ប្រវត្តិ​សាសនាចក្រ
ជេន​អេលីហ្សាបិត ម៉ែននីង ជេមស៍


« ជេន​អេលីហ្សាបិត ​ម៉ែននីង ជេមស៍ »​ប្រធានបទ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

« ជេន​អេលីហ្សាបិត ម៉ែននីង ជេមស៍ »

ជេន​អេលីហ្សាបិត ម៉ែននីង ជេមស៍

ជេន​អេលីហ្សាបិត ​ម៉ែននីង ជេមស៍​( ប្រហែលឆ្នាំ ១៨២២-១៩០៨ ) គឺ​ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​យ៉ាង​តិច ៥ នាក់​ដែល​បាន​កើត​ចេញ​ពី​គូ​ស្វាមីភរិយា​ជនជាតិ​អាហ្រ្វិក​សញ្ជាតិ​អាមេរិកកាំង​មួយគូ​ដែល​មាន​សេរីភាព​នៅ​ទីក្រុង​ខននិចធីខីត​នៅ​ពេល​ដែល​ជនជាតិ​ស្បែកខ្មៅ​ភាគច្រើន​នៅ​សហរដ្ឋអាមេរិក​ជា​ទាសករ​នៅ​ឡើយ ។​ នៅ​ពេល​នាង​ជា​យុវមជ្ឈិមវ័យ​នាង​បាន​ចូល​រួម​ព្រះវិហារ​ញូវកាណាន​ក្នុង​ឆ្នាំ ១៨៤១ ប៉ុន្តែ ១៨ ខែ​ក្រោយ​មក​ក្នុង​រដូវរងារ​ឆ្នាំ ១៨៤២-៤៣ នាង និង សមាជិក​គ្រួសារ ជា​ច្រើន​បាន ទទួល​បុណ្យជ្រមុជទឹក ចូល​ក្នុង សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ នៃ​ពួកបរិសុទ្ធ ថ្ងៃ​ចុង​ក្រោយ ។ ជេន និង​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​គ្រួសារ​របស់​នាង​មិន​យូរ​ប៉ុន្មាន​ចង់​ចូលរួម​ជា​មួយ​ពួក​បរិសុទ្ធ​នៅ​ណៅវូ​ដូច្នេះ​ពួកគេ​បាន​ធ្វើដំណើរ​ពី​ខននិចធីខាត់​ទៅ​ញូវយ៉ក​ដោយ​មាន​គម្រោង​ធ្វើ​ដំណើរតាម​ទូក​ប្រើ​ចំហាយទឹក និង​តាម​ទូក​ប្រឡាយ ។ ក៏​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ធ្វើដំណើរ​តាម​ទូក​ដោយសារ​តែ​សញ្ជាតិ​របស់​ពួកគេ​ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​ដើរ​ចម្ងាយ ១២៨៧.៤៨​គ​ម​ទៀត។ នៅ ភីអូរ៉េ រដ្ឋអិលលីណោយ អាជ្ញាធរ​មូលដ្ឋាន​បាន​សាកសួរ​គ្រួសារ​លោក​ម៉ែននីង​ថា​អាច​ជា​ទាសករ​រត់​គេច​ខ្លួន​ហើយ​បាន​ទាមទារ​ឲ្យ​បំពេញ​ក្រដាស​ស្នាម​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​សេរីភាព​របស់​ពួកគេ ។ ការប្រកាន់​ពូជ​សាសន៍​គឺ​ជា​ឧបសគ្គ​មួយ​ដែល​ជេន​នឹង​ត្រូវ​ប្រឈមមុខ​អស់​មួយ​ជីវិត​របស់​នាង ។

រូបភាព
រូបថតរបស់​ជេន ​ម៉ែននីង​ជេមស៍

រូបថត​របស់​ជេន​ម៉ែននីង​ជេមស៍ ។

បណ្ណាល័យ​ប្រវត្តិសាស្រ្ដ​របស់​សាសនាចក្រ​ដែល​មាន​ការអនុញ្ញាត និង​ប័ណ្ណសារ

នៅ​ពេល​ទៅ​ដល់​ណៅវូ​ភ្លាម​ជេន​ក៏​បាន​បង្កើត​ចំណង​មតិ្តភាព​ជា​មួយ​នឹង​យ៉ូសែប និង​អិមម៉ា​ស្មីធ ។ នាង​បាន​រស់នៅ​ជា​មួយ​ពួកគាត់​ហើយ​បាន​ធ្វើការ​នៅ​ក្នុង​គ្រួសារ​របស់​ពួកគាត់ ។ មាន​ពេល​មួយ​អិមម៉ា​បាន​សុំ​ជេន​អោយ​ធ្វើ​ជា​កូនចិញ្ចឹម​នៅ​ក្នុង​គ្រួសារស្ម៊ីធ​ដោយ​ការផ្សារភ្ជាប់​ដោយ​បព្វជិតភាព ។​ ជេន​បាន​បដិសេធ និង​យល់ច្រឡំ​ចំពោះ​ការអនុវត្ត​ថ្មី​ដែល​មិន​ធ្លាប់​ស្គាល់​ប៉ុន្តែ​នាង​ជឿជាក់​យ៉ាងមុតមាំ​ទៅ​លើ​តួនាទី​ជា​ព្យាការី​របស់​យ៉ូសែប ។ ក្រោយ​មក​នាង​បាន​ថ្លែងទី​បន្ទាល់​ថា៖ « ខ្ញុំ​ស្គាល់​ព្យាការី​យ៉ូសែប » ។ « លោកគឺ​ជា​បុរស​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​លើ​ផែនដី ។ … ខ្ញុំ​បា្រកដណាស់​ថា​លោក​ជា​ព្យាការី​ម្នាក់​ពីព្រោះ​ខ្ញុំ​បាន​ដឹង » ។

តាមរយៈ​ការសន្ទនា​រវាង​យ៉ូសែប ជា​មួយ​ម្ដាយ​របស់​លោក​គឺ​លូស៊ី​ម៉ាក​ស្មីធ​ជេន​បាន​រៀន​បន្ថែម​ទៀត​ពី​ព្រះគម្ពីរ​មរមន និង​ការបកប្រែ​ព្រះគម្ពីរ​ហើយ​ទទួល​បាន​ការយល់ដឹង និង​ការគោរព​ចំពោះ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ជេន​បាន​រៀបការ​ជា​មួយ​អ៊ីសាក​ជេមស៍​ដែល​ជា​អ្នកប្រែចិត្ត​ជឿ​ស្បែកខ្មៅ​ដែល​មាន​សេរីភាព​ម្នាក់​មក​ពី​រដ្ឋញូវជឺស៊ី ។ ពួកគេ​រួម​ជា​មួយ​នឹង​កូនប្រុស​របស់ ជេន ឈ្មោះ​ស៊ីលវេស្ទើរ​បាន​ចាក​ចេញ​ពី​ទីក្រុងណៅវូ​នៅ​ឆ្នាំ ១៨៤៦ ធ្វើ​ដំណើរឆ្ពោះ​ទៅ​ភាគខាងលិច​ជា​មួយ​ពួកបរិសុទ្ធ ។ នៅ​ខែ​មិថុនា​ឆ្នាំ​នោះ​កូនប្រុស​របស់​ជេន និង​អ៊ីសាក​ឈ្មោះស៊ីឡាស​បាន​កើត​មក ។ មួយ​ឆ្នាំ​ក្រោយ​មក​ក្រុមគ្រួសារ​នោះ​បាន​ឆ្លងកាត់​វាលទំនាប​ទៅ​ដល់​ជ្រលងភ្នំ​សលត៍​លេក​នៅ​រដូវស្លឹកឈើ​ជ្រុះ​នៃ​ឆ្នាំ ១៨៤៧ ។ អ៊ីសាក និង​ជេន​មាន​កូន ៦នាក់​បន្ថែម​ទៀត​ដែល​មាន​តែ​ពីរនាក់​ប៉ុណ្ណោះ​ដែល​រស់នៅ​យូរ​ជាង​ជេន ។ ដូច គ្នា នឹង​អ្នក តាំងលំ នៅ ថ្មី​ដទៃ ទៀត​នៅ ជ្រលងភ្នំ​សលត៍លេក ជេន និង​អ៊ីសាក​បាន ខិតខំ​ធ្វើការ យ៉ាង ខ្លាំង​ដើម្បី ផ្គត់ផ្គង់​គ្រួសារ របស់​ពួកគេ ។ អ៊ីសាក​បាន ធ្វើការ​ជា កម្មករ និង​ជា គ្រូបង្វឹក​ម្តងម្កាល​របស់​ព្រិកហាំ​យ៉ង់​ហើយ​ជេន​ត្បាញ ក្រណាត់​ដេរសម្លៀកបំពាក់ និង​បោកគក់​ដូច​ដែល​នាង​បាន​ធ្វើ​នៅ​ណៅវូ ។

ភាពតានតឹង​នៅ​ក្នុង​អាពាហ៍ពិពាហ៍​បាន​ធ្វើ​ឲ្យ​អ៊ីសាក និង​ជេន​លែងលះគ្នា​នៅ​ឆ្នាំ ១៨៧០ ។ ក្រោយ​មក​ជេន​បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​រយៈពេល​យ៉ាង​ខ្លី​និង​មាន​រយៈពេលពីរ​ឆ្នាំ​ជា​មួយ​អតីតទាសករ​ម្នាក់​ឈ្មោះ​ហ្វ្រេក​ភ៊ើឃីន​ប៉ុន្តែ​មិន​យូរប៉ុន្មាន​ក៏​ចែក​ផ្លូវ​គ្នា​ដោយ​រស់នៅ​ក្នុង​នាម​ជា​ម្តាយ​តែ​ឯង​និង​ជា​ជីដូន​ម្នាក់ ។ ដោយ​មាន​តម្រូវការ​ផ្នែកហិរញ្ញវត្ថុ និង​ការស្លាប់​របស់​កូន ៣ នាក់​បាន​បណ្តាល​ឲ្យ​ជេន​ត្រឡប់​ចូលធ្វើការ​វិញ ។ នាង​បាន​ធ្វើ និង​លក់សាប៊ូ រី​ឯ​កូនប្រុស ២ នាក់​របស់​នាង​ត្រូវ​បាន​ជួល​ធ្វើ​ជា​កម្មករ ។ ក្នុង​ឆ្នាំ ១៨៩០ បន្ទាប់​ពី ២០ ឆ្នាំ​ក្រោយ​ពី​ការបែកគ្នា​មក​អ៊ីសាក​បាន​ត្រឡប់​ទៅ​ទីក្រុង​សលត៍លេក​ហើយ​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​សារជាថ្មី​ហើយ​បាន​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​មេត្រីភាព​ជា​មួយ​ជេន ។ មួយ​ឆ្នាំ​ក្រោយ​មក​នៅ​ពេល​គាត់​ស្លាប់​ពិធីបុណ្យសព​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​នាង ។

រាល់​ការលំបាក​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​នាង​ជេន​នៅ​តែ​ប្តេជ្ញាចិត្ត​ចំពោះ​សេចក្ដីជំនឿ​របស់​គាត់​លើ​ការបង្រៀន​ដំណឹងល្អ និង ឲ្យ តម្លៃ​លើ​សមាជិកភាព​របស់​គាត់​នៅ​ក្នុង​សាសនាចក្រ ។ នាង​បាន​បរិច្ចាគ​ដល់​ការកសាង​ព្រះវិហារបរិសុទ្ធ និង​បាន​ចូលរួម​ក្នុង​សមាគម​សង្គ្រោះ និង​សមាគម​កាត់​បន្ថយ​ចំណាយ​របស់​ស្ត្រីវ័យ​ក្មេង ។ ជេន​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​យ៉ាង​បរិបូណ៌​រួម​ទាំង​ការនិមិត្ត​សុបិន្ត​ការព្យាបាល​ដោយ​ជំនឿ និង​ការនិយាយ​ភាសា​ដទៃទៀត ។ នាង​បាន​សរសេរ​ចុងក្រោយ​នៅ​ក្នុង​ជីវិត​របស់​នាង​ថា ៖ « ជំនឿ​របស់​ខ្ញុំ​នៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​រឹងមាំ​ដូច​សព្វថ្ងៃ​នេះ​មែន​វា​អាច​រឹងមាំ​ជាង​ថ្ងៃ​ដែល​ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជទឹក​លើក​ដំបូង​ទៅ​ទៀត »។

នៅ​ចន្លោះ​ឆ្នាំ ១៨៨៤ និង ១៩០៤ ជេន​បាន​ទាក់ទង​មេដឹកនាំ​​សាសនាចក្រ​ជា​ទៀងទាត់ - ចនថេល័រ, វិលហ្វូឌ វូឌដ្រុព្វ, ហ្ស៊ីណាឌី អេច និង​យ៉ូសែប​អេហ្វ​ស្ម៊ីធ​ហើយ​បាន​សុំ​ការអនុញ្ញាត​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារបរិសុទ្ធ​របស់​នាង​ហើយ​ត្រូវ​បាន​ផ្សារភ្ជាប់ ។ ដោយ​នៅ​ពេល​នោះ​បុរស និង​ស្ត្រី​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​មាន​ស្បែក​ខ្មៅ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ភាគច្រើន​នៃ​ព្រះវិហារ​បរិសុទ្ធ​ទេ ។ នៅ​ឆ្នាំ ១៨៨៨ ប្រធាន​ស្តេក អេងហ្គោស​អិម​ខេនីន​បាន​អនុញ្ញាត ឲ្យ ជេន​ធ្វើ​ពិធីជ្រមុជទឹក​សម្រាប់​សាច់ញាតិ​ដែល​បាន​ចែកឋាន​ទៅ ។​ នៅ​ទីបំផុត​អ្នកដឹកនាំ​សាសនាចក្រ​បាន​អនុញ្ញាត​ឲ្យ​នាង​ត្រូវ​បានផ្សារភ្ជាប់​ដោយ​អ្នក​តំណាង​ទៅ​ក្នុង​គ្រួសារ​យ៉ូសែប​ស្ម៊ីធ​ក្នុង​នាម​ជា​អ្នកបម្រើ​នៅ​ឆ្នាំ ១៨៩៤ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដ៏អស្ចារ្យ ។ ទោះបី​ជា​នាង​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ​ឬ​ការផ្សារភ្ជាប់​គ្រួសារ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ជីវិត​របស់​នាង​ក៏​ដោយ​ក៏​ពិធីបរិសុទ្ធ​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ជំនួស​ឲ្យ​នាង​រួច​ហើយ​នៅ​ឆ្នាំ១៩៧៩ ។

នាង​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ១៦ ខែ​មេសា​ឆ្នាំ ១៩០៨ ក្នុង​អាយុ ៩៥ ឆ្នាំ​ហើយ​តែងតែ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះត្រង់ ។ សារDeseret News​( ព័ត៌មាន ដែសើរែត )បាន​រាយការណ៍​ថា​« មាន​មនុស្ស​តិច​ណាស់​ដែល​ត្រូវ​បាន​គេ​កត់​សំគាល់​ថា​មាន​ជំនឿ និង​ភាពស្មោះត្រង់​ជាង​ជេន ​ម៉ែននីង​ជេមស៍ ហើយ​នៅ​លើ​ផែនដី​នាង​ត្រូវ​បាន​រាប់​អាន​ដោយ​មិត្តភក្តិ​ជា​ច្រើន​និង​មាន​អ្នក​ស្គាល់​រាប់រយ​នាក់ ។

កំណត់​ចំណាំ

  1. ម្តាយ​របស់​ជេន​ត្រូវ​បាន​ធ្វើ​ជា​ទាសករ​ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ដោយ​ច្បាប់​រំដោះ​ខ្លួន​ជា​បណ្តើរ ៗ របស់​រដ្ឋ​ខននិចធីខាត់ ។ ជេន​បាន​កើត​មក​ដោយ​មាន​សេរីភាព​ប៉ុន្តែ​ទាសភាព​មាន​លក្ខណៈ​ស្របច្បាប់​នៅ​ក្នុង​រដ្ឋ​នោះ​រហូត​បន្ទាប់​ពី​ជេន​បាន​ចាក​ចេញ ។ ជីវិត​ទូទៅ របស់​ជេន សូមមើល ហេនរី ជេ វ៉ូឃ្វីងហ្គើរ​« ការសាកល្បង​នៃ​សេចក្តីជំនឿ៖ ជេន អេលីហ្សាបិត ម៉ែននីង​ជេមស៍ និង​ដើម​កំណើត​នៃ​សហគមន៍​ជនជាតិ​ស្បែកខ្មៅ​រដ្ឋយូថាហ៍ »​នៅ​Clark Knowlton, ed.,ការស្នាក់​នៅ​សង្គម​នៅ​ក្នុង​រដ្ឋយូថាហ៍​( ទីក្រុង​សលត៍លេក ៖​សាកលវិទ្យាល័យ​យូថាហ៍, ១៩៧៥ ), ១២៦-៧៥ និង​ឃ្វីនស៊ី​ឌី​ញូវវែល​« ជីវប្រវត្តិ និង​បទសម្ភាសន៍​របស់​ជេន អេលីហ្សាបិត ម៉ែននីង​ជេមស៍ »ទិនានុប្បវត្តិ សាសនាអាហ្វ្រិក​វ៉ុល​១ លេខ​២ ( ឆ្នាំ ២០១៣ ) ទំព័រ ២៥១–៩១ ។

  2. លិខិត​របស់​ហ្សីណាឌី អេច​យ៉ង់​ផ្ញើ​ទៅ​យ៉ូសែប​អេហ្វ​ស្ម៊ីធ, ថ្ងៃទី ១៥ ខែ​មករា​ឆ្នាំ ១៨៩៤ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ទីក្រុង​សលត៍លេក ។

  3. « អ្នក​មីង​ជេន​ជេមស៍ » នៅ​ក្នុង“ យ៉ូសែប​ស៊្មីធ​ជាព្យាការី”​ទិនានុប្បវត្តិ​យុវនារី​វ៉ុល ១៦, លេខ ១២ ( ខែធ្នូ ឆ្នាំ១៩០៥ ), ៥៥១, ៥៥៣ ។

  4. កំណត់ត្រា​ប្រជុំ​និង​កំណត់ត្រា​សមាគមសង្គ្រោះ​វួដ​ទីប្រាំបី, ឆ្នាំ ១៨៦៧– ១៩៦៩, វួដទី ប្រាំបី, ស្តេក​លីប៊ើធី, ថ្ងៃទី ២០ ខែសីហា​ឆ្នាំ ១៨៧៤; ថ្ងៃទី ២០ ខែតុលាឆ្នាំ ១៨៧៤; ថ្ងៃទី ២១ ខែធ្នូឆ្នាំ ១៨៧៤; ថ្ងៃទី ២០ ខែមករា​ឆ្នាំ ១៨៧៥; ថ្ងៃទី ២២ ខែមីនា​ឆ្នាំ ១៨៧៥; ថ្ងៃទី ២០ ខែឧសភា​ឆ្នាំ ១៨៧៥; ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ១៨៧៥,វ៉ុល ១ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ទីក្រុង​សលត៍លេក [ ជែន បានប្តូរ​ឈ្មោះ​ដោយប្រើត្រកូល​ភើរគិន​មួយរយៈពេល​ខ្លី ]; « ការប្រជុំ​ស្ត្រី​ពាក់កណ្តាលខែ »,ការពិចារណា​របស់ស្ត្រី​វ៉ុល ២២ លេខ ៩ ( ថ្ងៃទី ១ ខែធ្នូ​ឆ្នាំ ១៨៩៣ ) ទំព័រ ៦៦ ។ ជេន​បានបរិច្ចាគ​ថវិកា​សម្រាប់​ការសាងសង់​ព្រះវិហារបរិសុទ្ធ​នៅ​ស្សែន​ចច ឡូហ្គែន និង​ម៉ែនថាយ ហើយ​បាន​បរិច្ចាគ​ដល់​បេសកកម្ម​ពួកសាសន៏​ឡេមិន( សាសន៍ឥណ្ឌា )ផងដែរ ។ សូមមើល​លីនដា​ឃីង្គញូវវែល និង វ៉ាលីន​ធីបភែត​អេវ៉ារី « Jane Manning James »Ensign,​ខែ​សីហា​ឆ្នាំ ១៩៧៩, ២៩ ។

  5. ជីវប្រវត្តិ​សង្ខេប​របស់​ជេន អេលីហ្សាបិត ម៉ែននីង​ជេមស៍​នៅ​ប្រហែល​ឆ្នាំ ១៩០២ បាន​ប្រគល់​សិទ្ធិ​ឲ្យ​អេលីហ្សាបិត​ជេ ឌី​រ៉ោនឌី បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ទីក្រុង​សលត៍លេក ២២ ។

  6. សំបុត្រ របស់​ជេន​អ៊ី​ជេមស៍ ផ្ញើទៅ​ចន​ថេល័រ នៅ​ថ្ងៃទី ២៧ ខែ ធ្នូ​ឆ្នាំ ១៨៨៤; សំបុត្រ​របស់​ជែន​អ៊ី​ជេមស៍​ទៅ​កាន់​យ៉ូសែប​អេហ្វ​ស្ម៊ីធ​ថ្ងៃទី ៧ ខែ​កុម្ភះ​ឆ្នាំ ១៨៩០ ជេន​អ៊ី​ជេមស៍​ផ្ញើ​ជូន​ទៅ​យ៉ូសែប​អេហ្វ​ស្ម៊ីធ​នៅ​ថ្ងៃទី ៣១ ខែសីហា​ឆ្នាំ ១៩០៣ ។

  7. លិខិត​របស់ អ៊ែងហ្គោស​អិម​ខែនិន​ផ្ញើជូន​ជេន​អ៊ី​ជេមស៍​ថ្ងៃទី ១៦ ខែ​មិថុនា​ឆ្នាំ ១៨៨៨ សូមមើល​ផងដែរ ថូនីយ៉ា​រ៉ៃធើ« អង្គសង្គ្រោះ​ស្បែកខ្មៅ​នៅលើភ្នំ​ស៊ីយ៉ូន ៖ ការទទួល​បុណ្យជ្រមុជទឹក​ជំនួស និង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយនៃ​កូនចៅ​អាហ្វ្រិក »ទិនានុប្បវត្តិ​ប្រវត្តិសាស្ត្រ​មរមន​វ៉ុល ៤៣ លេខ ៤ ( ខែតុលា​ឆ្នាំ ២០១៧ ), ១០០–១២៣ ។

  8. ជីវប្រវត្តិ​របស់​ជេន​អេលីហ្សាបិត​ម៉ែននីង​ជេមស៍​ប្រហែល​នៅ​ឆ្នាំ​១៩០២ ។ ជេន​បាន​សរសេរ​ជីវប្រវត្តិ​របស់​នាង​នៅ​ទីក្រុង​សលត៍លេក​ពេល​មួយ​រវាង​ឆ្នាំ ១៩០២ និង ១៩០៨​រ៉ូណាល់​ជី​ខូលមែន និង​ដារីអេស​អេ​ហ្គ្រេយ​« ទស្សនវិស័យ​ពីរ៖​ក្តី​សង្ឃឹម​ខាង​សាសនា​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៃ​ជនជាតិ​អាហ្រ្វិក​អាមេរិក​ដែល​មាន​ភាពសក្តិសម​មុន​ពេល​ការបើក​សម្តែង​ឆ្នាំ ១៩៧៨ » នៅ​Newell G. Bringhurst and Darron T. Smith, eds.,​ជនជាតិ​ស្បែកខ្មៅ និង​មរមន( Urbana:សារពត៌មាន​នៃ​សាកលវិទ្យាល័យ​អិលលីណោយ, ឆ្នាំ​២០០៤ ) ៥៤ ។ សូមមើល​ផងដែរ ឃ្វីនសី​ឌីញូវវែល ,« ជីវប្រវត្តិ និង​បទសម្ភាស​របស់​ជេន​ម៉ែននីង​ជេមស៍ » ទិនានុប្បវត្តិ​សាសនាអាហ្វ្រិក​វ៉ុល ១ លេខ ២ ( ឆ្នាំ ២០១៣ ), ២៥៦, ២៧៥ ( ចំណាំ ៣៤ ) ។

  9. « Death of Jane Manning James »Deseret News​ថ្ងៃទី​១៦​ខែមេសា ឆ្នាំ១៩០៨ ។