២០១៩
សាសនាគន់ការី​ធ្លាក់​ពី​លើ​ចុង​ឈើ
ខែ មករា ឆ្នាំ ២០១៩


សាសនាគន់ការី​ធ្លាក់​ពី​លើ​ចុង​ឈើ

យ៉ាមីឡា កាមីណូស ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន

រូបភាព
man sitting in tree

រចនា​ដោយ រ៉ូប៊ើត ក្រហ្វឺត

ចំពោះ​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង​ពីរនាក់​​​ដែល​ផ្សព្វផ្សាយ​​នៅតាម​ដង​ផ្លូវ​នៃ​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន ក្នុង​ឆ្នាំ ១៩៩៥ នោះ​ការសន្យា​ដែល​ពួកគេ​បាន​ទទួល​មក​ពី​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​តំបន់ ដែល​ហាក់ដូចជាចម្លែក ៖ « ប្រសិនបើ​អ្នក​ខិតខំ​ធ្វើការ ហើយ​គោរព​ប្រតិបត្តិ​ទាំងស្រុង នោះ​សាសនាគន់ការី​នឹង​ធ្លាក់​ពី​លើ​ចុង​ឈើ​មក​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក » ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក យើង​បាន​យល់​អំពី​ការសន្យា​នោះ​ ។

ឪពុក​របស់​ខ្ញុំ​កំពុង​កាត់​តម្រឹម​​ដើម​ឈើ​នៅ​តាម​ចិញ្ចឹម​ផ្លូវ​នៅ​ខាងមុខ​ផ្ទះ​របស់​យើង ។ នៅពេល​ដែល​គាត់​បាន​ឡើង​ដើម​ឈើ​នោះ​ដើម្បី​កាត់​តម្រឹម​វា គាត់​បាន​ឃើញយុវជន​ពី​រនាក់​ដើរ​តម្រង់​មក​រក​គាត់​នៅ​តាម​ផ្លូវ ។ នៅពេល​ពួកគេ​ដើរ​កាត់​ក្រោម​ដើម​ឈើ​នោះ គាត់​បាន​ហៅ​ពួកគេ​ពីលើ​ចុង​ឈើ​ដោយ​ប្រើ​ភាសា​អង់គ្លេស ។

ឪពុក​របស់ខ្ញុំ​ពុំ​សូវ​ចេះ​និយាយ​ភាសាអង់គ្លេស​ទេ ប៉ុន្តែ​គាត់​ចេះពីរបីពាក្យ ហើយ​គាត់​ចង់ចេះ​ចង់​ដឹង ។ តើ​យុវជន​ទាំង​ពីរ​នាក់​នោះ​ជា​នរណា ហើយ​ពួកគេ​កំពុងធ្វើអ្វី​នៅក្នុង​ភូមិ​របស់​យើង​នេះ ?

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ឈប់ ហើយឆ្ងល់​ថា សំឡេង​នោះ​បន្លឺ​ចេញ​មក​ពី​ណា ។ បន្ទាប់​មក ឪពុក​របស់​ខ្ញុំ​បាន​ចុះពី​ចុង​ឈើ​នោះ ហើយ​និយាយ​ជាមួយ​ពួកគេ ។ ដោយភ្ញាក់ផ្អើល​ចំពោះ​សារលិខិត និង​អត្តចរិត​របស់ពួកគេ នោះ​គាត់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ផ្ទះ ។

បទពិសោធន៍​របស់​ឪពុក​ខ្ញុំ​កាលពីមុន​ជាមួយ​ផ្នែក​សាសនា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ក្តីអំពល់ ប៉ុន្តែ​សារលិខិត​នៃ​ដំណឹង​ល្អ​ដែល​បានស្តារ​ឡើង​វិញ​នេះ បាន​បំផុសដល់​ចិត្ត​របស់​គាត់ ។ គាត់​បាន​រស់នៅ​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​នានា ហើយ​គាត់​បាន​ដឹង​ថា គាត់​ត្រូវការការផ្លាស់ប្តូរ ។ គាត់​បាន​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​នៅពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​គាត់ ម្តាយ​ខ្ញុំ ជីដូន​របស់​ខ្ញុំ និង​រូប​ខ្ញុំ ។

ខ្ញុំ​មាន​អាយុ​តែ ១១ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​សេចក្តីពិត​ដែល​ពួកគេ​បង្រៀន​ក៏បំផុសគំនិត​ខ្ញុំ—ព្រមទាំង​ម្តាយ និង​ជីដូន​ខ្ញុំ​ដែរ ។ ជា​លទ្ធផល ពួកយើង​ទាំងអស់​គ្នា​បាន​​ជ្រមុជទឹក​នៅ​រយៈពេល​ពីរបីខែ​ក្រោយ​មក គឺ​នៅ​ខែ​កញ្ញា​​ឆ្នាំ ១៩៩៥ ។

មិនយូរ​ប៉ុន្មាន​ក្រោយ​មក គ្រាប់ពូជ​នៃសេចក្តីជំនឿ​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ដាំ​នៅក្នុង​ចិត្ត​របស់យើង ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ការរាប់អាន​មកពី​មិត្តភក្តិ​នៅ​ព្រះវិហារ ក្រៅពី​ការបង្រៀន​ដំណឹងល្អ និង​បទពិសោធន៍​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ​ដ៏រឹងមាំ​របស់​សាសនាចក្រ ។ ដោយសារការស្វាគមន៍​ដ៏កក់ក្តៅ​ដែល​យើង​បាន​ទទួល នោះគ្រាប់ពូជ​នៃ​សេចក្តីជំនឿ​របស់​យើង « ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផល​ផ្លែ​បាន​មួយ​ជា​មួយ​រយ​ភាគ » ( លូកា ៨:៨ ) ។

ផលផ្លែ​នៃ​សេចក្តីជំនឿ​របស់​យើង​ដែល​យើង​រីករាយ​នាពេលបច្ចុប្បន្ន​នេះ—គឺជិត ២៥ ឆ្នាំ​ក្រោយ​មក—រួមទាំងការតាំងចិត្ត​ដ៏​រឹងប៉ឹង​​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បានស្តារ​ឡើង​វិញ ចំពោះពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​​ជីវិត​ដែល​ពេញលេញ និង​រីករាយ​ជាមួយ​នឹង​ជំនាន់​ថ្មី​មួយ​នៃ​សមាជិក​គ្រួសារ​ដែល​រួបរួមគ្នា​អស់កល្ប​ជានិច្ច ។

យើង​នឹង​មាន​អំណរគុណ​ជានិច្ច​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏ស្មោះត្រង់​ទាំង​ពីរ​នាក់​នោះ ដែល​បាន​ដាក់​ការសន្យា​ដ៏​បំផុសគំនិត​​មួយ​ឲ្យ​ទៅ​ជា​ការសាកល្បង ។