២០១៩
ប៉ុន្តែ​ខ្ញុំ​ឃ្លាន !
ខែ មករា ឆ្នាំ ២០១៩


ប៉ុន្តែ​ខ្ញុំ​ឃ្លាន !

អ៊ីសាដូរ៉ា ម៉ាគឹស ហ្គាសៀ ទីក្រុង សៅ ផាឡូ ប្រទេស​ប្រេស៊ីល

រូបភាព
missionaries and money on the ground

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

នៅ​ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់​មួយ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ​ក្នុង​ប្រទេស​កូឡុំប៊ី ដៃគូ​ខ្ញុំ និង​ខ្ញុំ នៅសល់​ពេល​មួយ​ម៉ោង​ទៀត ពីមុន​យើង​ទៅផ្ទះ ។ យើង​ឃ្លាន ហើយ​អស់កម្លាំង​ដោយសារ​ដើរ​ពេញ​មួយ​ថ្ងៃហើយ ។ យើង​ពុំ​បាន​ជួប​នរណា​ម្នាក់​​ដើម្បី​បង្រៀន​ឡើយ ។

យើង​ក៏​គ្មាន​ប្រាក់​នៅជាប់​នឹង​ខ្លួន ហើយ​យើង​ក៏​ពុំ​បាន​ទៅ​ហាង​ទិញ​គ្រឿង​ស្លរស្លុក​ឡើយ ។ យើង​ដឹង​ថា យើង​នឹង​ទៅ​ផ្ទះ ហើយ​គ្មាន​អ្វី​បរិភោគ​ទេ ។ ខ្ញុំ​បាន​ព្យាយាម​មិនគិត​ពីអារម្មណ៍​អវិជ្ជមាន​នេះ​ទេ ហើយ​ផ្តោត​ទៅលើ​កិច្ចការ​វិញ ។

ភ្លាមនោះ​ដៃគូ​របស់ខ្ញុំ​ស្រែក​ឡើង​ថា « មើលនេះនែ៎ ! »

គាត់​រើស​បានលុយ​មួយ​ចំនួន​ពីលើ​ដី ។ ការបង្ហាញ​នៅលើ​ទឹកមុខ​របស់​គាត់ នោះ​ខ្ញុំ​អាច​ប្រាប់​ថា​ គាត់​កំពុង​គិត​អ្វី​ដែល​ខ្ញុំ​បានគិត ។ យើង​អាច​ទិញ​អាហារ​បរិភោគ​ហើយ !

ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក ដៃគូ​របស់​ខ្ញុំ​និយាយ​ថា « អត់ទេ នេះ​ពុំមែន​ជា​លុយ​របស់យើង​ទេ ! »

ខ្ញុំ​បាន​គិត​ថា « ប៉ុន្តែ​ខ្ញុំ​ឃ្លាន ! »

ខ្ញុំ​បាន​ប្រាប់​គាត់​ថា « ទោះវា​ជារបស់​នរណា​ក៏ដោយ យើង​ពុំ​អាច​រក​ម្ចាស់​វា​ឃើញ​នៅម៉ោង​យប់បែប​នេះ​ឡើយ » ។

គាត់​បាន​ផ្តល់​យោបល់​ឲ្យ​យើង​អធិស្ឋាន ។ ខ្ញុំ​ដឹង​ថា នោះគឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ខ្ញុំ​មាន​កូនចិត្ត​មួយ​ថា វា​ឆ្កួត​ណាស់ ។ យើង​បាន​ខិតខំ​ធ្វើការ​ពេញ​មួយ​ថ្ងៃ ។ ពួកយើង​ឃ្លាន ។ ការរើសលុយ​បាន​ប្រហែល​ជា​ពរជ័យ​សម្រាប់​ការបម្រើ​របស់​យើង ។

បន្ទាប់​មក ខ្ញុំ​បាន​ចាំ​អំពីម្តាយ​របស់​ខ្ញុំ ។ កាល​ខ្ញុំ​នៅ​តូច​គាត់​បានបង្រៀន​បងស្រី​របស់​ខ្ញុំ និង​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ទៀងត្រង់​ជានិច្ច ។ គាត់​គឺ​ជា​គំរូ​មួយ​សម្រាប់​ពួកយើង ហើយ​គាត់​បាន​អធិស្ឋាន​ថា យើង​នឹង​មាន​ចិត្ត​ក្លាហាន​ដើម្បី​មាន​ចិត្ត​ទៀងត្រង់ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​គាត់​បាន​នៅ​ទីនោះ នោះ​គាត់​ច្បាស់​ជា​កើត​ទុក្ខ ប្រសិនបើ​ខ្ញុំ​ពុំ​ធ្វើការសម្រេច​ចិត្ត​ត្រឹមត្រូវ​នោះ ។

ដូច្នេះ​យើង​បាន​អធិស្ឋាន ។ យើង​បាន​ទូល​សូម​ដល់​ព្រះវរបិតា​សួគ៌​ឲ្យ​ជួយ​យើង​រកឃើញ​ម្ចាស់​លុយ​នោះ​វិញ ។ បីបួននាទី​ក្រោយ​មក យុវជន​ម្នាក់​បាន​មក​រក​អ្វី​មួយ ។ គាត់​បាន​យំ ហើយ​មើល​ទៅ​ដូចជា​ពិបាកចិត្ត ។ ខ្ញុំ និង​ដៃ​គូ​របស់​ខ្ញុំ​បាន​ទៅ​រក​គាត់ ហើយ​ដឹង​ថា យើង​មាន​អ្វី​ដែល​គាត់​កំពុង​តែ​រក​នោះ ។

យើង​បាន​ប្រគល់​លុយ​នោះ​ទៅឲ្យ​គាត់​វិញ ហើយ​គាត់​បាន​អរគុណ​យើង​ម្តង​ហើយ​ម្តង​ទៀត ។ គាត់​បាន​និយាយ​ថា គាត់​ត្រូវការ​វា​ដើម្បី​បង់ថ្លៃ​សាលា ។ ប្រសិនបើ​គ្មាន​លុយ​នោះ​ទេ នោះ​គាត់​នឹង​ពុំ​អាច​ចុះឈ្មោះចូលរៀន​បាន​ឡើយ ។ ខ្ញុំ​បានយំ ហើយ​ខ្ញុំ​បាន​ប្រែចិត្ត​ពី​ចំណង​ប្រាថ្នា​មុនដំបូង​របស់​ខ្ញុំ​ដើម្បី​ចាយ​លុយ​នោះ ។ យើង​បាន​ព័ត៌មាន​ទំនាក់ទំនង​របស់​ក្មេង​ប្រុស​នោះ ហើយ​យើង​អាច​ទៅ​បង្រៀន​គាត់ និង​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត ។ នៅ​យប់​នោះ ខ្ញុំបាន​ថ្លែង​អំណរគុណ​ដល់​ដៃគូ​របស់​ខ្ញុំ​សម្រាប់​គំរូ​ល្អ​របស់​គាត់ ។

ខ្ញុំ​ដឹង​ថា ព្រះ​ប្រទាន​ពរ​ដល់​យើង នៅ​ពេល​យើង​មាន​ចិត្តទៀងត្រង់ ។ យើង​គ្មាន​អ្វី​បរិភោគ​ឡើយ​នៅ​យប់​នោះ ប៉ុន្តែ​ខ្ញុំ​ពុំ​ចាំ​ថា ខ្ញុំ​បាន​ចូលដេក​ទាំង​ស្រេកឃ្លាន​ឡើយ ។ ការរើសលុយ​បាន​នោះ​គឺជា​ពរជ័យ​ជាង​អ្វីៗ​ទាំងអស់ ។