នៅក្នុង​នគរ​សេឡេស្ទាល យ៉ូសែប​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​ទីក្រុង​ណៅវូ​ទាក់ទង​នឹង​របៀប​ដែល​នរណាម្នាក់​ដូចជា​អាលវិន ដែល​មិន​បាន​ជ្រមុជទឹក​នៅក្នុង​ជីវិត​នេះ អាច​បាន​សង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះ​បាន ។ ព្យាការី​បាន​ណែនាំ​គោលលទ្ធិ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន អំឡុង​ពេល​ទេសនកថា​នៅ​បុណ្យ​សព​មួយ​នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៨៤០ ( សូមមើល Church History Topics « Baptism for the Dead » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

សូម​ឲ្យ​សិស្ស​អាន​ជា​ដៃគូ ឬ​នៅក្នុង​ក្រុម​តូចៗ​នូវ​សេចក្ដី​សម្រង់​មកពី​សំបុត្រ​របស់​វីលេត ឃឹមបឹល​ដែល​មាន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ រួច​ហើយ សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម ( ដែល​មាន​នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​ដែរ ) ហើយ​សូម​ឲ្យ​សិស្ស​ពិភាក្សា​ពី​សំណួរ​ទាំងនោះ ៖

  • តើ​បងប្អូន​គិត​ថា​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ការប្រោសលោះ​ដល់​មរណជន​គឺជា « គោលលទ្ធិ​ដ៏​រុងរឿង » បែប​នេះ ?

  • តើ​គោលលទ្ធិ​នេះ​អាច​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​លក្ខណៈ និង​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ការបង្រៀន​របស់​ព្យាការី យ៉ូសែប ស៊្មីធ ឮៗ​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៥ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​មូលហេតុ​ដែល​ការចូលរួម​ក្នុង​កិច្ចការ​ដើម្បី​ប្រោសលោះ​មរណជន​នេះ​គឺ​សំខាន់​សម្រាប់​យើង ។

  • យោងតាម​គម្ពីរ​នេះ ហេតុអ្វី​វា​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​ពិធីបរិសុទ្ធ​សង្គ្រោះ​សម្រាប់​មរណជន ? ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ពីរ​បី​ដែល​រួមមាន​ដូច​តទៅ​នេះ ៖ បើ​គ្មាន​ពិធីបរិសុទ្ធ​សង្គ្រោះ​នៃ​ដំណឹងល្អ​ទេ នោះ​បុព្វការីជន​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​ដឹង​ពី​ដំណឹងល្អ មិន​អាច​ទទួល​បាន​ការលើក​តម្កើង​បាន​ឡើយ ។ សេចក្ដី​សង្គ្រោះ​នៃ​បុព្វការីជន​របស់​យើង​ដែល​បាន​ស្លាប់ទៅ គឺ​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង​ផ្ទាល់ ) ។

  • តើ​បងប្អូន​គិត​ថា សេចក្ដី​សង្គ្រោះ​របស់​បុព្វការីជន​របស់​យើង​គឺ « ចាំបាច់ និង​សំខាន់ » ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង​ផ្ទាល់​តាម​របៀប​ណាខ្លះ ?

ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​បងប្អូន សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ខណៈ​ដែល​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​មាន​អំណាច​ដើម្បី​ប្រទានពរ​ដល់​អស់​អ្នក​ដែលបាន​ចែកឋាន​ទៅ នោះ​វា​មាន​អំណាច​ស្មើគ្នា​ក្នុង​ការប្រទានពរ​ដល់​មនុស្ស​យើង ។ វា​មាន​ឥទ្ធិពល​ដ៏​បន្សុទ្ធ​មួយ​ដល់​អស់​អ្នកដែល​ប្រឡូក​ក្នុង​កិច្ចការ​នេះ ។ វា​ពិតជា​ជួយ​លើក​តម្កើង​ក្រុមគ្រួសារ​របស់​ពួកគេ ។

យើង​ត្រូវបាន​លើក​តម្កើង នៅពេល​យើង​អាច​រស់នៅ​ជុំគ្នា​ជាមួយ​នឹង​ក្រុមគ្រួសារ​ធំ​របស់​យើង​នៅក្នុង​វត្តមាន​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ។ ( រ័សុល អិម ណិលសុន « Generations Linked in Love » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩៣–៩៤, បាន​បន្ថែម​អក្សរ​ទ្រេត ) ។

យ៉ូសែប អេហ្វ ស៊្មីធ ឃើញ​ការនិមិត្ត​មួយ​អំពី​ការប្រោសលោះ​មរណជន ។

សូម​ពន្យល់​ថា សូម្បី​តែ​ក្រោយពី​ការស្លាប់​របស់​ព្យាការី យ៉ូសែប ស៊្មីធ ក៏​ព្រះអម្ចាស់​នៅតែ​បន្ដ​បើក​សម្ដែង​សេចក្ដីពិត​អំពី​ផែនការ​របស់​ទ្រង់​ដើម្បី​ប្រោសលោះ​មរណជន « មួយ​បន្ទាត់​ម្ដងៗ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១២ ) អំពី​ផែនការ​របស់​ទ្រង់​ដើម្បី​ប្រោសលោះ​មរណជន ។ នៅក្នុង​ឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួល​ការនិមិត្ត​មួយ​អំពី​ការប្រោសលោះ​មនុស្ស​ស្លាប់ ។

  • តើ​បទពិសោធន៍​របស់​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ និង​ព្រឹត្តិការណ៍​នៅក្នុង​ពិភពលោក​អ្វីខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​ការនិមិត្ត​នេះ​ពិត​តាម​វេលា​យ៉ាង​ជាក់ ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទាញ​យក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

សូម​រំឭក​សិស្ស​ថា គឺ​វា​នៅ​ខណៈ​ដែល​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​សញ្ជឹងគិត​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់​សាវក​ពេត្រុស​អំពី​ការដែល​ព្រះអង្គ​សង្គ្រោះ​បាន​ទៅ​នៅ​ភព​វិញ្ញាណ ទើប​លោក​បាន​មាន​ការនិមិត្ត​របស់​លោក​នេះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១–១១ ) ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៨–៣៤, ៥៧ ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អំឡុង​ពេល​ការទៅ​ពិភព​វិញ្ញាណ​ដ៏​ខ្លី​របស់​ទ្រង់ និង​ឥទ្ធិពល​នៃ​ការទៅ​នេះ ។

  • តើ​សេចក្ដីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​ចង្អុល​បង្ហាញ​ឃ្លា « បុណ្យ​ជ្រមុជ​ទឹក​ជំនួស » ( ខទី ៣៣ ) ។ សូម​ពន្យល់​ថា ជំនួស​មាន​ន័យ​ថា​ធ្វើ​សកម្មភាព​ជំនួស​ឲ្យ​នរណាម្នាក់​ផ្សេងទៀត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អែលឌើរ គ្រីស្ដូហ្វឺសិន បាន​បង្រៀន​អំពី​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ជំនួស ដែល​យើង​ធ្វើ​សម្រាប់​សមាជិក​គ្រួសារ​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​បងប្អូន​នឹង​សង្ខេប​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​មកពី​ការបង្រៀន​របស់​អែលឌើរ គ្រីស្ដូហ្វឺសិន​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូចនេះ ៖ យើង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្ឬីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ នៅពេល​យើង​ចូលរួម​នៅក្នុង​កិច្ចការ​ដើម្បី​ជួយ​ប្រោសលោះ​សមាជិក​គ្រួសារ​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​នេះ ) ។

  • តើ​ការចូលរួម​ក្នុង​កិច្ចការ​ប្រោសលោះ​មរណជន​នេះ គឺជា​ការបង្ហាញ​មួយ​អំពី​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​តាម​របៀបណា ?

  • តើ​ការចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ?

ព្យាការី​របស់​ព្រះអម្ចាស់​សន្យា​នូវ​ពរជ័យ​ដ៏​មាន​អានុភាព​ដល់​អស់​អ្នក​ដែល​ជួយ​ប្រោសលោះ​អ្នកស្លាប់ ។

សូម​សរសេរ​គោលការណ៍​ពុំ​ពេញលេញ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​ខ្ញុំ​ចូលរួម​នៅក្នុង​កិច្ចការ​ពង្ស​ប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ …

សូម​បង្ហាញ​វីដេអូ « The Promised Blessings of Family History » ( ៣:២២ ) ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​ពរជ័យ​ដែល​កំពុង​រស់ចាំ​អស់​អ្នក​ដែល​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង ការបម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ សូម​ពិចារណា​សរសេរ​ពរជ័យ​នានា ដែល​សិស្ស​រកឃើញ​នៅក្រោម​សេចក្ដី​ថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​ពរជ័យ​ដែល​បាន​សន្យា​មួយ​ណា​ដែល​បងប្អូន​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ហើយ​តើ​ហេតុអ្វី ?

  • តើ​បងប្អូន និង​គ្រួសារ​បងប្អូន​បាន​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តាម​របៀប​ណា​ខ្លះ ? តើ​បងប្អូន​បាន​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​មកពី​ការធ្វើ​ដូច្នោះ ?

បងប្អូន​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​នរណាម្នាក់ ដែល​ពួកគេ​អាច​សូម​ឲ្យ​ជួយ​បង្រៀន​ពួកគេ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ។ ប្រសិនបើ​សិស្ស​មួយ​ចំនួន​មាន​ជំនាញ​ចេះ​ធ្វើ​កិច្ចការ​ពង្ស​ប្រវត្តិ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្រៀន​នរណាម្នាក់​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់ ។ ប្រសិនបើ​មាន​ពេល បងប្អូន​ក៏អាច​បង្ហាញ​គេហទំព័រ​ពង្សប្រវត្តិ​ដល់​សិស្ស ChurchofJesusChrist.org/family-history ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្រាវជ្រាវ​គេហទំព័រ​នេះ ដើម្បី​ជា​គំនិត​បន្ថែម​អំពី​របៀប​ដែល​យើង​កាន់តែ​រួមចំណែក​នៅ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ចូរ​ធ្វើ​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ។ ប្រសិនបើ​គោលលទ្ធិ​នៃ​ដំណឹងល្អ ឬ​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ត្រូវ​បាន​សិក្សា ប៉ុន្ដែ​មិន​បានអនុវត្ត នោះ​ការសិក្សា​នោះ​មិន​បាន​ពេញលេញ​ឡើយ ។ យើង​អនុវត្ត​ការរៀន​ដំណឹងល្អ នៅពេល​យើង​ទទួល​យក​សេចក្ដីពិត​ដាក់​ក្នុង​ចិត្ត​យើង រួច​ហើយ​ធ្វើ​សកម្មភាព​ស្របតាម​សេចក្ដីពិត​នោះ ។ សូម​ឲ្យ​សិស្ស​ធ្វើ​តាម​ការបំផុស​ខាង​វិញ្ញាណ​ដែល​ពួកគេ​ទទួល​បាន ដើម្បី​អនុវត្ត​សេចក្ដីពិត​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​ពួកគេ​រៀន ។

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​ការលះបង់​ណា​មួយ ហើយ​ដែល​សំខាន់​បំផុត​នោះ​គឺ​ការលះបង់​ពេលវេលា ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ធ្វើកិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ ។ ( រ័សុល អិម ណិលសុន RootsTech Family Discovery Day—Opening Session 2017 នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សូម​បញ្ចប់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ហើយបន្ទាប់​មក​សូម​សរសេរ​ពី​ការលះបង់​ជាក់លាក់ ឬ​ជំហាន​ជាក់លាក់​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ចូលរួម​ឲ្យ​បាន​កាន់​តែ​ពេញលេញ​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សម្រាប់​ពេល​ក្រោយ

សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ។ សូម​ពន្យល់​ថា តាំង​ពី​ជំនាន់​បុរាណ​មក ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​កសាង​ព្រះវិហារ​បរិសុទ្ធ ។ ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​បង្រៀន​ថា ពរជ័យ​ដ៏​មហិមា​នៃ​ដំណឹងល្អ​អាច​ទទួល​បាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​សិក្សា​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​ពរជ័យ​នានា ដែល​ព្រះអម្ចាស់​បាន​ប្រទានដល់​យើង​តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។