២០១៩
ដូច​ព្រះអង្គ​សង្គ្រោះ ៖ ការរីក​ចម្រើន​នៅក្នុង​ចំណុច​សំខាន់​បួន
ខែ មករា ឆ្នាំ ២០១៩


ដូច​ព្រះអង្គ​សង្គ្រោះ ៖ ការរីក​ចម្រើន​នៅក្នុង​ចំណុច​សំខាន់​បួន

យើង​ពុំ​ដឹង​ច្រើន​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ចម្រើន​វ័យ​ធំ​ឡើង​ឡើយ ប៉ុន្តែ លូកា ២:៥២ ផ្តល់​តម្រុយ​ដ៏​ធំ​ដល់​យើង ។

រូបភាព
woman rappelling

រូបថត​ស្ត្រី​លោត​ចុះ​តាម​ជម្រាល​ភ្នំ​មក​ពី Getty Images

« ដូច្នេះ ខ្ញុំ​នឹង … ធ្វើ​អ្វី ? »

ខ្ញុំ​បាន​ស្តាប់ ។ ខ្ញុំ​ពិត​ជា​បាន​ស្តាប់មែន ។ គ្រូបង្វឹក​បាន​ពិនិត្យ​មើល​ខ្សែ​ចង​ចុះ​ចំណោត​របស់​ខ្ញុំ បាន​បង្ហាញ​ខ្ញុំ​យ៉ាង​ច្បាស់​លាស់​អំពី​របៀប​ស្រាយ​ខ្សែ​នោះ ហើយ​ថែមទាំង​មើល​ចំ​កែវ​ភ្នែក​របស់​ខ្ញុំ ហើយ​និយាយ​ថា « ខ្ញុំ​នឹង មិន ឲ្យ​អ្នក​ធ្លាក់​ឡើយ ! »

ប៉ុន្តែ​នៅ​គ្រា​ដ៏​ចាំបាច់​នោះ ខ្ញុំ​បាន​ឈរ​នៅ​ទីនោះ ៖ ញីញ័រ ហើយ​បែកញើស​ជោក​ខ្លួន ពេល​ខ្ញុំ​មើល​ទៅលើ​ស្មា និង​ខាង​ក្រោម​ខ្លួន​ខ្ញុំ … មើល​ចុះ​ទៅ​ឆ្ងាយ ដោយដឹង​ថា ខ្ញុំ​ត្រូវតែ​ធ្វើ​ជំហាន​ដំបូង​នោះ ។

លោត​ចុះ​តាម​ជម្រាល​ភ្នំ ។

ឥឡូវ​នេះ អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ស្ថិត​នៅក្នុង​ស្ថានភាព​ដូច​ខ្ញុំ​ឡើយ គឺ​ការហៀប​នឹង​ឈាន​ជើង​លោត​ចុះ​តាម​ជម្រាល​ភ្នំ​ដោយ​សង្ឃឹម​ថា អ្នក​បាន​រៀបចំ​ខ្លួន​គ្រប់គ្រាន់​ដើម្បី​លោត​ចុះ​ពី​លើ​ទៅ​ក្រោម​តាម​ជម្រាល​ភ្នំ​ដោយ​សុវត្ថិភាព ។ ប៉ុន្តែ​អ្នក​ហាក់ដូចជា​ជួប​បទពិសោធន៍​នោះ​នៅ​ក្នុង​ស្ថានភាព​ខាង​វិញ្ញាណ ។ អ្នក​ដឹង​ទេ ពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង និង​ពេល​អ្នក​បាន​ស្តាប់​គ្រូបង្រៀន​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​ពិត ។ អ្នក​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​អញ្ជើញ​អ្នក​ឲ្យ​អនុវត្ត​ក្នុង​របៀប​នានា​ដែល នឹង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ ។ អ្នក​មាន​ចិត្ត​រំភើប​ដើម្បី​ធ្វើ​កិច្ចការ​នេះ ហើយ​បង្ហាញ​ព្រះអម្ចាស់​ថា អ្នក​មាន​ការតាំងចិត្ត​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ដំណឹង​ល្អ​របស់​ទ្រង់ ។

បន្ទាប់​មក​អ្នក​គិតថា « តើ​ខ្ញុំ​ធ្វើ​កិច្ចការ​នោះ​ដោយ​របៀប​ណា ? »

ហើយ​អ្វី​ដែល​ទំនង​ដូចជា​ច្បាស់លាស់ និង​អាច​ធ្វើ​ទៅ​បាន​កាល​ពី​គ្រា​មួយ​ភ្លែត​មុន​នេះ​ទើប​តែ​បាន​កន្លង​ផុត​ទៅ​ហើយ​នោះ ។ អ្នក​កំពុង​ឈរ​នៅ​គែម​នៃ​ជម្រាល​ភ្នំ​ខាង​វិញ្ញាណ ដោយ​ពុំ​ប្រាកដ​ចិត្ត​ថា តើ​អ្នក​មាន​ឧបករណ៍ ឬ​មាន​ការរៀបចំ​ត្រឹមត្រូវ​ដើម្បី​អនុវត្ត​តាម​សេចក្តីពិត​ដែល​អ្នក​បាន​ទទួល​នោះ​ឬ​ទេ ។

ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ៖ តើ​អ្នក ធ្វើ​វា ដោយ​របៀប​ណា ?

សូម​ចាប់ផ្តើម​ពី​ដើម​គ្រា

ព្រះអង្គសង្គ្រោះ​បាន​ចាប់ផ្តើម​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ដូច​អ្នក និង​ខ្ញុំ​ផងដែរ ៖ គឺជា​ទារក​មួយ ។ ហើយ​ទីបំផុត ដូចជា​យើង​ដែរ ព្រះយេស៊ូវ​បាន​ចាប់ផ្តើម​ធំឡើង ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:១១–១៧ ) ។ ទ្រង់​បាន​រៀន​របៀប​ដើម្បី​ដើរ និយាយ និង​សើច ។ ទ្រង់​បាន​រៀន​របៀប​ដើម្បី​ធ្វើការ អាន និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស ។

ប្រាកដ​ណាស់ របៀប​ដែល​ព្រះអម្ចាស់ « ចម្រើន​វ័យ​ធំ​ឡើង » គឺ​ត្រូវបាន​កត់ត្រា​នៅក្នុង លូកា ២:៥២ ៖ « ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ។

ប្រសិនបើ​យើង​ចង់​ក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ នោះ​យើង​ត្រូវ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។

ដូច្នេះ ចូរ​មើល​លំនាំ​នេះ ហើយ​រកមើល​ខ្លួន​យើង​អំពី​របៀប​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ជា​រឿង អាច ធ្វើ​ទៅ​បាន !

« ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង »

ព្រះ​បង្កើត​គំនិត​របស់​យើង​ឲ្យ​មាន​លទ្ធភាព​ដ៏​អស្ចារ្យ​មួយ ដើម្បី​វាយតម្លៃ ដំណើរការ និង​អនុវត្ត​ចំណេះ​ដឹង ។ សេចក្តីពិត ការគណនា ជំនាញ ដំណើរការ​នានា—ព័ត៌មាន​ជា​ច្រើន​ដែល​យើង​អាច​ប្រមូល​បាន​គឺ​ស្ទើរតែ​គ្មាន​កំណត់ !

ប៉ុន្តែ​ដូច​ព្រះអង្គសង្គ្រោះ​ដែរ យើង​ស្វែងរក ប្រាជ្ញា រឹត​តែ​ច្រើន​ឡើង ពុំមែន​គ្រាន់តែ​ព័ត៌មាន​នោះ​ទេ ។ ប្រាជ្ញា​អាច​ប្រើ​ព័ត៌មាន​ដោយ​ត្រឹមត្រូវ យល់​ជម្រើស​របស់​យើង ហើយ​ធ្វើការ​សម្រេច​ចិត្ត​បាន​ល្អ ។

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ( ១៨៦២–១៩៣៣ ) បាន​បង្រៀន​ថា « ការប្រើប្រាស់​ចំណេះ​ដឹង​ត្រឹមត្រូវ​បង្កើត​ឲ្យ​មាន​ប្រាជ្ញា » ។ លោក​ក៏​បាន​ពន្យល់​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ទទួល​ប្រាជ្ញា​ផងដែរ ៖ « ទ្រង់​បាន​ប្រមូល​ចំណេះ​ដឹង​តាមរយៈ​ការសិក្សា និង​ទទួល​បាន​ប្រាជ្ញា​តាមរយៈ​ការអធិស្ឋាន ការគិត និង​កិច្ច​ខិតខំ » ។ អាលម៉ា​បាន​បង្រៀន​ហេលេមិន​កូន​ប្រុស​របស់​លោក​ថា « ចូរ​ចងចាំ ហើយ​ឲ្យ​ចេះ​មាន ប្រាជ្ញា នៅ​ក្នុង​យុវវ័យ​របស់​កូន​ចុះ មែន​ហើយ ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន​ឲ្យ​ចេះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » ( អាលម៉ា ៣៧:៣៥ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។ សូម​គិត​អំពី​រឿង​នេះ ៖ សេចក្តីជំនឿ សិក្សា និង​ការគោរព​ប្រតិបត្តិ​ពង្រីក​សមត្ថភាព​របស់​យើង​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង និង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង !

« កាន់​តែ​ធំ »

នីហ្វៃ​មាន​មាឌ​ធំ ហើយ​ខ្លាំង ។ លោក​គឺ​ជា​មនុស្ស​ដែល​ព្រះគម្ពីរ​ហៅ​ថា « មាន​មាឌ​ធំ » ( នីហ្វៃ​ទី ១ ២:១៦ ) ។ ខ្ញុំ​ពុំ​មាន​មាឌ​ធំ​ឡើយ ។ មាឌ​របស់​នីហ្វៃ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​សម្រេច​បាន​នូវ​សកម្មភាព​ផ្សេង​ជាង​មាឌ​របស់​ខ្ញុំ ដោយសារ​ព្រះអម្ចាស់​មាន​កិច្ចការ​ផ្សេង​សម្រាប់​នីហ្វៃ ។ នីហ្វៃ​បាន​សង់​សំពៅ ស្វែងរក​អាហារ​សម្រាប់​គ្រួសារ​លោក ហើយ​ជួយ​ពួកគេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីរហោស្ថាន ។

រូបកាយ​របស់​យើង​មាន​នូវ​អ្វី​ដែល​យើង​ត្រូវការ ដើម្បី​រស់នៅ ហើយ​រីករាយ​នឹង​ជីវិត​រមែង​ស្លាប់ ។ ដោយសារ​ការរៀបចំ​របស់​ព្រះ ទារក​ដែល​ទើប​នឹង​កើត​នឹង​កាន់តែ​ធំ​បន្តិច​ម្តងៗ ។ យើង​ពុំ​ចាំបាច់​អភិវឌ្ឍ​សរីរាង្គ ឬ​ដៃជើង​បន្ថែម​ទៀត ពេលយើង​ចាស់​ទៅ​នោះ​ទេ—ធាតុ​ទាំង​នោះ​បាន​បង្កើត​រួច​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​រូបកាយ​របស់​យើង ។ ពុំ​តម្រូវ​ឲ្យ​មាន​ការដាក់​ផ្គុំ​អ្វី​ទៀត​ឡើយ ! ប៉ុន្តែ​ដើម្បី​ឲ្យ​យើង​បម្រើ​ព្រះ និង​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង នោះ​យើង​ត្រូវ​រក្សា​សុខភាព​រូបកាយ​របស់​យើង ។

រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ ឬ​ជា​ផ្ទះ ដែល​បាន​បង្កើត​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​វិញ្ញាណ​របស់​យើង ( សូមមើល កូរិនថូស​ទី ១ ៣:១៦–១៧; ៦:១៩–២០ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អ្វី​ក៏​ដោយ​ដែល​ជា​អំណោយទាន​ពី​ធម្មជាតិ នោះ​រូបកាយ​របស់​អ្នក​គឺជា​ការបង្កើត​ដ៏​សំខាន់​របស់​ព្រះ ។ វា​ជា​រោង​ឧបោសថ​របស់​សាច់​ឈាម—ព្រះវិហារ​បរិសុទ្ធ​សម្រាប់​វិញ្ញាណ​អ្នក » ។

រូបកាយ​របស់​យើង​អាច​ជួប​នឹង​ឧបសគ្គ​រូបកាយ​ធ្ងន់ធ្ងរ ពិការភាព និង​ការ​ឈឺ​ចាប់ ដោយសារ​យើង​មាន​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ប៉ុន្តែ​ព្រះវរបិតាសួគ៌​បង្កើត​រូបកាយ​របស់យើង​យ៉ាង​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្រេច​បាននូវ​ឱកាស​ដ៏​មាន​ជោគជ័យ​នៅក្នុង​ជីវិត​យើង ។

រូបភាព
young man at the top of mountain

« កើន​នូវ​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុមនៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « សេចក្ដី​ពិត ដ៏​ធំ​បំផុត​ដំបូង​គេ​នៃ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​នោះ​គឺ​ថា ព្រះ​ស្រឡាញ់ យើង ដោយ​អស់​ពី​ព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និង​ព្រះចេស្ដា របស់​ទ្រង់ » ។

ព្រះ​ស្រឡាញ់ អ្នក ។ សូម្បី​តែ​នៅពេល​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​ល្អ​បំផុត​ក្តី ទ្រង់​ស្រឡាញ់ អ្នក—ដោយ​អស់​ពី​កម្លាំង ភាពទន់ខ្សោយ ចម្ងល់ និង​សេចក្តីសង្ឃឹម​របស់​អ្នក ។ ដូច្នេះ​តើ​អ្នក « កើន​នូវ​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ដោយ​របៀប​ណា ? អ្នក​បង្ហាញ​ទ្រង់​ថា អ្នក​ស្រឡាញ់​ទ្រង់​វិញ !

មាន​គ្រា​មួយ​នោះ ព្រះយេស៊ូវ​បាន​ប្រាប់​ពួកសិស្ស​ទ្រង់​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ ការគោរព​ប្រតិបត្តិ​របស់​អ្នក​បង្ហាញ​សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ ។ ឆន្ទៈ​របស់​អ្នក​ដើម្បី​គោរព​ប្រតិបត្តិ​ក្នុង​សកម្មភាព​តិចតួច​ប្រចាំ​ថ្ងៃ អាច​រៀបចំ​អ្នក​ឲ្យ​ឆ្លើយ​តប ហើយ​សម្រេច​បាន​នូវ​រឿង​កាន់តែ​ប្រសើរ​ឡើង នៅពេល​ការអញ្ជើញ​របស់​ទ្រង់​មាន​ឡើង​នៅពេល​អនាគត ។

« កើន​នូវ​ទី​គាប់ចិត្ត​មនុស្ស »

គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ! ការមាន​អ្នក​តាម​អ្នក​ច្រើន​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពុំ មែន​មាន​ន័យ​ថា អ្នក « កើន​នូវ​ទី​គាប់ចិត្ត​មនុស្ស » ទេ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​នូវ​របៀប​មួយ​ផ្សេង​អំពី​ការជះ​ឥទ្ធិពល​ដល់​មនុស្ស​ដទៃ—និង​អ្នក​ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ជះ​ឥទ្ធិពល​លើ​ទ្រង់ ។ ទ្រង់ « យាង​ចុះ​ឡើង​ធ្វើ​ការល្អ » … ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់ » ( កិច្ចការ ១០:៣៨ ) ។

មាន​ម្តង​នោះ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ​មាន​ប្រសាសន៍​ដូច្នេះ « ខ្ញុំ​នៅ​តែ​ចាំ ហាក់​ដូច​វា​ជា​ថ្ងៃ​នេះ​អញ្ចឹង អំពី​មិត្តិភក្តិ​ដែល​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​មាន​សេចក្តីល្អ​តាំង​ពី​យូរ​មក​ហើយ ។ ពួកគេ​បាន​ស្លាប់​អស់​ហើយ ប៉ុន្តែ​អនុស្សាវរីយ៍​នៃ​សេចក្តី​ស្រឡាញ់ គំរូ សេចក្តីជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​នៅ​តែ​លើក​ស្ទួយ​ដល់​ខ្ញុំ » ។

អ្នក​អាច​បង្កើន​នូវ​ឥទ្ធិពល​របស់​អ្នក​តាមរយៈ​ការធ្វើ​ជា​មិត្ត​ម្នាក់​ដែល​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​សម្រាប់​សេចក្តីល្អ ! ដើម្បី​កម្លាំង​នៃ​យុវជន បង្រៀន​អ្នក​អំពី​របៀប ៖ « បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដ៏​ពិតប្រាកដ​ទៅ​ដល់​អ្នក​ដទៃ​ទៀត ចូរ​ញញឹម និង​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា​អ្នក​ខ្វល់ខ្វាយ​ពី​ពួកគេ ។ ចូរ​ប្រព្រឹត្តិ​ជាមួយ​មនុស្ស​គ្រប់​រូប​ដោយ​ការគោរព និង​សុភាពរាបសា ចៀសវាង​ពី​ការកាត់​សេចក្តី និង​ការរិះគន់​អ្នក​ទាំងឡាយ​ដែល​នៅជុំវិញ​អ្នក…ចូរ​ខំ​ធ្វើ​ជា​មិត្តភក្ដិ​នឹង​អ្នក​ទាំងឡាយ​ដែល​មាន​ការអៀន​ខ្មាស ឬ​ឯកោ អ្នក​ដែល​មាន​តម្រូវការ​ពិសេស ឬ​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​បោះបង់​ចោល » ។

សូម​គិត​អំពី​បុគ្គល​ម្នាក់ៗ​នៅពេល​អ្នក​សរសើរ និង​គោរព​ដោយ​ស្មោះ—ចំពោះ​បុគ្គល​ដែល​អ្នក គាប់ចិត្ត ។ តើ​មាន​បុគ្គលិក​លក្ខណៈ​អ្វី​ខ្លះ​ដែល​ពួកគេ​បាន​អភិវឌ្ឍ ដែល​រំឭក​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ដោយសារ​ដូចជា​មិត្ត​ល្អ​របស់​យើង​ដែរ នោះ​មិត្ត​ដ៏​ល្អ​បំផុត​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​គំរូ​របស់​ទ្រង់​គឺ​ជា​បុគ្គល​ម្នាក់​ដែល​យើង​ចង់​ធ្វើ​តាម !

រូបភាព
Jesus sitting with a child

នៅក្នុង​ពន្លឺ​របស់​ទ្រង់ ដោយ ហ្គ្រេក ខេ អុលសិន

អ្វីៗ​ទាំងអស់​មាន​ទំនាក់ទំនង​គ្នា

« ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។ នៅ​ពេល​អ្នក​ធ្វើតាម​លំនាំ​របស់​ព្រះអង្គសង្គ្រោះ​ស្តីពី​ការរីកចម្រើន នោះ​អ្នក​នឹង​រកឃើញ​ថា ធាតុ​ទាំង​នោះ​ធ្វើការ​រួមគ្នា​យ៉ាង​ល្អ​ឥតខ្ចោះ ហើយ​អ្នក នឹង ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។ គំនិត រូបកាយ និង​វិញ្ញាណ​របស់​អ្នក​នឹង​ធ្វើ​ការរួម​គ្នា​សម្រាប់​សេចក្តីល្អ​របស់​អ្នក ហើយ​អ្នក​អាច​នឹង​ផ្តល់​ពរ​ដល់​មនុស្ស​ជាច្រើន ហើយ « បម្រើ [ ព្រះ ] ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង » ! ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ ) ។

កំណត់​ចំណាំ

  1. ជេម អ៊ិ ថាល់មេហ្គ The Articles of Faith 12th បាន​បោះពុម្ព ( ឆ្នាំ ១៩២៤ ) ទំព័រ ៩០ ។

  2. ជេម អ៊ិ ថាល់មេហ្គ Jesus the Christ ( ឆ្នាំ ១៩១៦ ) ទំព័រ ១១២ ។

  3. រ័សុល អិម ណិលសុន « We Are Children of God » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៨៥ ។

  4. ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២៧ ។

  5. ហិនរី ប៊ី អាវរីង « True Friends » Liahona, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ២៩ ។

  6. ដើម្បី​កម្លាំង​នៃ​យុវជន ( កូន​សៀវភៅ​ឆ្នាំ ២០១១ ) ទំព័រ ១៦ ។