២០១៩
ឡ​កម្តៅ​ផ្ទះ​យើង​ដំណើរការ​ដោយសារ​សេចក្តីជំនឿ
ខែ មករា ឆ្នាំ ២០១៩


ឡ​កម្តៅ​ផ្ទះ​យើង​ដំណើរការ​ដោយសារ​សេចក្តីជំនឿ

ល្វីស មែនសៀស រដ្ឋ​តិចសាស ស.រ.អា

រូបភាព
ruler in oil

រចនា​រូបភាព​ដោយ កុប អ៊ីលូស្ត្រេសិន

នៅពេល​ស្វាមី​របស់​ខ្ញុំ​ម៉ាក និង​ខ្ញុំ​បាន​រស់នៅ​ជាមួយ​កូន​តូច​ប្រាំ​នាក់​របស់​យើង​នៅ​ឆ្នេរ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក យើង​បានរស់នៅក្នុង​ផ្ទះ​មួយ​ដែល​មាន​ឡកម្តៅ​ដែល​ប្រើ​ប្រេង ។ ដើម្បី​មើល​កម្រិត​ប្រេង នោះ​យើង​ត្រូវដាក់​កម្រិត​វ៉ាស់​មួយ​នៅ​ក្នុង​ធុង​ប្រេង ។ ហើយ​ប្រសិនបើ​ប្រេង​នោះ​វា​ជិត​អស់ យើង​នឹង​​ទូរសព្ទ​ទៅ​ក្រុមហ៊ុន​ប្រេង​សម្រាប់ឡ​​កម្តៅ​នោះ​ឲ្យ​មក​ចាក់បំពេញ​ធុង​ប្រេង​នោះ ។

នៅ​អំឡុងពេល​រដូវរងា​ដ៏​ខ្លាំង​មួយ​នា​ខែ​មករា យើង​មាន​បញ្ហា​ហិរញ្ញវត្ថុ​កើត​ឡើង ។ ខ្ញុំ​បាន​ធ្វើការ​ក្រៅម៉ោង​នៅពេល​ល្ងាច​នៅ​ហាង​មួយ ដើម្បី​ជួយ​ដល់​ចំណូល​យើង ប៉ុន្តែ​យើង​នៅ​តែ​ពុំ​អាច​បំពេញ​សេចក្តីត្រូវការ​របស់​យើង​ឡើយ ។ ទីបំផុត ខ្ញុំ​បាន​ឈាន​ដល់ការសម្រេច​ចិត្ត​ថា តើត្រូវ​ថ្វាយ​ដង្វាយ​មួយភាគក្នុង​ដប់ ឬ​ត្រូវ​បង់​លុយ​ថ្លៃ​ប្រេង​ ។ យើង​បានវ៉ាស់​កម្រិត​ប្រេង​នោះ ហើយ​វា​បាន​ចុះមក​ដល់​កម្រិត ៥ សង់ទីម៉ែត្រ ។ ចំណុះ​នោះ​អាច​ប្រើបានតែ​មួយ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ។ ប៉ុន្តែ​យើង​សម្រេ​ច​ចិត្ត​ដាក់ទីទុក​ចិត្ត​របស់​យើង​ទៅលើ​ព្រះអម្ចាស់ ហើយ​បាន​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់យើង ។

នៅ​ថ្ងៃ​បន្ទាប់​មក ម៉ាក​បានវ៉ាស់​កម្រិត​ប្រេង​ម្តង​ទៀត ។ វា​នៅតែ​មាន​​ចំណុះ​​ប្រាំ​សង់ទីម៉ែត្រ​ដដែល ។ ម៉ាក​បាន​វាស់​វា​ម្តង​ទៀត​នៅ​ថ្ងៃ​បន្ទាប់​ទៀត ហើយ​វា​នៅ​តែ​មាន​​ចំណុះ​​ប្រាំ​សង់ទីម៉ែត្រ​ដដែល ។ ការដុត​កម្តៅ​នៅតែ​បន្ត ប៉ុន្តែ​កម្រិត​ប្រេង​ពុំ​បាន​ចុះ​ឡើយ ។ ពីរ​ថ្ងៃ​បន្ទាប់​មក កម្រិត​ប្រេង​នោះ​នៅតែ​​មាន​​ចំណុះ​​ប្រាំ​សង់ទីម៉ែត្រ​ដដែល ។ ខ្ញុំ​ចាំពី​ការយំ​ដោយ​អំណរ​ពេល​យប់ កាល​ខ្ញុំ​បាន​ឮ​សំឡេង​ម៉ាស៊ីន​កម្តៅ​បាន​ឆេះ​ឡើង ។ ឡកម្តៅ​របស់យើង​ពុំមែន​ដំណើរការ​ដោយ​ប្រេង​ឡើយ ប៉ុន្តែ​ដំណើរ​ការ​ដោយសារ​សេចក្តីជំនឿ​វិញ ។

ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ស្ត្រី​មេម៉ាយ​ដែល​បាន​ផ្តល់​អាហារ​ដល់​ព្យាការី​អេលីយ៉ា ហើយ​បាន​ឃើញ​ថា « ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ » ( ពង្សាវតារក្សត្រ ទី ១ ១៧:១៦ ) ។ ទីបំផុត នៅពេលដល់​ថ្ងៃ​ត្រូវ​បង់​ប្រាក់​ ម៉ាក​បាន​វ៉ាស់​កម្រិត​ប្រេង​ម្តង​ទៀត ។ លើក​នេះ​វាមាន​​ចំណុះពីរ​សង់ទីម៉ែត្រ​កន្លះ ។ ឥឡូវ​ប្រេង​បានចុះ ប៉ុន្តែ​យើង​មាន​ប្រាក់​ដើម្បី​ចាក់បំពេញ​ធុង​ប្រេង​នោះ ។

គ្រួសារ​របស់​យើង​បាន​សាកល្បង​ការសន្យា​របស់ព្រះ​ដែល​មាន​នៅក្នុង​ម៉ាឡាគី ៣:១០ ៖ « ហើយ​ល្បងល​យើង​ឥឡូវ បើ​យើង​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ។

ជូនចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ​ចំពោះ​ពរជ័យ​ពីការថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់ នោះ​ខ្ញុំ​សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ដើម្បី « ល្បងល​យើង​ឥឡូវ » ។ ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ចាក់​បើក​បង្អួច​ស្ថានសួគ៌ ហើយ​តាមរយៈ​ការគោរព​ប្រតិបត្តិ និង​ភាពស្មោះត្រង់​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ នោះ​យើង​បាន​ពរ​ក្នុង​របៀប​ជា​ច្រើន ។

គ្រួសារ​របស់​យើង​នឹង​ពុំ​ភ្លេច​ឡើយ កាល​ប្រេង​នៃ​ឡ​កម្តៅ​របស់​យើង​ដំណើរ​ការ​ដោយ​សេចក្តីជំនឿ​ជាជាង​ដោយ​ប្រេង ។