២០១៩
ពិធី​សាក្រាម៉ង់ និង​ការប្រែ​ឲ្យ​កាន់តែ​ដូច​ព្រះគ្រីស្ទ
ខែ មករា ឆ្នាំ ២០១៩


ពាក្យ​ចុង​ក្រោយ

ពិធី​សាក្រាម៉ង់ និង​ការប្រែ​ឲ្យ​កាន់តែ​ដូច​ព្រះគ្រីស្ទ

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៧ ។

រូបភាព
The Sacrament and Becoming More Christlike

និមិត្ត​សញ្ញា​នៃ​ពិធីសាក្រាម៉ង់​ក្នុង​ពេល​ទទួល​ទាន​អាហារ​យប់​ចុង​ក្រោយ​របស់​ព្រះអម្ចាស់ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ដើម្បី​សញ្ជឹងគិត ។ នំប៉័ង និង​ទឹក​តំណាង​ឲ្យ​ព្រះកាយ និង​លោហិត​របស់​ទ្រង់​ដែល​ជា​នំប៉័ង​ជីវិត និង​ជា​ទឹក​រស់ ( សូមមើល យ៉ូហាន ៤:១០ ) ដែល​រំឭក​យើង​យ៉ាង​ទន់ភ្លន់​អំពី​តម្លៃ​ដែល​ទ្រង់​បាន​បង់​ថ្លៃ​ក្នុង​ការ​ប្រោសលោះ​យើង ។ នៅពេល​កាច់​នំប៉័ង នោះ​យើង​ចងចាំ​អំពី​ការទម្លុះ​សាច់​របស់​ព្រះអង្គសង្គ្រោះ ។ នៅពេល​យើង​ផឹកទឹក នោះ​យើង​គិត​អំពី​ព្រះលោហិត​ដែល​ទ្រង់​បាន​បង្ហូរ​នៅ សួន​ច្បារ​គែតសេម៉ានី និង​នៅលើ​ឈើ​ឆ្កាង និង​អំណាច​នៃ​ការ​ញែក​ជា​បរិសុទ្ធ ( សូមមើល ម៉ូសេ ៦:៦០ ) ។

ប៉ុន្តែ​ពាក្យ​ប្រៀបធៀប​អំពី​ការ​ទទួលទាន​ព្រះកាយ​របស់​ទ្រង់ ហើយ​ផឹក​លោហិត​របស់​ទ្រង់​មាន​អត្ថន័យ​បន្ថែម ហើយ​ថា​ត្រូវ​ដាក់​គុណសម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះ​គ្រីស្ទ ។ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នំប៉័ង និង​ទឹក​រាល់​សប្ដាហ៍ នោះ​យើង​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ពិចារណា​ថា តើ​យើង​ត្រូវ​តែ​ដាក់​បញ្ចូល​ចរិតលក្ខណៈ​របស់​ទ្រង់ និង​គំរូ​នៃជីវិត​គ្មាន​បាប​របស់​ទ្រង់​មក​ក្នុង​ជីវិត និង​តួអង្គ​របស់​យើង​ឲ្យ​ពេញលេញ​ទាំង​ស្រុង​របៀប​ណា ។ ព្រះយេស៊ូវ​ពុំ​អាច​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​អ្នកដទៃ​បាន​ទេ លុះត្រា​តែ​ទ្រង់​ផ្ទាល់​ពុំ​មាន​អំពើ​បាប ។ ដោយសារ​សេចក្ដីយុត្តិធម៌​ពុំ​បាន​ទាមទារ​អ្វី​ពី​ទ្រង់ នោះ​ទ្រង់​អាច​ប្រគល់​ព្រះអង្គទ្រង់​ជំនួស​យើង ដើម្បី​ធ្វើ​ឲ្យ​សេចក្ដីយុត្តិធម៌​បាន​ស្កប់ស្កល់ បន្ទាប់មក​ប្រទាន​នូវ​ក្ដីមេត្តាករុណា ។ …

ការ​ទទួល​ទាន​ព្រះកាយ ហើយ​ផឹក​លោហិត​របស់​ទ្រង់​មាន​ន័យ​ថា បញ្ឈប់​នូវ​អ្វី​ដែល​ពុំ​ត្រូវ​នឹង​ចរិតលក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ​ក្នុង​ជីវិត​យើង​ចោល ហើយ​យក​អាកប្បកិរិយា​របស់​ទ្រង់​ដាក់​ក្នុង​ខ្លួន​យើង​វិញ ។ នេះ​គឺជា​អត្ថន័យ​ដ៏​ធំ​អំពី​ការ​ប្រែចិត្ត ៖ ពុំ​គ្រាន់តែ​ងាក​ចេញ​ពី​អំពើបាប​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ « ការបែរ​ដួងចិត្ត និង​ឆន្ទៈ​ទៅរក​ព្រះ » ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្ត » ) ។ ព្រះ​នឹង​បង្ហាញ​ដល់​យើង​នូវ​គុណវិបត្តិ និង​ការ​បរាជ័យ​នានា ប៉ុន្តែ​ទ្រង់​ក៏​នឹង​ជួយ​យើង​បង្វែរ​ភាព​ទន់​ខ្សោយ​ទៅ​ជា​ខ្លាំង​ផងដែរ ( សូមមើល អេធើរ ១២:២៧ ) ។ បើ​យើង​សួរ​ដោយ​ស្មោះ​ថា « តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? » ( ម៉ាថាយ ១៩:២០ ) នោះ​ទ្រង់​នឹង​ពុំ​ទុក​ឲ្យ​យើង​សង្ស័យ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ឆ្លើយ​តប​ជា​ប្រយោជន៍​សម្រាប់​សុភមង្គល​របស់​យើង​ដោយ​ក្ដី​ស្រឡាញ់ ។ ហើយ​ទ្រង់​ប្រទាន​ក្ដី​សង្ឃឹម​ដល់​យើង ។