២០១៩
បង្រៀន​ខ្ញុំ​ឲ្យ​ហោះហើរ ៖ ការសម្រេច​បាន​នូវ​ភាព​ខ្លួនទីពឹង​ខ្លួន​ផ្នែកផ្លូវ​ចិត្ត​តាម​មាគ៌ា​របស់​ព្រះអម្ចាស់
ខែ មករា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

បង្រៀន​ខ្ញុំ​ឲ្យ​ហោះហើរ៖ ការសម្រេច​បាន​នូវ​ភាព​ខ្លួនទីពឹង​ខ្លួន​ផ្នែកផ្លូវ​ចិត្ត​តាម​មាគ៌ា​របស់​ព្រះអម្ចាស់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

វ៉ាលើរី ដូរ៉ាន់ មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា. បាន​រៀបការ​នឹង​ស្វាមី​គាត់​ឈ្មោះ​រ៉ាយអិន​អស់​រយៈពេល​បួន​ឆ្នាំ​ហើយ ។ ថ្មីៗ​នេះ​គាត់​ទើបតែ​មាន​កូនប្រុស​ម្នាក់ ។ គាត់​ចូលចិត្ត​កីឡា​យ៉ូកា ការគូររូប ការអាន និង​ការឡើង​ភ្នំ ។

យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ត្រូវ​អនុវត្ត​កិច្ចខិតខំ​ផ្ទាល់​ខ្លួន​របស់​យើង នៅពេល​យើង​មាន​គោលបំណង​ចង់​មាន​ភាព​ខ្លួន​ទីពឹងខ្លួន​ផ្នែក​ផ្លូវ​ចិត្ត ។

រូបភាព
origami birds

រចនារូបភាព​មក​ពី Getty Images

នៅពេល​យើង​គិត​អំពី​កូន​ចាប​កំពុង​តែ​រៀន​ហើរ នោះ​យើង​ស្រមៃ​ឃើញ​រូបភាព​នៃ​ការព្យាយាម​ដ៏​ក្លាហាន​ចុង​ក្រោយ​របស់​វា ៖ កូន​ចាប​លោត​ចេញ​ពី​សំបុក​វា លា​ស្លាប​វា​ឡើង ហើយ​ហោះទៅ​លើ​មេឃ ។ ពីមុន​ជោគជ័យ​នោះ វា​ទំនង​ជា​ជួប​នូវ​បរាជ័យ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កូនចាប​នោះពុំ​អាច​ហោះ​ទៅ​លើ​មេឃ​បាន ប៉ុន្តែ​ធ្លាក់​ខ្ពាក់​ទៅលើ​ដី​វិញ ។

ដូចជា​ចាប​ដែល​រៀន​ហើរ​ដែរ យើង​ក៏​ធ្លាក់​ចុះ​ម្តង​ហើយ​ម្តង​ទៀត​ដែរ នៅពេល​យើង​ចង់​សម្រេច​ឲ្យ​បាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត​ផ្ទាល់​ខ្លួន​របស់​យើង ។ ប៉ុន្តែ​ប្រសិន​បើ​យើង​បែរ​ទៅរក​ព្រះអម្ចាស់​ដើម្បី​សូម​ជំនួយ ហើយ​អនុវត្ត​កិច្ចខិតខំ នោះ​យើង​អាច​រៀន​អំពី​របៀប​ទទួល​បាន​ជោគជ័យ​ម្តង​ទៀត នៅពេល​ដែល​ជីវិត​ហាក់ដូចជា​ពុំ​កើត​ឡើង​ដូច​ការគ្រោង​ទុក្ខ ហើយ​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់ និង​ពេល​ដែល​ការសាកល្បង​បាន​ប្រែ​ជា​ខ្លាំងក្លា​ពេក​ចំពោះ​យើង​ឲ្យ​ស៊ូទ្រាំ​ដោយ​ខ្លួន​យើង​បាន​នោះ ។

ការរៀន​ហើរ

ប្រសិនបើ​ការរៀន​ហើរ​គឺជា​ដំណើរការ​មួយ​ដ៏​ឈឺចាប់ ហេតុអ្វី​សត្វ​ចាប​ចាក​ចេញ​ពី​សំបុក​វា​ដែល​ជា​កន្លែង​ដំបូង​របស់​វា​ធ្វើ​អ្វី ? ពីព្រោះ​ដោយសារ​តែ​មេ​វា ។ នៅ​ផ្នែក​ដំបូង​នៃ​ជីវិត​កូនៗ​របស់​វា មេ​ចាប​នឹង​យក​ចំណី​ទៅ​ដោយ​ផ្ទាល់​ឲ្យ​ពួកគេ​ដល់​សំបុក ។ ប៉ុន្តែ​នៅពេល​ណា​មួយ មេ​ចាប​ចាប់ផ្តើម​ទុក​ចំណី​នៅ​ខាង​ក្រៅ​សំបុក ដូច្នេះ​កូនចាប​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​សុខ​ស្រួល​របស់​វា ដើម្បី​ទទួល​បាន​ការចិញ្ចឹម​បី​បាច់ ។

វា​គឺជា​ដំណើរការ​ដូចគ្នា ដែល​យើង​ស៊ូទ្រាំ នៅពេល​យើង​រៀន​ប្រែក្លាយ​ជា​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត—ប៉ុន្តែ​យើង​ពុំ​អាច​រំពឹង​ទុក​ថា អាច​ហើរ​បាន​ទាំងស្រុង​ដោយ​ខ្លួន​យើង​នៅ​ឡើយ​ទេ ។

ដូចគ្នា​ទៅ​នឹង​មេ​ចាប​ដែល​អនុញ្ញាត​ឲ្យ​កូន​វា​ចេញ​ពី​សំបុក​ដែរ នោះ​ព្រះវរបិតាសួគ៌​ទុក​ឲ្យ​យើង​ឆ្លង​កាត់​ការសាកល្បង និង​បទពិសោធន៍​នានា ដែល​អាច​មាន​ភាព​ឈឺចាប់ ស្មុគស្មាញ និង​បាក់ទឹកចិត្ត ។ ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូច​ទ្រង់ ដូច្នេះ​គ្រប់​ឧបសគ្គ​ទាំងអស់​ដែល​យើង​ជួប អាច​ជា​ឱកាស​ដើម្បី​រៀន និង​រីកចម្រើន ។ ដូចជា​មេ​ចាប​ដែរ ព្រះវរបិតាសួគ៌​នៅតែ​ប្រទាន​ដល់​យើង​នូវ​ការលួងលោម និង​ការណែនាំ ដោយសារ​មាន​តែ​តាម​ជំនួយ​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​អាច​សម្រេច និង​រក្សា​សុខភាព​ផ្លូវ​ចិត្ត និង​អារម្មណ៍​យើង​បាន ។

ការហើរ​ដោយ​ស្លាប​របស់​យើង​ផ្ទាល់

ទោះបី​ជា​ព្រះវរបិតាសួគ៌​ជា​ដៃគូ​របស់​យើង​ក្តី យើង​ពុំគួរ​រំពឹង​ឲ្យ​ទ្រង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​សម្រាប់​យើង​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង និង​ធនធាន​នានា​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នៅលើ​ផ្លូវ​របស់​យើង​ដើម្បី​មាន​ភាព​ខ្លួនទីពឹងខ្លួន​ផ្នែក​ផ្លូវ​ចិត្ត ។

ឧទាហរណ៍ ពេល​យើង​មាន​ការឈឺ​ចាប់​ក្នុង​ចិត្ត កំហឹង ឬ​ការបាត់បង់ នោះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រឹក្សា​ជាមួយ​ទ្រង់ ប៉ុន្តែ​យើង​ពុំគួរ​ឈប់​នៅ​ត្រឹម​នេះ​ទេ—យើង​ត្រូវការ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ដើម្បី​អនុវត្ត​តាម​ការបំផុសគំនិត​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង រក្សា​បទបញ្ញត្តិ ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ស្វែងរក​ភាពសុខសាន្ត ការលួងលោម និង​ចម្លើយ គិត​គូរ​អំពី​ការទូន្មាន​របស់​ព្យាការី ហើយ​ទុកចិត្ត​លើ​ផែនការ​របស់​ទ្រង់​សម្រាប់​ពួកយើង ។

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឧបករណ៍​ជា​ច្រើន​ដល់​យើង​ដើម្បី​សម្រេច​បាន​នូវ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត ប៉ុន្តែ​ប្រសិនបើ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព ហើយ​នៅតែ​ឃើញ​ថា យើង​នៅ​ជាប់គាំង ឬ​មាន​ការលំបាក​ជាមួយ​សុខភាព​ផ្លូវ​ចិត្ត​ទៀត នោះ​ធនធាន​បន្ថែម​ទៀត​គឺ​មាន​ភាព​ចាំបាច់​ណាស់ ។ ពិតណាស់ មាន​គ្រា​ជា​ច្រើន​ដែល​អ្នក​ត្រូវតែ​ងាក​ទៅ​រក​អ្នក​មាន​វិជ្ជាជីវៈ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត ឬ​ទទួល​ការទូន្មាន​ពី​ប៊ីស្សព​របស់​អ្នក​សម្រាប់​ការណែនាំ​បន្ថែម​ទៀត ដើម្បី​បន្ត​ដំណើរ​ឆ្ពោះ​ទៅមុខ​ទៀត ។

ចូរ​ដឹង​ថា ប្រសិនបើ​យើង​សូម​ការទូន្មាន​ពី​មនុស្ស​ដទៃ​គ្រប់​ពេល​ដែល​យើង​ជួប​ឧបសគ្គ នោះ​យើង​អាច​បាត់បង់​ឱកាស​ដ៏​មាន​តម្លៃ​ដើម្បី​រៀន ហើយ​រីកចម្រើន​ដោយ​ខ្លួន​យើង ។ ជា​ថ្មី​ម្តង​ទៀត យើង​ត្រូវតែ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​បន្ត​ឆ្ពោះ​ទៅមុខ​ទៀត ។

ដើរ​តាម​លំនាំ​របស់​ព្រះអម្ចាស់

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា​កណ្ឌ​ទី ៩ អូលីវើរ ខៅឌើររី ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការព្យាយាម​បក​ប្រែ​ផ្ទាំង​ព្រះគម្ពីរ​មរមន ដោយ​ពុំ​បាន « យក​មក​គិត​សោះ ក្រៅ​ពី​សុំ​ពី [ ព្រះ ] » ( ខ​ទី ៧ ) ។ ក្រោយ​មក​ទ្រង់​បាន​ដាស់​តឿន​ឲ្យ « សិក្សា​ក្នុង​គំនិត [ របស់​លោក ] » ដើម្បី​ឈាន​ដល់​ការ​សន្និដ្ឋាន​របស់​គាត់ បន្ទាប់​មក « សូម​ដល់ [ ព្រះ ] បើសិន​ជា​ការណ៍​នោះ​ត្រឹមត្រូវ » ( ខ​ទី ៨ ) ។

នៅពេលយើង​ធ្វើ​តាម​លំនាំ​នេះ ព្រះវរបិតាសួគ៌​ពុំ​បោះបង់​យើង​ឲ្យ​ពឹង​ផ្អែក​លើ​សមត្ថភាព និង​គំនិត​ផ្ទាល់ខ្លួនយើង​ទាំងស្រុង​ឡើយ នៅពេល​យើង​ខ្វាយខ្វល់​នឹង​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​នោះ ។ ទ្រង់​កំពុង​ប្រទាន​ឱកាស​ឲ្យ​យើង​រៀនសូត្រ​អំពី​របៀប​ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង ។ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង និង​ការស្វែងរក​ដំណោះ​ស្រាយ​របស់​យើង​ចំពោះ​បញ្ហា​នានា ជាមួយ​នឹង​ជំនួយ​របស់​ទ្រង់​គឺ​ជា​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ប្រែ​ក្លាយ​ដូចជា​ទ្រង់​នៅ​ទីបំផុត ។ ដោយ​ចាំ​ការណ៍​នេះ​ក្នុង​ចិត្ត នោះ​យើង​អាច​សូម​ឲ្យ​ទ្រង់​បង្ហាញ​យើង អំពី​របៀប​ដែល​យើង​អាច​ប្រែ​កាន់​តែ​មាន​តុល្យភាព​ផ្នែក​ផ្លូវ​ចិត្ត ជំនួស​ឲ្យ​ការសូម​យ៉ាង​សាមញ្ញ​ពី​ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​យើង​បាន​ប្រសើរ​ឡើង ។

នៅពេល​យើង​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង​ម្តង​ហើយ​ម្តង​ទៀត​នៅក្នុង​លំនាំ​នេះ ទោះជា​យើង​មាន​ការសាកល្បង​ផ្នែក​ផ្លូវ​ចិត្ត​បែប​ណា​ក្តី នោះ​យើង​នឹង​ប្រែ​កាន់តែ​ប្រសើរ​ឡើង ហើយ​មាន​ទំនុកចិត្ត​កាន់​តែ​ច្រើន​ដោយ​សន្សឹមៗ ។ ខណៈ​ដែល​យើង​ពុំ​ទាន់​ចេះ​ហើរ​ស្ទាត់​នៅឡើយ នោះយើង​អាច​ប្រាកដ​ថា ទ្រង់​គង់​នៅ​ជាមួយ​យើង​នៅ​តាម​ផ្លូវ ហើយ​រីករាយ​នៅក្នុង​សេចក្តី​ពិត​ថា ទ្រង់​កំពុង​ជួយ​យើង​ឲ្យ​ប្រែ​កាន់តែ​ប្រសើរ​ឡើង​បន្តិចម្តងៗ ។ មាន​ឱកាស​ផ្សេង​ទៀត​រៀងរាល់​ថ្ងៃ​ដើម្បី​ប្រែ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង—ដែល​រៀបចំ​យើង​សម្រាប់​ថ្ងៃ​ដែល​យើង​នឹង​អាច​ហើរ​ដោយ​ខ្លួន​យើង​បាន ។