២០១៩
រតនសម្បត្តិ​ដ៏​ល្អ​ឥតខ្ចោះ​ដើម្បី​ចែកចាយ
ខែ មករា ឆ្នាំ ២០១៩


រតនសម្បត្តិ​ដ៏​ល្អ​ឥតខ្ចោះ ដើម្បី​ចែកចាយ

រូបភាព
The Perfect Treasure to Share

គ្រូបង្រៀន​របស់​ឌី​អេហ្គោ​បាន​និយាយ​ថា « ថ្ងៃ​ស្អែក​គឺជា​ថ្ងៃ​ពិសេស​ណាស់ ។ យើង​នឹង​មាន​កម្មវិធី​ការបង្ហាញ និង​ការប្រាប់ ! »

ឌី​អេហ្គោ​បាន​ញញឹម ។ គាត់​ចូលចិត្ត​កម្មវិធី​ការបង្ហាញ និង​ការប្រាប់ ! គាត់​ទន្ទឹង​រង់ចាំ​បង្ហាញ​អ្វី​មួយ​ពិសេស​ដល់​មិត្តភក្តិ​របស់​គាត់ ។

បន្ទាប់​ពី​ចេញ​ពី​រៀន ឌី​អេហ្គោ​បាន​ប្រាប់​ម៉ាក់​អំពី​ដំណឹង​ដ៏​អស្ចារ្យ​នេះ ។

គាត់​បាន​សួរ​ថា « តើ​កូន​គួរ​តែ​យក​អ្វី​ទៅ​បង្ហាញ ? »

ម៉ាក់​គាត់​បាន​និយាយ​ថា « អ្វី​មួយ​ដែល​ពិសេស​ចំពោះ​កូន » ។

« ខ្ញុំ​អាច​យក​ឆ្កែ​ទៅ ! »

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​គិត​ថា យើង​ពុំ​អាច​យក​ឆ្កែ​ទៅ​សាលា​បាន​ទេ ។ ប៉ុន្តែ​មាន​រតន​សម្បត្តិ​ពិសេស​ជាច្រើន​ផ្សេង​ទៀត​ដែល​កូន​អាច​ចែកចាយ​បាន » ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ការតាម​រក​រតនសម្បត្តិ​របស់​ឌី​អេហ្គោ​បាន​ចាប់​ផ្តើម ! គាត់​បាន​រកឃើញ​តុក្កតា​ស្វា​មួយ ។ តើ​គាត់​គួរតែ​យក​វា​ទៅ​ទេ ? ប៉ុន្តែ​ឌី​អេហ្គោ​បាន​បន្ត​ស្វែងរក​មើល​ទៀត ។

គាត់​បាន​រកមើល​នៅ​ខាង​ក្រោយ​កៅអី​នៅ​ផ្ទះ​បាយ ។ គាត់​បាន​មើល​លើ​ធ្នើរ​ដាក់​សៀវភៅ ។ គាត់​ពុំ​បាន​ឈប់​ឡើយ រហូត​ដល់​គាត់​រក​ឃើញ​អ្វី​មួយ​ដែល​ត្រឹមត្រូវ ។

បន្ទាប់​មក​គាត់​បាន​រកមើល​នៅ​ក្បែរ​គ្រែ​របស់​គាត់ ។ គាត់​បាន​រកឃើញ​អ្វី​មួយ​ដ៏​ល្អ​ឥតខ្ចោះ !

ឌី​អេហ្គោ​បាន​រត់​ទៅ​បង្ហាញ​ម៉ាក់ ។ គាត់​បាន​ឱប​រតន​សម្បត្តិ​របស់​គាត់​យ៉ាង​ណែន ។

គាត់​បាន​និយាយ​ថា « ម៉ាក់ ! មើល​នែ៎ ! កូន​បាន​រកឃើញ​វត្ថុ​មួយ​ដ៏​ល្អ​បំផុត » ។

គាត់​បាន​លើក​រូបភាព​តូច​មួយ​ឲ្យ​ម៉ាក់​មើល ។ វា​ជា​រូបភាព​របស់​ព្រះយេស៊ូវ​កាល​ទ្រង់​នៅ​តូច ។ ឌី​អេហ្គោ​មាន​អារម្មណ៍​ល្អ នៅពេល​គាត់​បាន​មើល​ទៅ​រូបភាព​នោះ ។ គាត់​ចង់​ឲ្យ​មិត្ត​របស់​គាត់​នៅ​សាលា​រៀន​មាន​អារម្មណ៍​ល្អ​ដែរ ។

ម៉ាក់​បាន​និយាយ​ថា « នោះ​គឺ​ជា​វត្ថុ​មួយ​ដ៏​ពិសេស​សម្រាប់​កម្មវិធី​ការបង្ហាញ និង​ការប្រាប់ ។ តើ​កូន​នឹង​ប្រាប់​ដល់​សិស្ស​នៅថ្នាក់​កូន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ ? »

គាត់​បាន​និយាយ​ថា « ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​រីករាយ​បាន ។ ដោយ​សារ​ព្រះ​យេស៊ូវ​ស្រឡាញ់​មនុស្ស​គ្រប់​រូប ! »