ថ្នាក់​វិទ្យាស្ថាន
ឯកសារ​​​គ្រូបង្រៀន មេរៀនទី ២៨ ៖ ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់


« ឯកសារ​​​គ្រូបង្រៀន មេរៀនទី ២៨ ៖ ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ » ឯកសារ​​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​​​គ្រូបង្រៀន មេរៀនទី ២៨ » ឯកសារ​​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​​​គ្រូបង្រៀន មេរៀនទី ២៨

ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់

យើង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៣ ) ។ មេរៀន​នេះ​ត្រូវបាន​រៀប​ចំ​ឡើង​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សិស្ស​ថា កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​ឆ្ពោះ​ទៅ​មុខ​ ទោះ​ជា​មាន​ឧបសគ្គ​ក្ដី ហើយ​ដើម្បី​ជួយ​សិស្សឲ្យ​​បង្កើត​ផែនការ​មួយ​ដើម្បី​ជួយ​ព្រះអម្ចាស់​យ៉ាង​ឧស្សាហ៍​ព្យាយាម ​នៅ​ក្នុង​ការពន្លឿន​កិច្ចការ​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​ឆ្ពោះ​ទៅ​មុខ​ទោះ​បីជា​មាន​ឧបសគ្គ​ក្ដី ។

សូម​បង្ហាញ​រូបភាព​ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ ​ដល់​សិស្ស ( សូម​មើល ឯកសារ​រៀបចំ ) ហើយ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការ​រីកចម្រើន​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់​ចាប់​តាំង​ពី​ការ​រៀបចំ​ឡើង​​នៅ​ឆ្នាំ​១៨៣០ ។ ( សិស្ស​គួរ​មើល​ផ្នែក​ទី ១​នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ព្យាការី​បាន​មាន​ប្រសាសន៍​អ្វីខ្លះ​អំពី​អនាគត​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សំខាន់​ដើម្បី​យល់​ដឹង​ពី​ជោគវាសនា​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

សូម​ពន្យល់​ថា នៅ​ខែ ​មីនា ឆ្នាំ​ ១៨៤២ យ៉ូសែប ស៊្មីធ បាន​រៀបរាប់​ពី​ជោគ​វាសនា​នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ពេល​លោក​បាន​សរសេរ​លិខិត​មួយ​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើ​សុំ​ព័ត៌មាន​មួយ​អំពី​ជំនឿ​របស់​សាសនាចក្រ​ពី​សំណាក់​លោក ​ចន វ៉េនវ័ធ ដែល​ជា​និពន្ធ​នាយក​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ស៊ីកាហ្គូ រដ្ឋ​អិលលីណយ ។ ក្នុង​លិខិត​នោះ ព្យាការី​បាន​រៀបរាប់​ពី « ការ​ក្រោក​ឡើង ការ​រីកចម្រើន ការ​បៀត​បៀន និង​សេចក្ដី​ជំនឿ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ( Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៣៧ ) ។

សូមបង្ហាញ​ផ្នែក​ដូចខាងក្រោម​នៃ​លិខិត​នោះ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​​​ឲឭៗ ៖

បទដ្ឋាន​នៃ​សេចក្ដីពិត​ត្រូវ​បាន​បង្កើត​ឡើង គ្មាន​ដៃ​មិន​បរិសុទ្ធ​ណា​មួយ​អាច​បញ្ឈប់​កិច្ចការ​នេះ​មិន​ឲ្យ​រីកចម្រើន​បាន​ឡើយ ការ​បៀត​បៀន​អាច​នឹង​កើន​ឡើង ពួក​មនុស្ស​កំណាច​អាច​នឹង​ប្រមូល​ផ្ដុំ​គ្នា ពួក​សត្រូវ​អាច​នឹង​រួម​ដៃ​គ្នា ការ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​អាច​នឹង​ធ្វើ​ឡើង ប៉ុន្តែ​សេចក្ដី​ពិត​នៃ​ព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង​ឯករាជ្យ​រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់តំបន់ គ្រប់​ប្រទេស និង បាន​ឮ​ដល់​គ្រប់​ត្រចៀក រហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វគ្រប់​ហើយ ។ ( Teachings: Joseph Smith ទំព័ រ៤៤៤ )

ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា​ពាក្យ​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​សំដៅ​ទៅ​លើ​សេចក្ដី​ថ្លែង​ការណ៍​ខុស​ឆ្គង​ដែល​មាន​ចេតនា​ចង់​បំផ្លាញ​កេរ្ដិ៍​ឈ្មោះ​របស់​មនុស្ស​ម្នាក់ ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​អំពី​កិច្ចការ​របស់​ព្រះ​មក​ពី​សេចក្ដី​ថ្លែងការណ៍​របស់​យ៉ូសែប ស្ម៊ីធ និង​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅ​ក្នុង​ឯកសារ​រៀបចំ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​ដាក់​បង្ហាញ​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ទោះ​បី​មាន​ឧបសគ្គ​ក្ដី ក៏​កិច្ចការ​របស់​ព្រះ​នឹង​ឆ្ពោះ​ទៅ​មុខ​រហូត​ដល់​ព្រះរាជ​បំណង​របស់​ទ្រង់​ត្រូវបាន​សម្រេច ) ។

សូម​ពន្យល់​ថា ​ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរនាក់​បាន​ថ្លែង​ទីបន្ទាល់​ថា ការ​ព្យាករ​របស់​យ៉ូសែប ស៊្មីធ​បន្ត​បំពេញ​នៅ​ជំនាន់​របស់​យើង ។ សូមបង្ហាញ​សេចក្តីថ្លែងការណ៍​ដូចខាងក្រោម ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឭៗ ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

ការ​បៀត​បៀន​បាន​កើន​ឡើង ។ ការ​បង្ខូច​កេរ្ដិ៍​ឈ្មោះ ព្រម​ទាំង​ពាក្យ​កុហក និង​ការ​បង្ហាញ​ខុស​បាន​ប៉ុន​ប៉ង​ធ្វើ​ឡើង ។ ប៉ុន្តែ​នៅ​គ្រប់​ទសវត្សរ៍​ចាប់​តាំង​ពី​គ្រា​នៃ​ការ​ស្ដារ​ឡើង​វិញ​មក សេចក្ដី​ពិត​នៃ​ព្រះ​បាន​ឆ្ពោះ​ទៅ​មុខ ​« ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង​ឯករាជ្យ » ។ សាសនាចក្រ​តូច​ដែល​បាន​ចាប់ផ្ដើម​ឡើង​នៅ​ឆ្នាំ ១៨៣០ ដែល​មាន​សមាជិក​បន្តិច​បន្តួច ឥឡូវ​នេះ​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ [ រាប់​លាន់​នាក់ ] ​នៅ​ក្នុង​ជាតិ​សាសន៍​ជាច្រើន​ជុំវិញ​ពិភពលោក ហើយ​យើង​ស្ថិត​នៅ​លើ​ផ្លូវ​របស់​យើង​ដើម្បី​ជ្រាប​ចូល​ទៅ​គ្រប់​ទ្វីប គ្រប់​តំបន់ គ្រប់​ប្រទេស​ ហើយ​បាន​ស្ដាប់​ឮ​ដល់​គ្រប់​ត្រចៀក ។

នេះ​គឺជា​កិច្ចការ​របស់​ព្រះ ហើយ​កិច្ចការ​របស់​ព្រះ​នឹង​មិន​រសាយ​ឡើយ ។ ( អិម រ័សុល បាឡឺដ « The Truth of God Shall Go Forth » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៨៣ )

សូម​ដាក់​សំណួរ​ដូច​ខាង​ក្រោម​នេះ ហើយ​ទុក​ពេល​ឲ្យ​សិស្ស​មួយ​នាទី​ដើម្បី​ពិចារណា​ពីមុន​ពួកគេ​ឆ្លើយ ៖

  • តើ​គំរូ​មួយ​ចំនួនណាខ្លះ​មក​ពី​ប្រវត្តិ​សាសនាចក្រ ឬ​ជំនាន់​បច្ចុប្បន្ន​របស់​យើង​ដែល​បង្ហាញ​ថា ទោះ​ជា​មាន​ការ​បៀត​បៀន​ក្ដី ក៏​កិច្ចការ​របស់​ព្រះ​បន្ត​ឆ្ពោះ​ទៅ​មុខ ?

  • តើ​ការ​ដឹង​ថា កិច្ចការ​របស់​ព្រះ​ពុំ​អាច​បញ្ឈប់​បាន ជួយ​រៀបចំ​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​ចំពោះ​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ?

ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។

សូម​ដាក់​បង្ហាញ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​មក​ពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាល​លោកបាន​​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ពេលខ្លះ​យើង​គិត​ពី​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​ថា​ជា​អ្វី​មួយ​ដែល​បាន​បំពេញ​រួច​ហើយ​—យ៉ូសែប ស៊្មីធ​បាន​បកប្រែ​ព្រះគម្ពីរ​មរមន លោក​បាន​ទទួល​កូនសោ​បព្វជិតភាព សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​អស់​ហើយ ។ តាម​ពិត ការស្ដារ​ឡើងវិញ​គឺជា​ដំណើរការ​គ្មាន​ទី​បញ្ចប់​មួយ ដ្បិត​ពេល​នេះ​យើង​កំពុង​រស់​នៅ​ក្នុង​សម័យ​នៃ​ការ​ស្ដារ​ឡើង​វិញ​ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Are You Sleeping through the Restoration? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩ )

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ដឹង​ថា ការ​ស្ដារ​ឡើង​វិញ​កំពុង​តែ​បន្ត ?

សូម​ពន្យល់​ថា នៅ​ចុង​ខែ​ ធ្នូ ឆ្នាំ​ ​១៨៣២ ព្រះអម្ចាស់​បាន​បង្គាប់​ពួក​អែលឌើរ​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ឲ្យ​រៀបចំ​ខ្លួន ​« ចេញ​ទៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ​នៅ​ពេល​ចុង​ក្រោយ​បង្អស់ »​ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨៤ ) ។

សូម​អាន ​គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៣–៧៤, ៨០–៨១​ ជាមួយ​នឹង​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​គូស​ចំណាំ​ការ​សន្យា​របស់​ព្រះអម្ចាស់ និង​បទបញ្ញត្តិ​ដែល​ទាក់​ទង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការ​សន្យា​នេះ សូម​អញ្ជើញ​ពួកគេ​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ដែល​មាន​នៅ​ក្នុង​សេចក្ដីផ្ដើម​នៃ​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​នេះ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

នេះ​គឺជា​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​រីករាយ ។ ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅ​ចំពោះ​មុខ​យើង ។ វា​ជា​រឿង​រំភើប​ចិត្ត ។ វា​ប្រកប​ដោយ​ការ​លំបាក ។ មាន​តម្រូវការ​ជាច្រើន​ដែល​ទាមទារ​ពី​យើង​—ដែល​មិនធ្លាប់​មាន​ពីមុនមក ។ ហើយ​មាន​រឿង​ជាច្រើន​ត្រូវបាន​ផ្ដល់​ឲ្យ ។ ( រ័សុល អិម ណិលសុន « Personal Invitation » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​នៅ​ក្នុង ​គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨ និង​មក​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​ណិលសុន​អំពី​តួនាទី​របស់​យើង​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​ចែកចាយ​គំនិត​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ទិដ្ឋភាព​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ។ អ្នក​អាច​ពិនិត្យ​មើល​គម្រោង​វគ្គ​សិក្សា​នេះ ឬ​បញ្ជី​ចំណង​ជើង​មេរៀន​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចាំ​ពី​ប្រធាន​បទ​សំខាន់ៗ ។ អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​បាន​បំផុស​គំនិត​ពួកគេ​ពី​វគ្គ​បទគម្ពីរ និង​ការ​អញ្ជើញ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​មាន​នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។

  • តើអ្វី​ខ្លះ​ជា​ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអម្ចាស់​ ដែល​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ចូល​រួម​នោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។​ ទិដ្ឋភាព​ទាំង​នេះ​អាច​រួម​មាន ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ការ​ប្រកាស​ដំណឹងល្អ ការ​ប្រោស​លោះ​មរណជន ការ​ធ្វើ​តាម​ព្យាការី ការ​លះបង់​សម្រាប់​​មនុស្ស​ដទៃ ការ​ងារ​បម្រើ ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ខ្វះខាត ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការ​គោរព​ថ្ងៃ​ឈប់​សម្រាក ) ។

  • តើ​វិធី​ជាក់​លាក់​អ្វី​ខ្លះ​ដែល​អ្នក​កំពុង​មើល​ឃើញ​ថា​ ព្រះអម្ចាស់​បាន​ពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​ចំណុច​ដែល​យើង​បាន​លើក​ឡើង​នេះ ?

សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​ពីរ​បី​នាទី​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ពី​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​សរសេរ​ផែនការ​មួយ​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ជួយ​ព្រះអម្ចាស់ ។ នៅពេល​ពួកគេ​បង្កើត​ផែនការ​របស់​ពួកគេ អ្នក​អាច​ណែនាំ​ឲ្យ​ពួក​គេ​ដាក់​បញ្ចូល​ព័ត៌មាន​ជាក់​លាក់​អំពី​របៀប និង​ពេល​វេលា​កំណត់​ដែល​ពួកគេ​នឹង​ធ្វើ ។

សូម​ពិចារណា​សរសេរ​ផែនការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ពីមុន​ចាប់​ផ្ដើម​បង្រៀន ដោយ​រៀប​រាប់​ពី​រឿង​មួយ​ចំនួន​ដែល​អ្នក​នឹង​ធ្វើ ​( ឬ​នឹង​បន្ត​ធ្វើ ) ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ពីមុន​សិស្ស​សរសេរ​ផែនការ​របស់​ពួកគេ សូម​ពិចារណា​ចែកចាយ​ផែនការ​របស់​អ្នក​ជា​គំរូ​មួយ​សិន ។

ក្រោយពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍ ពេល​ពួកគេ​បាន​ចូល​រួម​នៅ​ក្នុងវគ្គ​សិក្សា​នេះ ។ សូម​ចែក​ចាយ​ទីបន្ទាល់ និង​ការ​អះអាង​របស់​អ្នក​ដោយ​សង្ខេប​អំពី​ពរជ័យ​ដែល​សិស្ស​នឹង​ទទួល ពេល​ពួកគេ​បន្ត​ចូល​រួម​យ៉ាង​សកម្ម​នៅ ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ដ​ដើម្បី​បញ្ចប់​ថ្នាក់​វិទ្យាស្ថាន ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ការ​បញ្ចប់ … ថ្នាក់​វិទ្យាស្ថាន​នឹង​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​លើក​កម្ពស់​នៅ​ក្នុង​រឿង​ដ៏​សំខាន់​បំផុត​ដែល​នឹង​ធ្វើ​នៅ​ក្នុង​ជីវិត » ( « A Personal Invitation to Participate in Seminary and Institute » ថ្ងៃ​ទី ៤ ខែ ​កុម្ភៈ ឆ្នាំ ​២០១៩ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ជួយ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បំពេញ​តាម​​តម្រូវការ​​នានា​នៃ​វគ្គ​សិក្សា​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​វិទ្យាស្ថាន ។