ថ្នាក់​វិទ្យាស្ថាន
៦ អំណោយទាន និង ព្រះចេស្ដា​របស់​ព្រះ


ជំពូក ៦ « អំណោយទាន និង ព្រះចេស្ដា​របស់​ព្រះ » ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្តី​ពិត ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ )

ជំពូក ៦ ៖ « ​អំណោយទាន និង​ព្រះចេស្ដា​របស់​ព្រះ »

ជំពូក ៦

អំណោយទាន និង ព្រះចេស្ដា​របស់​ព្រះ

រូបភាព
Inkwell

នៅពេល​យ៉ូសែប បាន​ត្រឡប់​ទៅ​ភូមិហាម៉ូនី​វិញ​នារដូវ​ក្តៅ​នៃ​ឆ្នាំ ១៨២៨ ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ម្តង​ទៀត​ដល់​គាត់ ហើយ​បាន​យក​ផ្ទាំង​ចំណារ​វិញ ។ ទេវតា​បាន​មាន​បន្ទូល​ថា « ប្រសិន​បើ​អ្នក​បន្ទាប​ខ្លួន​គ្រប់​គ្រាន់​ល្មម​ ហើយសារភាព​ នោះ​អ្នក​នឹង​ទទួល​វាម្តង​ទៀត​នៅ​ ថ្ងៃទី​ម្ភៃ​ពីរ ខែ​កញ្ញា » ។

ភាព​ខ្មៅ​ងងឹត​គ្រប​ដណ្តប់​លើ​គំនិត​របស់​យ៉ូសែប ។ គាត់​បាន​ដឹង​ខ្លួន​ថា គាត់​បាន​ធ្វើ​ខុស​ដោយ​មិន​ខ្វល់​ធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ ហើយ​ទុក​ចិត្ត​លើ​ម៉ាទិន ឲ្យ​យក​ច្បាប់​សរសេរដៃ​ទៅ ។ ឥឡូវ​នេះ​ព្រះ​លែង​ទុក​ព្រះទ័យ​គាត់​ទុក​ផ្ទាំងចំណារ ឬ​ប្រដាប់​បកប្រែ​ទៀត​ហើយ ។ គាត់​​មាន​អារម្មណ៍​ថា គាត់​សម​នឹង​ទទួល​រាល់​ការ​ដាក់​ពិន័យ​ពី​ស្ថានសួគ៌​ក្នុង​​ជីវិត​គាត់ ។

ដោយ​ទម្ងន់​នៃ​កំហុស និង​ការ​សោក​ស្តាយ គាត់​បាន​លុត​ជង្គង់​ចុះ​សារភាព​អំពើ​បាប​គាត់ ហើយ​សូម​អង្វរ​ឲ្យ​មាន​ការ​អភ័យទោស ។ គាត់​បាន​សញ្ជឹង​គិត​អំពី​កំហុស​ដែលបាន​កើត​មាន​ឡើង ហើយ​អ្វី​ដែល​គាត់​អាច​ធ្វើឲ្យ​បាន​ប្រសើរ ប្រសិន​បើ​ព្រះ​អម្ចាស់​អនុញ្ញាត​ឲ្យ​គាត់​បកប្រែ​ម្ដង​ទៀត​នោះ ។

នៅ​ថ្ងៃ​មួយ​ក្នុង​ខែ​កក្កដា កាល​ដែល​យ៉ូសែប បាន​កំពុង​ដើរ​នៅ​ជិតៗ​ផ្ទះ នោះ​ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះ​កាយ​ទ្រង់​នៅ​ចំពោះ​មុខ​គាត់ ។ ទេវតា​បាន​ប្រគល់​ប្រដាប់​បកប្រែ​ដល់​គាត់ ហើយ​យ៉ូសែប បាន​ឃើញ​សារ​ពី​ព្រះ​នៅ​ក្នុង​ផ្ទាំង​ចំណារ និង​ប្រដាប់​បកប្រែ​នេះ​ថា « កិច្ចការ និង​ផែនការ និង​គម្រោងការណ៍​ទាំងឡាយ​នៃ​ព្រះ នោះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ ឬ​សាបសូន្យ​បាន​ឡើយ » ។

ព្រះ​បន្ទូល​ទាំង​នោះ​គឺ​ជា​ការ​ធានា​បញ្ជាក់​ជា​ថ្មី ប៉ុន្តែ​វា​ក៏​ជា​វិធី​នៃ​ការ​ស្តី​បន្ទោស​ភ្លាមៗ​ផង​ដែរ ។ ព្រះ​អម្ចាស់​មាន​បន្ទូល​ថា « ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​បាន​ប្រទាន​ដល់​អ្នក​នោះ តើ​តឹង​រឹង​យ៉ាង​ណា » ។ « អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ » ។ ទ្រង់​បាន​បញ្ជា​យ៉ូសែប​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ចការ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ ។ កំណត់ត្រា​ដែល​មាន​ចារ​នៅ​លើ​ផ្ទាំង​ចំណារ​មាស​មាន​សារៈសំខាន់​ជាង​កេរ្តិ៍​ឈ្មោះ​របស់​ម៉ាទិន ឬ​បំណង​ប្រាថ្នា​របស់​យ៉ូសែប ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទៅ​ទៀត ។ ព្រះ​បាន​រៀប​ចំ​រឿង​នេះ​ឡើង​ដើម្បី​ធ្វើ​សេចក្តីសញ្ញា​ពី​បុរាណ​របស់​ទ្រង់​ឡើង​វិញ ហើយ​ដើម្បី​បង្រៀន​មនុស្ស​ទាំងអស់​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ ។

ព្រះអម្ចាស់​បានជម្រុញយ៉ូសែប ឲ្យ​ចងចាំ​ពី​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់ ។ ទ្រង់​បាន​បញ្ជា​ថា « ចូរ​ប្រែ​ចិត្ត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ហើយ​អ្នក​ក៏​នឹង​នៅ​ជា​អ្នក​ជម្រើសដដែល » ។ ជា​ថ្មី​ម្តង​ទៀត ទ្រង់​បាន​ហៅ​យ៉ូសែប​ឲ្យ​ធ្វើ​ជា​ព្យាការី និង​អ្នក​មើល​ឆុត​របស់​ទ្រង់ ។ ប៉ុន្តែ​ទ្រង់​បាន​ព្រមាន​គាត់​ឲ្យ​ស្តាប់តាម​ព្រះ​បន្ទូល​ទ្រង់ ។

ទ្រង់​បាន​ប្រកាស​ថា « លើក​លែង​តែ​អ្នក​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​ត្រូវ​បោះបង់ចោល ហើយ​ក្លាយ​ទៅ​ដូច​ជាមនុស្ស​ដទៃ ហើយ​គ្មាន​អំណោយទាន​ទៀត​ទេ » ។


នៅ​រដូវ​ស្លឹក​ឈើជ្រុះ​នោះ ឪពុកម្តាយ​របស់​យ៉ូសែប បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិហាម៉ូនី ។ អស់​រយៈ​ពេលជិត​ពីរ​ខែ​ទៅ​ហើយ​ចាប់​តាំង​ពី​យ៉ូសែប បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​ម៉ានឆែសស្ទើរ ហើយ​ឪពុក​ម្តាយ​គាត់​មិន​បាន​ទទួល​ដំណឹង​អ្វី​អំពី​គាត់​ឡើយ ។ ពួក​គាត់​ព្រួយបារម្ភ​ក្រែង​រដូវ​ក្តៅ​ហួត​ហែង​បង្កឲ្យ​គាត់​លំបាក ។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ គាត់​បាន​បាត់បង់​កូន​ដំបូង​របស់​គាត់ ហើយ ស្ទើរតែ​បាត់បង់​ភរិយា​ថែម​ទៀត ព្រមទាំង​បាត់​បង់​ច្បាប់​សរសេរ​ដៃ​ដែល​បាន​បកប្រែ​រួច​ទៀត ។ ពួក​គាត់​ចង់ដឹង​ថា គាត់ និង​អិមម៉ា​សុខទុក្ខ​យ៉ាង​ណា ។

យ៉ូសែប ស៊ីញ្ញ័រ និងលូស៊ី ​មាន​ក្តី​រីករាយ​ដែល​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ​ឈរ​នៅ​លើ​ផ្លូវចម្ងាយ​ប្រហែល​ជា​មួយ​គីឡូ​ម៉ែត្រ​ពីពួក​គាត់ ដែល​​មើល​ទៅ​ហាក់​ដូច​ជាមាន​ភាព​​ស្ងប់ស្ងាត់ និង​រីករាយ ។ គាត់​បាន​ប្រាប់​ដល់​ឪពុកម្តាយ​ពី​ការ​ណ៍​ដែល​ព្រះ​បាន​បាត់បង់​ទំនុក​ព្រះទ័យ​លើ​គាត់ ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​គាត់ និង​ការ​ទទួល​វិវរណៈ ។ ការ​ស្តី​បន្ទោស​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ ប៉ុន្តែ​​ដូច​ជា​ព្យាការី​ពីបុរាណ​ដែរ គាត់​បាន​សរសេរ​វិវរណៈនេះ​ដើម្បី​ឲ្យ​មនុស្ស​ទៃ​ទៀត​បាន​អាន ។ វា​ជា​លើក​ដំបូងហើយ​ដែលគាត់​បាន​កត់ត្រា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​មក​កាន់​គាត់ ។

យ៉ូសែប ក៏​បាន​ជម្រាប​ដល់​ឪពុកម្តាយ​គាត់​ថា មរ៉ូណៃ បាន​ប្រគល់​ផ្ទាំង​ចំណារ និង​ប្រដាប់​បកប្រែឲ្យ​គាត់​វិញ​ហើយ ។ យ៉ូសែប បាន​រៀបរាប់​ប្រាប់​ថា ទេវតាហាក់​ដូច​ជារីករាយ​ព្រះទ័យ ។ « ទេវតា​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ ដោយសារ​ភាព​ស្មោះ​ត្រង់​ និង​ភាព​រាបសា​របស់​ខ្ញុំ » ។

ឥឡូវ​នេះ កំណត់ត្រា​នេះ​​ត្រូវ​បាន​ទុក​ដោយ​មាន​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ ដែល​បាន​លាក់​ទុក​នៅ​ក្នុងហិប​ធំ​មួយ ។ យ៉ូសែប បាន​ប្រាប់​គាត់​ថា « អិមម៉ា ធ្វើ​ជា​អ្នក​កត់​ត្រា​ឲ្យ​កូន ប៉ុន្តែទេវតា​​មាន​​បន្ទូល​ថា ព្រះ​អម្ចាស់​នឹង​បញ្ជូន​នរណា​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​កត់​ត្រា​ឲ្យ​កូន ហើយ​កូន​ទុក​ចិត្ត​ថា ទ្រង់​នឹង​បញ្ជូន​បុគ្គល​នោះមក​ជា​មិន​ខាន » ។


នៅ​និទាឃរដូវ​ក្រោយ ម៉ាទិន ហារីស បាន​ធ្វើ​ដំណើរ​ទៅ​ភូមិហាម៉ានី​ដោយមាន​​ព័ត៌មាន​មិន​ល្អ​មួយ​ចំនួន ។ ភរិយា​របស់​គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដោយ​បាន​ចោទ​ប្រកាន់​ថា យ៉ូសែប គឺ​ជា​ជន​បោក​ប្រាស់​ដែល​ក្លែង​បន្លំ​ថា ខ្លួន​កំពុង​បកប្រែ​ផ្ទាំង​ចំណារ​មាស ។ ឥឡូវ​នេះ ម៉ាទិន កំពុង​រង់​ចាំ​ដីកា​ឲ្យ​ឡើង​ស្រាយ​បំភ្លឺ ។ គាត់​ត្រូវ​ប្រកាស​ថា យ៉ូសែប​បាន​បោក​បញ្ឆោត​គាត់ បើ​ពុំ​នោះ​ទេ​​លូស៊ី​នឹង​ប្តឹង​ថា​គាត់​ក៏ជា​ជន​បោក​បញ្ឆោត​ផង​ដែរ ។

ម៉ាទិន បាន​ជម្រុញ​ឲ្យ​យ៉ូសែប ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ថា​ផ្ទាំង​ចំណារ​នេះ​គឺ​មាន​ពិត​មែន ។ គាត់​ចង់​ប្រាប់​ដល់​តុលាការ​អំពី​ការ​បកប្រែ​ទាំង​អស់ ប៉ុន្តែ​គាត់​ព្រួយ​បារម្ភ​ថា​គេឯង​មិន​ជឿ​គាត់ ។ ក្រោយ​មក លូស៊ី បាន​រុករក​ក្នុង​ផ្ទះ​គ្រួសារ​ស្ម៊ីធ គ្រប់​ទីកន្លែង តែ​មិន​អាច​រក​ឃើញ​កំណត់​ត្រា​នោះ​​ឡើយ ។ ហើយ​ទោះ​បី​ជា​គាត់​បាន​បម្រើ​ជា​អ្នក​កត់​ត្រា​ឲ្យ​យ៉ូសែប​បាន​ពីរ​ខែ​ក្តី ក៏​ម៉ាទិន​មិន​ដែល​បាន​ឃើញ​ផ្ទាំងចំណារ​ដែរ ហើយ​ក៏​មិន​អាច​ថ្លែង​ថា គាត់​បាន​ឃើញ​វា​ដែរ ។

យ៉ូសែប បាន​យក​សំណួរ​នេះ​ទៅ​ទូល​សួរ​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល​ចម្លើយ​ឲ្យ​មិត្ត​ភក្តិ​របស់​គាត់ ។ ព្រះ​អម្ចាស់​នឹង​មិន​ប្រាប់​ម៉ាទិន ថា​ត្រូវ​និយាយ​អ្វី​នៅ​តុលាការ​ឡើយ ហើយ​ទ្រង់ក៏​មិន​​ប្រទាន​ភស្តុតាង​ថែម​ទៀត​ដល់​គាត់​ដែរ រហូត​ដល់​ម៉ាទិន​ជ្រើសរើស​បន្ទាប​ខ្លួន និង​អនុវត្ត​សេចក្តី​ជំនឿ​ជាមុន​​សិន​ ។ ទ្រង់​មាន​បន្ទូល​ថា « បើ​សិន​ជា​ពួកគេ​មិន​ជឿ​តាម​ព្រះបន្ទូល​របស់​យើង​ទេ នោះ​ពួកគេ​ក៏​នឹង​មិន​ជឿ​តាម​អ្នក​ដែរ យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង​អើយ ទោះ​បីជា​អ្នក​នឹង​បង្ហាញ​របស់​អស់​ទាំង​នេះដល់​ពួកគេ ដែល​យើង​បានប្រទាន​ឲ្យ​ដល់​អ្នក​ក៏​ដោយ » ។

ព្រះ​អម្ចាស់​បាន​សន្យា​ថា​នឹង​ផ្តល់​សេចក្តីមេត្តាករុណា​ដល់​ម៉ាទិន ប៉ុន្តែ​លុះ​ត្រា​តែ​គាត់​បាន​ធ្វើ​ដូច​ដែល​យ៉ូសែប បាន​ធ្វើ​នៅ​រដូវ​ក្តៅ​នោះ ហើយ​បន្ទាប​ខ្លួន មាន​ទំនុក​ចិត្ត​លើ​ព្រះ ហើយ​រៀន​ពី​កំហុស​របស់​គាត់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា សាក្សីស្មោះ​ត្រង់​បី​រូប​នឹង​អាច​ឃើញ​ផ្ទាំង​ចំណារ​តាម​ពេលវេលា​ដែល​បាន​កំណត់ ហើយ​ម៉ាទិន​អាច​ជា​បុគ្គល​ម្នាក់​នៅ​ក្នុង​ចំណោម​សាក្សី​ទាំង​បី​នេះ​ដែរ ប្រសិន​បើ​គាត់ឈប់​ធ្វើ​តាម​ការ​អនុមតិ​របស់​អ្នក​ដទៃ ។​១០

ពីមុន​បញ្ចប់​ព្រះ​បន្ទូល​របស់​ទ្រង់ ព្រះ​អម្ចាស់​បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ ។ ទ្រង់​មាន​ព្រះ​បន្ទូលថា « បើ​សិន​ជា​តំណ​នេះមិន​ធ្វើ​ចិត្ត​រឹង​ទទឹង​ទេ នោះ​យើង​នឹង​តាំង​សាសនាចក្រ​របស់​យើង​ឡើង » ។១១

យ៉ូសែប បាន​គិត​ពិចារណា​អំពី​ព្រះ​បន្ទូល​ទាំង​នោះ កាល​ដែល​ម៉ាទិន​ចម្លង​វិវរណៈ ។ បន្ទាប់​មក​គាត់​ និង​អិមម៉ា បាន​ស្តាប់​កាល​ដែល​ម៉ាទិន អាន​ត្រឡប់​មក​វិញ​ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ ។ នៅ​ពេល​ដែល​ពួក​គាត់​អាន ឪពុក​របស់​អិមម៉ា បាន​ដើរ​ចូល​ក្នុង​បន្ទប់ ហើយ​ស្តាប់ ។ នៅ​ពេល​ពួក​គេ​អាន​ចប់ គាត់​បាន​សួរ​ថា​តើ​ពាក្យ​សម្ដី​ទាំង​នេះ​ជា​របស់​នរណា ។

យ៉ូសែប និង​អិមម៉ា​បាន​ពន្យល់​ថា​ជា « ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ។

លោកអ៊ីសាក បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​គិត​ថា​អ្វីៗ​ទាំង​អស់​នេះ​គឺ​ជា​ការ​បោកប្រាស់ » ។ « បញ្ឈប់​វា​ទៅ » ។១២

ដោយ​មិន​ខ្វល់​អំពី​ពាក្យ​សម្ដី​របស់​ឪពុក​អិមម៉ា នោះ​ម៉ាទិន បាន​យក​សំណៅ​ចម្លង​វិវរណៈ​របស់​គាត់ ហើយ​ឡើង​ជិះ​រទេះ​ទៅ​ផ្ទះ​របស់​គាត់ ។​ គាត់​បាន​មក​ភូមិ​ហាម៉ូនី ដើម្បី​ស្វែង​រក​ភស្តុតាង​អំពី​ផ្ទាំង​ចំណារ ហើយ​គាត់​បាន​ត្រឡប់​ទៅវិញ​ដោយ​មាន​វិវរណៈ​មួយ​ដែល​ថ្លែង​អំពី​ការ​ពិត​នៃ​ផ្ទាំង​ចំណារ ។ គាត់​មិន​អាច​ប្រើ​វា​នៅ​ក្នុង​តុលាការ​បាន​ទេ ប៉ុន្តែ​គាត់​បាន​ត្រឡប់​ទៅ​ភូមិបាល់ម៉ៃរា​វិញ​ដោយ​ការ​ដឹងថា ព្រះ​អម្ចាស់​បាន​ដឹងអំពី​រឿង​របស់​គាត់ ។

ក្រោយ​មក នៅ​ពេល​ម៉ាទិន​បាន​ឈរ​នៅ​ពីមុខ​ចៅ​ក្រម គាត់​បាន​ថ្លែង​ទីបន្ទាល់​ដ៏​សាមញ្ញ និង​មាន​ឥទ្ធិពល​មួយ ។ ដោយ​ដៃ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ គាត់​បាន​ធ្វើ​ជា​សាក្សី​អំពី​សេចក្តី​ពិត​នៃ​ផ្ទាំងចំណារ​មាស ហើយ​បាន​ប្រកាស​ថា គាត់​បាន​ឲ្យ​លុយ​ដោយ​មិន​ទាមទារ​សំណង​ទៅ​ដល់​យ៉ូសែប ចំនួន​ហាសិប​ដុល្លារ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះ​អម្ចាស់ ។ ដោយ​គ្មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​របស់​លូស៊ី នោះ​តុលាការ​បានបិទករណី​នេះ​ចោល ។​១៣

ក្នុង​រវាង​ពេល​នេះ យ៉ូសែប បាន​បន្ត​ធ្វើ​ការ​បកប្រែ ដោយ​ការ​អធិស្ឋាន​សុំ​ឲ្យ​ព្រះ​អម្ចាស់​នឹង​បញ្ជូន​អ្នកសរសេរ​ម្នាក់​ទៀត​មក​ជួយ​ក្នុង​ពេល​ឆាប់ៗ ។១៤


នៅ​ឯ​ម៉ាន​ឆែសស្ទើរ​ឯណោះ​វិញ មាន​យុវជន​ម្នាក់​ឈ្មោះ​ថា អូលីវើរ ខៅឌើរី បាន​មកស្នាក់​នៅ​ជា​មួយ​ឪពុក​ម្តាយ​របស់​យ៉ូសែប ។ អូលីវើរ មាន​វ័យ​ក្មេង​ជាង​យ៉ូសែប​មួយ​ឆ្នាំ ហើយ​នៅ​និទាឃរដូវ​ឆ្នាំ ១៨២៨ គាត់​ចាប់​ផ្តើម​បង្រៀន​នៅ​ក្នុង​សាលាដែលមាន​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ត្បូង​នៃ​កសិដ្ឋាន​របស់​គ្រួសារ​ស្ម៊ីធ ។

ជា​ញឹកញាប់​គ្រូ​បង្រៀន​តែង​តែ​ស្នាក់​នៅ​ជា​មួយ​គ្រួសារ​សិស្ស​របស់​ខ្លួន តែ​នៅ​ពេល​អូលីវើរ បាន​ឭ​ពាក្យ​ចចាម​អារាម​អំពី​យ៉ូសែប និង​ផ្ទាំង​ចំណារមាស នោះ​គាត់ក៏​បាន​សុំ​ស្នាក់​នៅ​ជា​មួយ​គ្រួសារ​ស្ម៊ីធ ។ ដំបូង គាត់​បាន​ប្រមែប្រមូល​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​គ្រួសារ​នេះ ។ ដោយសារ​ការ​លួច​ច្បាប់​សរសេរ​ដៃ និង​ពាក្យ​ខ្សឹបខ្សៀវ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រយ័ត្ន​មិន​និយាយ​អ្វី​ឡើយ ។១៥

ប៉ុន្តែ​នៅ​អំឡុង​ពេល​រដូវ​រងារ​នា​ឆ្នាំ ១៨២៨–២៩ នៅ​ពេល​ដែល​អូលីវើរ បាន​បង្រៀន​កូនៗ​របស់​គ្រួសារ​ស្ម៊ីធ នោះ​ម្ចាស់ផ្ទះ​បាន​ចាប់​ផ្តើម​ទុក​ចិត្ត​លើ​គាត់ ។ នៅ​អំឡុង​ពេល​នេះ លោក​ស៊្មីធ ស៊ីញ្ញ័រ​ បាន​ត្រឡប់​មក​ពី​ភូមិ​ហាម៉ូនី​វិញ ដោយ​មាន​វិវរណៈមួយ​ប្រកាស​ថា ព្រះ​អម្ចាស់​រៀប​​នឹង​សម្តែង​កិច្ចការ​ដ៏​អស្ចារ្យ​មួយ ។​១៦ មក​ដល់​ពេល​នោះ អូលីវើរ​បាន​ស-បញ្ជាក់​ថា ខ្លួនជា​អ្នក​ស្វែង​រក​សេចក្តី​ពិត​ដ៏​ស្មោះ​ត្រង់​ម្នាក់ ហើយ​ឪពុក​ម្តាយ​របស់​យ៉ូសែប ក៏​បាន​បើក​ចំហ​អំពី​ការ​ហៅ​ដ៏​ទេវភាព​របស់​កូន​ប្រុស​ខ្លួន ។១៧

អ្វី​ដែល​ពួក​គាត់​មាន​ប្រសាសន៍​បាន​ចាប់​ចិត្ត​របស់​អូលីវើរ ហើយ​គាត់​បាន​ចង់​ជួយ​ក្នុង​ការ​បកប្រែ​នេះ​ជា​ខ្លាំង ។ ក៏​ដូច​ជា​យ៉ូសែប ដែរ អូលីវើរ មិន​ពេញ​ចិត្ត​នឹង​ព្រះវិហារ​សម័យ​ទំនើប​ទាំងឡាយ​ឡើយ ហើយ​បាន​ជឿ​លើ​ព្រះ​នៃ​អព្ភូតហេតុ​មួយ​អង្គ ដែល​នៅ​តែ​បើក​សម្តែង​ព្រះ​ទ័យ​ដល់​ប្រជារាស្រ្ត​របស់​ទ្រង់ ។១៨ ប៉ុន្តែ​យ៉ូសែប និង​ផ្ទាំង​ចំណារមាស​​​នៅ​ឆ្ងាយ​ណាស់ ហើយ​អូលីវើរ មិន​បាន​ដឹង​ថា​គាត់​អាច​ជួយ​កិច្ចការ​នេះបាន​តាម​របៀប​ណា​នោះ​ទេ ប្រសិន​បើ​គាត់​ស្នាក់​នៅម៉ាន​ឆែសស្ទើរ​នោះ ។

នៅ​ថ្ងៃ​នៃ​និទាឃរដូវ​មួយ នៅ​ពេល​ដែល​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​លើ​ដំបូល​ផ្ទះ​របស់​គ្រួសារ​ស្ម៊ីធ នោះ​អូលីវើរ បាន​ប្រាប់​ដល់​ក្រុម​គ្រួសារ​នេះ​ថា គាត់​ចង់​ទៅ​ភូមិហាម៉ូនី​ជួយ​យ៉ូសែប នៅ​ពេល​ដល់​វិស្សមកាល ។ លូស៊ី និង​យ៉ូសែប ស៊ីញ្ញ័រ បាន​ជម្រុញ​គាត់​ឲ្យ​ទូល​សួរ​ដល់​ព្រះ​អម្ចាស់ ប្រសិន​បើ​បំណង​ប្រាថ្នា​របស់​គាត់​គឺ​ជា​រឿង​ត្រឹម​ត្រូវ ។១៩

នៅ​ពេល​សម្រាក​នៅ​លើ​គ្រែ​របស់​គាត់ អូលីវើរ បាន​អធិស្ឋាន​តែ​ម្នាក់​ឯង​ដើម្បី​ដឹង​ថា អ្វី​ដែល​គាត់​បាន​ឭ​អំពី​ផ្ទាំង​ចំណារមាស​គឺ​ជា​រឿង​ពិត ។ ព្រះ​អម្ចាស់​បាន​បង្ហាញ​ដល់​គាត់​នូវ​ការ​និមិត្ត​មួយ​អំពី​ផ្ទាំង​ចំណារមាស និង​ការ​ខិតខំ​របស់​យ៉ូសែប​ដើម្បី​បក​ប្រែ​វា ។ អារម្មណ៍​សុខសាន្ដ​មួយ​បានស្ថិត​នៅ​ជា​មួយ​គាត់ ហើយ​គាត់​បាន​ដឹង​ភ្លាម​ថា គាត់​គួរ​តែ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​កត់ត្រា​ឲ្យ​យ៉ូសែប ។២០

អូលីវើរ មិន​បាន​ប្រាប់​នរណា​ម្នាក់​អំពី​ការ​អធិស្ឋាន​របស់​គាត់​ឡើយ ។ ប៉ុន្តែ​នៅ​ពេល​វិស្សមកាល មក​ដល់​ភ្លាម​គាត់ និង​សាំយូអែល​ជា​ប្អូន​របស់​យ៉ូសែប បាន​ចេញ​ទៅ​ភូមិ​ហាម៉ូនី​ដោយ​ថ្មើរជើង ដែល​មាន​ចម្ងាយ​ជាង​មួយ​រយ​ហុក​សិប​គីឡូម៉ែត្រ ។ នៅ​តាម​ផ្លូវ​មាន​ភាព​ត្រជាក់ និង​មាន​ពេញ​ដោយ​ភក់​ដោយ​សារ​ភ្លៀង​ធ្លាក់​នា​និទាឃរដូវ ឯ​ម្រាម​ជើង​របស់​អូលីវើរ​ក៏​បាន​កក​ពេល​គាត់ និង​សាំ​យូអែល​បាន​ទៅ​ដល់​មាត់​ទ្វារ​​ផ្ទះ​របស់​យ៉ូសែប និង​អិមម៉ា​នោះ ។ ប៉ុន្តែ​គាត់​មាន​ចិត្ត​អន្ទះសា​ចង់​ជួប​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ ហើយ​ចង់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​តើ​ព្រះ​ធ្វើ​ការ​តាម​រយៈ​ព្យាការី​វ័យ​ក្មេង​នេះ​យ៉ាង​ដូចម្តេច ។២១


នៅ​ពេល​ដែល​អូលីវើរ មក​ដល់​ភូមិ​ហាម៉ូនី វា​ហាក់​ដូច​ជា​គាត់​ធ្លាប់​បាន​រស់​នៅ​ទីនោះ​ពីមុន​មក ។ យ៉ូសែប បាន​ជជែក​ជា​មួយ​គ្នា​រហូត​ដល់​យប់​ជ្រៅ បាន​ស្តាប់​រឿង​របស់​គាត់ ហើយ​បាន​ឆ្លើយ​សំណួរ​នានា​របស់​គាត់ ។ ពិត​ណាស់​គឺ​អូលីវើរ ទទួល​បាន​ការ​អប់រំ​ល្អ ហើយ​យ៉ូសែប ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​សំណើ​របស់​គាត់​ធ្វើជា​អ្នក​កត់​ត្រា ។

បន្ទាប់​ពី​អូលីវើរ​បាន​មក​ដល់ កិច្ចការ​ដំបូង​របស់​យ៉ូសែប គឺ​ត្រូវ​រក​កន្លែង​មួយ​ដើម្បី​ធ្វើការ ។ គាត់​បាន​សុំ​ឲ្យ​អូលីវើរ សរសេរ​កិច្ចសន្យា​មួយដែល​យ៉ូសែប បាន​សន្យាថា​នឹង​បង់​ថ្លៃ​ឲ្យ​ឪពុក​ក្មេក​របស់​គាត់​ចំពោះ​ផ្ទះ​តូច​មួយ​ដែល​គាត់ និង​អិមម៉ា​បាន​រស់​នៅ ក៏​ដូចជា​ជង្រុក​ស្រូវ​មួយ កសិដ្ឋាន និង​ម៉ាស៊ីន​មួយ​គ្រឿង ។២២ ដោយបាន​គិត​គូរ​ដល់​សុខុមាលភាព​របស់​កូន​ស្រី​ពួកគាត់ នោះ​ឪពុក​ម្តាយ​របស់​អិមម៉ា បាន​​ព្រមព្រៀង​តាម​លក្ខខណ្ឌនេះ ហើយ​បាន​សន្យាជួយ​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ឈប់​ខ្លាច​យ៉ូសែប ។២៣

ក្នុង​ពេល​នេះ​យ៉ូសែប និង​អូលីវើរ បាន​ចាប់​ផ្តើម​បកប្រែ ។ ពួក​គាត់​បាន​ធ្វើ​ការ​ស៊ី​ចង្វាក់​គ្នា​ណាស់​ពេញ​ៗ​សប្ដាហ៍​រហូតដល់​ចប់ ដែល​ជា​ញឹកញាប់​អិមម៉ា ក៏​នៅ​ធ្វើការងារ​ប្រចាំថ្ងៃ​របស់​នាង​ក្នុង​បន្ទប់​ជា​មួយ​គ្នា​នោះ​ផង​ដែរ ។២៤ ពេល​ខ្លះ​យ៉ូសែប បាន​បកប្រែ​ដោយ​ការ​មើល​តាម​ប្រដាប់​បកប្រែ ហើយ​អាន​ជា​ភាសា​អង់គ្លេស​នូវ​តួអក្សរ​ដែល​បាន​ចារ​នៅ​លើ​ផ្ទាំង​ចំណារ​នោះ ។

ជា​ញឹកញាប់ គាត់​ចូលចិត្ត​ប្រើ​តែ​ត្បូង​មើល​ឆុត​​ព្រោះ​វា​ងាយ​ស្រួល​ជាង ។ គាត់​ដាក់​ត្បូង​មើល​ឆុត​នៅ​ក្នុង​មួក​របស់​គាត់ ហើយ​ឱន​មុខ​ចូល​ក្នុង​មួកបាំង​ពន្លឺ​ថ្ងៃ ហើយ​សម្លឹង​មើល​តាម​​ត្បូង​នេះ ។ ពន្លឺ​របស់​ត្បូង​នេះ​បាន​បំភ្លឺ​ភាពងងឹត ដោយ​បង្ហាញ​ពាក្យ​ឲ្យ​យ៉ូសែប អាន​កាល​អូលីវើរ សរសេរ​វា​យ៉ាង​ញាប់​ដៃ​នោះ ។២៥

ក្រោម​ការ​ណែនាំ​របស់​ព្រះ​អម្ចាស់ យ៉ូសែប មិន​បាន​ព្យាយាម​បកប្រែ​អ្វី​ដែល​គាត់​បាន​បាត់បង់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គាត់ និង​អូលីវើរ​បាន​បន្ត​បក​ប្រែ​កំណត់​ត្រា​ទៅមុខ​ទៀត ។ ព្រះ​អម្ចាស់​បាន​បើក​សម្តែង​ថា សាតាំងបាន​ល្បួង​ពួក​មនុស្ស​អាក្រក់​ឲ្យ​មក​យក​អត្ថបទ​ដែល​បាន​បកប្រែ​បាន​ទាំង​ប៉ុន្មាន​ទំព័រ​នោះ ទៅ​កែប្រែ​​ពាក្យ​ពេចន៍​នានា ហើយ​នឹង​ប្រើប្រាស់​វា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ការ​បកប្រែ​ដើម ។ ប៉ុន្តែ​ព្រះ​អម្ចាស់​បាន​បញ្ជាក់​ដល់​យ៉ូសែប​ថា ទ្រង់​បាន​បំផុស​គំនិត​ដល់​ពួក​ព្យាការី​ពី​បុរាណ​ដែល​បាន​រៀប​ចំ​ផ្ទាំង​ចំណារ​នេះ​ឲ្យ​បញ្ចូលសាច់​រឿង​ដែល​បាត់​នោះ​នៅ​ក្នុង​ដំណើរ​រឿង​ផ្សេង​ទៀត​ដែល​មាន​ពេញ​លេញ​ជាង​នេះ ។២៦

ព្រះ​អម្ចាស់​បានមាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា « យើង​​នឹង​បំភាន់​ពួក​អ្នកដែល​បាន​កែ​ប្រែ​ពាក្យ​ពេចន៍​របស់​យើង ។ យើង​នឹង​បង្ហាញ​ដល់​ពួកគេថា ប្រាជ្ញា​របស់​យើង​មហិមា​ជាង​កលល្បិច​នៃ​អារក្ស​ទៅ​ទៀត » ។២៧

ការ​ធ្វើ​ជា​អ្នក​សរសេរ​ឲ្យ​យ៉ូសែប ធ្វើ​ឲ្យ​អូលីវើរ​ រីករាយ​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​មិត្ត​គាត់​អាន​ប្រវត្តិសាស្ដ្រ​ដ៏​ស្មុគស្មាញ​នៃ​អរិយ្យ​ធម៌​ធំៗ​ពីរ គឺ​ពួក​សាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន គាត់​បាន​ស្តាប់​មួយ​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​ទៀត ។ គាត់​បាន​រៀន​ពី​ស្ដេច​សុចរិត និង​ស្តេច​ទុច្ចរិត ពី​ប្រជារាស្រ្ត​ដែល​ធ្លាក់​ចូល​ក្នុង​សេវភាព ហើយ​ត្រូវ​បាន​រំដោះ​ឲ្យ​រួច អំពី​ព្យាការី​ពី​បុរាណ​ដែល​បាន​ប្រើ​ត្បូង​មើល​ឆុត​ដើម្បី​បកប្រែ​កំណត់​ត្រា​ដែល​រក​ឃើញ​ពី​ទីវាល​ដែល​មាន​ពេញ​ទៅ​ដោយ​ឆ្អឹង​ខ្មោច ។ ដូច​ជា​យ៉ូសែប​ដែរ ព្យាការី​រូប​នោះ​គឺ​ជា​អ្នក​ទទួល​វិវរណៈ និងជា​អ្នក​មើល​ឆុត​ដែល​បាន​ប្រទាន​ពរ​ឲ្យ​មាន​អំណោយទាន និង​ព្រះ​ចេស្តា​របស់​ព្រះ ។២៨

កំណត់​ត្រា​នេះ​បាន​ថ្លែង​ទីបន្ទាល់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​អូលីវើរ​បាន​ឃើញ​របៀប​ដែល​ពួក​ព្យាការី​បាន​ដឹកនាំ​ព្រះវិហារ​ពីបុរាណ និង​របៀប​ដែល​បុរស​ស្រ្តី​សាមញ្ញ​ៗ​ធ្វើ​កិច្ចការ​របស់​ព្រះ ។

ប៉ុន្តែ អូលីវើរ​នៅ​តែ​មាន​សំណួរ​ជា​ច្រើន​អំពី​កិច្ចការ​របស់​ព្រះ​អម្ចាស់ ហើយ​គាត់​ចង់​ទទួល​បាន​ចម្លើយ ។ យ៉ូសែប បានស្វែង​រក​វិវរណៈ​មួយ​ឲ្យ​គាត់ តាម​រយៈត្បូង​យ៉ូរីម និង​ធូមីម ហើយ​ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប ។ ទ្រង់​បាន​ប្រកាស​ថា « បើ​សិន​ជា​អ្នក​សុំ​ពី​យើង នោះ​អ្នក​តែង​នឹង​បាន​ទទួល ។ បើ​សិន​ជា​អ្នក​នឹង​សុំ នោះ​អ្នក​នឹង​បាន​ដឹង​នូវសេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​ដែល​ធំ ហើយ​អស្ចារ្យ » ។

ព្រះ​អម្ចាស់​ក៏​ជម្រុញ​អូលីវើរ ឲ្យ​ចងចាំ​ពី​ទីបន្ទាល់​ដែល​គាត់​បាន​ទទួល​ពីមុន​មក​ដល់​ភូមិ​ហាម៉ូនី ដែល​អូលីវើរ​បាន​លាក់​ទុក​ក្នុង​ចិត្ត​នោះ ។ ព្រះ​អម្ចាស់​បាន​សួរ​ថា « តើ​យើង​ពុំបាន​មាន​បន្ទូល​ដោយ​ភាពសុខ​សាន្ត​ដល់​គំនិត​របស់​អ្នក​អំពី​ការណ៍​នោះទេ​ឬអី ? តើ​អ្នក​អាច​មាន​សាក្សី​ឯណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មកពី​ព្រះ​ទៀត ? » « បើ​សិន​ជា​យើង​បាន​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​ឡាយ​ដែល​គ្មាន​មនុស្ស​ណា​ដឹង តើ​អ្នក​មិន​បាន​ទទួល​សាក្សី​ទេ​ឬ​អី ? »២៩

អូលីវើរ​បាន​មាន​ចិត្ត​ស្ញប់​ស្ញែង ។ ភ្លាមៗ​នោះ​គាត់​បាន​ប្រាប់​យ៉ូសែប​អំពី​ការអធិស្ឋាន​ដ៏​សម្ងាត់​របស់​គាត់ និង​សាក្សី​ដ៏​ទេវភាព​ដែល​គាត់​បាន​ទទួល ។ គាត់​បាន​មាន​ប្រសាសន៍​ថា គ្មាន​នរណា​ម្នាក់​ដឹង​រឿង​នេះ​ក្រៅ​ពី​ព្រះឡើយ ហើយ​ឥឡូវ​នេះ​គាត់​បាន​ដឹង​ថា កិច្ចការ​នេះ​គឺ​ពិត ។

ពួក​គាត់​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ហើយ​អូលីវើរ បាន​ចាប់​ផ្តើម​ងឿង​ឆ្ងល់​បើ​គាត់​អាច​ធ្វើ​ការ​បក​ប្រែ​ផង​ដែរ​បាន​ឬទេ ។៣០ គាត់​បាន​ជឿ​ថា ព្រះ​អាច​ធ្វើ​ការ​តាមរយៈ​ឧបករណ៍​​នានា​ដូច​ជា​ត្បូង​មើល​ឆុត​នេះ ហើយ​មាន​ម្តង​ម្កាល​គាត់​ក៏​បាន​ប្រើដំបង​ដ៏​ទេវភាព​មួយ​ដើម្បី​ស្វែង​រក​ទឹក និង​រ៉ែ​ផង​ដែរ ។ ប៉ុន្តែ​គាត់​មិន​ប្រាកដ​ថា​តើ​ដំបង​គាត់​នោះ​ដំណើរ​ការ​តាម​រយៈ​ព្រះ​ចេស្តា​របស់​ព្រះ​ឬ​យ៉ាង​ណា​ទេ ។ ដំណើរ​ការ​នៃ​ការ​ទទួល​វិវរណៈ​នៅ​តែ​ជា​ការណ៍​ដ៏​អាថ៌កំបាំង​មួយ​ចំពោះ​គាត់ ។៣១

ជា​ថ្មី​ម្តង​ទៀត យ៉ូសែប​បាន​នាំ​យក​សំណួរ​របស់​អូលីវើរ​ទៅ​ទូល​សួរ​ព្រះ​អម្ចាស់ ហើយ​ព្រះ​អម្ចាស់​បាន​ប្រាប់​ទៅ​អូលីវើរ​ថា គាត់​អាច​មាន​អំណាច​ដើម្បី​ទទួល​បាន​ចំណេះវិជ្ជា​ដែរ បើ​គាត់​ទូល​សួរ​ដោយ​សេចក្តី​ជំនឿ ។ ព្រះ​អម្ចាស់​បាន​បញ្ជាក់​ថា ដំបង​របស់​អូលីវើរ​នោះ​បាន​ដំណើរ​ការ​តាម​រយៈ​ព្រះ​ចេស្តា​របស់​ព្រះ ដូចជា​រំពាត់​​របស់​អើរ៉ុន​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ដែរ ។​ បន្ទាប់​មក ទ្រង់​បាន​បង្រៀន​អូលីវើរ​បន្ថែម​ទៀត​អំពី​វិវរណៈ ។ ទ្រង់​បាន​ប្រកាស​ថា « យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់អ្នក និង​នៅក្នុង​ចិត្ត​របស់អ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហេតុដូច្នេះ​ហើយ នេះ​គឺ​ជា​វិញ្ញាណ​នៃ​វិវរណៈ » ។

ទ្រង់​ក៏​បាន​ប្រាប់​អូលីវើរ​ផង​ដែរ​ថា គាត់​អាច​បកប្រែ​កំណត់ត្រា​នេះ​ដូច​ជា​យ៉ូសែប​បាន​ធ្វើ​ដែរ ដរាបណា​គាត់​ពឹង​លើ​សេចក្តីជំនឿ ។ ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា « ចូរ​ចងចាំ​ថា បើ​គ្មាន​សេចក្ដី​ជំនឿ នោះ​អ្នក​ពុំ​អាច​ធ្វើ​អ្វីបាន​ទេ » ។៣២

បន្ទាប់​ពី​បាន​ទទួល​វិវរណៈ​នេះ​ហើយ អូលីវើរ​មាន​ចិត្ត​រីករាយ​នឹង​ធ្វើ​ការ​បកប្រែ ។ គាត់​បាន​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប ប៉ុន្តែ​នៅ​ពេល​ពាក្យ​បកប្រែ​មិន​បាន​ផុស​ឡើង​ដោយ​ងាយៗ នោះ​គាត់​ចាប់​ផ្ដើម​មាន​ចិត្ត​អន្ទះសា និង​ច្របូកច្របល់ ។

យ៉ូសែប​ឃើញ​ថា​មិត្ត​របស់​គាត់​មាន​ការពិបាក នោះ​គាត់​មាន​ចិត្ត​អាណិត ។ គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​រៀបចំ​ចិត្ត និង គំនិត​របស់​មិត្ត​ដើម្បី​ធ្វើការ​បកប្រែ ប៉ុន្តែ​អូលីវើរ​ហាក់​ដូច​ជា​គិត​ថា​គាត់​អាច​ធ្វើ​វា​បាន​ភ្លាមៗ ។ វា​មិន​គ្រប់​គ្រាន់​ទេ​ដោយ​គ្រាន់​តែ​ទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ​នោះ ។ គាត់​ត្រូវ​តែ​ចំណាយ​ពេល​បណ្ដុះ និង​អភិវឌ្ឍអំណោយទាន​នោះ​ដើម្បី​ប្រើ​វា​នៅ​ក្នុង​កិច្ចការ​របស់​ព្រះ ។​

មិន​យូរ​ប៉ុន្មាន អូលីវើរ​បាន​បោះបង់​ការ​បកប្រែ ហើយ​បាន​សួរ​យ៉ូសែប​ថា ហេតុអ្វី​ក៏​គាត់​គ្មាន​ភាពជោគជ័យ ។

យ៉ូសែប​បាន​ទូល​សួរ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​តប​ថា « អ្នក​បាន​សន្និដ្ឋាន​ថា យើង​នឹង​ប្រទាន​ឯកសិទ្ធិ​នេះ​ដល់​អ្នក កាល​អ្នក​ពុំបាន​យក​មក​គិត​សោះ ក្រៅ​ពី​សុំ​ពី​យើង ។ អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួចហើយ​អ្នក​ត្រូវ​សូម​ដល់​យើង បើសិនជា​ការណ៍​នោះត្រឹមត្រូវ » ។

ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​អូលីវើរ​មាន​ភាព​អត់ធ្មត់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « មិន​ចាំបាច់​ឲ្យ​អ្នក​គួរ​បក​ប្រែ​នៅ​ពេល​នេះ​ទេ ។ កិច្ចការ​ដែល​អ្នក​បាន​ហៅឲ្យ​ធ្វើ​គឺ​ដើម្បី​សរសេរ​ជូន​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង » ។ ទ្រង់​បាន​សន្យា​នឹង​អូលីវើរ​នូវ​ឱកាស​បក​ប្រែ​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​គឺជា​អ្នក​សរសេរ ហើយ​យ៉ូសែប​គឺជា​អ្នកមើល​ឆុត ។៣៣

កំណត់​ចំណាំ

  1. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៧ ទំព័រ  [៩] ។

  2. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:២ ( វិវរណៈ និទាឃរដូវ ឆ្នាំ​១៨២៩, នៅ josephsmithpapers.org ) ។

  3. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥, សៀវភៅ  ៧ ទំព័រ [៥]–[៧] ។

  4. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [៨]–[៩] ។

  5. គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១ ( វិវរណៈ ខែ​ កក្កដា ឆ្នាំ ​១៨២៨, នៅ josephsmithpapers.org ), Lucy Mack Smith, History ឆ្នាំ​១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [៨]–[៩], Joseph Smith History ឆ្នាំ​១៨៣៨–៥៦ វ៉ុល A-១ ទំព័រ ១០ នៅ​ក្នុង JSP, H១:២៤៦ ( សេចក្ដី​ព្រាង ២ ) ។

  6. គោលលទ្ធិ និង សេចក្តី​សញ្ញា ៣ ( វិវរណៈ ខែ​ កក្កដា ឆ្នាំ ១៨២៨ នៅ​ josephsmithpapers.org ), Joseph Smith History, ប្រហែល​រដូវ​ក្ដៅ​ឆ្នាំ ១៨៣២ ទំព័រ [៦] នៅ​ក្នុង JSP, H១:១៦, Lucy Mack Smith, History ឆ្នាំ​១៨៤៤–៤៥ សៀវភៅ  ៧ ទំព័រ, [៨]–[៩] ។

  7. Lucy Mack Smith, History ឆ្នាំ ១៨៤៥ ទំព័រ ១៣៨, Lucy Mack Smith, History​ ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [៨]–[១១1]។

  8. Preface to Book of Mormon, ប្រហែល​ខែ​ សីហា ឆ្នាំ​ ១៨២៩ នៅ​ក្នុង JSP, D១:៩២–៩៤, « Testamoney of Martin Harris » ថ្ងៃ​ទី ៤ ខែ​ កញ្ញា ឆ្នាំ​ ១៨៤០ ទំព័រ [៤], Edward Stevenson Collection, Church History Library, Lucy Mack Smith, History ឆ្នាំ​ ១៨៤៤–៤៥ សៀវភៅ ៨ ទំព័រ [៥], Historical Introduction to Revelation ខែ ​មីនា ឆ្នាំ​ ១៨២៩ [គ. និង ស. ៥] នៅ​ក្នុង JSP D១:១៤–១៦ ។

  9. « Testamoney of Martin Harris » ថ្ងៃ​ទី​ ៤  ខែ ​កញ្ញា ឆ្នាំ ១៨៧០ ទំព័រ [៤], Edward Stevenson Collection, Church History Library, Lucy Mack Smith, History ឆ្នាំ​១៨៤៤–៤៥ សៀវភៅ ៦ ទំព័រ [៩], សៀវភៅ ៨ ទំព័រ [៥] ។

  10. គោលលទ្ធិ និង សេចក្ដី​សញ្ញា  ៥ ( វិវរណៈ និទាឃរដូវ  ឆ្នាំ​ ១៨២៩, នៅ josephsmithpapers.org ) ។

  11. វិវរណៈ ខែ​ មីនា ឆ្នាំ​ ១៨២៩ [គ. និង ស. ៥] នៅ​ក្នុង JSP D១:១៧ ។

  12. Isaac Hale, Affidavit ថ្ងៃទី ២០ ខែ ​មីនា ឆ្នាំ ១៨៣៤ នៅ​ក្នុង « Mormonism » Susquehanna Register, and Northern Pennsylvanian​ ថ្ងៃទី ១  ខែ​ ឧសភា ឆ្នាំ ១៨៣៤ ទំព័រ [១] «  considered » នៅ​ក្នុង​ ច្បាប់​ដើម​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​ជា « consider » ។

  13. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៨ ទំព័រ [៦]–[៧]។

  14. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [១១]។

  15. ​Lucy Mack Smith, History ឆ្នាំ​១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [១២], « Mormonism » Kansas City Daily Journal ថ្ងៃ​ទី ​៥  ខែ ​មិថុនា ឆ្នាំ ១៨៨១ ទំព័រ ១, Morris, « Conversion of Oliver Cowdery » ទំព័រ ៥–៨ ។

  16. Lucy Mack Smith, History ឆ្នាំ​១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [១២], Knight, Reminiscences ទំព័រ ៥, គោលលទ្ធិ និង សេចក្តី​សញ្ញា  ៤ (វិវរណៈ ខែ ​កុម្ភៈ ឆ្នាំ ​១៨២៩ នៅ josephsmithpapers.org), សូម​មើល​ផងដែរ « Joseph Smith’s Support at Home » ទំព័រ ១០–១៤ ។

  17. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៧ ទំព័រ  [១២] ។

  18. Oliver Cowdery to William W. Phelps ថ្ងៃ​ទី ៧ ខែ​ កញ្ញា ឆ្នាំ ​១៨៣៤, LDS Messenger and Advocate, ខែ ​តុលា ឆ្នាំ​ ១៨៣៤, ១:១៥ ។

  19. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦ (វិវរណៈ ខែ​មេសា ឆ្នាំ ​១៨២៩–A នៅ josephsmithpapers.org), Lucy Mack Smith, History ឆ្នាំ​ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ, [១២], សៀវភៅ ៨ ទំព័រ [១] ។

  20. Joseph Smith History ឆ្នាំ ១៨៣៨​ ភាគ A-១, ទំព័រ ១៥នៅ​ក្នុង JSP, H១:២៨៤ ( សេចក្តី​ព្រាង ២ ); Joseph Smith History, ប្រហែល​រដូវ​ក្ដៅ ឆ្នាំ ១៨៣២ ទំព័រ [៦]នៅ​ក្នុង JSP, H១:១៦; Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៨ ទំព័រ [១]; សូមមើល​ផង​ដែរ គោលល្ធិ និង​ សេចក្តី​សញ្ញា ៦:២២–២៣ (Revelation ខែ មេសា ឆ្នាំ ១៨២៩–Aមាន​នៅ josephsmithpapers.org ) ។

  21. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៨ ទំព័រ [៣]–[៤], Joseph Smith History, ប្រហែល​រដូវ​ក្ដៅ ឆ្នាំ ១៨៣២  ទំព័រ [៦],នៅក្នុង JSP, H១:១៦ ។

  22. Lucy Mack Smith, History ឆ្នាំ​១១៨៤៤–៤៥, សៀវភៅ ៨, ទំព័រ [៤]; Joseph Smith History ឆ្នាំ​ ១៨៣៨–៥៦ វ៉ុល A-១ ទំព័រ ១៣ នៅ​ក្នុង JSP, H១:២៧៦ ( សេចក្ដី​ព្រាង  ២ ); Agreement with Isaac Hale ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ​១៨២៩ នៅ​ក្នុង JSP, D១:២៨–៣៤; Oliver Cowdery to William W. Phelps, ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ​ ១៨៣៤, LDS Messenger and Advocate, ខែ ​តុលា ឆ្នាំ ​១៨៣៤, ១:១៤ ។

  23. យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ១៨នៅក្នុង JSPH១:២៩៦ ( សេចក្ដី​ព្រាង  ២ ) ។

  24. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ១៥នៅ​ក្នុង JSP, H១:២៨៤ ( សេចក្តី​ព្រាង ២ ); Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៨ ទំព័រ [៤]Joseph Smith III,« Last Testimony of Sister Emma » Saints’ Herald, ថ្ងៃ​ទី ១ ខែ​ តុលា ឆ្នាំ​ ១៨៧៩ ទំព័រ ២៩០។ ប្រធានបទ ៖ Daily Life of First-Generation Latter-day Saints

  25. « Book of Mormon Translation » Gospel Topics, topics.lds.org; Joseph Smith History ឆ្នាំ​១៨៣៨–៥៦, វ៉ុល A-១ ទំព័រ ១៥ នៅ​ក្នុង JSP, H១:២៨៤ (សេចក្ដី​ព្រាង  ២); Oliver Cowdery to William W. Phelps, ថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ​ ១៨៣៤, LDS Messenger and Advocate, ខែ​ តុលា ឆ្នាំ ១៨៣៤, ១:១៤, Joseph Smith III, « Last Testimony of Sister Emma » Saints’ Herald, ថ្ងៃ​ទី ​១ ខែ ​តុលា ឆ្នាំ​ ១៨៧៩ ទំព័រ ២៩០; « Golden Bible » Palmyra Freeman, ថ្ងៃ​ទី ១១ ខែ​ សីហា ឆ្នាំ​ ១៨២៩ ទំព័រ [២] ។ ប្រធានបទ ៖ Book of Mormon Translation

  26. គោលលទ្ធិ និង សេចក្ដី​សញ្ញា ​១០:៤៥ (វិវរណៈ និទាឃរដូវ ឆ្នាំ​១៨២៩ នៅ josephsmithpapers.org); នីហ្វៃ​ទី១  ៩:៥; ពាក្យ​សម្ដី​នៃមរមន ១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣ (វិវរណៈ ខែ​ កក្កដា ឆ្នាំ​១៨២៨, នៅ​ josephsmithpapers.org) ។

  27. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៤២–៤៣ ( វិវរណៈ និទាឃរដូវ ឆ្នាំ​ ១៨២៩, នៅ josephsmithpapers.org ) ។ ប្រធាន​បទ ៖ Lost Manuscript of the Book of Mormon

  28. Oliver Cowdery to William W. Phelps ថ្ងៃ​ទី ៧ ខែ ​កញ្ញា ឆ្នាំ ​១៨៣៤, LDS Messenger and Advocate, ខែ​ តុលា ឆ្នាំ​ ១៨៣៤, ១:១៤; ម៉ូសាយ ៨:១៦–១៨; សូម​មើល​ផងដែរ អោមណៃ ១:២០; ម៉ូសាយ ៨:៨–១៣; ២៨:១១–១៥, ២០; អាលម៉ា ៣៧:២១, ២៣; និង អេធើរ ៣:២៤–២៨ ។

  29. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៥, ១១; ២២–២៤ (វិវរណៈ ខែ​ មេសា ឆ្នាំ ១៨២៩–A នៅ josephsmithpapers.org) ។

  30. គោលលទ្ធិ និង សេចក្ដី​សញ្ញា ​៦:១០–១៣ (វិវរណៈ ខែ ​មេសា ឆ្នាំ ​១៨២៩–A, នៅ josephsmithpapers.org); គោលលទ្ធិ និង សេចក្ដី​សញ្ញា ​៨:៤–៨ (វិវរណៈ ខែ​ មេសា ឆ្នាំ ​១៨២៩–B នៅ josephsmithpapers.org); Historical Introduction to Revelation ខែ ​មេសា ឆ្នាំ ​១៨២៩–B [គ. និង ស. ៨] នៅ​ក្នុង JSP, D១:៤៤–៤៥; Revelation Book ១, ១៣ នៅ​ក្នុង JSP, MRB:១៥ ។

  31. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៨ ទំព័រ [១]; Paul and Parks, History of Wells, Vermont, ទំព័រ៨១; Historical Introduction to Revelation ឆ្នាំ​១៨២៩–B [គ. និង ស. ៨] នៅ​ក្នុង JSP, D១:៤៤–៤៥, សូមមើល​ផង​ដែរ Baugh, Days Never to Be Forgotten; Bushman, Rough Stone Rolling, ទំព័រ ៧៣ ​និង Morris, « Oliver Cowdery’s Vermont Years and the Origins of Mormonism » ទំព័រ​១០៦–២៩ ។ ប្រធាន​បទ ៖ Divining Rods

  32. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦ (វិវរណៈ ខែ​ មេសា ឆ្នាំ​ ១៨២៩–A នៅ​ josephsmithpapers.org); គោលលទ្ធិ និង សេចក្តី​សញ្ញា ៨ (វិវរណៈ ខែ​ មេសា ឆ្នាំ​ ១៨២៩–Bនៅ josephsmithpapers.org); Joseph Smith History ឆ្នាំ​ ១៨៣៨–៥៦ វ៉ុល A-១, ទំព័រ ១៣–១៤ នៅ​ក្នុង JSP, H១:២៧៦–៧៨ (សេចក្ដីព្រាង ២), សូម​មើល​ផង​ដែរ Book of Commandments ៧:៣ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ៨:៦–៧ ។

  33. គោលលទ្ធិ និង សេចក្តី​សញ្ញា ៩ (វិវរណៈ ខែ​ មេសា ឆ្នាំ ​១៨២៩–D នៅ josephsmithpapers.org); Oliver Cowdery to William W. Phelps ថ្ងៃ​ទី ៧ ខែ​ កញ្ញា ឆ្នាំ ​១៨៣៤, LDS Messenger and Advocate, ខែ ​តុលា ឆ្នាំ ​១៨៣៤, ១:១៤ ។