២០១៩
សួស្តី​មក​ពី​ប្រទេស​ហ្វីលីពីន
ខែ មករា ឆ្នាំ ២០១៩


សួស្តី មក​ពី ប្រទេស​ហ្វីលីពីន !

ខ្ញុំ​ឈ្មោះ​ប៉ោឡូ ។ហើយ​ខ្ញុំ​ឈ្មោះ​ម៉ាហ្គោ ។ ឆ្នាំ​នេះ​យើង​កំពុង​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​ដើម្បី​រៀន​អំពី​បុត្រាបុត្រី​របស់​ព្រះ ។ សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​ហ្វីលីពីន !

រូបភាព

មាន​ប្រជាជន​ប្រហែល​ជា​មួយ​រយ​លាន​នាក់​រស់នៅ​ប្រទេស​ហ្វីលីពីន ដែល​មាន​សត្វ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន !

មាន​ភាសា​ធំៗ​ចំនួន​ប្រាំ​បី​ត្រូវ​បាន​និយាយ​នៅ​ប្រទេស​ហ្វីលីពីន ។ ព្រះគម្ពីរ​មរមន​ត្រូវបាន​បោះពុម្ព​ជា​ភាសា​មួយ​ហៅ​ថា​សេប៊ូអាណូ ។

តើ​អ្នក​ទៅ​ព្រះវិហារ​ដោយ​របៀប​ណា ? នៅ​ប្រទេស​ហ្វីលីពីន​គ្រួសារ​មួយ​ចំនួន​ជិះ​ឡាន​ម៉ាកស្ស៊ីបវែង​ជា​យាន្ត​ជំនិះ !

នេះ​ជា​ចិញ្ជៀន ជ.ផ.ត. ជា​ភាសា​មួយ​របស់​ហ្វីលីពីន​ហៅ​ថា​តាកាឡុក ។ នេះ​ជា​របៀប​និយាយ​ថា « ជ្រើស​ផ្លូវ​ត្រូវ » ៖ piliin ang tama ។

នេះ​គឺជា​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​សេប៊ូ និង​ម៉ានីល ។ ហើយ​សូម​មើល​មាន​អ្វី​ទៀត ? ព្រះវិហារ​បរិសុទ្ធ​ទីពីរ​កំពុង​សាងសង់​នៅ​ទីក្រុង​ម៉ានីល ! ហើយ​ព្រះវិហារ​បរិសុទ្ធ​ក៏​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ទីក្រុង​ពីរ​បន្ថែម​ទៀត​គឺ​ទីក្រុង​អ៊ូដានេតា និង​កាយ៉ាយ៉ាន ឌឺ អូរ៉ូ ។

កុមារ​ហ្វីលីពីន​លេង​ល្បែង​កម្សាន្ត​មួយ​ហៅ​ថា luksong tinik ឬ « ការលោត​រំលង​បន្លា » ។ កុមារ​ម្នាក់ ឬ​ពីរ​នាក់​អង្គុយ​លើ​កម្រាល​ឥដ្ឋ ហើយ​ដាក់​ជើង និង​ដៃ​របស់​ពួកគេ​គរ​លើ​គ្នា ។ បន្ទាប់​មក​កុមារ​ផ្សេង​ទៀត​ព្យាយាម​លោត​រំលង​លើ​វា​ដោយ​ពុំ​ឲ្យ​ប៉ះ​ដៃ ឬ​ជើង​នោះ​ឡើយ ។

សូម​ជួប​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​របស់​យើង​មក​ពី​ប្រទេស​ហ្វីលីពីន !

« ខ្ញុំ​ទន្ទឹង​ចាំ​ការអាន​ព្រះគម្ពីរ​របស់​យើង​ជា​គ្រួសារ​នៅពេល​ល្ងាច ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជានិច្ច ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ » ។ឡាននៀ ឌី អាយុ ១០ ឆ្នាំ ទីក្រុង សេនត្រុល លូស្សូន ប្រទេស​ហ្វីលីពីន

« នៅ​គ្រា​ដំបូង​ដែល​ខ្ញុំ​រៀន​អាន​អក្សរ ខ្ញុំ​មាន​អារម្មណ៍​កើត​ទុក្ខ ដោយ​សារ​ខ្ញុំ​ពុំ​អាច​អាន​បាន​លឿន​ឡើយ ។ ឪពុក​ម្តាយ និង​បងស្រី​ខ្ញុំ​បាន​ជួយ​ខ្ញុំ ហើយ​ឥឡូវ​នេះ ខ្ញុំ​រំភើប​ចិត្ត​នឹង​អាន​ព្រះគម្ពីរ​ណាស់ » ។អាគូមែន អាយុ ៧ ឆ្នាំ ទីក្រុង សេនត្រុល លូស្សូន ប្រទេស​ហ្វីលីពីន

តើ​ប្អូន​មក​ពី​ប្រទេស​ហ្វីលីពីន​ឬ ? សូម​សរសេរ​មក​កាន់​ពួកយើង ! ពួក​យើង​ចង់​ឮ​ពី​ប្អូនៗ ។

សូម​អរគុណ​ចំពោះ​មក​ការទស្សនា​ប្រទេស​ហ្វីលីពីន​ជាមួយ​ពួកយើង ! ជួប​គ្នា​ពេល​ក្រោយ​ទៀត !