ថ្នាក់​វិទ្យាស្ថាន
១ សូម​ដោយ​ចិត្ត​ជឿ


« សូម​ដោយ​ចិត្ត​ជឿ » ជំពូក ១ នៃ​ ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥-១៨៤៦ ( ឆ្នាំ ២០១៨ )

ជំពូក ១៖ « សូម​ដោយ​ចិត្ត​ជឿ »

ជំពូក ១

សូម​ដោយ​ចិត្ត​ជឿ

រូបភាព
ភ្នំ​ថាមបូរ៉ា

ក្នុង​ឆ្នាំ ១៨១៥ កោះ​សាំបាវ៉ា នៅ​ប្រទេស ឥណ្ឌូណេស៊ី មានទេសភាព​គួរ​ឲ្យ​គយគន់ និង​ខៀវស្រងាត់​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់​ជានិច្ច ។ ក្រុមគ្រួសារ​ជាច្រើន​បាន​រៀបចំ​ខ្លួន​ទទួល​រដូវ​ប្រាំងដែល​ជិត​ចូល​មក​ដល់ ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​អស់​ជាច្រើន​ជំនាន់​មក​ហើយ ក្នុងការ​ធ្វើ​ស្រែ​នៅ​ជើង​ភ្នំភ្លើង​មួយ​ដែល​ហៅថា ថាមបូរ៉ា ។

នៅ​ថ្ងៃ​ទី ៥ ខែ មេសា បន្ទាប់​ពី​ការ​គ្មាន​សកម្មភាព​អស់ជាច្រើន​ទសវត្សរ៍​មក ភ្នំភ្លើង​នោះ​បាន​ប្រែជា​មាន​សកម្មភាព​ភ្លាមៗ ដោយ​បាន​ផ្ទុះ​ឡើង ។ មនុស្ស​ជាច្រើន​រស់នៅ​រាប់រយពាន់​គីឡូម៉ែត្រ​ពីទីនោះ បាន​ឮ​សំឡេងដូចជា​សំឡេង​បាញ់​កាំភ្លើង​ធំ ។ ការផ្ទុះ​តូចៗ​បាន​​បន្ត​មាន​​អស់​ជាច្រើន​ថ្ងៃ ។ បន្ទាប់​មក​ នៅល្ងាច​ថ្ងៃ​ទី ១០ ខែ មេសា ភ្នំ​ភ្លើង​ទាំងមូល​បាន​ផ្ទុះខ្ទេច​ទាំងស្រុង ។ សសរ​ភ្លើង​ចំនួន​បី​ដើម​បាន​បាញ់​ផ្ទុះ​ទៅលើ​មេឃ ហើយ​បាន​ផ្គុំ​ចូល​គ្នា​ជា​អណ្តាត​ភ្លើងដ៏សន្ធោរសន្ធៅ ។ ម៉ាក់ម៉ា​បានហូរ​ចុះ​មក​តាម​ចំហៀង​ភ្នំ​គ្របដណ្តប់​លើ​ភូមិ​​ដែល​នៅ​ជើង​ភ្នំ​នោះ ។ មាន​ខ្យល់​គួច​បាន​បោកបក់​យ៉ាង​ខ្លាំង​កាត់​តំបន់​នោះ ធ្វើ​ឲ្យ​ដើមឈើ​បាន​រំលើង​ទាំង​ឫស និង​ប៉ើងផ្ទះសម្បែងខ្ទេចខ្ទី ។

ភាពចលាចល​នោះ​បាន​​កើត​មាន​ឡើង​ពេញ​មួយ​យប់​នោះ និង​បន្ត​រហូត​ដល់​យប់​បន្ទាប់​ទៀត ។ ផេះផង់បាន​ប៉ើងពាសពេញ​ផ្ទៃដី និង​សមុទ្រ គរជាគំនរ​កម្ពស់​ជាង​កន្លះម៉ែត្រ​នៅ​តាម​កន្លែង​ទាំងនោះ ។​ ពេល​កណ្តាល​ថ្ងៃ​ត្រង់​មើល​ទៅ​ហាក់​ដូច​ជា​ពេល​កណ្តាល​អាធ្រាត ។ រលក​សមុទ្រ​​ធំៗ​បាន​បោកបក់​ទៅលើ​ច្រាំង ធ្វើ​ឲ្យ​ខូច​ខាត​ដំណាំ និង​លិចលង់​ភូមិឋាន ។ នៅ ថាមបូរ៉ា មាន​ភ្លៀង​ធ្លាក់លាយ​ឡំ​នឹង​ផេះផង់ ដុំថ្ម និង​រងើកភ្លើងជាមួយ​គ្នា​អស់ពេល​ជាច្រើន​សប្តាហ៍ ។

ប៉ុន្មាន​ខែ​ក្រោយ​មក ឥទ្ធិពល​នៃបន្ទុះ​ភ្នំភ្លើង​នោះ​បាន​រាល​ដាល​នៅ​ជុំ​វិញ​ពិភពលោក ។ ទស្សនីយភាព​ដ៏អស្ចារ្យ​នៃ​សុរិយា​អស្តង្គត​ ទាក់ទាញ​អារម្មណ៍​មនុស្ស​នៅ​ទូទាំង​ពិភពលោក ។ ប៉ុន្តែ​​ទស្សនីយភាព​ដ៏ស្រស់ស្អាត​នោះ​ត្រូវបាន​បាត់បង់ ដោយសារតែ​ឥទ្ធិពល​នៃ​ផេះផង់​ភ្នំភ្លើង​នេះ ដែល​វា​បាន​បាចសាច​ពាសពេញ​ផែនដី ។ នា​ឆ្នាំ​បន្ទាប់​មក អាកាសធាតុ​បាន​ប្រែប្រួល​ហួស​ពី​ការ​ស្មាន ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​ទៀត​ផង ។

ការផ្ទុះ​ភ្នំភ្លើង​នោះ​បាន​បណ្តាល​ឲ្យ​សីតុណ្ហភាព​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ចុះ​ត្រជាក់​ខ្លាំង ហើយ​មាន​ជំងឺ​អាសន្នរោគ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ហើយ​បំផ្លិចបំផ្លាញ​ក្រុមគ្រួសារ​ជា​ច្រើន ។ នៅ​ក្នុង​ជ្រលង​ភ្នំ​ប្រទេស​ចិន ​ដី​ដែល​ធ្លាប់​មាន​​ជីវជាតិ អាកាសធាតុ​ដែល​ធ្លាប់​តែ​ល្អ​ស្រទន់ មិន​ក្ដៅពេក​មិន​ត្រជាក់ពេក​ បែរ​ទៅ​ជា​មាន​ព្យុះ​ទឹកកក​នា​រដូវ​ប្រាំង ​និង​មាន​ទឹក​ភ្លៀង​ជន់លិចលង់​ដំណាំ​ ។ នៅ​ទ្វីប​អើរ៉ុប គ្រឿង​ឧបភោគ​បរិភោគ​បាន​រលោះ​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​កើត​មាន​គ្រោះ​អត់​ឃ្លាន និង​ការភ័យស្លន់ស្លោរ ។

មនុស្ស​នៅ​គ្រប់​ទីកន្លែង​ស្រែក​រក​ការពន្យល់​អំពី​ការឈឺចាប់ និង​មរណភាព​ដែល​បណ្តាល​មក​ពី​អាកាសធាតុ​ដ៏​ចម្លែក​នោះ ។ ការបួងសួង និង​ការសូត្រ​ធម៌​ពី​ពួក​អាចារ្យ​សាសនា​បាន​ឮ​សូរ​កង​រំពង​ពេញ​ព្រះវិហារ​ហិនឌូ​នៅក្នុង​ប្រទេស​ឥណ្ឌា ។ កំណាព្យ​ជនជាតិ​ចិន​រៀបរាប់​ពី​ចម្ងល់​​នៃ​ការឈឺចាប់ និង​ការបាត់បង់​នោះ ។ នៅក្នុង​ប្រទេស​បារាំង និង​អង់គ្លេស ប្រជាពលរដ្ឋ​បាន​លុត​ជង្គង់​ចុះ​ដោយ​ភ័យ​ខ្លាច​ថា ភយន្តរាយ​ដ៏​កាច​សាហាវ​ដែល​បាន​ទស្សន៍ទាយ​ទុក​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​នឹង​ធ្លាក់​មក​លើ​ពួកគេ ។ នៅ​អាមេរិក​ខាង​ជើង​ឯ​ណោះ​វិញ ពួក​អាចារ្យ​បាន​ប្រកាស​ថា ព្រះ​កំពុង​ដាក់​ទោស​ដល់​ពួកគ្រីស្ទាន​ដែល​ពុំ​គោរព​ប្រតិបត្តិ ហើយ​ពួកគេ​ប្រកាស​ការព្រមាន​នោះ​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​គិត​អំពី​សាសនា ។

នៅ​ទូទាំង​ដែនដី មនុស្ស​ម្នា​បាន​មូរមី​ទៅ​ព្រះវិហារ និង​ការប្រជុំ​ខាង​វិញ្ញាណ​យ៉ាង​អន្ទះសា​ដោយ​ចង់​ដឹង​អំពី​របៀប​ដែល​ពួកគេ​អាច​បាន​សង្គ្រោះ​ពី​ការបំផ្លិចបំផ្លាញ​ដែល​នឹង​កើត​ឡើង​នោះ ។


បន្ទុះ​ភ្នំភ្លើង​នៅ ថាមបូរ៉ា នោះ​បាន​បន្ត​ជះ​ឥទ្ធិពល​លើ​អាកាសធាតុ​នៅក្នុង​ទ្វីប​អាមេរិក​ខាង​ជើង​ពេញ​មួយ​ឆ្នាំ​នោះ ។ និទិឃ​រដូវបែរ​ជា​​មាន​ធ្លាក់​ព្រិល និង​ទឹកកក​ដែល​បំផ្លាញ​ដំណាំ ហើយ​ឆ្នាំ ១៨១៦ បាន​កន្លង​ផុត​ទៅ ដែល​គេ​ដឹង​ថា​ជា​ឆ្នាំ​ដែល​គ្មាន​រដូវ​ក្តៅ​ឡើយ ។ នៅក្នុង​រដ្ឋ​វ័រម៉ន្ត ​នៅ​ភាគ​ឦសាន្ត​ក្នុង​ទឹកដី​អាមេរិក នៅឯ​ភ្នំ​ថ្ម ​បាន​ធ្វើ​ឲ្យ​កសិករ​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ មាន​ការលំបាក​អស់​ជា​ច្រើន​ឆ្នាំ ។ ប៉ុន្តែ​នៅក្នុង​រដូវ​នោះ ពេល​លោក និង​ភរិយា លោកស្រី លូស៊ី ម៉ាក ស្ម៊ីធ បាន​មើល​ផល​ដំណាំ​របស់​ពួកគាត់ ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹកកក​ឥត​ឈប់ឈរ នោះ​ពួកគេ​បាន​ដឹងថា ពួកគេ​នឹង​ប្រឈម​នឹង​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​អនាគត​ដែល​ពុំ​ប្រាកដ​ប្រជា​ឡើយ ប្រសិនបើ​ពួកគេ​បន្ត​រស់នៅ​កន្លែង​នោះ ។

ក្នុង​វ័យ​សែបសិប​ប្រាំ​ឆ្នាំ យ៉ូសែប ស៊ីញ្ញ័រ ពុំ​មែន​នៅ​ក្មេង​ឡើយ ហើយ​គំនិត​ក្នុងការ​ចាប់ផ្តើម​ជាថ្មី​នៅ​លើ​ទឹកដី​ថ្មី​នោះ​ធ្វើ​ឲ្យ​មាន​ការរុញរា ។ លោក​ដឹង​ថា​ កូនប្រុស​ច្បង​របស់​​លោក​ អាលវិន អាយុ​ដប់​ប្រាំបី​ឆ្នាំ និង ហៃរុម អាយុ​ដប់​ប្រាំមួយ​ឆ្នាំ អាច​ជួយ​លោក​ជម្រះដី​ឲ្យ​ស្អាត សង់​ផ្ទះ ដាំដុះ និង​ប្រមូល​ផល​ដំណាំ​បាន ។ សូផ្រូនា កូនស្រី​អាយុ​ដប់​បី​ឆ្នាំ​របស់​លោក​ធំ​ល្មម​អាចជួយ លូស៊ី ធ្វើ​កិច្ចការ​ផ្ទះ និង​កិច្ចការ​នៅ​ជុំវិញ​កសិដ្ឋាន​បាន ។ កូនប្រុស​តូចៗ​របស់​លោកឈ្មោះ សាំយូអែល មានអាយុ​ប្រាំបី​ឆ្នាំ និង វិល្លាម​ អាយុ​ប្រាំ​ឆ្នាំ​អាច​ជួយ​កិច្ចការ​ផ្សេងៗ​បាន ហើយ កាទេរិន អាយុ​បី​ឆ្នាំ និង ដុន ខាឡូស ទារក​ទើប​កើត​នោះ នឹង​អាច​រួម​ចំណែក​ជួយ​កិច្ចការ​បាន​ ពេល​ពួកគេ​ធំ​ឡើង​នា​ថ្ងៃ​ខាង​មុខ ។

កូនប្រុស​កណ្តាល​របស់​លោក យ៉ូសែប ជុញ្ញ័រ អាយុ​ដប់​ឆ្នាំ​ជា​រឿង​មួយ​ផ្សេង​ទៀត ។ កាល​ពីបួន​ឆ្នាំ​មុន យ៉ូសែប ជុញ្ញ័រ បាន​ទទួល​ការវះកាត់​ដក​រោគ​ឆ្លង​ចេញ​ពី​ជើង​របស់​គាត់ ។ ចាប់​តាំងពី​ពេល​នោះ​មក គាត់​បាន​ដើរ​ដោយ​ប្រើ​ឈើ​ច្រត់ ។ ទោះជា​ជើង​របស់​គាត់​ចាប់ផ្តើម​មាន​ភាព​មាំមួន​ឡើង​វិញ​ក្តី យ៉ូសែប ជុញ្ញ័រ ដើរ​ខ្ចើចៗ​ដោយ​ឈឺ​ចាប់​បំផុត ហើយ យ៉ូសែប ស៊ីញ្ញ័រ​ពុំ​ដឹងឡើយ​ថា តើ​កូនប្រុស​គាត់​នឹង​​ធំឡើង​មាន​ភាពរឹងមាំ​ដូចជា អាលវិន និង​ ហៃរុម ដែរ​ឬ​អត់​នោះ​ទេ ។

ប្រាកដ​ណាស់ ពួកគេ​អាច​ពឹង​គ្នា​ទៅវិញទៅមក​បាន គ្រួសារ ស្ម៊ីធ បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ផ្ទះ​របស់​ពួកគេ​នៅ​រដ្ឋ​វ័រម៉ន្ត ដើម្បី​ស្វែងរក​ទឹកដី​ដែល​ប្រសើរ​ជាង​នោះ ។ ដូច​ជា​អ្នក​ជិតខាង​របស់​លោក​ផងដែរ យ៉ូសែប ស៊ីញ្ញ័រ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​​រដ្ឋ នូវ យ៉ោក ជា​កន្លែង​ដែល​លោក​រំពឹង​ថា​ អាចទិញ​កសិដ្ឋាន​ដ៏​ល្អ​មួយ​តាម​បែប​ឥណទាន ។ បន្ទាប់​មក លោកនឹង​បញ្ជូន លូស៊ី និង​កូនៗ ព្រមទាំង​ក្រុមគ្រួសារឲ្យ​មក​តាមក្រោយ ។

នៅពេល​ យ៉ូសែប ស៊ីញ្ញ័រ ចេញ​ដំណើរ​ទៅ​រដ្ឋ នូវ យ៉ោក អាលវិន និង ហៃរុម បាន​ដើរ​ជូន​ដំណើរ​លោក​ពីមុន​ពួកគេ​លា​គ្នា ។ យ៉ូសែប ស៊ីញ្ញ័រ ស្រឡាញ់​ភរិយា​ និង​កូនៗ​របស់​លោកយ៉ាង​ខ្លាំង ប៉ុន្តែ​លោក​មិន​អាច​ផ្តល់​ជីវិត​ដែលមាន​ស្ថេរភាព​បាន​ទេ ។ ជា​សំណាង​អាក្រក់ និង​ការវិនិយោគ​មិន​ទទួល​បាន​ជោគជ័យ បាន​ធ្វើឲ្យ​គ្រួសារនៅតែ​ក្រីក្រ និង​គ្មាន​ផ្ទះ​សម្បែង​ឡើយ ។ ប្រហែល​ជារដ្ឋ នូវ យ៉ោក អាច​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរបាន ។


នៅ​សិសិររដូវ​បន្ទាប់​នោះ យ៉ូសែប ជុញ្ញ័រ បាន​ធ្វើ​ដំណើរ​យ៉ាង​លំបាក​ឆ្លង​កាត់​ព្រិល​ជាមួយ​ម្តាយ និង​បងប្អូន​ប្រុសស្រី​របស់​លោក ។ ពួកគេ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​ទៅ​ភូមិ​មួយ​ឈ្មោះ​ថា ​ប៉ាលម៉ៃរ៉ា នៅ​ជិត​កន្លែង​ដែល យ៉ូសែប ស៊ីញ្ញ័រ រក​បាន​ដី​ល្អ ហើយ​កំពុង​រង់ចាំ​គ្រួសារ​របស់​ខ្លួន ។

ដោយសារ​ស្វាមី​របស់​គាត់​ពុំ​អាច​ជួយ​ក្នុង​ការ​ផ្លាស់ប្តូរ​ទីលំនៅ​បាន នោះលោក​ស្រី លូស៊ី បាន​ជួល​បុរស​ម្នាក់​ឈ្មោះ ហាវើដ ឲ្យ​បររទេះ​ឲ្យពួកគេ ។ នៅ​តាម​ផ្លូវ លោក ហាវើដ មិន​បាន​មើលខុស​ត្រូវ​របស់​របរ​របស់​ពួក​គេដោយយកចិត្ត​ទុកដាក់​ឡើយ ហើយ​បាន​ចាយ​ប្រាក់​ដែល​គេ​បង់​ឲ្យ​គាត់​នោះ​ យក​ទៅលេង​ល្បែង​ស៊ីសង និង​ផឹក​គ្រឿង​ស្រវឹង​អស់​ ។ ហើយ​បន្ទាប់​ពី​ពួកគេ​បាន​ចូលរួម​ជាមួយ​គ្រួសារ​មួយ​ទៀត​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច នោះ​លោក ហាវើដ បាន​បណ្តេញ​​មិន​ឲ្យ យ៉ូសែប ជិះ​លើ​រទេះ​ឡើយ ដើម្បី​ឲ្យ​កូនស្រី​របស់​គ្រួសារ​ផ្សេង​ទៀត​នោះ​អាច​អង្គុយ​ជាមួយ​គាត់ ពេល​គាត់​បររទេះ​ដឹកនាំ​ក្រុមនេះ ។

ដោយ​ដឹង​ថា បើ​យ៉ូសែប​ដើរ​នោះ​គាត់​នឹង​មាន​ការឈឺចាប់​ខ្លាំង​ដូច្នេះ អាលវិន និង ហៃរុម បាន​ព្យាយាម​ជជែក​តវ៉ា​នឹង​លោក ហាវើដ ពីរបី​ដង ។ ប៉ុន្តែ គាត់​បាន​វាយ​ពួកគេ​នឹង​រំពាត់​ខ្សែ​តី​គ្រប់​ពេល ។១០

ប្រសិនបើ យ៉ូសែប ធំ​ជាង​នោះ នោះ​លោក​ប្រហែល​ជា​ព្យាយាម​ជជែក​តវ៉ា​នឹង​លោក ហាវើដ ដោយ​ខ្លួន​លោក​ហើយ ។ លោក​ពុំ​អាច​ធ្វើការ ឬ​លេង​បាន​ឡើយ ដោយសារ​តែ​ជើង​ឈឺ​នោះ ប៉ុន្តែ​ឆន្ទៈ​ដ៏​ខ្លាំង​មោះមុត​របស់​លោក នឹង​បំពេញ​បង្គ្រប់​លើ​រូបកាយ​ទន់ខ្សោយ​របស់​លោក ។ ពីមុន​វេជ្ជបណ្ឌិត​បាន​វះ​កាត់​ជើង​របស់​លោក ហើយ​ជា​​យក​បំណែក​ឆ្អឹង​ដែល​បង្ក​មេរោគ​នោះ​ចេញ ពួកគេ​ចង់​ចង​គាត់​ ឬ​ឲ្យ​គាត់​ផឹក​ស្រាដើម្បី​ស្ពឹក​កុំ​ឲ្យ​មាន​ការ​ឈឺចាប់ ។ ប៉ុន្តែ យ៉ូសែប គ្រាន់​តែ​សូម​ឲ្យ​ឪពុក​លោក​អោប​លោកតែ​ប៉ុណ្ណោះ ។

លោក​នៅ​ដឹង​ខ្លួន​អំឡុង​ពេល​ធ្វើការ​វះកាត់​នោះ ហើយ​ទឹក​មុខ​លោក​ស្លេកស្លាំង និង​ស្រក់​ញើស​តក់ៗ ។ ម្តាយ​របស់​លោក​ដែល​ធ្លាប់តែ​មាន​ភាពរឹងប៉ឹង​នោះ ស្ទើរតែ​ត្រូវ​សន្លប់​ពេល​គាត់​បាន​ឮ​សម្រែក​របស់​កូន ។ ក្រោយពី​ពេល​នោះមក ម្តាយ​លោក​ប្រហែល​ជា​ទទួល​អារម្មណ៍​ថា ខ្លួនគាត់​អាច​ស៊ូទ្រាំ​អ្វី​ៗ​ទាំងអស់​បាន ។១១

ពេល យ៉ូសែប ដើរ​ខ្ញើច​ៗក្បែរ​រទេះ លោក​អាច​ឃើញ​ម្តាយ​លោក​ពិតជា​អត់​ទ្រាំ​នឹង​លោក ហាវើដ នោះ​ខ្លាំង​ណាស់ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​អស់​ចម្ងាយ​បីរយ​ម្ភៃ​ពីរ​គីឡូ​ម៉ែត្រ ហើយ​ម្តាយ​លោក​បាន​អត់​ទ្រាំ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​អ្នក​បរទេះ​ដែល​មាន​ឥរិយាបថ​អាក្រក់​នោះ ។


វា​នៅ​សល់​ចម្ងាយ​ប្រហែល​ជា​មួយ​រយ​ហុក​សិប​គីឡូម៉ែត្រ​ពី​ទីក្រុង ប៉ាលម៉ៃរ៉ាទៀត​ប៉ុណ្ណោះ ពេល លូស៊ី កំពុង​រៀបចំ​ខ្លួន​ដើម្បីធ្វើ​ដំណើរ​មួយ​ថ្ងៃ​ទៀត នោះ​គាត់​បាន​ឃើញ អាលវិន រត់​មក​រក​គាត់ ។ លោក ហាវើដ បាន​បោះ​ឥវ៉ាន់ និង​វ៉ាលី​របស់​ពួកគេ​ចោល​ទៅលើ​ថ្នល់ ហើយ​បំបោរ​យក​សេះ និង​រទេះ​ចេញ​ទៅ ។

លូស៊ី បាន​ទៅ​រក​បុរស​នោះ​ឃើញ​នៅក្នុង​បារ ។ គាត់​បាន​ប្រកាស​ថា « ដូច​ជា​​​ព្រះ​គង់​នៅក្នុង​ស្ថានសួគ៌ រទេះ និង​សេះ​ទាំង​នោះ ព្រមទាំង​ឥវ៉ាន់​នៅលើ​នោះ​ផង​គឺ​ជា​របស់​ខ្ញុំ » ។

គាត់​បាន​សម្លឹង​មើល​ជុំ​វិញ​បារ​នោះ ។ មាន​មនុស្ស​ប្រុស​ស្រី​នៅពេញ​ក្នុង​បារ​នោះ ហើយ​ភាគច្រើន​ពួកគេ​គឺ​ជា​អ្នក​ដំណើរ​ដូច​ជា​រូប​គាត់​ដែរ ។ គាត់​បាន​និយាយ​ពេល​មនុស្ស​ទាំង​នោះ​សម្លឹង​មើល​គាត់​ថា « បុរស​នេះ ​មាន​ចិត្តប្លន់​​យក​ទ្រព្យ​សម្បត្តិ​​សម្រាប់​ធ្វើ​ដំណើរ​របស់​ខ្ញុំ ដោយ​ទុក​ខ្ញុំ និង​កូន​តូចៗ​ប្រាំបី​នាក់​ទៀត ឲ្យ​គ្មានសេស​សល់​អ្វី​សោះ » ។

លោក​ហាវើដ បាននិយាយ​ថា គាត់​ចាយ​ប្រាក់​ដែល​លូស៊ី ​បាន​បង់​ថ្លៃ​ឲ្យ​ក្នុង​ការបរទេះ​នោះ​អស់​ហើយ ហើយ​គាត់​បាន​និយាយ​ថា គាត់​ពុំ​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​ឡើយ ។

លូស៊ី បាន​ពោល​ថា « ខ្ញុំ​មិន​ជួល​លោក​ទៀត​ទេ ។ ខ្ញុំ​នឹង​គ្រប់គ្រង​ក្រុម​នេះ​ដោយ​ខ្លួន​ខ្ញុំ » ។

គាត់​បាន​ចេញ​ពី​ លោក ហាវើដ ដែល​នៅក្នុង​បារ​នោះ រួច​បាន​ស្បថ​ថា នឹង​នាំ​កូនៗ​របស់​ខ្លួនទៅ​ជួបជុំ​ឪពុក​របស់​ពួកគេ ទោះបីជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ ។១២


ទោះ​ជា​ផ្លូវ​នៅ​ខាង​មុខ​ទៀត​ មាន​ភក់​ជ្រាំ និង​រងារ​ក្ដី ក៏ លូស៊ី ស៊្មីធ បាន​នាំ​គ្រួសារ​គាត់ទៅ​ដល់​ទីក្រុង ប៉ាលម៉ៃរ៉ា ដោយ​សុវត្ថិភាព ។ នៅពេល លូស៊ី មើល​កូនៗ​ឱប​ថើប​ឪពុក​របស់​ពួកគេ នោះ​គាត់​មាន​អារម្មណ៍​ថា វា​ជា​រង្វាន់​ចំពោះ​ការរងទុក្ខ​គ្រប់បែប​យ៉ាង ដែល​ពួកគេ​បាន​មានមុន​ពេល​​មកដល់​ទីនោះ ។

មិនយូរ​ប៉ុន្មាន​ក្រោយមក គ្រួសារ​នោះ​បាន​ជួល​ផ្ទះ​តូច​មួយ​នៅក្នុង​ទីក្រុង ហើយ​បាន​ពិភាក្សា​គ្នា​អំពី​មធ្យោបាយដើម្បី​ទិញ​កសិដ្ឋាន​ជា​កម្មសិទ្ធិ​របស់​ពួកគេ​ផ្ទាល់ ។១៣ ពួកគេ​បាន​សម្រេច​ចិត្តថា ផែនការ​ដ៏ល្អ​បំផុត​នោះ គឺ​ត្រូវ​ធ្វើការ​រហូត​ដល់​ពួកគេ​អាច​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​កក់ ហើយ​បង់​រំលោះ​យក​ដី​នៅក្នុង​ព្រៃ​ដែល​នៅ​ក្បែរ​នោះ ។ យ៉ូសែប ស៊ីញ្ញ័រ និង​កូនប្រុស​ច្បង​រកប្រាក់​ដោយ​ការ​ជីក​អណ្តូង ការ​កាប់​ឈើ​ធ្វើ​របង និង​ការ​ច្រូត​ស្បូវ​ ខណៈ​ដែល លូស៊ី និង​កូនស្រី​ធ្វើ នំផាយ រ៉ូតបៀរ និង​ប៉ាក់ដិន​សម្លៀកបំពាក់​ដើម្បី​ផ្គត់ផ្គង់​អាហារ​ដល់​គ្រួសារ ។១៤

នៅពេល យ៉ូសែប ជុញ្ញ័រ ធំឡើង ជើង​របស់​លោក​បាន​រឹងមាំ​ខ្លាំង​ឡើង ហើយ​លោក​អាច​ដើរ​ដោយ​ងាយស្រួល​កាត់​ទីក្រុង ប៉ាលម៉ៃរ៉ា ។ លោក​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ម្នាដែល​មក​ពី​គ្រប់​តំបន់​ទាំងអស់​ដែល​នៅក្នុងទីក្រុង​នោះ ហើយ​ពួកគេ​ជាច្រើន​នាក់​បាន​និយាយ​ទាក់ទង​នឹង​សាសនា ដើម្បី​បំពេញក្តីស្រេកឃ្លាន​ខាង​វិញ្ញាណ និង​ពន្យល់​ពី​ការលំបាក​នៃ​ជីវិត ។ យ៉ូសែប និង​គ្រួសារ​របស់​លោក​ពុំ​មែន​ជា​សមាជិក​នៅ​ក្នុង​ព្រះវិហារ​ណា​មួយ​ឡើយ ប៉ុន្តែ​អ្នក​ជិត​ខាង​របស់​ពួកគេ​ជាច្រើន​នាក់​បាន​ថ្វាយ​បង្គំ​នៅក្នុង​សាលាជំនុំ​ខ្ពស់​មួយ​របស់​ពួក​ប្រែសប៊ីធារាន សាលាប្រជុំ​ពួក​បាទីស្ទ សាល ឃ្វេឃើរ ឬ​កន្លែង​បោះជំរំ ដែល​មាន​ពួក​អាចារ្យ មេតូឌីស​ធ្វើ​ដំណើរ​ឆ្លង​កាត់ ហើយ​មាន​ការប្រជុំ​ខាង​វិញ្ញាណ​ជា​ប្រចាំ ។១៥

កាល​យ៉ូសែប​មានអាយុ​ដប់ពីរ​ឆ្នាំ ការជជែក​វែក​ញែក​ស្តីពី​សាសនា​បាន​កើត​មាន​ឡើង​នៅ​ទូទាំង​ប៉ាលម៉ៃរ៉ា ។ ទោះ​ជា​លោក​ពុំសូវ​ចេះ​អាន​អក្សរ​ក្តី ប៉ុន្តែ​លោក​ចូលចិត្ត​គិត​យ៉ាង​ល្អិតល្អន់​អំពី​យោបល់​នានា ។ លោក​បាន​ស្តាប់​ពួក​អាចារ្យ ដោយ​រំពឹង​ចង់​រៀន​ដឹង​បន្ថែម​ទៀត​អំពី​ព្រលឹង​អមតៈ​របស់​ខ្លួន ប៉ុន្តែ​ទេសនកថា​របស់​ពួកគេ​តែងតែ​ទុក​ឲ្យ​លោក​មាន​ការច្របូកច្របល់​ក្នុង​ចិត្ត ។ ពួកគេ​បាន​ប្រាប់លោក​ថា លោក​គឺ​ជា​មនុស្ស​មាន​បាប​នៅក្នុង​លោកិយ​ដែល​ពោរពេញ​ដោយ​អំពើ​បាប​នោះ​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ បើ​គ្មាន​ព្រះគុណ​នៃ​ការសង្គ្រោះ​មក​ពី​ព្រះយេស៊ូវគ្រីស្ទ​នោះ ។ ហើយ​ខណៈ​ដែល យ៉ូសែប បាន​ជឿ​លើ​សារលិខិត​នោះ ហើយ​មាន​អារម្មណ៍មិន​ល្អ​អំពី​អំពើ​បាប​របស់​លោក នោះ​ក្ដីលោក​ក៏​ពុំ​ប្រាកដ​ក្នុង​ចិត្ត​អំពី​របៀប​ស្វែងរក​ការអភ័យទោស​ដែរ ។១៦

លោក​បាន​គិត​ថា ការទៅ​ព្រះវិហារ​អាច​ជួយ​លោក​បាន ប៉ុន្តែ​លោក​ពុំ​អាច​សម្រេចថា​លោក​ត្រូវ​ថ្វាយ​បង្គំ​នៅ​កន្លែង​ណា​ឡើយ ។ ព្រះវិហារ​ផ្សេងៗគ្នា​បាន​ប្រកែក​គ្នា​ឥត​ឈប់ឈរ​អំពី​របៀប​ដែល​មនុស្ស​អាច​បាន​រំដោះ​​ឲ្យ​មាន​សេរីភាព​ពី​អំពើ​បាប ។ បន្ទាប់​ពី​ស្តាប់​ការជជែកវែកញែក​ទាំងនេះ​មួយ​រយៈមក យ៉ូសែប បាន​កើត​ទុក្ខ ដោយ​ឃើញ​មនុស្ស​អាន​ព្រះគម្ពីរ​ប៊ីប​ដូចគ្នា ប៉ុន្តែ​មាន​ការយល់ដឹង​ផ្សេងៗ​គ្នា​អំពី​អត្ថន័យ​នៅក្នុង​គម្ពីរ​ប៊ីប​នោះ ។ លោក​បាន​ជឿ​ថា សេចក្តីពិត​របស់​ព្រះ​ពិតជា​មាន​មែន—នៅ​កន្លែង​ណា​មួយ—ប៉ុន្តែ​លោក​ពុំ​ដឹង​អំពី​របៀប​ស្វែងរក​វា​ឡើយ ។១៧

ឪពុក​ម្ដាយ​របស់​លោក​ក៏​ពុំ​ប្រាកដ​អំពី​រឿង​នេះ​ដែរ ។ លោក​ស្រីលូស៊ី និង យ៉ូសែប ស៊ីញ្ញ័រ ពួក​គាត់​ទាំង​ពីរ​នាក់​កើត​មក​ក្នុង​គ្រួសារ​គ្រីស្ទាន ហើយ​ពួកគាត់​ទាំងពីរ​នាក់​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប និង​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ស្រី​ លូស៊ី បាន​ទៅ​​ព្រះវិហារ​ហើយនាំ​កូនៗ​របស់​ខ្លួន​ទៅ​ការប្រជុំជា​មួយ​គាត់​ជា​ញឹកញាប់ ។ គាត់​បាន​ស្វែង​រក​ព្រះ​វិហារ​ពិត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ចាប់​តាំង​ពី​បង​ស្រី​របស់​គាត់​បាន​ទទួល​មរណភាព​​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

នៅ​ពេល​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ពី​មុន​កំណើត​របស់​​យ៉ូសែប គាត់​បាន​ខ្លាច​ថា​គាត់​នឹង​ត្រូវ​ស្លាប់​ពី​មុន​ស្វែង​រក​ឃើញ​សេចក្តី​ពិត ។ គាត់​​ឃើញពី​សេចក្តី​ងងឹត និង​ជ្រោះ​នៃ​ភាព​ឯកោ​ដែល​មាន​នៅ​កណ្ដាល​គាត់ និង​ព្រះ​អង្គ​សង្រ្គោះ ហើយ​គាត់​បាន​ដឹង​ថា គាត់​ពុំ​ទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​ក្រោយ​ឡើយ ។

បន្ទាប់​ពី​គាត់​មិន​បាន​សម្រាន្ត​អស់​​ពេញ​មួយ​យប់​មក គាត់​បាន​អធិស្ឋាន​ទៅ​ព្រះ ដោយ​បាន​សន្យា​នឹង​ទ្រង់​ថា ប្រសិនបើ​ទ្រង់​ទុក​ជីវិត​ឲ្យ​គាត់ នោះ​គាត់​នឹង​ស្វែងរក​ព្រះវិហារ​នៃ​ព្រះយេស៊ូវ គ្រីស្ទ ។ កាល​គាត់​អធិស្ឋាន នោះ​សំឡេងព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​គាត់ ដោយ​បញ្ជាក់​ថា បើ​គាត់​ស្វែង​រក គាត់​នឹង​រក​ឃើញ ។ គាត់​បាន​ទៅ​មើល​ព្រះវិហារ​ជា​ច្រើន​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​គាត់​នៅ​តែ​រកពុំឃើញ​ថា​ព្រះ​វិហារណា​មួយ​ត្រឹម​ត្រូវ​ឡើយ ។ ទោះបី​ជា​គាត់​មាន​អារម្មណ៍​ថាសាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​គ្មាន​នៅ​លើ​ផែនដី​នេះ​ទៀត​ក្តី ក៏​គាត់​បន្ត​ស្វែងរក​ដោយ​មាន​ទំនុកចិត្ត​ថា ការទៅ​ព្រះវិហារ​គឺ​វា​ប្រសើរ​ជាង​មិន​ទៅដែរ ។១៨

ក៏​ដូច​ជា​ភរិយា​របស់​លោក​ដែរ យ៉ូសែប ស៊ីញ្ញ័រ​បាន​ស្រេក​ឃ្លាន​សេចក្តី​ពិត ។ ទោះជា​យ៉ាង​ណា​ក្តី លោក​មាន​អារម្មណ៍​ថា ការ​មិន​ចូល​ជា​សមាជិក​ក្នុង​ព្រះវិហារ​ណា​មួយ គឺប្រសើរ​ជាង​ការធ្វើ​ជា​សមាជិក​ក្នុង​ព្រះវិហារ​ដែល​ខុស​ដែរ ។ តាម​រយៈ​ការធ្វើ​តាម​ការ​ទូន្មាន​របស់​ឪពុក​លោក​ជា​យ៉ូសែប ស៊ីញ្ញ័រ នោះ​លោក​បាន​ស្វែងយល់​ក្នុង​ព្រះ​គម្ពីរ អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ ហើយ​បាន​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ បាន​យាង​មក​សង្រ្គោះ​ពិភព​លោក ។១៩ ប៉ុន្តែ​លោក​មិន​អាច​សម្រុះសម្រួលអារម្មណ៍​ដែល​គាត់​មាន​ថា​ជា​ការ​ពិតជាមួយ​នឹង​ការច្របូកច្របល់ ហើយនិងការ​ទាស់​ទែង​ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​ព្រះវិហារ​ដែល​នៅ​ជុំ​វិញ​ខ្លួន​លោកនោះ​ទេ ។ នៅ​យប់មួយ លោក​បាន​សុបិន​ឃើញ​ថា​ពួក​អាចារ្យ​ដែល​ឈ្លោះ​ប្រកែក​គ្នា​នោះ​គឺ​ដូចជា​គោក្របី​ដែលយក​ស្នែង​វា​ជល់​នឹង​ដី ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​សង្ស័យ​ជា​ខ្លាំង​ថា​ពួក​គេ​ទាំង​នោះ​គឺ​បាន​ដឹង​តែ​បន្តិច​បន្តួច​អំពី​នគរ​របស់​ព្រះ ។២០

ពេល​ឃើញ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ឪពុក​ម្តាយ​លោក​ជា​មួយ​នឹងព្រះ​វិហារ​នៅ​ក្នុង​ក្រុង នោះ​កាន់​តែ​ធ្វើ​ឲ្យ​យ៉ូសែប ជុញ្ញ័រ រឹតតែច្របូកច្របល់ ។២១ លោក​មាន​ចម្ងល់​កាន់តែ​ខ្លាំង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ផ្តល់​ចម្លើយ​ដែល​ស្កប់​ចិត្ត​លោក​ឡើយ ។


បន្ទាប់​ពី​ពួក​គាត់​សន្សំ​ប្រាក់​បាន​ជាង​មួយ​ឆ្នាំ​មក គ្រួសារ​ស្ម៊ីធ មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញដី​ព្រៃ​ទំហំ សែបសិប​ហិចតា​នៅទីក្រុង ម៉ានឆែសស្ទើរ នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ប៉ាលម៉ៃរ៉ា ។ នៅ​ទីនោះ ក្រៅ​ពី​ការងារ​ស៊ី​ឈ្នួលគេ ពួកគេ​ខួង​ដើម​ម៉ាផល បង្ហូរ​យក​ជាតិ​ស្ករ ដាំ​ចម្ការ​ផ្លែឈើ​ហូប​ផ្លែ និង​កាប់ឆ្ការ​ទីវាល​ដើម្បី​ដាំ​ដំណាំ ។២២

កាល​លោក​ធ្វើការ​កាប់​ឆ្ការ​​នោះ យុវជន យ៉ូសែប បន្ត​ព្រួយ​បារម្ភ​អំពី​សុខុមាលភាព​នៃ​ព្រលឹង​របស់​លោក ។ ការ​ដាស់​រំជួល​ខាងសាសនា​នៅ​ទីក្រុងប៉ាលម៉ៃរ៉ា បាន​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ពួក​អាចារ្យបាន​បន្ត​ប្រកួត​ប្រជែង​គ្នា​រក​អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿ​នៅ​ទីនោះ និង​នៅ​ពេញ​តំបន់​នោះ ។​​២៣ យ៉ូសែប ​បាន​សម្លឹង​មើល​ទៅ​ព្រះអាទិត្យ ព្រះចន្ទ និង​តារា​ទាំងឡាយ​ដែល​ដើរ​តាម​គន្លង​និង​ភាពដ៏សម្បើម​របស់​វា​នៅលើ​ផ្ទៃ​មេឃ​ទាំងថ្ងៃ​ទាំង​យប់ ព្រមទាំង​កោត​សរសើរ​ចំពោះ​សម្រស់​នៃ​ផែនដី ដែល​មាន​ជីវិត​រីកលូតលាស់ ។ លោក​ក៏​បាន​មើល​មនុស្ស​ម្នា​នៅ​ជុំវិញ​លោក ហើយ​ស្ញប់ស្ញែង​ចំពោះកម្លាំង និង​បញ្ញា​របស់​ពួកគេ​ផង​ដែរ ។ អ្វីៗ​គ្រប់​យ៉ាង​ហាក់ដូច​ជា​ធ្វើ​ជា​សាក្សី​ថា មាន​ព្រះ ហើយ​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ ។ ប៉ុន្តែ តើ​យ៉ូសែបអាច​ទាក់ទង​ទៅកាន់​ទ្រង់​តាម​របៀប​ណា​ទៅ ?២៤

នៅ​រដូវក្តៅ​ឆ្នាំ ១៨១៩ កាល យ៉ូសែប អាយុ​ដប់​បី​ឆ្នាំ ពួក​អាចារ្យ​មេតូឌីស​បាន​ជួបជុំ​គ្នា​ក្នុង​សន្និសីទ​មួយ នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី​កសិដ្ឋាន​របស់​គ្រួសារ​ស្ម៊ីធ ហើយ​ផ្សព្វផ្សាយ​នៅ​ទូទាំង​តំបន់​ជនបទ​នោះ ដើម្បី​ជំរុញ​ឲ្យ​គ្រួសារ​នានា​ដូចជា​គ្រួសារ​របស់​យ៉ូសែប​ជាដើម​ឈាន​ទៅរក​ការប្រែចិត្ត​ជឿ ។ ភាពជោគជ័យ​របស់​ពួក​អាចារ្យ​នេះ បាន​ធ្វើ​ឲ្យ​គ្រូអាចារ្យ​សាសនា​ផ្សេង​ទៀត​នៅក្នុង​តំបន់​នោះមាន​ការបារម្ភ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក៏​មាន​ការប្រកួតប្រជែងឲ្យ​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​ឡើង ។

យ៉ូសែប​បាន​ចូលរួម​ការប្រជុំទាំងឡាយ បាន​ស្តាប់​ការបង្រៀន​ដែល​​ធ្វើ​ឲ្យ​ព្រលឹង​មាន​ភាព​រំជើបរំជួល ហើយ​បាន​មើល​ឃើញ​ពួក​អ្នក​ប្រែចិត្ត​ជឿ​ស្រែកហ៊ោរ​ដោយ​អំណរ ។ លោក​ចង់​ស្រែក​ជា​មួយ​ពួកគេ ប៉ុន្តែ ជា​ញឹកញាប់​លោក​មាន​អារម្មណ៍​ថា​លោក​នៅ​កណ្តាល​​សង្គ្រាម​ពាក្យ​សម្តី និង​​ទស្សនៈទាំងឡាយ ។ លោក​បាន​សួរ​ខ្លួន​ឯង​ថា « តើ​ក្រុម​នេះ​ ក្រុម​ណា​មួយ​ត្រឹម​ត្រូវ ឬ ពួក​គេ​សុទ្ធ​តែ​ខុស​ទាំង​អស់ ?» « បើ​មាន​ក្រុម​ណា​មួយ​ត្រឹម​ត្រូវ តើ​ក្រុម​មួយ​ណា​ទៅ តើ​ខ្ញុំ​អាច​ដឹង​ដោយ​របៀប​ណា ? » លោក​បាន​ដឹង​ថា លោក​ត្រូវការ​ព្រះគុណ និង​សេចក្តីមេត្តាករុណា​របស់​ព្រះគ្រីស្ទ ប៉ុន្តែ​ដោយសារ​ជម្លោះ​រវាង​មនុស្ស និង​ព្រះវិហារ​ជា​ច្រើន​ស្តីពី​ចម្ងល់​ខាង​សាសនា នោះ​លោក​ពុំ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ស្វែងរក​វា​ឡើយ ។២៥

ក្តីសង្ឃឹម​ដែល​លោក​អាច​រកឃើញ​ចម្លើយ—និង​ភាពសុខសាន្ត​សម្រាប់​ព្រលឹង​លោក—ហាក់​ដូចជា​រអិល​ចេញ​ឆ្ងាយ​ពី​លោក ។ លោក​បាន​ឆ្ងល់​ថា តើ​មនុស្សម្នាក់​អាច​រកឃើញ​សេចក្តីពិត​នៅក្នុង​ភាពច្របូកច្របល់​ដ៏​ខ្លាំង​បែប​នេះ​យ៉ាង​ដូចម្តេច​ទៅ ។២៦


អំឡុងពេល​ចូលរួម​ក្នុង​ទេសនាកថា​មួយ យ៉ូសែប បាន​ឮ​ពួក​អាចារ្យ​ដកស្រង់​ខគម្ពីរ​ចេញ​ពី​ជំពូក​ទីមួយ​នៃ​គម្ពីរ​យ៉ាកុប​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ លោក​បាន​ថ្លែង​ថា « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា និងឥត​បន្ទោស​ផង » ។២៧

យ៉ូសែប​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​មើល​បទគម្ពីរ​នោះ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ក្រោយ​មក​លោកចងចាំ​ថា ៖ « ពុំ​ដែល​មាន​បទគម្ពីរ​ណា​មួយ ដែល​មាន​ប្រសិទ្ធភាព​ទៅ​លើ​ចិត្ត​មនុស្ស ដូចជា​បទគម្ពីរ​នេះ​មាន​ប្រសិទ្ធភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ ។ » « វា​ហាក់បី​ដូច​ជា​ចូល​មក​ពេញ​ដួងចិត្ត​ខ្ញុំ​ដោយ​ឥទ្ធិពល​ដ៏​មហិមា ។ ខ្ញុំ​បាន​គិត​ពិចារណា​អំពី​បទ​គម្ពីរ​នេះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ដឹង​ថា បើ​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​ការ​ប្រាជ្ញា​ពី​ព្រះ គឺ​រូប​ខ្ញុំ​នេះ​ហើយ » ។ លោក​បាន​ស្រាវជ្រាវ​ព្រះគម្ពីរ​ប៊ីប​ពីមុន ហាក់​ដូច​ជា​វា​មាន​ចម្លើយ​ទាំង​អស់ ។ ប៉ុន្តែ​ឥឡូវ​នេះ​ព្រះគម្ពីរ​ប៊ីប​កំពុង​ប្រាប់​លោក​ថា លោក​អាច​ទាក់ទង​ទៅ​កាន់​ព្រះ​ផ្ទាល់ ដើម្បី​ដឹង​ពី​ចម្លើយ​​ទៅ​នឹង​សំណួរ​របស់​លោក​ផ្ទាល់ ។

យ៉ូសែប​បាន​សម្រេច​ចិត្ត​អធិស្ឋាន ។ លោក​ពុំ​ធ្លាប់​អធិស្ឋាន​ឮៗ​ពីមុន​ឡើយ ប៉ុន្តែ​លោក​បាន​ទុកចិត្ត​លើ​ការសន្យា​ពី​ព្រះគម្ពីរ​ប៊ីប ។ ខគម្ពីរ​នោះ​បាន​បង្រៀន​ថា « សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ » ។២៨ ព្រះ​នឹង​ព្រះសណ្តាប់​សំណួរ​របស់​លោក—ទោះបី​លោក​សួរ​សំណួរ​ទាំង​នោះ​ចម្លែក​បន្តិច​ក្តី ។

កំណត់​ចំណាំ

  1. Raffles « Narrative of the Effects of the Eruption » ទំព័រ ៤–៥, ១៩, ២៣–២៤ ។

  2. Raffles « Narrative of the Effects of the Eruption » ទំព័រ ៥, ៧-៨, ១១ ។

  3. Wood Tambora ទំព័រ ៩៧ ។

  4. Wood Tambora ទំព័រ ៧៨–១២០ Statham Indian Recollections ទំព័រ ២១៤ Klingaman and Klingaman Year without Summer ទំព័រ ១១៦–១៨ ។

  5. Wood Tambora, ទំព័រ ៨១–១០៩ Klingaman and Klingaman Year without Summer ទំព័រ ៧៦–៨៦, ១១៥–២០ ។

  6. Klingaman and Klingaman Year without Summer ទំព័រ ៤៨–៥០, ១៩៤–២០៣ ។

  7. យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣៨–៥៦, ភាគ A-1 ទំព័រ ១៣១; ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ២ [១១]–សៀវភៅ ៣ [២] ។ ប្រធានបទ ៖Joseph Smith’s Leg Surgery

  8. ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [៣]; Stilwell Migration from Vermont ទំព័រ ១២៤–៥០ ។

  9. ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [៤]; Bushman Rough Stone Rolling ទំព័រ ១៨-១៩, ២៥–២៨ ។ ប្រធានបទ ៖Joseph Sr. and Lucy Mack Smith Family

  10. ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [៥]; យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣៨–៥៦ ភាគ A-1 ទំព័រ ១៣១–៣២ ។

  11. ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [២]; យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣៨–៥៦ ភាគ A-1 ទំព័រ ១៣១ ។

  12. ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [៥]–[៦]; ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៥ ទំព័រ ៦៧; យ៉ូសែប ស្ម៊ីធ ប្រវត្តិ ១៨៣៨–៥៦ ភាគ A-1 ទំព័រ ១៣២ ។ ប្រធានបទ ៖Lucy Mack Smith

  13. ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [៦]–[៧] ។

  14. ប្រវត្តិ លូស៊ី ម៉ាក់ ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [៧]; Tucker Origin, Rise, and Progress of Mormonism ទំព័រ ១២ ។ ប្រធានបទ ៖Joseph Sr. and Lucy Mack Smith Family

  15. Cook Palmyra and Vicinityទំព័រ ២៤៧–៦១ ។ ប្រធានបទ ៖Palmyra and Manchester;Christian Churches in Joseph Smith’s Day

  16. យ៉ូសែប ស្ម៊ីធ ប្រវត្តិ circa Summer ឆ្នាំ ១៨៣២ ទំព័រ ១–២នៅក្នុង យ៉ូសែប ស្ម៊ីធ ប្រវត្តិ ១:១១–១២ ។

  17. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–៦, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ឆ្នាំ​១៨៣៨–៥៦ វ៉ុល A-១ ទំព័រ [១]–២ នៅ​ក្នុង JSP, ប្រវត្តិ១:២០៨–១០ (សេចក្ដីព្រាង ២) ។ ប្រធានបទ៖Religious Beliefs in Joseph Smith’s Day

  18. ប្រវត្តិ លូស៊ី ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ២ [១]–[៦] « Records of the Session of the Presbyterian Church in Palmyra » ថ្ងៃ​ទី ១០ ខែ មិនា ឆ្នាំ ១៨៣០ ។

  19. Asael Smith to « My Dear Selfs » ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៧៩៩ Asael Smith, Letter and Genealogy Record ឆ្នាំ ១៧៩៩ circa ឆ្នាំ ១៨១៧–៤៦ បណ្ណាល័យ​ប្រវត្តិ​សាស្រ្ត​សាសនា​ចក្រ ។

  20. ប្រវត្តិ លូស៊ី ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ​ចងក្រង​ដោយ​អ្នកនិពន្ធ​ខុស​គ្នា [៥]Anderson Joseph Smith’s New England Heritageទំព័រ ១៦១–៦២ ។

  21. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១០; យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣៨–៥៦, ភាគ A-1, ទំព័រ ២ នៅក្នុង JSPប្រវត្តិ១:២០៨–១០ ( សេចក្ដី​ព្រាង ២ ) ។ ប្រធានបទ ៖Religious Beliefs in Joseph Smith’s Day

  22. ប្រវត្តិ លូស៊ី ម៉ាក់ស្ម៊ីធ ឆ្នាំ ១៨៤៤–៤៥, សៀវភៅ ៣ [៨]–[១០]យ៉ូសែប ស្ម៊ីធ ប្រវត្តិ circa Summer ឆ្នាំ ១៨៣២ ទំព័រ ១ នៅក្នុង JSP,H១:១១ ។ ប្រធានបទ ៖Sacred Grove and Smith Family Farm

  23. ប្រធានបទ ៖Awakenings and Revivals

  24. កិច្ចការ ១០:៣៤–៣៥; យ៉ូសែប ស្ម៊ីធ ប្រវត្តិ circa Summer ឆ្នាំ ១៨៣២ ទំព័រ ២ នៅក្នុង JSP ប្រវត្តិ ១:១២ ។

  25. ទិនានុប្បវិត្ Neibaur​ ថ្ងៃទី ២៤ ខែ​ ឧសភា ឆ្នាំ ១៨៤៤, មាន​នៅ josephsmithpapers.org; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០; យ៉ូសែប ស្ម៊ីធ «ប្រវត្តិ​សាសនា​ចក្រ,» ពេលវេលា និង​រដូវ​កាល ថ្ងៃទី ១ ខែ មីនា ឆ្នាំ ១៨៤២, ៣:៧០៦ នៅ​ក្នុង JSP, ប្រវត្តិ ១:៤៩៤ ។

  26. ទិន្នានុប្បវត្តិ យ៉ូសែប ស្ម៊ីធ ថ្ងៃ ៩–១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣៥ នៅក្នុង យ៉ូសែប ស្ម៊ីធកំណត់ហេតុ១:៨៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–៩ យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ២ នៅក្នុង JSPប្រវត្តិ១:២១០ ( សេចក្ដី​ព្រាង ២ ) ។

  27. « Wm. B. Smith’s Last Statement » Zion’s Ensignថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ១៨៩៤ ទំព័រ ៦ យ៉ាកុប ១:៥ ។

  28. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៤; យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣៨–៥៦ វ៉ុល A-១, ទំព័រ ២–៣, នៅ​ក្នុង JSP, ប្រវត្តិ១:២១០–១២ ( សេចក្តី​ព្រាង​ ២ ); យ៉ាកុប ១:៦ ។