២០១៩
មូលនិធិ​បេសកកម្ម​ការ៉េម​ទឹក​កក
ខែ មករា ឆ្នាំ ២០១៩


មូលនិធិ​បេសកកម្ម ការ៉េម​ទឹក​កក

អ្នក​និពន្ធ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ឥឡូវ​នេះ​រស់​នៅ​ក្នុង​រដ្ឋ វីជីញ៉ា ស.រ.អា. ។

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » ( យ៉ូហាន ២១:១៧ ) ។

រូបភាព
The Ice-Candy Mission Fund

យ៉ារេឌ​បាន​ដើរ​ពី​ព្រះវិហារ​ទៅ​ផ្ទះ​វិញ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ដ៏​ក្តៅ​ជាមួយ​ម្តាយ និង​ឪពុក​គាត់ ។ គាត់​បាន​គិត​អំពី​មេរៀន​ថ្នាក់​អង្គការបឋម​សិក្សា​របស់​គាត់ ។ ដោយសារ​តែ​គាត់​ពុំ​អាច​ស្ដាប់​ឮ​បាន​ល្អ នោះ​យ៉ារេឌ​បាន​មើល​យ៉ាង​យកចិត្ត​ទុកដាក់​ទៅលើ​រូបភាព​ដែល​គ្រូបង្រៀន​របស់​គាត់​បង្ហាញ និង​អក្សរ​ដែល​គ្រូបង្រៀន​បាន​សរសេរ​នៅ​លើ​ក្តារខៀន ។

នៅ​ថ្ងៃនោះ​ពួកគេ​បាន​រៀន​ថា ព្រះយេស៊ូវ​បាន​សូម​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ យ៉ារេឌ​បាន​ឆ្ងល់​ថា តើ​គាត់​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ដូច​ព្រះយេស៊ូវ​បាន​សុំ​ឲ្យ​ធ្វើ ។ គាត់​ដឹង​ថា គាត់​មិន​អាច​បម្រើ​បេសកកម្ម​បាន​នៅ​ឡើយ​ទេ ។ ក្រោយ​មក គាត់​មាន​គំនិត​ដ៏​អស្ចារ្យ​មួយ ។ ប្រហែល​ជា​គាត់​អាច​ចាប់ផ្តើម​សន្សំ​ប្រាក់​សម្រាប់​បេសកកម្ម !

ពេល​គាត់​ទៅ​ដល់​ផ្ទះ យ៉ារេឌ​បាន​រត់​កាត់​សត្វ​ពពែ​ចិញ្ចឹម​ដែល​មាន​ពណ៌​ត្នោត​របស់​គាត់ ហើយ​ចូលទៅ​ក្នុង​ផ្ទះ ។ គាត់​បាន​យក​ក្រឡ​ជ័រ​ធំ​មួយ ហើយ​គាត់​បាន​ចោះ​រន្ធ​មួយ​នៅ​ខាង​លើ​វា​ដោយ​ប្រុង​ប្រយ័ត្ន ។ គាត់​បាន​សរសេរ​ថា « មូលនិធិ​បេសកកម្ម » នៅ​ខាង​កៀនៗ ។ បន្ទាប់​មក គាត់​បាន​ទៅ​បន្ទប់​របស់​គាត់ ហើយ​យក​ប្រាក់​គាត់​ពី​ក្រោម​គ្រែ ។ គាត់​បាន​ទម្លាក់​កាក់​ប្រាក់​នោះ​ម្តង​មួយៗ ។ ប៉ុន្តែ​កាក់​ប្រាក់​ទាំងអស់​របស់​គាត់​ពុំ​ពេញ​បាត​ក្រឡ​នោះ​ទេ ។ តើ​គាត់​អាច​រក​ប្រាក់​បន្ថែម​ទៀត​តាម​របៀប​ណា ?

យ៉ារេឌ​បាន​គិត​ហើយ​គិត​ទៀត ។ គាត់​បាន​ក្រឡេក​មើល​ទៅពន្លឺ​ព្រះអាទិត្យ​នៅ​ក្រៅ​បង្អួច ។ វា​មាន​អាកាស​ធាតុ​ក្តៅ​ណាស់​នៅ​ប្រទេស​ហ្វីលីពីន ។ យ៉ារេឌ និង​មិត្ត​របស់​គាត់​បាន​ញ៉ាំ​ការ៉េម​ទឹក​កក​រសជាតិ​ដូង​ស្ទើរតែ​រៀងរាល់​រសៀល​ក្រោយ​ចេញ​ពី​សាលា​រៀន ។ គាត់​បាន​គិត​ថា « នោះ​ហើយ​ជា​របៀប​រក​ប្រាក់ ! » ប្រហែល​ជា​គាត់​អាច​ធ្វើ​ការ៉េម​ទឹកកក ហើយ​លក់​វា​ឲ្យ​មនុស្ស​ដទៃ​ទៀត​ដែល​ចង់​ត្រជាក់ ។

យ៉ារេឌ​បាន​រត់​ទៅ​រក​ម្តាយ ។ យ៉ារេឌ​បាន​ធ្វើ​កាយវិការ « តើ​ម៉ាក់​អាច​បង្ហាញ​កូន​អំពី​របៀប​ធ្វើ​ការ៉េម​ទឹកកក​បាន​ទេ ? » ។ ពួកគេ​បាន​ប្រើ​កាយវិការ កាយវិការ​គឺជា​ភាសា​មួយ​ដែល​អ្នក​និយាយ​ជាមួយ​ដោយ​ប្រើ​ដៃ​របស់​អ្នក ។ ម៉ាក់​បាន​ញញឹម ហើយ​ងក់​ក្បាល ។

នៅ​ថ្ងៃ​បន្ទាប់ យ៉ារេឌ និង​ម៉ាក់​បាន​ដើរ​ទៅ​ផ្សារ​ធំ​មួយ ហើយ​បាន​ទិញ​គ្រឿង​គ្រៅ​ទាំងអស់ ។ ពេល​ពួកគេ​ទៅ​ដល់​ផ្ទះ​វិញ យ៉ារេឌ​បាន​ដក​យក​ចាន​គោម​ធំ​មួយ ហើយ​លាយ​ខ្ទិះ​ដូង ទឹក​ដោះគោ​ខាប់ វ៉ាន់នីឡា និង​ចំណិត​ដូង​ជាមួយ​គ្នា ។ ម្តាយ និង​យ៉ារេឌ​បាន​ប្រើ​ជី​ឡាវ​ដើម្បី​ចាក់​ល្បាយ​ដែល​បាន​លាយ​នោះ​ទៅក្នុង​ថង់​តូចៗ ។ ពួកគេ​បាន​ដាក់​ថង់​ទាំង​នោះ​ចូល​ទៅ​ក្នុង​ទូរ​ទឹក​កក ។ ម៉ាក់​បាន​ធ្វើ​កាយវិការ « អស្ចារ្យ​ណាស់ ! » ។

ការ៉េម​ទឹក​កក​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​កក ។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​មក​ពី​សាលា​វិញ ការ៉េម​បាន​កក ! យ៉ារេឌ​បាន​ឡើង​លើ​កៅអី ហើយ​បាន​យក​ធុង​ទឹកកក​ពណ៌​ស​ពី​លើ​ដំបូល​ទូរ​ទឹក​កក ។ គាត់​បាន​ដាក់​ក្រដាស​មួយ​ចំនួន​នៅបាត​ធុង​ទឹកកក​នោះ ហើយ​តម្រៀប​ការ៉េម​នៅ​ពី​លើ​វា ។ គាត់​ទន្ទឹង​រង់ចាំ​ដើម្បី​លក់​វា ។

យ៉ារេឌ​បាន​រត់​ចេញ​ទៅ​ផ្លូវ​ដែល​មាន​ដីហុយ ។ មិត្ត​របស់​គាត់​កំពុង​លេង​ខ្លែង​ដែល​ពួកគេ​ធ្វើ និង​លេង​គប់​កំប៉ុង​ដោយ​ស្បែក​ជើង​ផ្ទាត់ ។

នៅ​ចិញ្ចើម​ផ្លូវ​នោះ គាត់​បាន​រៀបតុ​មួយ​ដោយ​ដាក់​ស្លាក​ថា « ការ៉េម​ទឹក​កក ១ ថ្លៃ ៥ ប៉េសូ » ។ មិត្ត​របស់​គាត់​ឈ្មោះ​ចូណែល​បាន​រត់​មក ហើយ​ចង្អុល​ទៅ​ធុង​ទឹក​កក​នោះ ។ គាត់​បាន​ឲ្យ​កាក់​ប្រាក់ ៥ ប៉េសូ​ទៅ​យ៉ារេឌ ហើយ​យ៉ារេឌ​បាន​ឲ្យ​ការ៉េម​ខ្លះ​ទៅ​គាត់ ។ ពួកគេ​បាន​លើក​ដៃ​ហាយ​ហ្វាយ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មិត្ត​ភក្តិ​ជាច្រើន​ទៀត​របស់​យ៉ារេឌ​បាន​មក​ទិញ​ការ៉េម​នោះ​ដែរ ។ ពីរបី​ម៉ោង​ក្រោយ​មក ពេល​ម៉ាក់​បាន​ហៅ​យ៉ារេឌ​ញ៉ាំ​អាហារ​ពេល​ល្ងាច នោះ​នៅសល់​ការ៉េម​តែ​ពីរ​បី​ថង់​ប៉ុណ្ណោះ ។

យ៉ារេឌ​បាន​លើក​ធុង​ទឹកកក​ដែល​ជិត​អស់​ការ៉េម​នោះ និង​កាក់​ប្រាក់ ។ នៅ​ក្នុង​ហោប៉ៅ​មួយ​របស់​គាត់ គាត់​បាន​ដាក់​កាក់​ប្រាក់​មួយ​ចំនួន​សម្រាប់​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់ ។ គាត់​បាន​ដាក់​កាក់​ប្រាក់​ដែល​នៅ​សល់ង​ទៅ​ក្នុង​ហោ​ប៉ៅ​ម្ខាង​ទៀត​របស់​គាត់ ។ គាត់​ទន្ទឹង​រង់ចាំ​ឃើញ​ធនាគារ​មូលនិធិ​បេសកកម្ម​របស់​គាត់​ពេញ ។

នៅ​ផ្ទះ គាត់​បាន​ទម្លាក់​កាក់​ប្រាក់​មូលនិធិ​បេសកកម្ម​របស់​គាត់​លើ​គំនរ​កាក់​ប្រាក់​នៅ​បាត​ក្រឡ​នោះ ។ នៅ​មាន​កន្លែង​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ ! ប៉ុន្តែ​យ៉ារេឌ​មាន​អារម្មណ៍​កក់​ក្តៅ​ក្នុង​ចិត្ត នៅពេល​គាត់​គិត​អំពី​ការបម្រើ​បេសកកម្ម​នៅ​ថ្ងៃ​ខាង​មុខ ។ គាត់​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​លក់​ការ៉េម​ទឹក​កក​រៀងរាល់​ថ្ងៃ​រហូត​ដល់​មាន​ប្រាក់​ពេញ​ក្រឡ​របស់​គាត់ ។ វា​ជា​អារម្មណ៍​ល្អ​មួយ​ដើម្បី​រក​ប្រាក់ ដូច្នេះ​គាត់​អាច​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដូច​ព្រះយេស៊ូវ​បាន​សូម​ឲ្យ​គាត់​ធ្វើ ។