២០១៩
ផុន ផាន—ទីក្រុង​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
ខែ មករា ឆ្នាំ ២០១៩


ការបង្ហាញ​អំពី​សេចក្តីជំនឿ​

ផុន ផាន

ទីក្រុង​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

រូបភាព
Phan Phon with wife and granddaughter

ផុន ផាន និង​ភរិយា​របស់​គាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគាត់​បង្រៀន​ដំណឹងល្អ​ដល់​ចៅៗ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​ក្រុមគ្រួសារ​របស់​ពួកគេ​បន្តឈាន​ឆ្ពោះ​ទៅមុខ បន្ទាប់​ពី​សោកនាដ្ឋកម្ម​​នៃ​ការបាត់បង់​ផ្ទះ​របស់​ពួកគេ​ដោយសារ​ភ្លើង​ឆេះ ។

នៅពេល​ភ្លើង​ឆេះ​ផ្ទះ​របស់​ផាន គាត់​អាច​គ្រាន់តែ​ជួយ​សង្គ្រោះ​ចៅ​ទាំង​បី​របស់​គាត់​ប៉ុណ្ណោះ ។ អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បាន​ឆេះ​ហ្មត់​ទៅ​ជាផេះ ។ ផាន​បាន​ខឹង​សម្បារ​នឹង​អ្នកជិតខាង​​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ ។ នៅពេល​កំហឹង​របស់​គាត់​បាន​​រាលដាល​ដល់​គ្រួសារ និង​អ្នកជិតខាង​របស់​គាត់ នោះផាន​បាន​ដឹង​ថា គាត់​ត្រូវតែ​មាន​ការអភ័យទោស ។

ឡេសលី នីលសុន ជាង​ថត​រូប

មុន​ដំបូង ខ្ញុំ​បាន​ឮ​សំឡេង​ផ្ទុះ​ឡើង ខ្ញុំ​បាន​សួរ​ភរិយា​របស់​ខ្ញុំ​ថា « តើ​វា​ជា​សំឡេង​អ្វី ? »

គាត់​បាន​ឆ្លើយ​ថា « ប្រហែល​ជា​អ្នក​ជិតខាង​កំពុងតែ​ដុត​អ្វី​ហើយ » ។

បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​ផ្ទុះ​ឡើង​ជា​លើក​ទីពីរ ។ មាន​អ្នក​នៅ​ជិត​ផ្ទះ​ម្នាក់​បានប្រាប់​ខ្ញុំ​ថា « មាន​ភ្លើង​ឆេះ​ផ្ទះ​​មួយ​នៅ​ពីក្រោយ​ផ្ទះ​របស់​បង ! »

យើង​បាន​រត់​ទៅ​ដង​ទឹក​មក​ពន្លត់​ភ្លើង ប៉ុន្តែ​យើង​ពុំ​អាច​ពន្លត់​វា​បានឡើយ ។ ភ្លើង​នោះ​បាន​ឆេះ​រាល​ដល់​ផ្ទះ​របស់​ខ្ញុំ ។ ខ្ញុំ​​បានរត់​ចូលទៅក្នុង​ផ្ទះ​ដើម្បី​យក​ចៅ​ទាំងបី​នាក់​របស់​ខ្ញុំ ។ ផ្សែង​បាន​ចេញ​មក​តាម​បង្អួច ប៉ុន្តែ​ខ្ញុំ​​ពុំ​បាន​គិត​អ្វី​ផ្សេង​ទៀត​ក្រៅពី​ចៅៗ​របស់​ខ្ញុំ​ឡើយ ។ ពួកគេ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បានទុក​ចោល​អ្វីៗ​ផ្សេង​ទៀត​នៅក្នុង​ផ្ទះ​នោះ ។

យើង​បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ ហើយ​គ្រាន់តែ​អាច​មើល​ឃើញ​ផ្ទះ​របស់យើង​ឆេះក្នុង​ភ្លើង​​ប៉ុណ្ណោះ ។ អ្នក​ពន្លត់​ភ្លើង​ពុំ​បាន​មក​ដល់​ទាន់​ពេល​ឡើយ ដោយសារ​ផ្លូវ​ចូល​មក​កាន់​ផ្ទះ​របស់​យើង​នោះ​តូច​ខ្លាំង​ពេក ។ ផ្ទះ​របស់​ខ្ញុំ​ចាស់​ហើយ ដូច្នេះ​វា​ឆេះ​លឿន​ណាស់ ។ ខ្ញុំ​បាន​ឈរ​ជាមួយ​នឹង​ភរិយា​របស់​ខ្ញុំ ព្រមទាំង​ចៅៗ​មើល​ភ្លើង​ឆេះផ្ទះរបស់​យើង ។

បន្ទាប់​ពី​ផ្ទះ​យើង​ឆេះ​អស់​ទៅ ខ្ញុំ​អស់​សង្ឃឹម​រលីង ។ ខ្ញុំ​ពុំ​ដឹង​ថា មាន​អ្វីរំពឹង​ឡើយ ។ ខ្ញុំ​ពុំ​ដឹង​ថា ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បីស្វែងរក​កន្លែង​ថ្មី​រស់នៅ​ឡើយ ។ នៅ​ថ្ងៃ​បន្ទាប់​ពី​ភ្លើង​ឆេះ​ផ្ទះ យើង​បាន​លុត​ជង្គង់​អធិស្ឋាន ហើយ​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​បង្ហាញ​យើង​អំពី​វីធី និង​ប្រទាន​ពរ​ឲ្យ​យើង​អាច​ស្វែងរក​ផ្ទះ​ថ្មី​មួយ ។ ខ្ញុំ​បាន​យំ អំឡុងពេល​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់ ប៉ុន្តែ​ខ្ញុំ​បាន​ទុកចិត្ត​ថា ទ្រង់​នឹង​ជួយ​ខ្ញុំ ។

នៅ​គ្រា​ដំបូង ខ្ញុំ​បាន​ខឹង​សម្បារ​នឹង​អ្នកជិតខាង​​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ ។ ខ្ញុំ​​ចង់​ឲ្យ​គាត់​បង់​សង​នូវ​អ្វី​ដែល​គាត់​បានធ្វើឲ្យ​កើត​ឡើង ។ គ្រួសារ​របស់​ខ្ញុំ និង​អ្នក​ជិតខាង​​នានា​ដែល​រងគ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​ក៏​ខឹង​សម្បារ ហើយ​ចង់​សរសេរ​ពាក្យ​បណ្តឹង​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​បុគ្គល​ដែល​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នោះ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នូវ​អ្វី​ដែល​បានកើត​ឡើង ។ ពួកគេ​បាន​សូម​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​លើ​សំបុត្រ​បណ្តឹង​នោះ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ចុះហត្ថលេខា​ឡើយ ។

ខ្ញុំ​បាន​ដឹង​ថា អ្នកជិតខាង​​ខ្ញុំ​ក៏ក្រីក្រ​ដូចជា​ខ្ញុំ​ផងដែរ ។ គាត់​​គ្មាន​ចេតនា​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​ឡើយ ! ប្រសិនបើ​ខ្ញុំ​ចង់​ឲ្យ​គាត់សង​ការខូចខាត​នេះ នោះ​គាត់​នឹង​មាន​ការលំបាក​ណាស់ ហើយ​ខ្ញុំ​​នឹងនៅតែ​មាន​អារម្មណ៍​ស្អប់ខ្ពើម​ដដែល ។ ខ្ញុំ​បាន​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​គួរតែ​ស្រឡាញ់​អ្នក​ជិតខាង​របស់យើង ។ ខ្ញុំ​បានទទួល​អារម្មណ៍​ថា ខ្ញុំ​គួរតែ​អភ័ទោស ។

នៅពេល​ខ្ញុំ​បាន​សម្រេច​ចិត្ត​​អភ័យទោស នោះ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​សុខសាន្ត ។

ខ្ញុំ​បាន​ប្រាប់​​អ្នក​ដែល​រងគ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​ថា ខ្ញុំ​ចង់​អភ័យទោស ។ លើកលែង​តែ​គ្រួសារ​មួយ​ប៉ុណ្ណោះ ក្រៅពី​នោះ​ពួកគេ​គ្រប់គ្នា​បានសម្រេច​ចិត្ត​អភ័យទោសផងដែរ ។ ពួកគេ​ពុំ​បាន​ឲ្យ​បុគ្គល​នោះ​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​បានកើត​ឡើង​ឡើយ ។

អ្នក​ជិត​ខាង​របស់​ខ្ញុំ​​នោះមាន​ចិត្ត​រីករាយ នៅពេល​ខ្ញុំ​បាន​អភ័យទោស​ឲ្យគាត់ ។ គ្រួសារ​របស់​ខ្ញុំ​មាន​ភាព​រីករាយ​ជាង​មុន​ផងដែរ ។ ពេល​ខ្ញុំ​ឃើញ​ដូច្នេះ ខ្ញុំ​​ក៏មាន​ចិត្ត​រីករាយ​ដែរ ។

សមាជិក និង​អ្នក​ជិតខាង​បាន​បរិច្ចាគ​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​អង្ករ​ជា​ច្រើន ហើយ​បាន​ចែកវា​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ ពួកគេ​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​ខ្ញុំ​ឲ្យ​គេ ពេល​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យឺន​បែប​នេះ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា នៅពេល​ខ្ញុំ​បម្រើ​មនុស្ស​ដទៃ នោះ​ខ្ញុំ​បម្រើ​ព្រះអម្ចាស់​ហើយ ។ ខ្ញុំ​ចង់​ថ្វាយ​ទៅទ្រង់ ដោយសារ​ទ្រង់​បាន​សម្តែង​អព្ភូតហេតុ​ជា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ ។ យើង​មាន​ផ្ទះ​ដ៏​ស្រស់ស្អាត​មួយ ស្អាត​ជាង​ផ្ទះ​ចាស់​ដែល​ឆេះ​នោះ​ទៅ​ទៀត ។

រូបភាព
Phan reading scriptures

កំហឹង​របស់​ផាន​ចំពោះ​អ្នកជិតខាង​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នោះ បាន​ជំនួស​មកនូវ​ភាព​សុខសាន្ត ពេល​គាត់​បាន​ចាំ​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ផាន​មាន​អំណរគុណ​ចំពោះ​ការណែនាំ​ដែល​គាត់​ទទួល​បាន​ពី​ព្រះគម្ពីរ ។

រូបភាព
Phan’s wife and grandchildren

នៅពេល​ភ្លើង​ឆេះ​ផ្ទះ​របស់​គាត់ ផាន​គិត​ពុំ​ឃើញអ្វី​ក្រៅពី​ចៅៗ​របស់​គាត់​ឡើយ ។ ផាន​ស្រឡាញ់​គ្រួសារ​របស់​គាត់ ។ គាត់​និយាយ​ថា « ពួកគេ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ » ។